បើអ្នកខ្វះប្រាជ្ញា
ព្រះនឹងបើកសម្ដែងសេចក្ដីពិតដល់ជនណាដែលស្វែងរកវា ដូចដែលបានចែងនៅក្នុងព្រះគម្ពីរ។
ប៉ុន្មានថ្ងៃមុន កូនប្រុសអាយុ 10 ឆ្នាំខ្ញុំ បានសិក្សាអំពីខួរក្បាលមនុស្សតាមអ៊ីនធើណិត ។ គាត់ចង់ក្លាយជាគ្រូពេទ្យវះកាត់នាពេលអនាគត ។ វាមិនពិបាកសម្គាល់ទេ ថាគាត់ឆ្លាតជាងខ្ញុំខ្លាំងណាស់ ។
យើងចូលចិត្តប្រើអ៊ីនធើណិត ។ នៅផ្ទះ យើងទាក់ទងនឹងគ្រួសារ ព្រមទាំងមិត្តភក្ដិតាមប្រព័ន្ធផ្សព្វផ្សាយសង្គម តាមអ៊ីម៉ែល និង តាមរបៀបផ្សេងទៀត ។ កូនៗខ្ញុំធ្វើកិច្ចការសាលាពួកគេភាគច្រើនតាមអ៊ីនធើណិត ។
ទោះជាសំណួរអ្វីក៏ដោយ បើយើងត្រូវការព័ត៌មានបន្ថែម យើងស្វែងរកវាតាមអ៊ិនធើរណិត ។ គ្រាន់តែប៉ុន្មានវិនាទីប៉ុណ្ណោះយើងមាននូវឯកសារជាច្រើន ។ ការណ៍នេះអស្ចារ្យណាស់ ។
អ៊ីនធើណិតផ្ដល់ឱកាសជាច្រើនសម្រាប់ការរៀនសូត្រ ។ ប៉ុន្តែ សាតាំងចង់ឲ្យយើងមានទុក្ខព្រួយ ហើយបានផ្លាស់ប្ដូរគោលបំណងពិតនៃរឿងទាំងឡាយ ។ វាប្រើឧបករណ៍ដ៏អស្ចារ្យនេះ បង្កើតជាការសង្ស័យ និង ការភ័យខ្លាច និងដើម្បីបំផ្លាញសេចក្ដីជំនឿ និង សេចក្ដីសង្ឃឹម ។
ដោយមានរឿងជាច្រើនលើអ៊ីនធើណិត យើងត្រូវគិតដោយប្រុងប្រយ័ត្នពីទីកន្លែងដែលយើងអនុវត្តការខិតខំរបស់យើង ។ សាតាំងអាចធ្វើឲ្យយើងមមាញឹក ស្រមើរស្រម៉ៃ ហើយមិនបរិសុទ្ធ ដោយការមើលព័ត៌មាន ដែលភាគច្រើន អាចជាព័ត៌មានដែលគ្មានតម្លៃ ។
មនុស្សម្នាក់ មិនគួរមើលព័ត៌មានឥតប្រយោជន៍ ដោយគ្មានគោលបំណងជាក់លាក់ឡើយ ។
សូមស្ដាប់ការណែនាំនេះ ដែលមានចែងក្នុងព្រះគម្ពីរថា ៖ « ព្រះវិញ្ញាណនៃព្រះគ្រីស្ទ ត្រូវបានប្រទានដល់មនុស្សគ្រប់រូប ដើម្បីឲ្យគេអាចដឹងខុស និង ត្រូវ ហេតុដូច្នោះហើយ ខ្ញុំបង្ហាញដល់អ្នកនូវវិធីវិនិច្ឆ័យ ដ្បិត គ្រប់ទាំងអ្វីៗដែលអញ្ជើញឲ្យធ្វើល្អ ហើយដែលបញ្ចុះបញ្ចូលឲ្យជឿដល់ព្រះគ្រីស្ទ នោះគឺបានចាត់មកពីព្រះចេស្ដា និង អំណោយទាននៃព្រះគ្រីស្ទ ហេតុដូច្នោះហើយ អ្នករាល់គ្នាអាចដឹង ... ថាមកពីព្រះ » ។1
ក្នុងទិដ្ឋភាពពិតមួយ យើងប្រឈមនឹងបញ្ហាដូចគ្នាដែល យ៉ូសែប ស៊្មីធ បានជួបកាលលោកនៅក្មេង ។ ជាញឹកញាប់យើងឃើញថា ខ្លួនឯងខ្វះប្រាជ្ញា ។
ក្នុងនគរព្រះ ការស្វែងរកសេចក្ដីពិត ត្រូវបានគេឲ្យតម្លៃ លើកទឹកចិត្ត ហើយមិនដែលរារាំង ឬ ធ្វើឲ្យភ័យខ្លាចឡើយ ។ ព្រះអម្ចាស់បានទូន្មានយ៉ាងខ្លាំងដល់សមាជិកសាសនាចក្រឲ្យស្វែងរកចំណេះដឹង ។2 ទ្រង់មានព្រះបន្ទូលថា « ចូរអ្នករាល់គ្នាព្យាយាមស្វែងរក… មែនហើយ ចូរអ្នករាល់គ្នាស្វែងរកពាក្យសំដីនៃប្រាជ្ញាវាងវៃចេញពីសៀវភៅដ៏ល្អៗបំផុត ចូរស្វែងរកការរៀនសូត្រគឺដោយសារការសិក្សា និង ដោយសារសេចក្ដីជំនឿផង »3 ប៉ុន្តែ តើយើងអាចស្គាល់សេចក្ដីពិតក្នុងពិភពលោកមួយ ដែលកំពុងវាយប្រហារយ៉ាងខ្លាំងចំពោះរឿងដែលទាក់ទងទៅនឹងព្រះតាមរបៀបណា ?
ព្រះគម្ពីរបង្រៀនយើងពីរបៀបនោះ ៖
ទីមួយ យើងអាចស្គាល់សេចក្ដីពិតដោយការមើលផលផ្លែវា ។
ក្នុងទេសនកថាដ៏អស្ចារ្យរបស់ទ្រង់នៅលើភ្នំ ព្រះអម្ចាស់បានមានព្រះបន្ទូលថា ៖
« ដូច្នេះអស់ទាំងដើមឈើល្អ តែងមានផ្លែល្អ ឯដើមអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ ។ …
« ដូច្នេះអ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត » ។4
ព្យាការី មរមន បានបង្រៀនគោលការណ៍ដូចគ្នានេះ ពេលលោកថ្លែងថា « ដោយកិច្ចការរបស់គេ នោះអ្នករាល់គ្នានឹងស្គាល់ពួកគេហើយ ដ្បិត បើសិនជាកិច្ចការរបស់គេល្អ នោះពួកគេក៏ជាមនុស្សល្អដែរ » ។5
យើងសូមអញ្ជើញមនុស្សទាំងអស់ឲ្យសិក្សាពីផលផ្លែ និង កិច្ចការនៃសាសនាចក្រនេះ ។
ជនដែលមានចំណាប់អារម្មណ៍នឹងសេចក្ដីពិត អាចស្គាល់ភាពខុសប្លែកដែលសាសនាចក្រ និង សមាជិកធ្វើនៅក្នុងសហគមន៍ ដែលពួកគេបានស្ថាបនាឡើង ។ ពួកគេក៏នឹងឃើញភាពរីកចម្រើននៅក្នុងជីវិតនៃជនដែលធ្វើតាមការបង្រៀនរបស់សាសនាចក្រដែរ ។ ជនដែលសាកល្បងនឹងផលផ្លែទាំងនេះ នឹងរកឃើញថា ផលផ្លែនៃសាសនាចក្រនេះ មានរសជាតិឆ្ងាញ់ ហើយគួរឲ្យប្រាថ្នា ។
ទីពីរ យើងអាចរកសេចក្ដីពិត ដោយការសាកល្បងលើព្រះបន្ទូលដោយខ្លួនឯង ។
ព្យាការីអាលម៉ាបានបង្រៀនថា ៖
« យើងនឹងប្រៀបធៀបព្រះបន្ទូលទៅនឹងគ្រាប់ពូជមួយគ្រាប់ ។ ... បើសិនជាអ្នករាល់គ្នាទុកកន្លែងមួយសម្រាប់ឲ្យគ្រាប់ពូជនោះអាចដុះនៅក្នុងចិត្តរបស់អ្នក មើលចុះ បើសិនជាគ្រាប់ពូជនេះជាគ្រាប់ពិត [ ហើយ ] ...បើសិនជាអ្នករាល់គ្នាពុំបោះវាចោល ដោយការឥតជំនឿ ... មើលចុះ គ្រាប់ពូជនោះនឹងចាប់ផ្ដើមរីកឡើងនៅក្នុងទ្រូងរបស់អ្នក ហើយ...នោះអ្នករាល់គ្នានឹងនិយាយដោយខ្លួនឯងថានេះច្បាស់ជាគ្រាប់ពូជ...ល្អ ព្រោះវាចាប់ផ្ដើមពង្រីកព្រលឹងរបស់ខ្ញុំ មែនហើយ វាចាប់ផ្ដើមបំភ្លឺយោបល់របស់ខ្ញុំ មែនហើយវាចាប់ផ្ដើមមានរសជាតិឆ្ងាញ់ចំពោះខ្ញុំ ។ …
« ...ហើយឥឡូវនេះ...តើការណ៍នេះពុំពង្រឹងសេចក្ដីជំនឿរបស់អ្នកទេឬអី ? មែនហើយ វានឹងពង្រឹងសេចក្ដីជំនឿរបស់អ្នក …
« ...ដ្បិតគ្រាប់នីមួយៗតែងតែនាំមកនូវដើមឈើមួយពីពូជនោះ » ។6
ឱ ! វាជាការអញ្ជើញដ៏អស្ចារ្យអ្វីម៉្លេះពីព្យាការីនៃព្រះអម្ចាស់ ការណ៍នេះអាចប្រៀបធៀបនឹងការសាកល្បងខាងវិទ្យាសាស្ត្រមួយ ។ យើងត្រូវបានអញ្ជើញឲ្យសាកល្បងព្រះបន្ទូល សុំឲ្យគិត ហើយប្រាប់ពីលទ្ធផលនៃការសាកល្បងនោះ បើយើងធ្វើតាមការណែនាំ ។
ដូច្នេះ ព្រះគម្ពីរបង្រៀនយើងថា យើងអាចស្គាល់សេចក្ដីពិត ដោយការមើលពីផលផ្លែរបស់វា សាកល្បងវាដោយខ្លួនឯង ទុកកន្លែងក្នុងចិត្តយើងសម្រាប់ព្រះបន្ទូល ហើយដាំដុះព្រះបន្ទូលនេះដូចជាគ្រាប់ពូជមួយដែរ ។
នៅមានវិធីទីបីទៀត ដើម្បីស្គាល់សេចក្ដីពិត ហើយនោះ គឺតាមវិវរណៈផ្ទាល់ខ្លួន ។
គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌទី 8 បង្រៀនថា វិវរណៈ គឺជាចំណេះដឹង---« ចំណេះអំពីការណ៍ទាំងឡាយណាដែល [ យើង ] នឹងសូមដោយសេចក្ដីជំនឿ ដោយមានចិត្តទៀងត្រង់ ដោយជឿថា [ យើង ] នឹងបានទទួល » ។7
ហើយព្រះអម្ចាស់មានបន្ទូលប្រាប់យើងពីរបៀប ដែលយើងនឹងទទួលវិវរណៈនេះ ។ ទ្រង់មានព្រះបន្ទូលថា « យើងនឹងប្រាប់អ្នករាល់គ្នានៅក្នុងគំនិតរបស់អ្នក និង នៅក្នុងចិត្តរបស់អ្នក ដោយព្រះវិញ្ញាណបរិសុទ្ធដែលនឹងសណ្ឋិតមកលើអ្នក ហើយដែលនឹងគង់នៅក្នុងចិត្តរបស់អ្នក » ។8
ដូច្នេះ យើងត្រូវបានបង្រៀនថា វិវរណៈអាចទទួលបាន ដោយការសូមដោយសេចក្ដីជំនឿ ដោយចិត្តទៀងត្រង់ ហើយជឿថា យើងនឹងបានទទួល ។
ប៉ុន្តែ សូមសម្គាល់ថា ព្រះអម្ចាស់បានបញ្ជាក់យ៉ាងច្បាស់ ពេលទ្រង់បានព្រមានថា « ចូរចងចាំថា បើគ្មានសេចក្ដីជំនឿ នោះអ្នកពុំអាចធ្វើអ្វីបានទេ ហេតុដូច្នេះហើយ ចូរសូមដោយនូវសេចក្ដីជំនឿ » ។9 សេចក្ដីជំនឿ ត្រូវការការអនុវត្ត --- មានដូចជាការសិក្សាវាក្នុងគំនិតអ្នក រួចសូមសួរថា តើវាត្រឹមត្រូវដែរឬទេ ។
ព្រះអម្ចាស់បានមានព្រះបន្ទូលថា ៖
« បើសិនជាត្រឹមត្រូវ នោះយើងនឹងបណ្ដាលឲ្យទ្រូងរបស់អ្នកខ្មួលខ្មាញ់ខាងក្នុង ហេតុដូច្នោះហើយ អ្នកនឹងមានអារម្មណ៍ថា ការណ៍នោះត្រឹមត្រូវ ។
« ប៉ុន្តែបើសិនជាការណ៍នោះមិនត្រឹមត្រូវវិញ នោះអ្នកនឹងពុំមានអារម្មណ៍យ៉ាងដូច្នោះឡើយ ប៉ុន្តែអ្នកនឹងអាប់គំនិតដែលនឹងបណ្ដាលឲ្យអ្នកភ្លេចនូវអ្វីដែលខុស » ។10
សេចក្តីជំនឿបើគ្មានការអនុវត្តគឺស្លាប់ ។11 ដូច្នេះ « សូមដោយចិត្តជឿឥតសង្ស័យអ្វីសោះ » ។12
ខ្ញុំមានមិត្តម្នាក់ ពុំមែនជាសមាជិកទេ បានប្រាប់ខ្ញុំថា គាត់ពុំមែនជាមនុស្សចូលចិត្តខាងព្រលឹងវិញ្ញាណឡើយ ។ គាត់មិនសិក្សាព្រះគម្ពីរ ឬ អធិស្ឋានទេ ដោយសារគាត់គិតថា គាត់មិនយល់ពីព្រះបន្ទូល ឬ មិនប្រាកដថាមានព្រះដែរឬអត់នោះទេ ។ ឥរិយាបថនេះបង្ហាញពីកង្វះជីវិតខាងវិញ្ញាណរបស់គាត់ ហើយនឹងដឹកនាំទៅរកភាពផ្ទុយនៃវិវរណៈ ដូច អាលម៉ា បានពន្យល់ ។ លោកបានថ្លែងថា ៖ « ហេតុដូច្នេះហើយ នរណាដែលធ្វើចិត្តរឹងរូស អ្នកនោះហើយដែលនឹងទទួលព្រះបន្ទូលរបស់ព្រះមួយភាគតិចប៉ុណ្ណោះ » ។
តែអាលម៉ាបានបន្ថែមទៀតថា « ឯនរណាដែលពុំធ្វើចិត្តរឹងរូសទេ អ្នកនោះហើយដែលនឹងបានទទួលព្រះបន្ទូលរបស់ព្រះអង្គមួយភាគច្រើនជាង រហូតដល់អ្នកនោះអាចដឹងនូវសេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ រហូតដល់អ្នកនោះដឹងគ្រប់សេចក្ដី » ។13
អាលម៉ា និង បុត្រាទាំងឡាយរបស់ ម៉ូសាយ គឺជាគំរូនៃគោលការណ៍នេះថា សេចក្ដីជំនឿត្រូវការការអនុវត្ត ។ ក្នុងព្រះគម្ពីរមរមន បានចែងថា ៖
« គេបានព្យាយាមពិចារណាមើលបទគម្ពីរ ដើម្បីឲ្យគេអាចស្គាល់ព្រះបន្ទូលនៃព្រះ ។
« ប៉ុន្តែនេះពុំទាន់អស់នៅឡើយទេ ពួកគេបានប្រគល់ខ្លួនទៅក្នុងការអធិស្ឋាន និង ការតមអាហារជាច្រើន ហេតុដូច្នេះហើយ ពួកគេប្រកបដោយវិញ្ញាណនៃការព្យាករណ៍ និង វិញ្ញាណនៃវិវរណៈ » ។14
ការសូមដោយចិត្តទៀងត្រង់គឺសំខាន់ដូចគ្នានៅក្នុងដំណើរការនេះ ។ បើយើងស្វែងរកសេចក្ដីពិតដោយចិត្តស្មោះ នោះយើងនឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីរកវា ដែលអាចរួមបញ្ចូលទាំងការអានព្រះគម្ពីរ ការទៅព្រះវិហារ និង ការប្រឹងប្រែងគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ។ វាក៏មានន័យផងដែរថា យើងនឹងធ្វើតាមព្រះទ័យរបស់ព្រះពេលយើងស្វែងរកវា ។
ទង្វើរបស់ យ៉ូសែប ស៊្មីធ ពេលលោកបានស្វែងរកប្រាជ្ញាគឺជាគំរូមួយល្អបំផុតចំពោះអត្ថន័យនៃការមានចិត្តទៀងត្រង់ ។ លោកបានថ្លែងថា លោកចង់ដឹងថាបក្សពួកណាមួយទៅដែលត្រូវ « ដើម្បីឲ្យ [ លោក ] បានដឹងថា [ លោក ] ត្រូវចូលរួមនឹងបក្សណាមួយ »។15 ពីមុនលោកបានអធិស្ឋានទៅទៀត លោកបានរៀបចំខ្លួនជាស្រេចដើម្បីធ្វើតាមចម្លើយដែលលោកនឹងទទួល ។
យើងត្រូវសូមដោយសេចក្ដីជំនឿ និង ដោយចិត្តទៀងត្រង់ ។ តែវាពុំទាន់អស់ទេ ។ យើងក៏ត្រូវជឿថានឹងទទួលបានវិវរណៈនោះផងដែរ ។ យើងត្រូវទុកចិត្តព្រះអម្ចាស់ ហើយមានសង្ឃឹមលើការសន្យារបស់ទ្រង់ ។ ចូរចាំនូវអ្វីដែលបានចែងទុកថា ៖ « តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ » ។16 ឱ ! ជាការសន្យាអស្ចារ្យអ្វីម៉្លេះ !
ខ្ញុំសូមអញ្ជើញមនុស្សទាំងអស់ឲ្យស្វែងរកសេចក្ដីពិតក្នុងចំណោមវិធីសាស្ត្រទាំងនេះ ប៉ុន្តែ ជាពិសេសតាមរយៈវិវរណៈផ្ទាល់ខ្លួនមកពីព្រះ ។ ព្រះនឹងបើកសម្ដែងសេចក្ដីពិតដល់ជនដែលស្វែងរកវា ដូចដែលបានចែងនៅក្នុងព្រះគម្ពីរ ។ វាតម្រូវឲ្យមានការប្រឹងប្រែងច្រើនជាងការគ្រាន់តែស្វែងរកតាមអ៊ិនធើណិត ប៉ុន្តែ វាមានតម្លៃសក្ដិសម ។
ខ្ញុំសូមថ្លែងទីបន្ទាល់ខ្ញុំថា នេះជាសាសានចក្រពិតរបស់ ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំបានឃើញផលផ្លែរបស់វានៅក្នុងសហគមន៍ និង ក្នុងជីវិតមនុស្សរាប់ពាន់នាក់ រួមទាំងសមាជិកគ្រួសារដែរ ដូច្នេះ ខ្ញុំដឹងថាវាពិត ។ ខ្ញុំបានសាកល្បងព្រះបន្ទូលនៅក្នុងជីវិតរបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ហើយខ្ញុំបានទទួលឥទ្ធិពលរបស់វានៅក្នុងព្រលឹងខ្ញុំ ដូច្នេះ ខ្ញុំដឹងថាវាពិត ។ តែសំខាន់បំផុតនោះ ខ្ញុំបានរៀនពីសេចក្ដីពិតដ៏ពេញលេញរបស់វាដោយខ្លួនឯងដោយវិវរណៈតាមរយៈព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ ខ្ញុំដឹងថាវាពិត ។ ខ្ញុំសូមអញ្ជើញអ្នករាល់គ្នាឲ្យធ្វើដូចគ្នានេះ ។ ក្នុងព្រះនាមនៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។