ឆ្នាំ ២០១០-២០១៩
អំណរគុណ​នៅ​គ្រប់​ស្ថានភាព
ខែ មេសា 2014


16:59

អំណរគុណ​នៅ​គ្រប់​ស្ថានភាព

បងប្អូនប្រុស​ស្រី តើ​យើង​ពុំ​មាន​ហេតុផល​ដើម្បី​ពោរពេញដោយ​ការដឹងគុណទេឬអី ដោយ​មិន​គិតពីស្ថានភាព​ដែល​យើងមាន​នោះ?

ប៉ុន្មាន​ឆ្នាំមក​នេះ ខ្ញុំ​មាន​ឱកាស​ពិសិដ្ឋ​ដើម្បី​ជួយ​នឹង​មនុស្ស​ជាច្រើន ដែល​ទុក្ខសោក​របស់​ពួកគេ​ហាក់​ដូចជា​ចាក់ចូល​យ៉ាងជ្រៅ​ដល់​ព្រលឹង​ពួកគេ ។ ក្នុង​គ្រាទាំងនេះ ខ្ញុំ​បាន​ស្ដាប់ពី​បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់​របស់ខ្ញុំ ហើយ​បាន​សោកសៅ​ជាមួយ​នឹង​ពួកគេ​ ចំពោះ​បន្ទុក​ដែល​ពួកគេ​មាន ។ ខ្ញុំ​បានសញ្ជឹងគិតពីពាក្យ​និយាយទៅកាន់ពួកគេ ហើយ​ពិបាក​នឹង​ដឹង​ពីរបៀបលួងលោម ហើយ​គាំទ្រ​ពួកគេ​នៅ​ក្នុងការ​សាកល្បង​របស់​ពួកគេ។

ជារឿយៗ ទុក្ខសោក​ពួកគេបណ្ដាល​មកពីអ្វីដែល​ពួកគេ​គិត​ថា​ ជាទី​បញ្ចប់​នៃ​អ្វីមួយ ។ អ្នកខ្លះ​កំពុង​ប្រឈម​នឹងទីបញ្ចប់នៃ​​ទំនាក់ទំនង​ដ៏រីករាយ​មួយ ដូចជា​ការ​ស្លាប់នៃ​មនុស្ស​ជាទីស្រឡាញ់ម្នាក់ ឬ ការ​បែកចេញ​ពី​សមាជិកគ្រួសារ ។ អ្នក​ខ្លះទៀត​មានអារម្មណ៍​ថា ពួកគេ​កំពុង​ជួប​នូវ​ទីបញ្ចប់​នៃក្ដីសង្ឃឹម---ជាក្ដី​សង្ឃឹម​នៃ​ការ​រៀបការ ឬ​ការ​មាន​កូន ឬការយក​ឈ្នះ​លើ​ជំងឺ ។ អ្នក​ខ្លះទៀតប្រហែលជា​កំពុង​ជួប​នឹងទីបញ្ចប់​នៃសេច​ក្ដីជំនឿ​ខ្លួន ពេល​សំឡេង​បំភ័ន្ត និង​ជម្លោះ​ក្នុង​ពិភព​លោកបាន​ល្បួង​ពួកគេឲ្យ​សង្ស័យ ថែម​ទាំងបោះបង់​នូវ​អ្វីដែល​ពួកគេ​បាន​ដឹង​ថា ជាការ​ពិត​នៅ​គ្រា​មួយ​នោះ ។

មិន​យូ​រមិន​ឆាប់ ខ្ញុំ​ជឿ​ថា យើង​ទាំងអស់​គ្នា​នឹង​ជួ​ប​នូវ​គ្រាដែល​យើង​មាន​អារម្មណ៍​ថា ជីវិត​យើង​ខ្ទេច​ខ្ទាំ ដោយ​ទុក​ឲ្យ​យើង​នៅ​ឯកោ ខកចិត្ត ហើយ​រសាត់អណ្តែត​តាម​យថាកម្ម ។

វា​អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា ។ គ្មាន​នរណាម្នាក់ជៀសផុតឡើយ ។

យើងអាច​មាន​អំណរគុណ

ស្ថានភាព​របស់​មនុស្ស ​គឺខុសៗគ្នា ឯខ្សែជីវិត​នៃ​មនុស្ស​ម្នាក់ៗ ក៏​ប្លែកពីគ្នាដែរ។ តែ​ខ្ញុំ​បាន​រៀន​ថា មាន​អ្វីមួយដែល​អាច​ដកយក​ភាព​ជូរចត់ ដែល​អាច​កើត​មាន​នៅ​ក្នុង​ជីវិត​យើង​បាន ។ មាន​អ្វី​មួយ​ដែល​យើងអាច​ធ្វើ​ដើម្បី​ឲ្យ​ជីវិតកាន់តែ​ផ្អែមល្ហែម រីករាយ ហើយរុងរឿង​ជាងមុន។

យើងអាច​មាន​អំណរគុណបាន!

វា​អាចនឹង​ផ្ទុយ​ពី​ប្រាជ្ញា​ខាង​លោកិយ បើ​ណែនាំ​មនុស្សម្នាក់ដែល​ពោរពេញ​ដោយ​ទុក្ខសោក​ឲ្យ​ថ្លែង​អំណរ​គុណដល់​ព្រះ​នោះ ។ តែ​ជន​ដែល​បោះបង់នូវ​អារម្មណ៍​ជូរចត់នោះ ហើយ​ជំនួស​ដោយ​អារម្មណ៍​នៃ​ការ​ដឹង​គុណវិញ អាច​រកឃើញ​នូវការ​ព្យាបាល សេចក្ដីសុខសាន្ត និង ការ​យល់ដឹង ។

ក្នុង​នាម​ជា​សិស្សនៃព្រះគ្រីស្ទ យើងត្រូវបាន​បញ្ជាឲ្យ «ថ្វាយ​អំណរគុណ​ដល់​ព្រះអម្ចាស់ ជាព្រះនៃ​[យើង] នៅគ្រប់ការណ៍​ទាំងអស់»1 ឲ្យ «ច្រៀង​ថ្វាយព្រះអម្ចាស់ដោយ​ពាក្យ​អរ​ព្រះគុណ»2 ហើយ​ឲ្យ​ « ​ចិត្ត ​[យើង] ពោរពេញ​ទៅដោយ​អំណរគុណដល់​ព្រះ» ។3

ហេតុអ្វីបាន​ជាព្រះបញ្ជាឲ្យ​យើង​ថ្លែង​អំណរ​គុណ?

រាល់ព្រះបញ្ញត្តិ​ទ្រង់ ត្រូវ​បាន​ប្រទាន​មក​ដើម្បីឲ្យ​ពរជ័យ ​អាច​កើតមាន​ដល់​យើង ។ ព្រះបញ្ញត្តិ​ជា​ឱកាស​ដើម្បី​អនុវត្ត​សិទ្ធិជ្រើសរើស​យើង និង ដើម្បី​ទទួល​ពរជ័យ។ ព្រះវរបិតាសួគ៌​យើង ​ជ្រាប​ថា ការជ្រើសរើស​ដើម្បីអភិវឌ្ឍ​វិញ្ញាណ​នៃការ​ដឹងគុណ នឹង​នាំក្ដីអំណរពិត និងសុភមង្គល​ធំធេង​ដល់​យើង ។

ការ​ដឹង​គុណចំពោះរឿងទាំងឡាយ

តែ​អ្នកខ្លះអាច​នឹង​ពោលថា « តើ​ខ្ញុំ​ត្រូវ​ថ្លែង​អំណរគុណ​ចំពោះអ្វីខ្លះ កាល​ជីវិត​ខ្ញុំកំពុង​ធ្លាក់ចុះ​យ៉ាង​ដុន​ដាប​នោះ? »

ប្រហែលជា ការ​ផ្ដោត​លើ​អ្វីដែល​យើងមានអំណរគុណចំពោះ អាចជាមធ្យោបាយ​​មិន​ទំនង ។ ការ​អភិវឌ្ឍនូវ​វិញ្ញាណ​នៃ​ការ​ដឹងគុណនឹង​​មាន​ការ​លំបាក បើ​ការ​ដឹងគុណ​យើង​គិត​តែ​ទៅ​លើ​ចំនួន​ពរជ័យ​ដែល​យើងអាច​រាប់បាន​នោះ ។ ពិតណាស់ «ការរាប់​ពរជ័យ​យើង» ឲ្យ​បាន​ញឹកញាប់​គឺជារឿង​សំខាន់---ហើយ​បើ​នរណាម្នាក់ ព្យាយាមធ្វើ​បែបនេះ​នឹងដឹង​ថា ​មានពរជ័យច្រើន---តែ​ខ្ញុំ​មិន​ជឿ​ថា ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ថ្លែង​អំណរគុណ​ក្នុង​គ្រា​សាកល្បង​តិចជាង​គ្រា​ដ៏រីករាយ​នោះទេ ។ តាមពិត សេចក្ដីយោង​បទគម្ពីរភាគច្រើន​ មិន​បាន​ពោល​ពីការ​ដឹងគុណចំពោះ​ រឿង​ទាំងឡាយ​នោះទេ តែ​ណែ​នាំឲ្យ​មាន​អារម្មណ៍ ឬ ឥរិយាបថ​នៃការ​ដឹងគុណ​ទូទៅមួយ ។

ការ​ដឹង​គុណចំពោះ រឿង​គ្រប់យ៉ាងនឹង​ងាយស្រួល ពេល​ជីវិត​យើង​ទំនង​ជា​មានភាព​ប្រសើរ ។ ចុះ​គ្រាដែល​យើង​ចង់​ឈោងចាប់អ្វីដែល​ទំនង​ជា​ឈោង​ចាប់​មិន​ដល់​វិញ?

ខ្ញុំ​សូម​​ណែនាំឲ្យ​យើង​មើល​ទៅការ​គុណដឹង​ថា ជា​និស្ស័យ​​មួយ ជាផ្លូវជីវិត​ដែល​មិន​រង​ឥទ្ធិពល​ពី​ស្ថានភាពបច្ចុប្បន្ន​របស់​យើង និយាយ​ម្យ៉ាងទៀត គឺ​ខ្ញុំ​កំពុង​ណែនាំ​ថា ជំនួស​ឲ្យ​ «ការ​ថ្លែង​អំណរគុណចំពោះ រឿង​គ្រប់​យ៉ាង» យើង​ត្រូវ​ផ្ដោ​ត​លើ​ «ការ​ថ្លែង​អំណរ​គុណក្នុង​ស្ថានភាព​យើង» វិញ---ទោះវា​ជាអ្វីក៏ដោយ ។

មាន​រឿង​និទាន​មួយ​ពី​អ្នក​រត់​តុ​ម្នាក់​ដែល​បាន​សួរ​ទៅភ្ញៀវ​ថា គាត់បានពេញចិត្តនឹងអាហារ​ដែរទេ។ ភ្ញៀវ​នោះ​តប​ថា អាហារ​ឆ្ងាញ់គ្រប់យ៉ាង តែ​បើពួកគេ​ដាក់នំប៉័ងបន្ថែមទៀត នោះវា​កាន់តែ​ប្រសើរ ។ លុះស្អែក​ឡើង ពេល​បុរស​នោះ​​មកម្ដងទៀត អ្នករត់តុនោះ​បាន​ថែម​នំប៉័ងទ្វេរ​ដង ដោយ​ដាក់​ឲ្យ​គាត់​បួនបន្ទះ លើសពី​មុន​ពីរបន្ទះ តែ​បុរសនោះ​មិន​សប្បាយ​ចិត្ត​ដដែល ។ លុះ​ស្អែក​ទៀត អ្នករត់តុ​បាន​ថែម​នំប៉័ង​ទ្វេរ​ដង​ទៀត តែ​គ្មាន​បាន​ផល​សោះ ។

នៅ​ថ្ងៃទីបួន អ្នករត់តុ​ពិតជាចង់ធ្វើ​ឲ្យ​បុរសនោះ​សប្បាយ​ចិត្ត​ខ្លាំងណាស់ ។ គាត់​ក៏​យកនំប៉័ងមួយដុំ​ប្រវែង 3 ម. មក ហើយ​កាត់​វា​ជាពីរ ហើយ​ដាក់ឲ្យ​ភ្ញៀវរូបនោះ​ទាំង​ស្នាមញញឹម ។ អ្នករត់​តុរង់ចាំ​មើល​ប្រតិកម្ម​របស់​បុរសនោះដោយ​ចិត្ត​អន្ទះសារ។

ក្រោយ​ពី​ហូបអាហារ​រួច បុរស​នោះ​បានមើល​មុខ ហើយពោល​ថា «ឆ្ងាញ់​ដូចសព្វមួយដង។ តែខ្ញុំនៅ​តែ​នឹកឃើញ កាលអ្នក​ដាក់នំប៉័ង​តែពីរ​បន្ទះ​នោះ»។

ការ​ដឹងគុណ​ ក្នុង កាលៈទេសៈ​របស់​យើង

បងប្អូនប្រុស​ស្រីជាទីស្រឡាញ់ ជម្រើ​ស​ជាសិទ្ធិ​របស់​យើង ។ យើង​អាចជ្រើស​ដើម្បី​កំណត់​ការ​ដឹង​គុណ​យើង ដោយ​ផ្អែក​លើ​ពរជ័យ​ដែល​យើង​គិត​ថា​យើង​ខ្វះ។ ឬ​យើងអាច​ជ្រើស​ធ្វើ​ដូចជា​នីហ្វៃ ដែល​ចិត្ត​គាត់ពេញ​ដោយ​ការដឹងគុណ​ឥតនឿយណាយ​ឡើយ ។ ពេល​ពួក​បងប្រុស​គាត់​ចងគាត់​នៅ​លើ​សំពៅ---ដែល​គាត់បាន​សង់ដើម្បី​នាំ​ពួកគេ​ទៅ​ដែនដី​សន្យា---កជើង និង កដៃ​គាត់​មាន​ការ​ឈឺចាប់រហូត​ធ្វើ​ឲ្យ​ «វា​ឡើងហើម​ជាខ្លាំង» ហើយ​ព្យុះដ៏កំណាច​បាន​គម្រាម​លេប​ត្របាក់​គាត់​ចូល​ទៅ​ក្នុង​ជម្រៅនៃ​សមុទ្រ។ នីហ្វៃ​បាន​ពោលថា «ទោះជាយ៉ាងណា​ក៏ដោយ គង់តែខ្ញុំ​បាន​សម្លឹង​ឆ្ពោះ​ទៅរក​ព្រះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​សរសើរតម្កើងទ្រង់ពេញ​មួយថ្ងៃតែម្ដង ហើយ​ខ្ញុំ​មិន​បាន​រអ៊ូរទាំងទាស់​នឹង​ព្រះអម្ចាស់ ពីព្រោះ​តែសេចក្ដីវេទនា​របស់​ខ្ញុំ​ឡើយ»។4

យើង​អាចជ្រើស​ធ្វើ​ដូចជា​យ៉ូប ដែលទំនងជា​មានអ្វីៗគ្រប់យ៉ាង តែក្រោយ​មក​បាន​បាត់បង់ទាំង​អស់។ តែ​យ៉ូប​បាន​តប​វិញ​ថា « ទូលបង្គំ​បាន​ចេញពី​ផ្ទៃ​ម្ដាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់ទៅវិញ​ដោយ​ទទេដែរ...៖ ព្រះអម្ចាស់​ទ្រង់បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យកទៅវិញ សូម​ឲ្យ​ព្រះនាម​ព្រះអម្ចាស់​បាន​ព្រះពរចុះ»។5

យើងអាចជ្រើស​ធ្វើ​ដូចជា​ពួក​អ្នក​ត្រួសត្រាយ​មរមន ដែល​បានរក្សា​វិញ្ញាណ​នៃការ​ដឹង​គុណនៅក្នុង​ដំណើរ​ដ៏​យឺត ហើយ​ឈឺចាប់​របស់​ពួកគេ​ឆ្ពោះទៅ ហ្គ្រេត សលត៍ លេក ថែមទាំង​ច្រៀងរាំ ហើយ​សរសើរ​តម្កើង​ដល់​សេចក្ដីល្អនៃព្រះទៀត​ផង ។6 យើង​ភាគច្រើន នឹង​ត្រូវបាន​អូសទាញ​ឲ្យ​ដកខ្លួន ត្អូញត្អែរ ហើយ​ព្រួយបារម្ភ​ពី​ការ​លំបាកនៃដំណើរ​នេះ ។

យើងអាចជ្រើសធ្វើ​ដូចជាព្យាការី យ៉ូសែប ស៊្មីធ កាល​ជាអ្នកទោសក្នុង​គុកលីប៊ើទី បាន​កត់ទុក​នូវ​ពាក្យ​ដ៏​បំផុសគំនិត​ទាំងនេះ​ថា ៖ បងប្អូន​ដ៏ស្ងួន​ភ្ញាអើយ ចូរ​យើង​ប្រព្រឹត្ត​ការណ៍​ទាំង​នេះដែល​នៅ​ក្នុង​អំណាច​យើង ដោយ​មាន​ចិត្ត​រីករាយ​ចុះ ហើយ​លំដាប់នោះ យើងអាច​ឈរ​នៅ​ស្ងៀម​ដោយ​ជឿ​ជាក់​ថា​នឹង​បាន​ឃើញ​សេចក្ដីសង្គ្រោះ​ពី​ព្រះ និង​បាន​ព្រះពាហុទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ» ។7

យើងអាចជ្រើសរើស​ថ្លែងអំណរគុណ មិន​ថា​មាន​អ្វីកើត​ឡើង​ទេ ។

ការ​ដឹងគុណ​ប្រភេទនេះ នឹង​ផ្លាស់ប្ដូរ​អ្វីគ្រប់យ៉ាង​ដែលកំពុង​កើត​ជុំវិញ​យើង ។ វា​លើសលប់​​ពី​ការ​ខកចិត្ត ការ​បាក់ទឹកចិត្ត និង ភាពអស់សង្ឃឹម ។ វា​នឹង​រីកយ៉ាង​ស្រស់បំព្រង​ទាំង​នៅ​ក្នុង​ទីវាលទឹកកក​នារ​ដូវ​រងា និង​កំដៅ​ដ៏រីករាយ​នា​រដូវក្ដៅ​។

ពេល​យើងមាន​អំណរគុណ​ចំពោះ​ព្រះ ក្នុង ស្ថានភាព​យើង យើងអាច​មាន​សេចក្ដីសុខសាន្ត​នៅ​ក្នុង​គ្រានៃទុក្ខវេទនា ។ ក្នុងពេល​សោកសៅ យើង​នៅតែអាច​លើកដួងចិត្ត​យើង​ឲ្យ​សរសើរ​តម្កើង ។ ពេល​ឈឺចាប់ យើងអាចរីករាយ ​ដោយ​សារ​ដង្វាយធួន​របស់ព្រះគ្រីស្ទ ។ ពេល​មាន​ទុក្ខសោកដ៏ជូរចត់ យើងអាចមាន​ភាពជិតស្និទ្ធ និងភាពកក់ក្តៅនៃការ​ឱបក្រសោបពី​ស្ថានសួគ៌ ។

ពេលខ្លះ យើងគិតថា ការ​ដឹង​គុណជាអ្វីដែល​យើងធ្វើ បន្ទាប់ពី បញ្ហាយើងត្រូវ​បាន​ដោះស្រាយ តែនោះ​ជា​គំនិត​ដ៏ចង្អៀតចង្អល់ណាស់ ។ តើ​យើងអាច​បាត់បង់អ្វីខ្លះ​ បើ​យើងទន្ទឹងមើល​ឥន្ធនូ តែភ្លេច​ថ្លែង​អំណរគុណដល់ព្រះ​ដែលបាន​​​បង្អោរ​ភ្លៀង​​​មកនោះ ?

ការ​ដឹងគុណក្នុង​គ្រាឈឺចាប់ពុំ មានន័យថា យើង​រីករាយ​នឹង​ស្ថានភាព​របស់​យើង​នោះទេ ។ វាមានន័យ ច្បាស់ ថា ដោយ​ភ្នែក​នៃក្ដីជំនឿ​ យើង​មើល​ឲ្យ​ហួស​ពី​ឧបសគ្គ​បច្ចុប្បន្ន​របស់​យើង ។

នេះ​ពុំ​មែន​ជាការដឹង​គុណ​តែបបូរមាត់ទេ តែចេញពីដួងចិត្ត ។ វា​ជាការដឹង​គុណដែល​ព្យាបាល​ដួងចិត្ត ហើយ​ពង្រីក​ដល់​គំនិត។

ការ​ដឹង​គុណជាទង្វើនៃ​សេចក្ដីជំនឿ

ការ​ដឹងគុណ ក្នុង ស្ថានភាព​យើង​ គឺជា​ទង្វើ​នៃ​សេចក្ដីជំនឿ​ទៅលើ​ព្រះ។ វា​តម្រូវ​ឲ្យ​យើង​ទុកចិត្ត​លើព្រះ ហើយ​សង្ឃឹមលើ​រឿង​គ្រប់យ៉ាងដែល​យើង​មើល​មិន​ឃើញ តែ​ជា​ការពិត។8 តាម​រយៈ​ការដឹង​គុណ យើង​ធ្វើ​តាម​គំរូ​នៃ​ព្រះអម្ចាស់​យើង ដែល​បាន​ថ្លែង​ថា «កុំ​តាម​ចិត្ត​ទូល​បង្គំឡើយ សូម​​តាម​តែព្រះហឫទ័យ​ទ្រង់​វិញ»។9

ការ​ដឹងគុណពិត​ជាកា​របង្ហាញពីសេច​ក្ដីសង្ឃឹម និង ទីបន្ទាល់ ។ វា​កើត​ចេញពីចំណេះ​ដឹង​ថា ទោះ​ជា​យើង​មិន​​​យល់​ពី​ការ​សាកល្ប​ងក្នុង​ជីវិត​ជានិច្ចក្ដី តែយើង​ទុកចិត្ត​ថា ថ្ងៃ​ណា​មួយ​យើង​នឹង​យល់ ។​

នៅរាល់ស្ថានភាព វិញ្ញាណនៃ​ការ​ដឹង​គុណ​របស់​យើង ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយសេចក្ដីពិតដ៏ពិសិដ្ឋ​ជាច្រើន​ដែល​យើង​ដឹង ច្បាស់៖ ថា ព្រះវរបិតា​យើង​បាន​ប្រទាន​ផែនការ​សុភមង្គល​ដ៏ធំ​ដល់​កូនចៅ​ទ្រង់។ ថាតាមរយៈដង្វាយធួន​នៃ​ព្រះ​រាជ​បុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ យើង​អាច​រស់​ជារៀងរហូត​ជាមួយគ្រួសារយើង។ ថា​នៅទីបំផុត យើង​នឹង​មាន​រូបកាយ​រុងរឿង​ល្អឥតខ្ចោះ ហើយ​អមតៈ គ្មានជំងឺ ឬ​ពិការភាព​ឡើយ ។ ហើយ​ថា​ទឹកភ្នែក​នៃ​ភាព​សោក​សៅ​ និង ការ​បាត់បង់​របស់​យើង ​នឹង​ជំនួសដោយ​សុភមង្គល និង ក្ដីអំណរដ៏ធំធេង ដោយ « វាល់...យ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយ​ដាក់ឲ្យ​ហៀរ»។10

ទីបន្ទាល់​ប្រភេទនេះ​ហើយ​ ដែល​បាន​ផ្លាស់ប្ដូរពួក​សាវក​របស់​ព្រះអម្ចាស់​ពីបុរសភ័យខ្លាច ហើយ​សង្ស័យ​ទៅ​ជាអ្នកតំណាង​ពេញ​ដោយសេច​ក្ដីអំណរ គ្មានការ​ភ័យ​ខ្លាច​របស់​លោក​ចៅហ្វាយ ។ ប៉ុន្មានម៉ោងក្រោយ​ពី​ការឆ្កាង​របស់ទ្រង់ ពួកគេពោរពេញ​ដោយ​ភាពអស់សង្ឃឹម និង ភាពសោកសៅ ដោយ​មិន​យល់​ពីអ្វីដែល​បាន​កើត​ឡើង ។ តែ​ព្រឹត្តិការណ៍​មួយ​ បាន​ផ្លាស់ប្ដូរ​ការណ៍ទាំងអស់នោះ ។ ព្រះអម្ចាស់​របស់ពួកគេ ​បាន​លេច​មក​ឯពួកគេ ហើយ​ប្រកាស​ថា «ចូរមើល​មក​ដៃ​ និង ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះគឺខ្ញុំ​ពិត​មែន» ។11

កាល​ពួកសាវក​បាន​ស្គាល់ព្រះគ្រីស្ទ បាន​រស់​ឡើងវិញ---គឺ​ពេលពួកគេ​បាន​ជួប​នឹង​ការរស់ឡើងវិញ​ដ៏រុងរឿង​នៃ​ព្រះអង្គសង្គ្រោះ​របស់​ពួកគេ---ពួកគេ​បាន​ក្លាយ​ជាមនុស្ស​ផ្សេង។ គ្មាន​អ្វី អាចរារាំង​ពួកគេពីការ​បំពេញ​បេសកកម្ម​របស់​ពួកគេបាន​ឡើយ ។ ពួកគេ​បាន​ទទួលយកការ​វាយធ្វើ​បាប ភាពអាម៉ាស់ រួមទាំងសេច​ក្ដីស្លាប់​ដែល​នឹង​កើត​មាន​ចំពោះ​ពួកគេ ដោយក្តី​ក្លាហាន និង​ការ​តាំងចិត្ត​ខ្ពស់ ដោយសារ​ទីបន្ទាល់ពួកគេ។12 គ្មានអ្វីអាច​រារាំងពួកគេពី​ការ​សរសើរ និង ការ​បម្រើ​ដល់​ព្រះអម្ចាស់​ឡើយ ។ ពួកគេបាន​ផ្លាស់ប្ដូរជីវិត​មនុស្ស​គ្រប់ទិសទី ។ ពួកគេ​បាន​ផ្លាស់ប្ដូរ​ពិភពលោកនេះ ។

អ្នក​មិន​ចាំបាច់​ត្រូវមើល​ឃើញ​ព្រះអម្ចាស់ ដូចជា​ពួកសាវក ដើម្បី​មានការ​ផ្លាស់​ប្ដូរ​ដូចគ្នានោះឡើយ ។ ទីបន្ទាល់​របស់​អ្នកអំ​ពី​ព្រះគ្រីស្ទ ដែល​ចេញមកពី​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​ជួយ​អ្នក​ឲ្យ​មើល​ហួស​ចុង​បញ្ចប់​នៃ​ជីវិត​រមែងស្លាប់ដ៏សោកសៅនេះ ហើយឃើញនូវ​អនាគតដ៏ភ្លឺស្វាង ដែល​ព្រះអង្គប្រោសលោះ​នៃ​ពិភពលោក​បាន​រៀបចំ ។

យើង​ត្រូវបាន​បង្កើត​ឡើងសម្រាប់ភាពអស់កល្ប

ក្នុងពន្លឺនៃ​អ្វីដែល​យើង​ដឹង​ពី​ជោគវាសនាដ៏អស់កល្ប​របស់​យើង តើយើងនឹងមិនងឿងឆ្ងល់ទេឬអីថា វាទំនងដូចជាមិនត្រឹមត្រូវសោះ ពេលយើងជួបនឹងភាពជូរចត់នៅឯចុងបញ្ចប់របស់​យើងនោះ ? វា​ទំនងដូចជា​មាន​អ្វីមួយ​ក្នុង​ខ្លួន​យើង​ដែល​គ្មានទីបញ្ចប់ ។

ហេតុអ្វី? ដោយ​សារ​​យើងត្រូវបាន​បង្កើត​ឡើង​សម្រាប់ភាពអស់កល្ប ។ យើងជា​មនុស្ស​អស់កល្ប ជាកូនចៅ​នៃ​ព្រះដ៏មានឫទ្ធិ ដែលព្រះនាមទ្រង់​ គឺគ្មានទីបញ្ចប់13 ហើយជាអង្គ​ដែល​សន្យានូវ​ពរជ័យ​អស់កល្ប​យ៉ាងច្រើន ។ ចុងបញ្ចប់ ពុំមែនជា​ជោគវាសនា​របស់​យើងឡើយ ។

កាល​យើងរៀនកាន់តែ​ច្រើន​អំពី​ដំណឹងល្អនៃព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​ដឹង​កាន់តែច្រើន​ថា ចុងបញ្ចប់​នៃជីវិត​នេះ ពុំមែនជាចុងបញ្ចប់​នៃអ្វីៗទាំងអស់​ទេ ។ វា​គ្រាន់តែជាការរអាក់រអួល---ជាការផ្អាក​បណ្ដោះអាសន្ន​ ដែល​នៅ​ថ្ងៃ​មួយ ​នឹង​មើល​ទៅ​ហាក់ដូចជាតូច បើ​ប្រៀប​នឹង​សេចក្ដីអំណរដ៏​អស់កល្ប ​ដែល​កំពុងរង់ចាំ​ពួកស្មោះត្រង់នោះ​ ។

ខ្ញុំ​មានអំណរគុណចំពោះព្រះវរបិតាសួគ៌​ខ្ញុំ ​ដែល​នៅ​ក្នុង​ផែនការទ្រង់នោះ គ្មានចុងបញ្ចប់ពិតឡើយ តែ​ជាការ​ចាប់ផ្ដើម​ដ៏អស់កល្បវិញ។

អស់អ្នកដែល​ថ្លែងអំណរគុណ​នឹងត្រូវ​​បាន​ធ្វើ​ឲ្យ​រុងរឿង

បងប្អូនប្រុស​ស្រី តើ​យើង​ពុំ​មាន​ហេតុផល ​ដើម្បី​ពោរពេញដោយ​ការដឹងគុណទេឬអី ដោយ​មិន​គិតពីស្ថានភាព​ដែល​យើងមាន​នោះ ?

តើ​យើង​ត្រូវការ​ហេតុផលដ៏ធំ​ណាមួយ ​ដើម្បីធ្វើ​​ឲ្យ​ចិត្ត​យើង «ពេញដោយ​​​អំណរគុណដល់​​ព្រះ» មែនទេ?14

«តើ​យើង​មិន​មាន​ហេតុដ៏ធំ​នឹង​អររីករាយទេ​ឬអី?»15

យើង​មានពរណាស់ បើ​យើង​ស្គាល់ឥទ្ធិពល​របស់​ព្រះ​នៅ​ក្នុង​ជីវិត​ដ៏អស្ចារ្យ​របស់​យើង ។ អំណរគុណ​ចំពោះព្រះវរបិតាសួគ៌​យើង នឹងពង្រីកគំនិត ហើយបំភ្លឺទស្សនវិស័យ​យើង ។ វា​បណ្ដុះ​ចិត្ត​រាបសា និង ចិត្ត​មេត្តា​ចំពោះបងប្អូន​យើង និង អ្វីគ្រប់យ៉ាងដែល​ព្រះបានបង្កើត ។ អំណរគុណ​ គឺជា​ផ្នែក​មួយ​សំខាន់​​នៃ​លក្ខណៈ​ដូចជាព្រះគ្រីស្ទ! ចិត្ត​ដែល​ពេញ​ដោយ​អំណរគុណ ​គឺជា​ប្រភពនៃ​រាល់គុណធម៌។16

ព្រះអម្ចាស់ប្រទាន​ការ​សន្យាទ្រង់​ដល់​យើង​ថា « អ្នកណាដែល​ [ទទួល] គ្រប់ទាំងអស់​ដោយ​អំណរអរគុណ នោះ​ត្រូវបាន​ធ្វើ​ឲ្យ​រុងរឿង ហើយ​ការណ៍​​ខាង​ផែនដីនេះ ​នឹងត្រូវបាន​ប្រទានដល់ [​អ្នក​នោះ] ​ថែមទៀត គឺ​មួយរយភាគ​ថែមទៀត »។17

សូម​ឲ្យ​យើង « រស់នៅ​ក្នុងអំណរគុណជារៀងរាល់ថ្ងៃ »18---ជាពិសេស​ ​នៅចុងបញ្ចប់ដែល​មិន​អាចពន្យល់​បាន ​ដែល​ជា​ផ្នែក​នៃ​ជីវិត​រមែងស្លាប់ ។ សូម​ឲ្យ​យើង​អនុញ្ញាត​ឲ្យ​ព្រលឹង​យើង​ពេញ​ដោយ​អំណរគុណចំពោះ​ព្រះវរបិតាយើង ​ដែល​មានសេចក្ដីមេត្តាករុណា​។ សូមឲ្យ​យើង​បន្លឺសំឡេង​យើង​ឡើង ហើយ​បង្ហាញ​អំណរគុណ​របស់​យើង ទាំង​សម្ដី និង ទង្វើ​​ជានិច្ច ​ចំពោះ​ព្រះ​វរបិតាសួគ៌​យើង និង បុត្រាដ៏ជាទីស្រលាញ់​របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​សូម​អធិស្ឋានពីការណ៍​នេះ ហើយ​ទុកទីបន្ទាល់ និងពរជ័យ​ខ្ញុំ​នឹង​អ្នក ក្នុងព្រះនាម​នៃលោកចៅហ្វាយ​របស់យើង ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។