ឆ្នាំ ២០១០-២០១៩
ព្យាការី យ៉ូសែប ស៊្មីធ
ខែ មេសា 2014


10:44

ព្យាការី យ៉ូសែប ស៊្មីធ

វិវរណៈ​ត្រូវ​បាន​ស្រោចស្រព​លើ​យ៉ូសែប ស្ម៊ីធ បញ្ជាក់​ថា​ លោក​ជា​ព្យាការី​នៃ​ព្រះ។

ការ​និមិត្ត​ដំបូង

យុរជន​ម្នាក់​បាន​អាន​ព្រះគម្ពីរ​បរិសុទ្ធ បាន​ឈប់​នៅ​ចំ​កន្លែង​ពិសេស​មួយ ។ នេះ​គឺ​ជា​គ្រា​ដែល​នឹង​ផ្លាស់ប្ដូរ​ពិភពលោក ។

លោក​ចង់​ដឹង​ថា តើ​សាសនាចក្រ​មួយ​ណា​ដែល​អាច​នាំ​សេចក្ដី​ពិត និង ការសង្គ្រោះ​មក​ដល់​លោក ។ លោកបាន​ព្យាយាម​ធ្វើ​អ្វី​សព្វ​បែប​យ៉ាង ហើយ​ពេល​នោះ​លោក​បើក​ព្រះគម្ពីរ​បរិសុទ្ធ ហើយ​អាន​នូវ​ព្រះ​បន្ទូល​ទាំង​នេះ​ថា ៖ « តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា​ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ » ។1

លោក​ពិចារណា​ពី​ខ​ទាំង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត ។ ពន្លឺ​ដ៏​តូច​បាន​ចាប់ផ្ដើម​ភ្លឺ​ឡើង​ក្នុង​ភាព​ងងឹត ។ តើ​ចម្លើយ​នេះ ​ជា​វិធី​ដើម្បី​ចេញ​ពី​ចម្ងល់ និង ភាព​ងងឹត​ដែរ​ឬ​ទេ ? តើ​វា​អាច​ជា​រឿង​សាមញ្ញ​បែប​នេះ​ឬ ? ពេល​សូម​ដល់​ព្រះ ហើយ​ទ្រង់​នឹង​ឆ្លើយ​តប​ឬ ? ជា​យូរ​ក្រែល​មក លោក​បាន​សម្រេច​ចិត្ត​ថា​ ត្រូវ​សូម​ដល់​ព្រះ ឬ ត្រូវ​នៅ​ក្នុង​សេចក្ដី​ងងឹត​ងងល់​ត​ទៅ​ទៀត ។

ហើយ​ទោះ​ជា​លោក​​ជា​ចង់​ដឹងពិតក៏ដោយ ក៏លោក​ពុំបាន​​រត់​ចូល​ក្នុង​ព្រៃ​ស្ងាត់ ហើយ​អធិស្ឋាន​ភ្លាមៗ​តែ​ម្ដង​នោះ​ទេ ។ លោកមាន​អាយុ​ត្រឹម​តែ 14 ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ ទោះ​ជាលោក​ចង់​ដឹង ក៏លោក​នៅ​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដែរ ។ វា​ពុំ​គ្រាន់តែ​ជា​ការអធិស្ឋាន​ប៉ុណ្ណោះ​ទេ ។ លោក​សម្រេច​ចិត្ត​ថា​ត្រូវ​ទៅ​ទីណា ហើយ​ពេល​ណា​ដែល​ត្រូវ​សាកល្បង ។ លោក​បាន​ត្រៀម​ខ្លួន​ទូល​ដល់​ព្រះ ។

ហើយ​ក្រោយ​មក វេលា​បាន​មក​ដល់ ។ វា​ជា « ព្រលឹម​នៃ​ទិវា​ដ៏​ល្អ​ភ្លឺ​ស្វាង គឺ​នៅ​ដើម​និទាឃរដូវ​ក្នុង [ ឆ្នាំ 1820 ] » ។2 លោក​ដើរ​ចូល​ក្នុង​ព្រៃ​ស្ងាត់​តែ​ឯង​នៅ​ក្បែរ​ផ្ទះ​ ដែល​មាន​ដើម​ឈើ​ដុះ​ជ្រោងច្រាង​ពី​លើ ។ លោកបាន​ទៅ​ដល់​កន្លែង​មួយ ​ដែល​លោក​បាន​គិត​ទុក​ជាមុន ។ លោក​លុត​ជង្គង់​ចុះ ហើយ​ទូល​ពី​បំណង​ដែល​មាន​នៅ​ក្នុង​ចិត្ត ។

គាត់​បាន​ពោល​ពី​អ្វី​ដែល​កើត​ឡើង​បន្ទាប់​ពី​នោះ​ថា ៖

« ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ​នៅ​ចំ​លើ​ក្បាល​ខ្ញុំ មាន​រស្មី​ចែងចាំង​លើស​ជាង​សុរិយា​ទៅ​ទៀត ដែល​ចុះ​សន្សឹមៗ​មក​ចំ​លើ​រូប​ខ្ញុំ ។

« … កាល​ពន្លឺ​នោះ​ស្ថិត​ចំ​លើ​រូប​ខ្ញុំ ខ្ញុំ​បាន​ឃើញ​តួ​អង្គ​ពីរ​ដែល​មាន​រស្មី និង សិរី​រុងរឿង​ដែល​ពុំ​អាច​ពិពណ៌នា​បាន​ឡើយ​ ឈរ​នៅ​លើ​អាកាស​ពី​លើ​រូប​ខ្ញុំ ។ តួ​អង្គ​មួយ​មាន​ព្រះបន្ទូល​មក​ខ្ញុំ ដោយ​ហៅ​ខ្ញុំ​តាម​ឈ្មោះ ហើយ​ចង្អុល​ទៅ​តួ​អង្គ​មួយ​ទៀត — [ យ៉ូសែប ] នេះ​ជា​ព្រះ​រាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ » !3

រយៈពេល​ 24 ឆ្នាំ​ក្រោយ​មក យ៉ូសែប ស៊្មីធ និង បងប្រុស​លោក​គឺ ហៃរុម សុខ​ចិត្ត​ស្លាប់​ក្នុង​បុព្វហេតុ​ដែល​កើត​ឡើង​នៅ​ទីនេះ ។

ការប្រឆាំង

យ៉ូសែប មាន​ប្រសាសន៍​ថា​ កាល​លោក​មាន​អាយុ 17 ឆ្នាំ ទេវតា​មួយ​អង្គ​ មាន​បន្ទូល​ប្រាប់​លោក​ថា « ឈ្មោះ​របស់​លោក [ នឹង ] មាន​ ដើម្បី​សេចក្ដី​ល្អ និង សេចក្ដី​អាក្រក់​ក្នុង​គ្រប់​ទាំង​សាសន៍ … នៅ​ក្នុង​ចំណោម​បណ្ដាជន​ទាំង​អស់ » ។4 ការព្យាករណ៍​ដ៏​អស្ចារ្យ​នេះ​ គឺ​កំពុង​ត្រូវ​បាន​សម្រេច​សព្វថ្ងៃ​នេះ​ គឺ​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ ដែល​គេ​ស្គាល់​ពាស​ពេញ​ពិភពលោក ។

ការប្រឆាំង ការទិតៀន និង បដិបក្ខភាព​ គឺ​ជា​ដៃគូ​របស់​សេចក្ដី​ពិត ។ មិន​ថា​ទី​ណា​ដែល​សេចក្ដី​ពិត និង គោលជំហរ​នៃ​គោលបំណង និង ជោគវាសនា​មនុស្ស​ត្រូវ​បាន​សម្ដែង​នោះ​ទេ តែងតែ​នឹង​មាន​អានុភាព​ដើម្បី​ប្រឆាំង​នឹង​វា ។ ផ្ដើម​ពី​អ័ដាម និង អេវ៉ា​នៅ​ក្នុង​សួន​អេដែន ដល់​ជំនាន់​ព្រះគ្រីស្ទ ហើយ​បន្ត​មក​ដល់​សព្វថ្ងៃ​នេះ តែងតែ​មាន ហើយ​នឹង​មាន​ការប៉ុនប៉ង​បំភាន់ ធ្វើ​ឲ្យ​ធ្លាក់ ប្រឆាំង ហើយ​រារាំង​ផែនការ​ជីវិត​ជា​ដរាប ។

សូម​មើល​ទៅ​អង្គ​ដែល​ទទួល​ទុក្ខ​បុកម្នេញ​ជាង​នរណាៗ​ទាំង​អស់​នៅ​គ្រា​មួយ​នោះ ​ដែល​ទ្រង់​ត្រូវ​គេ​ប្រឆាំង​ដាច់ខាត ប្រកួតប្រជែង និង បដិសេធ វាយ បោះបង់​ចោល ហើយ​ឆ្កាង ជា​អង្គ​ដែល​បាន​បន្ទាប​ព្រះកាយ​ចំពោះ​គ្រប់​អ្វី​ទាំង​អស់ ហើយ​ទី​នោះ​អ្នក​នឹង​រក​ឃើញ​សេចក្ដី​ពិត ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក ។ ហេតុអ្វី​បាន​ជា​គេ​មិន​លើកលែង​ឲ្យ​ទ្រង់ ?

ហេតុអ្វី ? ព្រោះ​ទ្រង់​ជា​សេចក្ដី​ពិត ហើយ​ជា​សេចក្ដី​ពិត ​ដែល​តែងតែ​ត្រូវ​គេ​ប្រឆាំង ។

ហើយ​ពេល​នេះ​សូមរក​មើល​ទៅ​អ្នក​ដែល​នាំ​យក​សក្ខីបទ​មួយ​ទៀត​របស់​ព្រះយេស៊ូវគ្រីស្ទ និង ​ព្រះគម្ពីរ​មួយ​ទៀតមក សូមរក​​មើល​​អ្នក​ដែល​ជា​ឧបករណ៍​ នាំ​ឲ្យ​ភាពពោរពេញ​នៃ​ដំណឹង​ល្អ និង សាសនាចក្រ​នៃ​ព្រះគ្រីស្ទ​ ត្រូវ​បាន​ស្ដារ​ឡើង​វិញមក​​លើ​ផែនដី សូមរក​​មើល​​លោក ហើយ​ស្វែងរក​មនុស្ស​ដែល​ស្រែក​​អយុត្តិធម៌ ។ ហេតុអ្វី​បាន​ជា​គេ​មិន​លើកលែង​ឲ្យ​លោក ?

ហេតុអ្វី ? ព្រោះ​លោក​ជា​សេចក្ដី​ពិត ហើយ​ជា​សេចក្ដី​ពិត​ដែល​តែងតែ​ត្រូវ​គេ​ប្រឆាំង ។

ភាព​ពោរពេញ​នៃ​វិវរណៈ

វិវរណៈ​ត្រូវ​បាន​ស្រោចស្រព​លើ យ៉ូសែប ស្ម៊ីធ បញ្ជាក់​ថា​លោក​ជា​ព្យាការី​នៃ​ព្រះ ។ ចូរ​យើង​មើល​ទៅ​វិវរណៈ​ទាំងនោះ​មួយ​ចំនួន — មើល​ទៅ​ពន្លឺ និង សេចក្ដី​ពិត​ដែល​ត្រូវ​បាន​បើក​សម្ដែង​តាម​រយៈ​លោក​ដែល​ឈរ​ឡើង​ ខុស​ប្លែក​ពី​ជំនឿ​ទូទៅ​នៅ​ជំនាន់​លោក និង ជំនាន់​យើង​នេះ ។

  • ព្រះ​គឺ​ជា​អង្គ​ដែល​មាន​ព្រះ​កាយ ជា​អង្គ​ដែល​ភាព​លើកតម្កើង ជា​ព្រះវរបិតា​ដ៏​អស់​កល្ប ។ ទ្រង់​ជា​បិតា​របស់​យើង​ទាំង​អស់​គ្នា ។

  • ព្រះ​ជា​ព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ​ មាន​តួ​អង្គ​ផ្សេង​គ្នា ។5

  • អ្នក​ពុំ​ត្រឹម​តែ​ជា​មនុស្ស​នោះ​ទេ ។ អ្នក​ជា​បុត្រ​របស់​ព្រះ​ ជា​ព្រះវរបិតា​ដ៏​អស់កល្ប ហើយ​អាច​ក្លាយ​ដូចជា​ទ្រង់6 បើ​អ្នក​មាន​សេចក្ដី​ជំនឿ​លើ​ព្រះ​រាជ​បុត្រា​ទ្រង់ ប្រែចិត្ត ទទួល​ពិធី​បរិសុទ្ធ​នានា ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង កាន់ខ្ជាប់​ដល់​ចុង​បំផុត ។7

  • សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​សព្វថ្ងៃ ​មាន​គ្រឹះ​ដូច​គ្នា​ទៅ​នឹង​សាសនាចក្រ​ដែល​ទ្រង់​រៀបចំ​ឡើង​កាល​ពី​បុរាណ ​ដែល​មាន​ចែង​ក្នុង​គម្ពីរ​បរិសុទ្ធ ​ដោយ​មាន​ព្យាការី និង សាវក បព្វជិតភាព​មិលគីស្សាដែក និង លេវី ​អែលឌើរ សង្ឃ​ជាន់​ខ្ពស់ ឌីកុន គ្រូ ប៊ីស្សព និង ពួក​ចិត​សិប​នាក់ ។

  • អំណាច​បព្វជិតភាព​ ត្រូវ​បាន​ដក​ចេញ​ពី​ផែនដី​ បន្ទាប់​ពី​ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ និង ពួក​សាវក​ទ្រង់ ហើយ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ក្នុង​ជំនាន់​យើង​នេះ ។

  • វិវរណៈ​ ពុំ​ឈប់​មាន ហើយ​ស្ថានសួគ៌​ពុំ​បាន​បិទ​ទ្វារ​ឡើយ ។ ព្រះ​មាន​ព្រះ​បន្ទូល​ដល់​ព្យាការី​សព្វថ្ងៃ ហើយ​ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​ទៅ​កាន់​អ្នក និង ខ្ញុំ​ផងដែរ ។8

  • មាន​ស្ថាន​ជា​ច្រើន​ទៀត ក្រៅ​ពី​ស្ថានសួគ៌ និង ស្ថាន​នរក ​បន្ទាប់​ពី​ជីវិត​នេះ ។ មាន​លំដាប់​ថ្នាក់​នៃ​សិរីល្អ ហើយ​វា​អាស្រ័យ​ទៅ​លើ​អ្វី ​ដែល​យើង​ធ្វើ​កាល​នៅ​មាន​ជីវិត ។9

  • ឲ្យ​កាន់តែ​ប្រសើរ​ជាង​ការមាន​ជំនឿ​ទៅ​លើ​ព្រះគ្រីស្ទ​ទៅ​ទៀត​នោះ យើង​គួរ​តែ « មើល​មក​ឯ [ ទ្រង់ ] ដោយ​នូវ​គ្រប់​ទាំង​គំនិត »10 « ធ្វើ​អ្វីៗ​ទាំង​អស់​ដែល [ យើង​ធ្វើ ] ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា »11 ហើយ « ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ … ប្រយោជន៍​ឲ្យ [ យើង ] អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង [ ពួកយើង ] ជា​ដរាប » ។12

  • ​មនុស្ស​យ៉ា​ងច្រើន​សន្ធឹក​ដែល​រស់នៅ ហើយ​ស្លាប់​ទៅ​ដោយ​ពុំ​បាន​ស្គាល់​ដំណឹង​ល្អ និង ទទួល​ពិធី​បរិសុទ្ធ​ចាំបាច់​សម្រាប់​ការសង្គ្រោះ​នោះ គឺ​ពុំ​វង្វេង​ឡើយ ។ ដោយសារ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ គេ « អាច​បាន​សង្គ្រោះ​ ដោយសារ​ការគោរព​តាម​ក្រិត្យវិន័យ និង ពិធីការ​ទាំងឡាយ​នៃ​ដំណឹង​ល្អ »13 ដែល​បាន​ធ្វើ​ដល់​ទាំង​អ្នក​នៅ​រស់ និង មរណជន ។14

  • អ្វី​ទាំងអស់​ ពុំ​ផ្ដើម​តែ​នៅ​ពេល​ចាប់​កំណើត​​នោះ​ទេ ។ ពីមុន​អ្នក​កើត អ្នក​បាន​រស់​ក្នុង​វត្តមាន​របស់​ព្រះ​ក្នុង​នាម​ជា​បុត្រា ឬ បុត្រី​របស់​ទ្រង់ ហើយ​បាន​ត្រៀម​ខ្លួន​មក​កើត​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។15

  • អាពាហ៍ពិពាហ៍ និង ក្រុម​គ្រួសារ​ពុំ​មែន​ជា​ចំណង​ស្នេហ៍​សម្រាប់​បុរស និង ស្ត្រី​ ​ត្រឹមតែ​ពេល​ស្លាប់​នោះ​ទេ ។ ពួកគេ​ត្រូវ​តែ​គង់វង្ស​នៅ​ដ៏​អស់កល្ប​ជានិច្ច​ តាម​រយៈ​សេចក្ដី​សញ្ញា​ដែល​បាន​ធ្វើ​ជាមួយ​ព្រះ ។ ក្រុម​គ្រួសារ ​គឺ​ជា​លំនាំ​នៅ​ឯ​ស្ថានសួគ៌ ។16

ហើយ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ភាព​ពោរពេញ​នៃ​វិររណៈ​ដែល​ស្រោចស្រព​លើ យ៉ូសែប ស្ម៊ីធ តែ​ប៉ុណ្ណោះ ។ តើ​អ្វី​ទាំង​នេះ​មក​ពី​ណា ដែល​ជា​វិវរណៈ​បំភ្លឺ​ដល់​ភាព​ងងឹត ភាព​ច្បាស់លាស់​ចំពោះ​ការសង្ស័យ ហើយ​ដែល​បាន​បំផុស​គំនិត ប្រទានពរ ហើយ​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​រីកចម្រើន​នោះ ? តើ​វា​ហាក់​ដូចជា​អ្វី​ដែល​លោក​គិត​ដោយ​ខ្លួន​ឯង ឬ លោក​មាន​ជំនួយ​ពី​ស្ថានសួគ៌ឬ ? តើ​ព្រះ​គម្ពីរ​ដែល​លោក​បាន​រៀបរៀង​ មើល​ទៅ​ដូច​ជា​ពាក្យពេចន៍​នៃ​មនុស្ស ឬ ជា​ព្រះ​បន្ទូល​របស់​ព្រះ ?

សេចក្តី​បញ្ចប់

គ្មានការ​ជំទាស់ចំពោះ​អ្វី​ដែល យ៉ូសែប ស្ម៊ីធ បានធ្វើ​​​សម្រេចនោះ​​ឡើយ ទាំង​អ្វី​ដែល​លោក​បាន​ធ្វើ និង ហេតុផល​ដែល​លោក​មាន ។ ពុំ​មាន​ជម្រើស​ច្រើន​ឡើយ ។ លោក​ជា​អ្នក​ដឹកនាំ ក៏​ជា​ព្យាការី​ដែរ ។ លោក​អាច​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​បាន ក៏​អាច​បាន​ជំនួយ​ពី​ស្ថានសួគ៌​ដែរ ។ សូម​មើល​ភស្ដុតាង តែមើល​អ្វីៗ​ទាំងអស់​​ដែល​កើត​ឡើង​ក្នុង​ជីវិត​លោក ​ពុំមែន​តែ​​ព្រឹត្តិការណ៍មួយណា​​​នោះ​ឡើយ ។ សំខាន់​ជាង​គេ​នោះ ត្រូវ​ធ្វើ​ដូច​យ៉ូសែប ហើយ « សូម​ដល់ … ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា​ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ [ អ្នក ] » ។17 នេះ​ពុំ​គ្រាន់​តែ​ជា​របៀប​ដែល​អ្នក​អាច​ស្គាល់​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​មរមន និង យ៉ូសែប ស៊្មីធ នោះ​ទេ វា​ក៏​ជា​របៀប​ស្គាល់​សេចក្ដី​ពិត​នៃ​ការណ៍​ទាំង​អស់ ។18

យ៉ូសែប ស៊្មីធ ជា​ព្យាការី​របស់​ព្រះ ដូច ថូម៉ាស អេស ម៉នសុន សព្វថ្ងៃ​ដែរ ។ តាម​រយៈ យ៉ូសែប ស៊្មីធ « កូនសោ​នគរ​ព្រះ​បាន​ផ្ទុក​ផ្ដាក់​ដល់​មនុស្ស​នៅ​លើ​ផែនដី ហើយ … ដំណឹង​ល្អ [ នឹង ] ត្រូវ​រមៀល​ចេញ​ទៅ … ដូចជា​ថ្ម​ដែល​ដាប់​ផ្ដាច់​ចេញ​ពី​ភ្នំ ឥត​ដៃ​ណា​ធ្វើ … រហូត​ដល់​បាន​ពេញ​ផែនដី​ទាំងមូល » ។19

ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច ហើយ​ព្រះយេស៊ូវ ​គឺ​ជា​ព្រះគ្រីស្ទ ។ យើង​ថ្វាយ​បង្គំ​ទ្រង់​ទាំង​ទ្វេ ។ គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​នឹង​ការបង្កបង្កើត​នៃ​ទ្រង់​បាន​ឡើយ ​ដែល​ជា​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង ពលិកម្ម​ធួន​នៃ​កូន​ចៀម​នៃ​ព្រះ ។ ក្នុង​ជំនាន់​នេះ យើង​បំពេញ​ផែនការ​នៃ​ព្រះវរបិតា ហើយ​ទទួលទាន​ផលផ្លែ​នៃ​ដង្វាយធួន និង មាន​តែ​តាម​ការគោរព​ប្រតិបត្តិ​តាម​ក្រិត្យ​វិន័យ និង ពិធី​បរិសុទ្ធ​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ប៉ុណ្ណោះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ទ្រង់​ទាំង​ទ្វេ — ថា​ព្រះ ជា​ព្រះ​បិតា​អស់កល្ប និង ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ ខ្ញុំ​សូម​ធ្វើ​កិច្ចការ​នេះ​ក្នុង​ព្រះ​នាម​នៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។