ឆ្នាំ ២០១០-២០១៩
ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ
ខែ មេសា 2014


15:42

ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ

ព្រះយេស៊ូវ​នៃ​ណាសារ៉ែត គឺ​ជា​ព្រះ​ប្រោសលោះ​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​អ្វី​គ្រប់​យ៉ាង​ដែល​ជា​លទ្ធផល​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់។

អារម្មណ៍​ខ្ទេចខ្ទាំ​នៃ​ការបរាជ័យ និង អស់​សង្ឃឹម​បាន​ហ៊ុមព័ទ្ធ​ពួក​សិស្ស​ទ្រង់ កាល​ទ្រង់​បាន​ឈឺ​ចាប់ ហើយ​សុគត​លើ​ឈើ​ឆ្កាង ហើយ​ព្រះ​សព​ទ្រង់​ ត្រូវ​បាន​តម្កល់​ដោយ​អស់​វិញ្ញាណ​នៅ​ក្នុង​ព្រះ​ផ្នូរ ។ ទោះ​ជា​ទ្រង់​បាន​រំឭក​ម្ដង​ហើយ​ម្ដង​ទៀត​ពី​ការសុគត​របស់​ទ្រង់ និង ដំណើរ​រស់​ឡើង​ម្ដង​ទៀត​យ៉ាង​ណា​ក្ដី ក៏​ពួកគេ​ពុំ​យល់​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពី​រសៀល​ដ៏​ខ្មៅ​ងងឹត​នៃ​ការឆ្កាង​ទ្រង់​នោះ មាន​ព្រលឹម​ដ៏​ស្រស់​បំព្រង​នៃ​ដំណើរ​រស់​ឡើង​វិញ ​បាន​លេច​ឡើង ។ ប៉ុន្តែ សេចក្ដី​អំណរ​នោះ​កើត​ឡើង​តែ​ពេល​ពួក​សិស្ស​បាន​ឃើញ​នឹង​ភ្នែក​ពី​ដំណើរ​រស់​ឡើង​វិញ​នោះ​ប៉ុណ្ណោះ ដ្បិត ទោះ​ជា​ទេវតា​ប្រកាស​ថា​ទ្រង់​បាន​រស់​ឡើង​វិញ​ហើយ​យ៉ាង​ណា​ក្ដី — ក៏​វា​ជា​រឿង​ដែល​គិត​ស្មាន​មិន​ដល់ដែរ ។

ម៉ារា ម៉ាក់ដាឡា និង ស្ត្រី​ស្មោះត្រង់​ពីរ​បី​នាក់​ បាន​មក​ឯ​ព្រះ​ផ្នូរ​ព្រះអង្គ​សង្គ្រោះ​នៅ​ព្រលឹម​ថ្ងៃ​អាទិត្យ ដោយ​នាំ​យក​គ្រឿង​ក្រអូប និង ក្រមួន ដើម្បី​បញ្ចប់​ពិធី​លាប​ប្រេង​តាំង ចាប់តាំង​ពី​ព្រះ​សព​ព្រះអម្ចាស់​ត្រូវ​បាន​តម្កល់​ក្នុង​ព្រះ​ផ្នូរ​ ឲ្យ​បាន​រួសរាន់​ពី​មុន​ថ្ងៃ​ឈប់​សម្រាក ។ នៅ​ព្រលឹម​ដ៏​ស្រស់​បំព្រង​ជាង​ព្រលឹម​​ណាៗ​ទាំង​អស់ ពួកគេ​បាន​ឃើញ​ព្រះ​ផ្នូរ​បើក​ចំហរ ថ្ម​ដែល​ដាក់​បាំង​ព្រះ​ផ្នូរ ​ត្រូវ​គេ​ប្រមៀល​ចេញ ហើយ​មាន​ទេវតា​ពីរ​អង្គ​ប្រកាស​ថា ៖

« ហេតុអ្វី​បាន​ជា​មក​រកព្រះ​អង្គ​ដែល​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ ?

« ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ មិន​គង់​នៅ​ទី​នេះ​ទេ ចូរ​នឹក​ចាំ​ព្រះ​បន្ទូល​ដែល​ទ្រង់​មាន​បន្ទូល​នឹង​អ្នក​រាល់គ្នា​ក្នុង​កាល​ដែល​នៅ​ស្រុក​កាលីឡេ​នៅ​ឡើយ

« ថា​កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​មនុស្ស​មាន​បាប​ឲ្យ​គេ​ឆ្កាង ហើយ​បី​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ » ។1

« ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ ។

« រួច​ទៅ​ឲ្យ​ឆាប់​ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់​ថា ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ » ។2

ដូច​ទេវតា​មាន​បន្ទូល​ប្រាប់ ម៉ារា ម៉ាក់ដាឡា បាន​ចូល​មើល​ក្នុង​ព្រះ​ផ្នូរ ប៉ុន្តែ អ្វី​ដែល​នាង​បាន​ឃើញ​នោះ​គឺ​ថា ព្រះ​សព​ព្រះ​អម្ចាស់​បាន​បាត់​ពី​ទី​នោះហើយ ។ នាង​ក៏​រួសរាន់​ទៅ​ប្រាប់​ពួក​សិស្ស ហើយ​ប្រទះ​នឹង​ពេត្រុស និង យ៉ូហាន ក៏​បាន​ប្រាប់​គេ​ថា « គេ​បាន​យក​ព្រះ​អម្ចាស់​ចេញ​ពី​ផ្នូរ​ហើយ យើង​ខ្ញុំ​មិន​ដឹង​ជា​គេ​យក​ទៅ​ទុក​ឯ​ណា​ទេ » ។3 ពេត្រុស និង យ៉ូហាន បាន​រត់​ទៅ​ឯ​ព្រះ​ផ្នូរ ដើម្បី​មើល​ឲ្យ​ច្បាស់​ថា​ផ្នូរនៅ​ទទេ នោះ​ក៏​បាន​ឃើញថា « សំពត់​ស្នប … និង កន្សែង​ដែល​គ្រប​ព្រះ​សិរ​ទ្រង់ … បត់​ដាក់​នៅ​ទី​កន្លែង​ដោយ​ខ្លួន​វិញ » ។4 យ៉ូហាន គឺ​ជា​មនុស្ស​ម្នាក់​ដែល​យល់​ពី​សេចក្ដី​ច្បាស់​នៃ​ដំណើរ​រស់​ឡើង​វិញ​នេះ ។ លោក​បាន​ចែង​ថា « លោក​ឃើញ​ដូច្នោះ​ដែរ រួច​ក៏​ជឿ » ចំណែក​អ្នក​ដទៃ​វិញ « មិន​ទាន់​យល់​បទគម្ពីរ​នៅ​ឡើយ​ ដែល​ថា [ ព្រះយេស៊ូវ ] ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ » ។5

ពេត្រុស និង យ៉ូហាន បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ឯ​ម៉ារា ​នាង​នៅ​តែ​ឈរ​យំ​ពី​ខាង​ក្រៅ​ផ្នូរ ។ គ្រា​នោះ​ទេវតា​បាន​យាង​ត្រឡប់​មក ហើយ​បាន​សួរ​នាង​ដោយ​ស្រទន់​ថា « នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ ? នាង​ឆ្លើយ​ថា ពី​ព្រោះ​គេ​បាន​យក​ព្រះអម្ចាស់​ខ្ញុំ​ទៅ​បាត់ ហើយ​ខ្ញុំ​មិន​ដឹង​ជា​គេ​ទុក​ទ្រង់​នៅ​ឯ​ណា​ទេ » ។6 ខណៈ​នោះ​ព្រះ​សង្គ្រោះ​ ដែល​បាន​រស់​ឡើង​វិញ​ កំពុង​ប្រថាប់​ពី​ក្រោយ​នាង​​បាន​មាន​បន្ទូល​ថា « នាង​អើយ ហេតុអ្វី​បាន​ជា​យំ ? នាង​រក​អ្នក​ណា ? ឯ​នាង​ក៏​ស្មាន​ថា​ ជា​អ្នក​ថែ​ច្បារ ទើប​និយាយ​ទៅ​ថា លោក​នាយ​អើយ បើ​លោក​បាន​យក​ព្រះ​សព​ចេញ​ទៅ​ឯ​ណា នោះ​សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​កន្លែង​ដែល​បាន​ទុក​ផង ខ្ញុំ​នឹង​ទៅ​នាំ​យក​ទៅ » ។7

អែលឌើរ ជេម អ៊ី ថាល់មេហ្គ បាន​ចែង​ថា ៖ « អ្នក​ដែល​នាង​ជជែក​ជាមួយ​នោះ​គឺ​ជា ព្រះយេស៊ូវ ជា​ព្រះ​អម្ចាស់​ដែល​នាង​ស្រឡាញ់ ទោះ​ជា​នាង​ពុំ​ស្គាល់​ក៏​ដោយ ។ ព្រះ​បន្ទូល​មួយ​ម៉ាត់​ចេញ​ពី​ព្រះ​ឱស្ឋ​រស់​របស់​ទ្រង់ បាន​ប្ដូរ​ទុក្ខ​ព្រួយ​ដ៏​ឈឺ​ចាប់​របស់​នាង ​ទៅ​ជា​សេចក្ដី​អំណរ​ដ៏​រីករាយ ។ ‹ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា ម៉ារា​អើយ › ។ ព្រះ​សូរសៀង សំនៀង សូរ​ដ៏​ស្រទន់​ដែល​នាង​ធ្លាប់​ឮ ហើយ​ស្រឡាញ់​កាល​ពី​មុន​នោះ បាន​ធ្វើ​ឲ្យ​នាង​មាន​សង្ឃឹម​ឡើង​វិញ ។ នាង​បាន​ងាក​ក្រោយ ហើយ​ឃើញ​ព្រះ​អម្ចាស់ ។ ដោយ​សេចក្ដី​អំណរ នាង​បាន​ឈោង​ទៅ​ឱប​ទ្រង់ ដោយ​បន្លឺ​ពាក្យ​រំជួល​ចិត្ត និង ដោយ​គោរព​ថា ‹ Rabboni › ប្រែ​ថា ព្រះអម្ចាស់​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ » ។8

ដូច្នេះ​ហើយ ស្ត្រី​ដ៏​មាន​ពរ​រូប​នេះ ​ជា​មនុស្ស​ខាង​សាច់​ឈាម​ទី​មួយ ដែល​បាន​ឃើញ ហើយ​បាន​និយាយ​ជាមួយ​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ។ ក្រោយ​មក​ នៅថ្ងៃ​ដដែល​នោះ ទ្រង់​បង្ហាញ​ព្រះកាយ​ដល់​ពេត្រុស​ក្នុង ឬ ក្បែរ​ក្រុង​យេរ៉ូសាឡិម9 និង​ដល់​ពួក​សិស្ស​ពីរ​នាក់​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេម៉ោស10 ហើយ​ពេល​ល្ងាចទ្រង់​បង្ហាញ​ព្រះកាយ​​​​ក្នុង​ចំណោម​ពួក​សិស្ស​ទាំង 10 នាក់ និង អ្នក​ឯ​ទៀត រួច​មាន​ព្រះ​បន្ទូល​ថា « ចូរ​មើល​មក​ដៃ និង ជើង​ខ្ញុំ​ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់ និង ឆ្អឹង​ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ » ។11 រួច​ដើម្បី​ធ្វើ​ឲ្យ​គេ​ជឿ « កាល​គេ​មិន​ទាន់​ជឿ​នៅ​ឡើយ ដោយ​ព្រោះ​មាន​សេចក្ដី​អំណរ និង សេចក្ដី​អស្ចារ្យ »12 នោះ​ទ្រង់​សោយ​ត្រី​អាំង និង សំណុំ​ឃ្មុំ​នៅ​មុខ​គេ ។13 រួច​ទ្រង់​មាន​បន្ទូល​ថា « អ្នក​នឹង​ធ្វើ​ជា​ទីបន្ទាល់​ពី​ខ្ញុំ​នៅ​ក្រុង​យេរ៉ូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង » ។14

បន្ថែម​ពី​លើ​អ្នក​ដែល​បាន​ឃើញ​ទ្រង់​នៅ​ក្រុង​យេរ៉ូសាឡិម មាន​ការបម្រើ​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដល់​ប្រជាជន​រស់​នៅ​អឌ្ឈគោល​ខាង​លិច ។ នៅ​ឯ​ដែនដី​បរិបូរ ទ្រង់​យាង​ចុះ​ពី​ស្ថានសួគ៌ ហើយ​បាន​ឲ្យ​ពួក​បណ្ដាជន​ប្រមាណ 2,500 នាក់ ដើរ​ទៅ​មុខ​ម្ដង​ម្នាក់ៗ​ដរាប​គ្រប់​គ្នា ហើយ​លូក​ដៃ​មក​ឯ​ចំហៀង​ព្រះ​អង្គ ហើយ​ស្ទាប​ស្នាម​ដែកគោល​នៅ​ត្រង់​ព្រះហស្ដ និង ព្រះ​បាទា​របស់​ព្រះអង្គ ។15

« ហើយ​កាល​គេ​ទាំង​អស់​គ្នា​បាន​ដើរ​ទៅ​មុខ​អស់​ហើយ និង បាន​ឃើញ​ច្បាស់​ដោយ​ខ្លួន​គេ​ផ្ទាល់ នោះ​ពួកគេ​ក៏​បន្លឺ​សំឡេង​ព្រម​គ្នា​ថា ៖

« ហូសាណា ! សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ ! ហើយ​ពួកគេ​បាន​ក្រាប​ចុះ​នៅ​ទាប​ព្រះ​បាទា​នៃ​ព្រះយេស៊ូវ ហើយ​បាន​ថ្វាយ​បង្គំ​ព្រះ​អង្គ » ។16

ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ​បង្ហាញ​ថា ព្រះ​ជន្ម​ទ្រង់ ​គឺ​ឯករាជ្យ និង គ្មាន​ទី​បំផុត ។ « ពីព្រោះ​ដែល​ព្រះវរ​បិតា​មាន​ជីវិត​ក្នុង​ព្រះអង្គ​ទ្រង់​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​ប្រទាន​ឲ្យ​ព្រះ​រាជ​បុត្រា​មាន​ជីវិត​ក្នុង​ព្រះ​អង្គ​ទ្រង់​យ៉ាង​នោះ​ដែរ » ។17 ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា ៖

« ហេតុ​នោះ​បាន​ជា​ព្រះ​វរបិតា​ទ្រង់​ស្រឡាញ់​ខ្ញុំ ពីព្រោះ​ខ្ញុំ​ដាក់​ជីវិត​ខ្ញុំ​ចុះ ដើម្បី​ឲ្យ​បាន​យក​មក​វិញ ។

« គ្មាន​អ្នក​ណា​ដក​យក​ជីវិត​ពី​ខ្ញុំ​បាន​ទេ គឺ​ខ្ញុំ​ដាក់​ជីវិត​ចុះ​ដោយ​ខ្លួន​ខ្ញុំ ។ ខ្ញុំ​អាច​នឹង​ដាក់​ជីវិត​នេះ​ចុះ ហើយ​ក៏​អាច​នឹង​យក​មក​វិញ​បាន​ដែរ » ។18

ព្រះអង្គ​សង្គ្រោះ​ ពុំពឹង​ផ្អែក​លើ​អាហារ ឬ ទឹក ឬ ឧស្ម័ន​អុកស៊ីសែន ឬ សារធាតុ​ណា​ផ្សេង​ទៀត អំណាច ឬ ជន​ណា​ម្នាក់​ដើម្បី​ទ្រទ្រង់​ព្រះ​ជន្ម​ឡើយ ។ ទ្រង់​ជា​ព្រះ​ដ៏​មហិមា ​ទាំង​ជា​ព្រះយេហូវ៉ា និង ព្រះមែស៊ី ជា​ព្រះ​ដ៏​ជា​ព្រះ ។19 ទ្រង់​ពិត​ជា​ព្រះ ហើយ​នឹង​នៅ​ជា​ព្រះ​ជា​និរន្តរ៍ ។

តាម​រយៈ​ដង្វាយធួន និង ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ បាន​យក​ឈ្នះ​លើ​គ្រប់​ទិដ្ឋភាព​នៃ​ការធ្លាក់ ។ សេចក្តី​ស្លាប់​ខាង​សាច់​ឈាម នឹង​ជា​រឿង​បណ្ដោះ​អាសន្ន ប៉ុន្តែ សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ មាន​ទី​បញ្ចប់ មនុស្ស​គ្រប់​គ្នា​នឹង​ត្រឡប់​ទៅ​វត្តមាន​នៃ​ព្រះ​រយៈ​ពេល​ខ្លី​ ដើម្បី​បាន​ជំនុំជម្រះ ។ យើង​មាន​ការជឿជាក់ និង ទំនុក​ចិត្ត​ខ្លាំង​លើ​ព្រះ​ចេស្ដា​ទ្រង់​ ដើម្បី​យក​ឈ្នះ​លើ​រឿង​ផ្សេង​ទៀត ហើយ​ផ្ដល់​ឲ្យ​នូវ​ជីវិត​អស់​កល្ប ។

« ដ្បិត​ដែល​បាន​សេចក្ដី​ស្លាប់​មក​ដោយសារ​មនុស្ស នោះ​សេចក្ដី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ​ក៏​មក​ដោយសារ​មនុស្ស​ដែរ ។

« ព្រោះ​ដូចជា​គ្រប់​មនុស្ស​ទាំងអស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » ។20

ប្រសាសន៍​របស់ អែលឌើរ នែល អេ ម៉ាក់ស្វែល ថ្លែង​ថា ៖ « ជ័យជំនះ​របស់​ព្រះ​គ្រីស្ទ​លើ​សេចក្ដី​ស្លាប់​បាន​បញ្ចប់​ស្ថានភាព​លំបាក​របស់​មនុស្ស​លោក ។ ឥឡូវ​មាន​តែ​ស្ថានភាព​លំបាក​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ ហើយ​ពី​ស្ថានភាព​លំបាក​ទាំង​ពីរ​នេះ យើង​អាច​បាន​សង្គ្រោះ​ តាម​រយៈ​ការធ្វើតាម​ការបង្រៀន​របស់​ទ្រង់​ដែល​បាន​សង្គ្រោះ​យើង​ពី​ការវិនាស​ទូទៅ ។21

ដោយ​បាន​សម​តាម​បំណង​នៃ​តម្រូវការ​ខាង​សេចក្ដី​យុត្តិធម៌ ពេល​នេះ​ព្រះគ្រីស្ទ​ទ្រង់​គង់​នៅ​ទី​ដែល​យុត្តិធម៌ ឬ យើង​អាច​និយាយ​បាន​ថា ទ្រង់​ជា​សេចក្ដី​យុត្តិធម៌ គឺ​ដូច​ទ្រង់​នេះ​ហើយ​ជា​ក្ដី​ស្រឡាញ់ ។22 មិន​តែ​ប៉ុណ្ណោះ ទ្រង់​មិន​ត្រឹម​តែ​ជា​ព្រះ​ដ៏​គ្រប់​លក្ខណ៍​នោះ​ទេ ទ្រង់ក៏​ជា​ព្រះ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ករុណាដែរ ។23 ដូច្នេះ ព្រះ​ធ្វើ​ឲ្យ​គ្រប់​យ៉ាង​ត្រឹមត្រូវ ។ គ្មាន​ភាព​អយុត្តិធម៌​ក្នុង​ជីវិត​រមែង​ស្លាប់ ​ដែល​នៅ​គង់វង្ស សូម្បី​តែ​សេចក្ដី​ស្លាប់​ក៏​មិន​គង់វង្ស​ដែរ ដ្បិត​ទ្រង់​ប្រោស​ជីវិត​ឲ្យ​រស់​ឡើង​វិញ ។ គ្មាន​ការខូចខាត អសមត្ថភាព ភាពក្បត់ ឬ ការរំលោភ​បំពាន​ណា​ដែល​កើត​មាន​ដោយ​គ្មាន​ការទូទាត់​នៅ​ទីបំផុត​ឡើយ គឺ​ព្រោះ​តែ​សេចក្ដី​យុត្តិធម៌ និង សេចក្ដី​ករុណា​ទ្រង់ ។

ស្រដៀង​គ្នា​នឹង​នេះ​ដែរ យើង​មាន​ទំនួល​ខុស​ត្រូវ​ដល់​ទ្រង់​ចំពោះ​ជីវិត ជម្រើស និង ទង្វើ ហើយ​សូម្បី​តែ​គំនិត​របស់​យើង​ដែរ ។ ដោយហេតុ​តែ​ទ្រង់​បាន​ប្រោសលោះ​យើង​ពី​ការធ្លាក់ នោះ​ជីវិត​យើង​គឺ​នៅ​ក្នុង​ទ្រង់ ។ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖

« មើល​ចុះ យើង​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា​នូវ​ដំណឹង​ល្អ​របស់​យើង ហើយ​នេះ​គឺ​ជា​ដំណឹង​ល្អ​ដែល​យើង​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា — គឺ​យើង​បាន​មក​ឯ​លោកិយ​នេះ​ ដើម្បី​ធ្វើតាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​របស់​យើង ពីព្រោះ​ព្រះ​វរបិតា​របស់​យើង​ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក ។

« ហើយ​ព្រះវរបិតា​យើង​ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក​ដើម្បី​ឲ្យ​យើង​អាច​ត្រូវ​បាន​លើក​ឡើង​លើ​ឈើ​ឆ្កាង ហើយ​បន្ទាប់​ពី​យើង​ត្រូវ​បាន​លើក​ឡើង​លើ​ឈើ​ឆ្កាង គឺ​ប្រយោជន៍​ឲ្យ​យើង​អាច​ទាញ​នាំ​គ្រប់​មនុស្ស​ទាំង​អស់​ឲ្យ​មក​រក​យើង ហើយ​ដូច​ជា​យើង​ត្រូវ​បាន​លើក​ឡើង​លើ​ឈើ​ឆ្កាង​ដោយ​មនុស្ស​លោក​យ៉ាង​ណា នោះ​មនុស្ស​លោក​ក៏​នឹង​ត្រូវ​បាន​លើក​ឡើង​ដោយ​ព្រះ​វរបិតា​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​ឈរ​ចំពោះ​យើង​ដើម្បី​ទទួល​ការជំនុំ​ជម្រះ​ស្រប​តាម​កិច្ចការ​ទាំងឡាយ​របស់​ខ្លួន » ។24

សូម​គិត​បន្តិច​ពី​អត្តន័យ​ពិត​នៃ​ដំណើរ​រស់​ឡើង​វិញ ​ក្នុង​ការដោះស្រាយ​នៅ​ទី​បញ្ចប់​ពី​អត្តសញ្ញាណ​ពិត​របស់​ព្រះយេស៊ូវ​នៃ​ណាសារ៉ែត និង ការប្រឆាំង​ខាង​ចិត្ត​វិទ្យា និង សំណួរ​នៃ​ជីវិត ។ បើ ព្រះយេស៊ូវ ពិត​ជា​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន វា​ចាំបាច់​ត្រូវ​ជឿ​ថា​ ទ្រង់​ជា​សភាវៈ​អាទិទេព ។ គ្មាន​មតភាព​ល្អ​ណា​ទៀត ​មាន​អំណាច​លើ​ទ្រង់​ផ្ទាល់​ឲ្យ​បាន​មាន​ព្រះ​ជន្ម​ម្ដង​ទៀត ​ក្រោយពី​អស់​ព្រះ​ជន្មនោះ​ឡើយ ។ ដោយសារ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះយេស៊ូវ ពុំ​មែន​គ្រាន់តែ​ជា​ជាងឈើ គ្រូ​បង្រៀន អ្នក​ច្បាប់ ឬ ព្យាការី​ឡើយ ។ ដោយសារ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះយេស៊ូវ គឺ​ជា​ព្រះ ជា​ព្រះ​រាជបុត្រា​បង្កើត​តែ​មួយ​របស់​ព្រះ​វរបិតា ។

ហេតុដូច្នេះហើយ អ្វី​ដែល​ទ្រង់​បង្រៀន​គឺ​ពិត ព្រះ​ពុំ​កុហក​ឡើយ ។25

ហេតុដូច្នេះហើយ ទ្រង់​ជា​ព្រះ​បង្កបង្កើត​ផែនដី ដូច​ទ្រង់​មាន​បន្ទូល​ហើយ ។26

ហេតុដូច្នេះ​ហើយ ស្ថានសួគ៌ និង ស្ថាននរក​មាន​ពិត​មែន ដូច​ទ្រង់​ត្រាស់​បង្រៀន​ហើយ ។27

ហេតុដូច្នេះហើយ មាន​ពិភព​វិញ្ញាណ​ដែល​ទ្រង់​បាន​យាង​ទៅ​បន្ទាប់​ពី​ការសុគត ។28

ហេតុដូច្នេះហើយ ទ្រង់​នឹង​យាង​មក​ម្ដង​ទៀត​ដូច​ដែល​ទេវតា​បាន​មាន​បន្ទូល29 ហើយ « សោយរាជ្យ​នៅ​លើ​ផែនដី​ផ្ទាល់ » ។30

ហេតុដូច្នេះហើយ មាន​ដំណើរ​រស់​ឡើង​វិញ និង ការជំនុំ​ជម្រះ​ចុងក្រោយ​ដល់​មនុស្ស​ទាំង​ពួង ។​31

ព្រោះ​តែ​ភាព​ពិត​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ នោះ​ការសង្ស័យ​ពី​មហិទ្ធិឫទ្ធិ ការត្រាស់ដឹង និង ព្រះទ័យ​មេត្តា​របស់​ព្រះ​ ជា​ព្រះ​វរបិតា — ដែល​បាន​ប្រទាន​បុត្រា​បង្កើត​តែ​មួយ​ឲ្យ​មក​ប្រោស​លោះ​ពិភពលោក​នោះ — គឺ​មិន​អាច​កើត​មាន​ឡើយ ។ មន្ទិល​អំពី​អត្ថន័យ និង គោលបំណង​នៃ​ជីវិត ត្រូវ​​បាន​បើក​សម្តែង ។ ព្រះយេស៊ូវគ្រីស្ទ ពិត​ជា​ព្រះ​នាម ឬ មាគ៌ា​តែ​មួយ​គត់ ​ដែល​មនុស្ស​លោក​អាច​បាន​សង្គ្រោះ ។ សេចក្ដី​មេត្តា​របស់​ព្រះគ្រីស្ទ​ មាន​ពិត​មែន ទាំង​ការអភ័យទោស និង ការសម្អាត​ដល់​អ្នក​មាន​បាប ដែល​ប្រែចិត្ត ។ សេចក្ដី​ជំនឿ​ពិត​ជា​មាន​ន័យ​ជ្រៅ​ជាង​ការស្រម៉ៃ ឬ ការបង្កើត​របស់​ចិត្ត​វិទ្យា​ទៅ​ទៀត ។ មាន​សេចក្ដី​ពិត​ដ៏​មិន​ចេះ​ចប់ និង ជា​សាកល ហើយ​មាន​បទដ្ឋាន​សីលធម៌​ដែល​មិន​លំអៀង ហើយ​មិន​ផ្លាស់ប្ដូរ​ដូច​ទ្រង់​បាន​បង្រៀន ។

ដោយសារ​តែ​មាន​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ នោះ​ការប្រែចិត្ត​ពី​ការល្មើស​ច្បាប់ និង បញ្ញត្តិ​ទ្រង់ គឺ​ជា​រឿង​ដែល​ត្រូវតែ​មាន ហើយ​ត្រូវ​ធ្វើ​ជា​បន្ទាន់ ។ អព្ភូតហេតុ​ព្រះអង្គ​សង្គ្រោះ​ មាន​ពិត​មែន គឺ​ដូច​ទ្រង់​បាន​សន្យា​ដល់​ពួក​សិស្ស​ថា គេ​អាច​នឹង​ធ្វើ​ការ​ដែល​ទ្រង់​ធ្វើ ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​ការ​ទាំង​នោះ​ទៅ​ទៀត ។32 បព្វជិតភាព​ទ្រង់ ​ចាំបាច់​ជា​អំណាច​ពិត​ដែល « ចាត់ចែង​ដំណឹងល្អ ហើយ​កាន់​កូនសោ​នៃ​សេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​នៃ​នគរ គឺ​ជា​កូន​សោ​នៃ​វិជ្ជា​ពី​ព្រះ ។ ហេតុដូច្នេះហើយ នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ នោះ​អំណាច​នៃ​ព្រះ​ ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ » ។33 ព្រោះ​តែ​ភាព​ពិត​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ សេចក្ដី​ស្លាប់​ពុំ​មែន​ជា​ទីបញ្ចប់​យើង​ឡើយ ហើយ​ទោះ « សំបក​កាយ​នេះ ​រលាយ​ទៅ គឺ​ក្រៅ​ពី [ រាងកាយ ] នោះ [ យើង ] នឹង​បាន​ឃើញ​ព្រះ » ។34

ប្រធាន ថូម៉ាស អេស ម៉នសុន តំណាល​ពី​បុរស​ម្នាក់​ឈ្មោះ រ៉ូប៊ើត ប្លាចហ្វដ បាន​រស់​នៅ​កាល​ពី 100 ឆ្នាំ​មុន​ថា « នៅ​ក្នុង​សៀវភៅ​គាត់ God and My Neighborបាន​សរសេរ​វាយ​ប្រហារ​ពេញ​ទំហឹង​លើ​ជំនឿ​ពួក​គ្រីស្ទាន​ មាន​ដូចជា ព្រះ ព្រះគ្រីស្ទ ការអធិស្ឋាន និង អមតៈភាព ។ គាត់​ប្រកាស​ដោយ​ម៉ឺងម៉ាត់​ថា ‹ ខ្ញុំ​សូម​ប្រកាស​បង្ហាញ​អ្វី​គ្រប់​យ៉ាង​ ដែល​ខ្ញុំ​ចង់​បញ្ជាក់​ជា​ដាច់ខាត​ថា យ៉ាង​ណា​ក៏​ដោយ គ្មាន​ពួក​គ្រីស្ទាន​ណា​ មាន​ភាពឆ្លាតវៃ ហើយ​អាច​ជំទាស់​នឹង​សេចក្ដី​សំអាង​របស់​ខ្ញុំ ឬ បន្តុះបង្អាប់​គោលគំនិត​ខ្ញុំ​បាន​ឡើយ › ។ គាត់​ពុំ​ទទួល​យក​មតិ​របស់​មនុស្ស​ដទៃ​ឡើយ ។ ក្រោយ​មក​រឿងដ៏​ភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង ។ គាត់​ចាប់​ផ្ដើម​ស្ដាប់​មតិ​មនុស្ស​ដទៃ … គាត់​ចាប់ផ្ដើម​គិត​បន្តិច​ម្ដងៗអំ​ពី​ជំនឿ ​ដែល​គាត់​ធ្លាប់​ប្រមាថ ហើយ​ចំអក ។ តើ​អ្វី​បណ្ដាល​ឲ្យ​ទស្សនៈ​គាត់​ផ្លាស់ប្ដូរ​ដូច្នោះ ? ភរិយា​គាត់ [ បាន ] ចែកឋាន​ទៅ ។ គាត់​បាន​ចូល​ទៅ​ក្នុង​បន្ទប់​តម្កល់​សាកសព​ទាំង​ខូច​ចិត្ត ។ គាត់​សម្លឹង​មើល​មុខ​ភរិយា​ជា​ទី​ស្រឡាញ់​របស់​គាត់​ម្ដង​ទៀត ។ ពេល​ចេញ​មក​វិញ គាត់​បាន​ពោល​ទៅ​កាន់​មិត្ត​ម្នាក់​ថា ៖ ‹ នោះ​ គឺ​ជា​នាង ហើយ​ឥឡូវ នោះ​មិនមែន​ជា​នាង​ទៀត​ឡើយ ។ អ្វី​គ្រប់​យ៉ាង ​បាន​ផ្លាស់ប្ដូរ​ហើយ ។ អ្វី​ដែល​ធ្លាប់​មាន​ពីមុន ​ត្រូវ​បាន​យក​ទៅ​បាត់​ហើយ ។ នាង​មិន​ដូច​ពី​មុន​ទេ ។ តើ​អាច​ស្លាប់​ដូចម្ដេច​បាន បើ​វា​មិនមែន​ជា​ព្រលឹង​នោះ › » ?35

តើ​ព្រះអម្ចាស់​ពិត​ជា​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន​ឬ ? មែនហើយ ។ « គោលការណ៍​គ្រឹះ​នៃ​សាសនា​របស់​យើង គឺ​ជា​ទីបន្ទាល់​របស់​ពួក​សាវក និង ព្យាការី​អំពី ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​សុគត បញ្ចុះ ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ហើយ​បាន​យាង​ទៅ​ឯ​ស្ថានសួគ៌ ហើយ​អ្វី​ផ្សេងៗ​ទៀត​មាន​ក្នុង​សាសនា​យើង​នោះ​ គឺ​គ្រាន់​តែ​ជា​សេចក្តី​បន្ថែម​ប៉ុណ្ណោះ » ។36

ពេល​ព្រះ​រាជ​កំណើត​ព្រះយេស៊ូវ​ ដែល​បាន​ព្យាករ​ទុក​ជិត​មក​ដល់ មាន​មនុស្ស​ក្នុង​បណ្ដា​សាសន៍​នីហ្វៃ និង សាសន៍​លេមិន​បាន​ជឿ ទោះ​ជា​មាន​ការមន្ទិល​ច្រើន​យ៉ាង​ណា​ក្ដី ។ កាល​វេលា​បាន​មក​ដល់ ទីសម្គាល់​នៃ​ព្រះ​រាជ​កំណើត​របស់ទ្រង់​បាន​លេច​ឡើង — គឺ​មួយ​ថ្ងៃ និង មួយ​យប់ និង មួយ​ថ្ងៃ​ពុំ​ងងឹត​ឡើយ — ហើយ​មនុស្ស​គ្រប់​គ្នា​បាន​ដឹង ។37 ស្ថានភាព​សព្វ​ថ្ងៃ​ គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា មនុស្ស​ខ្លះ​ជឿ​លើ​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ ហើយ​មនុស្ស​ច្រើន​សង្ស័យ ឬ មិន​ជឿ ។ ប៉ុន្តែ មនុស្ស​ខ្លះ​ដឹង ។ កាល​វេលា​មក​ដល់ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ជា​ប្រាកដ​ថា « គ្រប់​ជង្គង់​នឹង​លុត​ចុះ ហើយ​គ្រប់​អណ្ដាត​នឹង​ទទួល​ថ្លែង​ប្រាប់​នៅ​ចំពោះ​ទ្រង់ » ។38

ដល់​ពេល​នោះ ខ្ញុំ​ជឿ​ថា​សាក្សី​ជា​ច្រើន ដែល​បាន​ឃើញ​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​ ដែល​បាន​មាន​បទពិសោធន៍ និង ទីបន្ទាល់​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី — ដូចជា​ពេត្រុស និង ដៃគូ​សាវក​ទាំងឡាយ និង ម៉ារា ម៉ាក់ដាឡា​ដ៏​បរិសុទ្ធ​ជា​ទីស្រឡាញ់ ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ចំណោម​មនុស្ស ។ ខ្ញុំ​ជឿ​លើ​ទីបន្ទាល់​នានា ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​មរមន — ពី​នីហ្វៃ​ដែល​ជា​សាវក នៅ​ជាមួយ​ហ្វូង​មនុស្ស​ដែល​ពុំ​ស្គាល់​ក្នុង​ដែនដី​បរិបូរ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន ។ ហើយ​ខ្ញុំ​ជឿ​ថា​ទីបន្ទាល់​របស់ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ដែល​បាន​ប្រកាស​ពី​សាក្សី​អស្ចារ្យ​ បន្ទាប់​ពី​សាក្សី​ជា​ច្រើន​ទៀត​នៅ​ជំនាន់​ចុង​ក្រោយ​នេះ « ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ! ដ្បិត​យើង​បាន​ឃើញ​ទ្រង់ » ។39 នៅ​ក្រោម​ព្រះ​នេត្រ​​ដ៏​មុត​របស់​ទ្រង់ ខ្ញុំ​សូម​ឈរ​ជា​សាក្សី​ដោយ​ខ្លួន​ខ្ញុំ​ថា ព្រះយេស៊ូវ​នៃ​ណាសារ៉ែត គឺ​ជា​ព្រះ​ប្រោសលោះ​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​អ្វី​គ្រប់​យ៉ាង​ដែល​ជា​លទ្ធផល​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ។ សូម​ឲ្យ​អ្នក​មាន​ជំនឿ​ស៊ប់ និង ការលួងលោម​ចិត្ត​ពី​សាក្សី​ទាំង​នោះ ខ្ញុំ​សូម​អធិស្ឋាន​ក្នុង​ព្រះ​នាម​នៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។