ចូររឹងមាំ ហើយក្លាហាន
ចូរយើងទាំងអស់គ្នាមានចិត្តក្លាហានតតាំងនឹងមតិទូទៅ ហើយការពារគោលការណ៍របស់យើង។
បងប្អូនប្រុសជាទីស្រឡាញ់ វាជាការណ៍ល្អខ្លាំងណាស់ដែលយើងបានជួបអ្នកទាំងអស់គ្នាសារជាថ្មី ។ ខ្ញុំអធិស្ឋានសុំឲ្យស្ថានសួគ៌ជួយ កាលយើងខ្ញុំឆ្លើយតបចំពោះឱកាសដើម្បីនិយាយទៅកាន់អ្នក ។
ក្រៅពីនៅក្នុងមជ្ឈមណ្ឌលសន្និសីទនេះ មានការជួបជុំរាប់ពាន់កន្លែងផ្សេងទៀតនៅក្នុងសាលាជំនុំ និងកន្លែងដទៃទៀតនៅទូទាំងពិភពលោក ។ យើងទាំងអស់គ្នាមានអ្វីមួយដូចគ្នា ត្បិតយើងត្រូវបានទុកចិត្តឲ្យកាន់បព្វជិតភាពនៃព្រះ ។
យើងរស់នៅទីនេះលើផែនដី ក្នុងគ្រាដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រ ។ ឱកាសរបស់យើងស្ទើរតែគ្មានដែនកំណត់ តែយើងក៏ប្រឈមមុខនឹងឧបសគ្គជាច្រើនផងដែរ ដែលជាឧបសគ្គមួយចំនួនកើតឡើងមានតែនៅជំនាន់យើងប៉ុណ្ណោះ ។
យើងរស់នៅក្នុងពិភពលោកមួយ ដែលតម្លៃខាងសីលធម៌ ត្រូវបានគេទាត់ចោល ជាកន្លែងដែលអំពើបាប បានបើកចំហរយ៉ាងពេញទំហឹង ហើយជាកន្លែងដែលមានការល្បួងស្ថិតនៅជុំវិញខ្លួនយើង ឲ្យយើងវង្វេងចេញពីផ្លូវតូច ហើយចង្អៀត ។ យើងប្រឈមមុខនឹងសម្ពាធជាបន្ដបន្ទាប់ និង ឥទ្ធិពលបោកបញ្ឆោត ដែលបំផ្លាញអ្វីៗដែលត្រឹមត្រូវ ហើយប៉ុនប៉ងជំនួសមកវិញនូវទស្សនៈ និង ទំនៀមទម្លាប់ស្ទាក់ស្ទើររបស់សង្គមខាងលោកិយ ។
ដោយសារឧបសគ្គជាច្រើនទាំងនេះហើយ នោះមានការសម្រេចចិត្តមាននៅចំពោះមុខយើងជាប្រចាំ ដែលអាចកំណត់ជោគវាសនារបស់យើង ។ ដើម្បីឲ្យយើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ នោះតម្រូវឲ្យមានភាពក្លាហាន -- ហ៊ាននិយាយថា ទេ នៅពេលយើងគួរនិយាយ ហ៊ាននិយាយថា បាទ ពេលដែលវាត្រឹមត្រូវ ហ៊ានធ្វើរឿងត្រឹមត្រូវ ដោយសារវាជារឿងត្រឹមត្រូវ ។
ដរាបណានិន្នាការក្នុងសង្គមសព្វថ្ងៃ ងាកចេញពីគុណធម៌ និង គោលការណ៍ ដែលព្រះអម្ចាស់បានប្រទានឲ្យយើងយ៉ាងរហ័ស នោះយើងនឹងច្បាស់ជាត្រូវហៅឲ្យការពារនូវអ្វីដែលយើងជឿនោះហើយ ។ តើយើងនឹងមានភាពក្លាហានដើម្បីធ្វើដូច្នោះឬទេ ?
ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ ដែលជាសមាជិកនៃគណៈប្រធានទីមួយអស់ជាច្រើនឆ្នាំ បានមានប្រសាសន៍ថា ៖ « មានស្ថានភាពជាច្រើន ដែលមនុស្សមានជំនឿ បានមានអារម្មណ៍ថា ការថ្លែងទីបន្ទាល់អំពីជំនឿពេញលេញ … របស់ពួកគេ អាចបណ្ដាលឲ្យមិត្តដែលគ្មានជំនឿរបស់ពួកគេរិះគន់ ដូច្នេះ ពួកគេត្រូវតែកែតម្រូវជំនឿរបស់ពួកគេ កាត់បន្ថយសារៈសំខាន់នៃជំនឿ តាមរយៈការពន្យល់ដល់ចំណុចនៃការបំផ្លាញជំនឿ ឬ ធ្វើពត់ជាបដិសេធវា ។ មនុស្សដូច្នោះគឺជាមនុស្សលាក់ពុត » ។1 1 គ្មានគ្នាយើងណាម្នាក់ចង់ពាក់ស្លាកសញ្ញាដូច្នោះទេ ហើយតើយើងមានភាពស្ទាក់ស្ទើរក្នុងការប្រកាសពីជំនឿរបស់យើងក្នុងស្ថានភាពមួយចំនួនឬទេ ?
យើងអាចជួយខ្លួនយើង ដោយប្រាថ្នាធ្វើអ្វីដែលត្រឹមត្រូវ បើយើងដាក់ខ្លួនយើងក្នុងកន្លែង ឬ រួមចំណែកក្នុងសកម្មភាពទាំងឡាយ ដែលគំនិតរបស់យើង ទទួលឥទ្ធិពលឲ្យធ្វើល្អ និង ជាកន្លែងដែលព្រះវិញ្ញាណនៃព្រះអម្ចាស់គង់នៅ ។
ខ្ញុំចាំថា ខ្ញុំបានអាននូវការទូន្មានរបស់ឪពុកម្នាក់ដល់កូនប្រុសរបស់គាត់ ពេលគាត់បានចេញទៅរៀនឆ្ងាយជាយូរមកហើយថា ៖ « បើកូនឃើញថាកូននៅកន្លែងដែលកូនពុំគួរនៅ ចូរដើរចេញភ្លាម ! » ខ្ញុំសូមឲ្យដំបូន្មានដូចគ្នានេះដល់អ្នករាល់គ្នាថា ៖ « បើអ្នកឃើញថាអ្នកនៅកន្លែងដែលអ្នកពុំគួរនៅ ចូរដើរចេញភ្លាម ! »
យើងទាំងអស់គ្នាចាំបាច់ត្រូវមានភាពក្លាហានជានិច្ច ។ ក្នុងជីវិតយើងរាល់ថ្ងៃ យើងត្រូវការភាពក្លាហាន -- ពុំមែនគ្រាន់តែសម្រាប់ព្រឹត្តិការណ៍សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែជាញឹកញាប់ នៅពេលយើងធ្វើការសម្រេចចិត្ត ឬ ឆ្លើយតបចំពោះស្ថានភាពនៅជុំវិញខ្លួនយើង ។ កំណាព្យពួកស្កុតឡង់ និង អ្នកនិពន្ធប្រលោមលោក រ៉ូប៊ើត ល្វីស ស្ទីវែនសុន បានពោលថា ៖ « ភាពក្លាហាន ឃើញមានតិចតួចប្រចាំថ្ងៃ ។ តែភាពក្លាហានអ្នក នៅតែថ្លៃថ្នូរ ទោះជាគ្មាននរណាម្នាក់កោតសរសើរអ្នកក្ដី » ។2
ភាពក្លាហានកើតមានតាមទម្រង់ជាច្រើន ។ អ្នកនិពន្ធគ្រីស្ទាន ឈ្មោះ ឆាលស៍ ស្វីនដូល បានចែងទុកថាថា ៖ « ភាពក្លាហាន ពុំគ្រាន់តែមាននៅក្នុងសមរភូមិ ... ឬមានវាពេលត្រូវចាប់ចោរចូលក្នុងផ្ទះរបស់អ្នកនោះឡើយ ។ ការសាកល្បងភាពក្លាហានពិត គឺមានលក្ខណៈស្ងប់ស្ងាត់ជាង ។ ជាការសាកល្បងនៅខាងក្នុងខ្លួន ដូចជាការបន្ដនៅស្មោះត្រង់ ទោះគ្មាននរណាម្នាក់មើលអ្នក ... ការឈរតែម្នាក់ឯង ពេលអ្នកត្រូវគេយល់ខុស » ។3 ខ្ញុំនឹងបន្ថែមថា ភាពក្លាហានខាងក្នុងខ្លួននេះ ក៏រាប់បញ្ចូលទាំងការធ្វើរឿងត្រឹមត្រូវ ទោះជាយើងភ័យខ្លាច ការការពារជំនឿយើង ពេលប្រថុយនឹងការរិះគន់ ហើយនឹងការរក្សាជំនឿ ទោះជាពេលមានការគំរាមគំហែងដោយការបាត់បង់មិត្តភក្ដិ ឬ ឋានៈក្នុងសង្គមក្ដី ។ អ្នកដែលឈរខ្ជាប់ខ្ជួនសម្រាប់អ្វីដែលត្រឹមត្រូវ ច្បាស់ជាត្រូវប្រថុយនឹងការបដិសេធ ហើយគ្មានប្រជាប្រិយភាព ។
ពេលកំពុងបម្រើជាកងនាវិកសហរដ្ឋក្នុងសង្គ្រាមលោកលើកទី 2 ខ្ញុំបានរៀនអំពីសកម្មភាពក្លាហាន ឧទាហរណ៍ អំពីភាពក្លាហាន និង គំរូនៃភាពក្លាហាន ។ រឿងមួយ ដែលខ្ញុំពុំអាចបំភ្លេចបាន គឺជាភាពក្លាហានដោយស្ងប់ស្ងាត់នៃកម្មករនាវាអាយុ 18 ឆ្នាំម្នាក់ -- ពុំមែននៅក្នុងជំនឿយើង -- ដែលអៀនក្នុងការអធិស្ឋាន ។ ក្នុងចំណោមបុរស 250 នាក់នៃកងនាវិកនោះ គាត់ជាបុរសតែម្នាក់គត់ ដែលបានលុតជង្គង់ចុះអធិស្ឋានរាល់យប់ ជិតគ្រែខ្លួន ខណៈដែលពួកអ្នកដែលមិនជឿបានចំអក និង បង្អាប់គាត់ ។ គាត់បានអធិស្ឋានដល់ព្រះ ដោយការឱនក្បាល ។ គាត់ពុំភ័យខ្លាចឡើយ ។ គាត់ពុំស្ទាក់ស្ទើរឡើយ ។ គាត់ក្លាហាន ។
ថ្មីៗនេះខ្ញុំបានស្តាប់ឮរឿងអំពីគំរូនៃមនុស្សម្នាក់ ដែលហាក់ដូចជាខ្វះភាពក្លាហានក្នុងខ្លួន ។ មានមិត្តម្នាក់ប្រាប់អំពីការប្រជុំសាក្រាម៉ង់ ដែលលើកកម្ពស់ខាងវិញ្ញាណ និង សេចក្ដីជំនឿ ដែលគាត់ និង ស្វាមី បានចូលរួមក្នុងវួដពួកគេ ។ យុវជនម្នាក់ ដែលកាន់តំណែងសង្ឃ ក្នុងបព្វជិតភាពអើរ៉ុន បានធ្វើឲ្យប៉ះដល់ដួងចិត្តក្រុមជំនុំទាំងមូល ពេលគាត់និយាយអំពីសេចក្ដីពិតនៃដំណឹងល្អ និង អំពីក្ដីអំណរនៃការរក្សាព្រះបញ្ញត្តិ ។ គាត់បានថ្លែងទីបន្ទាល់យ៉ាងអង់អាច និង មានអានុភាព ពេលគាត់ឈរនៅវេទិកា ដែលមានពាក់អាវសរ និង ក្រវ៉ាត់កយ៉ាងស្អាតបាត ហើយរៀបរយនោះ ។
ក្រោយមកនៅថ្ងៃនោះ ពេលស្ត្រី និង ស្វាមីរូបនេះ បើកឡានចេញពីតំបន់នោះ ពួកគេបានឃើញយុវជនរូបនេះ ដែលបានបំផុសគំនិតពួកគេយ៉ាងខ្លាំងកាលពីប៉ុន្មានម៉ោងមុននេះ ។ ឥឡូវ គាត់បង្ហាញនូវរូបភាពផ្សេងគ្នាទាំងស្រុង កាលគាត់ដើរតាមចិញ្ចើមផ្លូវ ស្លៀកពាក់រញ៉េរញ៉ៃ -- ហើយទាំងជក់បារីផងនោះ ។ មិត្តខ្ញុំ និង ស្វាមីគាត់ ពុំគ្រាន់តែខកចិត្ត ហើយសោកស្ដាយខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេភាន់ភាំងផងដែរ កាលយុវជននោះ ពេលនៅក្នុងការប្រជុំសាក្រាម៉ង់ គាត់មើលទៅហាក់ដូចជាប្រកបដោយការជឿជាក់ ប៉ុន្តែ ក្រោយមកបានក្លាយទៅជាមនុស្សម្នាក់ផ្សេងទាំងស្រុងមួយរំពេច ។
បងប្អូនប្រុស តើអ្នកជាមនុស្សដដែលនៅគ្រប់កន្លែងដែលអ្នកនៅ និង គ្រប់អ្វីដែលអ្នកធ្វើឬទេ -- ជាមនុស្សដែលព្រះវរបិតាសួគ៌របស់យើង មានព្រះទ័យចង់ឲ្យអ្នកប្រែក្លាយ និង ធ្វើជាមនុស្សដែលអ្នកគួរតែប្រែក្លាយឬទេ ?
នៅក្នុងការសម្ភាសជាសាធារណៈមួយក្នុងទស្សនាវដ្ដីជាតិ អ្នកលេងបាល់បោះអាមេរិកដ៏ល្បីម្នាក់ ឈ្មោះ ចាបារិ ផាកឺ ជាសមាជិកនៃសាសនាចក្រ គាត់ត្រូវបានសុំឲ្យចែកចាយដំបូន្មានដ៏ល្អបំផុត ដែលគាត់បានទទួលមកពីឪពុករបស់គាត់ ។ ចាបារិ បានឆ្លើយឡើងថា « [ ឪពុកខ្ញុំ ] មានប្រសាសន៍ថា កូនត្រូវធ្វើជាមនុស្សដដែល ទោះជាកូននៅក្នុងកន្លែងងងឹត ក៏ដូចជានៅកន្លែងភ្លឺ » ។4 ឱបងប្អូនប្រុសទាំងឡាយអើយ នេះជាដំបូន្មានដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា ។
ក្នុងព្រះគម្ពីររបស់យើង មានពេញដោយគំរូនៃភាពក្លាហាន ដែលយើងរាល់គ្នាត្រូវការនាពេលសព្វថ្ងៃនេះ ។ ព្យាការី ដានីយ៉ែល បង្ហាញពីភាពក្លាហានដ៏មុតមាំ ដោយការឈរការពារនូវអ្វីដែលលោកដឹងថាត្រឹមត្រូវ ហើយដោយការបង្ហាញភាពក្លាហានធ្វើការអធិស្ឋាន ទោះមានការគំរាមគំហែងសម្លាប់ ពេលលោកអធិស្ឋានយ៉ាងណាក្ដី ។5
ភាពក្លាហាន ចារឹកក្នុងជីវិតរបស់អ័ប៊ីណាដៃ ដែលបានបង្ហាញតាមរយៈការស៊ូស្លាប់ ជាជាងបដិសេធសេចក្ដីពិត ។6
តើយើងមិនអាចបានបំផុសគំនិតដោយការរស់នៅរបស់កូនប្រុសកម្លោះ 2000 នាក់របស់ហេលេមិន ដែលបានបង្រៀន ហើយបង្ហាញពីតម្រូវការដើម្បីមានភាពក្លាហាន ក្នុងការធ្វើតាមការបង្រៀនរបស់ឪពុកម្ដាយ ដើម្បីមានភាពបរិសុទ្ធទេឬអី ?7
ប្រហែលជាដំណើររឿងបទគម្ពីរនីមួយៗទាំងនេះ ត្រូវបានគ្របដោយគំរូរបស់មរ៉ូណៃ ដែលមានភាពក្លាហានស៊ូទ្រាំនៅក្នុងសេចក្ដីសុចរិតរហូតដល់ទីបញ្ចប់នៃជីវិតលោក ។8
ព្យាការី យ៉ូសែប ស្ម៊ីធ បានផ្ដល់គំរូនៃភាពក្លាហានរាប់មិនអស់ នៅពេញមួយជីវិតលោក ។ រឿងដ៏អស្ចារ្យមួយបានកើតឡើង ពេលលោក និង បងប្អូនប្រុសដទៃទៀត សូមស្រមៃថាគាត់ត្រូវបានគេដាក់ច្រវ៉ាក់ជាមួយគ្នា ហើយជាប់នៅក្នុងបន្ទប់តូចមួយ នៅជិតនឹងតុលាការក្នុងទីក្រុង រិចម៉ន្ត រដ្ឋមិសសួរី ។ ប៉ាលី ភី ប្រាត្ត ដែលនៅក្នុងចំណោមអ្នកដែលជាប់ជាឈ្លើយនោះ បានសរសេរអំពីយប់មួយនោះថា ៖ « យើងបានទម្រេតខ្លួន ដូចជាគេងលក់ រហូតដល់យប់ជ្រៅ តែត្រចៀក និង ដួងចិត្តយើង ឈឺចាប់ ពេលយើងស្ដាប់ឮរាប់ម៉ោងនូវការចំអក ការស្បថអាក្រក់ៗ ការប្រមាថគួរឲ្យខ្លាច និង ភាសាស្មោកគ្រោករបស់ពួកអ្នកយាម » ។
អែលឌើរ ប្រាត្ត បានបន្ដថា ៖
« ខ្ញុំបានស្ដាប់ឮ រហូតដល់ខ្ញុំខ្ពើមឆ្អើមជាខ្លាំង តក់ស្លុត និង ពេញដោយកំហឹង ដែលវាពិបាកសម្រាប់ខ្ញុំ ដើម្បីទប់ខ្លួនកុំឲ្យឈរឡើង ហើយស្ដីបន្ទោសដល់ពួកអ្នកយាមនោះ ប៉ុន្តែ ខ្ញុំពុំនិយាយអ្វីទាំងអស់ទៅយ៉ូសែប ឬ អ្នកផ្សេងទៀត ទោះបីខ្ញុំដេកនៅជិតនឹងលោក ហើយបានដឹងថា លោកពុំទាន់គេងក្ដី ។ រំពេចនោះ លោកបានក្រោកឈរឡើង ហើយនិយាយដូចជាសំឡេងផ្គរលាន់ ឬ ដូចជាតោគ្រហឹម និយាយយ៉ាងច្បាស់ដែលខ្ញុំអាចនៅចាំបានថា ៖
« ‹ ស្ងាត់ទៅ ។ … នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ខ្ញុំស្ដីបន្ទោសដល់អ្នក ហើយបញ្ជាឲ្យអ្នកស្ងាត់ភ្លាម ត្បិតខ្ញុំនឹងមិនរស់នៅមួយនាទីទៀត ហើយស្ដាប់ឮភាសាដូច្នេះឡើយ ។ ឈប់និយាយភ្លាម បើមិនដូច្នោះ អ្នក ឬ ខ្ញុំ នឹងស្លាប់ឥឡូវនេះ › » ។
យ៉ូសែប « បានឈរត្រង់ខ្លួនដោយអំណាចដ៏អស្ចារ្យ » ដូចបានពិពណ៌នាដោយអែលឌើរ ប្រាត្ត ។ លោកត្រូវគេដាក់ច្រវ៉ាក់ ដោយគ្មានអាវុធ តែលោកស្ងប់ស្ងាត់ និង ថ្លៃថ្នូ ។ លោកបានមើលទៅអ្នកយាមដែលរួញខ្លាច នៅកៀនជញ្ជាំង ឬ ក្រាបចុះនោះ ។ វាហាក់ដូចជាបុរសទាំងនេះ ពុំអាចគ្រប់គ្រងខ្លួនឯង បានសុំទោសដល់លោក ហើយនៅស្ងៀម ។9
ពុំមែនគ្រប់ទង្វើក្លាហាន នាំមកនូវលទ្ធផលអស្ចារ្យ ឬ ភ្លាមៗដូច្នេះទេ តែវានាំមកនូវភាពសុខសាន្ដក្នុងគំនិត ហើយផ្ដល់ចំណេះដឹងថា ភាពត្រឹមត្រូវ និង សេចក្ដីពិត ត្រូវបានគេការពារ ។
វាមិនអាចទៅរួចទេ ដើម្បីឈររឹងមាំ ពេលយើងទ្រេតទ្រោតទៅតាមគំនិត និង ការយល់ស្របរបស់អ្នកដទៃនោះ ។ យើងត្រូវការភាពក្លាហានរបស់ ដានីយ៉ែល អ័ប៊ីណាដៃ មរ៉ូណៃ ឬ យ៉ូសែប ស្ម៊ីធ ដើម្បីយើងរឹងមាំ ហើយខ្ជាប់ខ្ជួន ចំពោះអ្វីដែលយើងដឹងថាត្រឹមត្រូវ ។ ពួកគេមានសេចក្តីក្លាហាន ដើម្បីធ្វើនូវរឿងត្រឹមត្រូវ ដែលពុំមែនជារឿងងាយស្រួលនោះទេ ។
យើងទាំងអស់គ្នានឹងជួបការភ័យខ្លាច ជួបការចំអក និង រឿងផ្ទុយ ។ ចូរយើងទាំងអស់គ្នាមានចិត្តក្លាហានតតាំងនឹងមតិទូទៅ ហើយការពារគោលការណ៍របស់យើង ។ ភាពក្លាហាន មិនចុះចូល នាំមកនូវការអនុញ្ញាតទាំងស្នាមញញឹមរបស់ព្រះ ។ ភាពក្លាហាន ក្លាយជាគុណធម៌រស់រវើក ហើយទាក់ទាញ វាមិនគ្រាន់តែជាការស្ម័គ្រចិត្តស្លាប់ដោយថ្លៃថ្នូប៉ុណ្ណោះទែ ប៉ុន្តែ វាក៏ជាការប្ដេជ្ញាចិត្តរស់នៅដោយត្រឹមត្រូវផងដែរ ។ នៅពេលយើងឆ្ពោះទៅមុខ ព្យាយាមរស់នៅដូចដែលយើងគួរតែរស់នៅ នោះយើងនឹងទទួលបានជំនួយពីព្រះយ៉ាងពិតប្រាកដ ហើយអាចរកបានការលួងលោមចិត្តក្នុងព្រះបន្ទូលរបស់ទ្រង់ ។ ខ្ញុំស្រឡាញ់ការសន្យារបស់ទ្រង់ ដែលបានកត់ត្រាក្នុងគម្ពីរយ៉ូស្វេថា ៖
« យើងមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ ។ …
« … ចូរឲ្យមានកម្លាំង និង ចិត្តក្លាហានចុះ កុំខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ៖ ត្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង » ។10
បងប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយភាពក្លាហាននៃជំនឿស៊ប់របស់យើង សូមឲ្យយើងប្រកាសជាមួយនឹងសាវក ប៉ុល ថា « ត្បិតខ្ញុំគ្មានសេចក្ដីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ » ។11 បន្ទាប់មក ដោយភាពក្លាហានដូចគ្នានោះ សូមឲ្យយើងធ្វើតាមដំបូន្មានរបស់ ប៉ុល ថា ៖ « ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ សេចក្ដីជំនឿ និង សេចក្ដីបរិសុទ្ធ » ។12
សង្គ្រាមដ៏អាក្រក់បានកើតឡើង ហើយបានកន្លងផុតទៅ ប៉ុន្តែ សង្គ្រាម ដែលច្បាំងដើម្បីគ្រប់គ្រងព្រលឹងមនុស្ស ចេះតែបន្ដដោយពុំឈប់ឈរ ។ ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងច្បាស់ដល់អ្នក និង ខ្ញុំ និង អ្នកកាន់បព្វជិតភាពគ្រប់ទីកន្លែងថា ៖ « ហេតុដូច្នេះហើយ នៅពេលឥឡូវនេះ ចូរឲ្យមនុស្សគ្រប់រូបរៀនពីភារកិច្ចរបស់ខ្លួន ហើយឲ្យប្រតិបត្តិក្នុងតំណែងដែលខ្លួនត្រូវបានតាំងឡើង ដោយសេចក្ដីឧស្សាហ៍គ្រប់ជំពូក » ។13 បន្ទាប់មកយើងនឹងក្លាយជា « ពួកសង្ឃហ្លួង » 14 ដូចជាសាវក ពេត្រុស បានប្រកាសថា ដែលរួបរួមគ្នាក្នុងគោលបំណងតែមួយ និង ប្រទានឲ្យនូវអំណាចមកពីស្ថានលើ ។15
សូមឲ្យយើងម្នាក់ៗ ចាកចេញពីទីនេះនាយប់នេះទៅ ដោយមាននូវការប្ដេជ្ញាចិត្ត និង ភាពក្លាហាន ដើម្បីនិយាយជាមួយនឹង យ៉ូប ពីជំនាន់ដើមថា « កាលខ្ញុំនៅមានដង្ហើមចេញចូល ... ខ្ញុំនឹងប្រកាន់សេចក្ដីសុចរិតរបស់ខ្ញុំ ឲ្យជាប់លាប់ឥតលែងតទៅ » ។16 នេះជាការអធិស្ឋានដ៏រាបសាររបស់ខ្ញុំ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអម្ចាស់នៃយើង អាមែន ។