ឫស និង មែក
ការពន្លឿនកិច្ចការពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធនៅជំនាន់យើង គឺចាំបាច់ចំពោះសេចក្តីសង្គ្រោះ និង ភាពតម្កើងឡើងនៃក្រុមគ្រួសារ។
ពីមុនការស្លាប់របស់គាត់ដោយជំងឺមហារីកក្នុងឆ្នាំ 1981 កវី វិល្លាម សារ៉ូយ៉ាន បានប្រាប់ដល់សារព័ត៌មានថា « មនុស្សគ្រប់គ្នា ត្រូវតែស្លាប់ តែខ្ញុំតែងជឿថា នឹងមានករណីលើកលែងមួយចំពោះខ្ញុំ ។ ឥឡូវមានអ្វីកើតឡើង ? »1
ពាក្យថា « ឥឡូវមានអ្វីកើតឡើង » ពេលជួបនឹងសេចក្ដីស្លាប់ក្នុងជីវិតនេះ និង ពេលសញ្ជឹងគិតពីជីវិតក្រោយពីសេចក្ដីស្លាប់ ជាសំណួរដ៏សំខាន់នៃព្រលឹង ដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ អាចឆ្លើយយ៉ាងក្បោះក្បាយក្នុងផែនការនៃសុភមង្គលរបស់ព្រះវរបិតា ។
នៅក្នុងជីវិតនេះ យើងសើច យើងយំ យើងធ្វើការ យើងលេង យើងរស់នៅ រួចហើយក៏ស្លាប់ ។ យ៉ូបសួរសំណួរសំខាន់យ៉ាងខ្លីមួយថា « បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ ? »2 ចម្លើយគឺថា « មែនហើយ » ដោយសារពលិកម្មធួននៃព្រះអម្ចាស់ ។ ផ្នែកនៃការពន្យល់ផ្សេងគ្នាពីមុនរបស់យ៉ូបចំពោះសំណួរនេះ គឺគួរឲ្យចាប់អារម្មណ៍ណាស់ថា ៖ « មនុស្សដែលកើតពីស្រីមកសុទ្ធតែមានអាយុខ្លីទាំងអស់ ។ ... គេចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ ។ ...ត្បិតបើដើមឈើត្រូវកាប់រលំទៅ នោះមានសង្ឃឹមថា នឹងមានពន្លកលេចឡើងទៀត ហើយថា នឹងមានមែកខ្ចីទៀតមិនខានឡើយ...ព្រមទាំងបែកមែកដូចជាដើមថ្មីវិញ »។3
ផែនការព្រះវរិបតាយើង គឺស្ដីពីក្រុមគ្រួសារ ។ បទគម្ពីរដ៏រំជួលចិត្តបំផុតមួយចំនួនរបស់យើង បានប្រើដើមឈើដែលមានឫស និង មែករបស់វា ធ្វើជារឿងប្រៀបធៀបមួយ ។
ក្នុងជំពូកចុងក្រោយនៃព្រះគម្ពីរសញ្ញាចាស់ ម៉ាឡាគី បានប្រើរឿងប្រៀបធៀបនេះ រៀបរាប់ពីការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។ ដោយលើកឡើងពីពួកអ្នកអំនួត ហើយទុច្ចរិត គាត់បានបញ្ជាក់ថា ពួកគេនឹងឆេះដូចជាជញ្ជ្រាំង ហើយថា វា« ឥតទុកឲ្យគេមានឫស ឬ មែកនៅសល់ឡើយ »។4 ម៉ាឡាគីបានបញ្ចប់ជំពូកនេះ ដោយការសន្យាដ៏ច្បាស់របស់ព្រះអម្ចាស់ថា ៖
« មើល មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះអម្ចាស់បានមកដល់ នោះយើងនឹងចាត់អេលីយ៉ាឲ្យមកឯងអ្នករាល់គ្នា ៖
« លោកនឹងបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ ក្រែងយើងមកវាយផែនដីដោយសេចក្ដីបណ្ដាសា » ។5
ពេលចាប់ផ្ដើមនៃការស្តារឡើងវិញ មរ៉ូណៃ បានគូសបញ្ជាក់សារលិខិតនេះសារជាថ្មីក្នុងការណែនាំដំបូងដល់យុវជន យ៉ូសែប ស៊្មីធ ក្នុងឆ្នាំ 1823 ។6
ពួកគ្រីស្ទសាសនា និង ពួកយូដាជុំវិញពិភពលោក បានទទួលស្គាល់ដំណើររឿងអេលីយ៉ាក្នុងព្រះគម្ពីរសញ្ញាចាស់ ។7 គាត់ជាព្យាការីចុងក្រោយដែលកាន់អំណាចផ្សារភ្ជាប់នៃបព្វជិតភាពមិលគីស្សាដែកពីមុនជំនាន់ព្រះយេស៊ូវគ្រីស្ទ ។8
អេលីយ៉ាស្ដារកូនសោឡើងវិញ
ការត្រឡប់មករបស់អេលីយ៉ា កើតឡើងនៅព្រះវិហារបរិសុទ្ធ ខឺតឡង់ នាថ្ងៃទី 3 មេសា ឆ្នាំ 1836 ។ គាត់បានប្រកាសថា គាត់បានបំពេញការសន្យារបស់ម៉ាឡាគី ។ គាត់បានប្រគល់កូនសោបព្វជិតភាពសម្រាប់ការផ្សារភ្ជាប់ក្រុមគ្រួសារក្នុងគ្រាត្រួតត្រានេះ ។9 បេសកកម្មអេលីយ៉ាត្រូវបានជួយដោយអ្វី ដែលពេលខ្លះត្រូវបានហៅថា វិញ្ញាណរបស់អេលីយ៉ា តាមដែលអែលឌើរ រ័សុល អិម ណិលសុន បានបង្រៀនថា ជា « ភស្ដុងតាងដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងជាសាក្សីអំពីនិស្ស័យនៃព្រះរបស់គ្រួសារ »។10
ព្រះអម្ចាស់ មានភាពម៉ឺងម៉ាត់ចំពោះភាពចាំបាច់នៃបុណ្យជ្រមុជទឹក ។ ទ្រង់បានបង្រៀនថា « បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។11 ព្រះអម្ចាស់ បានទទួលបុណ្យជ្រមុជទឹកដើម្បីធ្វើជាគំរូ ។ ចុះអ្នកដែលបានចែកឋានទៅដោយមិនបានជ្រមុជទឹកវិញ ?
គោលលិទ្ធិនៃកិច្ចការពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធ
នៅថ្ងៃទី 11 តុលា ឆ្នាំ 1840 ក្នុងទីក្រុង ណៅវូ វីឡាត ឃឹមបឹល បានសរសេរលិខិតមួយទៅស្វាមីនាង អែលឌើរ ហេប៊ើរ ស៊ី ឃឹមបឹល ដែលនៅជាមួយនឹងសមាជិកនៃពួកដប់ពីរនាក់ផ្សេងទៀតកំពុងបម្រើបេសកកម្មនៅចក្រភពអង់គ្លេស ។ សន្និសីទទូទៅខែ តុលា បានធ្វើឡើងពីមុននោះតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។
ខ្ញុំសូមដកស្រង់ពីលិខិតផ្ទាល់របស់ វីឡាត ៖ « យើងមានសន្និសីទដ៏ធំអស្ចារ្យដែលពុំធ្លាប់មានពីមុនមក ចាប់តាំងពីសាសនាចក្រត្រូវបានរៀបចំឡើង ។ ... ប្រធាន [យ៉ូសែប] ស្ម៊ីធ បានលើកឡើងពីប្រធានបទថ្មីមួយដ៏អស្ចារ្យ ។ ... វាគឺការធ្វើបុណ្យជ្រមុជទឹកឲ្យអ្នកស្លាប់ ។ ប៉ុលបានលើកឡើងពីរឿងនេះក្នុងកូរិនថូសទីមួយ ជំពូក 15 ខ 29 យ៉ូសែប បានទទួលការពន្យល់ដ៏ពេញលេញពីរឿងនេះ តាមរយៈវិវរណៈ ។ គាត់បានថ្លែងថា វាជាឯកសិទ្ធិរបស់ [ សមាជិក ] សាសនាចក្រនេះ ដើម្បីជ្រមុជទឹកឲ្យសមាជិកគ្រួសារ ដែលបានចែកឋានទៅ ពីមុនកើតមានដំណឹងល្អនេះ ។ ...ការធ្វើដូច្នេះ យើងដើរតួជាភ្នាក់ងារឲ្យពួកគាត់ ហើយផ្ដល់ឯកសិទ្ធិដល់ពួកគាត់ដើម្បីចេញមកនៅការរស់ឡើងវិញទីមួយ ។ គាត់ថ្លែងថា ពួកគាត់នឹងមានដំណឹងល្អផ្សាយដល់ពួកគាត់នៅក្នុងគុក » ។
វីឡាត បានបន្ថែមទៀតថា ៖ « អូនចង់ធ្វើបុណ្យជ្រមុជទឹកឲ្យម្ដាយអូន ។ ... តើនេះពុំមែនគោលលទ្ធិដ៏រុងរឿងទេឬអី ? »12
គោលលទ្ធិដ៏សំខាន់នៃការរួបរួមក្រុមគ្រួសារកើតមានមួយបន្ទាត់ម្ដងៗ និងមួយសិក្ខាបទម្ដងៗ ។ ពិធីបរិសុទ្ធជំនួស ជាគោលការណ៍សំខាន់នៃការរួបរួមក្រុមគ្រួសារដ៏អស់កល្ប ដោយភ្ជាប់ឫសទៅនឹងមែក ។
គោលលទ្ធិនៃគ្រួសារដែលទាក់ទងនឹងពង្សប្រវត្តិ និង កិច្ចការព្រះវិហារបរិសុទ្ធ មានភាពច្បាស់លាស់ ។ នៅក្នុងការណែនាំដំបូង ដែលព្រះអម្ចាស់បានលើកឡើងពី « បុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់របស់អ្នក»13 ជាកាតព្វកិច្ចខាងគោលលទ្ធិយើង ចំពោះបុព្វការីជនយើងផ្ទាល់ ។ ការណ៍នេះដោយសារតែអង្គការសេលេស្ទាលនៃស្ថានសួគ៌ គឺផ្អែកលើក្រុមគ្រួសារ ។14 គណៈប្រធានទីមួយបានលើកទឹកចិត្តសមាជិក ជាពិសេសយុវវ័យ និង យុវមជ្ឈិមវ័យនៅលីវឲ្យផ្ដោតសំខាន់លើកិច្ចការពង្សប្រវត្តិ និង ពិធីបរិសុទ្ធសម្រាប់ឈ្មោះគ្រួសារពួកគេ ឬឈ្មោះបុព្វការីជននៃសមាជិកក្នុងវួដ ឬស្តេកពួកគេ ។15 យើងត្រូវតភ្ជាប់ទាំងឫស និង មែករបស់យើង ។ គំនិតនៃការតភ្ជាប់នៅក្នុងនគរអស់កល្ប គឺជាក្ដីរុងរឿងខ្លាំងណាស់ ។
ព្រះវិហារបរិសុទ្ធ
វិលហ្វូឌ វូឌដ្រុព្វ បានគូសបញ្ជាក់ថា ព្យាការី យ៉ូសែប ស្ម៊ីធ បានរស់នៅល្មមគ្រប់គ្រាន់ដើម្បីស្ថាបនាគ្រឹះសម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ ។ ពេលចុងក្រោយដែលលោក យ៉ូសែបស្ម៊ីធ បានជួបនឹងកូរ៉ុមនៃពួកដប់ពីរនាក់ លោកបានផ្ដល់អំណោយទានពិសិដ្ឋដល់ពួកគេ » ។16
បន្ទាប់ពីការស្លាប់របស់ព្យាការីមក ពួកបរិសុទ្ធបានបញ្ចប់ការសាងសង់ព្រះវិហារបរិសុទ្ធ ណៅវូ ហើយអំណាចផ្សារភ្ជាប់ត្រូវបានប្រើ ដើម្បីប្រទានពរដល់សមាជិកស្មោះត្រង់រាប់ពាន់នាក់ ពីមុនចេញដំណើរទៅភ្នំភាគខាងលិច ។ លុះសាមសិបឆ្នាំក្រោយមក ពេលព្រះវិហារបរិសុទ្ធ សេន ចច បានបញ្ចប់ការសាងសង់ នោះប្រធាន ព្រិកហាំ យ៉ង់ បានប្រាប់ពីសារៈសំខាន់អស់កល្បនៃពិធីបរិសុទ្ធនៃការសង្គ្រោះ នៅទីបំផុត គឺមានសម្រាប់ទាំងអ្នកនៅរស់ និង អ្នកស្លាប់ ។17
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានថ្លែងដោយសាមញ្ញថា ៖ « រាល់គោលការណ៍ទាំងអស់ ដែលព្រះអម្ចាស់បានបើកសម្ដែង គ្មានអ្វីដែលធ្វើឲ្យរីករាយជាងការសង្គ្រោះដល់ពួកអ្នកស្លាប់របស់យើងឡើយ ដើម្បីឲ្យយើងអាចមានឪពុកម្ដាយ ភរិយា និងកូនចៅយើងរួមរស់ជាគ្រួសារ នៅព្រឹកនៃការរស់ឡើងវិញទីមួយ និងក្នុងនគរសេឡេស្ទាល ។ ទាំងនេះជាគោលការណ៍អស្ចារ្យ ។ វាមានតម្លៃសមគ្រប់ការលះបង់ទាំងអស់ » ។18
វាជាគ្រាដ៏អស្ចារ្យដើម្បីមានជីវិតរស់នៅ ។ នេះជាគ្រាត្រួតត្រាចុងក្រោយ ហើយយើងអាចទទួលអារម្មណ៍ពីការពន្លឿននៃកិច្ចការសង្គ្រោះនៅគ្រប់តំបន់ ដែលពិធីបរិសុទ្ធមាន ។19 ឥឡូវនេះយើងមានព្រះវិហារបរិសុទ្ធជាច្រើនជុំវិញពិភពលោក ដើម្បីធ្វើពិធីបរិសុទ្ធនៃការសង្គ្រោះទាំងនេះ ។ ការចូលរួមក្នុងព្រះវិហារបរិសុទ្ធសម្រាប់ការរំឭកចាំខាងវិញ្ញាណ ក្ដីសុខសាន្ត សុវត្ថិភាព និង ការដឹកនាំក្នុងជីវិតក៏ជាពរជ័យដ៏អស្ចារ្យផងដែរ ។20
បន្ទាប់ពីប្រធាន ថូម៉ាស អេស ម៉នសុន ត្រូវបានហៅធ្វើជាសាវកមិនដល់មួយឆ្នាំផង លោកបានឧទ្ទិសឆ្លងបណ្ណាល័យពង្សប្រវត្តិនៃព្រះវិហារបរិសុទ្ធ ឡូស អាន់ជើឡែស ។ លោកបានថ្លែងពីបុព្វការីជនដែលបានចែកឋានទៅដែល « កំពុងរង់ចាំថ្ងៃដែលអ្នក និង ខ្ញុំនឹងធ្វើការស្រាវជ្រាវ ដែលចាំបាច់ដើម្បីបើកផ្លូវ...[ ហើយ ] ចូលទៅដំណាក់នៃព្រះ ធ្វើកិច្ចការនោះ …[ ដែលពួកគាត់ ] មិនអាចធ្វើដោយខ្លួនឯងបាន » ។21
នៅពេល អែលឌើរ ម៉នសុន បានថ្លែងសុន្ទរកថាឧទ្ទិសឆ្លងទាំងនោះនៅថ្ងៃទី 20 មិថុនា ឆ្នាំ 1964 នោះមានព្រះវិហារបរិសុទ្ធដាក់ឲ្យប្រើតែ 12 ប៉ុណ្ណោះ ។ ក្នុងរយៈពេលដែលប្រធាន ម៉នសុន បានបម្រើក្នុងក្រុមប្រឹក្សាជាន់ខ្ពស់របស់សាសនាចក្រ នោះមានព្រះវិហារបរិសុទ្ធចំនួន 130 ក្នុងចំណោម 140 របស់យើង បានឧទ្ទិសឆ្លង ។ វាជាអព្ភូតហេតុមួយដើម្បីមើលឃើញពីការពន្លឿននៃកិច្ចការសង្គ្រោះក្នុងជំនាន់របស់យើង ។ ព្រះវិហារបរិសុទ្ធម្ភៃប្រាំបីទៀត ត្រូវបានប្រកាស ហើយស្ថិតក្នុងជំហាននៃការបញ្ចប់ផ្សេងៗគ្នា ។ ប៉ែតសិបប្រាំភាគរយនៃសមាជិកសាសនាចក្រឥឡូវនេះ រស់នៅក្នុងចម្ងាយ 320 គ.ម. ពីព្រះវិហារបរិសុទ្ធ ។
បច្ចេកវិទ្យាខាងពង្សប្រវត្តិ
បច្ចេកវិទ្យាខាងពង្សប្រវត្តិក៏មានភាពជឿនទៅមុខយ៉ាងអស្ចារ្យដែរ ។ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បានប្រកាសនៅខែ វិច្ឆិកា ឆ្នាំ 1994 ថា ៖ « យើងបានចាប់ផ្ដើមប្រើបច្ចេកវិទ្យាព័ត៌មានដើម្បីពន្លឿនកិច្ចការពិសិដ្ឋ នៃការផ្ដល់ពិធីបរិសុទ្ធជំនួសអ្នកស្លាប់ ។ តួនាទីនៃបច្ចេកវិទ្យា... ត្រូវបានពន្លឿនដោយព្រះអម្ចាស់ផ្ទាល់ ។ ... ប៉ុន្តែយើងឈរតែឯង ពេលចាប់ផ្ដើមនូវឧបករណ៍ទាំងនេះ » ។22
រយៈពេល 19 ឆ្នាំ ចាប់តាំងពីការព្យាករណ៍នេះ ការពន្លឿននៃបច្ចេកវិទ្យាគឺលឿនស្ទើរតែមិនគួរឲ្យជឿ ។ ថ្មីៗនេះ មានម្ដាយម្នាក់អាយុ 36 ឆ្នាំ បានប្រាប់ខ្ញុំថា « សូមគិតមើល---យើងបានវិវឌ្ឍពីការប្រើឧបករណ៍មើលមីក្រូហ្វីមស៍ក្នុងមជ្ឈមណ្ឌលពង្សប្រវត្តិដែលបានឧទ្ទិសឆ្លង មកការអង្គុយនៅតុផ្ទះបាយខ្ញុំដោយមានកុំព្យូទ័រធ្វើកិច្ចការពង្សប្រវត្តិ បន្ទាប់ពីកូនៗខ្ញុំគេងលក់វិញ » ។ បងប្អូនប្រុសស្រី ឥឡូវមជ្ឈមណ្ឌលពង្សប្រវត្តិយើង គឺមាននៅក្នុងផ្ទះរបស់យើង ។
កិច្ចការព្រះវិហារបរិសុទ្ធ និង ពង្សប្រវត្តិ គឺពុំមែនគ្រាន់តែអំពីយើងនោះទេ ។ សូមគិតពីជនដែលនៅផ្នែកម្ខាងទៀតនៃវាំងនន កំពុងរង់ចាំពិធីបរិសុទ្ធនៃការសង្គ្រោះ ដែលនឹងធ្វើឲ្យពួកគេរួចផុតពីចំណងនៃស្ថានឃុំវិញ្ញាណ ។ ឃុំ មានន័យថា « ដំណើរដែលឃុំ ឬ ឃាំងមិនឲ្យទៅណា » ។23 ជនដែលជាប់ឃុំទាំងនោះ អាចនឹងសួរសំណួររបស់ វិល្លាម សារ៉ូយ៉ាន ថា ៖ « ឥឡូវមានអ្វីកើតឡើង ? »
មានបងស្រីដ៏ស្មោះត្រង់ម្នាក់ បានចែកចាយបទពិសោធន៍ខាងវិញ្ញាណដ៏ពិសេសមួយនៅក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក ។ កាលនៅក្នុងបន្ទប់ធ្វើពិធីបញ្ជាក់ បន្ទាប់ពីពិធីបរិសុទ្ធនៃការបញ្ជាក់មួយត្រូវបានធ្វើឡើង នោះនាងបានឮថា « អ្នកជាប់ឃុំនឹងបានរួចហើយ ! » នាងមានអារម្មណ៍អស្ចារ្យមួយពីភាពបន្ទាន់សម្រាប់ជនដែលកំពុងរង់ចាំនូវកិច្ចការនៃបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់របស់ពួកគេ ។ ពេលត្រឡប់មកផ្ទះវិញ នាងបានរកឃ្លាដែលនាងបានស្ដាប់ឮនៅក្នុងព្រះគម្ពីរ ។ នាងបានរកឃើញការប្រកាសរបស់យ៉ូសែប ស៊្មីធក្នុងកណ្ឌ 128 នៃគោលលទ្ធិ និង សេចក្តីសញ្ញា ៖ « ចូរឲ្យចិត្តអ្នកបានអរសប្បាយ ហើយរីករាយជាអតិបរមាចុះ ។ ចូរឲ្យផែនដីទំលាយសំឡេងច្រៀងចេញមក ។ ចូរឲ្យពួកអ្នកស្លាប់បន្លឺសំឡេងច្រៀងសរសើរតម្កើងដ៏អស់កល្បជានិច្ចដល់ក្សត្រាអេម៉ាញូអែល ដែលបានតែងតាំងឡើងមុនកំណើតលោកិយមកម៉្លេះ ដែលនឹងធ្វើឲ្យយើងអាចប្រោសលោះពួកគេឲ្យរួចពីការឃុំឃាំងរបស់ពួកគេ ព្រោះពួកអ្នកជាប់គុកនឹងបានរួច » ។24
សំណួរគឺថា តើយើងត្រូវធ្វើអ្វីខ្លះ ? ការប្រឹក្សារបស់ព្យាការី យ៉ូសែប គឺបង្ហាញ « បញ្ជីនៃពួកអ្នកស្លាប់របស់យើង ដែលគួរតែសមទទួលការគ្រប់យ៉ាង » នៅក្នុងព្រះវិហារបរិសុទ្ធ ។25
ថ្នាក់ដឹកនាំសាសនាចក្រ បានចេញការអំពាវនាវដ៏ច្បាស់មួយដល់ជំនាន់កំពុងពេញវ័យឲ្យដឹកនាំផ្លូវនៅក្នុងការប្រើបច្ចេកវិទ្យា ដើម្បីទទួលបទពិសោធន៍នូវវិញ្ញាណរបស់អេលីយ៉ា ដើម្បីស្វែងរកដូនតាពួកគេ និង ដើម្បីធ្វើពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធឲ្យពួកគាត់ ។26 ផ្នែកដ៏សំខាន់ក្នុងការពន្លឿនកិច្ចការនៃការសង្គ្រោះសម្រាប់ទាំងអ្នកនៅរស់ និង អ្នកស្លាប់ នឹងសម្រេចទៅបាន ដោយសារអ្នក យុវវ័យទាំងឡាយ ។27
បើយុវវ័យក្នុងវួដនីមួយៗ មិនគ្រាន់តែទៅព្រះវិហារបរិសុទ្ធ ហើយធ្វើបុណ្យជ្រមុជទឹកឲ្យពួកអ្នកស្លាប់របស់ពួកគេ ប៉ុន្តែធ្វើការជាមួយនឹងក្រុមគ្រួសារពួកគេ និង សមាជិកវួដផ្សេងទៀត ដើម្បីផ្ដល់ឈ្មោះគ្រួសារសម្រាប់ពិធីបរិសុទ្ធ ដែលពួកគេបានធ្វើ នោះពួកគេ និង សាសនាចក្រ នឹងមានពរជាខ្លាំង ។ កុំមើលស្រាលពីឥទ្ធិពលនៃជនដែលបានចែកឋានទៅក្នុងការជួយដល់ការខិតខំរបស់អ្នក និងក្ដីអំណរនៃការជួបជុំនឹងមនុស្សដែលអ្នកបម្រើឲ្យសោះឡើយ ។ ពរជ័យសំខាន់ដ៏អស់កល្បនៃការរួមរស់នឹងក្រុមគ្រួសារយើង គឺវាស្ទើរតែហួសពីការយល់ដឹងយើង ។28
នៅបច្ចុប្បន្ន សមាជិកភាពសាសនាចក្រទូទាំងពិភពលោក មាន 51 ភាគរយនៃមជ្ឈិមវ័យ គ្មានឈ្មោះ ឪពុក និងម្ដាយនៅក្នុងផ្នែក FamilyTree នៃគេហទំព័រ FamilySearch របស់សាសនាចក្រឡើយ ។ 65 ភាគរយ នៃមជ្ឈិមវ័យ គ្មានឈ្មោះជីដូនដូនតាទាំងសងខាងទេ ។29 សូមចាំថា បើយើងគ្មានឫស និង មែកទេ យើងមិនអាចត្រូវបានសង្គ្រោះឡើយ ។ សមាជិកសាសនាចក្រត្រូវទទួល ហើយដាក់បញ្ចូលព័ត៌មានសំខាន់នេះ ។
នៅទីបំផុត យើងមានគោលលទ្ធិ ព្រះវិហារបរិសុទ្ធ និង បច្ចេកវិទ្យាសម្រាប់ក្រុមគ្រួសារដើម្បីសម្រេចកិច្ចការនៃការសង្គ្រោះដ៏រុងរឿងនេះបាន ។ ខ្ញុំសូមណែនាំពីវិធីមួយដែលកិច្ចការនេះអាចធ្វើទៅបាន ។ ក្រុមគ្រួសារអាចមាន « ការប្រជុំអំពី Family Tree » ។ នេះគួរជាសកម្មភាពទៀងទាត់មួយ ។ មនុស្សគ្រប់គ្នាត្រូវយកប្រវត្តិ ដំណើររឿង និង រូបថតគ្រួសារដែលមាន រួមទាំងវត្ថុដែលជារបស់ជីដូនជីតា និង ឪពុកម្ដាយផងដែរ ។ យុវវ័យមានចិត្តរំភើបដើម្បីរៀនពីជីវិតនៃសមាជិកគ្រួសារ---ពីស្រុកកំណើត និង របៀបដែលពួកគេរស់នៅ ។ មានយុវវ័យជាច្រើនបានបង្វែរចិត្តពួកគេទៅរកដូនតា ។ ពួកគេចូលចិត្តដំណើររឿង និង រូបថត ហើយពួកគេមានជំនាញខាងបច្ចេកវិទ្យាដើម្បីស្កេន ហើយផ្ទុកដំណើររឿង និង រូបថតទាំងនេះនៅក្នុង Family Tree ហើយភ្ជាប់ប្រភពឯកសារជាមួយនឹងដូនតាដើម្បីរក្សាកំណត់ត្រាទាំងនេះជារៀងរហូត ។ ពិតណាស់ គោលបំណងសំខាន់ គឺកំណត់ពីពិធីការណាមួយដែលត្រូវធ្វើ ហើយធ្វើការចាត់តាំងសម្រាប់កិច្ចការព្រះវិហារបរិសុទ្ធដ៏ពិសេសនេះ ។ កូនសៀវភៅ My Family អាចប្រើដើម្បីជួយកត់ត្រាព័ត៌មានគ្រួសារ ដំណើររឿង និង រូបថត ដែលក្រោយមកទៀតអាចផ្ទុកទៅក្នុង Family Tree ។
ការតាំងចិត្ត និង ការរំពឹងទុករបស់គ្រួសារ គួរមានអាទិភាពខ្ពស់បំផុត ដើម្បីការពារជោគវាសនាដ៏ទេវភាពរបស់យើង ។ ចំពោះអ្នកដែលកំពុងស្វែងរកការប្រើថ្ងៃឈប់សំរាកឲ្យកាន់តែមានអត្ថប្រយោជន៍សម្រាប់គ្រួសារទាំងមូល ការពន្លឿននៃកិច្ចការនេះ គឺជាការចាប់ផ្ដើមដ៏ល្អ ។ មានម្ដាយម្នាក់បានប្រាប់ដោយរីករាយពីរបៀបដែលកូនប្រុសនាងអាយុ 17 ឆ្នាំប្រើកុំព្យូទ័របន្ទាប់ពីព្រះវិហារនៅថ្ងៃអាទិត្យដើម្បីធ្វើកិច្ចការពង្សប្រវត្តិ ហើយកូនប្រុសនាងអាយុ 10 ឆ្នាំ ចូលចិត្តស្ដាប់រឿង ហើយមើលរូបភាពដូនតារបស់គាត់ ។ ការណ៍នេះបានប្រទានពរគ្រួសារពួកគេទាំងមូលឲ្យមានអារម្មណ៍ពីវិញ្ញាណរបស់អេលីយ៉ា ។ ឫស និង មែកដ៏មានតម្លៃរបស់យើង ត្រូវតែទទួលការថែទាំ ។
ព្រះយេស៊ូវគ្រីស្ទ បានលះបង់ព្រះជន្មទ្រង់ជាដង្វាយធួនជំនួស ។ ទ្រង់បានឆ្លើយតបនូវសំណួរដ៏សំខាន់ដែលយ៉ូបបានលើកឡើង ។ ទ្រង់យកឈ្នះលើសេចក្ដីស្លាប់សម្រាប់មនុស្សគ្រប់រូប ដែលយើងមិនអាចធ្វើដោយខ្លួនឯង ។ ប៉ុន្តែយើងអាចធ្វើពិធីបរិសុទ្ធជំនួស ហើយក្លាយជាអង្គសង្គ្រោះនៅលើភ្នំស៊ីយ៉ូន30សម្រាប់ក្រុមគ្រួសារយើងផ្ទាល់ ដើម្បីឲ្យយើង ហើយនិងពួកគាត់ អាចត្រូវបានលើកតម្កើង ព្រមទាំងត្រូវបានសង្គ្រោះផងដែរ ។
ខ្ញុំសូមថ្លែងសាក្សីអំពីពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះ ហើយជឿជាក់ពីផែនការរបស់ព្រះវរបិតាសម្រាប់យើង និង ក្រុមគ្រួសារយើង ។ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។