រស់នៅពិតត្រង់ចំពោះសេចក្ដីជំនឿ
យើងម្នាក់ៗនឹងមានពរជ័យយ៉ាងមហិមា បើយើងដឹងពីរឿងសេចក្ដីជំនឿ និង ការលះបង់ ដែលនាំឲ្យដូនតាយើងចូលរួមក្នុងសាសនាចក្ររបស់ព្រះអម្ចាស់។
ខ្ញុំចូលចិត្តប្រវត្តិសាសនាចក្រ ។ ប្រហែលដូចជាអ្នកភាគច្រើនដែរ សេចក្ដីជំនឿរបស់ខ្ញុំត្រូវបានពង្រឹង នៅពេលខ្ញុំរៀនអំពីការលះបង់ដ៏អស្ចារ្យរបស់ដូនតាយើង ដែលបានទទួលយកដំណឹងល្អ ហើយបានរស់នៅពិតត្រង់ចំពោះសេចក្ដីជំនឿ ។
មួយខែកន្លងទៅ មានយុវវ័យដ៏ឆ្នើមចំនួន 12,000 នាក់ មកពីមណ្ឌលព្រះវិហារបរិសុទ្ធ គិលបឺត អារីហ្សូណា បានប្រារព្ធពិធីបញ្ចប់ព្រះវិហារបរិសុទ្ធថ្មីរបស់គេ ជាមួយនឹងការសម្ដែងដ៏គួរឲ្យស្ងើចសរសើរ ដោយបង្ហាញនូវការតាំងចិត្តរបស់គេ ក្នុងការរស់នៅដោយសុចរិត ។ ប្រធានបទសម្រាប់ការប្រារព្ធពិធីរបស់គេគឺ « រស់នៅពិតត្រង់ — ចំពោះសេចក្ដីជំនឿ » ។
ដូចជាពួកយុវវ័យដ៏ស្មោះត្រង់នៅ អារីហ្សូណា បានធ្វើដែរ នោះពួកបរិសុទ្ធម្នាក់ៗ គប្បីតាំងចិត្ត ដើម្បី « រស់នៅពិតត្រង់ចំពោះសេចក្ដីជំនឿ » ។
ទំនុកបទនៃទំនុកតម្កើងច្រៀងថា « ពិតដល់ជំនឿដែលឪពុកម្ដាយយើងមាន » ( « True to the Faith » ទំនុកតម្កើង លេខ 254 ) ។
យើងអាចបន្ថែមថា « ពិតដល់ជំនឿដែលដូនតាយើងមាន » ។
ខ្ញុំឆ្ងល់ថា តើពួកយុវវ័យដែលមានចិត្តដ៏រំភើបនៅ អារីហ្សូណា នោះ បានស្គាល់ពីប្រវត្តិសាសនាចក្ររបស់គេផ្ទាល់ដែរឬទេ — ថាតើពួកគេបានស្គាល់ពីប្រវត្តិដែលគ្រួសាររបស់ពួកគេបានក្លាយទៅជាសមាជិកសាសនាចក្រដោយរបៀបណា ។ វាជាការណ៍ប្រសើរណាស់ បើពួកបរិសុទ្ធគ្រប់គ្នាបានដឹងពីរឿងនៃការប្រែចិត្តជឿរបស់ដូនតាគេ ។
ទោះអ្នកជាកូនចៅរបស់ពួកអ្នកត្រួសត្រាយផ្លូវ ឬអត់ក្ដី ក៏កេរដំណែលនៃពួកអ្នកត្រួសត្រាយផ្លូវមរមន អំពីសេចក្ដីជំនឿ និង ការលះបង់របស់ពួកគេ គឺជាកេរដំណែលរបស់អ្នកផងដែរ ។ វាជាកេរដំណែលដ៏ថ្លៃថ្នូររបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
គ្រាដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាសនាចក្រ បានកើតឡើងនៅពេលដែល វិលហ្វូឌ វូឌដ្រុព្វ ជាសាវកមួយរូបរបស់ព្រះអម្ចាស់ កំពុងបង្រៀនដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នៅទូទាំងប្រទេសអង់គ្លេស ក្នុងឆ្នាំ 1840 — គឺត្រឹមតែ 10 ឆ្នាំ ប៉ុណ្ណោះ បន្ទាប់ពីការស្ថាបនាសាសនាចក្រឡើងវិញ ។
វិលហ្វូឌ វូឌដ្រុព្វ និង ពួកសាវកផ្សេងទៀត បានផ្ដោតកិច្ចការពួកលោកនៅតំបន់ លីវើរភូល និង ព្រីស្តុន នៃប្រទេស អង់គ្លេស ដោយទទួលបានជោគជ័យយ៉ាងធំ ។ អែលឌើរ វូឌដ្រុព្វ ដែលក្រោយមកបានក្លាយជាប្រធានសាសនាចក្រ បានអធិស្ឋានទៅព្រះឥតឈប់ឈរ ឲ្យដឹកនាំលោកក្នុងកិច្ចការដ៏សំខាន់នេះ ។ ការអធិស្ឋានរបស់លោក បាននាំមកនូវការបំផុសគំនិតឲ្យទៅកន្លែងផ្សេងទៀត ដើម្បីបង្រៀនដំណឹងល្អ ។
ប្រធាន ម៉នសុន បានបង្រៀនយើងថា ពេលយើងទទួលការបំផុសគំនិតពីស្ថានសួគ៌ ឲ្យធ្វើអ្វីមួយ — នោះយើងធ្វើវាភ្លាម — យើងមិនពន្យាពេលឡើយ ។ នោះហើយជាអ្វីដែល វិលហ្វូឌ វូឌដ្រុព្វ បានធ្វើ ។ ដោយមានការណែនាំដ៏ច្បាស់លាស់ពីព្រះវិញ្ញាណ « ឲ្យទៅ … ភាគខាងត្បូង » នោះ អែលឌើរ វិលហ្វូឌ វូឌដ្រុព្វ បានចេញទៅភ្លាម ហើយបានធ្វើដំណើរទៅផ្នែកមួយនៃប្រទេស អង់គ្លេស ដែលហៅថា ហៀរហ្វសាយ — ដែលជាកន្លែងកសិដ្ឋានជនបទប៉ែកនិរតីនៃប្រទេស អង់គ្លេស ។ នៅទីនេះ លោកបានជួបនឹងកសិករធូរធារម្នាក់ឈ្មោះ ចន បិនបូ ដែលនៅទីនោះលោកទទួលបានការស្វាគមន៍ « ដោយចិត្តរីករាយ និង ដោយអំណរគុណ » ( វិលហ្វូឌ វូឌដ្រុព្វ នៅក្នុង ម៉ាស្យាស អេហ្វ ខោវលី វិលហ្វូឌ វូឌដ្រុព្វ ៖ History of His Life and Labors as Recorded in His Daily Journals [ ឆ្នាំ 1909 ] ទំព័រ 117 ) ។
ក្រុមមនុស្សប្រមាណ 600 នាក់ ដែលហៅខ្លួនថា បងប្អូនរួមសាមគ្គី បាន « អធិស្ឋានសុំពន្លឺ និង សេចក្ដីពិត » ( វិលហ្វូឌ វូឌដ្រុព្វ នៅក្នុង ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ វិលហ្វូឌ វូឌដ្រុព្វ [ ឆ្នាំ 2004 ] ទំព័រ 91 ) ។ ព្រះអម្ចាស់បានបញ្ជូន វិលហ្វូឌ វូឌដ្រុព្វ ជាចម្លើយដល់ការអធិស្ឋានរបស់ពួកគេ ។
ការបង្រៀនរបស់ អែលឌើរ វិលហ្វូឌ វូឌដ្រុព្វ បានចេញជាផ្លែផ្កាភ្លាមៗ ហើយមនុស្សជាច្រើន បានទទួលបុណ្យជ្រមុជទឹក ។ ព្រិកហាំ យ៉ង់ និង វិលឡឺឌ រីឆាដ បានចូលរួមនឹងលោកនៅស្រុក ហៀរហ្វសាយ ហើយពួកសាវកទាំងបីរូបនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ។
ក្នុងពេលតែពីរបីខែប៉ុណ្ណោះ ពួកលោកបានបង្កើតសាខាចំនួន 33 សម្រាប់សមាជិកចំនួន 541 នាក់ ដែលបានចូលរួមក្នុងសាសនាចក្រ ។ កិច្ចការដ៏អស្ចារ្យរបស់ពួកលោកបន្តទៅមុខ ហើយនៅទីបំផុត សមាជិកនៃក្រុមបងប្អូនរួមសាមគ្គីស្ទើរតែគ្រប់គ្នា បានទទួលបុណ្យជ្រមុជទឹកចូលក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ហាណា ម៉ារីយ៉ា អ៊ីហ្គលស៍ ហារីស ជាលោកយាយលួតរបស់ខ្ញុំ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេ ដែលបានស្ដាប់ វិលហ្វូឌ វូឌដ្រុព្វ ។ គាត់បានប្រាប់ រ៉ូប៊ើត ហារីស ជុញ្ញ័រ ជាស្វាមីគាត់ថា គាត់បានស្ដាប់ឮព្រះបន្ទូលរបស់ព្រះ ហើយថាគាត់មានបំណងទទួលបុណ្យជ្រមុជទឹក ។ លោកតា រ៉ូប៊ើត មិនសប្បាយចិត្តទេ ចំពោះអ្វីដែលប្រពន្ធគាត់បានប្រាប់ ។ គាត់បានប្រាប់លោកយាយថា គាត់នឹងទៅស្ដាប់ទេសនកថារបស់ពួកអ្នកផ្សព្វផ្សាយមរមនជាមួយលោកយាយ ហើយគាត់នឹងកែតម្រូវអ្នកផ្សព្វផ្សាយសាសនាទាំងនោះ ។
ពេលអង្គុយនៅជិតនឹងជួរខាងមុខនៃអង្គប្រជុំ ដោយតាំងចិត្តយ៉ាងមុតមាំថា មិនជឿទេសនកថានោះទេ ហើយប្រហែលជានឹងវាយប្រហារដល់អ្នកផ្សព្វផ្សាយសាសនាទៀតផង នោះលោកតា រ៉ូប៊ើត ត្រូវបានព្រះវិញ្ញាណធ្វើឲ្យរំជួលចិត្ត ដូចជាភរិយាគាត់ដែរ ។ គាត់ដឹងថាសារលិខិតនៃការស្ដារឡើងវិញ គឺជាការពិត ហើយគាត់ និង ភរិយាគាត់ បានទទួលបុណ្យជ្រមុជទឹក ។
រឿងនៃសេចក្ដីជំនឿ និង ការលះបង់របស់ពួកគាត់ ស្រដៀងគ្នានឹងមនុស្សរាប់ពាន់នាក់ផ្សេងទៀតដែរ ៖ ពេលពួកគាត់បានឮសារលិខិតនៃដំណឹងល្អ ពួកគាត់ដឹងថាវាពិត !
ដូចព្រះអម្ចាស់មានព្រះបន្ទូលថា « ចៀមខ្ញុំទាំងប៉ុន្មានវាស្ដាប់ខ្ញុំ ហើយមកតាមខ្ញុំ ខ្ញុំក៏ស្គាល់វាដែរ » ( យ៉ូហាន 10:27 ) ។
ដោយបានឮសំឡេងនៃអ្នកគង្វាល នោះពួកគាត់បានតាំងចិត្តទាំងស្រុង ដើម្បីរស់នៅតាមដំណឹងល្អ និង ដើរតាមការណែនាំរបស់ព្យាការីនៃព្រះអម្ចាស់ ។ ដោយការឆ្លើយតបចំពោះការហៅ « ឲ្យប្រមូលផ្ដុំទៅក្រុងស៊ីយ៉ូន » នោះពួកគាត់បានចាកចោលផ្ទះនៅប្រទេស អង់គ្លេស ធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាតាឡង់ទិច ហើយបានមកជួបជុំជាមួយនឹងពួកបរិសុទ្ធនៅ ណៅវូ អិលលីណោយ ។
ពួកគាត់បានឱបក្រសោបយកដំណឹងល្អដោយអស់ពីដួងចិត្តរបស់ពួកគាត់ ។ ខណៈដែលព្យាយាមសាងសង់លំនៅដ្ឋានថ្មី នោះពួកគាត់បានជួយក្នុងការកសាងព្រះវិហារបរិសុទ្ធ ណៅវូ ដោយថ្វាយដង្វាយជាកម្លាំងមួយភាគក្នុងដប់របស់ពួកគាត់ — ចំណាយពេលរាល់ថ្ងៃទីដប់ ទៅធ្វើការសាងសង់ព្រះវិហារបរិសុទ្ធ ។
ពួកគាត់ខូចចិត្តជាខ្លាំង ពេលបានទទួលដំណឹងពីមរណភាពរបស់ព្យាការីជាទីស្រឡាញ់របស់ពួកគាត់ គឺ យ៉ូសែប ស្ម៊ីធ និង ហៃរ៉ុម បងប្រុសលោក ។ ប៉ុន្តែ ពួកគាត់បានបន្តទៅមុខ ! ពួកគាត់នៅពិតត្រង់ចំពោះសេចក្ដីជំនឿ ។
ពេលពួកបរិសុទ្ធ ត្រូវបានគេធ្វើទុក្ខបុកម្នេញ ហើយបង្ខំឲ្យចេញពី ណៅវូ នោះលោកតា រ៉ូប៊ើត និង លោកយាយ ម៉ារីយ៉ា មានពរជ័យជាខ្លាំង ដោយបានទទួលអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ មិនយូរប៉ុន្មានពីមុនពេលពួកគាត់ឆ្លងកាត់ទន្លេ មិស៊ីស៊ិបពី ឆ្ពោះទៅទិសខាងលិច ។ ថ្វីបើពួកគាត់ មិនប្រាកដថានឹងជួបអ្វីនៅពេលខាងមុខក្តី ក៏ពួកគាត់ប្រាកដពីសេចក្ដីជំនឿ និង ទីបន្ទាល់របស់ពួកគាត់ដែរ ។
នោះពួកគាត់ដើរ ដោយមានកូនប្រាំមួយនាក់ យ៉ាងលំបាកកាត់ភក់ជ្រាំ ពេលពួកគាត់ធ្វើដំណើរឆ្លងកាត់ រដ្ឋ អៃអូវ៉ា ទៅកាន់ទិសខាងលិច ។ ពួកគាត់បានសង់ជម្រកបណ្ដោះអាសន្នមួយនៅមាត់ទន្លេ មិសសួរី ដែលក្រោយមកត្រូវបានហៅថាជា វិនធើរ ខ្វរធើរ ។
អ្នកត្រួសត្រាយផ្លូវដ៏ក្លាហានទាំងនេះ កំពុងរង់ចាំការណែនាំពីពួកសាវក អំពីរបៀប និង ពេលវេលាដែលពួកគាត់ត្រូវធ្វើដំណើរបន្តទៅទិសខាងលិចទៀត ។ ផែនការរបស់មនុស្សគ្រប់គ្នា ត្រូវបានផ្លាស់ប្ដូរ ពេល ព្រិកហាំ យ៉ង់ ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានហៅពួកបុរសឲ្យស្ម័គ្រចិត្តបម្រើក្នុងជួរកងទ័ពសហរដ្ឋអាមេរិក ដែលក្រោយមកត្រូវបានគេស្គាល់ថាជា កងវរសេនាតូចមរមននោះ ។
លោកតា រ៉ូប៊ើត ហារីស ជុញ្ញ័រ ជាមនុស្សម្នាក់ក្នុងចំណោមពួកបុរសត្រួសត្រាយផ្លូវមរមនជាង 500 នាក់នោះ ដែលបានឆ្លើយតបចំពោះការហៅមកពី ព្រិកហាំ យ៉ង់ ។ មានន័យថា គាត់បានចូលបម្រើទ័ព ទោះជាគាត់ត្រូវចាកចោលភរិយា ដែលកំពុងតែមានផ្ទៃពោះ និង កូនតូចៗទាំងប្រាំមួយនាក់ក៏ដោយ ។
ហេតុអ្វីគាត់ និង បុរសផ្សេងទៀតធ្វើបែបនេះ ?
ចម្លើយគឺមាននៅក្នុងប្រសាសន៍ផ្ទាល់របស់លោកតាលួតខ្ញុំ ។ ក្នុងអក្ខរាមួយច្បាប់ ដែលគាត់បានសរសេរទៅភរិយា ពេលកងវរសេនាតូច បាននៅតាមផ្លូវទីកាន់ទីក្រុង សាន់តា ហ្វេ នោះគាត់បានថ្លែងថា « សេចក្ដីជំនឿរបស់បង គឺរឹងមាំជានិច្ច ( ហើយពេលបងគិតពីការណ៍ទាំងឡាយដែល ព្រិកហាំ យ៉ង់ បានប្រាប់យើង ) បងជឿថា វាដូចជាព្រះដ៏មហិមា បានប្រាប់បងអញ្ចឹង » ។
និយាយឲ្យខ្លីទៅ គាត់បានដឹងថា គាត់កំពុងស្ដាប់ដល់ព្យាការីនៃព្រះ ដូចជាបុរសផ្សេងទៀតដែរ ។ នោះហើយជាមូលហេតុដែលពួកគាត់បានធ្វើវា ! ពួកគាត់បានដឹងថា ពួកគាត់ត្រូវបានដឹកនាំដោយព្យាការីនៃព្រះ ។
ក្នុងអក្ខរាដដែលនោះ គាត់បានបង្ហាញពីអារម្មណ៍ដ៏ទន់ភ្លន់របស់គាត់ចំពោះភរិយា និង កូនៗ ហើយបានប្រាប់ពីការអធិស្ឋានដ៏ឥតឈប់ឈររបស់គាត់ ដើម្បីឲ្យភរិយា និង កូនៗបានពរជ័យ ។
តមកទៀត ក្នុងអក្ខរានោះ គាត់បានថ្លែងយ៉ាងអស្ចារ្យថា ៖ « យើងមិនត្រូវភ្លេចពីការណ៍ដែលអូន និង បងបានឮ ហើយ [ មានបទពិសោធន៍ ] ក្នុងព្រះវិហារបរិសុទ្ធនៃព្រះអម្ចាស់ឡើយ » ។
រួមជាមួយនឹងទីបន្ទាល់ពីមុនរបស់គាត់ដែលថា « យើងត្រូវបានដឹកនាំដោយព្យាការីនៃព្រះ » នោះប្រសាសន៍ប្រៀនប្រដៅដ៏ពិសិដ្ឋទាំងពីរនេះ បានក្លាយដូចជាបទគម្ពីរចំពោះខ្ញុំ ។
រយៈពេលដប់ប្រាំបីខែ បន្ទាប់ពីចាកចេញទៅជាមួយនឹងកងវរសេនាតូច លោកតា រ៉ូប៊ើត ហារីស បានត្រឡប់មកជួបជុំលោកយាយ ម៉ារីយ៉ា ជាទីស្រឡាញ់របស់គាត់វិញ ។ ពួកគាត់បានបន្តនៅពិត និង ស្មោះត្រង់ចំពោះដំណឹងល្អដែលស្ដារឡើងវិញអស់មួយជីវិតពួកគាត់ ។ ពួកគាត់មានកូន 15 នាក់ ដែលក្នុងនោះ 13 នាក់ បានរស់នៅដល់មជ្ឈិមវ័យ ។ ហ្វានីយែ វ៉កឃើរ ជាលោកយាយខ្ញុំ មកពីទីក្រុង រេយម៉ុន អាល់ប៊ើរតា ប្រទេស កាណាដា គឺជាចៅម្នាក់ក្នុងចំណោមចៅទាំង 136 នាក់ របស់ពួកគាត់ ។
លោកយាយ វ៉កឃើរ មានមោទនភាពអំពីការពិតដែលថា លោកតារបស់គាត់ បានបម្រើក្នុងកងវរសេនាតូចមរមន ហើយគាត់ចង់ឲ្យចៅទាំងអស់របស់គាត់ដឹងពីរឿងនេះ ។ ឥឡូវនេះ ដោយខ្ញុំជាលោកតាម្នាក់ដែរ នោះខ្ញុំយល់ពីមូលហេតុ ដែលវាសំខាន់ចំពោះគាត់ ។ គាត់ចង់បង្វែរចិត្តកូនមកឯឪពុក ។ គាត់ចង់ឲ្យចៅៗគាត់ដឹងពីកេរដំណែលដ៏សុចរិតរបស់ពួកគេ — ព្រោះគាត់បានដឹងថា វានឹងផ្ដល់ពរជ័យដល់ជីវិតពួកគេ ។
កាលណាយើងកាន់តែមានអារម្មណ៍ជាប់ជំពាក់នឹងដូនតាដ៏សុចរិតរបស់យើងខ្លាំងប៉ុណ្ណា នោះយើងទំនងជានឹងធ្វើការជ្រើសរើសឈ្លាសវៃ និង សុចរិតកាន់តែខ្លាំងប៉ុណ្ណោះដែរ ។
នេះជាការពិត ។ យើងម្នាក់ៗនឹងមានពរជ័យយ៉ាងមហិមា បើយើងដឹងពីរឿងនៃសេចក្ដីជំនឿ និង ការលះបង់ ដែលនាំឲ្យដូនតាយើងចូលរួមក្នុងសាសនាចក្ររបស់ព្រះអម្ចាស់នោះ ។
តាំងពីដំបូងមក លោកតា រ៉ូប៊ើត និង លោកយាយ ម៉ារីយ៉ា បានឮ វិលហ្វូឌ វូឌដ្រុព្វ បង្រៀន និង ថ្លែងទីបន្ទាល់ពីការស្ដារឡើងវិញនៃដំណឹងល្អ ពួកគាត់បានដឹងថា ដំណឹងល្អពិត ។
ពួកគាត់ក៏បានដឹងដែរថា មិនថាមានការសាកល្បង ឬ ការលំបាកដែលពួកគាត់ជួបប្រទះយ៉ាងណាទេ នោះពួកគាត់នឹងបានពរជ័យមកពីការបន្តនៅពិតត្រង់ចំពោះសេចក្ដីជំនឿ ។ វាហាក់ដូចជា ពួកគាត់បានឮប្រសាសន៍របស់ព្យាការីយើងសព្វថ្ងៃនេះ ដែលថា « គ្មានការលះបង់ណាដែលធំហួសហេតុពេក … ដើម្បីនឹងទទួលពរជ័យនៃ [ ព្រះវិហារបរិសុទ្ធ ] ឡើយ » ( ថូម៉ាស អេស ម៉នសុន « The Holy Temple—a Beacon to the World » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ 2011 ទំព័រ 92 ) ។
ចម្លាក់នៅលើកាក់របស់អង់គ្លេសតម្លៃពីរផោន មានឃ្លាថា « ឈរនៅលើស្មាយក្ស » មានន័យថាទទួលផលពីអ្នកខំធ្វើកិច្ចការពីមុនមក ។ ពេលខ្ញុំគិតពីដូនតាជាអ្នកត្រួសត្រាយផ្លូវដ៏អស្ចារ្យរបស់យើង ខ្ញុំមានអារម្មណ៍ថា យើងទាំងអស់គ្នាកំពុងឈរនៅលើស្មាយក្ស ។
ទោះជាដំបូន្មាននោះ បានចេញមកពីសំបុត្ររបស់លោកតា រ៉ូប៊ើត ហារីស ក្ដី ក៏ខ្ញុំជឿថា ដូនតាជាច្រើនទៀត នឹងផ្ញើសារដំណឹងដូចគ្នានេះទៅដល់កូនចៅរបស់ពួកគាត់ថា ៖ ទីមួយ យើងមិនត្រូវភ្លេចពីបទពិសោធន៍ដែលយើងមានក្នុងព្រះវិហារបរិសុទ្ធឡើយ ហើយយើងមិនត្រូវភ្លេចពីសេចក្ដីសន្យា និង ពរជ័យទាំងឡាយដែលមានដល់យើងម្នាក់ៗ ដោយសារព្រះវិហារបរិសុទ្ធដែរ ។ ទីពីរ យើងមិនត្រូវភ្លេចថា យើងត្រូវបានដឹកនាំដោយព្យាការីនៃព្រះឡើយ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា យើងត្រូវបានដឹកនាំដោយព្យាការីនៃព្រះ ។ ព្រះអម្ចាស់បានស្ដារសាសនាចក្រទ្រង់ឡើងវិញនៅក្នុងថ្ងៃចុងក្រោយ តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ហើយយើងមិនត្រូវភ្លេចថា យើងត្រូវបានដឹកនាំដោយព្យាការីទាំងឡាយនៃព្រះជាបន្តបន្ទាប់មិនដាច់ ចាប់តាំងពី យ៉ូសែប ដល់ ព្រិកហាំ ហើយរហូតដល់ប្រធាននៃសាសនាចក្រ ជាព្យាការីយើងសព្វថ្ងៃនេះ — គឺ ថូម៉ាស អេស ម៉នសុន នោះឡើយ ។ ខ្ញុំស្គាល់លោក ខ្ញុំគោរពលោក ហើយខ្ញុំស្រឡាញ់លោក។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា លោកជាព្យាការីនៃព្រះនៅលើផែនដីសព្វថ្ងៃនេះ ។
ខ្ញុំមានបំណងប្រាថ្នាយ៉ាងជ្រាលជ្រៅជាមួយនឹងកូនៗ និង ចៅៗខ្ញុំថា យើងនឹងតម្កើងដល់កេរដំណែលដូនតាដ៏សុចរិតរបស់យើង — គឺពួកអ្នកត្រួសត្រាយផ្លូវដ៏ស្មោះត្រង់ទាំងនោះ ដែលសុខចិត្តដាក់អ្វីៗគ្រប់យ៉ាងនៅលើអាសនៈ ដើម្បីថ្វាយ ហើយគាំទ្រដល់ព្រះពួកគាត់ និង សេចក្ដីជំនឿពួកគាត់ ។ ខ្ញុំសូមអធិស្ឋានថា យើងម្នាក់ៗនឹងរស់នៅពិតត្រង់ចំពោះសេចក្ដីជំនឿ ដែលឪពុកម្ដាយយើងមាន ។ ក្នុងព្រះនាមដ៏បរិសុទ្ធ និង ពិសិដ្ឋនៃ ព្រះយេស៊ូវគ្រីស្ទ អាមែន ។