បួននាទីរបស់អ្នក
អព្ភូតហេតុនៃដង្វាយធួន អាចបំពេញនូវភាពមិនល្អឥតខ្ចោះនៅក្នុងការអនុវត្តរបស់យើង។
ការប្រកួតកីឡាអូឡាំពិករដូវរងារថ្មីៗនេះ បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ដោយមានកីឡាករតំណាងពីប្រទេសទាំង 89 ប្រកួតក្នុង 98 ព្រឹត្តិការណ៍ផ្សេងគ្នា ។ ដែលគួរឲ្យកត់សម្គាល់នោះ មានកីឡាករ 10 រូបក្នុងចំណោមកីឡាករទាំងនេះ ជាសមាជិកក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ កីឡាករទាំងបីដែលដណ្ដើមបានមេដាយ ដែលបានចុះក្នុងសារព័ត៌មានសាសនាចក្រថ្មីៗនេះគឺ ៖ គ្រីស្ដូហ្វើរ ហ្វូហ្គ, ណូអែល ពីគុស-ផេស និង តូរ៉ា ប្រាយ ។1 យើងសូមអបអរសាទរដល់កីឡាករទាំងអស់ដែលបានឈ្នះ ។ ធ្វើបានល្អណាស់ !
ព្រឹកនេះខ្ញុំសូមថ្លែងពីការប្រកួតកីឡា ដោយបង្វែគំនិតទៅចំពោះយុវជន យុវនារី និង យុវមជ្ឈិមវ័យនៅលីវ — ដែលជាពេលអ្នកត្រូវកំណត់ពីឆាកជីវិតរបស់អ្នក ។ ខ្ញុំទទួលអារម្មណ៍បន្ទាន់ជាខ្លាំងដើម្បីថ្លែងទៅកាន់អ្នក ។
ដើម្បីអ្នកអាចទទួលបានអារម្មណ៍បន្ទាន់នេះ ខ្ញុំសូមចែកចាយប្រវត្តិរបស់ ណូអែល ពីគុស-ផេស ដែលជាកីឡាការនីពួកបរិសុទ្ធថ្ងៃចុងក្រោយមួយរូប ។ ក្នុងការប្រកួតជិះគាវទឹកកករបស់ ណូអែល កីឡាករត្រូវបង្កើតកម្លាំងរុញដោយប្រើជើងសាប់យ៉ាងញាប់ ហើយក្រោយមក បោះពួយទៅមុខដោយឡើងជិះលើគាវទឹកកកដ៏តូចនោះ ។ ដោយមុខរបស់ពួកគេឱនទាបជិតដល់ដី នោះពួកគេបោះពួយទៅមុខនៅលើទឹកកក ដោយវាងចុះវាងឡើងបន្សល់ទុកដានក្នុងរយៈល្បឿន 145 គ.ម ក្នុងមួយម៉ោង ។
ដែលគួរឲ្យកត់សម្គាល់ ការត្រៀមខ្លួនជាច្រើនឆ្នាំ នឹងត្រូវចាត់ទុកជាជោគជ័យផង ឬ ការខកចិត្តផងដោយផ្អែកលើអ្វីដែលកើតឡើងនៅចន្លោះពេល 60 វិនាទីដ៏ប្រញឹកទាំងបួនដងក្នុងជុំនីមួយៗ ។
ក្ដីសុបិនរបស់ ណូអែល ក្នុងកីឡាអូឡាំពិកឆ្នាំ 2006 ត្រូវបានរលាយបាត់ដោយគ្រោះថ្នាក់បាក់ជើងដ៏អាក្រក់មួយ ។ ក្នុងកីឡាអូឡាំពិកឆ្នាំ 2010 សុបិនរបស់នាងរលាយបាត់ម្ដងទៀត ដែលគ្រាន់តែមួយភាគដប់ក្នុងមួយវិនាទីប៉ុណ្ណោះ ធ្វើឲ្យមិនបានទទួលពានរង្វាន់ ។2
តើអ្នកអាចប៉ាន់ស្មានពីក្ដីអន្ទះសា ដែលនាងមានពេលនាងរង់ចាំចាប់ផ្ដើមការប្រកួតដំបូងក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ 2014 ដែរឬទេ? ការត្រៀមខ្លួនជាច្រើនឆ្នាំនឹងត្រូវសម្រេចក្នុងរយៈពេលមួយដ៏សែនខ្លី។ សរុបទាំងអស់បួននាទី។ នាងបានចំណាយពេលច្រើនឆ្នាំក្នុងការត្រៀមខ្លួនសម្រាប់រយៈពេលបួននាទីនោះ ហើយនាងនឹងចំណាយពេលអស់មួយជីវិតបន្ទាប់ពីនោះក្នុងការគិតពីនាទីទាំងនោះ ។
ការប្រកួតផ្ដាច់ព្រ័ត្ររបស់ ណូអែល ស្ទើរតែបានល្អឥតខ្ចោះតែម្ដង ! យើងនឹងពុំភ្លេចពីការណ៍ដែលនាងបានលោតទៅឱបគ្រួសារនាងលើវេទិកា បន្ទាប់ពីបានឆ្លងកាត់ខ្សែផ្ដាច់ព្រ័ត្រ ដោយស្រែកថា « យើងសម្រេចបានហើយ » នោះទេ ! ការត្រៀមខ្លួនរយៈពេលជាច្រើនឆ្នាំរបស់នាង បានទទួលជោគជ័យ ។ យើងបានឃើញមេដាយយុវនារីបំពាក់លើនាង ជាមេដាយមាសនៅក្នុងនោះ ។3
វាអាចមិនយុត្តិធម៌ទេ ដែលក្ដីសុបិនកីឡាអូឡាំពិកទាំងស្រុងរបស់ ណូអែល ផ្អែកទៅលើអ្វីដែលនាងបានធ្វើ អំឡុងពេលតែបួននាទីដ៏ខ្លីនោះ ។ ប៉ុន្តែ នាងបានដឹងពីរឿងនោះ ដែលជាហេតុនាំឲ្យនាងត្រៀមខ្លួនយ៉ាងឧស្សាហ៍ ។ នាងស្គាល់ពីភាពសំខាន់ ដែលជាភាពបន្ទាន់នៃបួននាទីរបស់នាង ហើយពីអ្វីដែលនឹងមានន័យលើនាងអស់មួយជីវិត ។
យើងក៏ចងចាំពី គ្រីស្ដូហ្វើរ ហ្វូហ្គ ជាសមាជិកក្រុមដែលឈ្នះមេដាយសំរឹទ្ធក្នុងការប្រណាំងគាវទឹកកកមនុស្សបួននាក់ ។ ខណៈដែលគាត់អាចបោះបង់ចោលការប្រកួត បន្ទាប់ពីការចាញ់កីឡាអូឡាំពិកឆ្នាំ 2010 គាត់បានជ្រើសរើសនៅព្យាយាមបន្ត ។ បន្ទាប់ពីការប្រកួតដ៏អស្ចារ្យ គាត់បានឈ្នះពានរង្វាន់ដែលគាត់ប្រឹងប្រែង ។4
ឥឡូវនេះ សូមគិតពីមាគ៌ាទៅកាន់ជីវិតអស់កល្បរបស់អ្នក គឺវាស្រដៀងគ្នានឹង « ការប្រកួតរយៈពេលបួននាទី » របស់កីឡាករទាំងនេះដែរ ។ អ្នកគឺជាសភាវៈដ៏អស់កល្ប ។ មុនអ្នកកើតមក អ្នកគឺជាវិញ្ញាណ ។ ក្នុងវត្តមានព្រះវរបិតាសួគ៌ជាទីស្រឡាញ់ អ្នកបានហាត់រៀន ហើយត្រៀមខ្លួនមកកើតលើផែនដីក្នុងមួយរយៈពេលខ្លី ហើយប្រព្រឹត្តឲ្យបានល្អ ។ ជីវិតនេះ គឺជារយៈពេលបួននាទីរបស់អ្នក ។ កាលនៅលើផែនដីនេះ ទង្វើអ្នកនឹងកំណត់ថា អ្នកបានឈ្នះពានរង្វាន់ជីវិតអស់កល្បឬទេ ។ ព្យាការី អាមូលេក ថ្លែងថា « នេះគឺជាពេលវេលា … សម្រាប់ឲ្យមនុស្សប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ មែនហើយ មើលចុះ ពេលវេលានៃជីវិតនេះ … ដើម្បីប្រព្រឹត្តការងារទាំងឡាយរបស់ខ្លួន » ។5
ក្នុងន័យនេះ បួននាទីរបស់អ្នកបានចាប់ផ្ដើមហើយ ។ ពេលវេលារំកិលទៅមុខ ។ ប្រសាសន៍សាវកប៉ុលលើកឡើងចំៗថា ៖ « ឲ្យរត់បែបឲ្យបានរង្វាន់ចុះ » ។6
តាមរបៀបដូចគ្នានឹងជំហានមួយចំនួន គឺចាំបាច់ក្នុងការប្រកួតរបស់កីឡាករអូឡាំពិក ការលោត ឬ សមយុទ្ធសម្រាប់អ្នកជិះស្គី និង ក្ដារបន្ទះលើទឹកកក ការឆ្លងកាត់វគ្គប្រណាំងគាវទឹកកក ឬ ការឆ្លងកាត់ក្លោងទ្វារចុះទួលនៃការប្រកួត ដូច្នេះវាដូចគ្នាទៅនឹងជីវិតយើង ដែលមានរឿងមួយចំនួនចាំបាច់យ៉ាងខ្លាំង — ជាការដាក់ពិន្ទុដែលឲ្យយើងឆ្លងកាត់កិច្ចការខាងវិញ្ញាណនៅលើផែនដី ។ ការដាក់ពិន្ទុខាងវិញ្ញាណទាំងនេះ គឺជាពិធីបរិសុទ្ធនៃដំណឹងល្អចាំបាច់ៗ មានដូចជា ៖ បុណ្យជ្រមុជទឹក ការទទួលអំណោយទានព្រះវិញ្ញាណបរិសុទ្ធ ការតែងតាំងបព្វជិតភាព ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និង ការទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍ ។
« នៅក្នុងពិធីបរិសុទ្ធ[ ទាំងឡាយ ]… នោះអំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ។7
ក្រិត្យក្រមនៃការហ្វឹកហ្វឺន ត្រៀមខ្លួនកីឡាករដើម្បីប្រកួតវិញ្ញាសារនានា ក្នុងកីឡាកម្រិតខ្ពស់បំផុតរបស់ពួកគេ គឺវាដូចគ្នាទៅនឹងការរក្សាបញ្ញត្តិទាំងឡាយ ដែលនឹងឲ្យអ្នកមានគុណសម្បត្តិ ដើម្បីទទួលពិធីបរិសុទ្ធនានា ។
តើអ្នកស្គាល់ពីភាពបន្ទាន់ដែរឬទេ ?
មិត្តវ័យក្មេងអើយ មិនថាអ្នកនៅទីណាក្នុង « បួននាទីនៃកិច្ចការរបស់អ្នក » ទេ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យពិចារណាថា « តើខ្ញុំត្រូវធ្វើអ្វីបន្ទាប់មកទៀតនេះ ដើម្បីទទួលបានមេដាយ » ? ប្រហែលអំឡុងសន្និសីទនេះ ព្រះវិញ្ញាណខ្សឹបប្រាប់អ្នកពីអ្វីអាចមាន ៖ ដើម្បីត្រៀមខ្លួនកាន់តែដិតដល់សម្រាប់ពិធីបរិសុទ្ធមួយក្នុងពេលអនាគត ឬ ដើម្បីទទួលពិធីបរិសុទ្ធដែលអ្នកគួរតែទទួលបានជាយូរមកហើយ ។ មិនថាវាដូចម្ដេចនោះទេ ចូរធ្វើវាឥឡូវនេះ ។ កុំទុកយូរ ។ បួននាទីរបស់អ្នកនឹងកន្លងទៅយ៉ាងរហ័ស ហើយអ្នកនឹងមានភាពអស់កល្ប ដើម្បីគិតពីអ្វីដែលអ្នកបានធ្វើនៅក្នុងជីវិតលើផែនដីនេះ ។8
ការដាក់វិន័យខ្លួនឯង គឺសំខាន់ណាស់ ។ ការអធិស្ឋានរាល់ថ្ងៃ សិក្សាគម្ពីរជាប្រចាំ និង ការចូលរួមព្រះវិហារ ត្រូវតែជាគ្រឹះនៃការហ្វឹកហ្វឺនរបស់អ្នក ។ តម្រូវឲ្យមានរបៀបជាទៀងទាត់នៃការគោរពប្រតិបត្តិតាមបញ្ញត្តិ រក្សាសេចក្ដីសញ្ញាដែលអ្នកបានធ្វើ និង ការធ្វើតាមបទដ្ឋានរបស់ព្រះ ដែលមានចែងក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។
ប្រហែលអ្នកខ្លាចរឿងទាំងឡាយក្នុងជីវិត ដែលបង្ខំឲ្យមានការចុះថយ ឬ បញ្ឈប់ភាពរីកចម្រើនខាងវិញ្ញាណរបស់អ្នក ។ បើដូច្នោះមែន សូមធ្វើតាមដំបូន្មានបទគម្ពីរនេះថា ៖ « ត្រូវឲ្យយើងចោលអស់ទាំងបន្ទុក និង អំពើបាបដែលរុំយើងជុំវិញជាងាយម្ល៉េះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំងដែលនៅមុខយើង » ។9
វាពុំទាន់ហួសពេលទេដើម្បីប្រែចិត្ត ។ ប៉ុន្តែ មិនយូមិនឆាប់ទេ វានឹងហួស ព្រោះគ្មាននរណាដឹងទេថាពេលណាអ្នកនឹងស្លាប់នោះឡើយ ។
ឥឡូវ អ្នកអាចគិតពីខ្លួនអ្នកថា « ខ្ញុំបានបង្ហិនពេលវេលាហើយ ។ បួននាទីរបស់ខ្ញុំឥតប្រយោជន៍ទេ ។ ខ្ញុំក៏នឹងបោះបង់ចោលដែរ » ។ បើដូច្នោះមែន សូមឈប់គិតដូចនោះ ហើយកុំគិតពីវាទៀតឡើយ ។ អព្ភូតហេតុនៃដង្វាយធួន អាចនាំយកភាពគ្រប់លក្ខណ៍មកក្នុងកិច្ចការយើងបាន ។ ដូចអែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនថា ៖
« ជូនចំពោះអ្នក … ដែលនៅតែមានភាពស្ទាក់ស្ទើរ … ខ្ញុំសូមថ្លែងទីបន្ទាល់ពីការចាប់ផ្ដើមនៃព្រះចេស្ដានៃសេចក្ដីស្រឡាញ់របស់ព្រះឡើងវិញ និង ពីអព្ភូតហេតុនៃសេចក្ដីករុណាទ្រង់ …
« … វាពុំដែលយឺតពេលនោះទេ ដរាបព្រះអម្ចាស់ … មានបន្ទូលថានៅមានពេល … ចូរកុំពន្យាពេល » ។10
សូមចាំថា អ្នកមិននៅតែឯងទេ ។ ព្រះសង្គ្រោះ បានសន្យាថាទ្រង់នឹងពុំទុកអ្នកឲ្យរងារឯការឡើយ ។ អ្នកក៏មានគ្រួសារ មិត្តភក្ដិ និង ថ្នាក់ដឹកនាំដែលនៅចាំគាំទ្រអ្នក ។11
ទោះជាសុន្ទរកថារបស់ខ្ញុំសំដៅលើយុវវ័យក្នុងសាសនាចក្រក្ដី ខ្ញុំសូមផ្ដល់ជូនឪពុកម្ដាយ និង លោកតាលោកយាយនូវអ្វីមួយដូចខាងក្រោម ៖
ថ្មីៗនេះ អែលឌើរ ដេវីឌ អេ បែដណា បានរៀបរាប់ពីរបៀបសាមញ្ញដើម្បីដឹកនាំការវាយតម្លៃគ្រួសារដើម្បីកត់សម្គាល់ភាពរីកចម្រើនលើមាគ៌ានៃសេចក្ដីសញ្ញាដោយពិធីបរិសុទ្ធសំខាន់ៗ ។ អ្វីដែលត្រូវការគឺជាក្រដាសមួយសន្លឹកគូសតារាងពី ៖ « ឈ្មោះ » និង « ផែនការសម្រាប់ពិធីបរិសុទ្ធចាំបាច់បន្ទាប់ » ។ ថ្មីៗនេះ ខ្ញុំបានធ្វើដូច្នេះដោយចុះឈ្មោះសមាជិកគ្រួសារនីមួយៗ ។ ចំណោមពួកគេ ខ្ញុំបានកត់ត្រាឈ្មោះចៅតូចម្នាក់ ដែលនឹងទទួលការប្រសិទ្ធពរឆាប់ៗនេះ ចៅអាយុប្រាំមួយឆ្នាំម្នាក់ ដែលត្រៀមខ្លួនធ្វើបុណ្យជ្រមុជទឹក និង កូនប្រុសម្នាក់ដែលនឹងដល់អាយុ 18 ឆ្នាំត្រៀមខ្លួនទទួលបព្វជិតភាព និង អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ។ មនុស្សគ្រប់គ្នាដែលមានក្នុងបញ្ជី បានត្រូវការពិធីបរិសុទ្ធសាក្រាម៉ង់ ។ ការអនុវត្តន៍សាមញ្ញបែបនេះ ជួយខ្ញុំឲ្យបំពេញតួនាទីយើង ដើម្បីជួយសមាជិកគ្រួសារអ្នកម្នាក់ៗដើរតាមមាគ៌ានៃសេចក្ដីសញ្ញា ដោយមានផែនការសកម្មភាពសម្រាប់គេរៀងខ្លួន ។ ប្រហែលនេះជាគំនិតមួយសម្រាប់អ្នក ដែលនឹងនាំឲ្យមានការពិភាក្សាជាគ្រួសារ មេរៀនរាត្រីជុំគ្រួសារ ការត្រៀមខ្លួន និង ការអញ្ជើញឲ្យទទួលពិធីបរិសុទ្ធសំខាន់ក្នុងគ្រួសារអ្នក ។12
ព្រោះខ្ញុំជាអ្នកជិះស្គី និង អ្នកជិះក្ដារបន្ទះលើទឹកកក ខ្ញុំស្ញើចយ៉ាងខ្លាំងចំពោះ « ការឈ្នះមេដាយប្រកួត « បួននាទី » របស់កីឡាការនីអិល.ឌី.អែស ជនជាតិអូស្ត្រាលីឈ្មោះ តូរ៉ា ប្រាយ នៅក្នុងវគ្គប្រកួតជិះក្ដារបន្ទះលើទឹកកក ។ នាងបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ ពេលនាងបញ្ចប់ដោយល្អឥតខ្ចោះក្នុងស្នៀត backside rodeo 720 ។ យ៉ាងណាក៏ដោយ អ្វីដែលកាន់តែស្ញប់ស្ញែងដល់ពិភពលោកនោះគឺ នាងបានប្រព្រឹត្ត ហើយសម្ដែងសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទចំពោះដៃគូប្រកួតនាង ។ នាងបានសម្គាល់ថា អ្នកជិះក្ដារបន្ទះលើទឹកកកជនជាតិអាមេរិកឈ្មោះ ខេលលី ក្លាក បានធ្វើការប្រណាំងលើកទីមួយមិនបានល្អនៅជុំផ្ដាច់ព្រ័ត្រ បានចាប់ផ្ដើមភ័យចំពោះការប្រកួតលើកទីពីរ ។ ក្លាក បានលើកឡើងថា « នាងបានឱបខ្ញុំ » ។ នាងបានឱបខ្ញុំជាប់ដរាបដល់ខ្ញុំបាត់ភ័យ ហើយខ្ញុំបានដកដង្ហើមមួយៗ ។ វាជាការល្អដែលមានមិត្តមកឱបខ្ញុំ ។ ក្រោយមក ខេលលី ក្លាក បានចូលរួមទទួលពានរង្វាន់មេដាយសំរឹទ្ធិនៅលើវេទិកាជាមួយ តូរ៉ា ។
ពេលនាងត្រូវបានសួរពីទង្វើនៃសន្ដានចិត្តដ៏អស្ចារ្យដែលបានធ្វើចំពោះដៃគូប្រជែងរបស់នាង ដែលអាចធ្វើឲ្យនាង មិនអាចដណ្ដើមមេដាយប្រាក់របស់នាង នោះ តូរ៉ា បានឆ្លើយយ៉ាងសាមញ្ញថា « ខ្ញុំជាអ្នកប្រកួត — ខ្ញុំចង់ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព — ប៉ុន្តែ ខ្ញុំក៏ចង់ឲ្យដៃគូប្រកួតខ្ញុំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដែរ » ។13
ដោយទុកការណ៍នេះក្នុងចិត្ត តើមាននរណាដែលត្រូវការការលើកទឹកចិត្តពីអ្នកដែរឬទេ ? សមាជិកគ្រួសារ ? មិត្តភក្ដិ ? មិត្តរួមថ្នាក់ ឬ សមាជិកក្នុងកូរ៉ុម ? តើអ្នកអាចជួយពួកគេក្នុងបួននាទីរបស់ពួកគេបានយ៉ាងដូចម្ដេច ?
មិត្តជាទីស្រឡាញ់អើយ អ្នកដើរនៅក្នុងដំណើរជីវិតដែលសប្បាយរីករាយ ។ នៅពេលខ្លះ អ្នកចូលក្នុងការប្រកួត ឬ ជិះលើគាវទឹកកក ហើយវាអាចជាឧបសគ្គដើម្បីប្រកួតវិញ្ញាសារ ឬ បញ្ជាគាវដែលមានតាមលំដាប់លំដោយ ។ ប៉ុន្តែសូមចាំថា អ្នកបានត្រៀមខ្លួនជាយូរមកហើយ ។ នេះគឺជាពេលដែលអ្នកត្រូវប្រកួត ។ នេះគឺជាបួននាទីរបស់អ្នកហើយ ! ដល់ពេលហើយ !
ខ្ញុំសូមសម្ដែងការជឿជាក់ដ៏ខ្ពស់លើសមត្ថភាពរបស់អ្នក ។ អ្នកមានព្រះសង្គ្រោះនៃពិភពលោកតាមជួយជានិច្ច ។ បើអ្នកស្វែងរកជំនួយពីទ្រង់ ហើយធ្វើតាមការណែនាំទ្រង់ តើអ្នកអាចបរាជ័យបានដូចម្ដេចនឹងកើតទៅ ?
ខ្ញុំសូមបញ្ចប់ដោយទីបន្ទាល់នៃពរជ័យ ដែលយើងមានលើព្យាការីដែលកំពុងរស់នៅ គឺប្រធាន ថូម៉ាស អេស ម៉នសុន ពីព្រះយេស៊ូវគ្រីស្ទ និង តួនាទីទ្រង់ជាព្រះសង្គ្រោះ និង ព្រះប្រោសលោះ នៅក្នុងព្រះនាមដ៏បរិសុទ្ធ គឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។