កូនសោនានា និង សិទ្ធិអំណាចនៃបព្វជិតភាព
កូនសោនៃបព្វជិតភាពដឹកនាំទាំងបុរស និង ស្ដ្រី ហើយពិធីបរិសុទ្ធនៃបព្វជិតភាព និង អ្នកដឹកនាំបព្វជិតភាពជះឥទ្ធិពលទាំងបុរស និង ស្ដ្រីដែរ។
I.
នៅក្នុងសន្និសីទនេះយើងបានឃើញការដោះលែងដល់បងប្អូនប្រុសដ៏ស្មោះត្រង់មួយចំនួន ហើយបានគាំទ្រដល់ការហៅរបស់អ្នកដទៃទៀត ។ ក្នុងការផ្លាស់ប្ដូរនេះ --- ដែលជារឿងទូទៅក្នុងសាសនាចក្រ --- យើងមិនបាន « បន្ថយឋានៈ » ពេលយើងត្រូវបានដោះលែង ហើយមិន « ឡើងឋានៈ » ពេលយើងត្រូវបានហៅដែរ ។ គ្មាន « ការឡើង ឬ ចុះ » ក្នុងការបម្រើរបស់ព្រះអម្ចាស់ឡើយ ។ មានតែ « ឆ្ពោះទៅមុខ ឬ ថយក្រោយ » ប៉ុណ្ណោះ ហើយភាពខុសគ្នានោះអាស្រ័យទៅលើរបៀបដែលយើងទទួលយក ហើយអនុវត្តការដោះលែង និង ការហៅយើង ។ គ្រាមួយខ្ញុំបានធ្វើជាអធិបតីនៅការដោះលែងប្រធានស្តេកវ័យក្មេងម្នាក់ដែលបានផ្ដល់ការបម្រើយ៉ាងល្អរយៈពេលប្រាំបួនឆ្នាំ ហើយឥឡូវកំពុងរីករាយក្នុងការដោះលែងគាត់ និង ការហៅថ្មីដែលគាត់ និង ភរិយាទើបបានទទួល ។ ពួកគេបានហៅឲ្យធ្វើជាអ្នកដឹកនាំថ្នាក់ទារកដ្ឋាននៅក្នុងវួដ ។ មានតែក្នុងសាសនាចក្រនេះប៉ុណ្ណោះដែលការណ៍នោះមើលទៅថាមានកិត្តិយសស្មើគ្នា !
II.
កាលថ្លែងក្នុងសន្និសីទស្ត្រី លីនដា ខេ ប៊ើតុន ជាប្រធានសមាគមសង្គ្រោះទូទៅបានពោលថា « យើងសង្ឃឹមដើម្បីបណ្ដុះ ក្នុងខ្លួនយើងម្នាក់ៗនូវក្ដីប្រាថ្នាដ៏ធំមួយដើម្បីយល់ពីបព្វជិតភាពឲ្យប្រសើរជាងមុន » ។1 យើងត្រូវអនុវត្តវាទាំងអស់គ្នា ហើយខ្ញុំនឹងបន្តបង្រៀនដោយលើកឡើងពីកូនសោ និង សិទ្ធិអំណាចនៃបព្វជិតភាព ។ ដោយសារប្រធានបទទាំងនេះជាក្ដីបារម្ភដូចគ្នាចំពោះបុរស និង ស្ត្រី ខ្ញុំមានចិត្តរីករាយដែលប្រធានបទទាំងនេះត្រូវបានចាក់ផ្សាយ ហើយបោះពុម្ពសម្រាប់សមាជិកសាសនាចក្រទូទៅ ។ អំណាចបព្វជិតភាពប្រទានពរយើងគ្រប់គ្នា ។ កូនសោនៃបព្វជិតភាពដឹកនាំទាំងបុរស និងស្ដ្រី ហើយពិធីបរិសុទ្ធនៃបព្វជិតភាព និង អ្នកដឹកនាំបព្វជិតភាពជះឥទ្ធិពលលើទាំងបុរស និង ស្ដ្រីដែរ ។
III.
ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានរៀបរាប់បព្វជិតភាពថាជា « ព្រះចេស្តានៃព្រះដែលបានប្រគល់ដល់មនុស្សដើម្បីធ្វើកិច្ចការសម្រាប់សេចក្តីសង្គ្រោះនៃគ្រួសារមនុស្សលោកលើផែនដីនេះ » ។2 ថ្នាក់ដឹកនាំផ្សេងទៀតបានបង្រៀនយើងថា បព្វជិតភាព « ជាអំណាចដ៏ល្អឥតខ្ចោះលើផែនដីនេះ ។ វាជាអំណាចដែលផែនដីនេះត្រូវបានបង្កើតឡើង » ។3 ព្រះគម្ពីរបង្រៀនថា « បព្វជិតភាពដដែលនេះដែលមានតាំងពីដើមដំបូងមក នោះក៏ត្រូវមានរហូតដល់ចុងបំផុតលោកិយដែរ » ( ម៉ូសេ 6:7 ) ។ ដូច្នេះ បព្វជិតភាពគឺជាអំណាចដែលយើងត្រូវបានរស់ឡើងវិញ ហើយបន្តទៅជីវិតអស់កល្ប ។
ការយល់ដឹងដែលយើងស្វែងរកចាប់ផ្ដើមដោយការយល់ដឹងមួយពីកូនសោនៃបព្វជិតភាព ។ « កូនសោនៃបព្វជិតភាពគឺជាសិទ្ធិអំណាចដែលព្រះបានប្រទានដល់ [ ពួកអ្នកកាន់ ] បព្វជិតភាពដើម្បីដឹកនាំ ពិនិត្យ ហើយគ្រប់គ្រងការប្រើបព្វជិតភាពរបស់ទ្រង់លើផែនដី » ។4 រាល់កិច្ចការ ឬពិធីបរិសុទ្ធដែលធ្វើក្នុងសាសនាចក្រគឺធ្វើឡើងក្រោមការអនុញ្ញាតដោយផ្ទាល់ ឬប្រយោលពីបុគ្គលម្នាក់ដែលកាន់កូនសោសម្រាប់មុខងារនោះ ។ ដូច អែលឌើរ អិម រ័សុល បាឡឺដបានពន្យល់ថា « បុគ្គលដែលមានកូនសោនៃបព្វជិតភាព ... អនុញ្ញាតឲ្យបុគ្គលទាំងអស់ដែលបម្រើដោយស្មោះត្រង់ក្រោមការដឹកនាំរបស់ខ្លួនអនុវត្តសិទ្ធិអំណាចបព្វជិតភាព ហើយមានសិទ្ធិប្រើអំណាចបព្វជិតភាពនោះ » ។5
ក្នុងការគ្រប់គ្រងការអនុវត្តសិទ្ធិអំណាចបព្វជិតភាព មុខងារនៃកូនសោនៃបព្វជិតភាពត្រូវបានពង្រីក ហើយមានកំណត់ ។ វាពង្រីកដោយធ្វើឲ្យសិទ្ធិអំណាច និង ពរជ័យនៃបព្វជិតភាពកើតមានដល់កូនចៅរបស់ព្រះគ្រប់រូប ។ វាមានដែនកំណត់ដោយដឹកនាំបុគ្គលដែលត្រូវបានផ្ដល់សិទ្ធិអំណាចបព្វជិតភាពឲ្យថា តើបុគ្គលណានឹងកាន់តំណែងក្នុងបព្វជិតភាព ហើយតើសិទ្ធិ និង អំណាចរបស់វាត្រូវប្រគល់ឲ្យតាមរបៀបណា ។ ឧទាហរណ៍ បុគ្គលម្នាក់ដែលកាន់បព្វជិតភាពមិនអាចប្រគល់តំណែង ឬ សិទ្ធិអំណាចខ្លួនទៅបុគ្គលម្នាក់ទៀតបានទេ លុះត្រាមានការអនុញ្ញាតពីបុគ្គលម្នាក់ដែលកាន់កូនសោជាមុនសិន ។ បើគ្មានការអនុញ្ញាតទេនោះ ពិធីការនោះនឹងមិនត្រឹមត្រូវឡើយ ។ ការណ៍នេះពន្យល់ពីហេតុផលដែលអ្នកកាន់បព្វជិតភាពម្នាក់ --- មិនថាតំណែងអ្វីនោះទេ --- មិនអាចតែងតាំងសមាជិកម្នាក់ក្នុងគ្រួសារគាត់ ឬធ្វើពិធីសាក្រាម៉ង់ក្នុងផ្ទះគាត់ផ្ទាល់ដោយគ្មានការអនុញ្ញាតពីបុគ្គលម្នាក់ដែលកាន់កូនសោត្រឹមត្រូវបានឡើយ ។
ជាមួយនឹងករណីលើកលែងនៃកិច្ចការពិសិដ្ឋដែលបងប្អូនស្រីធ្វើក្នុងព្រះវិហារបរិសុទ្ធក្រោមកូនសោកាន់ដោយប្រធានព្រះវិហារបរិសុទ្ធកាន់ ដែលខ្ញុំនឹងរៀបរាប់ពេលក្រោយ មានតែអ្នកដែលមានតំណែងបព្វជិតភាពប៉ុណ្ណោះទើបអាចចូលរួមក្នុងពិធីបរិសុទ្ធបព្វជិតភាពមួយបាន ។ ហើយរាល់ពិធីបរិសុទ្ធនៃបព្វជិតភាពដែលបានអនុញ្ញាតត្រូវបានកត់ត្រាក្នុងកំណត់ត្រាសាសនាចក្រ ។
នៅទីបំផុត រាល់កូនសោនៃបព្វជិតភាពត្រូវបានកាន់ដោយព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ដែលបព្វជិតភាពនេះជារបស់ផងទ្រង់ ។ ទ្រង់ជាអង្គដែលកំណត់ថាកូនសោអ្វីត្រូវប្រទានដល់មនុស្ស និង ពីរបៀបប្រើប្រាស់កូនសោទាំងនោះ ។ យើងបានសម្របខ្លួនទៅលើគំនិតដែលថា រាល់កូនសោបព្វជិតភាពត្រូវបានប្រគល់ឲ្យ យ៉ូសែប ស៊្មីធ ក្នុងព្រះវិហារបរិសុទ្ធ ខឺតឡង់ ប៉ុន្តែ ព្រះគម្ពីរបានចែងថា កូនសោទាំងអស់ដែលបានប្រគល់ឲ្យគឺជា « កូនសោទាំងឡាយនៃគ្រាកាន់កាប់ត្រួតត្រានេះ » ( គ. និង ស. 110:16 ) ។ ក្នុងសន្និសីទទូទៅជាច្រើនឆ្នាំកន្លងទៅ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានរំឭកយើងថា មានកូនសោបព្វជិតភាពផ្សេងទៀតដែលមិនបានប្រគល់ដល់មនុស្សលើផែនដីនេះ រួមមានកូនសោនៃការបង្កបង្កើត និង ការរស់ឡើងវិញ ។6
និស្ស័យនៃព្រះចំពោះការកំណត់លើការអនុវត្តកូនសោបព្វជិតភាពបានពន្យល់ពីភាពខុសគ្នាដ៏សំខាន់មួយរវាងការសម្រេចចិត្តលើបញ្ហាគ្រប់គ្រងសាសនាចក្រ និង ការសម្រេចចំពោះការជះឥទ្ធិពលលើបព្វជិតភាព ។ គណៈប្រធានទីមួយ និង ក្រុមប្រឹក្សានៃគណៈប្រធានទីមួយ និង កូរ៉ុមនៃពួកដប់ពីរនាក់ ដែលគ្រប់គ្រងលើសាសនាចក្រ ត្រូវបានអនុញ្ញាតឲ្យធ្វើការសម្រេចចិត្តជាច្រើនដែលជះឥទ្ធិពលលើគោលនយោបាយ និង និតិវិធីរបស់សាសនាចក្រ --- បញ្ហាដូចជាទីតាំងអគារសាសនាចក្រ និង អាយុសម្រាប់ការបម្រើជាអ្នកផ្សាយសាសនា ។ ប៉ុន្តែទោះជាពួកអ្នកមានសិទ្ធិអំណាចជាអធិបតីទាំងនេះកាន់ ហើយអនុវត្តរាល់កូនសោដែលបានផ្ដល់ឲ្យមនុស្សក្នុងការកាន់កាប់ត្រួតត្រានេះក្តី ពួកលោកមិនអាចផ្លាស់ប្ដូរដោយសេរីនូវលំនាំច្បាប់ដ៏ទេវភាពដែលថាមានតែបុរសប៉ុណ្ណោះទើបអាចកាន់តំណែងក្នុងបព្វជិតភាពបាន ។
IV.
ឥឡូវ ខ្ញុំនឹងលើកឡើងពីប្រធាននៃសិទ្ធិអំណាចបព្វជិតភាព ។ ខ្ញុំសូមចាប់ផ្ដើមជាមួយនឹងគោលការណ៍បីយ៉ាង ដើម្បីយកមកពិភាក្សា ៖ (1) បព្វជិតភាពជាព្រះចេស្ដានៃព្រះដែលបានប្រគល់ដល់បុរសធ្វើកិច្ចការសម្រាប់សេចក្ដីសង្គ្រោះនៃគ្រួសារមនុស្សលោក (2) សិទ្ធិអំណាចបព្វជិតភាពត្រូវបានគ្រប់គ្រងដោយពួកអ្នកកាន់បព្វជិតភាពដែលកាន់កូនសោបព្វជិតភាព និង (3) ដោយសារព្រះគម្ពីរចែងថា « គ្រប់ទាំងសិទ្ធិអំណាច [ និង ] តំណែងផ្សេងៗទៀតនៅក្នុងសាសនាចក្រសុទ្ធតែជាការបន្តោងបញ្ជាប់ទៅនឹងបព្វជិតភាពនេះ » ( គ. និង ស. 107:5 ) រាល់កិច្ចការដែលធ្វើឡើងក្រោមការដឹកនាំនៃអ្នកកាន់កូនសោបព្វជិតភាពត្រូវធ្វើឡើងដោយសិទ្ធិអំណាចបព្វជិតភាព ។
តើការណ៍នេះអនុវត្តចំពោះស្ត្រីយ៉ាងណាដែរ ? ក្នុងការថ្លែងមួយទៅសមាគមសង្គ្រោះ ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ ដែលនៅពេលនោះជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងថា ៖ « ខណៈដែលបងប្អូនស្រីពុំមានបព្វជិតភាព វាមិនត្រូវបានប្រគល់ឲ្យពួកគេ នោះមិនមានន័យថា ព្រះអម្ចាស់មិនប្រគល់សិទ្ធិអំណាចដល់ពួកគេឡើយ ។ … បុរស ឬ ស្ត្រីម្នាក់អាចទទួលបានសិទ្ធិអំណាចដើម្បីធ្វើកិច្ចការជាក់លាក់ក្នុងសាសនាចក្រដែលនឹងចងភ្ជាប់ ហើយចាំបាច់បំផុតសម្រាប់សេចក្ដីសង្គ្រោះយើង ដូចជាកិច្ចការដែលបងប្អូនស្រីយើងធ្វើក្នុងដំណាក់របស់ព្រះអម្ចាស់ ។ ពួកគេមានសិទ្ធិអំណាចដែលពួកគេបានទទួលដើម្បីធ្វើកិច្ចការដ៏ធំ ហើយអស្ចារ្យមួយចំនួន ដែលពិសិដ្ឋចំពោះព្រះអម្ចាស់ ហើយចង់ភ្ជាប់ទាំងស្រុងដូចជាពរជ័យដែលពួកបុរសកាន់បព្វជិតភាពបានធ្វើផងដែរ » ។7
ក្នុងសុន្ទរកថាដ៏សំខាន់នោះ ប្រធាន ស្ម៊ីធ បានថ្លែងម្ដងហើយម្ដងទៀតថា ស្ត្រីត្រូវបានផ្ដល់ឲ្យនូវសិទ្ធិអំណាច ។ លោកបានថ្លែងទៅកាន់ស្ត្រីថា « អ្នកអាចនិយាយដោយសិទ្ធិអំណាច ដោយសារព្រះអម្ចាស់បានផ្ដល់សិទ្ធិអំណាចដល់អ្នក » ។ លោកក៏ថ្លែងផងដែរថា សមាគមសង្គ្រោះ « [ ត្រូវ ] បានផ្ដល់អំណាច និង សិទ្ធិអំណាចដើម្បីធ្វើការណ៍អស្ចារ្យជាច្រើន ។ កិច្ចការដែលពួកគេធ្វើសម្រេចបានដោយសិទ្ធិអំណាចដ៏ទេវភាព » ។ ហើយពិតណាស់ កិច្ចការដែលសាសនាចក្រសម្រេចបានដោយស្ត្រី ឬ បុរស មិនថានៅក្នុងព្រះវិហារបរិសុទ្ធ ឬ ក្នុងវួដ ឬ សាខានោះទេ វាសម្រេចបានក្រោមការដឹកនាំនៃអ្នកកាន់កូនសោបព្វជិតភាព ។ ដូច្នេះ ដោយថ្លែងពីសមាគមសង្គ្រោះ ប្រធាន ស្ម៊ីធ បានពន្យល់ថា « [ ព្រះអម្ចាស់ ] បានប្រទានអង្គការដ៏អស្ចារ្យនេះដល់ពួកគេ ជាទីដែលពួកគេមានសិទ្ធិអំណាចដើម្បីបម្រើក្រោមការដឹកនាំរបស់ប៊ីស្សពក្នុងវួដ ... ដោយមើលថែសុខុមាលភាពរបស់សមាជិកយើងទាំងខាងវិញ្ញាណ និង ខាងសាច់ឈាម » ។8
ដូច្នេះ ជាការពិតណាស់ថា សមាគមសង្គ្រោះមិនមែនគ្រាន់តែជាថ្នាក់មួយសម្រាប់ស្ត្រីនោះទេ ប៉ុន្តែជាកម្មសិទ្ធរបស់ពួកគេ --- ជាសេចក្តីបន្ថែមមួយចំពោះបព្វជិតភាពដែលបានបង្កើតឡើងដោយព្រះ ។9
យើងមិនបានសម្របខ្លួនដោយនិយាយថាស្ត្រីមានសិទ្ធិអំណាចបព្វជិតភាពក្នុងហៅរបស់ពួកគេក្នុងសាសនាចក្រឡើយ ប៉ុន្តែ សិទ្ធិអំណាចផ្សេងទៀតនោះអាចជាអ្វីទៅ ? ពេលស្ត្រីម្នាក់ --- ទោះក្មេង ឬ ចាស់ --- ត្រូវបានញែកចេញឲ្យផ្សាយដំណឹងល្អជាអ្នកផ្សាយសាសនាពេញម៉ោង គាត់បានទទួលសិទ្ធិអំណាចបព្វជិតភាពដើម្បីធ្វើមុខងារបព្វជិតភាពមួយ ។ ដូចគ្នានេះដែរនៅពេលស្ត្រីម្នាក់ត្រូវបានញែកចេញធ្វើជាអ្នកដឹកនាំ ឬ គ្រូបង្រៀនម្នាក់ក្នុងអង្គភាពសាសនាចក្រក្រោមការដឹកនាំនៃអ្នកដែលកាន់កូនសោបព្វជិតភាព ។ អ្នកណាក៏ដោយដែលមានតំណែង ឬ ការហៅមួយបានទទួលពីអ្នកកាន់កូនសោបព្វជិតភាពដើម្បីអនុវត្តសិទ្ធិអំណាចបព្វជិតភាពក្នុងការធ្វើកាតព្វកិច្ចរបស់ខ្លួន ។
អ្នកណាក៏ដោយដែលអនុវត្តសិទ្ធិអំណាចបព្វជិតភាពគួរបំភ្លេចពីសិទ្ធិរបស់ខ្លួន ហើយផ្ដោតសំខាន់ទៅលើទំនួលខុសត្រូវរបស់ខ្លួនវិញ ។ នោះជាគោលការណ៍មួយដែលត្រូវការនៅសង្គមទូទៅ ។ មានកវីដ៏ល្បីល្បាញជនជាតិរុស្សីឈ្មោះ អាលិកសានឌើរ សូលហ្សែនីស៊ីន បានពោលថា « វាជាពេល ... ដើម្បីការពារកាតព្វកិច្ចរបស់មនុស្សឲ្យបានច្រើនជាងសិទ្ធិរបស់មនុស្ស » ។10 ពួកបរិសុទ្ធថ្ងៃចុងក្រោយបានស្គាល់យ៉ាងច្បាស់ថា ការមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ភាពតម្កើងឡើង វាមិនសំខាន់ទៅលើការទាមទារសិទ្ធិនោះទេ ប៉ុន្តែវាសំខាន់លើការបំពេញទំនួលខុសត្រូវរបស់យើងទៅវិញទេតើ ។
V.
ព្រះអម្ចាស់បានណែនាំថា មានតែបុរសប៉ុណ្ណោះដែលត្រូវតែងតាំងជាតំណែងក្នុងបព្វជិតភាព ។ ប៉ុន្តែ ដូចដែលថ្នាក់ដឹកនាំសាសនាផ្សេងៗគ្នាបានគូសបញ្ជាក់ថា បុរសមិនមែនជា « បព្វជិតភាព » ទេ ។11 បុរសកាន់បព្វជិតភាព រួមនឹងករណីយកិច្ចដ៏ពិសិដ្ឋមួយដើម្បីប្រើវាសម្រាប់ពរជ័យនៃគ្រប់កូនចៅរបស់ព្រះ ។
ព្រះចេស្តាដ៏ធំបំផុតដែលព្រះប្រទានដល់ពួកបុត្រាទ្រង់មិនអនុវត្តបានដោយគ្មានភាពជាដៃគូពីបុត្រីម្នាក់របស់ទ្រង់បានឡើយ ដោយសារមានតែបុត្រីទ្រង់ប៉ុណ្ណោះ ដែលមាននូវអំណាចដែលព្រះប្រទានឲ្យ « ធ្វើជាអ្នកបង្កើតរូបកាយ ... ដើម្បីឲ្យការរៀបចំរបស់ព្រះ និង ផែនការមហិមាអាចទទួលបានផលផ្លែ » ។12 ទាំងនោះជាប្រសាសន៍របស់ប្រធាន ជេ រ៉ូប៊ីន ក្លាក ។
លោកបានបន្តថា ៖ « នេះជាតួនាទីរបស់ភរិយា និង ម្ដាយយើងនៅក្នុងផែនការអស់កល្បជានិច្ច ។ ពួកគេមិនកាន់បព្វជិតភាព ពួកគេមិនទទួលខុសត្រូវនូវករណីយកិច្ច និង មុខងារនៃបព្វជិតភាព ឬ ពួកគេមិនទទួលបន្ទុកនូវទំនួលខុសត្រូវក្នុងបព្វជិតភាពទេ ពួកគេជាអ្នកសង់ និង ការរៀបចំក្រោមអំណាចបព្វជិតភាព និង ជាអ្នកទទួលពរជ័យរបស់វា ដោយមានការបំពេញបន្ថែមនៃអំណាចបព្វជិតភាព និង ការមានមុខងារមួយជាការហៅពីព្រះ ដែលមានសារៈសំខាន់អស់កល្បនៅក្នុងតួនាទីរបស់ខ្លួនដូចជាបព្វជិតភាពដែរ » ។13
នៅក្នុងប្រសាសន៍ដ៏បំផុសគំនិតទាំងនោះ ប្រធាន ក្លាក បានលើកឡើងពីក្រុមគ្រួសារ ។ ដូចដែលបានចែងនៅក្នុងការប្រកាសពីក្រុមគ្រួសារ ឪពុកធ្វើជាអ្នកដឹកនាំក្នុងគ្រួសារ ហើយគាត់ និង ភរិយាមានទំនួលខុសត្រូវផ្សេងគ្នា ប៉ុន្តែពួកគេ « មានកាតព្វកិច្ចដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើគ្នា » ។14 ប៉ុន្មានឆ្នាំពីមុនការប្រកាសពីគ្រួសារ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានផ្ដល់ការពន្យល់ដ៏បំផុសគំនិតនេះថា ៖ « ពេលយើងនិយាយពីការរៀបការជាដៃគូ ចូរយើងនិយាយពីការរៀបការជាដៃគូដ៏ពេញលេញ ។ យើងមិនចង់ឲ្យស្ត្រី អិល.ឌី.អេស ធ្វើជាដៃគូដ៏ស្ងៀមស្ងាត់ ឬ មានដែនកំណត់នៅក្នុងកិច្ចការអស់កល្បនោះទេ ! សូមធ្វើជាដៃគូដែលចេះចែករំលែក ហើយពេញលេញ » ។15
នៅក្នុងព្រះនេត្រព្រះ មិនថាក្នុងសាសនាចក្រ ឬ ក្នុងក្រុមគ្រួសារទេ ស្ត្រី និង បុរសមានសិទ្ធិស្មើគ្នា ប៉ុន្តែ មានទំនួលខុសត្រូវផ្សេងគ្នា ។
ខ្ញុំសូមបញ្ចប់ជាមួយនឹងសេចក្ដីពិតមួយចំនួនស្ដីពីពរជ័យនៃបព្វជិតភាព ។ ផ្ទុយពីកូនសោបព្វជិតភាព និង សិទ្ធិអំណាចបព្វជិតភាព ពរជ័យនៃបព្វជិតភាពគឺមានដល់ស្ត្រី និង បុរសក្នុងលក្ខខណ្ឌដូចគ្នា ។ អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និង ពរជ័យនៃព្រះវិហារបរិសុទ្ធគឺជាការបង្ហាញស្រដៀងគ្នាស្ដីពីសេចក្ដីពិតនេះ ។
ក្នុងសុន្ទរកថាមួយដ៏មានខ្លឹមសាររបស់លោកនៅឯសន្និសីទផ្នែកអប់រំនៅ ប៊ី.វ៉ាយ.យូ កាលពីរដូវក្ដៅឆ្នាំមុន អែលឌើរ អិម រ័សុល បាឡឺដ បានបង្រៀនថា ៖
« គោលលទ្ធិសាសនាចក្រយើងបានដាក់ស្ត្រីឲ្យស្មើនឹងបុរស ហើយផ្សេងពីបុរស ។ ព្រះទ្រង់មិនចាត់ទុកថាភេទណាមួយប្រសើរ ឬ សំខាន់ជាងមួយណានោះទេ ។ ...
« ពេលបុរស និង ស្ត្រីទៅព្រះវិហារបរិសុទ្ធ ពួកគេទាំងពីរនាក់ត្រូវបានផ្ដល់ឲ្យនូវអំណាចដូចគ្នា ដែលជាអំណាចបព្វជិតភាព ។ ... ការទទួលបានអំណាច និង ពរជ័យនៃបព្វជិតភាព គឺកើតមានដល់កូនចៅព្រះគ្រប់រូប » ។16
ខ្ញុំសូមថ្លែងទីបន្ទាល់ថា អំណាច និង ពរជ័យនៃបព្វជិតភាពរបស់ព្រះមានសម្រាប់បុត្រា និង បុត្រីរបស់ទ្រង់ដូចគ្នា ។ ខ្ញុំសូមថ្លែងទីបន្ទាល់ពីសិទ្ធិអំណាចបព្វជិតភាពដែលមាននៅគ្រប់តំណែង និង សកម្មភាពនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ពីមុខងារផ្ទាល់ដ៏ទេវភាពនៃកូនសោបព្វជិតភាពថា វាត្រូវបានកាន់ ហើយអនុវត្តក្នុងភាពពេញលេញរបស់ខ្លួនដោយព្យាការី និង ប្រធានរបស់យើងគឺ ថូម៉ាស អេស ម៉នសុន ។ ជាចុងក្រោយ និង ចាំបាច់បំផុតនេះ ខ្ញុំសូមថ្លែងទីបន្ទាល់ពីព្រះអម្ចាស់ និង ព្រះអង្គសង្គ្រោះនៃយើងគឺ ព្រះយេស៊ូវគ្រីស្ទ ដែលបព្វជិតភាពនេះជារបស់ផងទ្រង់ ហើយយើងជាអ្នកបម្រើទ្រង់ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។