ការរក្សាសេចក្ដីសញ្ញា ការពារយើង រៀបចំយើង ហើយផ្ដល់អានុភាពដល់យើង
យើងគឺជាស្ត្រីចុះសេចក្ដីសញ្ញាគ្រប់វ័យ កំពុងដើរនៅលើផ្លូវនៃជីវិតរមែងស្លាប់ ត្រឡប់ទៅកាន់វត្តមានទ្រង់វិញ។
អូ៎ បងប្អូនស្រីអើយ យើងស្រឡាញ់បងប្អូនណាស់ ។ ពេលទៅទស្សនាប្រទេសម៊ិកស៊ីកថ្មីៗនេះ ខ្ញុំអាចទទួលបទពិសោធន៍ភាពជាបងប្អូនស្រី ដូចយើងទាំងអស់គ្នាមាននាយប់នេះ ។ ចូរនឹកគិតអំពីទិដ្ឋភាព នេះ ៖ យើងបានបញ្ចប់ថ្នាក់កុមារនៅព្រឹកថ្ងៃអាទិត្យមួយ ហើយកុមារ គ្រូបង្រៀន និងខ្ញុំ បានចេញពីថ្នាក់ដើរតាមបរិវេណដ៏អ៊ូអរមួយ ។ បន្ទាប់មក ទ្វារថ្នាក់យុវនារីបានបើក ហើយខ្ញុំបានឃើញយុវនារី និងថ្នាក់ដឹកនាំរបស់ពួកគេ ។ យើងទាំងអស់គ្នាបានឱបគ្នា ។ កុមារតូចៗតោងសំពត់ខ្ញុំ ហើយយុវនារីបានមកព័ទ្ធជុំវិញខ្ញុំ ខ្ញុំចង់បង្ហាញអារម្មណ៍ ដែលខ្ញុំមាននៅគ្រានោះ ។
ខ្ញុំមិនចេះនិយាយភាសាអេស្ប៉ាញ ដូច្នេះខ្ញុំគិតឃើញតែភាសាអង់គ្លេសប៉ុណ្ណោះ ។ ខ្ញុំបានមើលទៅមុខពួកគេទាំងអស់គ្នា រួចនិយាយថា « យើងគឺជាបុត្រីនៃព្រះវរបិតាសួគ៌យើង ទ្រង់ស្រឡាញ់យើង ហើយយើងស្រឡាញ់ព្រះអង្គ » ។ រំពេចនោះ គ្រប់គ្នាបានថាតាមពាក្យនោះជាភាសាអេស្ប៉ាញ ។ យើងនៅក្នុងចំណោមមនុស្សកុះករនោះ សូត្រជាមួយគ្នានូវបាវចនាយុវនារី ពេលយើងនិយាយថា « យើងនឹងឈរជាសាក្សីដល់ព្រះ នៅគ្រប់ពេល គ្រប់សេចក្ដី និងគ្រប់ទីកន្លែង » ។
នៅយប់នេះ យើងនៅជាមួយគ្នាទូទាំងពិភពលោក ក្នុងនាមសិស្សទ្រង់ ដែលមានបំណងប្រាថ្នា ការពារ និងគាំទ្រដល់នគរនៃព្រះ ។ យើងជាបុត្រីនៃព្រះវរបិតាសួគ៌របស់យើង ។ យើងគឺជាស្ត្រីចុះសេចក្ដីសញ្ញាគ្រប់វ័យ កំពុងដើរនៅលើផ្លូវក្នុងជីវិតរមែងស្លាប់ ត្រឡប់ទៅកាន់វត្តមានទ្រង់វិញ ។ ការរក្សាសេចក្ដីសញ្ញា ការពារយើង រៀបចំយើង ហើយផ្ដល់អានុភាពដល់យើង ។
នាយប់នេះ មានក្មេងស្រីក្នុងចំណោមយើង ដែលមានវ័យក្នុងថ្នាក់អង្គការបឋមសិក្សា ។ អ្នករាល់គ្នាមួយចំនួន ថ្មីៗនេះ បានបោះជំហានដំបូងរបស់អ្នកដើរលើផ្លូវទៅកាន់ជីវិតអស់កល្បជានិច្ច ដោយពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក ។
ចូរមើលជុំវិញអ្នក ។ វាជាអនាគតដ៏ភ្លឺស្វាង ពេលអ្នកមើលទៅស្ត្រី ដែលបានចុះសេចក្ដីសញ្ញា ហើយត្រៀមខ្លួនដើម្បីបង្ហាញផ្លូវអ្នកនៅតាមផ្លូវខាងមុខទៀត ។
បើអ្នកមានអាយុ 8 ឆ្នាំ, 9 ឆ្នាំ, 10 ឆ្នាំ ឬ 11 ឆ្នាំ ទោះជានៅក្នុងមជ្ឈមណ្ឌលសន្និសីទនេះ នៅផ្ទះ ឬនៅក្នុងសាលាប្រជុំទូទាំងពិភពលោក សូមអ្នកក្រោកឈរឡើងបានទេ ? សូមស្វាគមន៍មកកាន់ការប្រជុំស្ត្រីទូទៅ ។ ឥឡូវ សូមបន្ដឈរ ដោយសារយើងចង់អញ្ជើញអ្នកឲ្យចូលរួមនាយប់នេះ ។ ខ្ញុំនឹងគ្រហឹមបទចម្រៀងកុមារមួយបទ ។ ពេលអ្នកស្គាល់បទនោះភ្លាម តើអ្នកព្រមចាប់ផ្ដើមច្រៀងជាមួយខ្ញុំទេ ? ឥឡូវ អ្នកត្រូវតែច្រៀងឲ្យឮៗ ដើម្បីអ្នកទាំងអស់អាចស្ដាប់ឮ ។
ប្រាប់ខ្ញុំដើរក្នុងពន្លឺនៃព្រះអង្គ ។
ប្រាប់ខ្ញុំឲ្យអធិស្ឋានទៅព្រះបិតា
ប្រាប់ខ្ញុំឲ្យដឹងនូវអ្វីដែលខ្ញុំត្រូវធ្វើ
ប្រាប់ខ្ញុំ ប្រាប់ខ្ញុំ ឲ្យដើរក្នុងពន្លឺ ។
សូមកុមារទាំងឡាយបន្ដឈរ ឯអ្នកមានអាយុ 12 ឆ្នាំឡើងទៅ ឥឡូវនឹងច្រៀងវគ្គទីពីរ ។
ចូរមកកូនតូចយើងនឹងរៀនជាមួយគ្នា
នូវបញ្ញាត្តិទ្រង់ ដើម្បីយើងអាចទៅវិញ
ទៅរស់នៅឯស្ថានសួគ៌ជាមួយព្រះអង្គ
ជានិច្ច ជានិច្ច ចូរដើរក្នុងពន្លឺ ។1
នោះអស្ចារ្យណាស់ ។ អ្នកអាចអង្គុយចុះ។ អរគុណ។
ក្នុងនាមជានារីគ្រប់វ័យ យើងដើរក្នុងពន្លឺទ្រង់ ។ ដំណើររបស់យើងនៅលើផ្លូវ គឺជារឿងបុគ្គល ហើយបំភ្លឺដោយសេចក្ដីស្រឡាញ់ទ្រង់ ។
ពេលយើងចូលច្រកទ្វារទៅកាន់ជីវិតអស់កល្បជានិច្ច ដោយពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃបុណ្យជ្រមុជទឹក នោះយើងទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ អែលឌើរ រ៉ូបឺត ឌី ហែល បានសួរយើងថា « តើ [យើង] យល់ ហើយតើកូនៗ [យើង] យល់ថា ពេលយើងទទួលបុណ្យជ្រមុជទឹក នោះយើងនឹងផ្លាស់ប្ដូរជារៀងរហូតឬទេ ? »
លោកក៏បានពន្យល់ផងដែរថា « នៅពេលយើងយល់ពីសេចក្ដីសញ្ញាបុណ្យជ្រមុជទឹក និង អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធយើង នោះវានឹងផ្លាស់ប្ដូរជីវិតយើង ហើយនឹងបង្កើតការតាំងចិត្តទាំងស្រុងចំពោះនគរព្រះ ។ នៅពេលការល្បួងរារាំងផ្លូវយើង បើយើងនឹងស្ដាប់ នោះព្រះវិញ្ញាណបរិសុទ្ធ នឹងរំឭកយើងថា យើងបានសន្យាថា នឹងចងចាំព្រះអង្គសង្គ្រោះយើង ហើយគោរពបទបញ្ញត្តិរបស់ព្រះ » ។ 2
រាល់សប្ដាហ៍ ពេលយើងទទួលទានពិធីតំណាងនៃសាក្រាម៉ង់ នោះយើងរំឭកសេចក្ដីសញ្ញាបុណ្យជ្រមុជទឹកយើង ។ អែលឌើរ ដាវីឌ អេ បែដណា មានប្រសាសន៍ថា ៖ « នៅពេលយើងឈរក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក នោះយើងមើលទៅព្រះវិហារបរិសុទ្ធ ។ នៅពេលយើងទទួលទានសាក្រាម៉ង់ យើងមើលទៅព្រះវិហារបរិសុទ្ធ ។ យើងសន្យាថាចងចាំព្រះអង្គសង្គ្រោះជានិច្ច ហើយរក្សាបទបញ្ញត្តិទ្រង់ ពេលយើងរៀបចំខ្លួនដើម្បីចូលរួមក្នុងពិធីបរិសុទ្ធដ៏ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ ។3
ពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ នាំទៅរកពរជ័យដ៏មហិមាបំផុត ដែលមានមក តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ គឺពិធីបរិសុទ្ធទាំងនោះហើយ ដែលចាំបាច់សម្រាប់ភាពតម្កើងឡើងរបស់យើង ក្នុងនគរសេឡេស្ទាល ។ អារម្មណ៍ពុំសក្ដិសម ពុំល្អឥតខ្ចោះរបស់យើង នឹងរលត់បាត់ទៅ នៅពេលយើងព្យាយាមរក្សាសេចក្ដីសញ្ញាយើង ខណៈដែលពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ កាន់តែមានអត្ថន័យនោះ ។ មនុស្សគ្រប់គ្នា គឺស្វាគមន៍ឲ្យដើរលើផ្លូវទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។
ខ្ញុំអស្ចារ្យក្នុងចិត្តចំពោះកម្លាំងរបស់កុមារី យុវនារី និងស្ត្រី ដែលខ្ញុំបានជួបនៅជុំវិញពិភពលោក ដែលបានបោះជំហានដើរលើផ្លូវនេះយ៉ាងមុតមាំ ។ ខ្ញុំចង់ចែកចាយពីគំរូមួយចំនួនរបស់យុវនារី និងស្ត្រីនៃសេចក្ដីសញ្ញា ដែលខ្ញុំបានជួប ។
លូណា មានអាយុ 11 ឆ្នាំ ពេលខ្ញុំទៅលេងគ្រួសារគាត់នៅ ប៊ុយណូហ្សែ អាហ្សង់ទីន ។ ដោយសារព្រឹត្តការណ៍ដ៏កត់ស្លុតមួយកាលពីកុមារភាពរបស់នាង លូណា ពុំអាចនិយាយបានទេ ។ នាងពុំនិយាយរាប់ឆ្នាំមកហើយ ។ នាងអង្គុយដោយស្ងាត់ស្ងៀម ពេលយើងនិយាយគ្នា ។ ខ្ញុំនៅតែសង្ឃឹមថា នាងអាចនិយាយខ្សឹបៗបាន ។ នាងមើលមកខ្ញុំដោយចង់បញ្ជាក់ថា ពាក្យនិយាយពុំសំខាន់ទេ ដើម្បីឲ្យខ្ញុំស្គាល់ចិត្តរបស់នាងនោះ ។ បន្ទាប់ពីការអធិស្ឋាន យើងបានក្រោកឡើងលាគ្នា ហើយ លូណា បានហុចគំនូរមួយមកខ្ញុំ ។ នាងបានគូររូបព្រះយេស៊ូវគ្រីស្ទ នៅសួនច្បារគេតសេម៉ានី ។ នោះខ្ញុំទទួលស្គាល់ថា សាក្សីរបស់នាង គឺថ្លែងឮៗយ៉ាងច្បាស់ ។ លូណា បានចុះសេចក្ដីសញ្ញានៅពិធីបុណ្យជ្រមុជទឹក ដើម្បីឈរជាសាក្សីនៃព្រះ « នៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង » ។ 4 នាងយល់ពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ បានធ្វើជាសាក្សីតាមរយៈគំនូររបស់នាង ។ តើនាងបានដឹងថា តាមរយៈការពង្រឹង និងអំណាចនៃដង្វាយធួន នាងនឹងអាចត្រូវបានព្យាបាល ហើយអាចនិយាយបានម្តងទៀតឬទេ ? កាលពីបីឆ្នាំមុន ចាប់តាំងពីថ្ងៃនោះមក លូណា បានរីកចម្រើនក្នុងការខិតខំនិយាយរបស់នាង ។ ឥឡូវនាង ចូលរួមក្នុងថ្នាក់យុវនារីជាមួយមិត្តរបស់នាង ។ ដោយការស្មោះត្រង់ចំពោះសេចក្ដីសញ្ញា ដែលនាងបានធ្វើនៅពិធីបុណ្យជ្រមុជទឹក នោះនាងនៅបន្ដចែកចាយសាក្សីអំពីព្រះអង្គសង្គ្រោះ ។
យុវវ័យទូទាំងពិភពលោក គឺជាប់ចិត្តនឹងព្រះវិហារបរិសុទ្ធ ។ នៅ លីម៉ា ប្រទេស ពេរូ ខ្ញុំបានជួបនឹងឪពុកម្នាក់ ដែលមានកូនស្រីបីនាក់ នៅខាងក្រៅច្រកទ្វារព្រះវិហារបរិសុទ្ធ ។ ខ្ញុំបានឃើញពន្លឺលើទឹកមុខគាត់ ។ កូនស្រីពីរនាក់ ពិការយ៉ាងធ្ងន់ធ្ងរ ហើយត្រូវអង្គុយលើកៅអីរុញ ។ កូនទីបី ពេលកំពុងជួយដល់បងប្អូនស្រីគាត់ នោះគាត់បានពន្យល់ថា គាត់នៅមានប្អូនពីរនាក់ទៀតនៅផ្ទះ ។ ពួកគេក៏ជិះរទេះរុញដែរ ។ ពួកគេពុំអាចធ្វើដំណើររយៈពេល 14 ម៉ោងទៅព្រះវិហារបរិសុទ្ធបានទេ ។ ព្រះវិហារបរិសុទ្ធ មានអត្ថន័យចំពោះឪពុករូបនេះ និងកូនស្រីរបស់គាត់ខ្លាំងណាស់ ដែលពួកគេបួននាក់ ត្រូវមកព្រះវិហារបរិសុទ្ធនៅថ្ងៃនោះ-- ពួកគេទាំងពីរនាក់មកគ្រាន់តែមើលម្នាក់ ដែលអាចធ្វើបុណ្យជ្រមុជទឹកសម្រាប់មរណៈជន ហើយធ្វើពិធីបរិសុទ្ធនោះប៉ុណ្ណោះ ។ ក៏ដូចជាសាសន៍នីហ្វៃ ពួកគេ [ ត្រេកអរ ] ចំពោះសេចក្ដីសញ្ញាទាំងឡាយនៃព្រះអម្ចាស់ » ។5
ស្ត្រីនៅលីវម្នាក់ ដែលខ្ញុំស្គាល់ គាត់ឲ្យតម្លៃដល់ពិធីបរិសុទ្ធនៃសាក្រាម៉ង់ប្រចាំសប្ដាហ៍ និងការសន្យាដ៏ពិសិដ្ឋថា « [គាត់] អាចបានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយនឹង [គាត់] ជាដរាប » ។ 6 ភាពជាដៃគូដ៏ខ្ជាប់ខ្ជួននោះ គឺជាការសន្យាមួយ ដែលលួងលោមភាពឯកោរបស់គាត់ ។ វាផ្ដល់កម្លាំងដល់គាត់ ដើម្បីផ្ដោតទៅលើការអភិវឌ្ឍទេពកោសល្យគាត់ និងមានបំណងមួយដើម្បីបម្រើព្រះអម្ចាស់ ។ គាត់បានរកឃើញក្ដីអំណរដ៏អស្ចារ្យក្នុងការស្រឡាញ់ដល់កុមារតូចៗក្នុងជីវិតគាត់ ហើយពេលគាត់ស្វែងរកភាពសុខសាន្ដ នោះអ្នកនឹងរកឃើញគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។
ចុងក្រោយ គឺស្ត្រីចំណាស់ម្នាក់ ដែលមានអាយុ 90 ឆ្នាំ បានមើលកូនៗ និងចៅៗគាត់ធំឡើង ហើយមើលចៅទួតគាត់ កើតមកលើផែនដី ។ ដូចជាយើងភាគច្រើន គាត់មានជីវិតដែលពេញដោយទុក្ខព្រួយ ការរងទុក្ខវេទនា និងក្តីអំណរដែលពុំអាចថ្លែងបាន ។ គាត់បានសារភាពថា បើគាត់សរសេររឿងជីវិតគាត់ឡើងវិញ នោះគាត់នឹងមិនជ្រើសរើសដាក់បញ្ចូលជំពួកមួយចំនួនដែលបានសរសេររួចហើយនោះទេ ។ តែគាត់ញញឹម រួចនិយាយថា « ខ្ញុំត្រូវតែរស់នៅយូរបន្ដិចទៀត ហើយមើលនូវលទ្ធផលវា ! » គាត់បានបន្ដកាន់ខ្ជាប់សេចក្ដីសញ្ញានៅលើផ្លូវ ។
នីហ្វៃបានបង្រៀនថា ៖
« បន្ទាប់ពីអ្នកបានចូលតាមផ្លូវតូច និងចង្អៀតនេះហើយ ខ្ញុំសូមសួរថា តើបានសម្រេចសព្វគ្រប់ហើយឬនៅ ? មើលចុះ ខ្ញុំសូមនិយាយទៅអ្នកថា ទេ ។ …
« ហេតុដូច្នេះហើយ អ្នករាល់គ្នាត្រូវតែឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប ។ ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាខិតខំជឿនទៅមុខ ដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត មើលចុះ នោះព្រះវរបិតា ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ។ 7
យើងរាល់គ្នាម្នាក់ៗ ស្ថិតនៅលើផ្លូវនោះ ។ យប់នេះ យើងច្រៀងអំពីការដើរនៅលើផ្លូវក្នុងពន្លឺ ។ យើងរឹងមាំ ជាបុគ្គលម្នាក់ៗ ។ ជាមួយនឹងព្រះ យើងមិនអាចឈប់បានឡើយ ។
ព្រះអម្ចាស់ មានបន្ទូលទៅ អិមម៉ា ស៊្មីធ ថា « ចូរលើកចិត្តអ្នកឡើង ហើយអរសប្បាយ ហើយចូរនៅជាប់នឹងសេចក្ដីសញ្ញាទាំងឡាយ ដែលអ្នកបានធ្វើចុះ » ។ 8
យើងរីករាយណាស់ ដែលតាមរយៈការរក្សាសេចក្ដីសញ្ញារបស់យើង នោះយើងអាចដឹងពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌យើង និងព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទយើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់មានព្រះជន្មរស់ ។ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។