សម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា
បើយើងមិនប្រុងប្រយ័ត្នទេ យើងនឹងចាប់ផ្ដើមដេញតាមរបស់ខាងសាច់ឈាមច្រើនជាងខាងវិញ្ញាណ។
មិនយូរប៉ុន្មានបន្ទាប់ពីសន្និសីទទូទៅខែ តុលា ឆ្នាំ 2007 មានបងប្អូនប្រុសរបស់ខ្ញុំម្នាក់ បានប្រាប់ខ្ញុំថា ប្រហែលជាប្រាំពីរឆ្នាំទៀត ទើបខ្ញុំនឹងមានបទពិសោធន៍ដ៏លំបាកនេះម្ដងទៀត ។ ខ្ញុំធូរចិត្ត ហើយប្រាប់គាត់ថា ខ្ញុំនឹងគិតថា វាជា « រយៈពេលប្រាំពីរឆ្នាំដ៏រីករាយរបស់ខ្ញុំ » ។ តែឥឡូវខ្ញុំនៅទីនេះ ដូច្នេះរយៈពេលប្រាំពីរឆ្នាំដ៏រីករាយរបស់ខ្ញុំបានបញ្ចប់ហើយ ។
ខែមករាឆ្នាំមុន ភរិយាខ្ញុំ ហ្គ្រែស និង ខ្ញុំបានទទួលការចាត់តាំងមួយឲ្យទៅជួបនឹងសមាជិកនៅប្រទេស ហ្វីលីពីន ដែលបានរងគ្រោះដោយការរញ្ជួយដី និង ព្យុះទីហ្វុងមួយដ៏ធំ ។ យើងមានចិត្តរីករាយដោយសារការចាត់តាំងនោះ ជាចម្លើយចំពោះការអធិស្ឋានយើង និង ជាសាក្សីមួយចំពោះសេចក្ដីមេត្តា និង សេចក្ដីល្អរបស់ព្រះវរបិតាជាទីស្រឡាញ់ ។ វាបានបំពេញសេចក្ដីប្រាថ្នាយើង ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ និង ការខ្វល់ខ្វាយដោយផ្ទាល់ទៅកាន់ពួកគេ ។
សមាជិកភាគច្រើនដែលយើងជួប បានរស់នៅក្នុងជម្រកបណ្ដោះអាសន្នដូចជា ត្រសាល មជ្ឈមណ្ឌលសហគមន៍ និងសាលាប្រជុំសាសនាចក្រ ។ ផ្ទះដែលយើងបានទៅមើល មានខ្លះនៅសល់ដំបូល ឯខ្លះទៀត គឺបាត់ដំបូលទាំងស្រុង ។ ប្រជាជននោះ គ្មានទ្រព្យច្រើនទេ ហើយទ្រព្យបន្តិចបន្តួចដែលពួកគេមាន ត្រូវបានរលាយបាត់អស់ ។ មានភក់ និង កំទេចសំណល់នៅគ្រប់ទិសទី ។ ប៉ុន្តែ ពួកគេពេញដោយសេចក្ដីអំណរចំពោះជំនួយបន្តិចបន្តួច ដែលពួកគេបានទទួល ហើយមានអារម្មណ៍ល្អ ថ្វីបើពួកគេស្ថិតនៅក្នុងស្ថានភាពដ៏លំបាកក្ដី ។ ពេលយើងសួរពួកគេថា តើមានប៉ុន្មាននាក់អាចទ្រាំទ្របាន ពួកគេបានឆ្លើយព្រមៗគ្នាថា « យើងមិនអីទេ » ។ វាសបញ្ជាក់ថា សេចក្ដីជំនឿពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ បានផ្ដល់សេចក្ដីសង្ឃឹមថា អ្វីៗនឹងបានប្រសើរឡើង ។ ពីផ្ទះមួយទៅផ្ទះមួយ ពីត្រសាលមួយទៅត្រសាលមួយ ស៊ីស្ទើរ ថេ និង ខ្ញុំបានរៀនពីពួកបរិសុទ្ធដ៏ស្មោះត្រង់ទាំងនេះ ។
ក្នុងគ្រាវិបត្តិភ័យ ឬ សោកនាដកម្ម ព្រះអម្ចាស់មានវិធីមួយដើម្បីធ្វើឲ្យរូបយើង និង អាទិភាពយើងមានការរីកចម្រើន ។ រំពេចនោះ រាល់សម្ភារដែលយើងបានខិតខំយ៉ាងខ្លាំងដើម្បីមានវា គឺមិនសំខាន់ទៀតឡើយ ។ អ្វីដែលសំខាន់គឺក្រុមគ្រួសារយើង និង ទំនាក់ទំនងយើងនឹងអ្នកដទៃ ។ មានបងស្រីម្នាក់បានគិតវាបែបនេះថា ៖ « បន្ទាប់ពីទឹកបានស្រកទៅវិញ ហើយវាជាពេលចាប់ផ្ដើមសម្អាត ខ្ញុំបានមើលជុំវិញផ្ទះខ្ញុំ ហើយបានគិតថា ‹ ច្រើនឆ្នាំមកនេះ ខ្ញុំប្រមូលសំរាមបានច្រើនណាស់ ›» ។
ខ្ញុំជឿថា បងស្រីរូបនេះបានទទួលនូវគំនិតដ៏ប្រសើរមួយ ហើយចាប់ពីពេលនេះទៅគាត់នឹងប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តថាតើវត្ថុណាដែលចាំបាច់ ហើយថាវត្ថុណាមួយដែលគាត់ពុំត្រូវការ ។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងការធ្វើការជាមួយសមាជិកជាច្រើន នោះយើងមានចិត្តរីករាយដោយឃើញភាពសម្បូរសប្បាយនៃកម្លាំងខាងវិញ្ញាណ ។ យើងក៏បានឃើញទាំងភាពសម្បូរ និង ភាពខ្វះខាតនៃទ្រព្យសម្បត្តិខាងសម្ភារក្នុងចំណោមសមាជិកស្មោះត្រង់ទាំងនេះដែរ ។
ដោយសារវាចាំបាច់ យើងភាគច្រើនប្រឡូកខ្លួននឹងការរកប្រាក់ ហើយត្រូវការរបស់លោកិយខ្លះៗដើម្បីទ្រទ្រង់ដល់ក្រុមគ្រួសារយើង ។ វាត្រូវការពេលវេលា និង ការយកចិត្តទុកដាក់ដ៏សំខាន់មួយផ្នែកពីយើង ។ ការផ្ដល់ឲ្យរបស់លោកិយគ្មានទីបញ្ចប់ឡើយ ដូច្នេះ វាជាការសំខាន់ដែលយើងត្រូវរៀនស្គាល់ថាពេលណាយើងមានគ្រប់គ្រាន់ ។ បើយើងមិនប្រុងប្រយ័ត្នទេ យើងនឹងចាប់ផ្ដើមដេញតាមរបស់ខាងសាច់ឈាមច្រើនជាងខាងវិញ្ញាណ ។ នោះការស្វែងរករឿងខាងវិញ្ញាណ ហើយដ៏នៅអស់កល្បរបស់យើង នឹងមានអាទិភាពទាបជាងរឿងខាងលោកិយ ។ ជាអកុសល យើងហាក់ដូចជាមានអារម្មណ៍ចង់បានរបស់ទំនើប ហើយទាន់សម័យបំផុតកាន់តែច្រើនឡើងៗ ។
តើយើងត្រូវប្រាកដថា យើងនឹងមិនដើរចូលទៅក្នុងផ្លូវនេះតាមវិធីណា ? យ៉ាកុប ផ្ដល់ដំបូន្មានដូចនេះថា ៖ « ហេតុដូច្នោះហើយ សូមកុំចំណាយប្រាក់លើអ្វីដែលឥតប្រយោជន៍ ឬ ក៏ធ្វើការសម្រាប់អ្វីដែលពុំអាចធ្វើឲ្យបានស្កប់ស្កល់ឡើយ ។ សូមព្យាយាមស្ដាប់តាមខ្ញុំ ហើយចងចាំនូវពាក្យទាំងឡាយដែលខ្ញុំបាននិយាយចុះ ហើយចូរមករកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ហើយទទួលទាននូវអ្វីដែលមិនវិនាស និង អ្វីដែលមិនអាចពុករលួយផង ហើយចូរឲ្យព្រលឹងអ្នករាល់គ្នាបានត្រេកអរនៅក្នុងការធាត់ចុះ » ។1
ខ្ញុំសង្ឃឹមថា យើងគ្រប់គ្នានឹងមិនចំណាយប្រាក់ទៅលើអ្វីដែលឥតប្រយោជន៍ ឬ ក៏ធ្វើការសម្រាប់អ្វីដែលពុំអាចធ្វើឲ្យបានស្កប់ស្កល់ឡើយ ។
ព្រះអង្គសង្គ្រោះបានបង្រៀនដល់ពួកសាសន៍យូដា និង ពួកសាសន៍នីហ្វៃថា ៖
« កុំឲ្យប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅផែនដី ជាកន្លែងដែលមានកន្លាត និង ច្រែះស៊ីបំផ្លាញ ហើយចោរទម្លុះ ឬ ប្លន់ផង ។
« តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬ ច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទម្លុះ ឬ ប្លន់ផង ។
« ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ » ។2
ព្រះអម្ចាស់បានផ្ដល់រឿងប្រៀបធៀបនេះក្នុងស្ថានភាពមួយទៀតថា ៖
« មានស្រែចម្ការរបស់អ្នកមានម្នាក់បានកើតផលចម្រើនជាបរិបូរ ៖
« « ហើយអ្នកនោះរិះគិតក្នុងចិត្តថា តើត្រូវឲ្យខ្ញុំធ្វើដូចម្ដេច ដ្បិត ខ្ញុំគ្មានកន្លែងណានឹងដាក់ផលរបស់ខ្ញុំទាំងនេះទេ ?
« ទើបយល់ថា ខ្ញុំត្រូវធ្វើយ៉ាងនេះ គឺខ្ញុំនឹងរុះជង្រុកខ្ញុំ ពង្រីកឲ្យធំជាងទៅទៀត រួចប្រមូលផល និង ទ្រព្យសម្បត្តិទៅផ្ទុកនៅទីនោះ ។
« នោះខ្ញុំនឹងប្រាប់ដល់ចិត្តថា ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើនល្មមទុកសម្រាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សម្រាកទៅ ហើយស៊ីផឹកសប្បាយចុះ ។
« ប៉ុន្តែ ព្រះទ្រង់មានបន្ទូលទៅអ្នកនោះថា ឱ មនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង យើងនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មានដែលអ្នកបានប្រមូលទុកនេះនឹងទៅជារបស់អ្នកណាវិញ ?
« អ្នកណាដែលប្រមូលទ្រព្យសម្បត្តិទុកបម្រុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ » ។3
ថ្មីៗនេះ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានផ្ដល់ការទូន្មានដូចតទៅនេះថា ៖
« ព្រះវរបិតាសួគ៌យើងទតឃើញពីសក្ដានុពលពិតរបស់យើង ។ ទ្រង់ស្គាល់យើងជាងយើងស្គាល់ខ្លួនឯងទៅទៀត ។ ទ្រង់បំផុសគំនិតយើងនៅក្នុងជីវិតនេះដើម្បីបំពេញគោលបំណងនៃការបង្កបង្កើតយើង ដើម្បីមានជីវិតល្អ និង ដើម្បីត្រឡប់ទៅរកទ្រង់វិញ ។
« ចុះហេតុអ្វីបានជាយើងលះបង់ពេលវេលា និង កម្លាំងយើងយ៉ាងច្រើនចំពោះរឿងបណ្ដោះអាសន្នដែលមិនសំខាន់ ហើយរាក់កំភែលទៅវិញ ? តើយើងបដិសេធការមើលភាពឆ្កួតលីលានៃការចង់បាននូវវត្ថុមិនសំខាន់ ហើយបណ្ដោះអាសន្ននោះដែរឬទេ ? »4
យើងរាល់គ្នាដឹងថា បញ្ជីទ្រព្យសម្បត្តិខាងលោកិយយើងរួមមាន អំនួត ទ្រព្យសម្បត្តិ សម្ភារ អំណាច និង ការគោរពពីមនុស្ស ។ អ្វីៗទាំងនេះពុំមានតម្លៃដើម្បីយកចិត្តទុកដាក់ច្រើនឡើយ ដូច្នេះ ខ្ញុំនឹងផ្ដោតទៅលើអ្វីដែលនឹងបង្កើតសម្បត្តិយើងនៅឯស្ថានសួគ៌វិញ ។
តើទ្រព្យសម្បត្តិអ្វីខ្លះនៅស្ថានសួគ៌ដែលយើងអាចប្រមូលសម្រាប់ខ្លួនយើង ? ដើម្បីចាប់ផ្ដើម វាជាការល្អសម្រាប់យើងដើម្បីមានលក្ខណៈដូចជាព្រះគ្រីស្ទគឺ សេចក្ដីជំនឿ សេចក្ដីសង្ឃឹម ការបន្ទាបខ្លួន និង សេចក្ដីសប្បុរស ។ យើងត្រូវបានប្រាប់ម្ដងហើយម្ដងទៀតឲ្យ « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយ ] ដូចជាកូនក្មេង ។5 ឱវាទរបស់ព្រះអម្ចាស់គឺឲ្យយើងព្យាយាមប្រែជាល្អឥតខ្ចោះដូចជាទ្រង់ និង ព្រះវរបិតាយើង ។6
ទីពីរ យើងត្រូវចំណាយពេលវេលា និង ការប្រឹងប្រែងទៅក្នុងការពង្រឹងដល់ទំនាក់ទំនងក្រុមគ្រួសារ ។ ដោយសារ « គ្រួសារត្រូវបានតាំងឡើងដោយព្រះ ។ វាជាអង្គភាពដ៏សំខាន់បំផុតសម្រាប់ពេលនេះ និង អស់កល្បជានិច្ច » ។7
ទីបី ការបម្រើអ្នកដទៃជាឥរិយាបថមួយនៃអ្នកដើរតាមដ៏ពិតនៃព្រះគ្រីស្ទ ។ ទ្រង់មានព្រះបន្ទូលថា « ដែលអ្នករាល់គ្នាបានធ្វើការទាំងនេះដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថាបានធ្វើដល់យើងដែរ » ។8
ទីបួន ការយល់ពីគោលលទ្ធិនៃព្រះគ្រីស្ទ និង ការពង្រឹងទីបន្ទាល់យើង ជាកិច្ចការមួយដែលនឹងនាំមកនូវសេចក្ដីអំណរ និង ភាពរីករាយពិត ។ យើងត្រូវសិក្សាព្រះបន្ទូលព្រះគ្រីស្ទជានិច្ចដែលមាននៅក្នុងព្រះគម្ពីរ និង ប្រសាសន៍នៃពួកព្យាការីដែលកំពុងរស់នៅ ។ « ត្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទនឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ។9
ខ្ញុំសូមបញ្ចប់ជាមួយនឹងដំណើររឿងរបស់ស្ត្រីមេម៉ាយម្នាក់អាយុ 73 ឆ្នាំ ដែលយើងបានជួបក្នុងដំណើររបស់យើងទៅប្រទេសហ្វីលីពីនថា ៖
ពេលរញ្ជួយដីនោះកើតមាននៅកោះ បូហូល ផ្ទះដែលគាត់ និង ស្វាមីគាត់បានខិតខំសង់ ត្រូវបានដួលរលំទៅលើដី ហើយបានសម្លាប់កូនគាត់ម្នាក់ និង ចៅប្រុសគាត់ម្នាក់ ។ ឥឡូវនេះដោយនៅតែម្នាក់ឯង គាត់ត្រូវធ្វើការដើម្បីផ្គត់ផ្គង់ខ្លួនឯង ។ គាត់បានចាប់ផ្ដើមស៊ីឈ្នួលបោកខោអាវ ( ដោយដៃ ) ហើយត្រូវដើរចុះឡើងលើភ្នំជាច្រើនដងក្នុងមួយថ្ងៃ ដើម្បីទៅដងទឹក ។ ពេលយើងបានជួបនឹងគាត់ គាត់រស់នៅក្នុងតង់នៅឡើយ ។
ទាំងនេះជាពាក្យពេចន៍របស់គាត់ ៖ « អែលឌើរ ខ្ញុំទទួលយកអ្វីគ្រប់យ៉ាងដែលព្រះអម្ចាស់បានសុំឲ្យខ្ញុំដើរឆ្លងកាត់ ។ ខ្ញុំគ្មានអារម្មណ៍ខឹងសម្បារឡើយ ។ ខ្ញុំថែរក្សាប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់ខ្ញុំ ដោយទុកវានៅក្រោមខ្នើយ ។ សូមដឹងថា ខ្ញុំបង់ដង្វាយមួយភាគក្នុងដប់ពេញលេញ ពីប្រាក់កម្រៃបន្តិចបន្តួចពីការបោកខោអាវឲ្យគេ ។ មិនថាមានអ្វីកើតឡើងទេ ខ្ញុំនឹងបង់ដង្វាយមួយភាគក្នុងដប់ជានិច្ច » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា អាទិភាព ទំនោរចិត្ត ទម្លាប់ សេចក្ដីប្រាថ្នា ការស្រេកឃ្លាន និង មហិច្ឆតាយើងនឹងមានឥទ្ធិពលដោយផ្ទាល់ទៅលើសណ្ឋានបន្ទាប់របស់យើង ។ ចូរយើងចងចាំព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះជានិច្ចថា ៖ « ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ » ។ ខ្ញុំសូមអធិស្ឋាន ឲ្យចិត្តយើងត្រូវបានរកឃើញនៅកន្លែងត្រឹមត្រូវ ក្នុងព្រះនាមនៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។