ឆ្នាំ ២០១០-២០១៩
កេរដំណែល​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ពុំ​អាច​កាត់​ថ្លៃ​បាន
ខែ មេសា 2014


20:47

កេរដំណែល​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ពុំ​អាច​កាត់​ថ្លៃ​បាន

នៅពេល​អ្នក​ជ្រើស​រើសថា ត្រូវ​ធ្វើ ឬ​រក្សា​សេចក្ដីសញ្ញា​មួយ​ជាមួយ​ព្រះ នោះ​អ្នក​ជ្រើសរើស​ថា​ អ្នក​នឹង​បន្សល់​ទុក​នូវកេរដំណែល​នៃ​សេចក្ដីសង្ឃឹម​មួយ​ដល់​អ្នកទាំងឡាយ ដែល​អាច​នឹង​ធ្វើ​តាម​គំរូ​អ្នក។

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់​​ អ្នករាល់គ្នាមួយចំនួន​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​កាន់​ការ​ប្រជុំ​នេះ ដោយ​ពួកអ្នក​ផ្សព្វផ្សាយសាសនា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ អ្នក​ផ្សព្វផ្សាយសាសនា​ទាំងនោះ ប្រហែលជា​បាន​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ តាមរយៈ​ការ​ទទួលបុណ្យជ្រមុជទឹក​រួច​ហើយ ។

អ្នក​ដទៃទៀតដែល​កំពុង​ស្ដាប់ ដោយ​សារ​អ្នក​បាន​ទទួលយក​ការ​អញ្ជើញ​របស់ឪពុកម្ដាយ ភរិយា ឬ​កូនៗ ដែល​បានអញ្ជើញ​អ្នក​ដោយ​សង្ឃឹមថា ​អ្នក​នឹង​ជ្រើសរើស​ដាក់​សេចក្ដី​សញ្ញា​ដែល​អ្នក​បាន​ចុះ​ជាមួយព្រះរួច​ហើយ មក​ជា​ចំណុច​សំខាន់​ក្នុង​ជីវិត​អ្នក​វិញ ។ អ្នក​រាល់គ្នា​មួយចំនួន ដែល​កំពុង​ស្ដាប់ ​បាន​ធ្វើ​ការ​សម្រេចចិត្ត​រួច​ហើយ ដើម្បី​​ត្រឡប់មក​ដើរតាម​​ព្រះអង្គសង្គ្រោះ ហើយ​ទទួល​​អារម្មណ៍​នៃក្ដី​អំណរ​នៃ​​ការ​ស្វាគមន៍​របស់​ទ្រង់នៅ​ថ្ងៃ​នេះ ។

មិន​ថា​អ្នក​ជា​នរណា ឬ​នៅ​កន្លែ​ងណានោះ​​ទេ ​សុភមង្គល​​មនុស្ស​ជាច្រើន គឺ​ស្ថិត​​នៅក្នុង​កន្ដាប់​ដៃ​អ្នក ​លើស​ពី​​អ្វីដែល​អ្នក​​នឹក​ស្មានដល់​នាពេលនេះ ។​ ជា​រៀង​រាល់​ថ្ងៃ និង​រាល់​ម៉ោង អ្នក​អាច​ជ្រើស​រើស​ធ្វើ ឬ​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ។

មិន​ថា​អ្នក​នៅ​កន្លែង​ណា​​លើ​ផ្លូវ​ទៅ​កាន់​មរតក​នៃអំណោយទាន​នៃ​ជីវិត​ដ៏​អស់កល្បជានិច្ចនោះ​ទេ ​​អ្នកមាន​ឱកាសដើម្បី​បង្ហាញ​ផ្លូវដល់​មនុស្ស​ជាច្រើន ​ទៅកាន់​សុភមង្គល​កាន់​តែ​អស្ចារ្យ ។ នៅពេល​អ្នក​ជ្រើស​រើសថា ត្រូវ​ធ្វើ ឬ​រក្សា​សេចក្ដីសញ្ញា​មួយ​ជាមួយ​ព្រះ នោះ​អ្នក​ជ្រើសរើស​ថា​ អ្នក​នឹង​បន្សល់ទុក​​នូវកេរដំណែល​នៃ​សេចក្ដីសង្ឃឹម​មួយ​ដល់​អ្នកទាំងឡាយ ដែល​អាច​នឹង​ធ្វើ​តាម​គំរូ​អ្នក ។

អ្នក និង​ខ្ញុំ ត្រូវ​បាន​ប្រទាន​ពរ​នូវ​ការ​សន្យា​នៃ​កេរដំណែល​មួយដូច្នេះ ។ ខ្ញុំ​ជំពាក់​គុណបុរស​ម្នាក់​ដែល​ខ្ញុំពុំ​ដែល​ជួប​ក្នុង​ជីវិត​នេះ នូវ​​សុភមង្គល​​ក្នុង​ជីវិត​យ៉ាង​ច្រើន​របស់​ខ្ញុំ ។​ គាត់​ជា​ក្មេង​កំព្រាម្នាក់ ដែល​ត្រូវ​ជា​ជីតាទួត​របស់​ខ្ញុំ​ ។ គាត់​បាន​បន្សល់​ទុក​កេរដំណែល​នៃ​សេចក្ដី​សង្ឃឹម​ដែល​ពុំ​អាច​កាត់​ថ្លៃ​បាន ។ ខ្ញុំ​សូម​ប្រាប់​អ្នក​អំពី​ផ្នែក​ខ្លះៗ ដែល​គាត់​បាន​ធ្វើ​ក្នុង​ការ​បង្កើត​​កេរដំណែល​នោះ​សម្រាប់​ខ្ញុំ ។

ឈ្មោះ​របស់គាត់​គឺ ហេនរីក អាវរិង ។ គាត់​បាន​កើត​មក​ក្នុង​គ្រួសារ​ស្ដុក​ស្ដម ។ ឪពុក​គាត់ ឈ្មោះ​អេឌវួដ មាន​ដី​យ៉ាង​ធំមួយកន្លែង​​នៅ ខូប៊ឺក ដែល​ឥឡូវ​នេះ ជា​ប្រទេស​អាល្លឺម៉ង់ ។ ម្ដាយ​គាត់ ជា​ វីសខោនតេស ខាឡុត វ៉ុន ប្លមប៊ឺក ។ ឪពុក​គាត់​ជា​​ឆ្មាំ​ដី​ឲ្យ​​ស្ដេចព្រុសសៀ ។

ហេនរីក គឺ​ជា​កូនប្រុស​ច្បង​របស់ ខាឡុត និង អេឌវួដ ។ ខាឡុត បាន​ស្លាប់​នៅ​អាយុ 31 ឆ្នាំ បន្ទាប់​ពី​កំណើត​កូន​ទីបី​របស់​គាត់ ។ មិន​យូរប៉ុន្មា​ន អេឌវួដ ក៏បាន​ស្លាប់ដែរ​ ដោយ​បាត់​បង់​ទ្រព្យសម្បត្តិ និង ​អចលនទ្រព្យ​របស់គាត់​ទាំងអស់ ពេល​ការ​វិនិយោគបាន​​បរាជ័យ ។ គាត់​មាន​អាយុ​តែ 40 ឆ្នាំ​ប៉ុណ្ណោះ ។ គាត់​បាន​បន្សល់​ទុក​កូន​កំព្រា​បីនាក់ ។

ហេនរីក ជា​ជីតាទួត​របស់ខ្ញុំ ដែល​បាន​បាត់បង់​ទាំង​ឪពុក​ និង​ម្ដាយគាត់ និង​កេរដំណែល​ខាង​លោកិយ​ដ៏​ច្រើន​នោះ ។ គាត់គ្មាន​អ្វី​សោះ​ក្នុង​ខ្លួន ។ គាត់​បាន​កត់ត្រា​ក្នុងទិន្នានុប្បវត្តិគាត់​ថា គាត់​បាន​ដឹង​ថា ក្ដី​សង្ឃឹម​ដ៏​ធំបំផុត​របស់គាត់ គឺ​ស្ថិត​នៅលើការ​ធ្វើដំណើរ​ទៅ​អាមេរិក ។ ទោះ​ជា​គាត់ពុំ​មាន​គ្រួសារ ឬ​មិត្តភក្ដិ​នៅទីនោះ​ក្ដី គាត់​ទទួល​អារម្មណ៍​នូវក្ដីសង្ឃឹម​មួយ អំពី​ការ​ធ្វើដំណើរ​ទៅ​អាមេរិក ។ ដំបូង​ឡើយ គាត់​បាន​ទៅ​កាន់ទីក្រុង​នូវយ៉ោក ។ ក្រោយមក គាត់​បាន​ផ្លាស់​ទីលំនៅ​ទៅ ​សេន លូវីស មិសសួរី ។

នៅ សេន លូវីស គាត់​មាន​អ្នក​រួម​ការងារ​ម្នាក់ ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ គាត់​បាន​ទទួល​កូនសៀវភៅ​មួយក្បាល​ពីសហការី​នោះ ដែល​​សរសេរ​ដោយ អែលឌើរ ប៉ាលី ភី ប្រាត្ត ។ គាត់​បាន​អាន ហើយ​សិក្សា​គ្រប់​ពាក្យសម្ដី ដែល​គាត់​អាច​ទទួល​បាន ​អំពី​ពួកបរិសុទ្ធថ្ងៃ​ចុង​ក្រោយ ។ គាត់​បាន​អធិស្ឋាន​ដើម្បី​ដឹង​ថា បើ​ពិត​ជា​មាន​ពួកទេវតា ដែល​បាន​លេច​មក​កាន់​មនុស្ស​មែនឬ ថា​តើ​មាន​ព្យាការី​នៅរស់​មែនឬ ហើយ​ថា​តើ​គាត់​បាន​រក​ឃើញ​សាសនាពិត និង​បើក​សម្ដែង​មែន​ឬ ។

បន្ទាប់ពី​បាន​សិក្សា និង​អធិស្ឋាន​ដោយ​យកចិត្ត​ទុកដាក់​រយៈពេល​ពី​រ​ខែ​មក ហេនរីក បាន​សុបិន​ឃើញ​ថា គាត់ត្រូវ​ប្រាប់​ឲ្យ​ទទួលបុណ្យជ្រមុជទឹក ។ ខ្ញុំចាំយ៉ាង​ច្បាស់​អំ​ពី​បុរសម្នាក់ឈ្មោះ អែលឌើរ វីល្លាម ប្រោន ដែល​មាន​បព្វជិតភាព​ គាត់ជាអ្នកធ្វើពិធីបរិសុទ្ធ​ ។​ ហេនរីក បាន​ទទួលបុណ្យជ្រមុជទឹ​ក​ក្នុងអាង​ទឹកភ្លៀង​មួយ នៅ​ថ្ងៃ​ទី 11 ខែ​មិនា ឆ្នាំ 1855 វេលា​ម៉ោង 7:30 នាទី​ព្រឹក ។

ខ្ញុំ​ជឿ​ថា ហេនរីក អាវរិង បាន​ដឹង​នាពេល​នោះ នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​បង្រៀន​ដល់អ្នក​នៅ​ថ្ងៃ​នេះ ថាជា​ការ​ពិត ។ គាត់​បាន​ដឹង​ថា សុភមង្គល​នៃ​ជីវិត​ដ៏អស់កល្បជានិច្ច កើត​មាន​តាមរយៈ​ចំណង​គ្រួសារ ដែល​បន្ដ​មាន​ជា​រៀងរហូត ។ សូម្បី​តែ​ពេល​គាត់ បាន​រក​ឃើញ​ផែនការ​នៃ​សុភមង្គល​របស់ព្រះអម្ចាស់​ភ្លាម​ៗ​នោះក្ដី គាត់​បាន​ដឹង​ថា ក្ដីសង្ឃឹម​របស់គាត់ ដើម្បី​មាន​ក្ដីអំណរ​ដ៏អស់កល្បជានិច្ច គឺ​អាស្រ័យ​លើ​សេរីភាព​នៃ​ការ​សម្រេចចិត្ត​របស់អ្នកដទៃ ដើម្បី​ដើរ​តាម​គំរូ​របស់គាត់ ។ ក្ដី​សង្ឃឹម​នៃ​សុភមង្គល​ដ៏​អស់កល្ប​របស់គាត់ ពឹង​ផ្អែក​ទៅ​លើ​អ្នក​​ដែល​ពុំ​ទាន់​កើត​មក ។

ជា​ចំណែក​មួយ​នៃ​កេរដំណែល​នៃ​ក្ដីសង្ឃមឹ​របស់គ្រួសារ​យើង នោះ​គាត់​បាន​បន្សល់​ទុកទិន្នានុប្បវត្តិ​មួយ ដល់កូនចៅ​របស់គាត់ ។

នៅក្នុង​កំណត់ត្រា​នោះ ខ្ញុំ​អាច​ដឹង​ពី​ក្ដី​ស្រឡាញ់​របស់គាត់ ចំពោះ​យើង​រាល់គ្នា ដែល​នឹង​ដើរ​តាម​គាត់ ។ នៅ​ក្នុង​ពាក្យ​សម្ដី​គាត់ ខ្ញុំ​ដឹង​ពី​ក្ដី​សង្ឃឹម​របស់គាត់​ថា កូនចៅ​គាត់​អាច​នឹង​ជ្រើសរើស​ដើរ​តាម​គាត់​ នៅ​លើ​ផ្លូវ​ត្រឡប់​ទៅ​កាន់ដំណាក់សួគ៌ា​របស់​យើង ។ គាត់​បាន​ដឹង​ថា វា​នឹង​ពុំ​មែន​ជា​ការ​ជ្រើស​រើស​​ធំមួយ ដើម្បី​ធ្វើ​ដូច្នោះ​បាន​ទេ ប៉ុន្តែ​ជា​ការ​ជ្រើសរើស​តូចៗ​ជាច្រើន ។ ខ្ញុំ​ដក​ស្រង់​ពី​ប្រវត្តិ​គាត់​ថា ៖

« ចាប់​តាំង​ពីពេល​ដែល​ខ្ញុំ​បាន​ស្ដាប់​ឮ អែលឌើរ អាន់ឌ្រុស និយាយ​ជា​លើក​ដំបូង … ខ្ញុំ​តែងតែ​ចូលរួម​ការ​ប្រជុំ​របស់ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​កម្រ​ថា​មិន​បាន​ចូលរួម​ណាស់ ព្រោះវា​ជា​កាតព្វកិច្ចរបស់​ខ្ញុំ។

« ខ្ញុំ​សរសេរ​រឿង​នេះ​ក្នុង​កំណត់ហេតុ​ខ្ញុំ ដើម្បី​ឲ្យ​កូនៗខ្ញុំ​ធ្វើ​តាម​គំរូ​ខ្ញុំ ហើយ​ពុំ​ធ្វេសប្រហែស​នឹង​កាតព្វកិច្ច​ដ៏សំខាន់​នេះ ក្នុង​ការ​ចូលរួម​ជាមួយ​ពួកបរិសុទ្ធ​ឡើយ »​។ 1

ហេនរីក បាន​ដឹង​ថា នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ យើង​អាច​រំឭក​ការ​សន្យា​យើង​ឡើងវិញ ដើម្បី​ចងចាំ​ព្រះអង្គសង្គ្រោះ​ជានិច្ច ហើយ​មាន​ព្រះវិញ្ញាណ​របស់ទ្រង់ គង់នៅ​ជាមួយយើង ។

គឺ​ព្រះវិញ្ញាណ​នោះ​ហើយ ដែល​បាន​គាំទ្រ​គាត់​នៅ​ក្នុង​បេសកកម្ម ដែល​គាត់​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ គ្រាន់​តែ​រយៈពេល​ពីរបី​ខែ បន្ទាប់ពី​គាត់​ទទួល​សេចក្ដីសញ្ញា​នៃពិធីបុណ្យជ្រមុជទឹក​នោះ ។ គាត់​បាន​បន្សល់​ទុកកេរដំណែល​របស់គាត់នូវ​គំរូ​របស់គាត់​នៃ​ការ​បន្ដ​ស្មោះត្រង់ ចំពោះ​បេសកកម្ម​គាត់​រយៈពេល​ប្រាំមួយ​ឆ្នាំ ដែល​កាល​ពី​ជំនាន់​នោះ​ហៅ​ថា ព្រំប្រទល់ឥណ្ឌា ។ ដើម្បី​ទទួល​ការ​ដោះលែង​ពី​បេសកកម្ម​របស់គាត់ គាត់​បាន​ដើរ​ពី អូក្លាហូម៉ា ទៅ​ទីក្រុង សលត៍ លេក ដែល​មាន​ចម្ងាយ​ប្រហែល​ជា 1,​770 គ.ម. ។

មិន​យូរប៉ុន្មាន គាត់​ត្រូវ​បាន​ហៅ​ដោយព្យាការី​នៃ​ព្រះ ឲ្យផ្លាស់​មក​កាន់​​រដ្ឋ​យូថាហ៍ ភាគ​ខាង​ត្បូង ។ នៅទីនោះ គាត់​បាន​ឆ្លើយ​នឹង​ការ​ហៅ​មួយ​ទៀត ឲ្យ​បម្រើ​បេសកកម្ម​ជា​ភាសា​កំណើត​គាត់ គឺ​ភាសា​អាល្លឺម៉ង់ ។ បន្ទាប់​មក​ គាត់​ទទួល​ការ​អញ្ជើញ​ពី​សាវក​ម្នាក់​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​ជួយ​ស្ថាបនា​អណានិគម​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅក្នុង​ប្រទេស ម៊ិកស៊ិក ភាគ​ខាង​ជើង ។ នៅទីនោះ គាត់​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅទីក្រុង​ ម៊ិកស៊ីកូ ជា​អ្នក​ផ្សព្វផ្សាយសាសនា​ពេញម៉ោងម្ដង​ទៀត ។ គាត់​បាន​បំពេញ​ការ​ហៅ​ទាំង​នោះ ។ គាត់​ត្រូវ​បាន​បញ្ចុះ​នៅ​កន្លែង​បញ្ចុះ​សព​តូច​មួយ​ក្នុងកូឡូនៀ ជួរ៉េហ្ស ទីក្រុង ឈីហួអាហួអា ប្រទេស ម៊ិកស៊ីកូ ។

ខ្ញុំ​រៀបរាប់​រឿង​នេះ ពុំ​មែន​ប្រកាស​ពីភាព​អស្ចារ្យ​របស់គាត់ ឬ​ពី​អ្វី​ដែល​គាត់​បានធ្វើ ឬកូនចៅ​គាត់​នោះ​ទេ ។ ខ្ញុំ​រៀបរាប់​កត្ដា​ទាំងនោះ ដើម្បី​កោត​សរសើរ​​គាត់ ចំពោះគំរូ​នៃ​សេចក្ដី​ជំនឿ និង​ក្ដី​សង្ឃឹម​ដែល​មាន​ក្នុង​ដួងចិត្ត​គាត់ ។

គាត់​បាន​ទទួល​យក​ការ​ហៅ​ទាំងនោះ ដោយ​សារ​ជំនឿ​គាត់​ថា ព្រះគ្រីស្ទ​ដែល​បាន​រស់ឡើងវិញ និង​ព្រះវរបិតាសួគ៌​យើង បានលេច​មក​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​ព្រៃមួយ នៅ​រដ្ឋ​នូវយ៉ោក ។ គាត់​បាន​ទទួល​យក ដោយ​សារគាត់​មាន​ជំនឿ​ថា កូនសោ​បព្វជិតភាព​ក្នុង​សាសនាចក្រ​របស់ព្រះអម្ចាស់​បាន​ស្ដារ​ឡើងវិញ ជាមួយ​នឹង​អំណាច​ដើម្បី​ផ្សារភ្ជាប់​ក្រុមគ្រួសារជា​រៀងរហូត បើ​ពួកគេ​គ្រាន់​តែ​មាន​ជំនឿ​គ្រប់គ្រាន់ ដើម្បី​រក្សា​សេចក្ដីសញ្ញា​ពួកគេ​នោះ ។

ដូចជា ហេនរីក អាវរិង ជីតាទួត​ខ្ញុំ អ្នកក៏​អាច​ធ្វើជាមនុស្ស​ដំបូង​ក្នុងគ្រួសារ​អ្នក ដើម្បី​ដឹកនាំ​ផ្លូវ​ទៅកាន់ ជីវិត​ដ៏អស់កល្ប តាម​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ ដែល​បាន​ធ្វើ និង​រក្សា​ដោយ​ភាព​ឧស្សាហ៍ព្យាយាម និង​សេចក្ដីជំនឿ ។ សេចក្ដី​សញ្ញា​នីមួយៗ នាំមក​ជាមួយ​នូវ​កាតព្វកិច្ច និងការ​សន្យា​របស់វា ។ សម្រាប់​យើង​ទាំងអស់គ្នា ក៏ដូចជា​ចំពោះ ហេនរីក ដែរ កាតព្វកិច្ច​ទាំងនោះ ពេល​ខ្លះ​វា​សាមញ្ញ ប៉ុន្តែ​ជាញឹកញាប់​ វា​លំបាក ។ តែ​សូម​ចាំ​ថា កាតព្វកិច្ច​ទាំងឡាយ ពេល​ខ្លះ​ត្រូវ​តែ​ពិបាក ដោយ​សារ​គោលបំណង​វា គឺ​ដើម្បី​នាំ​យើង​នៅ​តាមផ្លូវ ​ទៅ​រស់នៅ​ជារៀងរហូតជា​គ្រួសារ​​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​សំណប់ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។

អ្នក​នៅ​ចាំ​ពាក្យសម្ដី​មកពី​គម្ពីរ​អ័ប្រាហាំទេថា ៖​

« ហើយ​ក៏​មាន​ម្នាក់​ឈរ​ក្នុង​ចំណោម​ពួកគេ ដែល​មើល​ទៅ​ដូចជា​ព្រះ ហើយ​ទ្រង់​បានមាន​ព្រះបន្ទូល​ទៅកាន់​អស់​អ្នក​ដែល​នៅ​ជាមួយ​ទ្រង់​ថា ៖ យើង​នឹង​ចុះ​ទៅ ត្បិត​មាន​កន្លែង​ទំនេរ​នៅ​ទីនោះ ហើយ​យើង​នឹងយក​វត្ថុ​ទាំងឡាយ​នេះ​ទៅ ហើយ​យើង​នឹង​ធ្វើ​ផែនដី ដើម្បី​ឲ្យ​ពួកគេ​ទាំង​នេះ​អាច​រស់នៅ​លើ

« ហើយ​យើង​នឹង​សាកល្បង​ពួកគេ​មើល​ បើសិន​ជា​ពួកគេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់ពួកគេ នឹង​បញ្ជា​ដល់ពួកគេ

« ហើយ​អស់អ្នក​ណា​ដែល​រក្សា​សណ្ឋាន​ទីមួយ​របស់ខ្លួន នោះ​នឹង​ត្រូវ​បាន​បន្ថែម​ឡើង ហើយ​អស់អ្នកណា​ដែល​មិន​រក្សា​សណ្ឋាន​ទីមួយ​របស់ខ្លួនទេ នោះ​នឹង​ពុំ​បាន​សិរីល្អ​នៅក្នុង​នគរ​ជាមួយ​គ្នា​នឹង​អស់​អ្នកណា ដែល​រក្សា​សណ្ឋានទីមួយ​របស់​គេ​នោះ​ឡើយ ហើយ​អស់អ្នកណា​ដែល​រក្សា​សណ្ឋាន​ទីពីរ​របស់ខ្លួន នោះ​នឹង​បាន​សិរីល្អ​បន្ថែម​ទៅ​លើ​ក្បាល​គេ​ជារៀងដរាប​រហូត​តទៅ » ។ 2

ការ​រក្សា​សណ្ឋាន​ទីពីរ​របស់យើង អាស្រ័យទៅ​លើ​ការ​ចុះ​សេចក្ដី​សញ្ញា​របស់យើង​ជាមួយ​ព្រះ និង​ការ​ធ្វើកាតព្វកិច្ច ដែល​តម្រូវ​ពី​យើង​ដោយ​ស្មោះត្រង់ ។ វា​ត្រូវការ​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ​របស់យើង ដើម្បី​រក្សា​សេចក្ដីសញ្ញា​ពិសិដ្ឋ​អស់មួយជីវិត ។

ដោយ​សារ​អ័ដាម និង​អេវ៉ា បាន​ធ្លាក់ចុះ នោះ​យើង​មាន​ការ​ល្បួង ការសាកល្បង និង​សេចក្ដីស្លាប់ ដែល​ជា​កេរដំណែល​ជា​សាកល​របស់យើង ។ ទោះ​ជា​យ៉ាង​ណា ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់យើង ប្រទាន​ដល់យើង​នូវ​អំណោយនៃព្រះរាជបុត្រា​សំណប់របស់ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ​របស់យើង ។ អំណោយ​ដ៏អស្ចារ្យនោះ និង​ពរជ័យ​នៃ​ដង្វាយធួន​របស់ព្រះយេស៊ូវគ្រីស្ទ នាំ​មកនូវ​កេរដំណែល​ជា​សាកល​មួយគឺ ៖ ការ​សន្យា​នៃ​ការ​រស់ឡើងវិញ និង​លទ្ធភាព​នៃ​ជីវិត​ដ៏អស់កល្បជានិច្ច ដល់​មនុស្ស​ទាំងអស់​ដែល​បាន​កើត​មក ។

ពរជ័យ​ដ៏​មហិមា​បំផុត​នៃ​ពរជ័យ​ទាំងអស់​របស់ព្រះ គឺ​ជីវិត​ដ៏អស់កល្បជានិច្ច នឹង​កើត​មាន​ចំពោះយើង តែ​នៅពេល​យើង​ចុះ​​សេចក្ដីសញ្ញា ដែល​មានក្នុង​សាសនាចក្រ​ពិត​នៃព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ពួកអ្នក​បម្រើ​ដែល​មានសិទ្ធិអំណាច​របស់ទ្រង់​ប៉ុណ្ណោះ ។ ដោយ​សារ​ការ​ធ្លាក់ នោះ​យើង​ទាំងអស់គ្នា​ ត្រូវការ​នូវអានុភាព​នៃ​ការ​សម្អាតនៃពិធីបុណ្យជ្រមុជទឹក និង​ការ​ដាក់ដៃ​លើ ដើម្បី​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។​ ពិធីបរិសុទ្ធ​ទាំង​នេះ ត្រូវ​តែ​ធ្វើឡើង​ដោយ​អ្នកទាំងឡាយ ដែល​មាន​សិទ្ធិអំណាច​បព្វជិតភាព​ត្រឹមត្រូវ ។ បន្ទាប់មក ដោយ​ជំនួយ​ពី​ពន្លឺនៃ​ព្រះគ្រីស្ទ និង​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើង​អាច​រក្សា​រាល់​សេចក្ដីសញ្ញា ដែល​យើង​បាន​ចុះ​ជាមួយ​ព្រះ ជាពិសេស​សេចក្ដីសញ្ញា​ដែល​បាន​ធ្វើ​ក្នុង​ព្រះវិហារបរិសុទ្ធ​ទ្រង់ ។ មាន​តែ​តាម​វិធីនោះ និ​ង​ជំនួយ​នោះប៉ុណ្ណោះ ដែល​មនុស្ស​គ្រប់គ្នា អាច​ប្រកាស​កេរដំណែល​ពេញសិទ្ធិ​របស់ពួកគេ ក្នុង​នាម​ជា​កូន​ព្រះ ក្នុង​គ្រួសារ​ដ៏និរន្ដន៍​មួយ ។

ចំពោះ​អ្នក​ដែល​កំពុង​ស្ដាប់ខ្ញុំ ដែល​ស្ទើរ​តែ​បាត់បង់​ក្ដី​សង្ឃឹមអស់រលីង ។

អ្នក​បាន​ឃើញ​​ឪពុក​ម្ដាយ​ស្មោះ​ត្រង់ សោកសៅ​ចំពោះកូនៗ​ដែល​បាន​បដិសេធ ឬ​ដែល​បាន​ជ្រើស​រើស​រំលង​សេចក្ដីសញ្ញា​ដែល​ពួកគេ​បាន​ចុះ​ជាមួយព្រះ ។ ប៉ុន្តែ​ឪពុក​ម្ដាយទាំងនោះ អាច​ទទួល​បាន​ការលួងលោម និង​ក្ដីសង្ឃឹម មកពី​បទពិសោធន៍​ឪពុក​ម្ដាយ​ផ្សេងទៀត ។

កូន​របស់​អាលម៉ា និង​កូប្រុស​របស់​ស្ដេច​ម៉ូសាយ បាន​ឈប់​​បះបោរ​ជំទាស់ដ៏​ខ្លាំង​​នឹង​សេចក្ដីសញ្ញា និង​បទបញ្ញត្តិ​របស់ព្រះ ។ អាលម៉ាតូច បាន​ឃើញ​កូនប្រុស​របស់គាត់ កូរីអាន់តុន ងាក​ចេញពី​អំពើ​បាប​ដ៏​កខ្វក់ ទៅ​រក​ការ​បម្រើ​ដ៏​ស្មោះត្រង់ ។ ព្រះគម្ពីរមរមន ក៏​បានកត់ត្រា​នូវ​អព្ភូតហេតុ​របស់សាសន៍លេមិន បោះចោល​ទំនៀមទំលាប់​នៃ​ការ​ស្អប់​សេចក្ដីសុចរិត​ ងាក​ទៅ​ចុះ​សេចក្ដីសញ្ញា​ ស៊ូស្លាប់​ដើម្បី​ការពារ​សន្ដិភាពវិញ ។

មាន​ទេវតាមួយអង្គ ត្រូវ​បាន​បញ្ជូនឲ្យ​​ទៅ​ជួប​អាលម៉ា​តូច និង​កូនប្រុស​របស់ម៉ូសាយ ។ ទេវតា បាន​យាងមក ដោយ​សារ​តែ​សេចក្ដីជំនឿ និង​ការ​អធិស្ឋាន​របស់​ឪពុក​ម្ដាយ​ពួកគេ និង​រាស្ត្រ​របស់ព្រះ ។ មកពីគំរូ​នៃ​អំណាច​នៃ​ដង្វាយធួនទាំងនោះ​ ដែលធ្វើ​ការ​​នៅក្នុង​ដួងចិត្ត​មនុស្ស នោះ​អ្នក​អាច​ទទួល​បាន​ភាព​ក្លាហាន និង​ការ​លួងលោម​ចិត្ត ។

ព្រះអម្ចាស់ បាន​ប្រទាន​ដល់​យើង​នូវ​រាល់​ប្រភព​នៃ​សេចក្ដីសង្ឃឹម នៅពេល​យើង​ពុះពារ​ជួយ​ដល់​អ្នកទាំងឡាយ ដែល​យើង​ស្រឡាញ់ ឲ្យ​ទទួល​កេរដំណែល​ដ៏អស់កល្បជានិច្ច​របស់ពួកគេ ។ ទ្រង់​បាន​សន្យាជាច្រើន​​នឹង​យើង នៅពេល​យើង​បន្ដ​ព្យាយាម​ប្រមូល​មនុស្ស​ឲ្យ​មក​រក​ទ្រង់ ទោះ​ជា​​ពេល​ពួកគេ​បដិសេធ​នឹង​ការ​អញ្ជើញ​របស់ទ្រង់ ឲ្យ​ធ្វើ​ដូច្នោះ​ក្ដី ។ ការ​បដិសេធ​របស់ពួកគេ​ធ្វើ​ឲ្យ​ទ្រង់​ព្រួយព្រះទ័យ ប៉ុន្តែ​ទ្រង់​ពុំ​ឈប់​ឡើយ ហើយ​យើង​ក៏មិនគួរ​ឈប់ដែរ ។ ទ្រង់​បាន​ធ្វើ​ជា​គំរូ​ដ៏​ឥត​ខ្ចោះ​សម្រាប់​យើង ដោយ​ក្ដី​ស្រឡាញ់​ដ៏​ខ្ជាប់ខ្ជួន​ទ្រង់​ថា ៖ « ហើយ​ជា​ថ្មី​ទៀត ជា​ញឹកញាប់​យ៉ាង​ណាទៅ ដែល​យើង​បាន​ប្រមូល​អ្នក​រាល់គ្នា ដូចជា​មេមាន់​ប្រមូល​កូន​របស់វា នៅក្រោម​ស្លាប​វា មែនហើយ ឱ​អ្នករាល់គ្នា​ដែល​ជា​ប្រជាជន​នៃ​វង្ស​អ៊ីស្រាអែល ដែល​បាន​ដួល​ចុះ​អើយ មែនហើយ ឱ​អ្នករាល់គ្នា​ដែល​ជា​ប្រជាជន នៃ​វង្ស​អ៊ីស្រាអែល​អើយ អ្នករាល់គ្នា​ដែល​អាស្រ័យ​នៅ ឯក្រុង​យេរូសាឡិម គឺ​អ្នករាល់​គ្នា​នេះ​ដែល​បាន​ដួលចុះ មែនហើយ ជាញឹកញាប់ យ៉ាងណា​ទៅ​ដែល​យើង​បាន​ប្រមូល​អ្នករាល់គ្នា ដូចជា​មេមាន់​ប្រមូល​កូន​របស់វា តែ​អ្នករាល់គ្នា​មិន​ព្រម​សោះ​ » ។ 3

យើង​អាច​ពឹង​ផ្អែក​លើ​បំណងប្រាថ្នាដ៏​ខ្ជាប់ខ្ជួន​​របស់ព្រះអង្គសង្គ្រោះ ដើម្បី​នាំ​កូន​វិញ្ញាណ​របស់ព្រះវរបិតាសួគ៌​ទាំងអស់ ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​វិញ​ជាមួយ​ទ្រង់ ។ គ្រប់​ឪពុក​ម្ដាយ​ ជីដូនជីតា និង​ជីដូនជីតាទួតស្មោះត្រង់ទាំងអស់ ក៏​មាន​ប្រាថ្នា​ដូច្នោះ​ដែរ ។ ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ គឺ​ជា​គំរូ​ដ៏​ឥតខ្ចោះ​របស់យើង​អំពី​អ្វី​ដែល​យើងអាច​ និង​ត្រូវ​តែ​ធ្វើ ។ ទ្រង់​ពុំ​ដែល​បង្ខំ​ឲ្យ​ធ្វើ​សេចក្ដីសុចរិតឡើយ ដោយសារ​សេចក្ដីសុចរិត ត្រូវ​តែមាន​ការ​ជ្រើសរើស ។ ទ្រង់​ធ្វើ​ឲ្យ​យើង​យល់​ពី​សេចក្ដីសុចរិត ហើយ​ទ្រង់​បាន​ឲ្យ​យើង​ឃើញ​ថា ផល​ផ្លែ​របស់​វាមានរសជាតិ​​ឆ្ងាញ់ ។

មនុស្ស​គ្រប់រូប​ដែល​កើត​ក្នុង​លោកិយ​នេះ ទទួលបាន​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដែល​ជួយ​យើង​មើល​ឃើញ និង​ដឹង​នូវ​អ្វី​ត្រូវ និង​អ្វី​ខុស ។ ព្រះបាន​បញ្ជូន​អ្នកបម្រើ​ក្នុងជីវិត​រមែង​ស្លាប់​នេះមក ដែល​អាច​ជួយ​យើង​ឲ្យស្គាល់​នូវ​អ្វីដែល​ទ្រង់​នឹង​ឲ្យ​យើង​ធ្វើ និង​អ្វី​ដែល​ទ្រង់​ហាម តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះ​បាន​ធ្វើ​ឲ្យ​វា​ទាក់ទាញ​ដើម្បី​ជ្រើសរើស​ត្រូវ ដោយ​ការ​ទុក​ឲ្យ​យើង​ដឹង​ពី​ឥទ្ធិពល​នៃ​ការ​ជ្រើស​រើស​របស់យើង ។ បើ​យើង​ជ្រើសរើស​ត្រូវ នោះ​យើង​នឹង​រក​បាន​សុភមង្គល--នៅ​ទីបំផុត ។ បើ​យើង​ជ្រើស​រើស​សេចក្ដី​អាក្រក់ នោះ​នឹង​មាន​ភាព​សោកសៅ និង​ការ​ស្ដាយក្រោយ --នៅទីបំផុត ។ ឥទ្ធិពល​ទាំង​នោះ​មានពិត​មែន ។ តែជាញឹកញាប់ ​វា​ត្រូវ​បាន​ពន្យាពេល​សម្រាប់​គោលបំណង​មួយ ។ បើ​ពរជ័យ កើតមានភ្លាមៗ នោះការ​ជ្រើសរើស​ត្រូវ នឹង​ពុំ​ស្ថាបនា​សេចក្ដីជំនឿ​ទេ ។ ​ដោយសារពេល​ខ្លះ ភាព​សោកសៅ ​ត្រូវ​បាន​ពន្យាពេល​យ៉ាង​យូរ​ផងដែរ វា​តម្រូវ​ឲ្យ​មាន​សេចក្ដីជំនឿ ដើម្បី​ដឹង​​តម្រូវការ​​នៃការ​ស្វែងរក​ការ​អភ័យទោស​ចំពោះ​អំពើបាបពីមុន ជាជាង​បន្ទាប់ពី​យើង​ដឹងពីឥទ្ធិពល​នៃ​អំពើបាប​ ប្រកប​ដោយ​ការ​សោកសៅ និង​ឈឺ​ចាប់នោះ ។

ឪពុក លីហៃ បានមាន​ទុក្ខ​ព្រួយ​ចំពោះ​ការ​ជ្រើសរើស ដែល​កូនប្រុស​គាត់​មួយ​ចំនួន និង​គ្រួសារ​ពួកគេ​បាន​ធ្វើ ។ គាត់​ជា​បុរស​ដ៏​ល្អ និង​អស្ចារ្យម្នាក់-- ជាព្យាការីម្នាក់​របស់ព្រះ ។ ជាញឹកញាប់ គាត់​ថ្លែងទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ចំពោះ​ពួកគេ ។ គាត់គឺ​ជា​គំរូ​នៃ​ការ​គោរពប្រតិបត្តិ និង​ការ​បម្រើ ពេល​ព្រះអម្ចាស់​ហៅ​គាត់​ឲ្យ​ចាកចោល​ទ្រព្យ​ខាង​លោកិយ​របស់គាត់ទាំងអស់ ដើម្បីជួយ​គ្រួសារ​គាត់ពីគ្រោះ​ថ្នាក់ ។ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​គាត់ គាត់​នៅ​តែ​ថ្លែង​ទីបន្ទាល់​ដល់កូនៗ​របស់គាត់ ។ ដូចជា​ព្រះអង្គសង្គ្រោះ-- ទោះ​ជា​អំណាច​របស់គាត់​អាច​មើលឃើញពីដួងចិត្ត​របស់គេ ហើយ​មើលឃើញ​អនាគត​របស់គេ ទាំង​សោកសៅ និង​អស្ចារ្យ​ក្ដី-- លីហៃ​បន្ដ​លាត​សន្ធឹង​ដៃ​របស់គាត់ ដើម្បី​នាំ​គ្រួសារ​គាត់​ទៅរក​សេចក្ដី​សង្គ្រោះ ។

សព្វថ្ងៃ​នេះ កូនចៅ​របស់ឪពុក​លីហៃ​រាប់លាន​នាក់ កំពុង​រក​ហេតុផល​នៃ​ក្ដីសង្ឃឹម​របស់គាត់​សម្រាប់ពួកគេ ។

តើ​អ្នក​ និង​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​រៀន​ពី​គំរូ​របស់លីហៃ ? យើង​អាច​រៀន​​ពីគំរូ​របស់គាត់ តាមរយៈ​ការ​សិក្សា​គម្ពីរ​ដោយ​ការ​អធិស្ឋាន និង​ដោយ​ការ​សង្កេត ។

ខ្ញុំ​ឲ្យ​យោបល់​ថា អ្នក​គិត​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង ពេល​អ្នក​ព្យាយាម​ផ្ដល់​កេរដំណែល​នៃ​ក្ដីសង្ឃឹម​ដល់​គ្រួសារ​របស់អ្នក ។ ក្នុង​រយៈពេល​ខ្លី នោះនឹង​មាន​បញ្ហា​ជាច្រើន ហើយ​សាតាំង​នឹង​ល្បួង​យើង ។ ហើយ​មាន​រឿង​ជាច្រើន ត្រូវ​រង់ចាំ​ដោយ​អត់ធ្មត់ ដោយជំនឿ ដោយ​​ដឹង​ថា ព្រះអម្ចាស់​ធ្វើ​កិច្ចការ​តាម​ពេលវេលា​ និង​របៀប​ផ្ទាល់​របស់ទ្រង់ ។

មាន​រឿង​ជាច្រើន ដែល​អ្នកអាច​ធ្វើឲ្យ​ឆាប់ ពេល​មនុស្ស​ដែល​អ្នក​ស្រឡាញ់ នៅ​ក្មេង ។ ចូរ​ចងចាំ​ថា ការអធិស្ឋាន​ជាគ្រួសារ​ជាប្រចាំ ការ​សិក្សា​គម្ពីរ​ជាគ្រួសារ និង​ការ​ចែកចាយទីបន្ទាល់​របស់​យើង​ក្នុង​ការប្រជុំ​សាក្រាម៉ង់ មាន​ឥទ្ធិពល និង​ងាយស្រួល​ធ្វើជាង ពេល​កូនៗ​នៅ​តូច ។ កូនតូចៗ ជាញឹកញាប់​ឆាប់​ដឹង​ព្រះវិញ្ញាណ​ជាង​យើង​គិត​ដល់ ។

ពេល​ពួកគេ​ធំឡើង ពួកគេ​នឹង​ចាំ​ទំនុកដំកើង​ដែល​ពួកគេ​ច្រៀង​ជាមួយ​អ្នក ។ ពួកគេ​នឹង​ចាំ​ពាក្យ​នៃ​បទគម្ពីរ និង​ទីបន្ទាល់ ច្រើន​ជាងនឹក​ចាំ​ពី​​តន្ត្រី ។ ព្រះវិញ្ញាណបរិសុទ្ធ អាច​នាំ​រឿង​គ្រប់យ៉ាង​ទៅក្នុងការ​ចងចាំ​របស់ពួកគេ ប៉ុន្តែ​ពាក្យ​នៃ​បទគម្ពីរ និង​ទំនុកដំកើង នឹង​ស្ថិត​នៅ​យូរអង្វែង​បំផុត ។ ការចងចាំ​ទាំងនោះ នឹង​មាន​ឥទ្ធិពល​លើ​ពួកគេ ពេល​ពួកគេ​វង្វេង​មួយគ្រា ប្រហែលជា​រាប់​ឆ្នាំ ចេញ​ពី​ផ្លូវ​ទៅ​​ផ្ទះ ទៅកាន់​ជីវិត​ដ៏អស់កល្បជានិច្ចនោះ ។

យើង​នឹង​ចាំបាច់​គិត​រយៈពេល​វែង ពេល​មនុស្ស​ដែល​យើង​ស្រឡាញ់ ទទួល​ឥទ្ធិពល​នៃ​លោកិយ និង​ពពក​នៃ​ភាពសង្ស័យ គ្រប​ដណ្ដប់​លើ​ជំនឿ​ពួកគេ ។ អ្នក​មាន​សេចក្ដីសង្ឃឹម សេចក្ដីជំនឿ និងសេចក្ដី​សប្បុរស ដើម្បី​ដឹកនាំ​យើង និង​ពង្រឹង​ដល់​ពួកគេ ។

ខ្ញុំ​បាន​ឃើញ​ថា ក្នុង​នាម​ជា​ទីប្រឹក្សា​ម្នាក់​របស់​ព្យាការី​នៅ​រស់​របស់ព្រះ​ទាំងពីរ​នាក់ ។ ពួកលោក​ម្នាក់ៗ មាន​លក្ខណៈពិសេស​រៀងៗ​ខ្លួន ។ ប៉ុន្តែ​ពួកលោក ហាក់ដូចជា​ចែកចាយ​ភាព​សុទិដ្ឋិនិយម​ដ៏​ខ្ជាប់ខ្ជួន​មួយ ។ ពេល​នរណា​ម្នាក់ លើកឡើង​អំពី​បញ្ហា​​អ្វី​មួយ នៅក្នុង​សាសនាចក្រ ​ចម្លើយ​ជាញឹកញាប់​បំផុត​របស់ពួកលោក​គឺ​ថា « អូ៎ ! វា​នឹង​អាច​ដោះស្រាយបាន » ។ ជាទូទៅ ពួកលោក ដឹង​ច្រើន​អំពី​បញ្ហា​ទាំងនោះ ជាង​អ្នក​ដែលបាន​លើក​បញ្ហានោះ​ឡើង​។

ពួកលោក​ក៏​ស្គាល់​មាគ៌ា​របស់ព្រះអម្ចាស់​ផងដែរ ហើយ​ដូច្នេះ ពួកលោក​តែងតែ​សង្ឃឹម​អំពី​នគរ​ទ្រង់ ។ ពួកលោក ដឹង​ថា ទ្រង់​ដឹកនាំ​សាសនាចក្រ ។ ទ្រង់​មាន​គ្រប់​ព្រះចេស្ដា ហើយ​ទ្រង់​មើល​ថែ ។ បើ​អ្នក​ទុក​ឲ្យ​ទ្រង់ធ្វើ​ជា​អ្នកដឹកនាំ​គ្រួសារ​អ្នក នោះ​រឿង​គ្រប់​យ៉ាង​នឹង​ដោះស្រាយបាន ។

កូនចៅ​របស់​ ហេនរីក អាវរិង មួយចំនួន ហាក់ដូចជា​វង្វេង​ផ្លូវ ។ ប៉ុន្តែ​ចៅលួត​ចៅលា​របស់​គាត់​ជាច្រើន​នាក់ បាន​ទៅ​ព្រះវិហារបរិសុទ្ធ​របស់ព្រះ នៅ​ម៉ោង 6:00 ព្រឹក ដើម្បី​ធ្វើពិធីបរិសុទ្ធ​សម្រាប់​ជីដូនជីតា ដែលពួកគេ​ពុំ​ធ្លាប់​ជួប ។ ពួកគេ​បានទៅ ដោយ​សារ​តែ​កេរដំណែល​នៃ​សេចក្ដីសង្ឃឹម ដែល​គាត់​បន្សល់​ទុក​ឲ្យ ។ គាត់​បន្សល់​ទុក​កេរដំណែល ដែល​កូនចៅ​របស់គាត់​ជាច្រើន​បាន​ប្រកាស ។

បន្ទាប់ពី​អ្វីៗទាំងអស់​ដែល​យើងអាច​ធ្វើ​ដោយសេចក្ដីជំនឿ នោះ​ព្រះអម្ចាស់ នឹង​ធ្វើ​ឲ្យ​សេចក្ដីសង្ឃឹម​របស់​យើង កាន់តែមានពរជ័យដ៏​មហិមា សម្រាប់​ក្រុមគ្រួសារ​យើង ជាង​ដែល​យើង​អាច​នឹក​​ស្មានដល់ ។ ទ្រង់​ចង់​ប្រទាន​អ្វី​ដ៏​ល្អ​បំផុត​ដល់ពួកគេ និង​យើង ក្នុង​នាម​ជា​បុត្រ​របស់ទ្រង់ ។

យើង​ទាំងអស់គ្នា​ជាកូនចៅ​របស់​ព្រះ​​ដ៏មានព្រះជន្ម​រស់ ។ ព្រះយេស៊ូវ នៃ​ណាសារ៉ែត គឺ​ជា​ព្រះរាជបុត្រា​សំណប់ទ្រង់ និង​ជា​ព្រះអង្គសង្គ្រោះ​ដែលបាន​រស់​ឡើងវិញ​របស់យើង ។ នេះ​គឺ​ជា​សាសនាចក្រ​ទ្រង់ ។ នៅក្នុង​សាសនាចក្រ មាន​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ដូច្នោះ​ក្រុមគ្រួសារ​អាច​នៅ​ជា​និរន្ដន៍ ។ នេះ​គឺ​ជា​កេរដំណែល​នៃ​សេចក្ដីសង្ឃឹម​ដ៏​ពុំ​អាច​កាត់​ថ្លៃ​បាន​របស់យើង ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់ថា ​រឿង​នោះ​ជា​ការពិត នៅក្នុង​ព្រះនាមនៃ​ព្រះអម្ចាស់ ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។