បុរសនៃបព្វជិតភាព
អ្នកអាចធ្វើជាគំរូមួយដ៏អស្ចារ្យ មធ្យម ឬ អាក្រក់បាន។ អ្នកអាចគិតថា រឿងនេះមិនចោទជាបញ្ហាចំពោះអ្នកទេ ប៉ុន្តែ វាមានសារៈសំខាន់ចំពោះព្រះអម្ចាស់។
យើងទាំងអស់គ្នាសុទ្ធតែមានវីរបុរសទុកក្នុងចិត្ត ជាពិសេសកាលយើងនៅពីក្មេង ។ ខ្ញុំបានកើត ហើយធំដឹងក្ដីឡើងនៅទីក្រុង ព្រីនស្តុន រដ្ឋ នូវ ជើស៊ី សហរដ្ឋអាមេរិក ។ ក្រុមកីឡាដែលល្បីឈ្មោះបំផុតនៅក្បែរកន្លែងដែលយើងរស់នៅ មានទីស្នាក់ការនៅទីក្រុង នូវ យ៉ោក ។ វាជាផ្ទះនៃក្រុមកីឡាវាយកូនបាល់អាជីពចំនួនបីក្នុងជំនាន់នោះគឺ ៖ ប្រូកឃ្លីន ដតជើរស៍, នូវ យ៉ោក ចាយអែនស៍ និង នូវ យ៉ោក យ៉ាងគីស៍ ។ ហ្វីឡាឌែលព្យា រឹតតែនៅជិតផ្ទះយើងទៅទៀត ហើយវាជាផ្ទះនៃក្រុមកីឡាវាយកូនបាល់ អាត្លែទីក និង ឌឹ ហ្វីលីស៍ ។ មានវីរបុរសខាងកីឡាវាយកូនបាល់ដ៏ឆ្នើមៗជាច្រើនសម្រាប់ខ្ញុំនៅក្នុងក្រុមកីឡាករទាំងនោះ ។
ចូ ឌីម៉ាហ្គីអូ ដែលលេងឲ្យក្រុម នូវ យ៉ោក យ៉ាងគីស៍ បានក្លាយទៅជាវីរបុរសរបស់ខ្ញុំ ។ កាលបងប្អូនប្រុស និង មិត្តខ្ញុំលេងកីឡាវាយកូនបាល់នៅទីវាលសាលារៀនក្បែរផ្ទះយើង ខ្ញុំបានខំគ្រវីដំបងវាយកូនបាល់ឲ្យដូចនឹង ចូ ឌីម៉ាហ្គីអូ ដែរ ។ ជំនាន់នោះគ្មានទូរទស្សន៍ទេ ( ជាសម័យបុរាណ ) ដូច្នេះ ខ្ញុំមានតែរូបភាពពីសារព័ត៌មានប៉ុណ្ណោះដើម្បីរៀនពីការវាយកូនបាល់របស់គាត់ ។
ពេលខ្ញុំធំឡើង ឪពុកខ្ញុំបានបើកឡានដឹកខ្ញុំទៅកីឡាដ្ឋាន យ៉ាងគីស៍ ។ នោះជាគ្រាតែម្ដងគត់ដែលខ្ញុំបានឃើញ ចូ ឌីម៉ាហ្គីអូ លេង ។ ខ្ញុំនៅចាំយ៉ាងច្បាស់ ដូចខ្ញុំបាននៅទីនោះ ឃើញគាត់វាយកូនបាល់ពណ៌សហោះត្រង់ទៅកន្លែងអ្នកមើល ដែលនៅចំកណ្ដាលខាងក្រោយទីលានប្រកួតនោះ ។
ឥឡូវនេះ ជំនាញខាងកីឡាវាយកូនបាល់ខ្ញុំនៅតែប្រៀបមិនបាននឹងវីរបុរសខ្ញុំកាលពីក្មេងឡើយ ។ ប៉ុន្តែ ខ្ញុំវាយកូនបាល់បានល្អពីរបីដងដែរ ខ្ញុំបានខំវាយតាមកម្រិតដ៏អស្ចារ្យរបស់គាត់ តាមដែលខ្ញុំអាចធ្វើទៅបាន ។
កាលយើងជ្រើសយកវីរបុរស យើងចាប់ផ្ដើមធ្វើតាម ទាំងបានគិត ឬ មិនបានគិតក្ដី នូវអ្វីដែលយើងកោតសរសើរដល់ពួកគេបំផុត ។
សំណាងល្អ ឪពុកម្ដាយដ៏ឈ្លាសវៃរបស់ខ្ញុំ បានដាក់ពួកវីរបុរសដ៏អស្ចារ្យក្នុងជីវិតរបស់ខ្ញុំ កាលខ្ញុំនៅក្មេង ។ ឪពុកខ្ញុំបាននាំខ្ញុំទៅកីឡាដ្ឋាន យ៉ាងគីស៍ តែម្ដងគត់ដើម្បីមើលវីរបុរសរបស់ខ្ញុំខាងកីឡាវាយកូនបាល់ ប៉ុន្តែ រាល់ថ្ងៃអាទិត្យ គាត់បានឲ្យខ្ញុំសង្កេតមើលបុរសនៃបព្វជិតភាពម្នាក់ ដែលបានក្លាយជាវីរបុរសខ្ញុំ ។ វីរបុរសនោះ បានផ្លាស់ប្ដូរជីវិតខ្ញុំ ។ ឪពុកខ្ញុំជាប្រធានសាខានៃសាខាតូចមួយ ដែលជួបជុំគ្នានៅផ្ទះរបស់យើង ។ មែនហើយ បើអ្នកចុះពីលើផ្ទះមកជាន់ទីមួយ នៅព្រឹកថ្ងៃអាទិត្យ នោះអ្នកនៅព្រះវិហារហើយ ។ សាខាយើង ពុំដែលមានមនុស្សចូលរួមលើសពី 30 នាក់ឡើយ ។
មានយុវជនម្នាក់បានបើកឡានជូនម្ដាយគាត់មកប្រជុំនៅផ្ទះរបស់យើង ប៉ុន្តែ គាត់ពុំដែលចូលមកក្នុងផ្ទះទេ ។ គាត់ពុំមែនជាសមាជិកឡើយ ។ ឪពុកខ្ញុំបានព្យាយាមអញ្ជើញគាត់ឲ្យចូលមកក្នុងផ្ទះយើងដោយចេញរកគាត់នៅកន្លែងចតឡាន រហូតដល់បានជោគជ័យ ។ គាត់បានទទួលបុណ្យជ្រមុជទឹក ហើយបានក្លាយទៅជាអ្នកដឹកនាំបព្វជិតភាពអើរ៉ុនដំបូង និង តែមួយគត់របស់ខ្ញុំ ។ គាត់បានក្លាយទៅជាវីរបុរសរបស់ខ្ញុំក្នុងបព្វជិតភាព ។ ខ្ញុំនៅចាំពីរូបសំណាកឈើដែលគាត់បានឲ្យមកខ្ញុំជារង្វាន់ បន្ទាប់ពីយើងបានបញ្ចប់គម្រោងកាប់អុសជូនស្ដ្រីមេម៉ាយមួយរូប ។ ខ្ញុំខំធ្វើដូចជាគាត់ ពេលណាខ្ញុំសរសើរដល់អ្នកបម្រើម្នាក់របស់ព្រះ ។
ខ្ញុំបានជ្រើសយកវីរបុរសម្នាក់ទៀតនៅក្នុងសាខាតូចនៃសាសនាចក្រនោះ ។ គាត់ជាទ័ពជើងទឹកអាមេរិក ដែលបានមកការប្រជុំយើង ដោយស្លៀកពាក់ឯកសណ្ឋានទាហានជើងទឹកពណ៌បៃតង ។ វាជាពេលមានសង្គ្រាម ដូច្នេះ វាបានធ្វើឲ្យគាត់ក្លាយជាវីរបុរសរបស់ខ្ញុំ ។ គាត់ត្រូវបានបញ្ជូនឲ្យមករៀនបន្ថែមទៀត នៅសាកលវិទ្យាល័យ ព្រីនស្តុន ។ ប៉ុន្តែ លើសពីការសរសើរដល់ឯកសណ្ឋានយោធារបស់គាត់ ខ្ញុំបានមើលគាត់លេងនៅកីឡាដ្ឋាន ផាមើរ ជាមេក្រុមកីឡាបាល់ឱបប្រចាំសាកលវិទ្យាល័យ ព្រីនស្តុន ។ ខ្ញុំបានឃើញគាត់លេងនៅក្រុមកីឡាវាយកូនបាល់ប្រចាំសាកលវិទ្យាល័យនោះ ហើយក៏មើលគាត់លេងជាអ្នកចាប់កូនបាល់ដ៏ឆ្នើមក្នុងក្រុមពួកគេដែរ ។
តែលើសពីនេះទៅទៀត គាត់បានមកផ្ទះខ្ញុំ អំឡុងពេលសប្ដាហ៍ដើម្បីបង្ហាញខ្ញុំពីរបៀបចោលកូនបាល់ដោយប្រើទាំងដៃឆ្វេង និង ដៃស្ដាំរបស់ខ្ញុំ ។ គាត់បានប្រាប់ខ្ញុំថា ខ្ញុំត្រូវការជំនាញនោះ ព្រោះនៅថ្ងៃណាមួយ ខ្ញុំនឹងលេងកីឡាវាយកូនបាល់ឲ្យក្រុមល្អៗ ។ នៅពេលនោះ ខ្ញុំមិនបានដឹងទេ តែចំពោះខ្ញុំ គាត់ជាគំរូនៃបុរសពិតក្នុងបព្វជិតភាព អស់រយៈពេលជាច្រើនឆ្នាំ ។
អ្នករាល់គ្នាម្នាក់ៗ នឹងក្លាយជាគំរូនៃបុរសក្នុងបព្វជិតភាព មិនថាអ្នកចង់ធ្វើវា ឬ ក៏អត់នោះទេ ។ អ្នកក្លាយជាទៀនដ៏ភ្លឺចិញ្ចាចមួយដើម ពេលអ្នកទទួលយកបព្វជិតភាព ។ ព្រះអម្ចាស់ដាក់អ្នកលើជើងទ្រដើម្បីបំភ្លឺផ្លូវដល់មនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក ។ ជាពិសេស ការណ៍នោះពិតចំពោះអ្នកនៅក្នុងកូរ៉ុមបព្វជិតភាពរបស់អ្នក ។ អ្នកអាចធ្វើជាគំរូមួយដ៏អស្ចារ្យ មធ្យម ឬ អាក្រក់បាន ។ អ្នកអាចគិតថា រឿងនេះ មិនចោទជាបញ្ហាចំពោះអ្នកទេ តែវាមានសារៈសំខាន់ចំពោះព្រះអម្ចាស់ ។ ទ្រង់មានព្រះបន្ទូលបែបនេះថា ៖
« អ្នករាល់គ្នាជាពន្លឺនៃលោកិយ ។ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ ។
« ក៏គ្មានអ្នកអុជចង្កៀងយកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា ។
« ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការណ៍ល្អដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរតម្កើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ » ។1
ខ្ញុំធ្លាប់បានទទួលពរ ដោយសារគំរូនៃពួកអ្នកកាន់បព្វជិតភាពដ៏អស្ចារ្យក្នុងកូរ៉ុម ដែលខ្ញុំមានសំណាងបានបម្រើ ។ អ្នកអាចធ្វើអ្វីដែលពួកគេបានធ្វើចំពោះខ្ញុំដែរ ដោយធ្វើជាគំរូឲ្យអ្នកដទៃធ្វើតាម ។
ខ្ញុំបានសង្កេតឃើញឥរិយាបថទូទៅបីយ៉ាង នៃពួកអ្នកកាន់បព្វជិតភាពដែលជាវីរបុរសខ្ញុំ ។ ទីមួយគឺជាគំរូនៃការអធិស្ឋាន ទីពីរគឺជាទម្លាប់នៃការបម្រើ និង ទីបីគឺជាការសម្រេចចិត្តដ៏មុតមាំបំផុតដើម្បីធ្វើជាមនុស្សដ៏ស្មោះត្រង់ ។
យើងទាំងអស់គ្នាអធិស្ឋាន តែអ្នកកាន់បព្វជិតភាពដែលអ្នកចង់ប្រែក្លាយនោះ ជារឿយៗ បានអធិស្ឋានដោយស្មោះអស់ពីចិត្ត ។ នៅពេលរាត្រី អ្នកនឹងលុតជង្គង់ចុះ ហើយថ្លែងអំណរគុណដល់ព្រះសម្រាប់ពរជ័យនៅថ្ងៃនោះ ។ អ្នកនឹងថ្លែងអំណរគុណដល់ទ្រង់សម្រាប់ឪពុកម្ដាយ គ្រូបង្រៀន និង គំរូដ៏អស្ចារ្យដើម្បីធ្វើតាម ។ អ្នកនឹងរៀបរាប់ក្នុងការអធិស្ឋានអ្នកនូវបុគ្គលជាក់លាក់ ដែលបានប្រទានពរដល់ជីវិតអ្នកនៅថ្ងៃនោះ ។ ការណ៍នោះនឹងត្រូវការពេលលើសពីពីរបីនាទី ហើយមានការពិចារណាច្រើន ។ វានឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល ហើយផ្លាស់ប្ដូរអ្នក ។
ពេលអ្នកអធិស្ឋានសុំការអភ័យទោស អ្នកនឹងឃើញថា ខ្លួនឯងកំពុងអភ័យទោសដល់អ្នកដទៃ ។ ពេលអ្នកថ្លែងអំណរគុណដល់ព្រះសម្រាប់ព្រះទ័យសប្បុរសរបស់ទ្រង់ នោះអ្នកនឹងគិតពីអ្នកដទៃតាមឈ្មោះ ជាមនុស្សដែលត្រូវការសេចក្ដីសប្បុរសពីអ្នក ។ ជាថ្មីម្ដងទៀត បទពិសោធន៍នោះនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលរាល់ថ្ងៃ ហើយយូរទៅវានឹងផ្លាស់ប្ដូរអ្នក ។
ខ្ញុំសូមសន្យានឹងអ្នកថា វិធីមួយដែលអ្នក នឹងត្រូវបានផ្លាស់ប្ដូរដោយការអធិស្ឋានដ៏អស់ពីចិត្តនេះគឺ អ្នកនឹងមានអារម្មណ៍យ៉ាងពិតប្រាកដថា អ្នកជាបុត្ររបស់ព្រះ ។ កាលអ្នកដឹងថា អ្នកជាបុត្ររបស់ព្រះ អ្នកក៏នឹងដឹងដែរថា ទ្រង់រំពឹងលើអ្នកច្រើនណាស់ ។ ដោយហេតុតែអ្នកជាបុត្ររបស់ទ្រង់ ទ្រង់នឹងរំពឹងឲ្យអ្នកធ្វើតាមការបង្រៀនរបស់ទ្រង់ និង ការបង្រៀនរបស់ព្រះរាជបុត្រាទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់នឹងរំពឹងឲ្យអ្នកមានចិត្តសប្បុរស ហើយសណ្ដោសដល់អ្នកដទៃ ។ ទ្រង់នឹងខកព្រះទ័យ បើអ្នកមានចិត្តអំនួត ហើយអាត្មានិយមនោះ ។ ទ្រង់នឹងប្រទានពរអ្នកឲ្យមានបំណងប្រាថ្នា ដើម្បីគិតពីចំណាប់អារម្មណ៍របស់មនុស្សដទៃឲ្យច្រើនជាងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ។
អ្នករាល់គ្នាមួយចំនួនជាគំរូនៃការបម្រើពុំអាត្មានិយមក្នុងបព្វជិតភាពរួចទៅហើយ ។ ក្នុងព្រះវិហារបរិសុទ្ធជុំវិញពិភពលោក ពួកអ្នកកាន់បព្វជិតភាពបានមកដល់ពីមុនថ្ងៃរះ ។ ហើយអ្នកខ្លះបានបម្រើយ៉ាងយូរក្រោយពីថ្ងៃលិចទៅ ។ នៅក្នុងពិភពលោកនេះ គ្មានការទទួលស្គាល់ ឬ ការសរសើរជាសាធារណៈចំពោះការលះបង់ពេលវេលា និង ការខិតខំនោះឡើយ ។ ខ្ញុំបានទៅជាមួយនឹងពួកយុវវ័យ កាលពួកគេបម្រើដល់ជនដែលនៅក្នុងភពវិញ្ញាណ ដែលមិនអាចទទួលពរជ័យក្នុងព្រះវិហារបរិសុទ្ធដោយខ្លួនឯងបាន ។
កាលខ្ញុំឃើញសុភមង្គលលើសពីការនឿយហត់នៅលើផ្ទៃមុខអ្នកដែលបម្រើនៅទីនោះ តាំងពីព្រលឹមរហូតដល់ព្រលប់ ខ្ញុំដឹងថា មានរង្វាន់ដ៏អស្ចារ្យនៅក្នុងជីវិតនេះសម្រាប់ការបម្រើពុំអាត្មានិយមបែបនេះក្នុងបព្វជិតភាព តែវាគ្រាន់តែអំណោយតូចមួយ បើប្រៀបធៀបទៅនឹងសេចក្ដីអំណរដែលពួកគេនឹងចែកចាយជាមួយជនដែលពួកគេបានបម្រើនៅក្នុងភពវិញ្ញាណ ។
ខ្ញុំធ្លាប់ឃើញសុភមង្គលដូចគ្នានេះនៅលើផ្ទៃមុខនៃជនដែល និយាយទៅកាន់អ្នកដទៃពីពរជ័យដែលកើតមានពីការក្លាយជាសមាជិកក្នុងនគរព្រះ ។ ខ្ញុំស្គាល់ប្រធានសាខាម្នាក់ដែលបាននាំមនុស្សមកឲ្យពួកអ្នកផ្សាយសាសនាបង្រៀនស្ទើរតែរាល់ថ្ងៃ ។ ប៉ុន្មានខែមុននេះ គាត់ពុំទាន់ជាសមាជិកសាសនាចក្រនៅឡើយ ។ ឥឡូវនេះ មានអ្នកផ្សាយសាសនាកំពុងបង្រៀន ហើយសាខាមួយកំពុងរីកចម្រើនយ៉ាងខ្លាំង ហើយរឹងមាំដោយសារគាត់ ។ លើសពីនោះ គាត់គឺជាពន្លឺដល់អ្នកដទៃដែលនឹងហើបមាត់ពួកគេ ហើយពន្លឿនការប្រមូលផ្ដុំកូនចៅព្រះវរបិតាសួគ៌របស់ព្រះអម្ចាស់ ។
កាលណាអ្នកអធិស្ឋាន ហើយបម្រើអ្នកដទៃ នោះចំណេះរបស់អ្នកដែលថា អ្នកជាបុត្ររបស់ព្រះ និង អារម្មណ៍របស់អ្នកចំពោះទ្រង់ នឹងរីកចម្រើន ។ អ្នកនឹងកាន់តែដឹងថា ទ្រង់មានព្រះទ័យសោកសៅ បើអ្នកមិនមានចិត្តស្មោះត្រង់ដោយប្រការណាមួយនោះ ។ អ្នកនឹងមានការតាំងចិត្តខ្ពស់ ដើម្បីរក្សាសម្ដីរបស់អ្នកចំពោះព្រះ និង អ្នកដទៃ ។ អ្នកនឹងប្រុងប្រយ័ត្នជាងមុនពីការយកអ្វីមួយ ដែលពុំមែនជារបស់អ្នក ។ អ្នកនឹងស្មោះត្រង់ចំពោះនិយោជកអ្នកច្រើនជាងមុន ។ អ្នកនឹងមានការតាំងចិត្តខ្ពស់ឲ្យទាន់ពេល ហើយបំពេញរាល់កិច្ចការដែលព្រះអម្ចាស់ប្រទានដល់អ្នក ដែលអ្នកបានទទួលយក ។
ជាជាងងឿងឆ្ងល់ថា តើគ្រូបង្រៀនតាមផ្ទះរបស់ពួកគេនឹងមកដែរឬអត់ នោះកូនចៅនៅក្នុងក្រុមគ្រួសារនោះ ដែលអ្នកត្រូវបានហៅឲ្យបង្រៀននឹងទន្ទឹងរង់ចាំអ្នកមកសួរសុខទុក្ខ ។ កូនចៅខ្ញុំបានទទួលពរជ័យនោះ ។ កាលពួកគេធំដឹងក្ដីឡើង ពួកគេមានពួកវីរបុរសក្នុងបព្វជិតភាពជួយតម្រង់ផ្លូវពួកគេក្នុងការបម្រើព្រះអម្ចាស់ ។ ឥឡូវនេះ គំរូដ៏មានពរនោះកំពុងហុចបន្តទៅជំនាន់ទីបី ។
សារលិខិតខ្ញុំក៏មាននូវការថ្លែងអំណរគុណផងដែរ ។
ខ្ញុំសូមអរគុណសម្រាប់ការអធិស្ឋានរបស់អ្នក ។ ខ្ញុំសូមអរគុណអ្នកដែលបានលុតជង្គង់ចុះ ដោយទទួលស្គាល់ការពិតថា អ្នកពុំទទួលចម្លើយគ្រប់រឿងនោះទេ ។ អ្នកអធិស្ឋានទៅព្រះនៃស្ថានសួគ៌ដើម្បីបង្ហាញអំណរគុណរបស់អ្នក និង ដើម្បីទូលសុំព្រះពរទ្រង់មកលើអ្នក និង ក្រុមគ្រួសារអ្នក ។ ខ្ញុំសូមអរគុណអ្នកចំពោះការបម្រើដល់អ្នកដទៃ និង ចំពោះគ្រាដែលអ្នក មិនត្រូវការការទទួលស្គាល់ពីការបម្រើរបស់អ្នក ។
យើងបានទទួលយកការព្រមានរបស់ព្រះអម្ចាស់ថា បើយើងចង់បានកេរ្តិ៍ឈ្មោះសម្រាប់ការបម្រើយើងក្នុងលោកិយនេះ នោះយើងអាចបាត់បង់ពរជ័យដ៏ធំ ។ អ្នកនឹងចងចាំបន្ទូលទាំងនេះថា ៖
« ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាធ្វើទាននៅមុខមនុស្សឲ្យតែគេឃើញឡើយ បើធ្វើដូច្នោះ នោះអ្នករាល់គ្នាគ្មានរង្វាន់នៅនឹងព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ទេ ។
« ដូច្នេះ កាលណាអ្នកធ្វើទាន នោះកុំឲ្យផ្លុំត្រែនៅមុខអ្នក ដូចពួកមានពុត ដែលប្រព្រឹត្តនៅក្នុងសាលាប្រជុំ ហើយតាមផ្លូវ ដើម្បីឲ្យបានមនុស្សលោកសរសើរខ្លួននោះឡើយ ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ ។
« ប៉ុន្តែកាលណាអ្នកធ្វើទាន នោះកុំឲ្យដៃឆ្វេងដឹងការដែលដៃស្ដាំធ្វើឡើយ
« ដើម្បីឲ្យអំពើទានរបស់អ្នកបានស្ងាត់កំបាំង នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញក្នុងទីសម្ងាត់ ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់ » ។2
អ្នកដែលធ្លាប់ជាគំរូខ្ញុំនៃពួកអ្នកកាន់បព្វជិតភាពដ៏អស្ចារ្យ មិនងាយទទួលស្គាល់ថា ពួកគេមានគុណសម្បត្តិជាវីរបុរសណាស់ ។ ពិតណាស់ ពួកគេទំនងជាពិបាកនឹងមើលឃើញនូវរឿងដែលខ្ញុំកោតសរសើរយ៉ាងខ្លាំងនោះ ។ ខ្ញុំបានលើកឡើងថា ឪពុកខ្ញុំជាប្រធានដ៏ស្មោះត្រង់មួយរូបក្នុងសាខាតូចមួយរបស់សាសនាចក្រនៅ នូវ ជើស៊ី ។ ក្រោយមក គាត់ជាសមាជិកក្នុងក្រុមប្រឹក្សាទូទៅសាលាថ្ងៃអាទិត្យសម្រាប់សាសនាចក្រ ។ ប៉ុន្តែ ថ្ងៃនេះ ខ្ញុំនឹងនិយាយដោយរាបសារពីការបម្រើរបស់គាត់ក្នុងបព្វជិតភាព ពីព្រោះគាត់មានភាពរាបសារ ។
ទ័ពជើងទឹកម្នាក់ដែលជាវីរបុរសខ្ញុំកាលពីក្មេង ក៏បានធ្វើដូចគ្នានេះដែរ ។ គាត់មិនដែលនិយាយប្រាប់ខ្ញុំពីការបម្រើគាត់ក្នុងបព្វជិតភាព ឬ ពីជោគជ័យរបស់គាត់នោះទេ ។ គាត់គ្រាន់តែផ្ដល់ការបម្រើ ។ ខ្ញុំបានរៀនពីភាពស្មោះត្រង់របស់គាត់មកពីអ្នកដទៃ ។ ខ្ញុំមិនដឹងថា តើគាត់បានមើលឃើញគុណសម្បត្តិល្អក្នុងខ្លួនគាត់ ដែលខ្ញុំកោតសរសើរដែរឬអត់នោះទេ ។
ដូច្នេះការប្រឹក្សារបស់ខ្ញុំទៅកាន់អ្នកដែលចង់ប្រទានពរដល់អ្នកដទៃ ជាមួយនឹងបព្វជិតភាពអ្នកគឺថា វាពាក់ព័ន្ធនឹងជីវិតអ្នក ដែលវាជារឿងកំបាំងចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែមិនចំពោះព្រះឡើយ ។
សូមអធិស្ឋានទៅកាន់ទ្រង់ ។ សូមថ្លែងអំណរព្រះគុណទ្រង់ចំពោះរឿងល្អៗនៅក្នុងជីវិតអ្នក ។ សូមទូលសួរទ្រង់ ដើម្បីដឹងថា តើបុគ្គលណាខ្លះដែលទ្រង់បានដាក់នៅក្នុងជីវិតអ្នក ដើម្បីឲ្យអ្នកបម្រើ ។ សូមទូលអង្វរថា ទ្រង់នឹងជួយអ្នកឲ្យធ្វើការបម្រើនោះ ។ សូមអធិស្ឋានដើម្បីអ្នកអាចអភ័យទោសឲ្យគេ និង ដើម្បីឲ្យអ្នកទទួលបានការអភ័យទោស ។ រួចបម្រើពួកគេ ស្រឡាញ់ពួកគេ ហើយអភ័យទោសដល់ពួកគេ ។
លើសពីនោះទៀត សូមចាំថា រាល់ការបម្រើដែលអ្នកធ្វើ គ្មានអ្វីធំជាងការជួយមនុស្សឲ្យជ្រើសយកភាពសក្ដិសមសម្រាប់ជីវិតអស់កល្បឡើយ ។ ព្រះបានប្រទានការដឹកនាំដ៏សំខាន់នោះដល់យើងស្ដីពីរបៀបប្រើបព្វជិតភាពយើង ។ ទ្រង់ជាគំរូដ៏ឥតខ្ចោះចំពោះរឿងនេះ ។ នេះជាគំរូដែលយើងបានឃើញនៅក្នុងផ្នែកតូចមួយនៃពួកអ្នកបម្រើដ៏ឆ្នើមរបស់ទ្រង់ ៖
« ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលទៅម៉ូសេថា ៖ ផ្ទៃមេឃនោះមានដ៏ច្រើន ហើយពុំអាចរាប់បានអស់ចំពោះមនុស្សឡើយ ប៉ុន្តែត្រូវបានរាប់ចំពោះយើង ត្បិតរបស់ទាំងនោះជារបស់ផងយើង ។
« ហើយដូចជាផែនដីមួយបានកន្លងផុតទៅជាយ៉ាងណា ហើយផ្ទៃមេឃនៃទីនោះក៏នឹងមកជាយ៉ាងនោះដែរ ហើយគ្មានទីបញ្ចប់ចំពោះកិច្ចការទាំងឡាយរបស់យើងឡើយ ឬ ក៏ចំពោះព្រះបន្ទូលទាំងឡាយរបស់យើងដែរ ។
« ត្បិតមើលចុះ នេះហើយជាកិច្ចការរបស់យើង និង សិរីល្អបស់យើងគឺដើម្បីនាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។3
យើងត្រូវជួយក្នុងកិច្ចការនោះ ។ យើងម្នាក់ៗអាចធ្វើឲ្យមានភាពខុសគ្នា ។ យើងត្រូវបានរៀបចំសម្រាប់ជំនាន់យើង ហើយដាក់នៅថ្ងៃចុងក្រោយនៃកិច្ចការពិសិដ្ឋនោះ ។ យើងម្នាក់ៗមានពរដោយមានគំរូនានានៃអ្នកដែលបានធ្វើឲ្យកិច្ចការនោះ ក្លាយទៅជាបំណងដ៏សំខាន់ក្នុងជីវិតពួកគេលើផែនដីនេះ ។
ខ្ញុំសូមអធិស្ឋានឲ្យយើងអាចជួយគ្នាទៅវិញទៅមកដើម្បីក្ដាប់យកឱកាសនោះ ។
ព្រះជាព្រះវរបិតាដ៏មានព្រះជន្មរស់ ហើយនឹងឆ្លើយតបការអធិស្ឋានសុំជំនួយរបស់អ្នក ដែលអ្នកត្រូវការដើម្បីបម្រើទ្រង់ឲ្យបានល្អ ។ ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ដែលបានរស់ឡើងវិញ ។ នេះជាសាសនាចក្ររបស់ទ្រង់ ។ បព្វជិតភាពដែលអ្នកកាន់ គឺជាអំណាចដើម្បីធ្វើកិច្ចការទ្រង់នៅក្នុងព្រះនាមទ្រង់ ដើម្បីបម្រើដល់កូនចៅព្រះ ។ កាលអ្នកធ្វើកិច្ចការនេះដោយអស់ពីដួងចិត្ត នោះទ្រង់នឹងលើកតម្កើងអ្នកឡើង ។ ខ្ញុំសូមសន្យាដូច្នេះ នៅក្នុងព្រះនាមនៃ ព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះរបស់យើង អាម៉ែន ។