ចូរយើងកុំដើរខុសផ្លូវឡើយ
ខ្ញុំអធិស្ឋានថា យើងនឹងមិនវង្វេងផ្លូវ ដើម្បីយើងអាចត្រូវបានទំនាក់ទំនងជាមួយនឹងស្ថានសួគ៌ជារៀងរហូត។
ពេលក្មេងប្រុសម្នាក់ កំពុងហាត់លេងព្យ៉ាណូ នោះមានអ្នកលក់ដូរម្នាក់ឃើញវាតាមបង្អួច សួរថា ម្ដាយឯងនៅផ្ទះឬទេ » ?
កុមារានោះឆ្លើយថា « តើលោកពូគិតដូចម្តេចដែរ » ?
កូនជាទីស្រឡាញ់អាយុប្រាំឆ្នាំយើងដែលចេះលេងព្យ៉ាណូ អរគុណដល់ការជំរុញទឹកចិត្តពីភរិយាខ្ញុំ ! នៅពេលគ្រូមកដល់ផ្ទះ កូនប្រុសយើង អាតឌ្រាន តែងតែរត់ពួនគេចពីមេរៀន ។ តែថ្ងៃមួយ មានរឿងអស្ចារ្យកើតឡើង ! គាត់បានចាប់ផ្ដើមចូលចិត្តតន្ត្រីជាខ្លាំង ហើយបន្តហាត់លេងដោយខ្លួនឯង ។
បើយើងអាចចូលទៅដល់ចំណុចនៃដំណើរការនៃការប្រែចិត្តរបស់យើង នោះវានឹងជារឿងគួរឲ្យស្ងប់ស្ញែង ។ វានឹងអស្ចារ្យដែលមានបំណងជ្រៅក្នុងចិត្ត ដើម្បីរក្សាបញ្ញត្តិដោយពុំបាច់មានគេតឿនយើងជាញយៗ និង ឲ្យជឿស៊ប់ថា បើយើងដើរតាមមាគ៌ាត្រឹមត្រូវ នោះយើងនឹងទទួលបានព្រះពរដែលសន្យានៅក្នុងព្រះគម្ពីរ ។
ប៉ុន្មានឆ្នាំមុន ខ្ញុំទៅលេងឧទ្យានជាតិឈ្មោះថា ជាមួយភរិយា និងកូនស្រីយើង អេវើរលីន និង មិត្តភក្តិគ្រួសារយើងម្នាក់ ។ ថ្មដុះរាងកោងដែលល្បីល្បាញជាងគេនៅទីនោះឈ្មោះ ដេលីខេត អាក ។ យើងសម្រេចចិត្តដើរប្រមាណ 2 គ.ម ឡើងលើភ្នំស្វែងរកថ្មដុះរាងកោងនោះ ។
យើងចាប់ផ្ដើមដើរទៅដោយក្ដីរំភើប តែពេលដើរបានបន្តិចក្រោយមក នោះមានអ្នកផ្សេងៗត្រូវការការសម្រាក ។ ដោយសារខ្ញុំចង់ទៅឲ្យដល់ទីនោះ ទើបខ្ញុំសម្រេចចិត្តបន្តដើរទៅទៀតតែឯង ។ ដោយគ្មានការប្រុងប្រយ័ត្ននៅតាមផ្លូវដែលឆ្ពោះទៅ ខ្ញុំបានដើរតាមបុរសម្នាក់នៅពីខាងមុខខ្ញុំ ដែលគាត់ទំនងជាស្គាល់ផ្លូវច្បាស់ ។ ផ្លូវនោះកាន់តែលំបាកទៅៗ ហើយខ្ញុំត្រូវលោតហក់ពីថ្មមួយទៅថ្មមួយ ។ ពីព្រោះតែការលំបាកនោះ ធ្វើឲ្យខ្ញុំដឹងថា នារីៗដែលមកជាមួយខ្ញុំ មិនអាចធ្វើវាបានទេ ។ ភ្លាមនោះ ខ្ញុំបានមើលឃើញថ្មដុះ ដេលីខេត អាក តែគួរឲ្យភ្ញាក់ផ្អើល ព្រោះវាស្ថិតនៅទីដែលពិបាកទៅដល់ណាស់ ។
ខ្ញុំសម្រេចចិត្តមកត្រឡប់វិញ ដោយការខកចិត្ត ។ ខ្ញុំបានរង់ចាំជួបគ្នាវិញ ដោយអន្ទះសារ ។ ខ្ញុំសួរពួកគេភ្លាមថា « អ្នករាល់គ្នាបានទៅដល់ថ្មដុះ ដេលីខេត អាក ដែរឬទេ » ? ពួកគេបានប្រាប់ខ្ញុំដោយរីករាយថា បានទៅដល់ ។ ពួកគេប្រាប់ថា ពួកគេបានដើរតាមផ្លាកសញ្ញាបង្ហាញផ្លូវដោយប្រុងប្រយ័ត្ន ហើយដោយព្យាយាម ទើបបានទៅដល់ទិសដៅ ។
ជាអកុសល ខ្ញុំបានដើរខុសផ្លូវ ។ វាជាមេរៀនមួយដ៏ល្អដែលខ្ញុំរៀននៅថ្ងៃនោះ !
តើយើងដើរខុសពីផ្លូវត្រូវញឹកញាប់ប៉ុណ្ណា ដោយបណ្ដោយខ្លួនទៅតាមការនិយមខាងលោកិយ ? យើងត្រូវសួរខ្លួនឯងជានិច្ច បើយើងជាអ្នកធ្វើតាមបន្ទូលព្រះយេស៊ូវ ។
ការបង្រៀនដ៏អស្ចារ្យមួយមាននៅក្នុងគម្ពីរយ៉ូហានថា ៖
« ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ ។ ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះ អ្នករាល់គ្នាក៏ពុំបានដែរ លើកតែនៅជាប់នឹងខ្ញុំ ។
« ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ » ( យ៉ូហាន 15:4–5 ) ។
តាមរឿងប្រៀបប្រដូចនេះ យើងអាចឃើញថាយើងមានទំនាក់ទំនងស្អិតរមួត និងសំខាន់ជាមួយព្រះយេស៊ូវ និង ប្រយោជន៍ដែលទ្រង់ដាក់នៅលើយើងម្នាក់ៗ ។ ទ្រង់ជាឫស និង ជាមែកដែលនាំទឹករស់មកឲ្យយើងម្នាក់ៗ គឺសំបកឈើដែលនាំជីវជាតិចិញ្ចឹមមកឲ្យយើង ដើម្បីអាចបង្កើតជាផងផ្លែ ។ ព្រះយេស៊ូវបង្រៀនយើង ប្រៀបដូចជា មែក — ឬការពឹងផ្អែកលើទ្រង់ — នោះយើងនឹងពុំព្រងើយកន្តើយនឹងតម្លៃនៃការបង្រៀននៃទ្រង់ឡើយ ។
មានកំហុសខ្លះដែលធ្ងន់ធ្ងរ ហើយបើយើងពុំកែវាទាន់ពេលទេនោះ វានឹងនាំយើងចេញពីផ្លូវត្រូវជារៀងរហូត ។ បើយើងប្រែចិត្ត ហើយកែខ្លួន ទង្វើនោះនឹងនាំឲ្យយើងចេះបន្ទាបខ្លួន កែចរិក ហើយកាន់តែជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ ។
ខ្ញុំចង់លើកឧទាហរណ៍អំពីរឿងនេះ ដោយយោងតាមគ្រាដ៏រំភើបមួយដែលព្យាការី យ៉ូសែប ស៊្មីធ បានជួបប្រទះ ។ តាមបទពិសោធន៍នេះ ព្រះអង្គសង្គ្រោះបានបង្រៀនមេរៀនដ៏មានតម្លៃអំពីគោលការណ៍ដែលយើងអាចរក្សាទុកក្នុងចិត្តពេញមួយជីវិត ។ វាកើតឡើងពេល ម៉ាទិន ហារីស បានធ្វើឲ្យបាត់អត្ថបទ 116 ទំព័រ ដែលបានបកប្រែក្នុងផ្នែកទីមួយនៃព្រះគម្ពីរមរមន ។
ក្រោយពីប្រែចិត្តពីការទទឹងនឹងដំបូន្មានព្រះ ព្យាការីបានទទួលវិវរណៈដែលចែងក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌទី 3 ( សូមមើល ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ 2007 ] ទំព័រ 69–71 ) ។ ខ្ញុំសូមលើកឡើងគោលការណ៍បី ចេញពីអ្វីដែលចែងក្នុងខទី 1 ដល់ទី 10 ដែលយើងគួរចងចាំជានិច្ច ៖
-
កិច្ចការ និង គោលបំណងរបស់ព្រះ ពុំអាចបង្អាក់បានឡើយ ។
-
យើងពុំត្រូវកោតខ្លាចមនុស្សជាងព្រះឡើយ ។
-
មានតម្រូវការឲ្យប្រែចិត្តជាដរាប ។
ក្នុងខទី 13 ព្រះបង្រៀនយើងពីទង្វើទាំងបួនដែលយើងពុំត្រូវប្រព្រឹត្ត ៖
-
បដិសេធចោលឱវាទរបស់ព្រះ ។
-
ក្បត់ពាក្យសន្យាពិសិដ្ឋដែលបានធ្វើនៅចំពោះព្រះ ។
-
ពឹងផ្អែកទៅលើការវិនិច្ឆ័យរបស់ខ្លួន ។
-
អួតអាងនៅក្នុងប្រាជ្ញាខ្លួន ។
ខ្ញុំសូមអធិស្ឋានថា យើងនឹងពុំវង្វេងផ្លូវ ប្រយោជន៍ឲ្យយើងអាចភ្ជាប់ទៅឯស្ថានសួគ៌ ដើម្បីកុំឲ្យលោកិយទាញយើងចេញទៅឆ្ងាយបានឡើយ ។
បើមាននរណាម្នាក់ទៅដល់ចំណុចនៃការបោះបង់មាគ៌ាព្រះអម្ចាស់ចោល — ត្រង់ទីណាមួយនៅតាមដំណើរការនោះ — ដោយមានវិប្បដិសារីដ៏ធំ ដែលមានអារម្មណ៍ល្វីងជូរចត់ចំពោះការបដិសេធចោលឱវាទរបស់ព្រះ ដោយបានក្បត់នឹងពាក្យសន្យាពិសិដ្ឋដែលធ្វើជាមួយព្រះ ដោយពឹងផ្អែកទៅលើការវិនិច្ឆ័យរបស់ខ្លួន ឬ អួតអាងលើប្រាជ្ញាខ្លួន ។
បើនេះជាបញ្ហារបស់អ្នក ខ្ញុំសូមទូន្មានអ្នកឲ្យប្រែចិត្ត ហើយត្រឡប់មកតាមផ្លូវត្រូវវិញ ។
គ្រាមួយចៅម្នាក់បានទូរស័ព្ទទៅជូនពរថ្ងៃកំណើតលោកតា ។ ចៅបានសួរលោកតាថា គាត់មានវ័យប៉ុន្មានហើយ ។ លោកតាថា គាត់មានវ័យ 70 ឆ្នាំ ហើយ ។ ចៅគាត់ បានគិតមួយស្របក់ ហើយសួរលោកតាថា « តើលោកតា បានរាប់តាំងពីលោកតាមានអាយុ 1 ឆ្នាំមកឬ ? »
មនុស្សគិតថាពួកគេនឹងពុំដែលចាស់ ក្នុងអំឡុងកុមារភាព និង យុវវ័យរបស់ពួកគេឡើយ ដែលជាគំនិតថា មរណភាពពុំមានអនុភាពចំពោះពួកគេឡើយ — ថាវាគឺសម្រាប់មនុស្សចាស់ជរា — ហើយថាការចូលទៅដល់ចំណុចនោះ គឺជាពេលវែងអន្លាយតទៅមុខទៀត ។ វេលាកន្លងទៅជាច្រើនខែ ច្រើនរដូវហួសទៅហើយ នោះស្នាមជ្រីវជ្រួញបានលេចឡើង កម្លាំងចុះខ្សោយ ហើយត្រូវទៅជួបគ្រូពេទ្យកាន់តែញឹកញាប់ ជាដើម ។
ថ្ងៃនោះនឹងមកដល់ដែលយើងនឹងទៅជួបព្រះប្រោសលោះ និង ព្រះអង្គសង្គ្រោះ ដែលជាព្រះយេស៊ូវគ្រីស្ទម្ដងទៀត ។ ខ្ញុំសូមឲ្យឱកាសដ៏ពិសិដ្ឋ និង អស្ចារ្យនោះ យើងអាចស្គាល់ទ្រង់ ព្រោះតែចំណេះដឹងដែលយើងមានអំពីទ្រង់ និង ព្រោះតែយើងបានធ្វើតាមការបង្រៀននៃទ្រង់ ។ ទ្រង់នឹងបង្ហាញយើងនូវស្នាមលើព្រះហស្ដ និង ព្រះបាទទ្រង់ ហើយយើងនឹងឱបក្រសោបគ្នាដោយយូរអង្វែង ទាំងស្រក់ទឹកភ្នែកដោយអំណរ ព្រោះបានដើរតាមមាគ៌ាទ្រង់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ទៅដល់ចុងផែនដី ទាំងបួនទិសថា ព្រះយេស៊ូវគ្រីស្ទ មានព្រះជន្មរស់ ។ ទ្រង់ទូន្មានថា « ចូរប្រុងស្ដាប់ ឱអ្នករាល់គ្នាដែលជាសាសន៍ទាំងឡាយនៃផែនដីអើយ ហើយឮព្រះបន្ទូលទាំងឡាយនៃព្រះដែលបានបង្កើតអ្នកចុះ » ( គ. និង ស. 43:23 ) ។ សូមឲ្យយើងអាចចាប់យក ស្ដាប់ យល់ដឹង ហើយបកស្រាយព្រះសារបន្ទូលដោយត្រឹមត្រូវថា « ព្រះជាអ្នកបង្កើត [ យើង ] មក » ដូច្នេះ សូមកុំដើរចេញពីមាគ៌ាទ្រង់ឡើយ ខ្ញុំអង្វរក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។