តើអ្នកគិតយ៉ាងណា?
ខ្ញុំអង្វរអ្នកឲ្យហាត់សួរសំណួរនេះ ដោយការគោរពដ៏ទន់ភ្លន់ចំពោះបទពិសោធន៍អ្នកដទៃ៖ « តើអ្នកគិតយ៉ាងណា? »
កាលពីសែសិបមួយឆ្នាំមុន ខ្ញុំបានឡើងបើកឡានធំមួយមានកង់ 18 ជាមួយនឹងភរិយាដ៏ស្រស់ស្អាតរបស់ខ្ញុំ ជេន និងកូនតូចយើង ស្កតធី ។ យើងបានដឹកសម្ភារសំណង់យ៉ាងធ្ងន់ ធ្វើដំណើរឆ្លងកាត់រដ្ឋជាច្រើន ។
នៅជំនាន់នោះគ្មានច្បាប់ឲ្យដាក់ខ្សែក្រវ៉ាត់ ឬច្បាប់ដាក់កៅអីសម្រាប់ទារកទេ ។ ភរិយាខ្ញុំបានបីកូនប្រុសស្ងួនភ្ញារបស់យើងនៅក្នុងដៃ ។ ពេលគាត់ពោលថា « យើងហើបផុតដីហើយបង » វាផ្ដល់ជាតម្រុយដល់ខ្ញុំថា គាត់មានអារម្មណ៍ភ័យហើយ ។
ពេលយើងមកដល់ជម្រាលផ្លូវ ដុនណឺ ផាស ជាប្រវត្តិសាស្ត្រ ជាផ្លូវចោទមួយលើមហាវិថី រំពេចនោះកាប៊ីនឡានស្រាប់តែមានផ្សែងហុយទ្រលោម។ រកមើលអ្វីមិនឃើញសោះ ហើយពិបាកដកដង្ហើមណាស់ ។
ដោយសារកន្ទុយឡានធ្ងន់ នោះការចាប់ហ្វ្រាំងតែម្យ៉ាងមិនអាចបន្ថយល្បឿនបានភ្លាមៗទេ ។ ខ្ញុំបានព្យាយាមបញ្ឈប់ឡានដោយជាន់ហ្វ្រាំង ហើយសាងលេខទាំងភិតភ័យ ។
ពេលខ្ញុំបានបត់ចូលទៅចិញ្ចើមផ្លូវ ប៉ុន្តែពីមុនយើងបានឈប់ស្រួលបួល ភរិយាខ្ញុំបានបើកទ្វារឡាន ហើយលោតចេញទៅដោយបីកូនក្នុងដៃ ។ ខ្ញុំបានមើលដោយគ្មានពំនឹង ពេលពួកគេបានដួលទៅលើដី ។
ពេលខ្ញុំបានចតឡានភ្លាម ខ្ញុំបានចេញពីកាប៊ីននោះភ្លាមយ៉ាងលឿន ។ ដោយភិតភ័យ ខ្ញុំបានរត់ទៅកាត់ថ្ម កាត់ស្មៅទៅឱបពួកគេក្នុងដៃ ។ ដៃ និងកែងដីរបស់ ជេន មានរបួសហូរឈាម ប៉ុន្តែសំណាងល្អគាត់ និងកូនប្រុសយើងនៅមានជីវិត ។ ខ្ញុំបានឱបពួកគេយ៉ាងណែន រហូតដល់ដីឈប់ហុយនៅលើផ្លូវជាតិនោះ ។
ពេលខ្ញុំបានស្ងប់ចិត្ត ហើយអាចដកដង្ហើមបានស្រួល នោះខ្ញុំបាននិយាយថា « តើអូនគិតយ៉ាងម៉េចហ្នឹង ? » អូនដឹងថាវាគ្រោះថ្នាក់ទេ ? អូនអាចនឹងស្លាប់បានណា ! »
គាត់បានមើលមុខខ្ញុំ ទាំងទឹកភ្នែកហូរលើថ្ពាល់ប្រឡាក់សុទ្ធតែផ្សែង ហើយបានពោលពាក្យដែលចាក់ក្នុងបេះដូងខ្ញុំ ហើយខ្ញុំចាំជានិច្ចថា ៖ « អូនគ្រាន់តែចង់ជួយសង្គ្រោះកូនប្រុសយើងប៉ុណ្ណោះ » ។
ខ្ញុំបានដឹងថា ពេលនោះ គាត់គិតថា ម៉ាស៊ីនឡានឆេះហើយ ខ្លាចថា ឡាននឹងផ្ទុះ នោះយើងនឹងស្លាប់ជាមិនខាន ។ ប៉ុន្តែ ខ្ញុំបានដឹងថា វាជាការឆ្លងភ្លើងទេ--វាមានគ្រោះថ្នាក់ តែមិនដល់ស្លាប់ទេ ។ ខ្ញុំបានសម្លឹងទៅភរិយាសំណព្វខ្ញុំ ដែលកំពុងអង្អែលក្បាលកូនប្រុសតូចយើងថ្មមៗនោះ ហើយងឿងឆ្ងល់ថា ហេតុអីគាត់ហានធ្វើរឿងបែបនេះទៅកើត ។
ក្នុងស្ថានភាពនេះ អាចមានគ្រោះថ្នាក់ខាងផ្លូវចិត្ត ដូចគ្នានឹងការខូចម៉ាស៊ីនឡានរបស់យើងដែរ ។ អរគុណណាស់ បន្ទាប់ពីការនៅស្ងៀមមួយរយៈមក ដោយយើងរៀងៗខ្លួនជឿថា វាជាកំហុសរបស់គ្នាទៅវិញទៅមក នោះនៅទីបំផុតយើងបានសម្ដែងពីអារម្មណ៍ដែលយើងបានធ្វើរឿងនោះ ។ ការចែកចាយអារម្មណ៍នៃក្ដីស្រឡាញ់ និងការព្រួយបារម្ភពីសុវត្ថិភាពគ្នា បានទប់ស្កាត់រឿងគ្រោះថ្នាក់នេះពីសេចក្ដីស្លាប់ ទៅជាអាពាហ៍ពិពាហ៍ដ៏រីករាយយើងវិញ ។
ប៉ុលបានព្រមានថា « មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែពាក្យណាដែលល្អៗ សម្រាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្ដល់ព្រះគុណដល់អស់អ្នកដែលស្ដាប់ » ( អេភេសូរ 4:29) ។ សម្ដីគាត់ បញ្ជាក់នូវបរិសុទ្ធភាព ។
តើពាក្យ « មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ » មានន័យយ៉ាងណាចំពោះអ្នក ? តាមធម្មតា យើងទាំងអស់គ្នាមានបទពិសោធន៍អារម្មណ៍ខឹងខ្លាំង--ទាំងខ្លួនឯង និងអ្នកដទៃ ។ យើងបានឃើញការខឹងច្រឡោតផ្ទុះឡើងនៅតាមទីសាធារណៈ ។ យើងធ្លាប់ជួបវា ដូចជាអារម្មណ៍ម្យ៉ាងដែល « ខឹងភ្លាម! » ក្នុងព្រឹត្តិការណ៍កីឡា ឆាកនយោបាយ និងក្នុងផ្ទះយើងផ្ទាល់ ។
ពេលខ្លះ កូននិយាយទៅកាន់ឪពុកម្ដាយជាទីស្រឡាញ់ខ្លួនដោយសម្ដីមុតដូចជាកាំបិត ។ ប្ដី ឬប្រពន្ធ ដែលធ្លាប់ចែកចាយបទពិសោធន៍ដ៏រីរាយ ហើយទន់ភ្លន់បំផុតនៃជីវិត បានបាត់បង់ក្ដីស្រមៃ និងភាពអត់ធ្មត់នឹងគ្នា ហើយតម្លើងសំឡេងរបស់ខ្លួន ។ យើងទាំងអស់គ្នា ថ្វីបើជាកូនចៅក្នុងសេចក្ដីសញ្ញារបស់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ក្ដី បានស្ដាយក្រោយ ពេលធ្វើការវិនិច្ឆ័យរហ័សពេក ហើយយើងបានប្រើសម្ដីទ្រគោះបោះបោក មុនពេលយើងយល់ពីស្ថានភាពមួយនៅក្នុងគំនិតរបស់មនុស្សម្នាក់ទៀត ។ យើងទាំងអស់គ្នាមានឱកាសរៀនពីរបៀបដែលពាក្យសម្ដីអាក្រក់ អាចនាំស្ថានភាពមួយដែលគ្រាន់តែគ្រោះថ្នាក់ ក្លាយទៅជាដល់សេចក្ដីស្លាប់បាន ។
លិខិតមួយច្បាប់ថ្មីៗនេះ មកពីគណៈប្រធានទីមួយបានថ្លែងយ៉ាងច្បាស់ថា « ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ បង្រៀនយើងឲ្យស្រឡាញ់ ហើយប្រព្រឹត្តចំពោះមនុស្សទាំងអស់ដោយចិត្តល្អ និងការគោរព--ទោះជាយើងមិនយល់ស្របក្ដី » ( លិខិតគណៈប្រធានទីមួយ ថ្ងៃទី 10 ខែមករា ឆ្នាំ 2014 ) ។ នេះជាការរំឭកដ៏ល្អខ្លាំងណាស់ថា យើងអាច និងគួរចូលរួមក្នុងការបន្ដសន្ទនាតាមធម្មតា ជាពិសេសពេលយើងមើលពិភពលោកក្នុងទស្សនៈមួយផ្សេងទៀត ។
អ្នកសរសេរគម្ពីរសុភាសិត បានប្រឹក្សាថា « ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ ៖ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ » ( សុភាសិត 15:1) ។ « ការឆ្លើយដោយស្រទន់ » មាននូវការឆ្លើយដែលមានហេតុផល--ពាក្យមានវិន័យចេញពីដួងចិត្តរាបសារ ។ វាពុំមែនមានន័យថា យើងពុំនិយាយចំៗ ឬថា យើងសម្រួលសេចក្ដីពិតខាងគោលលទ្ធិទេ ។ ពាក្យដែលចំៗ អាចមាននូវភាពទន់ភ្លន់ខាងវិញ្ញាណ ។
ព្រះគម្ពីរមរមន មាននូវគំរូដ៏សំខាន់មួយស្ដីពីភាសាច្បាស់លាស់ដែលបានលើកឡើងពីភាពមិនចុះសម្រុងរវាងប្ដីប្រពន្ធផងដែរ ។ កូនប្រុសរបស់សារ៉ាយ និងលីហៃ ត្រូវបានបញ្ជូនឲ្យត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ដើម្បីទៅយកផ្ទាំងលង្ហិន ហើយពុំទាន់ត្រឡប់មកវិញ ។ សារ៉ាយ ជឿថា កូនប្រុសស្ថិតក្នុងគ្រោះថ្នាក់ ហើយគាត់ខឹងខ្លាំង ហើយចាំបាច់ត្រូវបន្ទោសដល់នរណាម្នាក់ ។
សូមស្ដាប់រឿងនោះ តាមទស្សនៈរបស់កូនប្រុសគាត់ នីហ្វៃថា ៖ « ត្បិត [ម្ដាយខ្ញុំ] គិតស្មានថា យើងបានវិនាសនៅក្នុងទីរហោស្ថានទៅហើយ ហើយគាត់ក៏បានពោលពាក្យត្អូញត្អែរទាស់នឹងឪពុកខ្ញុំថា ឪពុកខ្ញុំជាអ្នកប្រកបដោយការនិមិត្ត ដោយថា ៖ មើលចុះ លោកបាននាំយើងរាល់គ្នាចាកចេញចោលដែនដីនៃកេរអាកររបស់យើង ហើយកូនប្រុសទាំងឡាយរបស់ខ្ញុំ ក៏ទៅបាត់អស់ទៀត ហើយយើងនឹងត្រូវវិនាសក្នុងទីរហោស្ថាន » ( នីហ្វៃទី 1 5:2 ) ។
ឥឡូវ ចូរគិតពីអ្វីដែលសារ៉ាយ បានគិត ។ គាត់បានព្រួយបារម្ភពីការដែលពួកកូនប្រុសគាត់ត្រូវត្រឡប់ទៅកន្លែងដែលមានគេគម្រាមចង់សម្លាប់ស្វាមីគាត់ ។ គាត់បានប្ដូរផ្ទះជាទីស្រឡាញ់ និងមិត្តភក្ដិ មកយកត្រសាលមួយក្នុងទីរហោស្ថានដាច់ស្រយាល កាលដែលគាត់ស្ថិតក្នុងវ័យអាចបង្កើតកូននៅឡើយនោះ ។ ដោយការភ័យបារម្ភខ្លាំង សារ៉ាយ ហាក់ដូចជា ហ៊ានលោតពីលើឡានល្បឿនយ៉ាងលឿន ប៉ុនប៉ងការពារដល់គ្រួសារគាត់នោះ ទោះវាជាទង្វើរពុំឆ្លាតវៃក្ដី ។ គាត់បានបង្ហាញកង្វល់ខ្លាំងដល់ប្ដីគាត់ ជាភាសាខឹង សង្ស័យ និងបន្ទោស-- ជាភាសាមួយដែលមនុស្សទូទៅទំនងជាចេះយ៉ាងស្ទាត់នោះ ។
ព្យាការី លីហៃ បានស្ដាប់ពីការភិតភ័យដែលជាប្រភពធ្វើឲ្យប្រពន្ធគាត់មានកំហឹង ។ បន្ទាប់មក គាត់បានឆ្លើយតបដោយមានវិន័យ ជាភាសានៃក្ដីមេត្តា ។ ដំបូង គាត់ទទួលយកការពិតនៃអ្វីៗ ដែលប្រពន្ធគាត់បានគិត ៖ « ហើយ ... ឪពុកខ្ញុំបាននិយាយទៅម្ដាយខ្ញុំថា ៖ ខ្ញុំដឹងហើយថា ខ្ញុំជាមនុស្សប្រកបដោយការនិមិត្ត... ប៉ុន្តែ [បើខ្ញុំ] នៅក្នុងក្រុងយេរូសាឡិមតទៅទៀត ច្បាស់ជាត្រូវវិនាសទៅជាមួយនឹងបងប្អូនខ្ញុំហើយ » ( នីហ្វៃទី 1 5:4) ។
រួច ស្វាមីគាត់បានលើកឡើងនូវការបារម្ភរបស់ប្រពន្ធគាត់ចំពោះសុខុមាលភាពនៃកូនៗពួកគាត់ ដូចដែលព្រះវិញ្ញាណបរិសុទ្ធ បានថ្លែងទីបន្ទាល់យ៉ាងច្បាស់ដល់គាត់ថា ៖
« ប៉ុន្តែមើលចុះ ខ្ញុំបានទទួលដែនដីសន្យាហើយ ការណ៍នេះធ្វើឲ្យខ្ញុំរីករាយណាស់ មែនហើយ ហើយខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់ នឹងរំដោះកូនប្រុសទាំងឡាយ ឲ្យបានរួចផុតពីកណ្ដាប់ដៃ ឡាបាន់ …។
« ហើយដោយពោលពាក្យបែបនេះហើយ ដែលឪពុកខ្ញុំ លីហៃ បានកំសាន្ដចិត្តម្ដាយខ្ញុំ ពីរឿងយើង » ( នីហ្វៃទី 1 5:5–6) ។
សព្វថ្ងៃនេះ មានតម្រូវការយ៉ាងខ្លាំង ដើម្បីឲ្យបុរសស្ត្រីគ្រប់គ្នា បណ្ដុះនូវការគោរពចំពោះគ្នាទៅវិញទៅមក ទោះជាមានជំនឿ និងទង្វើ ហើយហេតុផលខុសគ្នាខ្លាំងយ៉ាងណាក្ដី ។ វាពិបាកណាស់ ដើម្បីដឹងអ្វីៗទាំងអស់ ដែលប្រាប់ក្នុងគំនិត និងចិត្តយើង ឬយល់ពេញលេញពីស្ថានភាពនៃការសាកល្បង និងជម្រើស ដែលយើងម្នាក់ៗបានជួបនោះ ។
ដូច្នេះ តើមានអ្វីកើតឡើងចំពោះឃ្លា « ពាក្យអាក្រក់ » ដែលប៉ុលបានថ្លែង បើយើងគ្រប់គ្រងខ្លួនយើង រួមទាំងអាណិតអាសូរចំពោះបទពិសោធន៍អ្នកដទៃមុននោះ ? ដោយទទួលយកពេញលេញនូវព្រំដែននៃភាពមិនល្អឥតខ្ចោះ និងភាពមិនល្អរបស់ខ្ញុំ ខ្ញុំសូមអង្វរអ្នកឲ្យហាត់សួរ ដោយទន់ភ្លន់ពីបទពិសោធន៍មនុស្សម្នាក់ទៀតនូវសំណួរនេះថា ៖ « តើអ្នកគិតយ៉ាងណា ? »
តើអ្នកចាំទេ ពេលព្រះអម្ចាស់ បានធ្វើឲ្យសាំយ៉ូអែល និងស៊ូល ភ្ញាក់ផ្អើល ដោយជ្រើសក្មេងប្រុសតូច គង្វាលចៀម ដាវីឌនៃបេថ្លេហិម ធ្វើជាស្ដេចនៃពួកអ៊ីស្រាអែលនោះ ? ព្រះអម្ចាស់បានប្រាប់ព្យាការីទ្រង់ថា « ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្ដីដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះអម្ចាស់ទ្រង់ទតចំពោះក្នុងចិត្តវិញ » ( សាំយូអែលទី 1 16:7) ។
នៅពេលកាប៊ីនឡានយើងមានសុទ្ធតែផ្សែង នោះភរិយាខ្ញុំបានធ្វើដោយក្លាហានបំផុត តាមដែលគាត់អាចធ្វើ ដើម្បីការពារកូនប្រុសយើង ។ ខ្ញុំក៏បានធ្វើជាអ្នកការពារម្នាក់ដែរ ពេលខ្ញុំឆ្ងល់ពីជម្រើសគាត់ ។ អ្វីដែលអស្ចារ្យនោះគឺថា ទោះនរណាត្រូវ ឬខុស វាមិនសំខាន់ទេ ។ អ្វីដែលសំខាន់ គឺការស្ដាប់គ្នាទៅវិញទៅមក ហើយយល់ពីទស្សនៈរបស់បុគ្គលម្នាក់ទៀត ។
ឆន្ទៈដើម្បីយល់ពីគំនិតគ្នាទៅវិញទៅមកនឹងប្ដូរ « ពាក្យអាក្រក់ » ទៅជា « ការ [ផ្ដល់] ព្រះគុណ » ។ សាវក ប៉ុល យល់ពីរឿងនេះ ហើយនៅកម្រិតណាមួយនោះ យើងម្នាក់ៗ នឹងអាចមានបទពិសោធន៍ដែរ ។ វាអាចនឹងមិនផ្លាស់ប្ដូរ ឬដោះស្រាយបញ្ហានោះទេ ប៉ុន្តែលទ្ធភាពដ៏សំខាន់ជាងនោះ អាចថា ជាការផ្ដល់ព្រះគុណមកផ្លាស់ប្ដូរយើងវិញ ។
ខ្ញុំថ្លែងជាសាក្សីដោយរាបសារថា យើងអាច « ផ្ដល់ព្រះគុណ » តាមរយៈភាសាចិត្តមេត្តា ពេលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដែលបានបណ្ដុះ អាចចាក់ទម្លុះដួងចិត្តយើងឲ្យអាណិតអាសូរពីអារម្មណ៍ និងស្ថានភាពរបស់អ្នកដទៃ ។ វាជួយយើងឲ្យផ្លាស់ស្ថានភាពគ្រោះថ្នាក់ទៅជាកន្លែងដ៏បរិសុទ្ធបាន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ពីព្រះអង្គសង្គ្រោះជាទីស្រឡាញ់ ដែល « ទតមើលដួងចិត្ត [យើង] » ហើយខ្វល់ខ្វាយនឹងអ្វីដែលយើងកំពុងគិត ។ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។