« ត្បិតខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ »
គំរូដ៏ល្អបំផុតដែលធ្លាប់មាននៅលើផែនដី គឺព្រះអង្គសង្គ្រោះយើង ព្រះយេស៊ូវគ្រីស្ទ ...។ ទ្រង់អញ្ជើញយើងឲ្យធ្វើតាមគំរូដ៏ឥតខ្ចោះរបស់ទ្រង់។
ពេលខ្ញុំបានពិចារណាអំពីកាតព្វកិច្ចចែកចាយដំណឹងល្អរបស់ខ្ញុំ ខ្ញុំបានសញ្ជឹងគិតអំពី អស់អ្នកជាទីស្រឡាញ់ បានជួយខ្ញុំឲ្យរកឃើញផ្លូវដែលបានតាំងដ៏ទេវភាព ដែលជួយខ្ញុំរីកចម្រើនខាងវិញ្ញាណ ដោយឥទ្ធិពលទន់ភ្លន់របស់ពួកគាត់។ ក្នុងពេលដ៏មានតម្លៃក្នុងជីវិតខ្ញុំ ព្រះវរបិតាសួគ៌ បានបញ្ជូនមនុស្សឲ្យមកមើលថែខ្ញុំយ៉ាងគ្រប់គ្រាន់ ដែលជួយដឹកនាំការជ្រើសរើសរបស់ខ្ញុំ ក្នុងទិសដៅដ៏ត្រឹមត្រូវមួយ ។ ពួកគាត់បានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះទាំងនេះថា ៖ « ត្បិតខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ » ។ 1
ពេលខ្ញុំនៅក្មេង ឪពុកខ្ញុំពុំមែនជាសមាជិកនៃសាសនាចក្រទេ ហើយម្ដាយខ្ញុំបែរជាពុំសូវសកម្មទៀត ។ យើងរស់នៅ វ៉ាស៊ីនតោន ឌី.ស៊ី ហើយឪពុកម្ដាយរបស់ម្ដាយខ្ញុំ បានរស់នៅ 2500 ម៉ែល (4,000 គ.ម) ពីរដ្ឋវ៉ាស៊ីនតោន ។ ប៉ុន្មានខែបន្ទាប់ពីខួបកំណើតប្រាំបីឆ្នាំរបស់ខ្ញុំ លោកយាយ វីតថល បានមកលេងនឹងយើង ។ លោកយាយមានកង្វល់អំពីមូលហេតុ ដែលខ្ញុំនឹងបងប្រុសខ្ញុំពុំបានទទួលបុណ្យជ្រមុជទឹក ។ ខ្ញុំមិនដឹងថាគាត់និយាយអ្វីខ្លះអំពីរឿងនេះទៅឪពុកម្ដាយខ្ញុំទេ ប៉ុន្តែខ្ញុំបានដឹងថា នាព្រឹកមួយ គាត់បាននាំបងប្រុសខ្ញុំ និងខ្ញុំទៅលេងសួនច្បារមួយ ហើយបានចែកចាយអារម្មណ៍គាត់អំពីសារៈសំខាន់នៃការទទួលបុណ្យជ្រមុជទឹក និងទៅព្រះវិហារទៀងទាត់ ។ ខ្ញុំមិនចាំនូវពាក្យសម្ដីជាក់លាក់ដែលគាត់និយាយទេ ប៉ុន្តែពាក្យពេចន៍គាត់ បានចាក់ចូលដល់ដួងចិត្តខ្ញុំ ហើយមិនយូរប៉ុន្មាន បងប្រុសខ្ញុំ និងខ្ញុំបានទទួលបុណ្យជ្រមុជទឹក ។
លោកយាយ បានបន្ដគាំទ្រដល់យើង ។ ខ្ញុំចាំថា រាល់ពេលដែលបងប្រុសខ្ញុំ និងខ្ញុំ ត្រូវបានចាត់ឲ្យឡើងនិយាយក្នុងព្រះវិហារ យើងតែងបានទូរស័ព្ទទៅលោកយាយ សុំយោបល់ខ្លះៗពីគាត់ ។ ពីរបីថ្ងៃក្រោយមក យើងបានទទួលអត្ថបទឡើងនិយាយដែលសរសេរដោយដៃមកពីគាត់ ។ ក្រោយមកទៀត យោបល់ទាំងឡាយរបស់គាត់ បានផ្លាស់ប្ដូរទៅជាទម្រង់មួយ តម្រូវឲ្យយើងខំបញ្ចេញសមត្ថភាពដោយខ្លួនយើងច្រើនជាង។
លោកយាយ បានប្រើការលើកទឹកចិត្ត និងការគោរពត្រឹមត្រូវ ដើម្បីជួយឪពុកយើង ទទួលស្គាល់សារៈសំខាន់នៃការនាំយើងទៅព្រះវិហារ សម្រាប់ការប្រជុំ ។ គាត់បានជួយយើងឲ្យដឹងពីតម្រូវការដើម្បីមានដំណឹងល្អក្នុងជីវិតយើង តាមគ្រប់វិធី ។
សំខាន់បំផុតនោះ យើងបានដឹងថាលោកយាយ ស្រឡាញ់យើង ហើយដឹងថា គាត់ស្រឡាញ់ដំណឹងល្អ ។ គាត់ជាគំរូដ៏អស្ចារ្យមួយ ! ខ្ញុំមានអំណរគុណណាស់ ចំពោះទីបន្ទាល់ដែលគាត់បានចែកនឹងខ្ញុំ ពេលខ្ញុំនៅក្មេង ។ ឥទ្ធិពលរបស់គាត់ បានផ្លាស់ប្ដូរទិសដៅនៃជីវិតខ្ញុំ ។
ក្រោយមក ពេលខ្ញុំហៀបនឹងបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ខ្ញុំបានចាប់ចិត្តស្រឡាញ់យុវនារីដ៏ស្អាតម្នាក់ ឈ្មោះ ជែននីន វ៉តឃីនស៍ ។ ខ្ញុំបានគិតថា គាត់ចាប់ផ្ដើមមានអារម្មណ៍ស្រឡាញ់ខ្ញុំខ្លះផងដែរ ។ នាយប់មួយ ពេលយើងនិយាយគ្នាអំពីអនាគត គាត់បានលើកដោយប្រុងប្រយ័ត្ននូវប្រយោគពិភាក្សា ដែលបានផ្លាស់ប្ដូរជីវិតខ្ញុំជារៀងរហូត ។ គាត់និយាយថា « ពេលខ្ញុំរៀបការ ខ្ញុំនឹងរៀបការជាមួយអ្នកត្រឡប់ពីផ្សាយសាសនាស្មោះត្រង់នៅក្នុងព្រះវិហារបរិសុទ្ធ » ។
ខ្ញុំពុំសូវបានគិតច្រើនអំពីបេសកកម្មពីមុនមកទេ ។ យប់នោះ ចិត្តខ្ញុំ សញ្ជឹងគិតអំពីការបម្រើផ្សាយសាសនា បានផ្លាស់ប្ដូរយ៉ាងខ្លាំង ។ ខ្ញុំបានទៅផ្ទះវិញ ហើយមិនគិតអំពីអ្វីផ្សេងទៀតសោះឡើយ ។ ខ្ញុំពុំអាចគេងលក់ពេញមួយយប់ ។ ខ្ញុំពុំអាចផ្តោតលើការរៀនរបស់ខ្ញុំ នៅថ្ងៃបន្ទាប់បានទេ ។ បន្ទាប់ពីការអធិស្ឋានជាច្រើនមក ខ្ញុំបានសម្រេចចិត្តដើម្បីជួបនឹងប៊ីស្សពខ្ញុំ ហើយចាប់ផ្ដើមដាក់ពាក្យផ្សព្វផ្សាយសាសនា ។
ជែននីន ពុំដែលសុំខ្ញុំឲ្យបម្រើបេសកកម្មដើម្បីគាត់នោះទេ ។ គាត់ស្រឡាញ់ខ្ញុំខ្លាំងណាស់ ទើបចែកចាយពីជំនឿស៊ប់របស់គាត់ ហើយបានផ្ដល់ឱកាសដល់ខ្ញុំ ដើម្បីដើរតាមទិសដៅនៃជីវិតផ្ទាល់របស់ខ្ញុំ ។ យើងទាំងពីរនាក់បានបម្រើបេសកកម្ម ហើយក្រោយមកបានផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។ ភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់ ជែននីន ចំពោះសេចក្តីជំនឿគាត់ បានធ្វើឲ្យមានផ្លាស់ប្តូរយ៉ាងធំនៅក្នុងជីវិតយើងរួមគ្នា ។ ខ្ញុំជឿជាក់ថា យើងនឹងពុំរកឃើញសុភមង្គល ដែលយើងមាន ដោយគ្មានសេចក្តីជំនឿដ៏រឹងមាំរបស់គាត់ ទៅលើគោលការណ៍នៃការបម្រើព្រះអម្ចាស់ជាមុនសិននោះទេ ។ គាត់គឺជាគំរូដ៏ល្អ និងសុចរិតមួយ !
លោកយាយ វីតថល និង ជែននីន ស្រឡាញ់ខ្ញុំយ៉ាងខ្លាំង ទើបបានចែកចាយជំនឿស៊ប់របស់ពួកគាត់ថា ពិធីបរិសុទ្ធនៃដំណឹងល្អ និងការបម្រើព្រះវរបិតាសួគ៌ នឹងប្រទានពរដល់ជីវិតខ្ញុំ ។ គ្មានពួកគាត់ណាម្នាក់បង្ខំ ឬធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អពីខ្លួនខ្ញុំឡើយ ។ ពួកគាត់ស្រឡាញ់ខ្ញុំ ហើយស្រឡាញ់ព្រះវរិតាសួគ៌ ។ ពួកគាត់បានដឹងថា ទ្រង់អាចធ្វើអ្វីៗច្រើនសម្រាប់ជីវិតខ្ញុំ ជាជាងខ្ញុំអាចធ្វើដោយខ្លួនឯងបាន ។ ពួកគាត់ម្នាក់ៗ បានជួយខ្ញុំយ៉ាងក្លាហាន ដោយក្ដីស្រឡាញ់ ដើម្បីស្វែងរកផ្លូវទៅកាន់សុភមង្គលដ៏អស្ចារ្យបំផុត ។
តើយើងម្នាក់ៗ អាចក្លាយទៅជាឥទ្ធិពលដ៏សំខាន់ដូច្នេះដោយរបៀបណា ? យើងត្រូវមានសេចក្ដីស្រឡាញ់ដោយស្មោះចំពោះអ្នក ដែលយើងចង់ជួយនៅក្នុងសេចក្ដីសុចរិត ដើម្បីពួកគេអាចចាប់ផ្ដើមអភិវឌ្ឍន៍ទំនុកចិត្តលើសេចក្ដីស្រឡាញ់របស់ព្រះ ។ ចំពោះមនុស្សជាច្រើនក្នុងពិភលោក ឧបសគ្គទីមួយក្នុងការទទួលដំណឹងល្អ គឺការអភិវឌ្ឍជំនឿលើព្រះវរបិតាសួគ៌ ដែលស្រឡាញ់ពួកគេដោយឥតខ្ចោះ ។ វាពិតជាងាយស្រួល ដើម្បីអភិវឌ្ឍន៍សេចក្តីជំនឿ ពេលពួកគេមានមិត្តភក្ដិ ឬសមាជិកគ្រួសារ ដែលសេចក្ដីស្រឡាញ់ពួកគេស្រដៀងគ្នានេះ ។
ការទុកចិត្តរបស់ពួកគេលើក្ដីស្រឡាញ់អ្នក អាចជួយពួកគេបង្កើតក្ដីជំនឿទៅលើសេចក្ដីស្រឡាញ់របស់ព្រះ ។ បន្ទាប់មកតាមរយៈការស្រឡាញ់ ការទំនាក់ទំនងដោយចេះគិតរបស់អ្នក នោះជីវិតពួកគេ នឹងទទួលពរ តាមរយៈមេរៀនដែលអ្នកចែកចាយ ដែលអ្នកបានរៀន បទពិសោធន៍ដែលអ្នកមាន និងគោលការណ៍ទាំងឡាយដែលអ្នកបានដើរតាម ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាផ្ទាល់ខ្លួនអ្នក ។ ចូរបង្ហាញការយកចិត្តទុកដាក់ដ៏ស្មោះរបស់អ្នកចំពោះសុខុមាលភាពពួកគេ រួចហើយចែកចាយទីបន្ទាល់អ្នក អំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
អ្នកអាចជួយតាមរបៀបនានា ដែលផ្អែកទៅលើគោលការណ៍ និងគោលលទ្ធិ ។ ចូរលើកទឹកចិត្តមនុស្សដែលអ្នកស្រឡាញ់ ឲ្យព្យាយាមយល់អំពីអ្វីដែលព្រះអម្ចាស់ចង់ឲ្យពួកគេធ្វើ ។ របៀបមួយ ដើម្បីធ្វើដូច្នេះ គឺសួរសំណួរដល់ពួកគេ ដែលធ្វើឲ្យពួកគេគិត រួចហើយទុកពេលគ្រប់គ្រាន់ឲ្យពួកគេ--ទោះជារាប់ម៉ោង ច្រើនថ្ងៃ ច្រើនខែ ឬលើសពីនេះ-- ដើម្បីពិចារណា និងស្វែងរកចម្លើយសម្រាប់ខ្លួនគេ ។ អ្នកគួរតែជួយពួកគេឲ្យដឹងអំពីរបៀបអធិស្ឋាន និងរបៀបដើម្បីស្គាល់ចម្លើយចំពោះការអធិស្ឋានរបស់ពួកគេ ។ ជួយពួកគេឲ្យដឹងថា បទគម្ពីរ គឺជាប្រភពដ៏សំខាន់មួយ ដើម្បីទទួល និងស្គាល់ចម្លើយ ។ តាមរបៀបនោះ អ្នកនឹងជួយពួកគេត្រៀមខ្លួនសម្រាប់ឱកាស និងឧបសគ្គនាពេលអនាគត ។
គោលបំណងរបស់ព្រះគឺ « ដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់ក្បលជានិច្ចដល់មនុស្ស » ។ 2 នោះជាគ្រឹះនៃអ្វីៗទាំងអស់ដែលយើងធ្វើ ។ ពេលខ្លះ យើងត្រូវបានលង់ខ្លួនទៅក្នុងលើអ្វី ដែលយើងជឿថា គួរឲ្យរំភើបចិត្ត ឬបានជាប់រវល់យ៉ាងខ្លាំងនឹងទំនួលខុសត្រូវប្រចាំថ្ងៃ ដែលយើងបានភ្លេចពីគោលបំណងរបស់ព្រះ ។ នៅពេលអ្នកផ្ដោតជីវិតយ៉ាងខ្ជាប់ខ្ជួនទៅលើគោលការណ៍ជាមូលដ្ឋានបំផុត នោះអ្នកនឹងទទួលបានការយល់ដឹងអំពីអ្វី ដែលអ្នកត្រូវធ្វើ ហើយអ្នកនឹងបង្កើតផលបានកាន់តែច្រើនចំពោះព្រះអម្ចាស់ និងសុភមង្គលកាន់តែច្រើនដល់ខ្លួនអ្នក ។
នៅពេលអ្នកផ្ដោតជីវិតអ្នកទៅលើគោលការណ៍ជាមូលដ្ឋាននៃផែនការនៃសេចក្ដីសង្គ្រោះ នោះអ្នកនឹងកាន់តែផ្តោតចិត្តទៅលើការចែកចាយនូវអ្វីដែលអ្នកដឹង ដោយសារអ្នកយល់ពីសារៈសំខាន់ដ៏អស់កល្បនៃពិធីបរិសុទ្ធនៃដំណឹងល្អ ។ អ្នកនឹងចែកចាយអ្វីដែលអ្នកដឹង តាមរបៀបណាមួយ ដែលលើកទឹកចិត្តមិត្តរបស់អ្នកឲ្យចង់មានភាពរឹងមាំខាងវិញ្ញាណ ។ អ្នកនឹងជួយអស់អ្នកជាទីស្រឡាញ់របស់អ្នក ឲ្យតាំងចិត្តគោរពតាមបទបញ្ញត្តិទ្រង់ទាំងអស់ ហើយលើកដាក់លើខ្លួនគេនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទផងដែរ ។
ចូរចងចាំថា ការសន្ទនារបស់បុគ្គលម្នាក់ៗ គឺគ្រាន់តែជាផ្នែកមួយនៃកិច្ចការប៉ុណ្ណោះ ។ ចូរព្យាយាមពង្រឹងដល់គ្រួសារជានិច្ច ។ ចូរបង្រៀនដោយទស្សនៈអំពីសារៈសំខាន់នៃក្រុមគ្រួសារ ត្រូវបានផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។ ជាមួយក្រុមគ្រួសារមួយចំនួន វាអាចចំណាយពេលរាប់ឆ្នាំ ។ នេះជាករណីឪពុកម្ដាយខ្ញុំ ។ជាច្រើនឆ្នាំ បន្ទាប់ពីខ្ញុំបានជ្រមុជទឹក ឪពុកខ្ញុំបានជ្រមុជទឹក ហើយក្រោយមកគ្រួសារខ្ញុំបានផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ។ ឪពុកខ្ញុំបានបម្រើជាអ្នកផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ហើយម្ដាយខ្ញុំបានបម្រើនៅទីនោះជាមួយគាត់ ។ នៅពេលអ្នកមានទស្សនៈវិស័យអំពីពិធីបរិសុទ្ធផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ នោះអ្នកនឹងជួយស្ថាបនានគរព្រះនៅលើផែនដី ។
ចូរចាំថា ការស្រឡាញ់ពួកគេ គឺជាគ្រឹះដ៏មានអនុភាពបំផុត សម្រាប់ជះឥទ្ធិពលដល់អ្នកទាំងឡាយ ដែលអ្នកចង់ជួយ ។ ឥទ្ធិពលលោកយាយ វីតថល និងភរិយាខ្ញុំ ជែននីន ទំនងជារឿងមិនសំខាន់ទេ បើខ្ញុំមិនដឹងជាមុនថា ពួកគាត់ស្រឡាញ់ខ្ញុំ ហើយចង់ឲ្យខ្ញុំមានអ្វីល្អបំផុតក្នុងជីវិតនោះ ។
ក្នុងនាមជាដៃគូចំពោះសេចក្ដីស្រឡាញ់នោះ ចូរទុកចិត្តពួកគាត់ ។ ក្នុងករណីខ្លះ វាទំនងជាពិបាកដើម្បីទុកចិត្ត ប៉ុន្តែសូមរកវិធីទុកចិត្តពួកគេចុះ ។ កូនចៅរបស់ព្រះវរបិតាសួគ៌ អាចធ្វើរឿងអស្ចារ្យជាច្រើន ពេលពួកគេដឹងថា មានគេទុកចិត្តខ្លួននោះ ។ កូនម្នាក់ៗរបស់ព្រះក្នុងជីវិតរមែងស្លាប់នេះ ជ្រើសរើសផែនការរបស់ព្រះអង្គសង្គ្រោះ ។ ការទុកចិត្តនោះផ្ដល់ជាឱកាសដើម្បីឲ្យពួកគេនឹងធ្វើដូច្នោះម្ដងទៀត ។
ចូរចែកចាយគោលការណ៍ដែលជួយអ្នកទាំងឡាយដែលអ្នកស្រឡាញ់ឲ្យឆ្ពោះទៅមុខនៅតាមផ្លូវជីវិតដ៏អស់កល្បជានិច្ច ។ ចូរចាំថា យើងទាំងអស់គ្នា រីកចម្រើនមួយបន្ទាត់ម្ដងៗ ។ អ្នកបានធ្វើតាមគំរូដដែល នៅក្នុងការយល់ដឹងអំពីដំណឹងល្អរបស់អ្នក ។ ចូរបន្ដចែកចាយដំណឹងល្អរបស់អ្នកដោយសាមញ្ញ ។
ទីបន្ទាល់ផ្ទាល់របស់អ្នក អំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ គឺជាឧបករណ៍ដ៏មានអនុភាពមួយ ។ ធនធានបន្ថែមទៀត មានដូចជាការអធិស្ឋាន ព្រះគម្ពីរមរមន និងព្រះគម្ពីរដទៃទៀត ហើយនឹងការតាំងចិត្តរបស់អ្នកចំពោះពិធីបរិសុទ្ធនៃបព្វជិតភាព ។ អ្វីៗទាំងអស់នេះ នឹងជួយសម្រួលទិសដៅនៃព្រះវិញ្ញាណ ដែលសំខាន់បំផុតសម្រាប់អ្នកពឹងផ្អែក ។
ដើម្បីមានឥទ្ធិពល ហើយធ្វើដូចជាព្រះគ្រីស្ទបានធ្វើ 3 ចូរពិចារណាគោលការណ៍មូលដ្ឋាននៃដំណឹងល្អនេះ ៖ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ធ្វើឲ្យយើងមានលទ្ធភាពប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌យើង ដើម្បីយើងអាចរស់នៅជាមួយគ្នាដ៏អស់កល្បជានិច្ចក្នុងអង្គភាពគ្រួសារយើង ។
គ្មានគោលលទ្ធិណា សំខាន់ចំពោះកិច្ចការយើង ជាងដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទឡើយ ។ ចូរឆ្លៀតគ្រប់ឱកាស ដើម្បីថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ និងអំណាចនៃការពលិកម្មដង្វាយធួនរបស់ទ្រង់ ។ ចូរប្រើបទគម្ពីរដែលបង្រៀនអំពីទ្រង់ និងមូលហេតុដែលទ្រង់គឺជាគំរូដ៏ឥតខ្ចោះដល់មនុស្សគ្រប់រូបក្នុងជីវិត ។ 4 អ្នកនឹងត្រូវសិក្សាដោយឧស្សាហ៍ព្យាយាម ។ ចូរកុំជក់ចិត្តនឹងរឿងកំប៉ិកកំប៉ុកពេក ដែលធ្វើឲ្យអ្នកខកខានពុំបានរៀនគោលលទ្ធិ និងការបង្រៀនរបស់ព្រះអម្ចាស់នោះឡើយ ។ អ្នកនឹងក្លាយជាប្រភពដ៏មានអំណាចចំពោះការចែកចាយសេចក្ដីពិតដ៏សំខាន់ជាមួយអ្នកដទៃ ដែលត្រូវការវាយ៉ាងខ្លាំងនោះ ពេលអ្នកមានគ្រឹះខាងគោលលទ្ធិរឹងមាំផ្ទាល់ខ្លួន ។
យើងបម្រើព្រះវរបិតាសួគ៌យើងយ៉ាងល្អបំផុត តាមរយៈឥទ្ធិពលសុចរិតលើអ្នកដទៃ និងការបម្រើពួកគេ ។ 5ព្រះអង្គសង្គ្រោះយើង ព្រះយេស៊ូវគ្រីស្ទ គឺជាគំរូដ៏ល្អបំផុតដែលបានរស់នៅលើផែនដី។ ការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ពោរពេញដោយការបង្រៀន ការបម្រើ និងការស្រឡាញ់អ្នកដទៃ ។ ទ្រង់គង់នៅជាមួយបុគ្គលទាំងឡាយ ដែលត្រូវគេថ្កោលទោសថាពុំសក្ដិសម និងធ្វើជាដៃគូររបស់ទ្រង់ ។ ទ្រង់ស្រឡាញ់ពួកគេ ។ ទ្រង់ដឹងពីតម្រូវការពួកគេ ហើយបង្រៀនពួកគេនូវដំណឹងល្អទ្រង់ ។ ទ្រង់អញ្ជើញយើងឲ្យធ្វើតាមគំរូដ៏ឥតខ្ចោះរបស់ទ្រង់ ។
ខ្ញុំដឹងថា ដំណឹងល្អទ្រង់ គឺជាផ្លូវទៅកាន់សេចក្ដីសុខសាន្ដ និងសុភមង្គលក្នុងជីវិតនេះ ។ សូមឲ្យយើងចងចាំធ្វើ ដូចដែលទ្រង់បានធ្វើ តាមរយៈការចែកចាយក្ដីស្រឡាញ់ ការទុកចិត្ត និងចំណេះពីសេចក្ដី ពិតជាមួយអ្នកដទៃ ដែលពុំទាន់ទទួលយកពន្លឺដ៏ចែងចាំងនៃដំណឹងល្អ ។ នៅក្នុងព្រះនាមនៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។