ការការពារពីរូបអាសគ្រាម—ផ្ទះដែលផ្ដោតលើព្រះគ្រីស្ទ
តម្រងដ៏ធំបំផុតក្នុងពិភពលោក ... គឺតម្រងខាងក្នុងខ្លួនមនុស្សផ្ទាល់ ដែលកើតចេញមកពីទីបន្ទាល់រឹងមាំ និងខ្ជាប់ខ្ជួន។
បងប្អូនប្រុសស្រី ខ្ញុំមានពរជ័យដែលមានចៅៗច្បងរបស់ខ្ញុំ 13 នាក់ នៅក្នុងក្រុមជំនុំនេះនាថ្ងៃនេះ ។ ការណ៍នេះ បណ្ដាលឲ្យខ្ញុំសួរសំណួរនេះថា « តើអ្វីខ្លះដែលខ្ញុំចង់ឲ្យចៅៗខ្ញុំដឹង ? » ព្រឹកនេះ ខ្ញុំចង់និយាយដោយត្រង់ៗទៅកាន់គ្រួសារខ្ញុំ និង គ្រួសារអ្នក ។
ក្នុងនាមជាអ្នកដឹកនាំ យើងមានកង្វល់ខ្លាំងឡើងៗ អំពីការបំផ្លិចបំផ្លាញ ដែលរូបអាសគ្រាមបង្កឡើងក្នុងជីវិតសមាជិកសាសនាចក្រ និង គ្រួសារពួកគេ ។ សាតាំង កំពុងតែវាយប្រហារដោយកំហឹង ដែលមិនធ្លាប់មានពីមុនមក ។
មូលហេតុមួយ ដែលយើងនៅលើផែនដីនេះ គឺដើម្បីរៀនគ្រប់គ្រងចំណង់ និង អារម្មណ៍នៃរូបកាយរមែងស្លាប់របស់យើង ។ អារម្មណ៍ទាំងនេះដែលបានទទួលមកពីព្រះ ជួយយើងឲ្យចង់រៀបការ និងមានកូនចៅ ។ ទំនាក់ទំនងស្និតស្នាលក្នុងអាពាហ៍ពិពាហ៍រវាងបុរស និង ស្ត្រី ដែលនាំកូនចៅមកក្នុងជីវិតរមែងស្លាប់នេះ ក៏មានន័យថា វាត្រូវជាបទពិសោធន៍មួយដ៏ស្រស់បំព្រង ហើយគួរឲ្យស្រឡាញ់ផងដែរ ដោយចងភ្ជាប់នូវដួងចិត្តភក្ដីពីររួមគ្នា ទាំងវិញ្ញាណ និង រូបកាយ ហើយនាំមកនូវសេចក្ដីអំណរ និង សុភមង្គលដ៏ពោរពេញ កាលដែលយើងរៀនដាក់ស្វាមី ឬ ភរិយាយើងជាអាទិភាពទីមួយ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា ក្នុងអាពាហ៍ពិពាហ៍ « ស្វាមីភរិយា … សំខាន់ជាងគេក្នុងជីវិតនៃស្វាមី ឬភរិយា ហើយ … [ គ្មាន ] ការចាប់អារម្មណ៍ [ ឬ ] មនុស្ស [ ឬ ] អ្វីផ្សេងទៀតណា ដែលយកអាទិភាពលើដៃគូស្វាមីភរិយាឡើយ ។ …
« អាពាហ៍ពិពាហ៍ បានកំណត់ទុកជាមុនឲ្យមាននូវភក្ដីភាព និង ភាពត្រឹមត្រូវទាំងស្រុង » ។ 1
ច្រើនឆ្នាំទៅហើយ កូនយើងម្នាក់បានមានទុក្ខព្រួយយ៉ាងខ្លាំង ។ ខ្ញុំបានចូលក្នុងបន្ទប់គេងរបស់នាង ហើយនាងបានបង្ហាញពីអារម្មណ៍ និងពន្យល់ខ្ញុំថា នាងបានទៅផ្ទះមិត្តម្នាក់ ហើយបានឃើញរូបភាព និង សកម្មភាពដ៏គួរឲ្យភ្ញាក់ផ្អើល និង រំខានចិត្តដោយចៃដន្យនៅលើអេក្រង់ទូរទស្សន៍ ដែលមានបុរស និង ស្ត្រីគ្មានសំលៀកបំពាក់ ។ នាងចាប់ផ្ដើមយំខ្សឹបខ្សួល ហើយប្រាប់ថា នាងមានអារម្មណ៍រន្ធត់យ៉ាងណា អំពីអ្វីដែលនាងបានឃើញ ហើយថានាងចង់យកវាចេញពីគំនិតនាងយ៉ាងណា ។ ខ្ញុំមានអំណរគុណណាស់ ដែលនាងទុកចិត្តខ្ញុំ ផ្ដល់ឱកាសឲ្យខ្ញុំលួងលោមដួងចិត្តស្លូតត្រង់ និង ឈឺចាប់របស់នាង ហើយជួយនាងឲ្យដឹងពីរបៀបបានធូរស្បើយ តាមរយៈដង្វាយធួននៃព្រះអង្គសង្គ្រោះយើង ។ ខ្ញុំចងចាំពីអារម្មណ៍ដ៏ពិសិដ្ឋ ដែលខ្ញុំមាន ពេលយើងលុតជង្គង់ចុះជាមួយគ្នា ជាម្ដាយ និងកូនស្រី ហើយបានទូលអង្វរសុំជំនួយពីព្រះវរបិតាសួគ៌យើង ។
កុមារ យុវវ័យ និង មនុស្សពេញវ័យជាច្រើន បានឃើញរូបអាសគ្រាម ដោយគ្មានកំហុស ប៉ុន្តែក៏មាននូវបុរសស្ត្រីជាច្រើន ដែលជ្រើសរើសមើលវា ហើយត្រឡប់ទៅមើលវាម្ដងហើយម្ដងទៀត ក្លាយទៅជាញៀន ។ បុគ្គលទាំងនេះ អាចមានបំណងដោយអស់ពីចិត្តពួកគេ ចេញពីអន្ទាក់នេះ ប៉ុន្តែជាញឹកញាប់ពុំអាចយកឈ្នះលើវាបានដោយខ្លួនឯងឡើយ ។ យើងមានអំណរគុណ ពេលមនុស្សជាទីស្រឡាញ់ទាំងនេះ ជ្រើសរើសទុកចិត្តយើង ជាឪពុកម្ដាយ ឬ អ្នកដឹកនាំសាសនាចក្រ ។ វាជាការឈ្លាសវៃ ពេលយើងពុំមានប្រតិកម្មដោយតក់ស្លុត ខឹង ឬ ច្រានចោល ដែលអាចនាំឲ្យពួកគេមិនប្រាប់តទៅទៀត ។
ក្នុងនាមជាឪពុកម្ដាយ និង អ្នកដឹកនាំ យើងចាំបាច់ត្រូវប្រឹក្សាកូនៗ និង យុវវ័យរបស់យើងជាប្រចាំ សូមស្ដាប់ដោយសេចក្ដីស្រឡាញ់ និង ការយល់ចិត្ត ។ ពួកគេចាំបាច់ត្រូវដឹងពីគ្រោះថ្នាក់នៃរូបអាសគ្រាម និង របៀបដែលវាគ្រប់គ្រងលើជីវិតយើង បណ្ដាលឲ្យយើងបាត់បង់ព្រះវិញ្ញាណ ខូចអារម្មណ៍ បញ្ឆោត បំផ្លាញទំនាក់ទំនង បាត់បង់ការគ្រប់គ្រងខ្លួនឯង ហើយបាត់បង់ពេលវេលា ការគិត និង ថាមពលស្ទើរតែទាំងអស់ ។
រូបអាសគ្រាម គឺអប្រិយ អាក្រក់ និង ស្ដែងជាងពេលមុនៗទាំងអស់ ។ នៅពេលយើងប្រឹក្សាជាមួយកូនៗយើង យើងអាចបង្កើតផែនការគ្រួសារជាមួយគ្នា ដែលមានបទដ្ឋាន និងដែនកំណត់ ដែលវាងវៃក្នុងការការពារផ្ទះយើង ដោយតម្រងលើឧបករណ៍អេឡិចត្រូនិច ។ ឪពុកម្ដាយ តើយើងបានដឹងថា ឧបករណ៍ចល័តដែលមានអ៊ិនធើរណិត គឺជាបញ្ហាធំបំផុត មិនមែនជាកុំព្យូទ័រនោះឬទេ ? 2
យុវវ័យ និង មជ្ឈិមវ័យអើយ បើអ្នកឃើញថា អ្នកជាប់ក្នុងអន្ទាក់នៃរូបអាសគ្រាមរបស់សាតាំង សូមចងចាំថា ព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើង មានក្ដីមេត្តាករុណាយ៉ាងណា ។ តើអ្នកដឹងទេថា ព្រះអម្ចាស់ស្រឡាញ់ និងឲ្យតម្លៃអ្នកខ្លាំងយ៉ាងណា សូម្បីតែពេលឥឡូវនេះ ? ព្រះអង្គសង្គ្រោះយើង មានព្រះចេស្ដា ដើម្បីសម្អាត និង ព្យាបាលអ្នក ។ ទ្រង់អាចដកការឈឺចាប់ និង ទុក្ខព្រួយ ដែលអ្នកមាន ហើយធ្វើឲ្យអ្នកបានស្អាតម្ដងទៀត តាមរយៈព្រះចេស្ដានៃដង្វាយធួនទ្រង់ ។
ក្នុងនាមជាអ្នកដឹកនាំ យើងក៏បារម្ភខ្លាំងអំពីស្វាមីភរិយា និងក្រុមគ្រួសារនៃអ្នកដែលរងទុក្ខ ដោយសារការញៀននៃរូបអាសគ្រាម ។ អែលឌើរ រីឆាដ ជី ស្កត បានអង្វរថា ៖ « បើអ្នកផ្ទាល់គ្មានអំពើបាបធ្ងន់ធ្ងរទេ នោះសូមកុំចាំបាច់រងទុក្ខដោយព្រោះលទ្ធផលនៃអំពើបាបរបស់អ្នកដទៃឡើយ ។ … អ្នកអាចដឹងពីក្ដីមេត្តាករុណា ។ … តែអ្នកពុំគួរយកមកដាក់លើខ្លួនឯង នូវអារម្មណ៍នៃការទទួលខុសត្រូវចំពោះទង្វើទាំងនោះឡើយ » ។3 ចូរដឹងថា អ្នកមិននៅឯកោឡើយ ។ មានជំនួយ ។ មាននូវការប្រជុំអំពីការព្យាបាលការញៀនសម្រាប់ស្វាមីភរិយា ដែលគេមាន ទាំងការប្រជុំតាមទូរស័ព្ទ ដែលអនុញ្ញាតស្វាមីភរិយាទូរស័ព្ទមកការប្រជុំ ហើយចូលរួមពីផ្ទះគេផ្ទាល់ ។
បងប្អូនប្រុសស្រី តើយើងការពារកូនៗ និង យុវវ័យរបស់យើងយ៉ាងណា ? តម្រង គឺជាឧបករណ៍ការពារមានប្រយោជន៍ ប៉ុន្តែតម្រងដ៏ធំបំផុតក្នុងពិភពលោកនេះ និងជាតម្រងតែមួយគត់ ដែលនឹងមានប្រសិទ្ធភាព គឺជាតម្រងនៅខាងក្នុងខ្លួនមនុស្សផ្ទាល់ ដែលកើតចេញពីទីបន្ទាល់ដ៏ជ្រាលជ្រៅ និង ខ្ជាប់ខ្ជួន នៃក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌យើង និង ការបូជាដ៏ធួនរបស់ព្រះអង្គសង្គ្រោះសម្រាប់យើងម្នាក់ៗ ។
តើយើងដឹកនាំកូនៗយើងឲ្យមានការប្រែចិត្តជឿមុតមាំ ហើយទទួលបានដង្វាយធួនរបស់ព្រះអង្គសង្គ្រោះយើងតាមរបៀបណា ? ខ្ញុំពេញចិត្តនឹងការប្រកាសរបស់ព្យាការីនីហ្វៃ អំពីអ្វីដែលប្រជាជនលោកបានធ្វើ ដើម្បីការពារយុវវ័យនៅជំនាន់លោកថា ៖ « យើងនិយាយអំពីព្រះគ្រីស្ទ យើងអររីករាយក្នុងព្រះគ្រីស្ទ យើងផ្សាយអំពីព្រះគ្រីស្ទ [ហើយ] យើងព្យាករអំពីព្រះគ្រីស្ទ … ដើម្បីឲ្យកូនចៅយើងអាចដឹងថា តើត្រូវស្វែងរកប្រភពណាមួយ ដើម្បីឲ្យបានផ្ដាច់បាបរបស់ពួកគេ » ។ 4
តើយើងអាចធ្វើដូច្នេះដោយរបៀបណា ក្នុងផ្ទះយើង ? ពួកអ្នកមួយចំនួន បានឮខ្ញុំនិយាយថា ស្វាមីខ្ញុំ មេល និង ខ្ញុំថប់បារម្ភយ៉ាងណា ក្នុងនាមជាឪពុកម្ដាយនៃកូនតូចៗបួននាក់នោះ ។ ពេលយើងប្រឈមមុខនឹងឧបសគ្គនៃការធ្វើជាឪពុកម្ដាយ និង បំពេញតម្រូវការនៃជីវិត នោះយើងចង់បានជំនួយខ្លាំងណាស់ ។ យើងបានអធិស្ឋាន និងទូលអង្វរដើម្បីដឹងថា ត្រូវធ្វើអ្វី ។ ចម្លើយបានប្រាប់យ៉ាងច្បាស់ថា ៖ « វាមិនអីទេ បើផ្ទះរាយប៉ាយ ហើយកូនៗនៅតែស្លៀកខោអាវគេងពួកគេ និង កិច្ចការមួយចំនួន មិនបានធ្វើហើយនោះក្ដី ។ រឿងតែមួយគត់ ដែលចាំបាច់ត្រូវធ្វើឲ្យខានតែបាននៅក្នុងផ្ទះ គឺការសិក្សាព្រះគម្ពីរ និង ការអធិស្ឋានប្រចាំថ្ងៃ និង រាត្រីជួបជុំក្រុមគ្រួសារប្រចាំសប្ដាហ៍ » ។
យើងព្យាយាមធ្វើការណ៍ទាំងនេះ ប៉ុន្តែតែងតែមិនដាក់វាជាអាទិភាព ហើយពេលមានការច្របូកច្របល់ ក៏មានការព្រងើយកន្តើយនៅពេលខ្លះដែរ ។ យើងបានផ្លាស់ប្ដូរការគិតរបស់យើង ហើយព្យាយាមមិនបារម្ភអំពីរឿងមិនសូវសំខាន់ ។ ការគិតផ្ដោតរបស់យើង បានក្លាយជាការនិយាយ ការរីករាយ ការផ្សាយ និង ការធ្វើទីបន្ទាល់ អំពីព្រះគ្រីស្ទ តាមរយៈការព្យាយាមអធិស្ឋាន និង សិក្សាព្រះគម្ពីរប្រចាំថ្ងៃ និង មានរាត្រីជួបជុំក្រុមគ្រួសារប្រចាំសប្ដាហ៍ ។
ថ្មីៗនេះ មានមិត្តម្នាក់បានដាស់តឿនថា « ពេលអ្នកសុំឲ្យបងប្អូនស្រីៗ អានព្រះគម្ពីរ និងអធិស្ឋានបន្ថែមទៀត នោះវាដាក់បន្ទុកលើពួកគេថែមទៀតហើយ ។ ពួកគេមានអារម្មណ៍ដូចជាពួកគេមានអ្វីត្រូវធ្វើច្រើនណាស់រួចទៅហើយ » ។
បងប្អូនប្រុសស្រី ដោយសារខ្ញុំដឹងចេញពីបទពិសោធន៍ផ្ទាល់ខ្លួន និងស្វាមីខ្ញុំ ខ្ញុំត្រូវតែធ្វើទីបន្ទាល់អំពីពរជ័យនៃការសិក្សាព្រះគម្ពីរ និងការអធិស្ឋានប្រចាំថ្ងៃ និងរាត្រីជួបជុំក្រុមគ្រួសារប្រចាំសប្ដាហ៍ ។ ទាំងនេះ ជាការអនុវត្តដ៏ល្អបំផុត ដែលជួយដកបន្ទុក ផ្ដល់នូវការដឹកនាំដល់ជីវិតយើង ហើយបន្ថែមការការពារដល់គេហដ្ឋានយើង ។ បន្ទាប់មក បើមានរូបអាសគ្រាម ឬឧបសគ្គដទៃទៀត វាយប្រហារដល់គ្រួសារយើង នោះយើងអាចទូលអង្វរព្រះអម្ចាស់សុំជំនួយ និងរំពឹងនូវការណែនាំដ៏អស្ចារ្យមកពីព្រះវិញ្ញាណ ដោយដឹងថា យើងបានធ្វើនូវអ្វីដែលព្រះវរបិតាយើងបានសុំឲ្យយើងធ្វើ ។
បងប្អូនប្រុសស្រី បើការណ៍ទាំងនេះពុំបានអនុវត្តក្នុងផ្ទះយើងទេ នោះយើងទាំងអស់គ្នា អាចចាប់ផ្ដើមឥឡូវនេះ ។ បើកូនៗយើងធំឡើង ហើយបដិសេធមិនចូលរួមនឹងយើង នោះយើងអាចចាប់ផ្ដើមនឹងខ្លួនយើងផ្ទាល់ ។ ពេលយើងធ្វើ នោះឥទ្ធិពលនៃព្រះវិញ្ញាណ នឹងចាប់ផ្ដើមមានក្នុងផ្ទះ និង ជីវិតយើង ហើយយូរៗទៅ កូនៗអាចនឹងចូលរួម ។
ចូរចាំថា ពួកសាវកនៅរស់ បានសន្យាផងដែរថា នៅពេលយើងស្រាវជ្រាវរកជីដូនជីតាយើង ហើយរៀបចំឈ្មោះគ្រួសារយើងសម្រាប់ព្រះវិហារបរិសុទ្ធ នោះយើងនឹងត្រូវបានការពារក្នុងពេលនេះ និងនៅពេញមួយជីវិតយើង ពេលយើងរក្សាខ្លួនយើងមានភាពសក្ដិសមទទួលបណ្ណចូលព្រះវិហារបរិសុទ្ធ ។ 5 ឱនោះជាការសន្យាល្អអ្វីម្ល៉េះ !
យុវវ័យអើយ សូមទទួលខុសត្រូវចំពោះសុខុមាលភាពខាងវិញ្ញាណអ្នកផ្ទាល់ ។ សូមបិទទូរស័ព្ទអ្នក បើចាំបាច់ ច្រៀងចម្រៀងថ្នាក់កុមារ អធិស្ឋានសុំជំនួយ គិតពីបទគម្ពីរមួយ ដើរចេញពីរោងកុន គិតពីព្រះអង្គសង្គ្រោះ ទទួលទានសាក្រាម៉ង់ដោយសក្ដិសម សិក្សាសៀវភៅដើម្បីកម្លាំងនៃយុវជន ធ្វើជាគំរូដល់មិត្តភក្ដិ ប្រាប់ឪពុកម្ដាយអ្នក ទៅជួបប៊ីស្សព សុំជំនួយ ហើយស្វែងរកអ្នកប្រឹក្សាជំនាញ បើចាំបាច់ ។
តើអ្វីខ្លះដែលខ្ញុំចង់ឲ្យចៅៗខ្ញុំដឹង ? ខ្ញុំចង់ឲ្យពួកគេ និង អ្នកដឹងថា ខ្ញុំដឹងថាព្រះអង្គសង្គ្រោះមានព្រះជន្មរស់ ហើយស្រឡាញ់យើង ។ ទ្រង់បានបង់ថ្លៃលោះអំពើបាបយើង តែយើងត្រូវតែលុតជង្គង់នៅចំពោះព្រះវរបិតាសួគ៌យើង ដោយរាបសារបំផុត សារភាពអំពើបាបយើង ហើយទូលអង្វរសុំការអភ័យទោសទ្រង់ ។ យើងត្រូវតែចង់ផ្លាស់ប្ដូរដួងចិត្ត ហើយបំណងប្រាថ្នាយើង និងរាបសារល្មមគ្រប់គ្រាន់ ដើម្បីស្វែងរកជំនួយ និងការអភ័យទោសពីអ្នកទាំងឡាយ ដែលយើងអាចនឹងធ្វើឲ្យឈឺចាប់ ឬបោះបង់ ។
ខ្ញុំដឹងថា យ៉ូសែប ស្ម៊ីធ បានឃើញព្រះ ជាព្រះវរបិតាយើង និង ព្រះអង្គសង្គ្រោះយើង គឺព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំថ្លែងទីបន្ទាល់ថា យើងមានព្យាការីនៅរស់ម្នាក់នៅលើផែនដី គឺប្រធានថូម៉ាស អេស ម៉នសុន ។ ខ្ញុំក៏ថ្លែងទីបន្ទាល់ថា យើងនឹងមិនត្រូវបានដឹកនាំឲ្យវង្វេងឡើយ បើយើងស្ដាប់តាម ការប្រឹក្សារបស់ព្យាការីនៃព្រះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីអំណាចនៃសេចក្ដីសញ្ញារបស់យើង និង ពរជ័យនៃព្រះវិហារបរិសុទ្ធ ។
ខ្ញុំក៏ដឹងផងដែរថា ព្រះគម្ពីរមរមន ពិត ! ខ្ញុំពុំអាចថ្លាថ្លែងអស់បានទេ ពីអំណាចនៃគម្ពីរដ៏អស្ចារ្យនេះ ។ ខ្ញុំគ្រាន់តែដឹងដោយការអធិស្ឋានថា ព្រះគម្ពីរមរមនមាននូវអំណាច ដើម្បីការពារក្រុមគ្រួសារ ពង្រឹងទំនាក់ទំនង និង ផ្ដល់ទំនុកចិត្តផ្ទាល់ខ្លួន ដើម្បីឈរចំពោះមុខព្រះ ។ ខ្ញុំថ្លែងរឿងទាំងនេះ នៅក្នុងព្រះនាមដ៏បរិសុទ្ធនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។