បន្ទុកពេញដោយក្ដីអំណរនៃភាពជាសិស្ស
ការគាំទ្រដល់ថ្នាក់ដឹកនាំយើង គឺជាឯកសិទ្ធិមួយ។ វាមានមកជាមួយនូវទំនួលខុសត្រូវផ្ទាល់ខ្លួនមួយ ដើម្បីរំលែកបន្ទុកពួកគាត់ ហើយធ្វើជាសិស្សនៃព្រះអម្ចាស់។
នៅថ្ងៃទី 20 ខែ ឧសភា ឆ្នាំមុន មានខ្យល់ព្យុះដ៏ធំមួយ បានបោកបក់ទៅលើជាយក្រុងអូក្លាហូម៉ា ជាចំណុចកណ្ដាលប្រទេសអាមេរិក ដោយបំផ្លាញតំបន់មួយ ដែលមានទទឹងជាង 1.6 គ.ម. និង បណ្ដោយ 27 គ.ម.។ ដោយជាខ្យល់ព្យុះដ៏កំណាច វាបានបំផ្លាញទីវាល និង ជីវិតមនុស្សដែលរស់នៅតំបន់នោះ ។
លុះមួយសប្ដាហ៍ក្រោយពីខ្យល់ព្យុះដ៏ធំនេះបានកើតឡើង ខ្ញុំត្រូវបានចាត់ឲ្យទៅមើលតំបន់ដែលផ្ទះ និង ទ្រព្យសម្បត្តិ ត្រូវប៉ើងខ្ចាត់ខ្ចាយទៅតំបន់ក្បែរនោះ ។
ពីមុនខ្ញុំចេញទៅ ខ្ញុំបាននិយាយនឹងព្យាការីជាទីស្រឡាញ់របស់យើង គឺប្រធាន ថូម៉ាស អេស ម៉នសុន ដែលរីករាយយ៉ាងខ្លាំងក្នុងការធ្វើជាភ្នាក់ងាររបស់ព្រះអម្ចាស់ ។ ដោយគោរពចំពោះតំណែង និង សេចក្ដីល្អរបស់លោក ខ្ញុំបានសួរថា «តើលោកចង់ឲ្យខ្ញុំធ្វើអ្វីខ្លះ ? តើលោកចង់ឲ្យខ្ញុំនិយាយអ្វីខ្លះ ? »
លោកបានចាប់ដៃខ្ញុំថ្មមៗ ដូចដែលលោកបានធ្វើជាមួយនឹងជនរងគ្រោះ និង អ្នកដែលជួយដល់ការខូចខាត ដែលលោកបានទៅឃើញ ហើយថ្លែងថា ៖
« ដំបូង សូមប្រាប់ថា ខ្ញុំស្រឡាញ់ពួកគេ ។
« ទីពីរ ប្រាប់ថាខ្ញុំកំពុងអធិស្ឋានឲ្យពួកគេ ។
« ទីបី សូមអរគុណដល់អ្នកដែលកំពុងជួយ » ។
ក្នុងនាមជាសមាជិកនៃគណៈប្រធាននៃពួកចិតសិបនាក់ ខ្ញុំអាចមានអារម្មណ៍ពីបន្ទុកនៅលើស្មាខ្ញុំ ក្នុងបន្ទូលដែលព្រះអម្ចាស់បានថ្លែងទៅម៉ូសេថា ៖
« ចូរប្រមូល 70 នាក់ពីពួកចាស់ទុំសាសន៍អ៊ីស្រាអែល ដែលអ្នកដឹងថា ជាចាស់ទុំក្នុងបណ្ដាជន និងជានាយកត្រួតត្រាលើគេ …
«យើងនឹងចុះមកនិយាយនឹងអ្នក ហើយយើងនឹងចែកព្រះវិញ្ញាណដែលសណ្ឋិតលើអ្នក [ ម៉ូសេ ] ទៅដាក់លើគេផង នោះគេនឹងជួយផ្ទុកនូវបន្ទុកបណ្ដាជននេះជាមួយនឹងអ្នក ដើម្បីកុំឲ្យអ្នកត្រូវផ្ទុកតែម្នាក់ឯងឡើយ » ។1
ទាំងនេះជាបន្ទូលកាលពីបុរាណ តែរបៀបរបស់ព្រះអម្ចាស់មិនផ្លាស់ប្ដូរឡើយ ។
ថ្មីៗនេះនៅក្នុងសាសនាចក្រ ព្រះអម្ចាស់បានហៅពួកចិតសិបនាក់ចំនួន 317 រូប ដោយបម្រើក្នុង 8 កូរ៉ុម ដើម្បីជួយពួកសាវកដប់ពីរនាក់ក្នុងការរែកបន្ទុកដែលគណៈប្រធានទីមួយមាន ។ ខ្ញុំ ក៏ដូចជាបងប្អូនប្រុសខ្ញុំដទៃទៀតដែរ យើងមានចិត្តរីករាយយ៉ាងខ្លាំងចំពោះទំនួលខុសត្រូវនោះ ។ តែយើងពុំមែនជាមនុស្សតែម្នាក់ ដែលជួយក្នុងកិច្ចការដ៏រុងរឿងនេះឡើយ ។ ក្នុងនាមជាសមាជិកសាសនាចក្រនៅជុំវិញពិភពលោក យើងទាំងអស់មានឱកាសដ៏អស្ចារ្យដើម្បីផ្ដល់ពរជ័យដល់អ្នកដទៃទៀត ។
ខ្ញុំបានរៀនពីព្យាការីជាទីស្រឡាញ់យើងនូវអ្វីដែលជនរងគ្រោះដោយខ្យល់ព្យុះត្រូវការ---គឺក្ដីស្រឡាញ់ ការអធិស្ឋាន និងការអរគុណចំពោះអ្នកដែលបានជួយ ។
នៅរសៀលនេះយើងម្នាក់ៗ នឹងលើកដៃស្ដាំឡើងដើម្បីគាំទ្រដល់គណៈប្រធានទីមួយ និង ពួកសាវកដប់ពីរនាក់ ជាព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ការណ៍នេះពុំមែនជាទម្លាប់ដ៏សាមញ្ញមួយ ឬ ធ្វើសម្រាប់អ្នកដែលបានហៅជាតំណែងទូទៅនោះទេ ។ ការគាំទ្រដល់ថ្នាក់ដឹកនាំយើង គឺជាឯកសិទ្ធិមួយ ។ វាមានមកជាមួយនូវទំនួលខុសត្រូវផ្ទាល់ខ្លួនមួយ ដើម្បីរំលែកបន្ទុកពួកគាត់ ហើយធ្វើជាសិស្សនៃព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន ម៉នសុន បានថ្លែងថា ៖
« យើងត្រូវបានហ៊ុមព័ទ្ធដោយអ្នកដែលត្រូវការការយកចិត្តទុកដាក់ ការលើកទឹកចិត្ត ការគាំទ្រ ការលួងលោម និងចិត្តសប្បុរសពីយើង---មិនថាពួកគេជាសមាជិកគ្រួសារ មិត្តភក្ដិ អ្នកស្គាល់គ្នា ឬអ្នកដទៃនោះទេ ។ យើងគឺជាព្រះហស្ដរបស់ព្រះអម្ចាស់នៅលើផែនដីនេះ ដោយបានបញ្ជាឲ្យបម្រើ ហើយជួយដល់កូនចៅទ្រង់ ។ ទ្រង់ពឹងផ្អែកលើយើងម្នាក់ៗ ។ …
« ...ដែលអ្នករាល់គ្នាបានធ្វើការទាំងនេះដល់អ្នកតូចបំផុតនេះ … នោះឈ្មោះថាបានធ្វើដល់យើងដែរ› [ម៉ាថាយ 25:40]» ។2
តើយើងនឹងឆ្លើយតបដោយក្ដីស្រឡាញ់ដែរឬទេ ពេលយើងមានឱកាសមួយដើម្បីសួរសុខទុក្ខ ឬទូរសព្ទ សរសេរសារខ្លី ឬ ចំណាយពេលពេញមួយថ្ងៃ ដើម្បីបំពេញក្ដីត្រូវការរបស់មនុស្សម្នាក់ទៀតនោះ ? ឬតើយើងនឹងធ្វើដូចជាយុវជនដែលបានបង្ហាញពីការគោរពតាមរាល់ព្រះបញ្ញត្តិដោយពោលថា ៖
« ខ្ញុំបានកាន់តាមគ្រប់សេចក្ដីទាំងនោះតាំងពីក្មេងមកហើយ តើនៅខ្វះអ្វីទៀត ?
« នោះទ្រង់មានបន្ទូលថា បើអ្នកចង់បានជាគ្រប់លក្ខណ៍ ចូរអ្នកទៅលក់របស់ទ្រព្យខ្លួន ហើយចែកដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅឯស្ថានសួគ៌វិញ រួចឲ្យមកតាមខ្ញុំចុះ » ។3
យុវជននោះត្រូវបានហៅឲ្យធ្វើការបម្រើមួយដ៏ធំក្បែរព្រះអម្ចាស់ គឺធ្វើកិច្ចការនៃនគរព្រះលើផែនដី តែគាត់បានងាកចេញ « ព្រោះមានទ្រព្យសម្បត្តិជាច្រើន » ។4
តើទ្រព្យសម្បត្តិខាងលោកិយយើងជាអ្វីទៅ ? យើងអាចឃើញពីអ្វីដែលខ្យល់ព្យុះមួយ អាចបំផ្លាញរបស់ទាំងនោះតែប៉ុន្មាននាទីប៉ុណ្ណោះ ។ ការព្យាយាមប្រមូលទ្រព្យសម្បត្តិយើងខាងវិញ្ញាណទុកនៅស្ថានសួគ៌ ជារឿងសំខាន់ណាស់ចំពោះយើងម្នាក់ៗ---ដោយប្រើពេលវេលា ទេពកោសល្យ និង សិទ្ធិជ្រើសរើសរបស់យើងក្នុងការបម្រើព្រះ ។
ព្រះយេស៊ូវគ្រីស្ទ បន្តការអំពាវនាវនោះថា « ចូរមកតាមខ្ញុំ » ។5 ទ្រង់ដើរនៅស្រុកកំណើតទ្រង់ជាមួយនឹងពួកអ្នកដើរតាមទ្រង់ដោយភាពថ្លៃថ្នូរ ។ ទ្រង់បន្តដើរជាមួយនឹងយើង ឈរក្បែរយើង ហើយដឹកនាំយើង ។ ដើម្បីធ្វើតាមគំរូដ៏ឥតខ្ចោះរបស់ទ្រង់ យើងត្រូវស្គាល់ ហើយគោរពដល់ព្រះអម្ចាស់ ដែលបានរែកនូវរាល់បន្ទុករបស់យើង តាមរយៈដង្វាយធួនដ៏ពិសិដ្ឋរបស់ទ្រង់ ជាទង្វើនៃការបម្រើដ៏គ្មានទីបញ្ចប់ ។ អ្វីដែលទ្រង់សុំដល់យើង គឺឲ្យយើងមានឆន្ទៈលើកដាក់ « បន្ទុក » នៃភាពជាសិស្សដោយក្ដីអំណរ ។
កាលនៅអូក្លាហូម៉ា ខ្ញុំមានឱកាសជួបនឹងគ្រួសារមួយចំនួន ដែលបានរងគ្រោះដោយខ្យល់ព្យុះដ៏កំណាចនោះ ។ កាលខ្ញុំបានទៅជួបនឹងគ្រួសារសូរេល ខ្ញុំមានចិត្តរំភើបជាខ្លាំង ដោយសារបទពិសោធន៍របស់កូនស្រីពួកគេឈ្មោះ ថូរី ពេលនោះនាងរៀនក្នុងថ្នាក់ទីប្រាំ នៅសាលាបឋមសិក្សា ប្លាហ្សា ថោវើរស៍ ។ នៅថ្ងៃនេះ នាង និង ម្ដាយនាង បាននៅជាមួយនឹងយើងផងដែរ ។
ថូរី និងមិត្តជាច្រើនរបស់នាង បានផ្ដុំគ្នាក្នុងបន្ទប់ទឹកមួយដើម្បីជ្រក កាលខ្យល់ព្យុះបានបោកបក់កាត់សាលារៀន ។ សូមស្ដាប់ ពេលខ្ញុំអាននូវសម្ដី ថូរី ប្រាប់ពីរឿងនៅថ្ងៃនោះ ៖
« ខ្ញុំបានឮ ដូចជាមានអ្វីមួយធ្លាក់នៅលើដំបូល ។ ខ្ញុំគិតថា វាជាព្រិលទឹកកក ។ សំឡេងនោះលាន់កាន់តែខ្លាំងឡើងៗ ។ ខ្ញុំបានអធិស្ឋានសូមឲ្យព្រះវរបិតាសួគ៌ ការពារយើងគ្រប់គ្នាឲ្យមានសុវត្ថិភាព ។ មួយរំពេចក្រោយមក យើងបានឮសំឡេងគួចយ៉ាងខ្លាំង ហើយដំបូលនៅលើក្បាលយើងបានបាត់ ។ មានខ្យល់បក់យ៉ាងខ្លាំង ហើយមានបំណែកជាច្រើន បានហោះមកប៉ះនៅគ្រប់សារពាង្គកាយខ្ញុំ ។ នៅខាងក្រៅមានភាពងងឹត ហាក់ដូចជាផ្ទៃមេឃទាំងមូល បាត់អស់រស្មី តែតាមពិត---យើងកំពុងស្ថិតនៅក្នុងខ្យល់ព្យុះនោះ ។ ខ្ញុំបានបិទភ្នែកដោយសង្ឃឹម ហើយអធិស្ឋានថា វានឹងស្ងប់ទៅឆាប់ៗ ។
« រំពេចនោះ ខ្យល់បានស្ងប់ ។
« ពេលខ្ញុំបើកភ្នែក ខ្ញុំបានឃើញស្លាកសញ្ញាដែលមានពាក្យថា ឈប់ នៅចំពីមុខខ្ញុំ ! វាស្ទើរតែប៉ះនឹងច្រមុះខ្ញុំ »។6
ថូរី ម្ដាយនាង បងប្អូននាងបីនាក់ទៀត និងមិត្តជាច្រើន ដែលនៅក្នុងសាលាជាមួយនឹងនាងដែរ បានរួចផុតពីខ្យល់ព្យុះនោះដោយក្ដីអស្ចារ្យ តែមានមិត្តរួមថ្នាក់ពួកគេប្រាំពីរនាក់ផ្សេងទៀតបានស្លាប់ ។
នៅចុងសប្ដាហ៍នោះ បងប្អូនប្រុសក្នុងបព្វជិតភាព បានផ្ដល់ការប្រសិទ្ធពរជាច្រើនដល់សមាជិកដែលរងគ្រោះក្នុងខ្យល់ព្យុះនោះ ។ ខ្ញុំមានចិត្តរាបសា ដោយបានធ្វើការប្រសិទ្ធពរមួយដល់ ថូរី ។ ពេលខ្ញុំដាក់ដៃលើក្បាលនាង បទគម្ពីរមួយដែលខ្ញុំចូលចិត្តបានផុសក្នុងគំនិតខ្ញុំថា ៖ « យើងនឹងទៅពីមុខអ្នក ។ យើងនឹងនៅខាងស្ដាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយពួកទេវតារបស់យើងនៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង »។7
ខ្ញុំបានប្រាប់ឲ្យ ថូរី ចងចាំពីថ្ងៃដែលអ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ បានដាក់ដៃលើក្បាលនាង ហើយប្រកាសថា នាងត្រូវបានការពារដោយពួកទេវតានៅក្នុងខ្យល់ព្យុះនោះ ។
ការជួយសង្គ្រោះគ្នាទៅវិញទៅមក ទោះស្ថិតនៅក្នុងស្ថានភាពបែបណាក្ដី គឺជារង្វាស់ដ៏អស់កល្បនៃក្ដីស្រឡាញ់ ។ នេះជាការបម្រើ ដែលខ្ញុំបានធ្វើជាសាក្សី នៅក្នុង អូក្លាហូម៉ា នាសប្ដាហ៍នោះ ។
ជារឿយៗ យើងត្រូវបានផ្ដល់ឱកាសឲ្យជួយដល់អ្នកដទៃ ក្នុងពេលដែលពួកគេត្រូវការ ។ ក្នុងនាមជាសមាជិកសាសនាចក្រ យើងម្នាក់ៗមានទំនួលខុសត្រូវពិសិដ្ឋដើម្បី « ទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល » ។8 ដើម្បី« ទួញយំជាមួយនឹងអ្នកណាដែលទួញយំ »9 ដើម្បី « លើកដៃដែលរោយ ហើយចម្រើនកម្លាំងដល់ក្បាលជង្គង់ដែលញ័រ »។10
បងប្អូនប្រុសស្រី ព្រះអម្ចាស់មានអំណរគុណខ្លាំងណាស់ចំពោះអ្នករាល់គ្នា សម្រាប់ពេលវេលា និង ទង្វើនៃការបម្រើរាប់មិនអស់ ទោះធំ ឬតូចក្ដី ដែលអ្នកបានផ្ដល់ឲ្យដោយចិត្តសប្បុរសជារៀងរាល់ថ្ងៃនោះ ។
ស្ដេច បេនយ៉ាមីន បានបង្រៀននៅក្នុងព្រះគម្ពីរមរមនថា « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នា គ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ »។11
ការផ្ដោតលើការបម្រើដល់បងប្អូនប្រុសស្រីយើង អាចនាំយើងឲ្យធ្វើការសម្រេចចិត្តដ៏ទេវភាពនៅក្នុងជីវិតប្រចាំថ្ងៃយើង ហើយរៀបចំយើងដើម្បីឲ្យតម្លៃ ហើយស្រឡាញ់អ្វីដែលព្រះអម្ចាស់ស្រឡាញ់ ។ ដោយធ្វើដូច្នេះ យើងនឹងឃើញនៅក្នុងជីវិតយើងផ្ទាល់ថា យើងជាសិស្សរបស់ទ្រង់ ។ ពេលយើងចូលរួមក្នុងកិច្ចការទ្រង់ យើងមានអារម្មណ៍ថា ព្រះវិញ្ញាណទ្រង់គង់នៅនឹងយើង ។ យើងកើនឡើងនូវទីបន្ទាល់ សេចក្ដីជំនឿ ការទុកចិត្ត និង សេចក្ដីស្រឡាញ់ ។
ខ្ញុំដឹងថា ព្រះដ៏ប្រោសលោះខ្ញុំ ជាព្រះយេស៊ូវគ្រីស្ទដ៏មានព្រះជន្មរស់ ហើយថាទ្រង់មានបន្ទូលទៅ និងតាមរយៈព្យាការីទ្រង់ គឺប្រធាន ថូម៉ាស អេស ម៉នសុន នៅជំនាន់យើងនេះ ។
សូមឲ្យយើងរកឃើញនូវក្ដីអំណរ ដែលកើតចេញពីការបម្រើដ៏ពិសិដ្ឋនៃការរែកបន្ទុកគ្នាទៅវិញទៅមក ទោះជារឿងសាមញ្ញ ហើយតូចក្ដី នេះជាការអធិស្ឋានខ្ញុំ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។