ដំណើរមានបន្តទៅមុខទៀត !
ដំណើរត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញគឺជាដំណើរដ៏សំខាន់បំផុតនៃជីវិតរបស់យើង ។
មួយរយចិតសិបឆ្នាំកន្លងទៅ ព្រិកហាំ យ៉ង់ បានឃើញជ្រលងភ្នំ សលត៍ លេកជាលើកដំបូង លោកបានមានប្រសាសន៍ថា « នេះជាទីកន្លែងដ៏ត្រឹមត្រូវ ! » ។ គាត់បានដឹងថា នេះគឺជាទីកន្លែងត្រឹមត្រូវ ដោយសារព្រះអម្ចាស់បានបើកសម្តែងដល់លោក ។
ត្រឹមឆ្នាំ ១៨៦៩ មានពួកបរិសុទ្ធជាង ៧០,០០០ នាក់បានធ្វើដំណើរស្រដៀងគ្នានេះ ។ ទោះបើមានភាសា វប្បធម៌ និង សញ្ជាតិខុសៗគ្នាជាច្រើនក្តី ពួកគេមានទីបន្ទាល់ដូចគ្នាអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងបំណងប្រាថ្នាដើម្បីស្ថាបនាក្រុងស៊ីយ៉ូន—ជាទីកន្លែងនៃភាពសុខសាន្ត សុភមង្គល និងមានភាពស្រស់បំព្រងក្នុងការរៀបចំសម្រាប់ការយាងមកវិញជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
ក្នុងចំណោមពួកបរិសុទ្ធដំបូងដែលបានចូលមកដល់រដ្ឋយូថាហ៍ គឺមាន ជេន មែននីង ជែមស៍—ជាកូនស្រីរបស់ទាសករដែលមានសេរីភាព ជាអ្នកប្រែចិត្តជឿមកក្នុងសាសនាចក្រដែលបានស្តារឡើងវិញ និងជាសិស្សដ៏ឆ្នើមម្នាក់ដែលបានជួបនឹងឧបសគ្គដ៏លំបាកជាច្រើន ។ បងស្រី ជែមស៍បានបន្តធ្វើជាពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់ រហូតដល់ទទួលមរណភាពនៅឆ្នាំ ១៩០៨ ។
គាត់បានសរសេរថា ៖ « ខ្ញុំចង់និយាយឥឡូវនេះថា សេចក្តីជំនឿរបស់ខ្ញុំ លើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានបង្រៀនដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺនៅតែរឹងមាំមកដល់សព្វថ្ងៃនេះ មែនហើយ សេចក្តីជំនឿខ្ញុំអាចរឹងមាំខ្លាំងជាងកាលថ្ងៃដែលខ្ញុំទើបតែជ្រមុជទឹកដំបូងទៅទៀត ។ ខ្ញុំថ្វាយដង្វាយមួយភាគក្នុងដប់ និងដង្វាយនានា គោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ខ្ញុំចូលដេកពីព្រលប់ ហើយក្រោកពីព្រលឹម ខ្ញុំព្យាយាមក្នុងភាពទន់ខ្សោយរបស់ខ្ញុំ ដើម្បីធ្វើជាគំរូដ៏ល្អដល់ជនគ្រប់រូប » ។
ដូចពួកបរិសុទ្ធដទៃជាច្រើនរូបទៀតដែរ បងស្រីជែមស៍ មិនត្រឹមតែបានស្ថាបនាក្រុងស៊ីយ៉ូនដោយការស្រក់ឈាម បែកញើស និងទឹកភ្នែកតែប៉ុណ្ណោះទេ គាត់ថែមទាំងបានស្វែងរកពរជ័យរបស់ព្រះអម្ចាស់ តាមរយៈការរស់នៅតាមគោលការណ៍នៃដំណឹងល្អយ៉ាងអស់ពីសមត្ថភាព ខណៈដែលគាត់កំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅនឹងសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ—ជាអង្គប្រោសឲ្យជាដ៏ធំ ដល់អស់អ្នកដែលស្វែងរកទ្រង់យ៉ាងអស់ពីដួងចិត្ត ។
ពួកបរិសុទ្ធជំនាន់ដើមពុំល្អឥតខ្ចោះឡើយ ប៉ុន្តែពួកគេបានបង្កើតគ្រឹះមួយដែលយើងកំពុងស្ថាបនាក្រុមគ្រួសារ និងសង្គមដែលស្រឡាញ់និងរក្សាសេចក្តីសញ្ញា ដែលត្រូវបានបង្ហាញឡើងនៅក្នុងសារព័ត៌មាននៅជុំវិញពិភពលោក ពីព្រោះតែការប្តេជ្ញាចិត្តរបស់យើងចំពោះព្រះយេស៊ូវគ្រីស្ទ និងការខំប្រឹងប្រែងដោយស្ម័គ្រចិត្តដើម្បីជួយដល់អស់អ្នកដែលរស់នៅក្បែរ និងនៅឆ្ងាយពីយើង ។
ប្រធាន អាវរិង ខ្ញុំសូមបន្ថែមអំណរគុណដល់ពួកទេវតាពាក់អាវពណ៌លឿងដប់ពាន់នាក់ដែលបានបម្រើនៅរដ្ឋ តិចសាស, ម៉ិកស៊ិក និងទីកន្លែងផ្សេងទៀត ។
ខ្ញុំមានការជឿជាក់យ៉ាងខ្លាំងថា ប្រសិនបើយើងបាត់បង់ចំណងរបស់យើងជាមួយនឹងមនុស្សជំនាន់មុនៗ រួមមានជីដូនជីតាដែលជាអ្នកត្រួសត្រាយរបស់យើង នោះយើងនឹងបាត់បង់រតនៈសម្បត្តិដ៏មានតម្លៃមួយ ។ ខ្ញុំបាននិយាយអំពី « សេចក្តីជំនឿក្នុងគ្រប់ជំហានទាំងអស់ » កាលពីមុន ហើយនឹងបន្តនិយាយអំពីវានៅពេលខាងមុខ ពីព្រោះខ្ញុំដឹងថា តំណមនុស្សមានវ័យធំឡើង ត្រូវមានសេចក្តីជំនឿដូចពួកបរិសុទ្ធជំនាន់ដើមមានលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្តារឡើងវិញរបស់ទ្រង់ ។
ជីដូនជីតាខ្ញុំដែលជាអ្នកត្រួសត្រាយក៏បាននៅក្នុងចំណោមអ្នកត្រួសត្រាយដ៏ស្មោះត្រង់ទាំងនោះផងដែរ ដែលបានទាញរទេះដៃ ជិះរទេះគោ និងដើរទៅកាន់រដ្ឋយូថាហ៍ ។ ដូចជាបងស្រី ជេន មែននីង ជែមស៍ ពួកគេមានសេចក្តីជំនឿយ៉ាងខ្លាំងក្នុងគ្រប់ជំហានពេលពួកគេធ្វើដំណើរ ។
ទិន្នានុប្បវត្តិរបស់ពួកគេពោរពេញទៅដោយការពិពណ៌នាអំពីគ្រាលំបាក ការស្រេកឃ្លាន និងជំងឺ ព្រមទាំងទីបន្ទាល់របស់ពួកគេអំពីព្រះ និងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ។
ពួកគេមានរបស់ទ្រព្យប្រចាំខ្លួនតែបន្តិចបន្តួចទេ ប៉ុន្តែពួកគេរីករាយនឹងភាពសម្បូរហូរហៀរនៃពរជ័យពីភាពជាបងប្អូនប្រុសស្រី ដែលពួកគេបានរកឃើញនៅក្នុងសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលពួកគេអាចធ្វើបាន ពួកគេបានលើកស្ទួយអ្នកដែលត្រូវបានសង្កត់សង្កិន និងផ្តល់ពរដល់អ្នកឈឺ តាមរយៈការបម្រើគ្នាទៅវិញទៅមក និងតាមរយៈបព្វជិតភាពរបស់ព្រះ ។
ពួកបងប្អូនស្រីក្នុងក្រុង កាឆេ វ៉ាលី រដ្ឋ យូថាហ៍ បានជួយមើលថែទាំដល់ពួកបរិសុទ្ធក្នុងស្មារតីនៃពួកសមាគមសង្គ្រោះដើម្បី « ធ្វើការរួមសាមគ្គីគ្នាជួយដល់អស់អ្នកដែលខ្វះខាត » ។ ជីដូនទួតរបស់ខ្ញុំម្នាក់ឈ្មោះ ម៉ាការ៉េត ម៉ាកនិល បាឡឺដ បានបម្រើជាមួយស្វាមីរបស់គាត់ឈ្មោះ ហិនរី អំឡុងពេលគាត់ធ្វើជាអធិបតីក្នុងតំណែងជាប៊ីស្សពនៅវួដឡូហ្គិនទីពីរអស់រយៈពេល ៤០ ឆ្នាំ ។ ម៉ាការ៉េត បានបម្រើជាប្រធានសមាគមសង្រ្គោះវួដអស់រយៈពេល ៣០ ឆ្នាំនោះ ។ គាត់បានទទួលអ្នកក្រីក អ្នកមានជំងឺ និងស្ត្រីមេម៉ាយ ព្រមទាំងក្មេងកំព្រាឲ្យចូលក្នុងផ្ទះរបស់ពួកគាត់ ហើយគាត់ថែមទាំងយកសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធស្អាតរបស់គាត់បំពាក់ឲ្យមរណជនទៀតផង ។
ថ្វីបើវាជារឿងសមរម្យ និងសំខាន់ដើម្បីចងចាំអំពីការធ្វើដំណើររបស់ពួកត្រួសត្រាយមរមនដ៏ក្លាហានក្នុងសតវត្សរ៍ទី ១៩ ក្តី យើងត្រូវចងចាំថា « ការធ្វើដំណើរឆ្លងកាត់ជីវិតមានបន្តទៅមុខទៀត ! » សម្រាប់យើងម្នាក់ៗពេលយើងបង្ហាញ « សេចក្តីជំនឿក្នុងគ្រប់ជំហានទាំងអស់ » ។
អ្នកប្រែចិត្តថ្មីទាំងឡាយពុំប្រមូលផ្តុំគ្នាទៅកាន់ការតាំងលំនៅរបស់ពួកអ្នកត្រួសត្រាយនៅភាគខាងលិចនៃសហរដ្ឋទៀតឡើយ ។ ផ្ទុយទៅវិញ អ្នកប្រែចិត្តថ្មីទាំងឡាយប្រមូលផ្តុំគ្នានៅក្រុមជំនុំក្នុងមូលដ្ឋានរបស់ពួកគេ ជាកន្លែងដែលពួកបរិសុទ្ធថ្វាយបង្គំព្រះវរបិតាសួគ៌យើងក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ ជាមួយនឹងក្រុមជំនុំជាង ៣០,០០០ កន្លែងដែលបានបង្កើតឡើងជុំវិញពិភពលោក ពួកគេទាំងអស់គ្នាបានមកប្រមូលផ្តុំគ្នាក្នុងក្រុងស៊ីយ៉ូនរបស់ពួកគេផ្ទាល់ ។ ដូចព្រះគម្ពីរចែងថា « ដ្បិតនេះហើយជាស៊ីយ៉ូន—ជាអ្នកដែលមានចិត្តល្អសុទ្ធសាធ » ។
ក្នុងពេលយើងដើរលើផ្លូវនៃជីវិត យើងត្រូវបានសាកល្បងដើម្បីបង្ហាញថា តើយើងនឹង « ប្រព្រឹត្តនូវគ្រប់ទាំងអស់ដែល [ ព្រះអម្ចាស់ ]បានបញ្ជា » ដែរឬទេ ។
ពួកយើងជាច្រើននាក់ កំពុងតែស្ថិតនៅក្នុងការធ្វើដំណើរដ៏អស្ចារ្យនៃការរកឃើញ—ដែលនាំឆ្ពោះទៅកាន់ការបំពេញគោលដៅផ្ទាល់ខ្លួន និងការបំភ្លឺខាងវិញ្ញាណ ។ ប៉ុន្តែពួកយើងមួនចំនួន កំពុងតែស្ថិតនៅលើការធ្វើដំណើរដែលនាំទៅរកទុក្ខសោក អំពើបាប ការឈឺចិត្ត និងក្តីអស់សង្ឃឹម ។
នៅក្នុងបរិបទនេះ សូមសួរខ្លួនអ្នកថា ៖ តើអ្វីគឺជាគោលដៅចុងបញ្ចប់របស់អ្នក ? តើដំណើររបស់អ្នកកំពុងតែនាំអ្នកទៅទីណា ? ហើយតើដំណើររបស់អ្នកកំពុងតែនាំអ្នកទៅរក « ព្រះពរដ៏ច្រើនអនេក » ដែលព្រះអង្គសង្គ្រោះបានសន្យាថាប្រទានឲ្យដែរឬទេ ?
ការធ្វើដំណើរត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌របស់យើង គឺជាការធ្វើដំណើរដ៏សំខាន់បំផុតនៃជីវិតរបស់យើង ហើយវាបន្តទៅមុខរៀងរាល់ថ្ងៃ រៀងរាល់សប្តាហ៍ រៀងរាល់ខែ និងរៀងរាល់ឆ្នាំ នៅពេលយើងបង្កើនសេចក្តីជំនឿរបស់យើងលើទ្រង់ និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។
យើងត្រូវតែប្រយ័ត្នចំពោះជំហាននៃដំណើរជីវិតរបស់យើង ។ យើងត្រូវតែប្រយ័ត្ន និងស្តាប់តាមព្រះដំបូន្មានរបស់ព្រះយេស៊ូវ ប្រទានដល់សិស្សរបស់ទ្រង់នៅពេលទ្រង់បានឆ្លើយនឹងសំណួរទាំងនេះ ៖ « សូមប្រាប់យើងខ្ញុំ តើការទាំងនេះ កាលណានឹងមកដល់តើមានទីសម្គាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប ?
ហើយព្រះយេស៊ូវទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរប្រយ័ត្នក្រែងអ្នកណា [ ហើយខ្ញុំសូមដាក់បន្ថែមទាំងស្ត្រីផង ] នាំអ្នករាល់គ្នាឲ្យវង្វេង » ។
ថ្ងៃនេះខ្ញុំចង់ថ្លែងម្តងទៀតនូវដំបូន្មានពីមុនមកពីថ្នាក់ដឹកនាំសាសនាចក្រ ។
-
បងប្អូនប្រុសស្រីអើយ ចូររក្សាគោលការណ៍របស់ព្រះគ្រីស្ទឲ្យបានបរិសុទ្ធ ហើយចូរកុំចាញ់បោកពួកអ្នកដែលផ្លាស់ប្តូរគោលលទ្ធិឡើយ ។ ដំណឹងល្អនៃព្រះវរបិតា និងព្រះរាជបុត្រាបានស្ដារឡើងវិញតាមរយៈយ៉ូសែប ស្ម៊ីធ ជាព្យាការីសម្រាប់គ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ ។
-
ចូរកុំស្តាប់តាមអស់អ្នកដែល មិនទាន់ បានតែងតាំង និង/ឬ ញែកចេញក្នុងការហៅបម្រើក្នុងសាសនាចក្ររបស់ពួកគេ និងពុំបានទទួលស្គាល់ដោយការយល់ព្រមរួមរបស់សមាជិកសាសនាចក្រឡើយ ។
-
ចូរប្រុងប្រយ័ត្ននឹងអង្គការ ក្រុម ឬបុគ្គលទាំងឡាយដែលអះអាងថា មានចម្លើយសម្ងាត់ចំពោះសំណួរខាងគោលលទ្ធិ ដែលពួកគេនិយាយថាពួកសាវកនិងព្យាការីបច្ចុប្បន្ននេះ គ្មានចម្លើយ ឬមិនយល់នោះឡើយ ។
-
ចូរកុំស្តាប់អស់អ្នកដែលទាក់ទាញអ្នកដោយកលល្បិចចង់មានចង់បានឡើយ ។ សមាជិករបស់យើងបានបាត់បង់ប្រាក់កាសអស់ជាច្រើន ដូច្នេះហើយចូរមានការប្រុងប្រយ័ត្ន ។
នៅកន្លែងមួយចំនួនទៀត មានសមាជិកយើងជាច្រើននាក់កំពុងតែសម្លឹងហួសពីគំនូស ហើយស្វែងរកតម្រិះសម្ងាត់នោះក្នុងរបៀបដែលអស់ប្រាក់កាសថ្លៃ ឬមិនសមហេតុផល ដើម្បីផ្តល់ការព្យាបាល និងការគាំទ្រ ។
សេចក្តីថ្លែងការណ៍ជាផ្លូវការមួយរបស់សាសនាចក្រ បានចេញប្រកាសមួយឆ្នាំកន្លងមកនេះបានចែងថា ៖ « យើងជំរុញឲ្យសមាជិកសាសនាចក្រប្រុងប្រយ័ត្នអំពីការចូលរួមក្នុងក្រុមណាមួយដែលសន្យា—ដោយដោះដូរយកជាលុយវិញ—នូវការព្យាបាលដោយអព្ភូហេតុ ឬការអះអាងថា មានវិធីសាស្ត្រពិសេសដើម្បីទទួលបានអំណាចព្យាបាលក្រៅពីរង្វង់នៃអ្នកកាន់បព្វជិតភាពដែលត្រូវបានតែងតាំងត្រឹមត្រូវ » ។
ក្បួនខ្នាត របស់សាសនាចក្រទូន្មានថា ៖ « សមាជិកមិនគួរប្រើប្រាស់ការប្រតិបត្តិផ្នែកពេទ្យ ឬសុខភាព ដែលចោទជាសំណួរចំពោះក្រមសីលធម៌ និងច្បាប់នោះទេ ។ ពួកអ្នកដឹកនាំក្នុងមូលដ្ឋាន គួរតែឲ្យដំបូន្មានដល់សមាជិកដែលមានបញ្ហាសុខភាព ទៅពិគ្រោះជាមួយនឹងពេទ្យមានជំនាញប្រកបដោយសមត្ថភាព ដែលមានអជ្ញាបណ្ណនៅក្នុងប្រទេសដែលពួកគេអនុវត្ត » ។
បងប្អូនប្រុសស្រី ចូរមានភាពឈ្លាសវៃ និងប្រុងប្រយ័ត្នចំពោះការអនុវត្តបែបនោះ វាអាចជាការអង្វរករខាងផ្លូវចិត្ត ប៉ុន្តែទីបំផុតអាចបង្ហាញថា មានគ្រោះថ្នាក់ដល់វិញ្ញាណ និងរាងកាយ ។
ចំពោះដូនតាត្រួសត្រាយរបស់យើង ភាពឯករាជ្យនិងភាពខ្លួនទីពឹងខ្លួនគឺចាំបាច់ណាស់ ប៉ុន្តែស្មារតីនៃទំនាក់ទំនងក្នុងសហគមន៍របស់ពួកគេក៏សំខាន់ដូចគ្នាផងដែរ ។ ពួកគេបានធ្វើការជាមួយគ្នា ហើយជួយគ្នាទៅវិញទៅមក ដើម្បីយកឈ្នះលើឧបសគ្គខាងរូបកាយ និងវិញ្ញាណក្នុងជំនាន់របស់ពួកគេ ។ សម្រាប់ក្រុមបុរស មានកូរ៉ុមបព្វជិតភាព ហើយស្ត្រីត្រូវបានបម្រើដោយសមាគមសង្គ្រោះ ។ លទ្ធផលទាំងនេះពុំបានផ្លាស់ប្តូរក្នុងជំនាន់របស់យើងឡើយ ។
សមាគមសង្គ្រោះ និងកូរ៉ុមបព្វជិតភាពផ្តល់សុខុមាលភាពខាងវិញ្ញាណ និងខាងសាច់ឈាមដល់សមាជិករបស់យើង ។
សូមបន្តដើរលើផ្លូវដំណឹងល្អដោយមាន « សេចក្តីជំនឿក្នុងគ្រប់ជំហានទាំងអស់ » ដើម្បីយើងអាចត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះវរបិតាសួគ៌ និងព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយសុវត្ថិភាព ។ ព្រះអម្ចាស់គឺជាព្រះអង្គសង្គ្រោះដ៏ល្អអស្ចារ្យរបស់យើង ។ ទ្រង់គឺជាព្រះអង្គប្រោសលោះនៃពិភពលោក ។ យើងត្រូវតែគោរពព្រះនាមដ៏ពិសិដ្ឋរបស់ទ្រង់ ដោយមិនយកព្រះនាមទ្រង់ទៅប្រើដោយឥតប្រយោជន៍តាមវិធីណាមួយឡើយ ចូរព្យាយាមរក្សាព្រះបញ្ញត្តិរបស់ទ្រង់ជានិច្ច ។ ប្រសិនបើយើងធ្វើបែបនេះ ទ្រង់នឹងប្រទានពរយើង ជួយនាំយើងទៅផ្ទះវិញដោយសុវត្ថិភាព ។
ខ្ញុំសូមអញ្ជើញអស់អ្នកដែលស្តាប់ខ្ញុំនិយាយ សូមស្វាគមន៍ និងឱបក្រសោបនរណាម្នាក់ដែលកំពុងធ្វើ ដំណើររបស់ខ្លួននាពេលបច្ចុប្បន្ននេះ មិនថាពួកគេស្ថិតនៅត្រង់ចំណុចណានៃដំណើរគេឡើយ ។
សូមចងចាំថា គ្មានពរជ័យណាដែលបុគ្គលម្នាក់អាចចែករំលែកអស្ចារ្យជាងសារលិខិតនៃការស្តារឡើងវិញឡើយ គឺថាកាលណាបានទទួល និងអនុវត្តតាម នោះការសន្យានៃអំណរ និងសេចក្តីសុខសាន្តដ៏អស់កល្ប—សូម្បីតែជីវិតដ៏អស់កល្បជានិច្ចនឹងត្រូវបានទទួល ។ ចូរយើងប្រើថាមពល កម្លាំង និងទីបន្ទាល់របស់យើង ក្នុងការជួយអ្នកផ្សព្វផ្សាយសាសនារបស់យើងឲ្យរកឃើញ បង្រៀន និងជម្រុជទឹកឲ្យកូនចៅរបស់ព្រះ ដើម្បីឲ្យពួកគេអាចមានអំណាចនៃគោលលទ្ធិដំណឹងល្អដឹកនាំជីវិតប្រចាំថ្ងៃរបស់ពួកគេ ។
យើងត្រូវឱបក្រសោបកូនចៅរបស់ព្រះដោយចិត្តអាណិតមេត្តា ហើយលុបបំបាត់នូវការរើសអើង រួមទាំងការប្រកាន់ពូជសាសន៍ ភេទ និងសញ្ជាតិ ។ ចូរឲ្យគេនិយាយថា យើងពិតជាជឿលើពរជ័យនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទគឺសម្រាប់កូនចៅគ្រប់រូបរបស់ព្រះ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា « ដំណើរមានបន្តទៅមុខទៀត » ហើយខ្ញុំសូមអញ្ជើញបងប្អូនឲ្យបន្តស្ថិតនៅលើផ្លូវនៃដំណឹងល្អ ពេលបងប្អូនបន្តជឿនទៅមុខដោយឈោងដៃទៅជួយកូនចៅរបស់ព្រះគ្រប់រូបដោយក្តីស្រឡាញ់ និងក្តីអាណិតមេត្តា ថាយើងនឹងរួបរួមគ្នាធ្វើឲ្យដួងចិត្តរបស់យើងបរិសុទ្ធ និងមានដៃជ្រះស្អាតដើម្បីទទួលបាន « ព្រះពរដ៏ច្រើនអនេក » ដែលកំពុងរង់ចាំអស់អ្នកដែលពិតជាស្រឡាញ់ព្រះវបិតាសួគ៌ និងបុត្រាសំណព្វទ្រង់ដោយហេតុនេះខ្ញុំសូមអធិស្ឋានដោយរាបសានៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។