សាក្សីដ៏មានឥទ្ធិពលរបស់ព្រះ ៖ ព្រះគម្ពីរមរមន
ព្រះគម្ពីរមរមនជាសាក្សីដ៏មានឥទ្ធិពលរបស់ព្រះអំពី ភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ការហៅឲ្យធ្វើជាព្យាការីរបស់យ៉ូសែប ស្ម៊ីធ និងភាពពិតប្រាកដនៃសាសនាចក្រនេះ ។
ព្រះគម្ពីរមរមនពុំមែនគ្រាន់តែជាសិលាគន្លឹះនៃសាសនារបស់យើងប៉ុណ្ណោះទេ វាក៏អាចក្លាយសិលាគន្លឹះនៃទីបន្ទាល់យើងផងដែរ ដែលនៅពេលយើងជួបការសាកល្បង ឬសំណួរដែលគ្មានចម្លើយ នោះវាអាចរក្សាទីបន្ទាល់របស់យើងឲ្យស្ថិតនៅកន្លែងមានសុវត្ថិភាព ។ព្រះគម្ពីរនេះគឺជាផ្នែកមួយដ៏ធ្ងន់នៅលើជញ្ជីងនៃសេចក្តីពិតដែលធ្ងន់លើសពីទម្ងន់រួមគ្នានៃការជជែកវែកញែករបស់អ្នករិះគន់ទាំងអស់ ។ ហេតុអ្វី ? ដោយសារប្រសិនបើព្រះគម្ពីរនេះពិត នោះយ៉ូសែប ស្ម៊ីធ គឺជាព្យាការី ហើយនេះគឺជាសាសនាចក្រព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ ដោយមិនគិតអំពីប្រវត្តិ ឬការជជែកវែកញែកផ្សេងទៀតដែលផ្ទុយនឹងការពិតទាំងនោះឡើយ ។ ដោយសារហេតុផលនេះ អ្នករិះគន់មានបំណងបង្ហាញថាព្រះគម្ពីរមរមនខុសឆ្គង ប៉ុន្តែឧបសគ្គដែលពួកគេមាននោះគឺធំពេកដែលពុំអាចយកឈ្នះបានឡើយ ដោយសារនេះជាព្រះគម្ពីរពិត ។
ទីមួយ អ្នករិះគន់ត្រូវពន្យល់អំពីរបៀបដែលយ៉ូសែប ស្ម៊ីធ ក្មេងស្រុកស្រែអាយុ ២៣ ឆ្នាំដែលមានការអប់រំទាប បានបង្កើតព្រះគម្ពីរដែលមានឈ្មោះមនុស្ស និងទីកន្លែងពិសេសៗរាប់រយ ព្រមទាំងមានរឿង និងព្រឹត្តិការណ៍លម្អិតៗជាច្រើន ។ ដើម្បីពន្យល់ពីរឿងនេះ អ្នករិះគន់ជាច្រើនស្នើថា គាត់គឺមនុស្សមានប្រាជ្ញាក្រៃលែងក្នុងការច្នៃប្រឌិត ដោយពឹងផ្អែកទៅលើសៀវភៅជាច្រើន និងធនធានផ្សេងទៀតក្នុងមូលដ្ឋាន ដើម្បីបង្កើតមាតិកាជាប្រវត្តិសាស្ត្រនៃព្រះគម្ពីរមរមន ។ ប៉ុន្តែផ្ទុយទៅនឹងអ្វីដែលពួកគេបានថ្លែង គ្មានសាក្សីណាម្នាក់ដែលប្រកាសថា បានឃើញយ៉ូសែបជាមួយនឹងធនធានដែលចោទប្រកាន់ដោយគ្មានភស្តុតាងទាំងនេះពីមុនការបកប្រែបានចាប់ផ្តើមឡើយ ។
ទោះបីបើការជជែកវែកញែកនេះពិតក្តី វាពិតជាពុំគ្រប់គ្រាន់ទាល់តែសោះក្នុងការពន្យល់អំពីវត្តមានរបស់ព្រះគម្ពីរមរមន ។ បុគ្គលម្នាក់ៗក៏ត្រូវឆ្លើយសំណួរ ៖ តើយ៉ូសែបបានអានធនធានដែលគេចោទប្រកាន់ដោយគ្មានភស្តុតាងទាំងអស់នោះ ដោយញែកនូវភាពពុំទាក់ទងគ្នា រក្សាភាពត្រូវគ្នានៃព័ត៌មានលម្អិតទាក់ទងនឹងទីកន្លែង និងពេលវេលានៃមនុស្សទាំងនោះ ហើយក្រោយមកហៅឲ្យសរសេរបានដោយការចងចាំដ៏ល្អឥតខ្ចោះដោយរបៀបណា ? ដ្បិតនៅពេលយ៉ូសែប ស៊្មីធ បានបកប្រែ លោកគ្មានកំណត់ចំណាំអ្វីមើលឡើយ ។ ប្រាកដណាស់ អិមម៉ា ភរិយារបស់លោកបានថ្លែងថា ៖ « លោកគ្មានក្រដាសសរសេរដៃ ហើយក៏ពុំបានអានចេញពីសៀវភៅណាឡើយ។… ប្រសិនបើលោកមានវត្ថុទាំងនោះ នោះលោកពុំអាចលាក់វាកំបាំងពីខ្ញុំបានឡើយ » ។
ដូច្នេះតើយ៉ូសែប បានធ្វើការដ៏ប៉ិនប្រសប់អស្ចារ្យនេះក្នុងការហៅឲ្យគេសរសេរសៀវភៅជាង ៥០០ សន្លឹកដោយគ្មានកំណត់ចំណាំអ្វីនោះដោយរបៀបណាទៅ ? ដើម្បីធ្វើបែបនោះ លោកពុំគ្រាន់តែត្រូវធ្វើជាមនុស្សមានប្រាជ្ញាក្រៃលែងក្នុងការច្នៃប្រឌិតប៉ុណ្ណោះទេ លោកក៏ត្រូវមានការចងចាំដ៏ល្អឥតខ្ចោះផងដែរអំពីភាពដ៏អស្ចារ្យទាំងនោះ ។ ប៉ុន្តែប្រសិនបើនោះជាការពិត ហេតុអ្វីបានជាអ្នករិះគន់របស់លោកពុំផ្តោតចិត្តទុកដាក់លើទេពកោសល្យដ៏អស្ចារ្យរបស់លោក ?
ប៉ុន្តែមានអ្វីៗច្រើនជាងនេះទៀត ។ ការជជែកវែកញែកនេះទទួលខុសត្រូវតែលើមាតិកានៃប្រវត្តិសាស្ត្រព្រះគម្ពីរនេះប៉ុណ្ណោះ ។ បញ្ហាពិតប្រាកដគឺនៅតែមាន ៖ តើយ៉ូសែបបង្កើតព្រះគម្ពីរមួយដែលផ្តល់ព្រះវិញ្ញាណ ហើយតើលោកបានទទួលគោលលទ្ធិដ៏ជ្រាលជ្រៅបែបនេះ ដែលមានភាពច្បាស់លាស់ច្រើន ឬផ្ទុយពីជំនឿពួកគ្រីស្ទាននាជំនាន់លោកបានដោយរបៀបណា ?
ឧទាហរណ៍ ផ្ទុយពីជំនឿរបស់ពួកគ្រីស្ទានស្ទើរតែទាំងអស់ ព្រះគម្ពីរមរមនបង្រៀនថាការធ្លាក់របស់អ័ដាមគឺជាជំហានឆ្ពោះទៅមុខមួយដ៏វិជ្ជមាន ។ គម្ពីរនេះបើកសម្តែងសេចក្តីសញ្ញាដែលបានធ្វើនៅពិធីបុណ្យជ្រមុជទឹក ដែលពុំបានរៀបរាប់នៅក្នុងព្រះគម្ពីរប៊ីប ។
ក្រៅពីនេះទៀត បុគ្គលម្នាក់អាចសួរថា តើយ៉ូសែបបានទទួលការយល់ដឹងដ៏មានឥទ្ធិពលនេះមកពីណាដែលថា ដោយសារដង្វាយធួនរបស់ព្រះគ្រីស្ទ នោះទ្រង់ពុំអាចគ្រាន់តែលាងជម្រះយើងឲ្យស្អាតបាតប៉ុណ្ណោះទេ ទ្រង់ថែមទាំងអាចធ្វើឲ្យយើងបានល្អឥតខ្ចោះផងដែរ ? តើលោកបានទទួលការបង្រៀនដ៏អស្ចារ្យស្តីពីសេចក្តីជំនឿនៅក្នុង អាលម៉ា ៣២មកពីណា ? ឬការបង្រៀនរបស់ស្តេចបេនយ៉ាមីនស្តីពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ប្រហែលវាជាការបង្រៀនដ៏អស្ចារ្យបំផុតស្តីពីប្រធានបទនេះនៅក្នុងព្រះគម្ពីរទាំងអស់ ? ឬរូបាធិដ្ឋាននៃដើមអូលីវជាមួយនឹងភាពសាំញ៉ាំ និងគោលលទ្ធិដ៏ច្រើនរបស់វា ? ពេលខ្ញុំអានរូបាធិដ្ឋាននេះ ខ្ញុំត្រូវតែគូសដ្យាក្រាមដើម្បីតាមដានភាពសាំញ៉ាំរបស់វា ។ ឥឡូវនេះ តើយើងត្រូវជឿថា យ៉ូសែប ស៊្មីធ គ្រាន់តែហៅឲ្យសរសេរការបង្រៀនទាំងនេះ ចេញពីគំនិតរបស់លោកដោយគ្មានកំណត់ចំណាំអំពីអ្វីទាំងនោះឬ ?
ផ្ទុយទៅនឹងការសន្និដ្ឋានបែបនេះ ភស្តុតាងនៃស្នាមព្រះហស្តរបស់ព្រះគឺមានពេញនៅក្នុងព្រះគម្ពីរមរមន ជាភស្តុតាងដែលបង្ហាញតាមរយៈគោលលទ្ធិនៃសេចក្តីពិតដ៏អស្ចារ្យរបស់វា ជាពិសេសការបង្រៀនដ៏អស្ចារ្យស្តីពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ប្រសិនបើ យ៉ូសែប ពុំមែនជាព្យាការីទេ នោះដើម្បីទទួលខុសត្រូវចំពោះរឿងទាំងនេះ និងការយល់ដឹងខាងគោលលទ្ធិជាច្រើនផ្សេងទៀត ពួកអ្នករិះគន់ត្រូវធ្វើការជជែកវែកញែកថា គាត់ក៏ជាអ្នកខាងសាសនាវិទ្យាដ៏មានប្រាជ្ញាក្រៃលែងផងដែរ ។ ប៉ុន្តែប្រសិនបើមានករណីបែបនេះនោះ បុគ្គលម្នាក់អាចសួរថា ៖ ហេតុអ្វីយ៉ូសែបគឺជាមនុស្សតែម្នាក់គត់ក្នុងរយៈពេល ១៨០០ ឆ្នាំបន្ទាប់ពីការបម្រើរបស់ព្រះគ្រីស្ទ ជាអ្នកបង្កើតគោលលទ្ធិដ៏ពិសេសមហិមា និងច្បាស់លាស់បែបនេះ ? ដោយសារវាគឺជាវិវរណៈ ភាពប៉ិនប្រសប់ពុំមែនជាប្រភពនៃព្រះគម្ពីរនេះឡើយ ។
ប៉ុន្តែទោះបីជាយើងស្មានថា យ៉ូសែបគឺជាអ្នកច្នៃប្រឌិត និងសាសនាវិទូដែលមានប្រាជ្ញាក្រៃលែង ជាមួយនឹងការចងចាំដ៏ឥតខ្ចោះក្តី—ទេពកោសល្យទាំងនេះតែឯងពុំធ្វើឲ្យលោកក្លាយជាអ្នកសរសេរម្នាក់ដ៏មានជំនាញឡើយ ។ ដើម្បីពន្យល់អំពីវត្តមានរបស់ព្រះគម្ពីរមរមន ពួកអ្នករិះគន់ក៏ត្រូវប្រកាសថា យ៉ូសែបគឺជាអ្នកសរសេរដែលមានទេពកោសល្យពីធម្មជាតិនៅអាយុ ២៣ ឆ្នាំ ។ បើមិនដូច្នោះទេ តើលោកបានរួមបញ្ចូលឈ្មោះមនុស្ស ទីកន្លែង និងព្រឹត្តិការណ៍នានាជាច្រើន ឲ្យមានភាពត្រូវគ្នាទាំងស្រុងដោយគ្មានភាពខុសឆ្គងបានដោយរបៀបណាទៅ ? តើលោកអាចសរសេរលម្អិតអំពីយុទ្ធសាស្ត្រសង្គ្រាម សរសេរអំពីការបង្រៀនដ៏មានឥទ្ធិពល និងបង្កើតឃ្លាដែលត្រូវបានគូសចំណាំ ទន្ទេញឲ្យចាំ ដកស្រង់ និងដាក់លើទ្វារទូរទឹកកកដោយមនុស្សរាប់លាន់នាក់ដោយរបៀបណា ដូចជាឃ្លាថា « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » (ម៉ូសាយ ២:១៧ឬ « មានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » (នីហ្វៃទី ២ ២:២៥ មានសារលិខិតជាច្រើនដែលមានឥទ្ធិពល—សារលិខិតដែលមានភាពរស់រវើក និងបំផុសគំនិត ។ ការផ្តល់ជាយោបល់ថា យ៉ូសែប ស៊្មីធ នៅអាយុ ២៣ ឆ្នាំមានជំនាញចាំបាច់ក្នុងការសរសេរគម្ពីរដ៏អស្ចារ្យនេះ នៅក្នុងសេចក្តីព្រាងតែមួយសន្លឹកក្នុងរយៈពេលប្រមាណជា ៦៥ ថ្ងៃគឺជាការផ្ទុយនឹងការពិត ។
ប្រធាន រ័សុល អិម ណិលសុន ជាអ្នកសរសេរដ៏មានបទពិសោធន៍ និងជំនាញបានចែកចាយថា លោកបានសរសេរឡើងវិញជាង ៤០ សុន្ទរកថាសម្រាប់សន្និសីទទូទៅថ្មីៗនេះ ។ ឥឡូវនេះ តើយើងជឿថា យ៉ូសែប ស៊្មីធ តែម្នាក់ឯងបានហៅឲ្យសរសេរព្រះគម្ពីរមរមនទាំងមូលនៅក្នុងសេចក្តីព្រាងតែមួយ ជាមួយនឹងការផ្លាស់ប្តូរវេយ្យករណ៍សំខាន់ៗតែបន្តិចបន្តួចបន្ទាប់ពីនោះដែរឬទេ ?
អិមម៉ា ភរិយារបស់យ៉ូសែប បានបញ្ជាក់អំពីភាពអស្ចារ្យនៃសមិទ្ធិផលនេះថា ៖ « យ៉ូសែប ស៊្មីធ [ ជាយុវជន ] ពុំអាចសរសេរ ឬហៅឲ្យសរសេរពាក្យច្បាស់លាស់ និងសារលិខិតដែលមានពាក្យល្អៗនេះទេ ចុះទម្រាំតែសរសេរព្រះគម្ពីរមួយដូចជាព្រះគម្ពីរមរមននេះ គឺកាន់តែមិនអាចឡើយ » ។
ហើយនៅទីបំផុត ទោះបីជាបុគ្គលម្នាក់ទទួលយកការជជែកវែកញែកពីមុនៗទាំងអស់ក្តី ទោះមានការសង្ស័យថា តើវាជាការពិតក្តី ពួកអ្នករិះគន់នៅតែប្រឈមមុខនឹងឧបសគ្គដ៏ធំមួយផ្សេងទៀត ។ យ៉ូសែបបានប្រកាសថា ព្រះគម្ពីរមរមនត្រូវបានសរសេរឡើងនៅលើផ្ទាំងមាស ។ ការប្រកាសនេះបន្តទទួលការរិះគន់មិនចេះនឿយណាយនៅជំនាន់លោក—ដ្បិត « មនុស្សគ្រប់គ្នា » បានដឹងថាប្រវត្តិសាស្ត្របុរាណត្រូវបានសរសេរនៅលើផ្ទាំងចារិក ឬផ្ទាំងស្បែក រហូតដល់អស់ជាច្រើនឆ្នាំក្រោយមក នៅពេលផ្ទាំងដែកដែលមានការសរសេរអក្សរបុរាណត្រូវបានរកឃើញ ។ លើសពីនេះទៅទៀត អ្នករិះគន់ប្រកាសថា ការប្រើប្រាស់ស៊ីម៉ងត៍ដូចដែលបានរៀបរាប់នៅក្នុងព្រះគម្ពីរមរមន គឺវាហួសពីសមត្ថភាពផ្នែកបច្ចេទេសនៃពួកប្រជាជនអាមេរិកជំនាន់ដើមទាំងនេះ—រហូតដល់ការសាងសង់ដោយប្រើស៊ីម៉ងត៍ត្រូវបានរកឃើញនៅទ្វីបអាមេរិកជំនាន់បុរាណ ។ ឥឡូវនេះ តើពួកអ្នករិះគន់ទទួលខុសត្រូវចំពោះរឿងនេះ និងការរកឃើញស្រដៀងគ្នានេះដោយរបៀបណា ? អ្នកដឹងថា យ៉ូសែបក៏ត្រូវតែជាអ្នកទស្សន៍ទាយដ៏មានភ័ព្វបំផុតផងដែរ ។ ទោះបីជាមានការជំទាស់ទាំងអស់នោះទាស់នឹងលោក ប្រឆាំងទាស់នឹងចំណេះដឹងនៃវិទ្យាសាស្ត្រ និងការសិក្សាទាំងអស់ដែលមានក្តី ក៏លោកបានទស្សន៍ទាយត្រូវ ខណៈដែលមនុស្សទាំងអស់ផ្សេងទៀតទស្សន៍ទាយខុស ។
បន្ទាប់ពីពិចារណាអំពីរឿងទាំងនេះ បុគ្គលម្នាក់អាចឆ្ងល់ថាតើមនុស្សម្នាក់អាចជឿថា កត្តា និងការខិតខំនៃការប្រកាសទាំងអស់នេះ ដែលលើកឡើងដោយពួកអ្នករិះគន់ បានរួមគ្នាដោយចៃដន្យក្នុងរបៀបមួយដែលធ្វើឲ្យយ៉ូសែបសរសេរព្រះគម្ពីរមរមន ហើយបង្កើតនូវកិច្ចការនៃអារក្សដោយរបៀបណា ។ ប៉ុន្តែតើយើងអាចយល់រឿងនេះដោយរបៀបណា ? ប៉ុន្តែផ្ទុយនឹងការអះអាងបែបនេះ គម្ពីរនេះបានបំផុសគំនិតមនុស្សរាប់លាននាក់ឲ្យប្រឆាំងនឹងសាតាំង ហើយឲ្យរស់នៅកាន់តែដូចជាព្រះគ្រីស្ទ ។
ខណៈដែលមនុស្សម្នាក់អាចជ្រើសរើសជឿការពន្យល់របស់ពួកអ្នករិះគន់ សម្រាប់ខ្ញុំការធ្វើបែបនោះពុំធ្វើឲ្យមានការរីកចម្រើនខាងប្រាជ្ញា និងខាងវិញ្ញាណឡើយ ។ ដើម្បីជឿលើរឿងបែបនេះ ខ្ញុំត្រូវតែទទួលយកការសន្និដ្ឋានដែលគ្មានភស្តុតាងម្តងហើយម្តងទៀត ។ លើសពីនេះទៅទៀត ខ្ញុំនឹងត្រូវតែមើលស្រាលទីបន្ទាល់នៃបុគ្គលគ្រប់រូបទាំង ១១ នាក់ សូម្បីតែពួកគាត់ម្នាក់ៗបន្តនៅពិតស្មោះត្រង់ចំពោះទីបន្ទាល់របស់ខ្លួនរហូតដល់អស់ជីវិត ខ្ញុំនឹងត្រូវតែបដិសេធគោលលទ្ធិពីព្រះដែលមានពេញនៅក្នុងគម្ពីរដ៏ពិសិដ្ឋនេះជាមួយនឹងសេចក្តីពិតដ៏អស្ចារ្យបំផុតរបស់វា ខ្ញុំនឹងត្រូវតែពង្រើយកន្តើយនឹងការពិតដែលមហាជន រួមទាំងខ្ញុំផង ដែលបានខិតកាន់តែជិតព្រះ តាមរយៈការអានគម្ពីរនេះជាងគម្ពីរផ្សេងទៀត ហើយលើសពីអ្វីៗទាំងអស់ ខ្ញុំនឹងត្រូវតែបដិសេធការខ្សឹបប្រាប់បញ្ជាក់ពីព្រះវិញ្ញាណបរិសុទ្ធហើយ ។ ការណ៍នេះនឹងផ្ទុយទៅនឹងរឿងគ្រប់យ៉ាងដែលខ្ញុំដឹងថាពិតហើយ ។
មិត្តភក្ដិដ៏ល្អ និងវាងវៃម្នាក់របស់ខ្ញុំបានចាកចេញពីព្រះវិហារអស់មួយរយៈពេល ។ ថ្មីៗនេះគាត់បានសរសេរសំបុត្រមកខ្ញុំប្រាប់អំពីការត្រឡប់មកវិញរបស់គាត់ ៖ « ដំបូង ខ្ញុំចង់ឲ្យព្រះគម្ពីរមរមនបង្ហាញភស្តុតាងដល់ខ្ញុំអំពីប្រវត្តិ ភូមិសាស្ត្រ ការរៀនភាសា និងវប្បធម៌ ។ ប៉ុន្តែពេលខ្ញុំបានផ្លាស់ប្តូរការផ្តោតចិត្តទុកដាក់របស់ខ្ញុំទៅលើការបង្រៀននៃព្រះគម្ពីរអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មសង្គ្រោះរបស់ទ្រង់ នោះខ្ញុំបានចាប់ផ្តើមទទួលទីបន្ទាល់អំពីភាពពោរពេញនៃសេចក្តីពិតរបស់គម្ពីរនេះ ។ ថ្ងៃមួយអំឡុងពេលអានព្រះគម្ពីរមរមននៅក្នុងបន្ទប់ខ្ញុំ ខ្ញុំបានឈប់មួយសន្ទុះ លុតជង្គង់ចុះ ហើយបានអធិស្ឋានដោយស្មោះអស់ពីដួងចិត្ត ហើយបានទទួលអារម្មណ៍យ៉ាងច្បាស់លាស់ថា ព្រះវរបិតាសួគ៌បានខ្សឹបប្រាប់ដល់វិញ្ញាណខ្ញុំថា សាសនាចក្រ និងព្រះគម្ពីរមរមនគឺពិតប្រាកដមែន ។ អំឡុងពេលបីឆ្នាំកន្លះរបស់ខ្ញុំក្នុងការរៀនពីសាសនាចក្រឡើងវិញ បាននាំខ្ញុំឲ្យត្រឡប់មកកាន់ភាពពោរពេញនៃសេចក្តីពិតនៃព្រះគម្ពីរនេះទាំងស្រុង និងដោយការជឿជាក់ » ។
ប្រសិនបើមនុស្សម្នាក់ឆ្លៀតពេលអានដោយរាបសា និងពិចារណាអំពីព្រះគម្ពីរមរមន ដូចជាមិត្តខ្ញុំបានធ្វើ ហើយស្តាប់តាមផលផ្លែដ៏ផ្អែមល្ហែមនៃព្រះវិញ្ញាណ នោះទីបំផុតគាត់នឹងទទួលបាននូវសាក្សីដែលគាត់ប៉ងប្រាថ្នា ។
ព្រះគម្ពីរមរមនគឺជាអំណោយមួយដែលពុំអាចកាត់ថ្លៃបានមកពីព្រះសម្រាប់ពួកយើង ។ វាគឺជាដាវ និងខែល—វាបញ្ជូនព្រះបន្ទូលនៃព្រះទៅក្នុងសមរភូមិដើម្បីប្រយុទ្ធដណ្តើមយកដួងចិត្តនៃមនុស្សសុចរិត ហើយធ្វើជាអ្នកការពារសេចក្តីពិតដ៏អស្ចារ្យ ។ ក្នុងនាមជាពួកបរិសុទ្ធ យើងពុំគ្រាន់តែមានឯកសិទ្ធិការពារព្រះគម្ពីរមរមនប៉ុណ្ណោះទេ យើងថែមទាំងមានឱកាសប្រើប្រាស់វាយ៉ាងសកម្ម—ដើម្បីបង្រៀនដោយមានឥទ្ធិពលអំពីគោលលទ្ធិមកពីព្រះដែលមានក្នុងគម្ពីរនេះ ហើយថ្លែងទីបន្ទាល់អំពីសាក្សីដ៏អស្ចារ្យអំពីព្រះយេស៊ូវគ្រីស្ទពីព្រះគម្ពីរនេះ ។
ខ្ញុំសូមថ្លែងទីបន្ទាល់របស់ខ្ញុំយ៉ាងឱឡារិកថា ព្រះគម្ពីរមរមនត្រូវបានបកប្រែដោយអំណោយទាន និងព្រះចេស្តានៃព្រះ ។ វាជាសាក្សីដ៏មានឥទ្ធិពលរបស់ព្រះអំពីភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ការហៅឲ្យធ្វើជាព្យាការីរបស់យ៉ូសែប ស្ម៊ីធ និងភាពពិតប្រាកដនៃសាសនាចក្រនេះ ។ សូមឲ្យគម្ពីរនេះក្លាយជាសិលាគន្លឹះនៃទីបន្ទាល់យើង ដើម្បីឲ្យគម្ពីរនេះអាចនិយាយអំពីយើង ដូចគម្ពីរនេះបាននិយាយអំពីពួកលេមិនដែលបានប្រែចិត្តជឿ ដែលថាពួកគេ « ពុំបោះបង់ចោលសាសនាឡើយ » (អាលម៉ា ២៣:៦ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។