ដួងចិត្តស្ត្រីមេម៉ាយ
ចូរយើងធ្វើអ្វីដែលចាំបាច់ដើម្បីមានដួងចិត្តស្ត្រីមេម៉ាយ ដោយរីករាយយ៉ាងពិតនៅក្នុងពរជ័យដែលនឹងបំពេញ « សេចក្ដីត្រូវការ » ដែលមាន ។
ខ្ញុំធ្លាប់មានពរជ័យដ៏អស្ចារ្យនៃការបម្រើនៅក្នុងចំណោមពួកបរិសុទ្ធនៅតំបន់ប៉ាស៊ីហ្វិកជាច្រើនឆ្នាំ ។ ជំនឿ ក្ដីស្រឡាញ់ និងពលិកម្មដ៏អស្ចារ្យនៃពួកបរិសុទ្ធទាំងនេះបានធ្វើឲ្យខ្ញុំមានការបំផុតគំនិត មានអំណរគុណ និងអំណរ ។ ដំណើររឿងពួកគេដូចគ្នានឹងបងប្អូនដែរ ។
ខ្ញុំបានឃើញថា ពួកបរិសុទ្ធ ទាំងនេះដូចគ្នានឹងស្ត្រីមេម៉ាយដែលព្រះអង្គសង្គ្រោះបានទតមើលកាលទ្រង់ « គង់ … ក៏ទតមើលទៅហ្វូងមនុស្សដែលគេដាក់ដង្វាយក្នុងឃ្លាំងជាយ៉ាងដូចមេ្តច មានអ្នកមានជាច្រើន គេដាក់ច្រើន ។
តែមានស្រ្តីមេម៉ាយក្រម្នាក់មកដាក់តែ២ស្លឹង ។ …
ទ្រង់ក៏ហៅពួកសិស្សមកមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយក្រនេះ បានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង ៖
ដ្បិតគេ … យកពីរបស់ជាសំណល់ខ្លួនមកថ្វាយ តែស្រ្តីនេះបានយកពីសេចក្តីកំសត់ខ្លួនមកថ្វាយវិញ គឺជារបស់ដែលនាងមានទាំងប៉ុន្មានសម្រាប់ចិញ្ចឹមជីវិតខ្លួនផង » ។
ទោះជាប្រាក់ពីរស្លឹងរបស់គាត់គឺជាប្រាក់តិចតួចក្ដី ប៉ុន្តែចំពោះព្រះអង្គ សង្គ្រោះដង្វាយរបស់គាត់មានតម្លៃណាស់ ដោយសារគាត់បានថ្វាយអ្វីៗគ្រប់យ៉ាង ។ នៅគ្រានោះ ព្រះអង្គសង្គ្រោះបានស្គាល់ស្ត្រីមេម៉ាយនោះ ពីព្រោះដង្វាយនោះបានស្ដែងឲ្យទ្រង់ឃើញពីដួងចិត្តគាត់ ។ គុណភាព និងជម្រៅនៃក្ដីស្រឡាញ់ និងជំនឿដែលគាត់មានធ្វើឲ្យគាត់ដឹងថា « ការចង់បាន » គាត់នឹងត្រូវបានផ្ដល់ឲ្យ ។
ខ្ញុំធ្លាប់ឃើញដួងចិត្តដូចគ្នានេះក្នុងពួកបរិសុទ្ធនៅតំបន់ប៉ាស៊ីភិច ។ ក្នុងភូមិតូចមួយនៅលើកោះមួយ មានបុរសចំណាស់ម្នាក់ និងភរិយាបានទទួលយកការអញ្ជើញពីពួកអ្នកផ្សព្វផ្សាយសាសនា ដើម្បីទូលសួរព្រះអម្ចាស់ដោយចិត្តស្មោះ បើមេរៀនដែលពួកគេបង្រៀនគឺជាការពិត ។ ក្នុងដំណើរការនេះ ពួកគាត់ក៏បានពិចារណានូវផលវិបាកនៃការតាំងចិត្តដែលត្រូវធ្វើផងដែរ បើចម្លើយនោះដឹកនាំពួកគាត់ឲ្យទទួលដំណឹងល្អដែលបានស្ដារឡើងវិញ ។ ពួកគាត់បានអធិស្ឋាន តមអាហារដើម្បីដឹងសេចក្ដីពិតពេញលេញរបស់សាសនាចក្រ និងភាពត្រឹមត្រូវរបស់ព្រះគម្ពីរមរមន ។ ចម្លើយដែលពួកគាត់បានទទួលមាននូវការបញ្ជាក់ដ៏ភាពផ្អែមល្ហែមថា « ពិតណាស់ ! វាគឺជាការពិត ! »
ដោយទទួលបានសាក្សីនេះ ពួកគាត់ទទួលបុណ្យជ្រមុជទឹក ។ ការជ្រើសរើសនេះពុំមែនគ្មានផលអវិជ្ជមាននោះទេ ។ ការសម្រេចចិត្ត និងបុណ្យជ្រមុជទឹករបស់ពួកគាត់បានផ្តល់នូវផលអវិជ្ជមានយ៉ាងខ្លាំង ។ ពួកគាត់បានបាត់បង់ការងារ បានលះបង់ឋានៈក្នុងសង្គម បានបញ្ចប់មិត្តភាពសំខាន់ៗ ហើយការគាំទ្រ ក្ដីស្រឡាញ់ និងការគោរពពីគ្រួសារបានបាត់បង់ ។ ឥឡូវពួកគាត់បានទៅព្រះវិហាររាល់ថ្ងៃអាទិត្យ ហើយឃើញនូវការសម្លឹងមើលចម្លែកៗពីសំណាក់មិត្ត និងអ្នកជិតខាងដែលដើរកាត់ពួកគាត់ ។
ក្នុងស្ថានភាពដ៏លំបាកទាំងនេះ បងប្រុសដ៏ល្អម្នាក់នេះមានគេសួរថា គាត់មានអារម្មណ៍បែបណាពីការសម្រេចចិត្តចូលក្នុងសាសនាចក្រ ។ ចម្លើយដ៏សាមញ្ញដោយមិនងាករេរបស់គាត់គឺ « វាគឺជាការពិត មែនទេ ? ការជ្រើសរើសរបស់យើងច្បាស់លាស់ណាស់ » ។
អ្នកប្រែចិត្តជឿថ្មីពីររូបនេះពិតជាមានដួងចិត្តដូចស្ត្រីមេម៉ាយនោះណាស់ ។ ដូចជាស្ត្រីមេម៉ាយនោះដែរ ពួកគាត់ « ថ្វាយ » អ្វីៗដែលពួកគាត់អាចធ្វើបាន ជាអ្វីៗដែលពួកគាត់« មាន » ។ ជាលទ្ធផលនៃចិត្តជឿ និងជំនឿអត់ធ្មត់របស់ពួកគាត់ក្នុងគ្រាលំបាកទាំងនោះ បន្ទុករបស់ពួកគាត់បានស្រាលឡើង ។ ពួកគាត់បានទទួលជំនួយ ហើយហ៊ុមព័ទ្ធដោយសមាជិកសាសនាចក្រដែលចាំបម្រើគាំទ្រ ហើយបានពង្រឹងដោយផ្ទាល់តាមរយៈការហៅបម្រើរបស់ពួកគាត់ក្នុងសាសនាចក្រ ។
បន្ទាប់ពីថ្វាយអ្វី « ទាំងអស់ » ថ្ងៃដ៏ល្អបំផុតបានមកដល់ កាលពួកគាត់បានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធជាគ្រួសារដ៏អស់កល្ប ។ ដូចអ្វីដែលទ្រង់បានធ្វើដល់ពួកអ្នកប្រែចិត្តជឿក្រោមការដឹកនាំរបស់អាលម៉ាដែរ « ព្រះអម្ចាស់ទ្រង់បានចម្រើនកម្លាំងឲ្យគេ ដើម្បីឲ្យគេអាចទ្របន្ទុកទាំងឡាយរបស់គេបានដោយងាយ ហើយពួកគេបានធ្វើតាមអស់ទាំងព្រះហឫទ័យនៃព្រះអម្ចាស់ ដោយការរីករាយ និងដោយការអត់ធន់ » ។ នេះគឺជាដួងចិត្តនៃស្ត្រីមេម៉ាយដែលមាននៅក្នុងស្វាមីភរិយាដ៏ល្អនេះ ។
ខ្ញុំសូមលើកឡើងនូវឧទាហរណ៍មួយទៀតដែលបានបង្ហាញយ៉ាងច្បាស់អំពីដួងចិត្តនៃស្ត្រីមេម៉ាយ ។ នៅសាម័រ យើងធ្វើការនឹងក្រុមប្រឹក្សាភូមិដើម្បីឲ្យពួកអ្នកផ្សព្វផ្សាយសាសនាចូលទៅប្រកាសដំណឹងល្អ ។ ពីរបីឆ្នាំមុន ខ្ញុំបានជួបសន្ទនាជាមួយនឹងប្រធានភូមិម្នាក់មកពីភូមិដែលបានហាមមិនឲ្យអ្នកផ្សព្វផ្សាយសាសនាចូលយូរយាមកហើយ ។ ការសន្ទនាខ្ញុំបានកើតឡើងក្រោយពីប្រធានភូមិបានបើកភូមិនោះទទួលសាសនាចក្រ ដោយអនុញ្ញាតឲ្យអ្នកផ្សព្វផ្សាយសាសនាបង្រៀនអ្នកដែលចង់រៀនអំពីដំណឹងល្អ និងគោលលទ្ធិនៃដំណឹងល្អ ។
លុះច្រើនឆ្នាំក្រោយមក ដោយមានការផ្លាស់ប្ដូរដ៏អស្ចារ្យនេះ ខ្ញុំក៏ចង់ដឹងថា មានអ្វីកើតឡើងដែលធ្វើឲ្យប្រធានភូមិនោះមានចំណាត់ការបែបនេះ ។ ខ្ញុំសួរអំពីរឿងនេះ ហើយប្រធានភូមិដែលខ្ញុំបានសន្ទនាជាមួយនោះបានតបថា « មនុស្សអាចរស់ក្នុងភាពងងឹតតែមួយគ្រាទេ ប៉ុន្តែគ្រាមួយនឹងមកដល់ កាលគាត់ចង់ចូលមកក្នុងពន្លឺ » ។
នៅក្នុងការបើកភូមិនោះ ប្រធានភូមិបានបង្ហាញឲ្យឃើញនូវដួងចិត្តនៃស្ត្រីមេម៉ាយ—ជាដួងចិត្តទន់ភ្លន់ កាលពន្លឺកក់ក្ដៅនៃសេចក្ដីពិតបានបើកសម្ដែង ។ ថ្នាក់ដឹកនាំរូបនេះបានយល់ព្រមធ្វើអ្វីដែលផ្ទុយពីទំនៀមទម្លាប់ជាច្រើនឆ្នាំមកហើយ ដោយប្រឈមនឹងការជំទាស់ជាច្រើន ហើយឈររឹងមាំដើម្បីឲ្យមនុស្សដទៃទៀតមានពរជ័យ ។ នេះគឺជាថ្នាក់ដឹកនាំម្នាក់ដែលមានដួងចិត្តគិតទៅលើសុខុមាលភាព និងសុភមង្គលនៃប្រជាជនខ្លួន ជាជាងការគិតទៅលើទំនៀមទម្លាប់ វប្បធម៌ និងអំណាចផ្ទាល់ខ្លួន ។ គាត់មិនខ្វល់ពីកង្វល់ទាំងនោះ ដោយសារអ្វីដែលប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀនយើងថា « កាលយើងធ្វើតាមគំរូព្រះអង្គសង្គ្រោះ នោះគំរូយើងនឹងក្លាយជាពន្លឺមួយនៅក្នុងជីវិតអ្នកដទៃ » ។
ជាចុងបញ្ចប់ ខ្ញុំសូមចែកចាយនឹងបងប្អូននូវបទពិសោធន៍មួយទៀតក្នុងចំណោមពួកបរិសុទ្ធនៅតំបន់ប៉ាស៊ីភិចដែលបានចាក់ឫសយ៉ាងជ្រៅខាងវិញ្ញាណក្នុងព្រលឹងខ្ញុំ ។ ប៉ុន្មានឆ្នាំមុន ខ្ញុំគឺជាទីប្រឹក្សាវ័យក្មេងម្នាក់របស់ប៊ីស្សពក្នុងវួដថ្មីមួយនៅសាម័រអាមេរិកាំង ។ យើងមានសមាជិក ៩៩ នាក់ដែលជាអ្នកចម្ការ កម្មកររោងចក្រអាហារកំប៉ុង មន្ត្រីរាជការ និងក្រុមគ្រួសារពួកគេ ។ នៅឆ្នាំ ១៩៧៧ កាលគណៈប្រធានទីមួយបានប្រកាសថា នឹងមានព្រះវិហារបរិសុទ្ធមួយសង់ឡើងក្នុងប្រទេសសាម័រ ពួកយើងមានអំណរ ហើយដឹងគុណជាខ្លាំង ។ នៅសម័យនោះដំណើរចេញពីសាម័រអាមេរិកាំងទៅព្រះវិហារបរិសុទ្ធគឺតម្រូវឲ្យធ្វើដំណើរទៅហាវៃ ឬនូវែលសេឡង់ ។ វាគឺជាការធ្វើដំណើរដ៏ថ្លៃមួយដែលហួសពីសមត្ថភាពរបស់សមាជិកស្មោះត្រង់ជាច្រើន ។
នៅគ្រានោះ សមាជិកត្រូវបានលើកទឹកចិត្តឲ្យបរិច្ចាគទៅមូលនិធិសាងសង់អគារដើម្បីជួយដល់ការសាងសង់ព្រះវិហារបរិសុទ្ធ ។ ក្នុងស្មារតីនេះ គណៈប៊ីស្សពរបស់យើងបានសុំឲ្យសមាជិកវួដគិតពីអ្វីដែលពួកគេអាចផ្ដល់បានដោយការអធិស្ឋាន ។ កាលបរិច្ឆេទបានដាក់រួចជាស្រេចដើម្បីក្រុមគ្រួសារប្រមូលដង្វាយរបស់ពួកគេ ។ ក្រោយមក កាលដង្វាយទាំងនេះបានបើកជាឯកជន គណៈប៊ីស្សពយើងមានចិត្តរាបសា ហើយបានរំភើបចិត្តជាខ្លាំងដោយសារជំនឿ និងចិត្តសប្បុរសរបស់សមាជិកក្នុងវួដយើង ។
ដោយស្គាល់គ្រួសារមួយៗ និងស្ថានភាពពួកគេ ខ្ញុំមានការកោតសរសើរ ការគោរព និងមានចិត្តរាបសាយ៉ាងខ្លាំង ។ ទាំងនេះគឺជាប្រាក់របស់ស្ត្រីមេម៉ាយនាសម័យទំនើបដែលបានផ្ដល់ចេញពីចិត្តមកពីអ្វីដែលពួកគេ « មាន » ជាមួយនឹងអំណរក្នុងពរជ័យដែលបានសន្យាអំពីការសាងសង់ព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់នៅប្រទេសសាម័រ ។ ក្រុមគ្រួសារទាំងនេះបានថ្វាយអ្វីដែលពួកគេមានចំពោះព្រះអម្ចាស់ ដោយជំនឿជឿថា ពួកគេនឹងពុំទុកចោលឲ្យខ្វះខាតឡើយ ។ អំណោយរបស់ពួកគេបង្ហាញឲ្យឃើញពីដួងចិត្តស្ត្រីមេម៉ាយក្នុងចិត្តពួកគេ ។ អស់អ្នកដែលបានផ្ដល់គឺធ្វើឡើងចេញពីចិត្ត និងដោយអំណរដោយសារមានដួងចិត្តរបស់ស្ត្រីមេម៉ាយក្នុងចិត្ត ពួកគេអាចមើលឃើញដោយភ្នែកនៃជំនឿនូវពរជ័យដ៏អស្ចារ្យដែលមានសម្រាប់ក្រុមគ្រួសារពួកគេ និងមនុស្សទាំងអស់នៅប្រទេសសាម័រ និងសាម័រអាមេរិកាំងសម្រាប់ច្រើនជំនាន់ទៅមុខទៀត ។ ខ្ញុំដឹងថា ដង្វាយដ៏បរិសុទ្ធរបស់ពួកគេ ដែលជាប្រាក់ស្ត្រីមេម៉ាយត្រូវបានព្រះអម្ចាស់ស្គាល់ ហើយទទួលយក ។
ដួងចិត្តស្ត្រីមេម៉ាយដែលថ្វាយប្រាក់ពីរស្លឹងគឺជាដួងចិត្តដែលនឹងថ្វាយអ្វីៗទាំងអស់ដោយធ្វើការលះបង់ ស៊ូទ្រាំការលំបាក ការបៀតបៀន និងការបដិសេធ និងដោយការទ្របន្ទុកគ្រប់យ៉ាង ។ ដួងចិត្តស្ត្រីមេម៉ាយគឺជាដួងចិត្តដែលដឹង ទទួលអារម្មណ៍ ហើយស្គាល់ពន្លឺនៃសេចក្ដីពិត ហើយនឹងផ្ដល់អ្វីគ្រប់យ៉ាងដើម្បីឱបក្រសោបសេចក្ដីពិតនោះ ។ វាក៏ជួយមនុស្សដទៃឲ្យឃើញពន្លឺដូចគ្នានេះ ហើយមករកសុភមង្គល និងអំណរដ៏អស់កល្បដែរ ។ ជាចុងក្រោយ ដួងចិត្តស្ត្រីមេម៉ាយត្រូវបានកំណត់ដោយឆន្ទៈថ្វាយអ្វីៗទាំងអស់ដើម្បីស្ថាបនានគរព្រះនៅលើផែនដី ។
ចូរយើងចូលរួមនឹងពួកបរិសុទ្ធទូទាំងពិភពលោកក្នុងការធ្វើអ្វីដែលចាំបាច់ដើម្បីមានដួងចិត្តស្ត្រីមេម៉ាយ ដោយរីករាយយ៉ាងពិតនៅក្នុងពរជ័យដែលនឹងបំពេញ « សេចក្ដីត្រូវការ » ដែលមាន ។ ខ្ញុំសូមអធិស្ឋានឲ្យយើងម្នាក់ៗទូលអង្វរដើម្បីមានដួងចិត្តទ្រទ្រង់បន្ទុកយើង ធ្វើពលិកម្មដែលចាំបាច់ ហើយមានឆន្ទៈធ្វើ ហើយថ្វាយ ។ ខ្ញុំសន្យាថា ព្រះអម្ចាស់នឹងពុំទុកបងប្អូនចោលដោយគ្មានអ្វីសោះនោះទេ ។ ដួងចិត្តស្ត្រីមេម៉ាយត្រូវពោរពេញដោយអំណរគុណថា ព្រះអង្គសង្គ្រោះគឺជា« មនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ » ដើម្បីយើងពុំចាំបាច់ភ្លក់នូវ « ពែងល្វីង » ។ មិនថាយើងមានភាពទន់ខ្សោយ និងការបរាជ័យ និងដោយសារតែវាក្ដីក៏ទ្រង់បន្តលាតព្រះហស្ដទ្រង់ដែលមានស្លាកស្នាមដោយសារយើង ។ ទ្រង់នឹងលើកយើងឡើង បើយើងមានឆន្ទៈចូលមកក្នុងពន្លឺនៃដំណឹងល្អទ្រង់ ឱបក្រសោបទ្រង់ ហើយឲ្យទ្រង់បំពេញ « តម្រូវការ » របស់យើង ។
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីក្ដីស្រឡាញ់ដ៏ធំធេងដែលយើងអាចចែកចាយក្នុងនាមជាពួកសិស្ស និងអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំស្រឡាញ់ ហើយគាំទ្រប្រធានថូម៉ាស អេស ម៉នសុន ជាព្យាការីនៃព្រះនៅលើផែនដី ។ ព្រះគម្ពីរមរមនគឺជាសក្ខីបទមួយទៀតនៃព្រះយេស៊ូវគ្រីស្ទទៅកាន់ពិភពលោក ហើយខ្ញុំអញ្ជើញមនុស្សទាំងអស់ឲ្យអាន ហើយស្វែងយល់សារលិខិតក្នុងនោះដោយខ្លួនឯង ។ អស់អ្នកដែលទទួលយកការអញ្ជើញរបស់ព្រះអម្ចាស់ឲ្យមករកទ្រង់នឹងរកឃើញភាពសុខសាន្ត ក្ដីស្រឡាញ់ និងពន្លឺ ។ ព្រះយេស៊ូវគ្រីស្ទ គឺជាអង្គគំរូ និង ព្រះប្រោសលោះយើង ។ មានតែតាមរយៈព្រះយេស៊ូវគ្រីស្ទ និងអព្ភូតហេតុនៃដង្វាយធួនដ៏និរន្ដរបស់ទ្រង់ប៉ុណ្ណោះ ទើបយើងអាចមានជីវិតអស់កល្ប ។ ខ្ញុំថ្លែងជាសាក្សីអំពីការណ៍នេះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋរបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។