ចូរធ្វើជាគំរូ និង ពន្លឺ
នៅពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ នោះយើងនឹងមានឱកាសដើម្បីធ្វើជាពន្លឺនៅក្នុងជីវិតរបស់អ្នកដទៃ ។
បងប្អូនប្រុសស្រី វាល្អណាស់ដែលបានជួបបងប្អូនម្ដងទៀត ។ ដូចបងប្អូនដឹងហើយ ចាប់តាំងពីយើងបានជួបគ្នានៅក្នុងខែមេសា យើងមានការសោកស្ដាយដោយបាត់បង់សាវកជាទីស្រឡាញ់របស់យើងបីរូប ៖ ប្រធាន ប៊យដ៏ ឃេ ផាកកឺ, អែលឌើរ អិល ថម ភែរី និង អែលឌើរ រីឆាដ ជី ស្កត ។ ពួកលោកបានត្រឡប់ទៅគេហដ្ឋាសួគ៌របស់ខ្លួនវិញហើយ ។ យើងនឹករឭកពួកលោក ។ យើងមានអំណរគុណណាស់ចំពោះគំរូនៃក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទរបស់ពួកលោក និងចំពោះការបង្រៀនដ៏បំផុសគំនិតដែលពួកលោកបានបន្សល់ទុកឲ្យយើងទាំងអស់គ្នា ។
យើងសូមស្វាគមន៍ដោយស្មោះចំពោះសាវកថ្មីរបស់យើងគឺ អែលឌើរ រ៉ូណល អេ រ៉ាសបាន,អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន, និង អែលឌើរ ឌែល ជី. រ៉ង់ឡាន់ ។ បុរសទាំងនេះបានលះបង់នៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ ពួកលោកមានគុណសម្បត្តិល្អដើម្បីបំពេញតំណែងសំខាន់ដែលពួកលោកត្រូវបានហៅនេះ ។
ថ្មីៗនេះ នៅពេលខ្ញុំអាន ហើយពិចារណាបទគម្ពីរ មានវគ្គបទគម្ពីរចំនួនពីរបានដិតជាប់នឹងគំនិតខ្ញុំជាពិសេស ។ យើងទាំងអស់គ្នាស្គាល់វគ្គបទគម្ពីរទាំងពីរនោះ ។ ទីមួយគឺចេញមកពីទេសនកថានៅលើភ្នំ ៖ « ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ » ។១ បទគម្ពីរទីពីរ គឺ ជាអ្វីមួយដែលចូលមកគំនិតខ្ញុំ ពេលខ្ញុំពិចារណាអំពីអត្ថន័យនៃវគ្គបទគម្ពីរទីមួយ ។ វាចេញមកពីសំបុត្ររបស់សាវកប៉ុលទៅកាន់ធីម៉ូថេ ៖ « ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ សេចក្ដីជំនឿ និងសេចក្ដីបរិសុទ្ធ » ។២
ខ្ញុំជឿថា បទគម្ពីរទីពីរ ពន្យល់អំពីរបៀបដែលយើងអាចសម្រេចគម្ពីរទីមួយដ៏ច្រើន ។ យើងធ្វើជាគំរូដល់ពួកអ្នកជឿ តាមរយៈការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទាំងពាក្យសម្ដី ការសន្ទនា សប្បុរស អារម្មណ៍ សេចក្ដីជំនឿ និងភាពបរិសុទ្ធ ។ នៅពេលយើងធ្វើដូច្នោះ ពន្លឺរបស់យើងនឹងបំភ្លឺដល់អ្នកដទៃឲ្យមើលឃើញ ។
យើងម្នាក់ៗមកកាន់ផែនដីដោយត្រូវបានផ្ដល់ឲ្យនូវពន្លឺព្រះគ្រីស្ទ ។ នៅពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយរស់នៅដូចដែលទ្រង់បានរស់នៅ និងដូចដែលទ្រង់បានបង្រៀន ពន្លឺនោះនឹងបំភ្លឺក្នុងខ្លួនយើង ហើយនឹងបំភ្លឺផ្លូវអ្នកដទៃ ។
សាវកប៉ុលបានរៀបរាប់អាកប្បកិរិយាចំនួនប្រាំមួយរបស់អ្នកជឿ ជាអាកប្បកិរិយាដែលនឹងអនុញ្ញាតឲ្យពន្លឺរបស់យើងភ្លឺឡើង ។ ចូរយើងពិភាក្សាអំពីអាកប្បកិរិយានិមួយៗ ។
ខ្ញុំប្រាប់អំពីអាកប្បកិរិយាពីរដំបូងគេជាមួយគ្នា--ការធ្វើគំរូទាំងពាក្យសម្ដី និងការសន្ទនា ។ ពាក្យដែលយើងប្រើអាចលើកតម្កើង ហើយបំផុសគំនិត ឬវាអាចធ្វើឲ្យអន្ដរាយ ហើយបន្ទាបបន្ថោក ។ នៅក្នុងពិភពលោកសព្វថ្ងៃ មាននូវពាក្យប្រមាថដ៏ច្រើនដែលយើងហាក់ដូចជាត្រូវបានហ៊ុំព័ទ្ធគ្រប់ច្រក ។ វាពិបាកដើម្បីចៀសឲ្យផុតពីការស្ដាប់ឮព្រះនាមរបស់ព្រះត្រូវបានគេប្រើដោយឥតខ្វល់ និងពុំគិតក្រែង ។ ពាក្យគ្រោតគ្រាតហាក់ដូចជាក្លាយជារឿងធម្មតានៅក្នុងទូរទស្សន៍ ខ្សែភាពយន្ដ សៀវភៅ និងតន្ត្រី ។ ការបោះបោកសម្ដី គឺជាភាសាប្រមាថ និងកំហឹង ។ ចូរយើងនិយាយនឹងគ្នាដោយក្ដីស្រឡាញ់ និងការគោរព សូម្បីតែរក្សាភាសារបស់យើងឲ្យស្អាតស្អំ ហើយចៀសពីពាក្យ ឬសម្ដីណាដែលនឹងធ្វើឲ្យអ្នកដទៃឈឺចាប់ ឬអាក់អន់ចិត្ត ។ សូមឲ្យយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដែលមានបន្ទូលដោយការអធ្យាស្រ័យ និងព្រះទ័យល្អនៅក្នុងការងារបម្រើរបស់ទ្រង់ ។
អាកប្បកិរិយាបន្ទាប់ដែលប៉ុលបានប្រាប់គឺ សេចក្ដីសប្បុរស ដែលកំណត់ជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះគ្រីស្ទ ។៣ ខ្ញុំជឿថា អ្នកដែលយើងជះឥទ្ធិពលទៅលើគឺជាអ្នកដែលឯកោ អ្នកឈឺ និងអ្នកដែលមានអារម្មណ៍បាក់ទឹកចិត្ត ។ យើងមានឱកាសដើម្បីជួយពួកគេ ហើយលើកវិញ្ញាណគេឡើង ។ ព្រះអង្គសង្គ្រោះបាននាំក្ដីសង្ឃឹមដល់អ្នកអស់សង្ឃឹម ហើយចម្រើនកម្លាំងដល់អ្នកទន់ខ្សោយ ។ ទ្រង់បានព្យាបាលអ្នកឈឺ ទ្រង់បានធ្វើឲ្យអ្នកខ្វិនដើរបាន មនុស្សខ្វាក់មើលឃើញ មនុស្សថ្លង់ស្ដាប់ឮ ។ ទ្រង់បានប្រោសមនុស្សស្លាប់ ។ ពេញមួយការងារបម្រើរបស់ទ្រង់ ទ្រង់បានឈោងទៅជួយអ្នកខ្វះខាតគ្រប់រូបដោយសប្បុរស ។ នៅពេលយើងធ្វើតាមគំរូរបស់ទ្រង់ នោះយើងប្រទានពរដល់ជីវិតជាច្រើន រួមទាំងខ្លួនយើងផង ។
បន្ទាប់មក យើងគួរធ្វើជាគំរូនៅក្នុងអាកប្បកិរិយារបស់យើង ។ ចំពោះខ្ញុំ នោះមានន័យថា យើងព្យាយាមធ្វើឲ្យខ្លួនយើងមាននូវសណ្ដានចិត្តល្អ ការដឹងគុណ ការអត់ទោស និងសុច្ឆនៈ ។ គុណសម្បត្តិទាំងនេះ នឹងផ្ដល់ឲ្យយើងនូវស្មារតីមួយ ដែលនឹងមានឥទ្ធិពលដល់ជីវិតអ្នកទាំងឡាយដែលនៅជុំវិញយើង ។ វាជាឱកាសរបស់ខ្ញុំអស់ជាច្រើនឆ្នាំមកនេះ ដើម្បីស្គាល់បុគ្គលជាច្រើន ដែលមាននូវស្មារតីបែបនោះរាប់មិនអស់ ។ យើងមានអារម្មណ៍ពិសេសមួយ ពេលយើងនៅក្នុងចំណោមពួកគេ ជាអារម្មណ៍ដែលធ្វើឲ្យយើងចង់នៅជាមួយពួកគេ ហើយធ្វើតាមគំរូរបស់ពួកគេ ។ ពួកគេបញ្ចេញពន្លឺព្រះគ្រីស្ទ ហើយជួយយើងមានអារម្មណ៍ពីក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង ។
ដើម្បីបង្ហាញថា ពន្លឺដែលមានមកកាន់យើងចេញមកពីអារម្មណ៍ដ៏បរិសុទ្ធ និងក្ដីស្រឡាញ់ ត្រូវបានអ្នកដទៃទទួលស្គាល់ នោះខ្ញុំសូមចែកចាយបទពិសោធន៍មួយកាលពីច្រើនឆ្នាំកន្លងទៅដល់អ្នក ។
នៅគ្រានោះ អ្នកដឹកនាំសាសនាចក្រជួបជុំគ្នាជាមួយនឹងមន្ត្រីនៅទីក្រុងយេរូសាឡិម ដើម្បីធ្វើការចុះកិច្ចព្រមព្រៀងជួលដីដែលនឹងសង់មជ្ឈមណ្ឌលយេរូសាឡិមរបស់សាសនាចក្រ ។ ដើម្បីទទួលបានការអនុញ្ញាតដែលចាំបាច់ នោះសាសនាចក្រត្រូវយល់ព្រមថា សមាជិករបស់យើងដែលនៅមជ្ឈមណ្ឌលនោះ នឹងមិនត្រូវផ្សព្វផ្សាយអំពីសាសនាឡើយ ។ បន្ទាប់ពីធ្វើកិច្ចព្រមព្រៀងហើយ មន្ត្រីអ៊ីសា្រអែលមួយរូបដែលបានស្គាល់សាសនាចក្រ និងសមាជិកច្បាស់ បានថ្លែងថា គាត់បានដឹងថាសាសនាចក្រនឹងគោរពកិច្ចព្រមព្រៀងមិនផ្សព្វផ្សាយអំពីសាសនានោះ ។ គាត់បាននិយាយសំដៅទៅលើសិស្សដែលនឹងចូលរួមក្នុងទីនោះថា « ប៉ុន្តែ ចុះតើយើងត្រូវធ្វើយ៉ាងណាអំពីពន្លឺនោះដែលមាននៅក្នុងកែវភ្នែករបស់ពួកគេនោះ ? »៤ សូមឲ្យពន្លឺពិសេសនោះមាននៅក្នុងខ្លួនយើងជានិច្ច ដើម្បីវាអាចត្រូវបានអ្នកដទៃទទួលស្គាល់ និង ឲ្យតម្លៃ ។
ធ្វើជាគំរូនៃសេចក្ដីជំនឿមានន័យថា យើងទុកចិត្តទៅលើព្រះអម្ចាស់ និង ព្រះបន្ទូលរបស់ទ្រង់ ។ វាមានន័យថាយើងមានជំនឿ ហើយយើងចិញ្ចឹមបីបាច់ជំនឿ ដែលនឹងដឹកនាំគំនិត និងសកម្មភាពរបស់យើង ។ សេចក្ដីជំនឿរបស់យើងទៅលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌របស់យើង នឹងមានឥទ្ធិពលលើគ្រប់អ្វីដែលយើងធ្វើ ។ នៅកណ្ដាលភាពច្របូកច្របល់នៃជំនាន់របស់យើង ការជំទាស់ក្នុងមនសិកា និងចលាចលនៃការរស់នៅប្រចាំថ្ងៃ នោះការកាន់ខ្ជាប់សេចក្ដីជំនឿ បានក្លាយទៅជាយុថ្កាក្នុងជីវិតយើង ។ សូមចងចាំថា សេចក្ដីជំនឿ និង ការសង្ស័យពុំអាចមានក្នុងគំនិតដូចគ្នាក្នុងពេលតែមួយនោះទេ ព្រោះបើមានមួយ នោះនឹងអត់មួយទៀត ។ ខ្ញុំសូមថ្លែងឡើងវិញនូវអ្វីដែលយើងត្រូវបានប្រាប់ជាញឹកញាប់--ថាដើម្បីទទួលបាន និងរក្សាសេចក្ដីជំនឿដែលយើងត្រូវការ នោះវាសំខាន់ណាស់ដែលយើងអាន ហើយសិក្សា ព្រមទាំងពិចារណាបទគម្ពីរ ។ ទំនាក់ទំនងជាមួយនឹងព្រះវរបិតាសួគ៌របស់យើងតាមរយៈការអធិស្ឋានគឺសំខាន់ណាស់ ។ យើងមិនអាចធ្វេសប្រហែលចំពោះរឿងទាំងនេះឡើយ ដ្បិតមារសត្រូវ និងបរិវាររបស់វា កំពុងព្យាយាមពុំឈប់ឈរដើម្បីបំបែកអាវក្រោះរបស់យើង បន្ទាបសេចក្ដីស្មោះត្រង់របស់យើង ។ ព្រះអម្ចាស់មានបន្ទូលថា « ចូរព្យាយាមស្វែងរក ចូរអធិស្ឋានជានិច្ច ហើយចូរមានជំនឿ ហើយគ្រប់ការណ៍ទាំងអស់ផ្សំគ្នា សម្រាប់សេចក្ដីល្អដល់អ្នក » ។៥
ចំណុចចុងក្រោយ យើងត្រូវបរិសុទ្ធ មានន័យថា យើងស្អាតស្អំខាងរូបកាយ គំនិត និងស្មារតី ។ យើងដឹងថា រូបកាយរបស់យើងគឺជាព្រះវិហារបរិសុទ្ធមួយ ដែលត្រូវប្រព្រឹត្តដោយគារវភាព និងការគោរព ។ គំនិតរបស់យើង គប្បីមានពេញដោយគំនិតលើកតម្កើង និងថ្លៃថ្នូរ ហើយថែវាកុំឲ្យមានអ្វីមកបំពុលវាឡើយ ។ ដើម្បីមានព្រះវិញ្ញាណបរិសុទ្ធជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់យើង នោះយើងត្រូវតែសក្ដិសម ។ បងប្អូនប្រុសស្រី ភាពបរិសុទ្ធនឹងនាំក្ដីសុខសាន្ដក្នុងគំនិតយើង ហើយនឹងធ្វើឲ្យយើងសមនឹងទទួលការសន្យារបស់ព្រះអង្គសង្គ្រោះ ។ ទ្រង់មានបន្ទូលថា « មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ » ។ ៦
នៅពេលយើងបង្ហាញខ្លួនយើងថាជាគំរូដោយពាក្យសម្ដី ការសន្ទនា សេចក្ដីសប្បុរស ដោយអារម្មណ៍ សេចក្ដីជំនឿ និងសេចក្ដីបរិសុទ្ធ នោះយើងនឹងសក្ដិសមធ្វើជាពន្លឺដល់លោកិយនេះ ។
ខ្ញុំសូមថ្លែងទៅបងប្អូនទាំងអស់គ្នា ហើយជាពិសេសចំពោះប្អូនៗវ័យក្មេងថា ពិភពលោកកំពុងតែរំកិលចេញកាន់តែឆ្ងាយទៅៗពីគោលការណ៍ និងការណែនាំដែលព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងប្រទានដល់យើង ចូរយើងលេចធ្លោឡើងចេញពីហ្វូងនោះដោយសារយើងខុសប្លែកពីគេ ។ យើងនឹងលេចធ្លោឡើង ដោយសារយើងស្លៀកពាក់រមទម្យ ។ យើងនឹងខុសប្លែកពីគេ ដោយសារយើងមិនប្រើពាក្យប្រមាថ ហើយដោយសារយើងមិនទទួលទានសារធាតុដែលគ្រោះថ្នាក់ដល់រូបកាយយើង ។ យើងនឹងខុសប្លែកពីគេ ដោយសារយើងចៀសវាងពីការលេងសើចមិនសមរម្យ និងសម្ដីដែលអាប់យស ។ យើងនឹងខុសប្លែកពីគេ នៅពេលយើងសម្រេចចិត្តថាមិនបំពេញក្នុងគំនិតរបស់យើងដោយមើលប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដែលអសីលធម៌ និងថោកទាប ហើយដែលនឹងបណ្ដេញព្រះវិញ្ញាណពីគេហដ្ឋាន និងជីវិតរបស់យើង ។ យើងនឹងលេចធ្លោយ៉ាងជាក់ នៅពេលយើងធ្វើការសម្រេចចិត្តគោរពដល់សីលធម៌--ជាការជ្រើសរើសគោរពដល់គោលការណ៍ និងបទដ្ឋានដំណឹងល្អ ។ រឿងទាំងឡាយដែលធ្វើឲ្យយើងខុសប្លែកពីពិភពលោកទាំងមូល នឹងផ្ដល់ដល់យើងនូវពន្លឺ និងស្មារតីនោះដែលនឹងបំភ្លឺនៅក្នុងពិភពលោកដែលកាន់តែអាប់អួរនេះ ។
ជាញឹកញាប់ វាពិបាកដើម្បីនៅខុសប្លែកពីគេ ហើយឈរតែម្នាក់ឯងនៅក្នុងហ្វូងមនុស្ស ។ វាធម្មតាទេដែលយើងខ្លាចថាអ្នកដទៃនឹងគិត ឬថាយ៉ាងម៉េចនោះ ។ ការលួងលោមចិត្ត គឺមាននៅក្នុងពាក្យនៃទំនុកតម្កើង ៖ « ព្រះអម្ចាស់ទ្រង់ជាពន្លឺ ហើយជាសេចក្តីសង្គ្រោះរបស់ខ្ញុំ តើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា ព្រះអម្ចាស់ទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំ តើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណា » ។៧ នៅពេលយើងដាក់ព្រះគ្រីស្ទជាស្នូលនៃជីវិតរបស់យើង នោះការភ័យខ្លាចនឹងជំនួសដោយភាពក្លាហាននៃការជឿស៊ប់របស់យើង ។
គ្មានយើងណាម្នាក់មានជីវិតឥតខ្ចោះនោះទេ ហើយជួនកាល បញ្ហា និងការលំបាក ដែលយើងជួប អាចនឹងលើសលប់ បណ្ដាលឲ្យពន្លឺរបស់យើងស្រអាប់ ។ ទោះជាយ៉ាងណាក៏ដោយ ដោយមានជំនួយមកពីព្រះវរបិតាសួគ៌របស់យើង ផ្គួបផ្សំនឹងការគាំទ្រមកពីអ្នកដទៃ នោះយើងអាចទទួលបានពន្លឺនោះមកវិញ ដែលនឹងបំភ្លឺផ្លូវរបស់យើងម្ដងទៀត ហើយផ្ដល់ពន្លឺដល់អ្នកដទៃដែលអាចនឹងត្រូវការ ។
ដើម្បីបង្ហាញរឿងនោះ ខ្ញុំសូមចែកចាយនឹងបងប្អូននូវពាក្យដែលដក់ក្នុងចិត្តចេញមកពីកំណាព្យដ៏ល្អ ដែលខ្ញុំបានអានជាច្រើនឆ្នាំមុន ៖
ខ្ញុំជួបនឹងមនុស្សមិនស្គាល់មុខពេលរាត្រី
ដែលមានចង្កៀងអត់ពន្លឺ ។
ខ្ញុំបាននៅស្ងៀម ហើយឲ្យគាត់អុជពន្លឺ
ចង្កៀងគាត់ពីចង្កៀងខ្ញុំ ។
ក្រោយមកក៏មានព្យុះភ្លៀង
រញ្ជួញធរណី ។
ពេលខ្យល់ស្ងប់ទៅវិញ
ចង្កៀងខ្ញុំក៏រលត់ !
មនុស្សមិនស្គាល់មុខនោះបានមកជួបខ្ញុំវិញ—
ដែលចង្កៀងគាត់មានពន្លឺដ៏ចិញ្ចែង !
គាត់បានអុជបំភ្លឺចង្កៀងខ្ញុំ
ដោយពន្លឺដ៏ថ្លៃថ្លារបស់គាត់ !៨
បងប្អូនប្រុសស្រី ឱកាសរបស់យើងដើម្បីបំភ្លឺដល់មនុស្សជុំវិញយើងមានរាល់ថ្ងៃ និងគ្រប់ស្ថានភាព ។ នៅពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ នោះយើងនឹងមានឱកាសដើម្បីធ្វើជាពន្លឺនៅក្នុងជីវិតអ្នកដទៃ ទោះជាពួកគេជាគ្រួសារយើង មិត្តភក្ដិ សហការី អ្នកស្គាល់គ្នា ឬមនុស្សមិនស្គាល់មុខក្ដី ។
ខ្ញុំសូមនិយាយចំពោះបងប្អូនម្នាក់ៗថា បងប្អូនជាបុត្រា ឬបុត្រីរបស់ព្រះវរបិតាសួគ៌យើង ។ អ្នកបានមកពីវត្តមានរបស់ទ្រង់ ដើម្បីរស់នៅក្នុងផែនដីនេះមួយរយៈកាល ដើម្បីធ្វើជាគំរូនៃក្ដីស្រឡាញ់ និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ហើយឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺចំពោះមនុស្សទាំងអស់ដោយក្លាហាន ។ នៅពេលជីវិតរមែងស្លាប់របស់អ្នកបានបញ្ចប់ ប្រសិនបើអ្នកបានធ្វើនូវចំណែករបស់អ្នក នោះអ្នកនឹងមានពរជ័យដ៏រុងរឿងនៃការត្រឡប់ទៅរស់នៅជាមួយទ្រង់ជារៀងរហូត ។
ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះបានអះអាងថា ៖ « ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ » ។៩ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីទ្រង់ ។ ទ្រង់ជាព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះរបស់យើង ទ្រង់ជាអង្គគាំទ្ររបស់យើង ជាមួយនឹងព្រះវរបិតា ។ ទ្រង់ជាគំរូ និងជាកម្លាំងរបស់យើង ។ ទ្រង់គឺជា « ពន្លឺដែលភ្លឺមកក្នុងសេចក្ដីងងឹត» ។១០ ខ្ញុំអធិស្ឋានសូមឲ្យយើងម្នាក់ៗ ដែលស្ដាប់ឮសម្ដីរបស់ខ្ញុំ អាចធ្វើតាមទ្រង់ ហើយក្លាយជាពន្លឺបំភ្លឺដល់ពិភពលោក នៅក្នុងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ជាព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់ អាម៉ែន ៕