ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ
ទីបន្ទាល់របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ ត្រូវបានស្ថាបនាឡើងមកពីបទពិសោធន៍ពិសេសៗជាច្រើនដែល ខ្ញុំបានស្គាល់ក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ចំពោះយើងម្នាក់ៗ ។
បងប្អូនប្រុសស្រីនៅទូទាំងពិភពលោកជាទីស្រឡាញ់ ខ្ញុំមានអំណរគុណណាស់ចំពោះគណៈប្រធានទីមួយសម្រាប់ការអញ្ជើញឲ្យខ្ញុំចែកចាយទីបន្ទាល់ដ៏រាបសារបស់ខ្ញុំនាថ្ងៃបរិសុទ្ធនេះ ។ ទំនុកបទក្នុងទំនុកតម្កើងពួកបរិសុទ្ធថ្ងៃចុងក្រោយមួយ បានពិពណ៌នាអំពីអារម្មណ៍ថ្មីៗរបស់ខ្ញុំ ៖
ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យនូវក្ដីស្នេហ៍ព្រះគ្រីស្ទឲ្យខ្ញុំ
ទាំងឆ្ងល់ចំពោះព្រះគុណដែលព្រះអង្គបានប្រទានដល់ខ្ញុំ ។ …
ខ្ញុំស្ងប់ស្ងែងដែលទ្រង់បានយាងចុះពីបល្ល័ង្គឧត្តម
ដើម្បីសង្គ្រោះព្រលឹងដ៏កាចឆ្មើងឆ្មៃដូចរូបខ្ញុំ
ដែលទ្រង់មានព្រះទ័យស្រឡាញ់ដល់មនុស្សដូចជាខ្ញុំ
គ្រប់គ្រាន់នឹងចិញ្ចឹម និងប្រោសលោះ និងរាប់អានដល់ខ្ញុំ ។ …
ឱ នេះជាការដ៏អស្ចារ្យ ដ៏អស្ចារ្យដល់ខ្ញុំ !១
ពីរបីថ្ងៃកន្លងទៅ ខ្ញុំមានឯកសិទ្ធិយ៉ាងអស្ចារ្យដើម្បីជួបនឹងគណៈប្រធានទីមួយ ហើយទទួលការហៅនេះមកពីព្យាការីជាទីស្រឡាញ់របស់យើងគឺ ប្រធាន ថូម៉ាស អេស ម៉នសុន ។ ខ្ញុំចង់ធ្វើជាសាក្សីដល់បងប្អូនទាំងអស់អំពីភាពរឹងមាំ និងក្ដីស្រឡាញ់របស់ប្រធាន ម៉នសុន បានមានពេលលោកថ្លែងមកខ្ញុំថា « ការហៅនេះចេញពីព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ » ។
ខ្ញុំមានអារម្មណ៍ដ៏លើលលប់ ហើយញាប់ញ័រជាខ្លាំងពេលគិតអំពីសារៈសំខាន់នៃពាក្យទាំងនោះដែលត្រូវបានថ្លែងដោយទន់ភ្លន់ពីព្យាការីជាទីស្រឡាញ់របស់យើង ។ ប្រធាន ម៉នសុន ប្រធាន អាវរិង ប្រធាន អុជដូហ្វ ខ្ញុំស្រឡាញ់ពួកលោក ហើយខ្ញុំនឹងបម្រើព្រះអម្ចាស់ និងលោកដោយអស់ពីចិត្ត គំនិត កម្លាំង និងពលំរបស់ខ្ញុំ ។
ខ្ញុំស្រឡាញ់ប្រធាន ប្រធាន ប៊យដ៏ ឃេ ផាកកឺ និង អែលឌើរ អិល ថម ភែរី និង រីឆាដ ជី ស្កត ។ ខ្ញុំនឹកពួកលោកខ្លាំងណាស់ ។ ខ្ញុំមានពរដែលទទួលបានការបំពាក់បំប៉ន និងបង្រៀនមកពីបងប្អូនប្រុសជាទីស្រឡាញ់ទាំងនេះ ។ ខ្ញុំពុំមានភាពសក្ដិសមដើម្បីជំនួសពួកលោកទាំងនោះទេ ប៉ុន្តែខ្ញុំមានកិត្តិយសដើម្បីឈរយ៉ាងរឹងប៉ឹងជាមួយពួកលោក ហើយបន្ដនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ ។
នៅពេលខ្ញុំគិតអំពីអ្នកទាំងឡាយដែលបានជួយខ្ញុំឲ្យក្លាយជារូបខ្ញុំនាពេលនេះ ខ្ញុំគិតដំបូងគេនោះគឺដៃគូជាទីស្រឡាញ់ និងដែលពុំគិតពីខ្លួនឯងដ៏អស់កល្បរបស់ខ្ញុំ មេឡានី ។ អស់ជាច្រើនឆ្នាំ នាងបានជួយខ្ញុំឲ្យប្រែក្លាយកាន់តែដូចជាសិស្សរបស់ព្រះយេស៊ូគ្រីស្ទ ។ ក្ដីស្រឡាញ់ និងការបម្រើរបស់នាង និងកូនៗប្រាំនាក់របស់យើង ព្រមទាំងភរិយា និងស្វាមីរបស់ពួកគេ និងចៅៗ ២៤ នាក់របស់យើង គាំទ្រដល់ខ្ញុំ ។ ខ្ញុំស្រឡាញ់គ្រួសារជាទីស្រឡាញ់របស់ខ្ញុំ ។
ដូចជានីហ្វៃពីបុរាណ ខ្ញុំបានកើតមកពីឪពុកម្ដាយល្អ នៅក្នុងដំណឹងល្អ ហើយពួកគាត់កើតមកពីឪពុកម្ដាយល្អប្រាំមួយជំនាន់ ។ ជីដូនជីតាដំបូងបំផុតរបស់ខ្ញុំ ដែលបានចូលរួមក្នុងសាសនាចក្រ គឺមកពីប្រទេសអង់គ្លេស និងប្រទេសដាណាម៉ាក ។ អ្នកត្រួសត្រាយផ្លូវទាំងនេះ បានលះបង់អ្វីៗទាំងអស់សម្រាប់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយបន្សល់ទុកនូវកេរដំណែលសម្រាប់កូនចៅរបស់ពួកគាត់ឲ្យដើរតាម ។ ខ្ញុំមានអំណរគុណណាស់ចំពោះគ្រួសារនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើនជំនាន់ ហើយខ្ញុំដឹងថា នេះគឺជាគោលដៅដ៏សក្តិសមមួយសម្រាប់យើងទាំងអស់គ្នាដើម្បីព្យាយាមចាប់យកវា ។
អ្នកដទៃជាច្រើនទៀត បានលះបង់ដើម្បីរៀបចំជីវិតរបស់ខ្ញុំសម្រាប់ការហៅថ្មីនេះ។ ពួកគេទាំងនោះគឺ មិត្តពីកុមារភាព និងគ្រួសាររបស់ខ្ញុំ អ្នកដឹកនាំ គ្រូបង្រៀនពីមុនៗ និងអ្នកឲ្យដំបូន្មានពេញមួយជីវិតរបស់ខ្ញុំ ។ ខ្ញុំត្រូវរួមបញ្ចូលទាំងអស់អ្នកដែលមកពីបេសកកម្មមុនៗរបស់ខ្ញុំនៅរដ្ឋប៉ែកខាងកើត និងអ្នកផ្សព្វផ្សាយសាសនាជាទីស្រឡាញ់របស់យើង មកពីបេសកកម្មនូវយ៉ោក នូវយ៉ោកខាងជើង ។ ខ្ញុំមានអំណរគុណខ្លាំងណាស់ សម្រាប់មនុស្សជាច្រើនដែលមានឥទ្ធិពល និងតម្រែតម្រង់ជីវិតខ្ញុំ ។
ខ្ញុំបានបម្រើដោយរីករាយជាមួយនឹងបងប្អូនប្រុសនៃពួកចិតសិបនាក់របស់ខ្ញុំ ។ អស់រយៈពេល ១៥ ឆ្នាំហើយ ដែលខ្ញុំបាននៅក្នុងកូរ៉ុមដ៏អស្ចារ្យបំផុត និងភាពជាបងប្អូនប្រុសជាទីស្រឡាញ់នៃសាសនាចក្រ ។ សូមអរគុណ បងប្អូនដែលជាអ្នកបម្រើជាទីស្រឡាញ់របស់ខ្ញុំ ។ ឥឡូវ ខ្ញុំទន្ទឹងរង់ចាំនៅក្នុងកូរ៉ុមថ្មី ។ ប្រធាន រ័សុល អិម ណិលសុន ខ្ញុំស្រឡាញ់លោក និងសមាជិកនៃកូរ៉ូមនៃពួកសាវកដប់ពីរនាក់ម្នាក់ៗខ្លាំងណាស់ ។
ស៊ិស្ទើរ រ៉ាសបាន និង ខ្ញុំមានពរដើម្បីទៅជួបសមាជិកអំឡុងពេលនៃ ការចាត់តាំងទៅក្នុងសាលាប្រជុំ និងបេសកកម្មជាច្រើន នៅជុំវិញពិភពលោក ។ ពួកយើងស្រឡាញ់ពួកបរិសុទ្ធគ្រប់ទីកន្លែង ! សេចក្ដីជំនឿរបស់បងប្អូនបានចម្រើនសេចក្ដីជំនឿរបស់យើង ទីបន្ទាល់របស់បងប្អូនបានបង្កើនទីបន្ទាល់របស់យើង ។
ឥឡូវនេះ បើខ្ញុំអាចបន្សល់ទុកសារលិខិតតូចមួយជាមួយបងប្អូននាថ្ងៃនេះ សារលិខិតនោះគឺ ៖ ព្រះអម្ចាស់បានមានបន្ទូលថា « ចូរស្រឡាញ់គ្នាទៅវិញទៅ ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នា » ។២ ខ្ញុំមានទំនុកចិត្តថា គ្មានជម្រើស អំពើបាប ឬកំហុសណា ដែលអ្នក ឬនរណាម្នាក់បានធ្វើដែលនឹងផ្លាស់ប្ដូរក្ដីស្រឡាញ់របស់ទ្រង់ចំពោះបងប្អូន ឬពួកគេទេ ។ នោះពុំមែនមានន័យថា ទ្រង់អត់ទោស ឬបណ្ដោយតាមទង្វើប្រកបដោយអំពើបាបនោះទេ--ខ្ញុំជឿថា ទ្រង់មិនអត់ទោសឲ្យទេ-- ប៉ុន្តែវាមានន័យថា យើងត្រូវឈោងជួយដល់បងប្អូនរបស់យើងក្នុងក្ដីស្រឡាញ់ដើម្បីអញ្ជើញ បញ្ជុះបញ្ចូល បម្រើ និងសង្គ្រោះ ។ ព្រះយេស៊ូវគ្រីស្ទ ពុំគិតអំពីជាតិសាសន៍ ឋានៈ និងស្ថានភាពរបស់មនុស្ស ដើម្បីបង្រៀនពួកគេអំពីសេចក្ដីពិតដ៏អស្ចារ្យនេះឡើយ ។
ខ្ញុំត្រូវបានសួរជាច្រើនដងថា តើខ្ញុំទទួលបានទីបន្ទាល់របស់ខ្ញុំពីកាលណា ។
ខ្ញុំជឿទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជានិច្ច។ ខ្ញុំស្រឡាញ់ទ្រង់ ហើយខ្ញុំរៀនពីទ្រង់ពេលលុតជង្គង់ជិតម្ដាយដ៏ល្អរបស់ខ្ញុំ ពេលអានគម្ពីរ និងអានរឿងដំណឹងល្អ ។ ជំនឿពីដំបូងនោះ បានរីកចម្រើនពេលនេះក្លាយទៅជាចំណេះដឹង និងសាក្សីអំពីក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ដែលស្ដាប់ និងឆ្លើយការអធិស្ឋានរបស់យើង ។ ទីបន្ទាល់របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ ត្រូវបានស្ថាបនាឡើងមកពីបទពិសោធន៍ពិសេសៗជាច្រើនដែល ខ្ញុំបានស្គាល់ក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ចំពោះយើងម្នាក់ៗ ។
ខ្ញុំមានអំណរគុណចំពោះដង្វាយធួនរបស់ព្រះអង្គសង្គ្រោះរបស់យើង ហើយចង់ស្រែកដូចអាលម៉ាជាមួយនឹងត្រែនៃព្រះ ។៣ ខ្ញុំដឹងថា យ៉ូសែប ស៊្មីធ គឺជាព្យាការីរបស់ព្រះនៃការស្ដារឡើងវិញ ហើយថាព្រះគម្ពីរមរមនជាបន្ទូលរបស់ព្រះ ។ ហើយខ្ញុំដឹងថា ប្រធាន ថូម៉ាស អេស ម៉នសុន គឺជាអ្នកបម្រើពិត និងជាព្យាការីរបស់ព្រះនៅលើផែនដីសព្វថ្ងៃនេះ។
នៅពេលយើងធ្វើតាមព្យាការីរបស់យើង ខ្ញុំអធិស្ឋានសុំឲ្យយើងមានចិត្តសប្បុរសនៅក្នុងដួងចិត្តយើងចំពោះអ្នកដទៃ ហើយថាយើងនឹងក្លាយជាសាក្សីរស់មួយរូប និង « ឆ្ងល់យ៉ាងអស្ចារ្យនូវក្ដីស្នេហ៍ព្រះគ្រីស្ទឲ្យដល់ [ យើង ] » ។ អូ៎ « វាអស្ចារ្យ អស្ចារ្យចំពោះ [ អ្នក និងខ្ញុំ ]ណាស់ » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។