បែរទៅរកទ្រង់ នោះនឹងបានចម្លើយ
ចូរគោរពប្រតិបត្តិ ចូរចងចាំគ្រាទាំងឡាយនៅពេល ដែលអ្នកបានទទួលអារម្មណ៍ពីព្រះវិញ្ញាណក្នុងពេលអតីតកាល ហើយសុំដោយសេចក្ដីជំនឿ ។ អ្នកនឹងបានចម្លើយ ។
កាលពីខ្ញុំជាយុវជនម្នាក់ ឪពុកម្ដាយខ្ញុំបានចូលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ យើងបានដឹងថា ពួកអ្នកផ្សព្វផ្សាយបានកំពុងតែបង្រៀនពួកគាត់ តែឪពុកម្ដាយខ្ញុំបានរៀនតែពួកគាត់ ។
បន្ទាប់ពីការប្រកាសដ៏ភ្ញាក់ផ្អើលនេះ ប្អូនៗប្រុសខ្ញុំ និងខ្ញុំបានចាប់ផ្ដើមស្ដាប់ដល់ពួកអ្នកផ្សព្វផ្សាយផងដែរ ហើយពួកគេម្នាក់ៗបានទទួលសារលិខិតនៃការស្ដារឡើងវិញដោយក្ដីរីករាយ ។ ទោះបីជាខ្ញុំចង់ដឹងចង់ឮ តែដួងចិត្តខ្ញុំមិនសូវជាចង់ផ្លាស់ប្ដូរជីវិតខ្ញុំនោះទេ ។ ទោះយ៉ាងណា ខ្ញុំពិតជាបានទទួលយកការអញ្ជើញឲ្យអធិស្ឋានថាតើព្រះគម្ពីរមរមនជាព្រះបន្ទូលនៃព្រះឬទេ តែខ្ញុំពុំបានទទួលចម្លើយឡើយ ។
អ្នកប្រហែលសួរថា ហេតុអ្វីព្រះវរបិតាសួគ៌មិនបានឆ្លើយតបការអធិស្ឋាននោះ ខ្ញុំពិតជាបានឆ្ងល់ ។ ខ្ញុំបានរៀនតាំងពីនោះមកថា ការសន្យារបស់មរ៉ូណៃគឺពិតប្រាកដមែន ។ ព្រះពិតជាឆ្លើយតបការអធិស្ឋានអំពីភាពពេញលេញនៃដំណឹងល្អ តែទ្រង់ឆ្លើយតប ពេលយើងមាន « ចិត្តស្មោះស » ហើយ ដោយស្មោះអស់ពីចិត្ត » ។១ ទ្រង់មិនឆ្លើយគ្រាន់តែដើម្បីតបដល់ការចង់ដឹងចង់ឮរបស់យើងនោះទេ ។
ប្រហែលអ្នកមានសំណួរអំពីអ្វីមួយក្នុងជីវិតអ្នក ។ ប្រហែលមានបញ្ហាមួយ ដែលអ្នកពុំដឹងថាត្រូវឆ្លើយយ៉ាងណា ។ ថ្ងៃនេះ ខ្ញុំចង់ចែកចាយគំនិតមួយចំនួន ដែលអាចជួយអ្នកទទួលបានចម្លើយ ឬជំនួយ ដែលអ្នកកំពុងស្វែងរក ។ ដំណើរការនេះចាប់ផ្ដើមជាមួយនឹងការប្រែចិត្តជឿដល់ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ការទទួលវិវរណៈអាស្រ័យលើលក្ខខណ្ឌ និង ចេតនានៃដួងចិត្តរបស់យើង
ខ្ញុំបានគិតអំពីដំណើររឿងនៃបុគ្គលមួយចំនួនក្នុងព្រះគម្ពីរ ។ ឧទាហរណ៍ លេមិន និងលេមយួល ។ ដូចជានីហ្វៃដែរ ពួកគេ « បានកើតមកពីឪពុកម្ដាយល្អ » ហើយត្រូវបានបង្រៀន « នូវអស់ទាំងចំណេះវិជ្ជារបស់ឪពុក [ ពួកគេ ] ។២ តែពួកគេបែរជារអ៊ូរទាំដោយសារឪពុករបស់ពួកគេជាបុរសប្រកបដោយការនិមិត្ត ។ ចេញពីទស្សនៈរបស់ពួកគេ គេគិតថាការសម្រេចចិត្តរបស់លោក មិនសមហេតុផល ដ្បិតពួកគេមិនបានដឹងព្រឹត្តិការណ៍នៃព្រះ ហេតុដូច្នោះហើយ ពួកគេមិនបានជឿឡើយ ។៣
វាគួរឲ្យចាប់អារម្មណ៍នឹងកត់ចំណាំថា ជម្រើសរបស់ពួកគេអនុញ្ញតឲ្យពួកគេអាចមានសក្ដានុពលក្នុងការទទួលបានបទពិសោធន៍ដែលកសាងសេចក្ដីជំនឿ ។ ពួកគេបានចាកចេញពីផ្ទះ និងទ្រព្យសម្បត្តិរបស់ពួកគេ ។ ពួកគេបានរងទុក្ខរសាត់អណ្ដែតក្នុងទីវាលរហោស្ថាន ។ ទីបំផុត ពួកគេបានជួយសាងសំពៅ ហើយពួកគេបានយល់ព្រមធ្វើដំណើរទៅដែនដីមួយដែលមិនស្គាល់ ។
នីហ្វៃបានឆ្លងកាត់បទពិសោធន៍ទាំងនេះដូចគ្នា ។ ប៉ុន្តែ តើសកម្មភាពទាំងនេះបានស្ថាបនាសេចក្ដីជំនឿរបស់ពួកគេទេ ? សេចក្ដីជំនឿរបស់នីហ្វៃត្រូវបានធ្វើឲ្យរឹងមាំ តែលេមិន និងលេមយួល កាន់តែទុទិដ្ឋិនិយម និងមានកំហឹង ។ បងប្រុសទាំងនេះបានទាំងឃើញ និងឮទេវតាទៀតផង តែលោកអើយ ពួកគេនៅតែសង្ស័យទៀត ។៤
ជីវិតរមែងស្លាប់គឺមិនស្រួលទេសម្រាប់យើងគ្រប់គ្នា ។ យើងត្រូវបានដាក់នៅលើផែនដីនេះ ដើម្បីទទួលការសាកល្បង ។ ការឆ្លើយតបរបស់យើងចំពោះបទពិសោធន៍ជីវិត នឹងតែងតែជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីបន្ទាល់របស់យើង ។ សូមពិចារណាអំពីប្រតិកម្មមួយចំនួនរបស់លេមិន និងលេមយួល ៖ ពួកគេរអ៊ូរទាំពេលឪពុកគេស្នើឲ្យពួកគេធ្វើអ្វីដែលលំបាក ។៥ ពួកគេបានព្យាយាមយកផ្ទាំងលង្ហិន តែពេលពុំបានជោគជ័យ ពួកគេបានបោះបង់ ។ អាកប្បកិរិយារបស់ពួកគេគឺ « យើងបានព្យាយាមហើយ តើយើងអាចធ្វើអ្វីបានទៀត ? »៦
មានពេលមួយដែលពួកគេមានចិត្តសោកស្ដាយចំពោះការធ្វើខុស ហើយបានសុំការអត់ទោស ។៧ ពួកគេបានអធិស្ឋាន ហើយត្រូវបានអត់ទោសឲ្យ ។ តែព្រះគម្ពីរកត់ត្រាថា ក្រោយមកពួកគេបានត្រឡប់ទៅរអ៊ូរទាំវិញ ហើយបានបដិសេធនឹងអធិស្ឋាន ។ ពួកគេបានមករកនីហ្វៃ ហើយនិយាយថា ពួកគេពុំអាច « យល់នូវពាក្យទាំងឡាយដែលឪពុក [ ពួកគេ ] បាននិយាយ » ឡើយ ។៨ នីហ្វៃបានសួរពួកគេបើពួកគេបាន « សូមដល់ព្រះអម្ចាស់ហើយឬនៅ » ។៩ សូមកត់សម្គាល់ចម្លើយរបស់ពួកគេ ៖ « យើងមិនទាន់បានសូមទេ ដ្បិតព្រះអម្ចាស់ទ្រង់មិនបានធ្វើឲ្យយើងដឹងរឿងបែបនេះទេ » ។១០
ការបន្តគោរពប្រតិបត្តិនាំឲ្យយើងទទួលចម្លើយ
ការឆ្លើយតបរបស់នីហ្វៃចំពោះបងប្រុសរបស់លោក គឺជាគន្លឹះសម្រាប់យើង ដើម្បីទទួលចម្លើយជាបន្តបន្ទាប់ដល់ការអធិស្ឋាន ៖
« ចុះហេតុអ្វីបានបងៗមិនកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ? ចុះហេតុអ្វីបានជាបងៗនឹងត្រូវវិនាស ពីព្រោះតែភាពរឹងរូសនៃចិត្តរបស់បងៗប៉ុណ្ណោះ ?
« តើបងៗមិនចាំរឿងទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទេឬ ?—បើសិនជាអ្នកណាមិនធ្វើចិត្តរឹងរូស ហើយសូមដល់យើងដោយសេចក្ដីជំនឿ ដោយជឿថា អ្នកនឹងបានទទួល ដោយមានចិត្តឧស្សាហ៍កាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះរឿងទាំងនេះ នឹងត្រូវបានធ្វើឲ្យអ្នកដឹងជាប្រាកដ » ។១១
ខ្ញុំស្គាល់អ្នកត្រឡប់ពីបេសកកម្មមួយចំនួន ដែលមានបទពិសោធន៍ខាងវិញ្ញាណដែលមិនអាចបដិសេធបាន តែការខ្វះខាតទម្លាប់ខាងវិញ្ញាណជាក់លាក់ ហាក់ដូចជាបានបណ្ដាលពួកគេឲ្យភ្លេចពីគ្រាទាំងឡាយដែលព្រះអម្ចាស់បានមានបន្ទូលដល់ពួកគេ ។ ចំពោះពួកអ្នកត្រឡប់ពីបេសកកម្មទាំងនោះ និងចំពោះយើងទាំងអស់គ្នា បើអ្នក « បានចាប់អារម្មណ៍ចង់ច្រៀងនូវចម្រៀងនៃសេចក្ដីស្រឡាញ់ដែលប្រោសលោះ ខ្ញុំសូមសួរថា តើអ្នករាល់គ្នាអាចចាប់អារម្មណ៍យ៉ាងនេះឥឡូវនេះទេ ? »១២ បើអ្នកមិនមានអារម្មណ៍ឥឡូវនេះទេ អ្នកអាចមានអារម្មណ៍ពីវាម្ដងទៀត តែសូមពិចារណាអំពីដំបូន្មានរបស់នីហ្វៃ ។ ចូរគោរពប្រតិបត្តិ ចូរចងចាំគ្រាទាំងឡាយនៅពេល ដែលអ្នកបានទទួលអារម្មណ៍ពីព្រះវិញ្ញាណក្នុងពេលអតីតកាល ហើយសុំដោយសេចក្ដីជំនឿ ។ ចម្លើយរបស់អ្នកនឹងបានមក ហើយអ្នកនឹងទទួលអារម្មណ៍នៃក្ដីស្រឡាញ់ និងក្ដីសុខសាន្តនៃព្រះអង្គសង្គ្រោះ ។ វាអាចនឹងមិនបានមកលឿន ឬតាមរបៀបដែលអ្នកចង់បាន តែចម្លើយនឹងបានមក ។ សូមកុំបោះបង់ឡើយ ! កុំដែលបោះបង់ឡើយ !
ចូរយើងប្រៀបធៀបលេមិន និងលេមយួល ទៅនឹងពួកបុត្រានៃម៉ូសាយ ។ បុរសទាំងពីរក្រុមនេះ ត្រូវបានចិញ្ចឹមក្នុងគ្រួសារសុចរិត តែទាំងពីរក្រុមបានវង្វេង ។ ទាំងពីរក្រុមត្រូវបានហៅឲ្យប្រែចិត្តដោយទេវតាមួយអង្គ តែតើអ្វីទៅជាភាពខុសគ្នានៃបទពិសោធន៍របស់ពួកបុត្រានៃម៉ូសាយ ?
ការសាកល្បងនឹងកសាងសេចក្ដីជំនឿរបស់យើង
ជោគជ័យជាអ្នកផ្សព្វផ្សាយរបស់ពួកគេគឺពុំអាចបំភ្លេចបានទេ ។ មនុស្សរាប់ពាន់នាក់បានប្រែចិត្តជឿលើមាគ៌ារបស់ព្រះអម្ចាស់ ។ ទោះជាយ៉ាងណា ជាញឹកញាប់យើងភ្លេចថា ពេលពួកគេបានចាប់ផ្ដើមបេសកកម្មរបស់ខ្លួន ពួកគេ « នឿយណាយក្នុងចិត្ត ហើយ [ ពួកគេ ] សឹងតែត្រឡប់ទៅវិញ [ តែ ] ព្រះអម្ចាស់ទ្រង់បានកំសាន្តចិត្ត [ ពួកគេ ] » ។ ពួកគេត្រូវបានទូន្មានដោយព្រះអម្ចាស់ឲ្យ « ទ្រាំដោយសេចក្ដី អត់ធ្មត់នូវការទុក្ខវេទនាទាំងឡាយរបស់ [ ពួកគេ ] » ។១៣
ការសិក្សាព្រះគម្ពីរប្រាប់យើងអំពីព្រះឆន្ទៈរបស់ព្រះ
ហេតុអ្វីការសាកល្បងរបស់ពួកបុត្រានៃម៉ូសាយបានពង្រឹងសេចក្ដីជំនឿ និងការប្ដេជ្ញាចិត្តរបស់ពួកគេ ជាជាងបណ្ដាលឲ្យពួកគេរអ៊ូរទាំ និងសង្ស័យ ? គន្លឹះគឺថា « ពួកគេបានមាំមួននៅក្នុងការស្គាល់ពីសេចក្ដីពិត ព្រោះពួកគេជាមនុស្សដែលមានយោបល់ដ៏ជ្រាលជ្រៅ ហើយគេបានព្យាយាមពិចារណាមើលបទគម្ពីរ ដើម្បីឲ្យគេអាចស្គាល់ព្រះបន្ទូលនៃព្រះ » ។១៤ យើងទាំងអស់គ្នានឹងប្រឈមនឹងការសាកល្បង ហើយមានសំណួរ តែសូមចងចាំថា យើងត្រូវតែ « កាន់ដំបងដែកយ៉ាងខ្ជាប់ខ្ជួនជានិច្ច »១៥ « ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទនឹងប្រាប់ដល់ [ យើង ] នូវគ្រប់អ្វីទាំងអស់ ដែល [ យើង ] ត្រូវធ្វើ » ។១៦ យើងត្រូវតែធ្វើឲ្យការសិក្សាព្រះគម្ពីរជាផ្នែកមួយប្រចាំថ្ងៃនៃជីវិតរបស់យើង ដោយវានឹងបើកទ្វារវិវរណៈ ។
ការអធិស្ឋាន រួមជាមួយនឹងការតមអារហារ អញ្ជើញ ឲ្យមានវិវរណៈ
សម្រាប់ពួកបុត្រានៃម៉ូសាយ « នេះពុំទាន់អស់នៅឡើយទេ ពួកគេប្រគល់ខ្លួនទៅក្នុងការអធិស្ឋាន និងការតមអារហារជាច្រើន ហេតុដូច្នេះហើយ ពួកគេប្រកបដោយវិញ្ញាណនៃការព្យាករ » ។១៧ ការអធិស្ឋាន និងការតមអារហារ នឹងអនុវញ្ញាតឲ្យយើងងាយនឹងទទួលបានការបំផុសពីព្រះវិញ្ញាណ ។ ទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌ ខណៈដែលតមពីអាហារ និងភេស្ជជៈដែលប្រកបដោយគោលបំណង អនុញ្ញាតឲ្យយើង « ដោះច្រវាក់អំពើអាក្រក់ [ ហើយ ] ស្រាយចំណង » ។១៨ ការអធិស្ឋាន រួមជាមួយនឹងការតមអាហារ នឹងផ្ដល់ឲ្យយ៉ាងដូច្នោះ ពេលយើង « អំពាវនាវ… ព្រះយេហូវ៉ាទ្រង់នឹងតបឆ្លើយ… [ ហើយនៅពេលយើង ] ស្រែករក នោះ…ទ្រង់នឹងមានបន្ទូលថា យើងនៅឯណេះហើយ » ។១៩
បែរទៅរកទ្រង់
ទម្លាប់ខាងសាសនាផ្ទាល់ខ្លួនទាំងនេះ—មានការគោរពប្រតិបត្តិ ការសិក្សាព្រះគម្ពីរ ការអធិស្ឋាន និងការតមអារហារ—បានពង្រឹងពួកបុត្រារបស់ម៉ូសាយ ។ ភាពខ្វះខាតនៃទម្លាប់ខាងសាសនាផ្ទាល់ខ្លួនទាំងនេះ ជាមូលហេតុចម្បងដែលលេមិន និងលេមយួល ត្រូវបានទុកឲ្យរងគ្រោះដោយការល្បួងនៃការរអ៊ូរទាំ និងការសង្ស័យ ។
បើអ្នកត្រូវបានល្បួងឲ្យរអ៊ូរទាំ បើអ្នកមានការសង្ស័យដែលនាំឲ្យមានការឥតជំនឿ បើការសាកល្បងហាក់ធ្ងន់ធ្ងរជាងដែលអ្នកអាចទ្រាំទ្របាន នោះសូមបែរទៅរកទ្រង់ ។ បើអ្នកជាមនុស្សម្នាក់ដែលបានបែរចេញ ឬដោះសារពីការប្រព្រឹត្តិរបស់អ្នក នោះសូមបែរមករកទ្រង់ ។ តើអ្នកចងចាំពេលដែលទ្រង់បាន « និយាយដោយភាពសុខសាន្តដល់គំនិត… ? តើអ្នកអាចមានសាក្សីឯណាដែលអស្ចារ្យជាងសាក្សីមកពីព្រះ ? »២០ សូមសួរខ្លួនឯងថា « តើខ្ញុំកំពុងរស់នៅជិតនឹងដូចព្រះគ្រីស្ទ ដូចជាខ្ញុំបានរស់នៅពីមុនដែរឬទេ ? » សូមបែរទៅរកទ្រង់ ។
សូមឲ្យខ្ញុំត្រឡប់ទៅរឿងផ្ទាល់ខ្លួនរបស់ខ្ញុំវិញ ។ នៅទីបំផុត ខ្ញុំបានចាប់ផ្ដើមស្មោះអស់ពីចិត្ត ។ ខ្ញុំចងចាំ ពេលដែលអ្នកផ្សព្វផ្សាយដែលបង្រៀនខ្ញុំ បានសួរខ្ញុំថាបើខ្ញុំត្រៀមរួចរាល់ដើម្បីទទួលបុណ្យជ្រមុជទឹកហើយឬនៅ ។ ខ្ញុំបានឆ្លើយតបថា ខ្ញុំនៅតែមានសំណួរខ្លះៗ ។ អ្នកផ្សព្វផ្សាយដ៏ឆ្លាតវៃនេះ បានប្រាប់ខ្ញុំថា គាត់អាចឆ្លើយសំណួរទាំងនោះ តែខ្ញុំត្រូវឆ្លើយសំណួរគាត់មុនសិន ។ គាត់បានសួរខ្ញុំ ថាបើព្រះគម្ពីរមរមនពិត ហើយបើ យ៉ូសែប ស្ម៊ីធ ជាព្យាការីឬទេ ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំពុំបានដឹងទេ តែខ្ញុំចង់ដឹង ។
សំណួរទាំងឡាយរបស់ខ្ញុំបាននាំឲ្យមានសេចក្ដីជំនឿដែលកាន់តែកើនឡើង ។ សម្រាប់ខ្ញុំ ចម្លើយបានមក ពុំមែនជាព្រឹត្តិការណ៍មួយទេ តែជាដំណើរការមួយ ។ ខ្ញុំបានកត់សម្គាល់ថា ពេលខ្ញុំបានធ្វើ « ការពិសោធន៍ដល់ពាក្យសម្ដី [ នោះ ] » ហើយចាប់ផ្ដើម « អនុវត្តសេចក្ដីជំនឿមួយភាគតូច » នោះព្រះគម្ពីរមរមនបានក្លាយជា « មានរសជាតិឆ្ងាញ់ចំពោះខ្ញុំ » ហើយវាពិតជា « បំភ្លឺយោបល់របស់ខ្ញុំ » និងពិតជាបាន « ពង្រីកព្រលឹងខ្ញុំ » ។ នៅទីបំផុត ខ្ញុំបានទទួលបទពិសោធន៍នោះ ដែលព្រះគម្ពីរពិពណ៌នា ថាជាការរីកឡើងនៅក្នុងទ្រូងរបស់អ្នក ។២១ វាគឺនៅពេលនោះហើយ ដែលខ្ញុំបានមានបំណងប្រាថ្នាទទួលបុណ្យជ្រមុជទឹក ហើយប្ដេជ្ញាជីវិតខ្ញុំចំពោះព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំពិតជាដឹងថា ព្រះគម្ពីរមរមនគឺជាព្រះបន្ទូលនៃព្រះ ។ ខ្ញុំដឹងថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការី ។ អូ៎ ខ្ញុំនៅតែមានរឿងទាំងឡាយដែលខ្ញុំពុំយល់ច្បាស់ តែទីបន្ទាល់របស់ខ្ញុំអំពីសេចក្ដីពិត បានធ្វើឲ្យខ្ញុំខិតកាន់តែជិតនឹងព្រះអង្គសង្គ្រោះ ហើយស្ថាបនាសេចក្ដីជំនឿខ្ញុំ ។
បងប្អូនប្រុសស្រី សូមចងចាំថា នីហ្វៃ និងពួកបុត្រានៃម៉ូសាយ មានបទពិសោធន៍ខាងវិញ្ញាណ ហើយបានអនុវត្តក្នុងសេចក្ដីជំនឿ ដើម្បីទទួលបានចម្លើយ និងភាពស្មោះត្រង់របស់ពួកគេបានលូតលាស់ឡើង ។ ផ្ទុយពីលេមិន និងលេមយួល ដែលសង្ស័យ និងរអ៊ូរទាំ ។ ថ្វីបើពេលខ្លះ ពួកគេបានប្រព្រឹត្តិក្នុងរបៀបដ៏សម ក៏សេចក្ដីជំនឿដែលឥតមានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ។ យើងត្រូវតែមានសេចក្ដីជំនឿជាមួយនឹងការប្រព្រឹត្តតាម ដើម្បីទទួលបានចម្លើយ ។
ខ្ញុំសង្ឃឹមថា ពេលអ្នកបានស្ដាប់នាព្រឹកនេះហើយ ថាព្រះវិញ្ញាណបានបំផុសគំនិត និងដួងចិត្តអ្នក នូវអ្វីមួយដែលអ្នកអាចធ្វើ ដើម្បីអ្នកបានទទួលចម្លើយសម្រាប់សំណួររបស់អ្នក ឬរកឃើញដំណោះស្រាយដ៏បំផុសមួយចំពោះបញ្ហាដែលអ្នកប្រឈម ។ ខ្ញុំថ្លែងជាសាក្សីដ៏រឹងមាំមួយថា ព្រះយេស៊ូវជាព្រះគ្រីស្ទ ។ សូមបែរមករកទ្រង់ ហើយការអធិស្ឋានរបស់អ្នកនឹងបានឆ្លើយ ។ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។