មានពរហើយរីករាយដល់អស់អ្នកដែលគោរពតាមព្រះបញ្ញត្តិព្រះ
របាំងដែលព្រះអម្ចាស់បានស្ថាបនា បង្កើតជាផែសុវត្ថិភាពមួយសម្រាប់យើងឲ្យចៀសផុតពីអំពើអាក្រក់ និងឥទ្ធិពលបំផ្លិចបំផ្លាញ ។
ប៉ុន្មានឆ្នាំកន្លងមកនេះ កាលទៅលេងនៅប្រទេសអូស្ត្រាលី ខ្ញុំបានធ្វើដំណើរទៅឆកសមុទ្រដ៏ស្រស់ស្អាតមួយដែលល្បីខាងជិះក្ដារលើរលក ។ ពេលខ្ញុំដើរតាមមាត់ឆ្នេរ ខ្ញុំបានចាប់ចិត្តនឹងភាពមហស្ចារ្យនៃរលកសមុទ្រធំៗហូរមកប៉ះនឹងឆកសមុទ្រនោះ និងរលកតូចៗដែលហូរមកពៀបនឹងមាត់ឆ្នេរ ។
កាលខ្ញុំបានបន្តដើរទៅមុខទៀត ខ្ញុំបានជួបនឹងអ្នកជិះក្ដារលើរលកជនជាតិអាមេរិកមួយក្រុម ។ ពួកគេច្បាស់ជាខកចិត្តនឹងអ្វីម្យ៉ាង ព្រោះបាននិយាយខ្លាំងៗ ហើយធ្វើកាយវិការសំដៅទៅសមុទ្រនោះ ។ ពេលខ្ញុំសួរពួកគេថាមានរឿងអ្វី ពួកគេបានចង្អុលទៅផ្នែកខាងក្រៅឆកសមុទ្រនោះត្រង់កន្លែងដែលរលកធំៗកំពុងបោកបក់ ។
មានពួកគេម្នាក់បានប្រាប់ខ្ញុំទាំងខឹងថា « មើលទៅ ។ « តើលោកឃើញរបាំងនោះទេ ? » ដោយខំមើលឲ្យបានដិតដល់ ខ្ញុំបានឃើញរបាំងវែងមួយដាក់កាត់ច្រកឆកសមុទ្រទាំងមូល ត្រង់កន្លែងមានរលកធំៗកំពុងបោកបក់ ។ របាំងនោះទំនងជាធ្វើឡើងដោយសំណាញ់មួយយ៉ាងធ្ងន់ ហើយភ្ជាប់ជាមួយពោងនៅលើផ្ទៃទឹក ។ យោងតាមពួកអ្នកជិះក្ដារលើរលកទាំងនោះ សំណាញ់នោះត្រូវបានទម្លាក់ដល់បាតសមុទ្រ ។
អ្នកជិះក្ដារលើរលកជនជាតិអាមេរិកម្នាក់នោះបានបន្តថា « នេះគឺជាឱកាសដ៏កម្រ ដើម្បីមកទីនេះជិះក្ដារលើរលកធំៗទាំងនេះ ។ យើងអាចជិះក្ដារលើទឹករលកតូចៗជាងនេះ ចូលឆកសមុទ្រនេះក៏បានដែរ ប៉ុន្តែរបាំងនោះរារាំងយើងមិនឲ្យជិះលើរលកធំៗឡើយ ។ យើងមិនដឹងថាហេតុអ្វី គេដាក់របាំងនៅទីនោះទេ ។ អ្វីដែលយើងដឹងគឺថា វាបានបង្ខូចដំណើរកម្សាន្តរបស់យើងទាំងស្រុង » ។
កាលអ្នកជិះលើរលកទាំងនោះរអ៊ូរទាំកាន់តែខ្លាំង ខ្ញុំបានមើលទៅមនុស្សម្នាក់ទៀតក្បែរនោះ—ជាបុរសចំណាស់ម្នាក់ ហើយជាអ្នកក្នុងស្រុកម្នាក់ ។ គាត់ទំនងដូចជាទប់ចិត្តលែងបាន កាលគាត់ស្ដាប់ការត្អូញត្អែរកាន់តែខ្លាំងឡើងៗអំពីរបាំងនោះ ។
នៅទីបំផុត គាត់បានក្រោកឈរឡើង ហើយដើរទៅរកក្រុមនោះ ។ គាត់បានដកកែវយឺតចេញពីកាបូបស្ពាយគាត់ ហើយហុចវាទៅឲ្យអ្នកជិះម្នាក់ដោយមិនស្ដីអ្វីទាំងអស់ រួចចង្អុលទៅរបាំងនោះ ។ ពួកគេម្នាក់ៗបានយកកែវយឺតនោះមកឆ្លុះមើល ។ ដោយមានជំនួយពីកែវពង្រីកនោះ ពេលដល់វេនខ្ញុំ ខ្ញុំអាចមើលឃើញអ្វីមួយដែលខ្ញុំមិនអាចមើលឃើញពីមុន ៖ គឺត្រីឆ្លាមធំៗ—កំពុងស៊ីចំណីនៅជិតថ្មប៉ប្រះទឹកនៅម្ខាងទៀតនៃរបាំងនោះ ។
រំពេចនោះក្រុមនេះបានស្ងាត់មាត់ ។ បុរសចំណាស់នោះទៅយកកែវយឺតគាត់វិញ រួចដើរចេញទៅ ។ ពេលគាត់ដើរចេញទៅ ខ្ញុំនៅចាំពាក្យមួយឃ្លា ដែលគាត់បានពោល ៖ គាត់បាននិយាយថា « កុំរិះគន់របាំងនោះខ្លាំងពេក ។ វាគ្រាន់តែជាវត្ថុមួយដែលការពារអ្នកពីការត្របាក់ស៊ីតែប៉ុណ្ណោះ » ។
នៅពេលយើងឈរ នៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនោះ ទស្សនវិស័យរបស់យើងបានផ្លាស់ប្ដូរមួយរំពេច ។ របាំងមួយដែលទំនងដូចជា ការតឹងរឹង និងការរឹតបណ្តឹង—ដែលកាត់បន្ថយភាពសប្បាយ និងភាពរីករាយនៃការជិះក្ដារលើរលកដ៏ធំៗ—បានក្លាយទៅជាអ្វីមួយផ្សេងទៅវិញ ។ ឥឡូវរបាំងនេះបានផ្ដល់ការការពារ សុវត្ថិភាព និងភាពសុខសាន្ត ពេលយើងយល់ដឹងជាថ្មីអំពីគ្រោះថ្នាក់ដែលលាក់ខ្លួននោះ ។
កាលអ្នក និងខ្ញុំដើរលើផ្លូវនៃជីវិតនេះ ទៅរកក្ដីស្រមៃរបស់យើង ព្រះបញ្ញត្តិ និងបទដ្ឋានរបស់ព្រះ—ដូចគ្នានឹងរបាំងនោះដែរ—ពេលខ្លះអាចជារឿងពិបាកយល់ណាស់ ។ វាហាក់ដូចជាតឹងរឹង ហើយរឹតបណ្ដឹង បិទផ្លូវដែលសប្បាយរីករាយ ហើយដែលមនុស្សដទៃទៀតជាច្រើនកំពុងដើរ ។ ដូចជាសាវកប៉ុលបានរៀបរាប់ថា « យើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ »១ ជាមួយនឹងទស្សនៈដែលមានដែនកំណត់នេះ ដែលជារឿយៗយើងមិនអាចយល់នូវគ្រោះថ្នាក់ដ៏ធំដែលបានលាក់ខ្លួន នៅផ្ទៃខាងក្រោមនោះឡើយ ។
ប៉ុន្តែអង្គដែល « យល់គ្រប់ទាំងអស់ »២ ជ្រាបយ៉ាងច្បាស់ពីទីកន្លែងដែលមានគ្រោះថ្នាក់ ។ ទ្រង់ប្រទានការដឹកនាំដ៏ទេវភាពដល់យើងតាមរយៈព្រះបញ្ញត្តិ និងការណែនាំដ៏គួរឲ្យស្រឡាញ់របស់ទ្រង់ ដើម្បីយើងអាចចៀសផុតពីគ្រោះថ្នាក់ទាំងនោះ—ដើម្បីយើងអាចកំណត់ទិសដៅនៅក្នុងជីវិតយើងដើម្បីទទួលបានការការពារពីពួកសត្វកំណាចខាងវិញ្ញាណ និងចង្កូមនៃអំពើបាប ។៣
យើងបង្ហាញក្ដីស្រឡាញ់របស់យើងចំពោះព្រះ—និងក្ដីជំនឿរបស់យើងចំពោះទ្រង់—ដោយការធ្វើឲ្យអស់ពីលទ្ធភាពរបស់យើងជារៀងរាល់ថ្ងៃក្នុងការដើរតាមផ្លូវដែលទ្រង់បានរៀបចំសម្រាប់យើង និងដោយការគោរពតាមព្រះបញ្ញត្តិដែលទ្រង់បានប្រទានដល់យើង ។ ជាពិសេស យើងបង្ហាញជំនឿ និងក្ដីស្រឡាញ់នោះនៅក្នុងស្ថានភាពដែលយើងពុំយល់ហេតុផលទាំងស្រុងចំពោះការបញ្ជារបស់ព្រះ ឬផ្លូវជាក់លាក់ដែលទ្រង់កំពុងប្រាប់យើងឲ្យដើរ ។ បើគិតទៅ វាងាយដើម្បីដើរតាមផ្លូវនៅខាងក្នុងរបាំងនោះ ពេលយើងដឹងថាមានហ្វូងត្រីឆ្លាមដ៏កាចសាហាវនៅខាងក្រៅវានោះ ។ ប៉ុន្តែវាពិបាកក្នុងការដើរលើផ្លូវដែលស្ថិតនៅក្នុងរបាំងនោះ ពេលយើងគ្រប់គ្នាអាចមើលឃើញរលកធំៗគួរឲ្យរំភើបនៅឯជ្រុងម្ខាងទៀតនោះ ។ គឺនៅពេលទាំងនោះហើយ—ដែលយើងជ្រើសអនុវត្តជំនឿរបស់យើង ដាក់ការទុកចិត្តរបស់យើងទៅលើព្រះ ហើយបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់—ជាពេលដែលយើងរីកចម្រើនខ្លាំងបំផុត ។
ក្នុងព្រះគម្ពីរសញ្ញាថ្មី អាន៉្នានាសពុំយល់ពីសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ឲ្យស្វែងរក ហើយប្រសិទ្ធិពរដល់សូល—ជាបុរសម្នាក់ដែលមានសិទ្ធិចាប់ឃុំខ្លួនពួកអ្នកជឿលើព្រះគ្រីស្ទឡើយ ។ ក៏ប៉ុន្តែដោយសារគាត់បានគោរតាមសេចក្ដីបង្គាប់របស់ព្រះ អាន៉្នានាសបានក្លាយជាឧបករណ៍នៅក្នុងកំណើតខាងវិញ្ញាណរបស់សាវកប៉ុល ។៤
ពេលយើងទុកចិត្តលើព្រះអម្ចាស់ អនុវត្តជំនឿរបស់យើង គោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ហើយដើរតាមផ្លូវដែលបានរៀបចំសម្រាប់យើង នោះយើងកាន់តែប្រែក្លាយដូចជាបុគ្គលដែលព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យយើងប្រែក្លាយ ។ វាគឺជា « ការប្រែក្លាយ »—ការផ្លាស់ប្រែដួងចិត្តនេះហើយ—ដែលជារឿងដ៏សំខាន់បំផុត ។ ដូចអែលឌើរ ដាល្លិន អេក អូក បានបង្រៀនយើង ៖ « វាមិនគ្រប់គ្រាន់ទេសម្រាប់នរណាម្នាក់ដែលគ្រាន់តែធ្វើអ្វីមួយដោយគ្មានការគិតពិចារណាពីវានោះ ។ ព្រះបញ្ញត្តិ ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃដំណឹងល្អពុំមែនជាបញ្ជីនៃប្រាក់កក់មួយដែលតម្រូវឲ្យធ្វើក្នុងគណនីសួគ៌ាខ្លះៗនោះទេ ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺជាផែនការមួយដែលបង្ហាញយើងពីរបៀបប្រែក្លាយទៅជាអ្វីដែលព្រះវរបិតាសួគ៌មានព្រះរាជបំណងចង់ឲ្យយើងប្រែក្លាយ » ។៥
ដូច្នេះ ការគោរពប្រតិបត្តិពិតគឺជាការថ្វាយខ្លួនយើងទាំងស្រុងដល់ទ្រង់ ហើយអនុញ្ញាតឲ្យទ្រង់គូសផ្លូវឲ្យយើងដើរទាំងនៅក្នុងសមុទ្រដ៏ស្ងប់ និងសមុទ្រដែលមានរលកធំៗ ដោយយល់ដឹងថា ទ្រង់អាចធ្វើឲ្យយើងបានប្រសើរឡើងច្រើនជាងយើងធ្វើវាដោយខ្លួនឯង ។
ពេលយើងបន្ទាបខ្លួនយើងឲ្យស្របតាមព្រះទ័យរបស់ទ្រង់ យើងបង្កើនភាពសុខសាន្ត និងសុភមង្គល ។ ស្ដេចបេនយ៉ាមីន បានបង្រៀនថា ជនដែលគោរពតាមសេចក្ដីបង្គាប់របស់ព្រះគឺ « មានពរ ហើយរីករាយ … ក្នុងរឿងគ្រប់យ៉ាង ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ » ។៦ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងមានអំណរ ។ ទ្រង់សព្វព្រះទ័យឲ្យយើងមានភាពសុខសាន្ត ។ ទ្រង់សព្វព្រះទ័យឲ្យយើងបានជោគជ័យ ។ ទ្រង់សព្វព្រះទ័យឲ្យយើងមានសុវត្ថិភាព ហើយត្រូវបានការពារពីឥទ្ធិពលលោកិយដែលនៅជុំវិញយើង ។
ម្យ៉ាងវិញទៀត សេចក្ដីបង្គាប់របស់ព្រះអម្ចាស់មិនបង្កើតឲ្យមានរបាំងបត់បែនក្រោមទឹកដ៏រញ៉េរញ៉ៃ ហើយពិបាកយ៉ាងខ្លាំងដែលយើងត្រូវរៀនស៊ូទ្រាំទាំងបង្ខំចិត្តនៅក្នុងជីវិតនេះដើម្បីយើងអាចត្រូវបានតម្កើងឡើងនៅជីវិតក្រោយនោះទេ ។ ផ្ទុយទៅវិញ របាំងដែលព្រះអម្ចាស់បានស្ថាបនាឡើងបង្កើតនូវកំពង់ផែសុវត្ថិភាពមួយដល់យើងឲ្យចៀសផុតពីឥទ្ធិពលអាក្រក់ ហើយបំផ្លិចបំផ្លាញដែលអាចនឹងទាញយើងឲ្យចូលទៅក្នុងជម្រៅនៃភាពអស់សង្ឃឹមនោះ ។ ព្រះបញ្ញត្តិរបស់ព្រះអម្ចាស់បានប្រទានឲ្យដោយសេចក្ដីស្រឡាញ់ និងការខ្វល់ខ្វាយ ។វាបានបង្កើតឡើងដើម្បីឲ្យយើងមានអំណរនៅក្នុងជីវិតនេះ៧ ដូចគ្នាសម្រាប់ឲ្យយើងមានអំណរ និងភាពតម្កើងឡើងនៅជីវិតក្រោយ ។ វាជាគំនូសពីវិធីដែលយើងគួរធ្វើ—ហើយសំខាន់បំផុត វាបំភ្លឺថាយើងគួរក្លាយជាមនុស្សបែបណា ។
ព្រះយេស៊ូវគ្រីស្ទឈរជាគំរូដ៏ល្អបំផុតគ្រប់រឿងដែលល្អ ហើយពិត ។ ទង្វើដ៏អស្ចារ្យបំផុតនៃការគោរពប្រតិបត្តិនៅក្នុងអស់ទាំងភាពអស់កល្បជានិច្ចបានកើតឡើង ពេលព្រះរាជបុត្រាបានថ្វាយអង្គទ្រង់ធ្វើតាមព្រះទ័យនៃព្រះវរបិតា ។ ដោយទូលសូមយ៉ាងរាបសាបំផុតឲ្យពែងនោះត្រូវបានដកចេញ—ដើម្បីទ្រង់អាចយាងលើផ្លូវផ្សេងទៀតជាជាងផ្លូវដែលបានគូសដានសម្រាប់ទ្រង់—ព្រះគ្រីស្ទបានថ្វាយអង្គទ្រង់យាងដើរលើផ្លូវដែលព្រះវរបិតាទ្រង់សព្វព្រះទ័យ ឲ្យទ្រង់យាងដើរ ។ វាគឺជាផ្លូវមួយដែលបាននាំឆ្លងកាត់ច្បារគែតសេម៉ានី និង គាល់កូថាជាកន្លែងដែលទ្រង់បានស៊ូទ្រាំនឹងការឈឺចាប់ និងការរងទុក្ខវេទនាដែលមិនអាចនឹកស្មានដល់ និងកន្លែងដែលទ្រង់ត្រូវបានទុកឲ្យនៅតែអង្គឯងទាំងស្រុង កាលព្រះវិញ្ញាណរបស់ព្រះវរបិតាទ្រង់បានយាងចេញទៅ ។ ប៉ុន្តែផ្លូវដដែលនោះបានបញ្ចប់នៅក្នុងផ្នូរទទេរមួយនៅថ្ងៃទីបី ជាមួយនឹងសម្រែកថា « ទ្រង់មានព្រះជន្មវិញហើយ! »៨ ឮពេញត្រចៀក និងដួងចិត្តនៃជនដែលស្រឡាញ់ទ្រង់ ។ វាបានរួមបញ្ចូលនូវអំណរ និងការលួងលោមដែលមិនអាចស្រមៃដល់ដែលមាននៅក្នុងដង្វាយធួនរបស់ទ្រង់សម្រាប់កូនចៅព្រះគ្រប់រូបរហូតដល់ភាពអស់កល្បជានិច្ច ។ ដោយអនុញ្ញាតឲ្យព្រះទ័យរបស់ទ្រង់គ្របដណ្ដប់ដោយព្រះទ័យនៃព្រះវរបិតា នោះព្រះគ្រីស្ទបានប្រទានឲ្យយើងនូវទស្សនៈវិស័យនៃភាពសុខសាន្ត អំណរ និងជីវិតអស់កល្បជានិច្ច ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា យើងគឺជាកូនចៅនៃព្រះមួយអង្គដែលស្រឡាញ់យើង ។ ខ្ញុំសូមធ្វើជាសាក្សីថា ទ្រង់សព្វព្រះទ័យឲ្យយើងបានពរ ហើយមានភាពរីករាយ និងសុវត្ថិភាព ។ នៅទីបំផុត ទ្រង់បានគូសផ្លូវមួយឲ្យយើងដែលវាដឹកនាំទៅរកទ្រង់វិញ ហើយទ្រង់បានស្ថាបនារបាំងដែលនឹងការពារយើងតាមផ្លូវនោះ ។ នៅពេលយើងធ្វើឲ្យអស់ពីលទ្ធភាពដើម្បីដើរតាមផ្លូវនោះ យើងរកឃើញសុវត្ថិភាព សុភមង្គល និងភាពសុខសាន្តពិត ។ ហើយពេលយើងថ្វាយខ្លួនធ្វើតាមព្រះទ័យរបស់ទ្រង់ យើងប្រែក្លាយជាអ្វីដែលទ្រង់សព្វព្រះទ័យឲ្យយើងប្រែក្លាយ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។