ឆ្នាំ ២០១០-២០១៩
វា​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​សន្ធឹកសន្ធាប់ !
តុលា 2015


17:55

វា​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​សន្ធឹកសន្ធាប់ !

ខ្ញុំ​សូមអធិស្ឋាន​សុំ​ឲ្យ​យើង​នឹង​ផ្ដោត​ទៅលើ « ភាព​សាមញ្ញ​ដែលមាន​នៅក្នុង​ព្រះគ្រីស្ទ » ហើយ​អនុញ្ញាត​ឲ្យ​ព្រះគុណ​ទ្រង់​នឹង​លើក​តម្កើង ហើយ​លើក​ទ្រ​យើងឡើង ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ មិត្តភក្ដិ​ជា​ទី​ស្នេហា វា​ជា​អំណរ​មួយ​ដែល​មាន​វត្តមាន​ជាមួយ​អ្នក​ថ្ងៃ​នេះ ។ យើង​ក្រៀមក្រំ​នៅ​ពេល​ឃើញ​កៅអី​ទំនេរ​ចំនួន​បី​​នៅ​លើ​វេទិកា​នេះ​ពុំ​មាន​មនុស្ស​អង្គុយ ។ យើង​មាន​ក្ដី​នឹក​រឭក​ដល់​ប្រធាន ផាកកឺ អែលឌើរ ភែរី និង អែលឌើរ ស្កត ។ យើង​ស្រឡាញ់​ពួក​លោក ហើយ​យើង​អធិស្ឋាន​សម្រាប់​សុខុមាលភាព​ក្រុមគ្រួសារ​ពួក​លោក ។

អំឡុង​សន្និសីទ​នា​ចុង​សប្ដាហ៍​នេះ យើង​នឹង​មាន​ឯកសិទ្ធិ​ដើម្បី​គាំទ្រ​បុរស​បី​រូប ដែល​ត្រូវបាន​ហៅ​ដោយ​ព្រះអម្ចាស់​ដើម្បី​ទទួល​តំណែង​ក្នុង​ចំណោម​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។

សេចក្ដី​អធិស្ឋាន​របស់​យើង​ជំនួស​ឲ្យ​ពួក​លោក នឹង​ពង្រឹង​ពួក​លោក ស្របពេល​ដែល​ពួក​លោក​ទទួល​យក​ការហៅ​ដ៏​ពិសិដ្ឋ​ជា​សាវក​នេះ ។

តើ​ដំណឹងល្អ​ផ្ដល់​ផល​ប្រយោជន៍​ដល់​អ្នក​ដែរ​ឬ​ទេ ?

ថ្មីៗ​នេះ ខ្ញុំ​បាន​ឃើញ​ប្រសាសន៍​ដក​ស្រង់​មួយ ដែល​បាន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​សិន ហើយ​គិត​អំពី​វា ។ វា​សរសេរ​ដូចនេះ ៖ « ចូរ​ប្រាប់​មនុស្ស​លោក​ថា មាន​ហ្វូង​តារា​រាប់​សែន​លាន​នៅ​ក្នុង​ចក្រវាឡ ហើយ​គេ​នឹង​ជឿ​អ្នក ។ ចូរ​ប្រាប់​គេ​ថា ថ្នាំ​លាប​លើ​ជញ្ជាំង​នៅ​សើម ហើយ​គេ​នឹង​ប៉ះ​វា​ដើម្បី​ឲ្យ​ដឹង​ប្រាកដ » ។

តើ​យើង​ពុំ​មាន​សភាព​ដូចជា​ជា​ការណ៍​នេះ​ទេ​ឬ​អី ? បន្ទាប់​ពី​បាន​ទទួល​ការព្យាបាល​នា​ពេល​ថ្មីៗ​នេះ វេជ្ជបណ្ឌិត​ដ៏​ជំនាញ​របស់​ខ្ញុំ​បាន​ប្រាប់​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​បាន​ជា​សះ​ស្បើយ ។ ប៉ុន្តែ​ដំបូង​ឡើយ​ខ្ញុំ​ត្រូវ​រៀន​បន្ថែម​ដោយ​ខ្លួន​ឯង អំពី​កត្តា​ណាមួយ​លើ​ខ្លួន​ខ្ញុំ ដែល​ខ្ញុំ​គួរតែ​ដឹង​ជា​យូរ​មក​ហើយ ៖ ក្នុង​នាម​ជា​អ្នក​ជំងឺ​ម្នាក់ ខ្ញុំ​ពុំ​ចេះ​អត់ធ្មត់​ប៉ុន្មាន​ទេ ។

ដោយ​ហេតុ​នោះ​ហើយ ខ្ញុំ​បាន​សម្រេច​ចិត្ត​ពន្លឿន​ការព្យាបាល​របស់​ខ្ញុំ​ដោយ​ស្រាជ្រាវ​លើ​អ៊ិនធើរណិត ។ ខ្ញុំ​បាន​រំពឹង​ថា​នឹង​រកឃើញ​ភាពពិត ដែល​វេជ្ជបណ្ឌិត​របស់​ខ្ញុំ​ពុំ​ដឹង ឬ បាន​ព្យាយាម​លាក់​កំបាំង​មិន​ឲ្យ​ខ្ញុំ​ដឹង ។

ខ្ញុំ​បាន​ចំណាយ​ពេល​មួយ​រយៈ ពី​មុន​ខ្ញុំ​ដឹង​ខ្លួន​ថា​កំពុង​តែ​ធ្វើ​រឿង​មិន​បាន​ការ ។ ប្រាកដ​ណាស់ ការស្រាវជ្រាវ​អ្វីៗ​ដោយ​ខ្លួន​ឯង​មិន​មែន​ជា​យោបល់​អាក្រក់​នោះ​ទេ ។ ប៉ុន្តែ​ខ្ញុំ​បាន​មើល​ស្រាល​ភាពពិត ដែល​ខ្ញុំ​អាច​ទុកចិត្ត​បាន ហើយ​ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ឃើញ​ថា​ខ្លួនឯង​ជាប់​ចិត្ត​ក្នុង​ព័ត៌មាន​លើ​អ៊ិនធើរណិត​ដែល​ពុំ​មាន​ភាពពិត​សោះ​ឡើយ ។

ពេល​ខ្លះ ភាពពិត​អាច​មើល​ទៅ​ហាក់​ដូចជា​ត្រង់ៗ ងាយយល់​ពេក ហើយ​សាមញ្ញ​ខ្លាំង​ចំពោះ​យើង​ដើម្បី​ទទួល​យក​តម្លៃ​ដ៏​ថ្លៃថ្លា​របស់​វា​ទាំង​ស្រុង​តែ​ម្ដង ។ ដូច្នេះ​យើង​បាន​ទុក​អ្វី​ដែល​យើង​បាន​ជួប​ប្រទះ និង ដឹង​ថា​ជា​ការពិត​មួយ​អន្លើ​សិន ហើយ​បែរ​ជា​ទៅ​ស្វែងរក​អ្វី​ដែល​ជា​ព័ត៌មាន​អាថ៌កំបាំង ឬ សាំញ៉ាំ​ទៅ​វិញ ។ យើង​សង្ឃឹម​ថា​យើង​នឹង​យល់​ដឹង​ថា នៅ​ពេល​យើង​ស្វែងរក​អ្វី​ដែល​ពុំ​មែន​ជា​ការពិត នោះ​យើង​កំពុង​ស្វែងរក​អ្វី​មួយ​ដែល​ពុំ​សំខាន់ និង ពុំ​មាន​តម្លៃ​ហើយ ។

ចំពោះ​សេចក្ដីពិត​ខាង​វិញ្ញាណ​វិញ តើ​យើង​អាច​ដឹង​ថា​យើង​កំពុង​ស្ថិត​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​តាម​របៀប​ណា ?

វិធី​មួយ​គឺ​ដោយ​ការសួរ​សំណួរ​ដ៏​ត្រឹមត្រូវ—ជា​សំណួរ​ដែល​ជួយ​យើង​ឲ្យ​ពិចារណា​អំពី​ភាពរីកចម្រើន​យើង រួច​វាយ​តម្លៃ​ថាតើ​អ្វីៗ​ដំណើរការ​យ៉ាង​ដូចម្ដេច​ដែរ​ចំពោះ​យើង ។ សំណួរ​រួម​មាន ៖

« តើ​ជីវិត​របស់​ខ្ញុំ​មាន​ន័យ​ដែរ​ឬ​ទេ ? »

« តើ​ខ្ញុំ​ជឿ​លើ​ព្រះ​ដែរ​ឬ​ទេ ? »

« តើ​ខ្ញុំ​ជឿ​ថា ព្រះ​ទ្រង់​ជ្រាប​ពី​ខ្ញុំ ហើយ​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ ? »

« តើ​ខ្ញុំ​ជឿ​ថា ព្រះ​ទ្រង់​ព្រះ​សណ្ដាប់ ហើយ​ឆ្លើយតប​សេចក្ដី​អធិស្ឋាន​ខ្ញុំ​ដែរ​ឬ​ទេ ? »

« តើ​ខ្ញុំ​ពិត​ជា​រីករាយ​ដែរ​ឬ​ទេ ? »

« តើ​ការប្រឹងប្រែង​របស់​ខ្ញុំ​កំពុង​នាំ​ខ្ញុំ​ទៅ​សម្រេច​បាន​គោលដៅ​ខាង​វិញ្ញាណ និង គុណតម្លៃ​ដ៏​ខ្ពស់​បំផុត​ក្នុង​ជីវិត​ដែរ​ឬ​ទេ ? »

សំណួរ​ស៊ីជម្រៅ​អំពី​គោលបំណង​នៃ​ជីវិត បាន​នាំ​ឲ្យ​បុគ្គល និង គ្រួសារ​ជា​ច្រើន​ទូទាំង​ពិភពលោក​នេះ​ឲ្យ​ស្វែងរក​សេចក្ដីពិត ។ ជា​រឿយៗ ការស្វែងរក​នោះ​បាន​នាំ​ពួកគេ​ទៅ​រក សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង ទៅ​រក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។

ខ្ញុំ​ឆ្ងល់​ថាតើ​ក្នុង​នាម​យើង​ជា​សមាជិក​សាសនាចក្រ ក៏​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការសួរ​ខ្លួនឯង​ម្ដងម្កាល​ដែរ​ឬ​ទេ ៖ « តើ​បទពិសោធន៍​របស់​ខ្ញុំ​ក្នុង​សាសនាចក្រ ផ្ដល់​ផល​ប្រយោជន៍​ដល់​ខ្ញុំ​ដែរ​ឬ​ទេ ? តើ​វា​កំពុង​នាំ​ខ្ញុំ​ឲ្យ​ទៅ​កាន់តែ​ជិត​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ? តើ​វា​កំពុង​ប្រទានពរ​ឲ្យ​ខ្ញុំ ព្រមទាំង​គ្រួសារ​ខ្ញុំ​នូវ​ភាពសុខសាន្ត និង អំណរ​ដែល​បាន​សន្យា​ក្នុង​ដំណឹងល្អ​ដែរ​ឬ​ទេ ? »

អាលម៉ា​បាន​សួរ​សំណួរ​ស្រដៀង​នេះ ទៅ​កាន់​សមាជិក​សាសនាចក្រ​នៅ​ទីក្រុង សារ៉ាហិមឡា ៖ « តើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការផ្លាស់ប្ដូរ​ដ៏​ធំ​នេះ នៅ​ក្នុង​ដួងចិត្ត​អ្នក​ហើយ​ឬ​នៅ ? … [ ហើយ ] តើ [ អ្នក​រាល់​គ្នា ] អាច​ចាប់​អារម្មណ៍ [ យ៉ាង​នេះ ] ឥឡូវ​នេះ​ទេ ? »1 ការគិត​បែប​នេះ អាច​ជួយ​យើង​ផ្ដោត​អារម្មណ៍​ឡើង​វិញ ឬ តម្រង់​ការប្រឹងប្រែង​របស់​ដោយ​មាន​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដ៏​ទេវភាព ។

សមាជិក​ជា​ច្រើន​នឹង​ឆ្លើយ​ដោយ​សោមនស្ស​ថា បទពិសោធន៍​របស់​ពួកគេ​ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ គឺ​ទទួល​បាន​ផល​ប្រយោជន៍​ដ៏​សន្ធឹកសន្ធាប់ ។ ពួកគេ​នឹង​ថ្លែង​ទីបន្ទាល់​ថា ទោះជា​ក្នុង​ពេល​ក្រក្រី ឬ មាន​បាន ទោះ​ជា​រីករាយ ឬ ឈឺចាប់ ក៏​ពួកគេ​រកឃើញ​អត្ថន័យ ភាពសុខសាន្ត និង អំណរ​ដ៏​ធំធេង ដោយសារតែ​ការប្ដេជ្ញាចិត្ត​​ចំពោះ​ព្រះអម្ចាស់ និង ការបម្រើ​ដ៏​លះបង់​របស់​ពួកគេ​នៅ​ក្នុង​សាសនាចក្រ​ដែរ ។ រាល់​ថ្ងៃ​ខ្ញុំ​ជួប​សមាជិក​សាសនាចក្រ ដែល​ពេញ​ដោយ​អំណរ​ចែងចាំង និង ជា​អ្នក​ដែល​បង្ហាញ​ឲ្យ​ឃើញ​តាម​ពាក្យពេចន៍ និង ទង្វើ​ថា ពួកគេ​បាន​រីកចម្រើន​ជា​អនេក​ដោយសារ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ ។

ប៉ុន្តែ​ខ្ញុំ​ក៏​ទទួល​ស្គាល់​ថា មាន​សមាជិកខ្លះ​ដែល​មាន​បទពិសោធន៍​មិន​ពេញលេញ—ដែល​មាន​អារម្មណ៍​ថា ពេល​ខ្លះ​ភាព​ជា​សមាជិក​របស់​ខ្លួន​ក្នុង​សាសនាចក្រ ពុំ​មែនជា​អ្វី​ដែល​ពួកគេបានរំពឹង​ទុក​នោះ​ទេ ។

ការណ៍​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​សោកសៅ ព្រោះ​ខ្ញុំ​ដឹង​ដោយ​ផ្ទាល់​អំពី​របៀប​ដែល​ដំណឹងល្អ​អាច​ពង្រឹង ហើយ​ចាប់ផ្ដើម​វិញ្ញាណ​របស់​បុគ្គល​ម្នាក់​ជា​ថ្មី—ជា​របៀប​ដែល​វា​អាច​បំពេញ​ចិត្ត ដោយ​នូវ​សេចក្ដី​សង្ឃឹម និង គំនិត​ដោយ​នូវ​ពន្លឺ ។ ខ្ញុំ​ដឹង​ដោយ​ផ្ទាល់​អំពី​របៀប​ដែល​ផល​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាច​កែប្រែ​ជីវិត​ពី​ធម្មតា និង អាប់អួរ ទៅ​ជា​ជីវិត​អស្ចារ្យ និង ស្រស់​បំព្រង ។

ប៉ុន្តែ​ហេតុអ្វី​បាន​វា​ហាក់​ដូចជា​ផ្ដល់​ផល​ប្រយោជន៍ ដល់​មនុស្ស​មួយ​ចំនួន​ច្រើន​ជាង​មនុស្ស​ឯ​ទៀត ? តើ​អ្វី​ទៅ​ជា​ភាពខុសគ្នា​រវាង​អ្នក​ដែល​មាន​បទពិសោធន៍​ក្នុង​សាសនាចក្រ ដែល​ចាប់​អារម្មណ៍​ចង់​ច្រៀង​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោសលោះ2 និង អ្នក​ដែល​មាន​អារម្មណ៍​ថា​កំពុង​ខ្វះ​អ្វី​មួយ ?

នៅ​ពេល​ខ្ញុំ​ពិចារណា​អំពី​សំណួរ​ទាំងនេះ គំនិត​ជា​ច្រើន​បាន​កើត​ឡើង ។ ខ្ញុំ​ចង់​ចែកចាយ​គំនិត​ចំនួន​ពីរ​នៅ​ថ្ងៃ​នេះ ។

ធ្វើ​ឲ្យ​សាមញ្ញ

ទីមួយ ៖ តើ​យើង​កំពុង​ធ្វើ​ឲ្យ​ភាពជា​សិស្ស​របស់​យើង មាន​ភាពលំបាក​ដែរ​ឬ​ទេ ?

ដំណឹងល្អ​ដ៏​ផូរផង់​នេះ គឺ​សាមញ្ញ​ដែល​កូនក្មេង​ក៏​អាច​យល់​បាន ប៉ុន្តែ​មាន​លក្ខណៈ​ស៊ីជម្រៅ និង សាំញ៉ាំ ដែល​អាច​នឹង​ចំណាយ​ពេល​ពេញ​មួយ​ជីវិត—ព្រមទាំង​ពេញ​មួយ​ភាពអស់កល្ប—ដើម្បី​សិក្សា និង ស្រាវជ្រាវ​ឲ្យ​បាន​យល់​យ៉ាង​ពេញលេញ ។

ប៉ុន្តែ​ពេល​ខ្លះ យើង​យក​សម្រស់​ផ្កា​ដ៏​ផូរផង់​នៃ​សេចក្ដីពិត​របស់​ព្រះ ទៅ​ដាក់​នៅ​ក្រោម​គំនិត កម្មវិធី និង ការរំពឹងទុក​របស់​មនុស្ស មួយ​ស្រទាប់​ម្ដងៗ ។ កត្តា​និមួយៗ​នេះ អាច​នឹង​មាន​អត្ថប្រយោជន៍ និង ត្រឹមត្រូវ​ចំពោះ​ពេល​វេលា និង កាលៈទេសៈ​មួយ ប៉ុន្តែ​ពេល​វា​ត្រូវបាន​ដាក់​ត្រួត​ពី​លើ​គ្នា វា​អាច​បង្កើត​បាន​ជា​គំនរ​ភ្នំ​នៃ​កករ​ដែល​ក្លាយ​ជា​ក្រាស់ ហើយ​ធ្ងន់ នោះ​យើង​ប្រឈម​មុខ​នឹង​ការមើល​មិន​ឃើញ​សម្រស់​ផ្កា​ដ៏​ស្រស់​ស្អាត​ដែល​យើង​ធ្លាប់​តែ​ស្រឡាញ់ ។

ដូច្នេះ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ យើង​ត្រូវតែ​ការពារ​សាសនាចក្រ និង ដំណឹងល្អ ឲ្យ​មាន​បរិសុទ្ធភាព និង ភាពជាក់ច្បាស់ ហើយ​ចៀសវាង​ការដាក់​បន្ទុក​ដែល​មិន​ចាំបាច់​ទៅ​លើ​សមាជិក​យើង ។

ចំណែក​យើង​ទាំងអស់​គ្នា ជា​សមាជិក​នៃ​សាសនាចក្រ យើង ត្រូវ​ប្រឹងប្រែង​ដោយ​យក​ចិត្ត​ទុកដាក់ ដើម្បី​លះបង់​ថាមពល និង ពេលវេលា​ចំពោះ​អ្វី​ដែល​ពិត​ជា​ចាំបាច់ ខណៈពេល​ដែល​កំពុង​ស្អាង​មនុស្ស​ជុំវិញ​ខ្លួន​យើង ហើយ​ស្ថាបនា​នគរនៃ​ព្រះ​ឡើង ។

បងស្រី​ម្នាក់ ជា​គ្រូ​បង្រៀន​ថ្នាក់​សមាគម​សង្គ្រោះ ត្រូវបាន​ស្គាល់​ថា​ជា​អ្នក​រៀបចំ​មេរៀន​ដ៏​ពូកែ ។ គ្រា​មួយ គាត់​បាន​សម្រេចចិត្ត​ដេរ​កម្រាល​ដ៏​ស្រស់​ស្អាត​មួយ ដែល​នឹង​ដាក់​ជា​វាំងនន​ពី​ខាង​ក្រោយ ទាក់ទង​នឹង​ប្រធាន​នៃ​មេរៀន​របស់​គាត់ ។ ប៉ុន្តែ​មាន​អ្វី​ជា​ច្រើន​បាន​កើតឡើង—គាត់​ត្រូវ​ទៅ​ទទួល​ក្មេងៗ​ពី​សាលា អ្នក​ជិតខាង​គាត់​ត្រូវការ​ជំនួយ​រើ​ផ្ទះ ស្វាមី​មានជំងឺ​គ្រុន​ក្ដៅ និង មិត្ត​គាត់​មាន​អារម្មណ៍​ឯកោ ។ ថ្ងៃ​ដែល​ត្រូវ​បង្រៀន​មេរៀន​នេះ​បាន​ជិត​មក​ដល់ ចំណែក​កម្រាល​នៅ​មិន​ទាន់​ដេរ​ហើយ​នៅ​ឡើយ ។ ទីបំផុត នៅ​យប់​មុន​ថ្ងៃ​បង្រៀន​មេរៀន​នោះ គាត់​ពុំ​បាន​ចូល​សម្រាន្ត​ឡើយ​ដោយ​ព្រោះ​គាត់​បាន​ដេរ​កម្រាល​ពេញ​មួយ​យប់ ។

លុះ​ស្អែក​ឡើង គាត់​អស់​កម្លាំង ហើយ​ស្ទើរតែ​ពុំ​អាច​រៀបចំ​គំនិត​បាន ប៉ុន្តែ​គាត់​បាន​ឈរ​ឡើង​ដោយ​ក្រៀវក្លា ហើយ​បង្រៀន​មេរៀន​នោះ ។

កម្រាល​នោះ​មាន​សោភណភាព​ទាក់ទាញ—ថ្នេរ​រត់​យ៉ាង​ល្អ រំលេច​ពណ៌​ចម្រុះ មាន​ក្បាច់​លម្អ​ច្រើន ។ ចំណែក​ឯ​នៅ​ចំ​ចំណុច​កណ្ដាល មាន​ពាក្យ​មួយ​ម៉ាត់​លេច​ធ្លោ​ឡើង​ជា​ប្រធានបទ​នៃ​មេរៀន ៖ « ធ្វើ​ឲ្យ​សាមញ្ញ » ។

បងប្អូន​ប្រុស​ស្រី ការរស់នៅ​តាម​ដំណឹងល្អ ពុំ​ចាំបាច់​មាន​ភាពសាំញ៉ាំ​នោះ​ទេ ។

វា​ពិត​ជា​ពុំ​មាន​ភាពស្មុគស្មាញ​ឡើយ ។ វា​អាច​និយាយ​បាន​ដូចនេះ ៖

  • ការស្ដាប់​ព្រះបន្ទូល​ព្រះ​ដោយ​មាន​ចិត្ត​ស្មោះ នាំ​ឲ្យ​យើង​ជឿ​លើ​ព្រះ ហើយ​ទុកចិត្ត​លើ​ការសន្យា​របស់​ទ្រង់ ។3

  • ដរាប​ណា​យើង​កាន់តែ​ជឿ​លើ​ព្រះ នោះ​ចិត្ត​របស់​យើង​កាន់តែ​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់ និង ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។

  • ដោយសារ​យើង​ស្រឡាញ់​ព្រះ នោះ​យើង​មាន​បំណង​ដើរតាម​ទ្រង់ ហើយ​ប្រព្រឹត្ត​ឲ្យ​ស្រប​ទៅ​តាម​ព្រះបន្ទូល​ទ្រង់ ។

  • ដោយសារ​យើង​ស្រឡាញ់​ព្រះ យើង​ចង់​បម្រើ​ទ្រង់ យើង​ចង់​ប្រទានពរ​ដល់​ជីវិត​មនុស្ស​ទូទៅ ហើយ​ជួយ​ជនក្រីក្រ និង អ្នក​ខ្វះខាត ។

  • ដរាប​ណា​យើង​កាន់តែ​ដើរ​នៅ​លើ​មាគ៌ា​នៃ​ភាពជា​សិស្ស​នេះ នោះ​យើង​កាន់តែ​មាន​បំណង​រៀន​អំពី​ព្រះបន្ទូល​ព្រះ ។

វា​ដំណើរ​ដូចនេះ​ឯង ជំហាន​នីមួយៗ​នាំ​ទៅ​រក ហើយ​បំពេញ​យើង​ដោយ​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង សេចក្ដី​សប្បុរស​កើនឡើង​ជា​ដរាប ។

វា​មាន​ភាព​សាមញ្ញ ហើយ​វា​ដំណើរការ​ទៅ​ដោយ​សាមញ្ញ ។

បងប្អូន​ប្រុស​ស្រី បើ​អ្នក​គិត​ថា ដំណឹងល្អ​ពុំ​ផ្ដល់​ប្រយោជន៍​គួរ​សម​ដល់​អ្នក​ទេ ខ្ញុំ​សូម​អញ្ជើញ​អ្នក ឲ្យ​ថយ​ក្រោយបន្ដិច​ ក្រឡេក​មើល​ជីវិត​អ្នក​ពីលើ​ទីខ្ពស់ រួច​​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​មាន​ភាពសាមញ្ញ​ចំពោះ​ភាពជាសិស្ស ។ សូម​ផ្ដោត​អារម្មណ៍​លើ​គោលលទ្ធិ គោលការណ៍​សំខាន់ៗ និង អនុវត្តន៍​នៃ​ដំណឹងល្អ ។ ខ្ញុំ​សូម​សន្យា​ថា ព្រះ​នឹង​ដឹកនាំ ហើយ​ប្រទានពរ​អ្នក​នៅ​លើ​មាគ៌ា​ទៅ​កាន់​ជីវិត​ដ៏​ពេញលេញ ហើយ​ដំណឹងល្អ​នឹង​ពិតជា​ផ្ដល់​ប្រយោជន៍​កាន់តែ​ច្រើន​ដល់​អ្នក ។

ចាប់ផ្ដើម​នៅ​កន្លែង​ដែល​អ្នក​ឈរ​នោះ

យោបល់​ទី​ពីរ​របស់​ខ្ញុំ​គឺ ៖ ចាប់ផ្ដើម​នៅ​កន្លែង​ដែល​អ្នក​ឈរ​នោះ ។

ជួនកាល​យើង​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ព្រោះ​យើង​ពុំ​ទទួល​បាន « កាន់តែច្រើន » ពី​អ្វី​មួយ—ដូចជា​រឿង​ខាង​វិញ្ញាណ មាន​គេ​គោរព មាន​បញ្ញា សុខភាព ទ្រព្យសម្បត្តិ មិត្តភាព ឬ សមត្ថភាព​កាន់តែ​ច្រើន​ជាដើម ។ ជា​ធម្មតា ពុំ​មាន​អ្វី​ខុស​នោះ​ទេ នៅ​ពេល​យើង​ចង់​អភិវឌ្ឍ​ខ្លួន​នោះ ។ ព្រះ​បាន​បង្កើត​យើង​មក ដើម្បី​រីកចម្រើន និង លូតលាស់ ។ ប៉ុន្តែ​សូម​ចងចាំ​ថា ភាពទន់ខ្សោយ​របស់​យើង អាច​ជួយ​យើង​ឲ្យ​បន្ទាបខ្លួន ហើយ​បង្វែរ​យើង​ទៅ​រក​ព្រះគ្រីស្ទ ជា​អង្គ​ដែល​នឹង « ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ » ។4 ផ្ទុយ​ទៅ​វិញ សាតាំង​ប្រើ​ភាពទន់ខ្សោយ​រហូត​យើង​ធ្លាក់​ដល់​ចំណុច​មួយ ដែល​យើង​មិន​ហ៊ាន​សូម្បីតែ​ព្យាយាម ។

ខ្ញុំ​បាន​រៀន​ក្នុង​ជីវិត​ថា យើង​ពុំ​ចាំបាច់​មាន​អ្វីៗ « កាន់តែ​ច្រើន » ដើម្បី​ចាប់ផ្ដើម ប្រែក្លាយ​ជា​បុគ្គល​ដែល​ព្រះ​ទ្រង់​មាន​ព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ​នោះ​ទេ ។

ព្រះ​នឹង​ជួយ​អ្នក​ដូចជា​នៅ​ពេល​នេះ ហើយ​នឹង​ចាប់ផ្ដើម​ធ្វើការ​ជាមួយ​អ្នក ។ អ្វី​ដែល​អ្នក​ត្រូវ​មាន​គឺ ចិត្ត​ចង់​ធ្វើ ការចង់ជឿ និង ការទុកចិត្ត​លើ​ព្រះអម្ចាស់ ។

គេឌាន​បាន​ឃើញ​ថា ខ្លួន​លោក​គឺ​ជា​គ្រួ​ក្រ​ជាង​គេ ជា​អ្នក​តូច​បំផុត​ក្នុង​ផ្ទះ​ឪពុក​លោក ។ ប៉ុន្តែ​ព្រះ​បាន​ទត​ឃើញ​ថា លោក​គឺ​ជា​អ្នក​ពូកែ​ក្លាហាន​ម្នាក់ ។5

នៅ​ពេល​សាំយ៉ូអែល បាន​ជ្រើសរើស សូល ធ្វើ​ជា​ស្ដេច សូល បាន​ព្យាយាម​បដិសេធ ។ សូល ចេញ​ពី​មក​ពូជអំបូរ​តូច​ជាង​គេ​ក្នុង​បណ្ដា​សាសន៍​អ៊ីស្រាអែល ។ តើ​លោក​អាច​ធ្វើ​ជា​ស្ដេច​បាន​យ៉ាង​ដូចម្ដេច​ទៅ ?6 ប៉ុន្តែ​ព្រះ​បាន​ទត​ឃើញ​ថា លោក « មាន​រូប​ឆោម​ល្អ​ណាស់ » ។7

សូម្បី​តែ​ព្យាការី​ម៉ូសេ​ដ៏​ឆ្នើម ក៏​មាន​អារម្មណ៍​សន្ធប់ ហើយ​បាក់​ទឹកចិត្ត​នៅ​គ្រា​មួយ​ដែល​លោក​ចង់​ចុះចាញ់ ហើយ​ចង់​ស្លាប់​ដែរ ។8 ប៉ុន្តែ​ព្រះ​ពុំ​បោះបង់​ម៉ូសេ​ឡើយ ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ បើ​យើង​មើល​មក​ខ្លួន​យើង​តែ​តាម​រយៈ​ភ្នែក​ខាង​សាច់ឈាម យើង​នឹង​មើល​ខ្លួន​ឯង​ពុំ​បាន​ល្អ​នោះ​ទេ ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​យើង ទត​ឃើញ​យើង​ជា​នរណា និង យើង​អាច​ក្លាយ​ជា​អ្វី​យ៉ាង​ពិតប្រាកដ ។ ទ្រង់​ទតឃើញ​ថា​ជា បុត្រា និង បុត្រី​របស់​ទ្រង់ ជា​ពន្លឺ​ដ៏​អស់កល្ប​ដែល​មាន​សក្ដានុពល​ដ៏​យូរ​អង្វែង និង ដែល​មាន​ជោគវាសនា​ជា​ព្រះ ។9

ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ បាន​បើក​ទ្វារ​នៃ​សេចក្ដី​សង្គ្រោះ​ឲ្យ​យើង​ទាំងអស់​គ្នា​ត្រឡប់​ទៅ​ឯ​ព្រះ​វិញ ។ « គុណ​របស់​ទ្រង់​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់ [ ដែល ] បន្ទាប​ខ្លួន​នៅ​ចំពោះ​[ ព្រះ ] 10 ព្រះគុណ​របស់​ទ្រង់ គឺ​ជា​ព្រះចេស្ដា​គាំទ្រ ដែល​អនុញ្ញាត​ឲ្យ​មាន​ដំណើរ​ចូល​ទៅ​កាន់​នគរ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ ។ ដោយសារ​ព្រះគុណ​ទ្រង់ ទើប​យើង​នឹង​រស់ឡើងវិញ ហើយ​បាន​សង្គ្រោះ​ក្នុង​នគរ​នៃ​សិរីល្អ ។

ទោះជា​នគរ​នៃ​សិរីល្អ​ដែល​ទាប​ជាង​គេ ដែល​ជា​នគរ​ទេឡេស្ទាល​នោះ​ក៏ « ហួស​លើស​ពី​អស់​ទាំង​យោបល់ » ដែរ11 ហើយ​មាន​មនុស្ស​ជា​ច្រើន​នឹង​គ្រង​នគរ​នេះ ។12

ប៉ុន្តែ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ អាច​ធ្វើ​ច្រើន​ជាង​នេះ​ទៅ​ទៀត​សម្រាប់​យើង ។ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​ប្រាថ្នា​ចង់​បាន​អ្វី​មួយ​ដែល​កាន់តែ​ប្រសើរ​ពុំ​នឹក​ស្មាន​ដល់ ។ វា​គឺ​ជា​ភាពតម្កើងឡើង​នៅក្នុង​នគរ​សេឡេស្ទាល ។ វា​គឺ​ជា​ជីវិត​អស់កល្ប នៅ​ក្នុង​វត្តមាន​នៃ​ព្រះវរបិតា​គង់នៅ​ស្ថានសួគ៌ ។ វា​គឺ​ជា​អំណោយ​ដ៏​មាន​តម្លៃ​បំផុត​ពី​ព្រះ ។13 នៅ​ក្នុង​នគរ​សេឡេស្ទាល យើង​ទទួលបាន « ភាពពោរពេញ​របស់​ទ្រង់ និង សិរីល្អ​របស់​ទ្រង់ » ។14 ពិតណាស់ គ្រប់​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​មាន នឹង​ត្រូវបាន​ប្រទាន​ដល់​យើង ។15

ភាពតម្កើងឡើង​គឺ​ជា​គោលដៅ​របស់​យើង ភាពជាសិស្ស​គឺ​ជា​ដំណើរ​ជីវិត​យើង ។

នៅ​ពេល​អ្នក​ប្រើ​សេចក្ដី​ជំនឿ​បន្តិចបន្តួច ហើយ​ចាប់ផ្ដើម​បោះជំហាន​ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ដោយ​មាន​ចិត្ត​ស្ងប់ នោះ​ចិត្ត​អ្នក​នឹង​ផ្លាស់ប្ដូរ ។16 ជីវិត​ទាំងស្រុង​របស់​អ្នក​នឹង​ពេញ​ដោយ​ពន្លឺ ។17

ព្រះ​នឹង​ជួយ​អ្នក​ក្លាយ​ជា​អ្វី​មួយ ដែល​មាន​លក្ខណៈ​កាន់តែ​អស្ចារ្យ​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​គិត​ទៅ​ទៀត ។ ហើយ​អ្នក​នឹង​ឃើញ​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ពិត​ជា​ផ្ដល់​ប្រយោជន៍​ក្នុង​ជីវិត​អ្នក​មែន ។ នៅ​កន្លែង​ធ្វើការ ?

វា​ផ្ដល់​ផល​ប្រយោជន៍ !

បងប្អូន​ប្រុស​ស្រី មិត្តភក្ដិ​ជា​ទីស្រឡាញ់ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​នឹង​ផ្ដោត​អារម្មណ៍​ទៅ​លើ « សេចក្តី​ទៀងត្រង់​ខាង​ឯ​ព្រះគ្រីស្ទ »18 ហើយ​អនុញ្ញាត​ឲ្យ​ព្រះគុណ​ទ្រង់​លើក ហើយ​នាំ​យើង​ក្នុង​ដំណើរជីវិត ចេញ​ពី​កន្លែង​ដែល​យើង​ឈរ​ឥឡូវ​នេះ ទៅ​កាន់​ជោគវាសនា​នៃ​ព្រះ​ក្នុង​វត្តមាន​ព្រះវរបិតា​យើង ។

កាល​យើង​ធ្វើ​ដូចនោះ ហើយ​មាន​នរណាម្នាក់​​សួរ​ថា « តើ​ការធ្វើ​ជា​សមាជិក​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ផ្ដល់​ផល​ប្រយោជន៍​ដូចម្ដេច​ខ្លះ​សម្រាប់​អ្នក » យើង​នឹង​អាច​ថ្លែង​ដោយ​មោទនភាព ក្នុងភាព​រាបសារ និង អំណរ​ថា « វា​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​សន្ធឹកសន្ធាប់ ! សូម​អរគុណ​ចំពោះ​សំណួរ​នេះ ! តើ​អ្នក​ចង់​ដឹង​បន្ថែម​ដែរ​ឬ​ទេ ? »

នេះ​គឺ​ជា​សេចក្ដី​សង្ឃឹម សេចក្ដី​អធិស្ឋាន ទីបន្ទាល់ និង ការប្រសិទ្ធ​​​របស់​ខ្ញុំ ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។