ការរកឃើញភាពជាព្រះនៅក្នុងខ្លួន
យើងមកកាន់ផែនដីនេះដើម្បីចិញ្ចឹមបីបាច់ និងរុករកគ្រាប់ពូជនៃនិស្ស័យនៃព្រះដែលមាននៅក្នុងខ្លួនយើង ។
បងប្អូនស្រី ពួកយើងស្រឡាញ់បងប្អូនណាស់ ! ខ្ញុំធ្វើទីបន្ទាល់ថា ជីវិតនេះ គឺជាអំណោយមួយ ។ ព្រះមានផែនការមួយសម្រាប់យើងម្នាក់ៗ ហើយគោលបំណងរបស់យើងម្នាក់ៗមានតាំងពីមុនយើងមកកាន់ផែនដីនេះមកម្ល៉េះ ។
ថ្មីៗនេះ ខ្ញុំបានទទួលស្គាល់អព្ភូតហេតុនៃកំណើតរបស់ទារកម្នាក់មកក្នុងជីវិតរមែងស្លាប់ ថាជាផ្នែកមួយនៃផែនការរបស់ព្រះអម្ចាស់ ។ យើងម្នាក់ៗអភិវឌ្ឍរាងកាយនៅក្នុងផ្ទៃម្ដាយរបស់យើង កាលយើងពឹងផ្អែកទៅលើរូបកាយរបស់គាត់ជាច្រើនខែ ដើម្បីផ្គត់ផ្គង់យើង ។ ប៉ុន្តែនៅទីបំផុត ដំណើរការនៃការចាប់កំណើត--ជាព្រឹត្តការណ៍សំខាន់សម្រាប់ទាំងម្ដាយ និងទារក--បានញែកយើងចេញពីគ្នា ។
នៅពេលទារកចេញមកក្នុងពិភពលោកនេះ បំរែបំរួលសីតុណ្ហភាព និងពន្លឺ ព្រមទាំងការប្រលែងសម្ពាធពីដើមទ្រូងរបស់ទារក នាំឲ្យទារកនោះចាប់ផ្ដើមដកដង្ហើមជាលើកដំបូង ។ សួតតូចៗទាំងនោះបានបំពេញដោយខ្យល់ភ្លាមនៅគ្រាដំបូង សរីរាង្គនានាចាប់ផ្ដើមមានសកម្មភាព ហើយទារកចាប់ផ្ដើមដកដង្ហើម ។ នៅពេលទងផ្ចិតត្រូវគេបានចង តំណជីវិតរវាងម្ដាយ និងទារក បានបែកចេញពីគ្នាជារៀងរហូត ហើយជីវិតរបស់ទារកបានចាប់ផ្ដើមនៅលើផែនដី ។
យ៉ូបបានពោលថា « ព្រះវិញ្ញាណនៃព្រះបានបង្កើតខ្ញុំ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តាបានប្រោសឲ្យខ្ញុំមានជីវិត » ។1
យើងមកកាន់ពិភពលោកនេះ « នាំយកសិរីល្អខ្លះពីស្ថានសួគ៌ » មកជាមួយ ។2 « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក» បង្រៀនថា យើងម្នាក់ៗ « ជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះបិតាមាតាសួគ៌ » ហើយ « យើងម្នាក់ៗមាន « និស្ស័យ និងជោគវាសនានៃព្រះ » ។3 ព្រះវរបិតាសួគ៌បានចែកចំណែកមួយនៃភាពជាព្រះរបស់ទ្រង់ជាមួយនឹងយើងដោយសប្បុរស ។ និស្ស័យនៃព្រះនោះ កើតមានជាអំណោយទានមួយមកពីទ្រង់ជាមួយនឹងក្ដីស្រឡាញ់មួយដែលមានតែឪពុកម្ដាយប៉ុណ្ណោះទើបដឹង ។
យើងមកកាន់ផែនដីនេះដើម្បីចិញ្ចឹមបីបាច់ និងរុករកគ្រាប់ពូជនៃនិស្ស័យនៃព្រះដែលមាននៅក្នុងខ្លួនយើង ។
យើងដឹងពីហេតុផល
អេលីន ខានុន ជាអតីតប្រធានយុវនារីទូទៅ បានមានថ្លែងថា « នៅក្នុងជីវិតរបស់ស្ត្រីគឺមានថ្ងៃសំខាន់ពីរ ៖ ថ្ងៃដែលនាងកើតមក និងថ្ងៃដែលនាងដឹងពីហេតុផល » ។4
យើងដឹងពីហេតុផល ។ យើងកើតមកលើផែនដីនេះដើម្បីជួយស្ថាបនានគររបស់ទ្រង់ ហើយរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ យើងព្យាយាមធ្វើតាមទ្រង់គ្រប់ដង្ហើមចេញចូលរបស់យើង ។ និស្ស័យនៃព្រះដែលមាននៅក្នុងខ្លួនយើងម្នាក់ៗ ត្រូវបានបន្សុទ្ធ ហើយតម្កើងឡើងដោយកិច្ចខិតខំដែលយើងធ្វើដើម្បីខិតទៅកាន់តែជិតព្រះបិតា និងព្រះរាជបុត្រាទ្រង់ ។
និស្ស័យនៃព្រះរបស់យើង គឺពុំទាក់ទងនឹងការសម្រេចបានជោគជ័យផ្ទាល់ខ្លួនរបស់យើង ដូចជា ឋានៈដែលយើងមាន ចំនួនការរត់ប្រណាំងដែលយើងរត់ ឬប្រជាប្រិយភាព និងភាពជឿជាក់លើខ្លួនរបស់យើងនោះទេ ។ និស្ស័យនៃព្រះរបស់យើងកើតមកពីព្រះ ។ វាបានបង្កើតឡើងនៅក្នុងជីវិតមួយពីមុនកំណើតរបស់យើង ហើយនឹងបន្ដរហូតដល់អស់កល្បជានិច្ច ។
យើងត្រូវបានស្រឡាញ់
យើងសម្គាល់នូវនិស្ស័យនៃព្រះរបស់យើង នៅពេលយើងផ្ដល់ និងទទួលអារម្មណ៍នៃក្ដីស្រឡាញ់របស់ព្រះបិតាដែលគង់នៅស្ថានសួគ៌របស់យើង ។ យើងមានសិទ្ធិសេរីភាពដើម្បីបីបាច់វា ឲ្យរីកលូតលាស់ ។ ពេត្រុសបានពោលថា យើងត្រូវបាន « ប្រទានសេចក្តីសន្យាដ៏ធំបំផុត » ឲ្យ ដើម្បីយើង « បានចំណែកជានិស្ស័យនៃព្រះ » ។5 នៅពេលយើងយល់ថាខ្លួនយើងជានរណា--ជាបុត្រីនៃព្រះ-- នោះយើងចាប់ផ្ដើមយល់អំពីសេចក្ដីសន្យាដ៏ធំបំផុតទាំងឡាយនោះ ។
ការមើលទៅក្រៅបង្អួច មិនគ្រាន់តែមើលទៅក្នុងកញ្ចក់ អនុញ្ញាតឲ្យយើងមើលឃើញខ្លួនយើងដូចជាទ្រង់ ។ យើងងាកទៅរកទ្រង់ក្នុងការអធិស្ឋានដោយធម្មតា ហើយយើងចង់អានព្រះបន្ទូលទ្រង់ ហើយធ្វើតាមព្រះទ័យទ្រង់ ។ យើងអាចទទួលអារម្មណ៍មានតម្លៃផ្ទាល់ខ្លួនមកពីទ្រង់ ជាជាងមកពីមនុស្សក្នុងពិភពលោកនៅជុំវិញយើង ឬអ្នកនៅក្នុង Facebook ឬ Instagram ។
បើអ្នកមានចម្ងល់អំពីនិស្ស័យនៃព្រះនៅក្នុងខ្លួនអ្នក សូមលុតជង្គង់ចុះអធិស្ឋាន ហើយទូលសួរទៅព្រះវរបិតាសួគ៌ថា « តើខ្ញុំម្ចាស់ពិតជាបុត្រីរបស់ទ្រង់មែនឬ ហើយតើទ្រង់ស្រឡាញ់ខ្ញុំម្ចាស់ដែរទេ ? អែលឌើរ អិម រ័សុល បាឡឺដ បានថ្លែងថា « សារលិខិតដ៏ផ្អែមល្ហែមបំផុតមួយ ដែលព្រះវិញ្ញាណនឹងទំនាក់ទំនងទៅអ្នក គឺជារបៀបដែលព្រះអម្ចាស់មានព្រះទ័យចំពោះអ្នក » ។6
យើងជារបស់ផងទ្រង់ ។ ប៉ុល បានពោលថា « ព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ » ។7 ជាញឹកញាប់ ចម្រៀងដំបូងរបស់កុមារ ដែលយើងច្រៀងគឺបទ « ខ្ញុំជាកូនរបស់ព្រះ » ។8 ឥឡូវជាពេលដើម្បីយកឃ្លាដ៏មានន័យ « ខ្ញុំជាកូនរបស់ព្រះ » មកបន្ថែមពាក្យ « ហេតុដូច្នោះហើយ តើខ្ញុំត្រូវធ្វើយ៉ាងណា ? » យើងអាចនឹងសួរសំណួរដូចតទៅនេះ ៖ « តើខ្ញុំនឹងធ្វើអ្វីខ្លះ ដើម្បីខ្ញុំអាចរស់នៅឲ្យសមជាកូនរបស់ព្រះ ? » « តើខ្ញុំអាចអភិវឌ្ឍនិស្ស័យនៃព្រះ ដែលមាននៅក្នុងខ្លួនខ្ញុំយ៉ាងដូចម្ដេច ? »
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានថ្លែងថា « ព្រះបានបញ្ជូនអ្នកមកទីនេះដើម្បីរៀបចំសម្រាប់អនាគតមួយដ៏ល្អប្រសើរលើសពីអ្វីដែលអ្នកអាចនឹកគិតដល់ទៅទៀត » ។9 មួយថ្ងៃម្ដងៗ អនាគតនោះ នឹងមានជីវិតឡើង នៅពេលអ្នកធ្វើច្រើនជាងគ្រាន់តែមានវា ហើយវាកើតមានយ៉ាងរស់រវើក នៅពេលអ្នករស់នៅដើម្បីបំពេញតាមរង្វាស់នៃការបង្កបង្កើតរបស់អ្នក ។ ការណ៍នេះយាងឲ្យព្រះអម្ចាស់ចូលមកក្នុងជីវិតរបស់អ្នក ហើយអ្នកចាប់ផ្ដើមទុកឲ្យព្រះទ័យទ្រង់ក្លាយជាឆន្ទៈរបស់អ្នក ។
យើងរៀនដោយសារតែនិស្ស័យនៃព្រះរបស់យើង
និស្ស័យនៃព្រះដឹកនាំឲ្យយើងមានបំណងប្រាថ្នាចង់ដឹងសេចក្ដីពិតដ៏អស់កល្បទាំងនេះដោយខ្លួនយើង ។
ថ្មីៗនេះមានយុវនារីម្នាក់ឈ្មោះ អាមី បានបង្រៀនខ្ញុំមេរៀននេះ ពេលនាងសរសេរ ៖ « សព្វថ្ងៃនេះការធ្វើជាយុវវ័យម្នាក់គឺមានការលំបាកណាស់ ។ ផ្លូវកាន់តែតូចចង្អៀត ។ សាតាំងពិតជាព្យាយាមខ្លាំងណាស់ ។ វាមានតែត្រូវ ឬខុសប៉ុណ្ណោះព្រោះគ្មានអ្វីនៅកណ្ដាលទេ ។
នាងបានបន្ដ ៖ « មិត្តល្អ ពេលខ្លះពិបាករកណាស់ ។ សូម្បីពេលអ្នកគិតថា អ្នកមានមិត្តល្អដែលនឹងមិនចាកចេញ តែវាអាចផ្លាស់ប្ដូរបានដោយសារមូលហេតុណាមួយ ។ នោះជាហេតុដែលខ្ញុំរីករាយយ៉ាងខ្លាំង ដែលខ្ញុំមានគ្រួសារ ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ដែលអាចធ្វើជាដៃគូរបស់ខ្ញុំ នៅពេលណាមានបញ្ហាជាមួយនឹងមិត្តភក្ដិ » ។
អាមី បានបន្ដទៀត ៖ « យប់មួយ ខ្ញុំមានបញ្ហា ។ ខ្ញុំបានប្រាប់បងស្រីខ្ញុំថា ខ្ញុំមិនដឹងត្រូវធ្វើយ៉ាងណាទេ » ។
ក្រោយមក នាយប់នោះ បងស្រីនាងបានផ្ញើសារឲ្យនាង ដោយដកស្រង់ពាក្យរបស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ពេលលោកបានថ្លែង ៖ « កុំរាថយ ។ … កុំឈប់ ។ អ្នកត្រូវបន្ដដើរទៅមុខទៀត ។ អ្នកត្រូវបន្ដព្យាយាម ។ មានជំនួយ និងសុភមង្គលនៅខាងមុខ ។ …នៅទីបំផុតវានឹងបានប្រសើរឡើង ។ សូមទុកចិត្តព្រះ ហើយជឿថារឿងល្អៗនឹងកើតឡើង »។10
អាមី បានពន្យល់ថា ៖ « ខ្ញុំបានចងចាំការអាននោះ ហើយបានអធិស្ឋានទូលសូមឲ្យខ្ញុំមានអារម្មណ៍នូវក្ដីស្រឡាញ់ពីព្រះ បើទ្រង់ពិតជាគង់នៅទីនោះសម្រាប់ខ្ញុំមែន » ។
នាងបាននិយាយ៖ «កាលខ្ញុំបានទូលសូម ហើយជឿថា ទ្រង់គង់នៅទីនោះភ្លាមស្រាប់តែខ្ញុំមានអារម្មណ៍រីករាយ កក់ក្ដៅជាទីបំផុត ។ រកពាក្យមកថ្លែងពុំបានឡើយ ។ ខ្ញុំដឹងថាទ្រង់គង់នៅទីនោះ ហើយថាទ្រង់ស្រឡាញ់ខ្ញុំ » ។
ដោយសារអ្នកគឺជាបុត្រីទ្រង់ នោះទ្រង់ជ្រាបថាអ្នកអាចប្រែក្លាយជាយ៉ាងណា ។ ទ្រង់ជ្រាបពីភាពភ័យខ្លាច និងសុបិន្តរបស់អ្នក ។ ទ្រង់គាប់ព្រះទ័យនឹងសក្ដានុពលរបស់អ្នក ។ ទ្រង់រង់ចាំអ្នកឲ្យមករកទ្រង់ក្នុងការអធិស្ឋាន ។ ដោយសារអ្នកជាបុត្រីទ្រង់ នោះទ្រង់ត្រូវការអ្នកដូចជាអ្នកត្រូវការទ្រង់ដែរ ។ អ្នកទាំងឡាយដែលអង្គុយនៅជុំវិញអ្នកក្នុងការប្រជុំនេះ ត្រូវការអ្នក ។ ពិភពលោកនេះត្រូវការអ្នក ហើយនិស្ស័យនៃព្រះរបស់អ្នក អនុញ្ញាតឲ្យអ្នកធ្វើជាសិស្សជាទីទុកព្រះទ័យរបស់ទ្រង់ចំពោះកូនចៅទាំងអស់របស់ទ្រង់ ។ នៅពេលណាយើងចាប់ផ្ដើមមើលឃើញភាពជាព្រះនៅក្នុងខ្លួនយើង នោះយើងអាចមើលឃើញវានៅក្នុងខ្លួនអ្នកដទៃដែរ ។
យើងបម្រើដោយសារតែនិស្ស័យនៃព្រះរបស់យើង
និស្ស័យនៃព្រះដឹកនាំយើងឲ្យមានបំណងប្រាថ្នាចង់បម្រើអ្នកដទៃ ។
ថ្មីៗនេះ សារ៉ុន អ៊ូប៊ែង ជានាយកសេវាកម្មមនុស្សធម៌ និងសប្បុរសធម៌ពួកបរិសុទ្ធថ្ងៃចុងក្រោយ បានប្រាប់អំពីបទពិសោធន៍មួយដែលអែលឌើរ គ្លីន អិល ផេស បានចែកចាយ ។ មានគ្រោះទុរភិក្ស និងគ្រោះរាំងស្ងួតកំពុងសាយភាយនៅក្នុង អេធីយ៉ូពី នៅពាក់កណ្ដាលទសវត្សរ៍ ១៩៨០ ។ ដើម្បីផ្ដល់ជំនួយ កន្លែងផ្ដល់អាហារជាទឹក និងអាហារ ត្រូវបានបង្កើតឡើងសម្រាប់អ្នកទាំងឡាយដែលអាចមកបាន ។ មានបុរសស្រេកឃ្លានដ៏ចំណាស់ម្នាក់បានដើរចម្ងាយយ៉ាងឆ្ងាយមកកន្លែងចែកអាហារ ។ កាលគាត់បានដើរកាត់ភូមិមួយ គាត់ក៏បានឮសំឡេងទារកយំ ។ គាត់បានខំដើររករហូតគាត់បានឃើញទារកតូចនោះអង្គុយនៅលើដីជិតសពម្ដាយខ្លួន ។ បុរសនោះបានលើកបីទារក ហើយបន្ដដើរ ចម្ងាយ ៤០គ.ម ទៅកន្លែងចែកអាហារ ។ កាលគាត់មកដល់ ពាក្យដំបូងដែលគាត់ពោលឡើងគឺពុំមែនថា « ខ្ញុំឃ្លាន » ឬ « ជួយខ្ញុំផង » នោះទេ ។ ប៉ុន្តែគាត់បានពោលថា « តើមានអ្វីសម្រាប់ទារកតូចនេះទេ ? »11
និស្ស័យនៃព្រះនៅក្នុងខ្លួនយើងបញ្ឆេះបំណងប្រាថ្នារបស់យើងឲ្យឈោងទៅជួយអ្នកដទៃ ហើយបំផុសយើងឲ្យធ្វើសកម្មភាព ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អាចជួយយើងរកបានកម្លាំងដើម្បីធ្វើដូច្នោះបាន ។ តើព្រះអម្ចាស់សួរដល់យើងថា « តើមានអ្វីសម្រាប់បុត្រីនេះ បងប្រុសនេះ ឪពុករូបនេះ ឬមិត្តរូបនេះទេ ?
មានតែតាមរយៈការខ្សឹបប្រាប់នៃព្រះវិញ្ញាណប៉ុណ្ណោះ ទើបនិស្ស័យនៃព្រះរបស់អ្នកសង្ស័យ បន្ទាប់ពីការដកដង្ហើមលើកដំបូង អាចរកឃើញក្ដីសុខសាន្ដដើម្បីដកដង្ហើមម្ដងទៀតបាន ។
នៅពេលព្យាការីថ្លែង ពាក្យរបស់លោកឮសូរជាមួយនឹងនិស្ស័យនៃព្រះរបស់យើង ហើយផ្ដល់កម្លាំងឲ្យយើងធ្វើតាម ។
ការទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍ នាំយកក្ដីសង្ឃឹមទៅរកភាពជាព្រះនៅក្នុងខ្លួនយើង ហើយយើងចងចាំព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំសន្យាថា នៅពេលអ្នកព្យាយាមរកមើលពីជម្រៅនៃនិស្ស័យនៃព្រះ ដែលមាននៅក្នុងខ្លួនអ្នក នោះអ្នកនឹងចាប់ផ្ដើមតម្កើងបន្ថែមនូវអំណោយទានដ៏មានតម្លៃរបស់អ្នក ។ ចូរឲ្យវាដឹកនាំអ្នកឲ្យប្រែក្លាយជាបុត្រីរបស់ទ្រង់ ដោយដើរនៅលើផ្លូវត្រឡប់ទៅរកទ្រង់វិញ —ជាកន្លែងដែលយើងនឹង « ត្រូវបានជូនទៅឯព្រះអង្គដែលបានប្រទានដង្ហើមដល់ [ យើង ] » ។12 នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។