ចូរឲ្យសំឡេងត្រែដ៏គ្រលួចបន្លឺឡើង
ពិភពលោកត្រូវការពួកសិស្សនៃព្រះគ្រីស្ទ ដែលអាចផ្សព្វផ្សាយសារលិខិតនៃដំណឹងល្អដោយច្បាស់ៗ និង ចេញពីដួងចិត្ត ។
កាលពីរដូវក្តៅឆ្នាំមុន មានចៅប្រុសតូចៗពីរនាក់របស់ពួកខ្ញុំបាននៅជាមួយភរិយាខ្ញុំ និង រូបខ្ញុំ អំឡុងពេលឪពុកម្តាយរបស់ពួកគេចូលរួមសកម្មភាពព្យុហយាត្រាអ្នកត្រួសត្រាយនៅក្នុងស្តេករបស់ខ្លួន ។ កូនស្រីរបស់យើងចង់ដឹងប្រាកដថា កូនៗរបស់នាងបានហាត់សមលេងព្យាណូអំឡុងពេលដែលពួកគេនៅឆ្ងាយពីផ្ទះ ។ នាងបានដឹងថា ការស្នាក់នៅពីរបីថ្ងៃជាមួយតាយាយនោះ អាចធ្វើឲ្យងាយនឹងភ្លេចអំពីការហាត់សម ។ នៅរសៀលមួយ ខ្ញុំបានសម្រេចចិត្តអង្គុយជាមួយចៅប្រុសអាយុ ១៣ឆ្នាំរបស់ខ្ញុំ អែនឌ្រូ ហើយស្តាប់គាត់លេងព្យាណូ ។
ចៅប្រុសម្នាក់នេះពោរពេញដោយកម្លាំង ហើយចូលចិត្តសកម្មភាពខាងក្រៅផ្ទះ ។ គាត់អាចចំណាយពេលទាំងអស់របស់ខ្លួនដោយងាយដើម្បីបរបាញ់សត្វ និង ស្ទូចត្រី ។ អំឡុងពេលគាត់ហាត់សមលេងព្យាណូ ខ្ញុំអាចប្រាប់អ្នកថាគាត់ចង់ទៅស្ទូចត្រីនៅទន្លេក្បែរនោះជាង ។ ខ្ញុំបានស្តាប់ នៅពេលគាត់ចុចខ្ទង់ព្យាណូខ្លាំងៗនូវបទដែលមួយដែលគាត់ចេះ ។ គ្រប់អក្សរភ្លេងដែលគាត់បានលេង មានការសង្កត់សំឡេង និង ចង្វាក់ ដែលធ្វើឲ្យពិបាករកឃើញច្បាស់នូវសំឡេងមេឡូឌី ។ ខ្ញុំអង្គុយលើកៅអីក្បែរគាត់ ហើយពន្យល់ពីសារៈសំខាន់នៃការចុចឲ្យខ្លាំងបន្តិចទៀតលើខ្ទង់សំឡេងមេឡូឌី ហើយចុចបន្ថយបន្តិចលើអក្សរភ្លេងដែលអមជាមួយសំឡេងមេឡូឌី ។ យើងបានជជែកគ្នាថាព្យាណូ គឺជាឧបករណ៍ដែលលើសពីឧបករណ៍មេកានិចមួយទៅទៀត ។ វាអាចជាឧបករណ៍ដែលបង្អូសសំឡេងរបស់គាត់ និង ធ្វើឲ្យអារម្មណ៍គាត់អន្លង់អន្លោច ព្រមទាំងក្លាយជាឧបករណ៍ទំនាក់ទំនងមួយដ៏អស្ចារ្យ ។ សំឡេងមេឡូឌីគួរតែរលូននៅពេលយើងប្តូរពីអក្សរភ្លេងមួយទៅអក្សរមួយទៀត គឺដូចជាមនុស្សម្នាក់ដែលនិយាយ ហើយប្តូរពីមួយពាក្យទៅមួយពាក្យទៀតយ៉ាងរលូនដូច្នោះដែរ ។
យើងបានសើចជាមួយគ្នា នៅពេលគាត់បានព្យាយាមលេងម្តងហើយម្តងទៀត ។ នៅពេលសំឡេងមេឡូឌីដែលគាត់ចេះនេះបានចាប់ផ្តើមឮ ខុសពីសំឡេងឮខ្លាំងៗពីមុន នោះគាត់ញញឹមកាន់តែខ្លាំង ។ សំឡេងបទនោះបានឮកាន់តែច្បាស់ ៖ « ខ្ញុំជាកូនរបស់ព្រះ ហើយទ្រង់បានចាត់ខ្ញុំមក » ។១ ខ្ញុំបានសួរអែនឌ្រូ ប្រសិនបើគាត់អាចទទួលអារម្មណ៍ពីទំនុកបទនោះ ។ គាត់បានឆ្លើយថា « បាទលោកតា ចៅទទួលអារម្មណ៍ពីវាហើយ ! »
សាវកប៉ុលបានបង្រៀនអំពី ការប្រៀបធៀបនៃពាក្យសម្តីទៅនឹងឧបករណ៍តន្ត្រី នៅពេលលោកបានសរសេរលិខិតទៅពួកកូរិនថូស ៖
« ឯរបស់ឥតជីវិតទាំងប៉ុន្មានដែលមានចេញសូរ ទោះបើជាខ្លុយ ឬ ស៊ុងក្តី បើមិនមានឮខ្ពស់ទាប នោះធ្វើដូចម្តេចឲ្យដឹងថាផ្លុំ ឬ ចាប់លេងបទណាទៅបាន ?
« ឯត្រែ ក៏ដូចគ្នា បើឮសូរមិនច្បាស់ នោះតើនឹងមានអ្នកណាប្រុងប្រៀបខ្លួនទៅច្បាំងបាន ? »២
សម័យបច្ចុប្បន្ននេះគឺជាសម័យមួយ ដែលពិភពលោកនេះត្រូវការពួកសិស្សនៃព្រះគ្រីស្ទ ដែលប្រកាសសារលិខិតនៃដំណឹងល្អដោយច្បាស់ៗ និង ចេញពីដួងចិត្ត ។ យើងត្រូវការការហៅដ៏គ្រលួចនៃសំឡេងត្រែ ។
ព្រះគ្រីស្ទគឺពិតជាគំរូដ៏ល្អបំផុតសម្រាប់យើង ។ ទ្រង់បានបង្ហាញសេចក្តីក្លាហានដើម្បីការពារអ្វីដែលត្រឹមត្រូវ ។ ព្រះបន្ទូលរបស់ទ្រង់គឺដូចពីជំនាន់មុនដែរ នៅពេលទ្រង់អញ្ជើញយើងឲ្យចងចាំដោយស្រឡាញ់ព្រះ និង បងប្អូនរបស់យើង ឲ្យគោរពព្រះបញ្ញត្តិទាំងអស់របស់ព្រះ ហើយរស់នៅដូចជាពន្លឺដល់ពិភពលោក ។ ទ្រង់ពុំភ័យខ្លាច ដើម្បីមានបន្ទូលប្រឆាំងនឹងអ្នកមានអំណាច ឬ អ្នកគ្រប់គ្រងលើផែនដីនេះនៅជំនាន់របស់ទ្រង់ឡើយ ទោះបីជាអ្នកមានអំណាច ឬ អ្នកគ្រប់គ្រងទាំងនោះ បានប្រឆាំងនឹងបេសកកម្មរបស់ទ្រង់ដែលបានប្រទានដល់ទ្រង់ដោយព្រះវរបិតាសួគ៌របស់ទ្រង់ ។ ព្រះបន្ទូលរបស់ទ្រង់ពុំបានថ្លែងឡើងដើម្បីបំភាន់មនុស្សឡើយ ប៉ុន្តែដើម្បីផ្លាស់ប្តូរដួងចិត្តមនុស្សវិញ ។ ទ្រង់ស្គាល់ព្រះឆន្ទៈរបស់ព្រះវរបិតាទ្រង់ច្បាស់ នៅក្នុងគ្រប់បន្ទូល និង ទង្វើដែលទ្រង់បានធ្វើ ។
ខ្ញុំក៏ស្រឡាញ់គំរូរបស់ពេត្រុសផងដែរ ដែលបានលួងលោមមនុស្សនៃលោកិយនេះដោយសេចក្តីក្លាហាន និង ច្បាស់លាស់នៅបុណ្យថ្ងៃទីហាសិប ។ នៅថ្ងៃនោះមនុស្សជាច្រើន មកពីប្រទេសនានាបានមកជួបជុំគ្នា រិះគន់ដល់ពួកបរិសុទ្ធជំនាន់ដើម ដោយសារពួកគេបានស្តាប់ឮពួកបរិសុទ្ធនោះនិយាយជាភាសាខ្លួន ហើយបានគិតថាពួកគេស្រវឹងស្រា ។ នោះពេត្រុសដោយមានព្រះវិញ្ញាណគង់នៅក្នុងខ្លួនគាត់ បានក្រោកឈរឡើងការពារសាសនាចក្រ និង សមាជិកទាំងនោះ ។ លោកបានថ្លែងទីបន្ទាល់ដោយថ្លែងពាក្យទាំងនេះ ៖ « ឱពួកសាសន៍យូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាអើយ សូមឲ្យអ្នករាល់គ្នាដឹងសេចក្តីនេះ ហើយប្រុងស្តាប់ពាក្យខ្ញុំចុះ » ។៣
ក្រោយមកលោកបានដកស្រង់ខគម្ពីរ ដែលមានការព្យាករណ៍អំពីព្រះគ្រីស្ទ ហើយបានថ្លែងទីបន្ទាល់ចំៗថា ៖ « ដូច្នេះ ចូរឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់ដឹងជាប្រាកដថា ព្រះទ្រង់បានលើកព្រះយេស៊ូវនេះដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទផង » ។៤
មនុស្សជាច្រើនបានស្តាប់ឮពាក្យទាំងនេះ ហើយបានទទួលអារម្មណ៍ពីព្រះវិញ្ញាណ ហើយមនុស្ស ៣០០០នាក់បានក្លាយជាសមាជិកសាសនាចក្រនៅជំនាន់ដើមនោះ ។ នេះគឺជាភស្តុតាងដ៏មានឥទ្ធិពល ដែលបុរស ឬ ស្ត្រីម្នាក់ ដែលមានឆន្ទៈថ្លែងទីបន្ទាល់ ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរ នៅពេលពិភពលោកនេះហាក់បីដូចជាចាប់ផ្តើមយល់ខុសពីសាសនាចក្រ ។
នៅពេលយើងជាសមាជិកធ្វើការសម្រេចចិត្តដើម្បីការពារ ហើយធ្វើជាសាក្សីដ៏មានឥទ្ធិពលចំពោះគោលលទ្ធិរបស់ព្រះ និង សាសនាចក្ររបស់ទ្រង់ នោះនឹងមានការផ្លាស់ប្តូរនៅក្នុងខ្លួនយើង ។ យើងលើកព្រះភក្ត្ររបស់ទ្រង់ដាក់លើមុខយើង ។ យើងខិតកាន់តែជិតនឹងព្រះវិញ្ញាណរបស់ទ្រង់ ។ ទ្រង់នឹងយាងទៅពីមុខយើង ហើយនឹងនៅ « ខាងស្ដាំដៃ[ យើង ] ហើយខាងឆ្វេងដៃ[ យើង ] ហើយព្រះវិញ្ញាណ [ របស់ទ្រង់ ] នឹងសណ្ឋិតនៅក្នុងដួងចិត្ត [ យើង ] ហើយពួកទេវតា [ របស់ទ្រង់ ]នៅព័ទ្ធជុំវិញ [ យើង ] ដើម្បីទ្រ [ យើង ] ឡើង » ។៥
កូនសិស្សពិតប្រាកដរបស់ព្រះគ្រីស្ទ នឹងពុំស្វែងរកការដោះសារចំពោះគោលលទ្ធិ ដែលវាពុំត្រូវនឹងគំនិតបច្ចុប្បន្នរបស់ពិភពលោកនេះឡើយ ។ ប៉ុលគឺជាសិស្សក្លាហានម្នាក់ផ្សេងទៀត ដោយបានប្រកាសយ៉ាងអង់អាចថា លោកគ្មាន « សេចក្តីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ » ។៦ កូនសិស្សពិតធ្វើជាតំណាងដល់ព្រះអម្ចាស់ ទោះបីជាពុំមានភាពងាយស្រួលដើម្បីធ្វើដូច្នោះក៏ដោយ ។ កូនសិស្សពិតមានបំណងបំផុសដួងចិត្តមនុស្ស ពុំមែនបង្អាក់ចិត្តគេនោះទេ ។
ជារឿយៗ វាពុំងាយស្រួល ឬ ស្រណុកឡើយដើម្បីឈរការពារចំពោះព្រះគ្រីស្ទនោះ ។ ខ្ញុំដឹងជាប្រាកដថា នេះជាករណីរបស់ប៉ុល នៅពេលដែលលោកត្រូវបានហៅទៅចំពោះព្រះភក្ត្រព្រះរាជាអ័គ្រីប៉ា ហើយត្រូវបានសុំឲ្យបញ្ជាក់ពីភាពត្រឹមត្រូវ និង ប្រាប់ពីរឿងរបស់ខ្លួន ។ ដោយពុំស្ទាក់ស្ទើរឡើយ ប៉ុលបានប្រកាសពីជំនឿរបស់លោក ជាមួយនឹងព្រះចេស្តាដដែលនោះជា ស្តេចដែលគម្រាមសម្លុតនេះបានសារភាពថា លោក « ស្ទើរតែ » ត្រូវគេបៀតបៀនដោយសារតែធ្វើជាគ្រិស្តសនិក ។
ចម្លើយរបស់ប៉ុលបានធ្វើជាសាក្សីពីបំណងប្រាថ្នារបស់លោក ដើម្បីឲ្យមនុស្សយល់ យ៉ាងច្បាស់ ពីអ្វីដែលលោកបាននិយាយ ។ លោកបានទូលព្រះរាជាអ័គ្រីប៉ាថា វាគឺជាបំណងប្រាថ្នារបស់លោក ដែលថាមនុស្សទាំងអស់ដែលស្តាប់លោកនឹងក្លាយជាគ្រិស្តសនិក « ទាំងអស់ » ឡើយ ផ្ទុយទៅវិញ « ទាំងអស់គ្នា » នឹងក្លាយជាកូនសិស្សនៃព្រះគ្រីស្ទ ។៧ អស់អ្នកដែលនិយាយយ៉ាងច្បាស់បែបនេះ អាចនាំការណ៍នេះឲ្យសម្រេចបានជាប្រាកដមែន ។
អស់ពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានសិក្សារឿងនៃការសុបិនរបស់លីហៃនៅក្នុងព្រះគម្ពីរមរមន៨ នោះខ្ញុំគិតជានិច្ចអំពីអាគារដ៏ធំ ហើយទូលាយនោះថាវាជាកន្លែងមួយដែលភាគច្រើនមានតែអ្នកប៉ះបោររស់នៅប៉ុណ្ណោះ ។ មានមនុស្សពេញអគារនោះ សើចចំអក ហើយចង្អុលមកពួកអ្នកស្មោះត្រង់ដែលកាន់ដំបងដែង ដែលតំណាងឲ្យព្រះបន្ទូលនៃព្រះ ហើយពួកគេបានធ្វើដំណើរទៅរកដើមជីវិត ដែលតំណាងឲ្យសេចក្តីស្រឡាញ់នៃព្រះ ។ មនុស្សមួយចំនួនពុំអាចស៊ូទ្រាំក្រោមសម្ពាធនៃការចំអកឡកឡឺយរបស់មនុស្សទាំងនោះចំពោះពួកគេឡើយ ហើយបានវង្វេងផ្លូវ ។ អ្នកខ្លះទៀតបានសម្រេចចិត្តចូលរួមជាមួយអ្នកចំអកដែលនៅក្នុងអគារនោះ ។ តើពួកគេគ្មានសេចក្តីក្លាហាន ដើម្បីនិយាយដោយអង់អាចប្រឆាំងនឹងការរិះគន់ ឬ សារលិខិតនៃលោកិយនេះឬ ?
នៅពេលខ្ញុំមើលទៅពិភពលោកបច្ចុប្បន្ននេះ វាកំពុងតែឃ្លាតឆ្ងាយពីព្រះ នោះខ្ញុំគិតថាអគារនេះគឺកំពុងរីកទំហំធំឡើង ។ មនុស្សជាច្រើនឃើញថាពួកគេកំពុងវង្វេងផ្លូវក្នុងអគារដ៏ធំ ហើយទូលាយនោះ ដោយពុំទទួលស្គាល់ថាពួកគេកំពុងតែក្លាយជាផ្នែកមួយនៃវប្បធម៌របស់អគារនោះឡើយ ។ ជាញឹកញាប់ ពួកគេទោរទន់ទៅរកការល្បួង និង សារលិខិតទាំងនោះ ។ ទីបំផុតយើងឃើញថាពួកគេសើចចំអក ឬ ចូលរួមជាមួយអស់អ្នកដែលរិះគន់ ឬ សើចឡកឡឺយនោះ ។
អស់ពេលជាច្រើនឆ្នាំមកនេះ ខ្ញុំបានគិតថាហ្វូងមនុស្សដែលសើចចំអកនោះ កំពុងតែឡកឡើយពីរបៀបរស់នៅរបស់ពួកអ្នកស្មោះត្រង់ ប៉ុន្តែសំឡេងឮចេញពីអគារនោះនាពេលបច្ចុប្បន្ននេះ បានផ្លាស់ប្តូរសូរស័ព្ទ និង យុទ្ធសាស្ត្ររបស់វា ។ ជាញឹកញាប់ អស់អ្នកដែលចំអកឡកឡឺយព្យាយាមវាយឆ្មក់តាមរយៈសារលិខិតសាមញ្ញនៃដំណឹងល្អ ដោយវាយប្រហារលើទិដ្ឋភាពមួយចំនួននៃប្រវត្តិសាស្ត្ររបស់សាសនាចក្រ ឬ ផ្តល់ចំណុចរិះគន់លើព្យាការី ឬ ថ្នាក់ដឹកនាំផ្សេងទៀត ។ ពួកវាក៏វាយប្រហារខ្លឹមសំខាន់នៃគោលលទ្ធិរបស់យើង ព្រមទាំងក្រឹត្យវិន័យរបស់ព្រះផងដែរ ដែលបានប្រទានដល់យើងតាំងតែពីការបង្កបង្កើតផែនដីមកម្ល៉េះ ។ ក្នុងនាមយើងជាពួកសិស្សនៃព្រះយេស៊ូវគ្រីស្ទ និង ជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ យើងត្រូវតែកុំលែងដំបងដែកនោះឡើយ ។ យើងត្រូវតែឲ្យសំឡេងដ៏ច្បាស់នៃត្រែបន្លឺឡើងចេញពីព្រលឹងផ្ទាល់របស់យើង ។
សារលិខិតសាមញ្ញនោះគឺថា ព្រះជាព្រះវរបិតាសួគ៌របស់យើងដែលពេញដោយក្តីស្រឡាញ់ ហើយព្រះយេស៊ូវគ្រីស្ទគឺជាបុត្រាទ្រង់ ។ ដំណឹងល្អត្រូវបានស្តារឡើងវិញនៅក្នុងថ្ងៃចុងក្រោយនេះ តាមរយៈព្យាការីនៅរស់ ហើយភស្តុតាងនោះគឺជាព្រះគម្ពីរមរមន ។ មាគ៌ានៃសុភមង្គលគឺមានតាមរយៈអង្គភាពគ្រឹះនៃគ្រួសារ ដូចដែលបានរៀបចំតាំងពីដើមដំបូងមក ហើយបានបើកសម្តែងដោយព្រះវរបិតាសួគ៌របស់យើង ។ នេះគឺជាសំឡេងមេឡូឌីដែលយើងស្គាល់នៃសារលិខិត ដែលមនុស្សជាច្រើនអាចស្គាល់ ដោយសារពួកគេធ្លាប់បានស្តាប់វាតាំងតែពីជីវិតមុនឆាកជីវិតនេះ ។
ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺវាដល់ពេលហើយដើម្បីក្រោកឡើងការពារ និង ថ្លែងទីបន្ទាល់ ។ វាដល់ពេលហើយដើម្បីឲ្យអក្សរភ្លេងនៃសំឡេងមេឡូឌីរបស់ដំណឹងល្អ ឮលាន់រំពងជាងសំឡេងនៃពិភពលោកនេះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់បន្ថែមរបស់ខ្ញុំចំពោះសារលិខិតរបស់ព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះនៃពិភពលោកនេះ ។ ទ្រង់មានព្រះជន្មរស់ ! ដំណឹងល្អរបស់ទ្រង់ត្រូវបានស្តារឡើងវិញ ហើយពរជ័យនៃសុភមង្គល និង ភាពសុខសាន្តអាចទទួលបាននៅក្នុងជីវិតនេះ តាមរយៈការរស់នៅតាមព្រះបញ្ញត្តិរបស់ទ្រង់ ហើយដើរតាមមាគ៌ាទ្រង់ ។ នេះជាទីបន្ទាល់របស់ខ្ញុំ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។