ឆ្នាំ ២០១០-២០១៩
ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃ​គូ​របស់​អ្នក
តុលា 2015


17:16

ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃ​គូ​របស់​អ្នក

យើង​អាច​មាន​ពរជ័យ​នៃ​ព្រះវិញ្ញាណ​នៅ​ជាមួយ​នឹង​យើង ប្រសិន​បើ​យើង​រស់នៅ​ឲ្យ​សក្ដិសម​នឹង​ពរជ័យ​នេះ​ជានិច្ច ។

បងប្អូនប្រុសស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​មាន​អំណរគុណ​ដោយ​បាន​នៅ​ជាមួយ​នឹង​បងប្អូន​នៅ​ថ្ងៃ​ឈប់សម្រាក​នេះ​ក្នុង​សន្និសីទ​ទូទៅ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ​​ថ្លែង​ទីបន្ទាល់​ពី​ពាក្យ​សម្ដី​នៃ​សេចក្តីពិត​ដែល​បងប្អូន​បានស្តាប់​គេ​និយាយ និង ច្រៀង ។

គោលបំណង​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​គឺ​បង្កើន​បំណង​ប្រាថ្នា និង​ការតាំង​ចិត្ត​របស់​អ្នក​ដើម្បី​ទទួល​បាន​អំណោយទាន​ដែល​បាន​សន្យា​ដល់​យើង​ម្នាក់ៗ​បន្ទាប់​ពី​យើង​ជ្រមុជទឹក​រួច ។ នៅ​ក្នុង​ពិធី​បញ្ជាក់​របស់​យើង យើង​ស្ដាប់​ឮ​ពាក្យ​ទាំងនេះ ៖ « ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ។ ចាប់​ពី​ពេល​នោះ​មក ជីវិត​របស់​យើង​បាន​ផ្លាស់​ប្ដូរ​ជា​រៀង​រហូត ។

យើង​អាច​មាន​ពរជ័យ​នៃ​ព្រះវិញ្ញាណ​នៅ​ជាមួយ​នឹង​យើង ប្រសិន​បើ​យើង​រស់នៅ​ឲ្យ​សក្ដិសម​នឹង​ពរជ័យ​នេះ​ជានិច្ច ដូច​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​ដែល​យើង​មាន​ក្នុង​នេះ ។ បងប្អូន​ដឹង​ចេញ​ពី​ពាក្យ​នៃ​ការអធិស្ឋាន​សាក្រាម៉ង់​ពី​របៀប​ដែល​ការសន្យា​នេះ​ត្រូវ​បាន​បំពេញ ៖ « ឱ ព្រះអង្គ ជា​ព្រះវរបិតា​ដ៏​អស់​កល្ប​ជានិច្ច​អើយ យើង​ខ្ញុំ​សូម​ដល់​ព្រះអង្គ​ដោយ​នូវ​ព្រះនាម នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវគ្រីស្ទ សូម​ប្រទាន​ពរ ហើយ​ញែក​នំប៉័ង​នេះ ចេញ​ជា​បរិសុទ្ធ​ដល់​ព្រលឹង​នៃ​ជន​ទាំងអស់​ណា ដែល​ទទួល​ទាន​នំប៉័ង​នេះ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​ទទួលទាន​ដោយ​នូវ​ការចងចាំ​ដល់​ព្រះកាយ​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ ហើយ​ធ្វើ​បន្ទាល់​ដល់​ព្រះអង្គ ឱ ព្រះអង្គ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​អើយ​ថា ពួកគេ​នឹង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​គេ​នូវ​ព្រះនាម​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ ហើយ​ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ » ។

ហើយ​បន្ទាប់​មក​ក៏​មាន​ការសន្យា​​ដ៏​រុងរឿងនេះ ៖ « ប្រយោជន៍​ឲ្យ​ពួកគេ អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​ពួកគេ ជា​ដរាប »គ. និង ស. ២០:៧៧ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ដើម្បី​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​នឹង​យើង​ជា​ដរាប​គឺ​ការ​មាន​ការ​ដឹកនាំ និង​ការ​ណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង ។ ឧទាហរណ៍ យើង​អាច​ត្រូវ​ព្រះវិញ្ញាណ​ព្រមាន​ឲ្យ​តតាំង​នឹង​ការល្បួង​ឲ្យ​ធ្វើ​រឿង​អាក្រក់ ។

សម្រាប់​ហេតុផល​នោះ​តែ​ម្យ៉ាង វា​ងាយ​មើល​ពី​ហេតុផល​ដែល​ពួក​អ្នក​បម្រើ​របស់ ព្រះអម្ចាស់​ខំ​ព្យាយាម​បង្កើន​បំណង​ប្រាថ្នា​របស់​យើង​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​នៅ​ក្នុងការ​ប្រជុំ​សាក្រាម៉ង់​របស់​យើង ។ ប្រសិន​បើ​យើង​ទទួល​ទាន​សាក្រាម៉ង់​ដោយ​សេចក្ដី​ជំនឿ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ការពារ​យើង ព្រមទាំង​មនុស្ស​ដែល​យើង​ស្រឡាញ់​ពី​ការល្បួង​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា ។

ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ឲ្យ​ចាប់ចិត្ត​នឹង​អ្វី​ដែល​ល្អៗ ហើយ​មិន​សូវ​ងាក​ទៅ​រក​ការ​ល្បួង ។ ការណ៍​នោះ​តែ​ម្យ៉ាង​គួរ​ល្មម​គ្រប់គ្រាន់​ធ្វើ​ឲ្យ​យើង​តាំង​ចិត្ត​ដើម្បី​មាន​គុណសម្បត្តិ​សក្ដិសម​ឲ្យ​ព្រះវិញ្ញាណ​គង់​ជាមួយ​នឹង​យើង​ជា​ដរាប ។

ដូចជា​ព្រះវិញ្ញាណបរិសុទ្ធ​​ពង្រឹង​យើង​ទាស់​នឹង​អំពើ​អាក្រក់​ដែរ ទ្រង់​ក៏​ប្រទាន​អំណាច​ឲ្យ​យើង​ញែក​ដឹង​សេចក្ដី​ពិត ពី​សេចក្ដី​ក្លែង​បន្លំ ។ សេចក្ដី​ពិត​ដែល​សំខាន់​បំផុត​ត្រូវ​បាន​បញ្ជាក់​តាមរយៈ​វិវរណៈ​មក​ពី​ព្រះ​ប៉ុណ្ណោះ ។ ហេតុផល​របស់​មនុស្ស​យើង និង​ការ​ប្រើ​ញាណ​ខាង​រូបកាយ​របស់​យើង​នឹង​មិន​ល្មម​គ្រប់​គ្រាន់​ឡើយ ។ យើង​រស់នៅ​ក្នុង​គ្រា​មួយ​ដែល​សូម្បី​តែ​អ្នក​មាន​ប្រាជ្ញា​បំផុត​ក៏​ពិបាក​នឹង​ស្គាល់​ពី​សេចក្ដី​ពិត​ដែរ​ដោយ​សារ​តែ​ការ​បោកប្រាស់​ដ៏​ឆ្លាត​វៃ ។

ព្រះអម្ចាស់​បាន​បង្រៀន​សាវក​ទ្រង់​ឈ្មោះ​ថូម៉ាស ដែល​ចង់​ឃើញ​ភស្ដុតាង​ផ្ទាល់​ភ្នែក​នៃ​ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ការ​ប៉ះ​មុខ​របួស​របស់​ទ្រង់ ថា​វិវរណៈ​គឺជា​ភស្ដុតាង​ដែល​មាន​សុវត្ថិភាព​ជាង ៖ « ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ថូម៉ាស​អើយ អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ » (យ៉ូហាន ២០:២៩) ។

សេចក្ដីពិត​ដែល​គូស​ផ្លូវ​ត្រឡប់​ទៅ​រក​ព្រះ​វិញ​គឺ​ត្រូវ​បាន​បញ្ជាក់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​ពុំ​អាច​ទៅ​ព្រៃ​ពិសិដ្ឋ ហើយ​ឃើញ​ព្រះវរបិតា និង​ព្រះរាជបុត្រា​មាន​បន្ទូល​ទៅ​ក្មេង​ប្រុស​យ៉ូសែប ស្ម៊ីធ​នោះ​បាន​ទេ ។ គ្មាន​ភស្ដុតាង​ខាង​រូបកាយ ឬ​អំណះអំណាង​ដែល​សម​ហេតុផល​ណា​មួយ​អាច​បង្កើត​បាន​ថា​អេលីយ៉ា​បាន​មក​ដូច​ដែល​បាន​សន្យា​ដើម្បី​ប្រគល់​កូនសោ​បព្វជិតភាព​ដែល​ឥឡូវ​នេះ​ត្រូវ​បាន​កាន់ ហើយ​អនុវត្ត​ដោយ​ព្យាការី​នៅ​រស់​ម្នាក់​បាន​ឡើយ គឺថូម៉ាស់ អេស ម៉នសុន ។

ការបញ្ជាក់​ពី​សេចក្ដី​ពិត​កើត​មាន​ចំពោះ​បុត្រា ឬ​បុត្រី​ម្នាក់​របស់​ព្រះ​ដែល​បាន​ប្រកាស​សិទ្ធិ​ដើម្បី​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ដោយ​សារ​សេចក្ដី​ក្លែង​បន្លំ និង​សេចក្ដី​កុហក​អាច​កើត​មាន​ចំពោះ​យើង​គ្រប់​ពេល នោះ​យើង​ត្រូវការ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​នៃ​សេចក្ដី​ពិត​ជានិច្ច ដើម្បី​ជួយ​យើង​ឲ្យ​រួច​ផុត​ពី​គ្រា​នៃ​ភាព​សង្ស័យ​នានា ។

កាល​សមាជិក​ម្នាក់​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ឈ្មោះ ចច ឃ្យូ ខានុន បាន​ទទូច​ឲ្យ​យើង​ស្វែងរក​ព្រះវិញ្ញាណ​ឲ្យ​គង់​នៅ​ជាមួយ​នឹង​យើង​ជា​ដរាប ។ លោក​បាន​សន្យា ហើយ​ខ្ញុំ​ក៏​សូម​សន្យា​ដូច​គ្នា​ដែរ​ថា ប្រសិន​បើ​យើង​ដើរ​តាម​ផ្លូវ​នោះ យើង « នឹង​មិន​ស្ថិត​នៅ​ក្នុង​ភាព​សង្ស័យ ឬ​ភាព​ងងឹត »ឡើយ ហើយ « សេចក្ដី​ជំនឿ​របស់​យើង​នឹង​ខ្លាំង ហើយ​អំណរ​យើង​នឹង​បាន​ពេញលេញ  … » ។

យើង​ត្រូវការ​ជំនួយ​ថិតថេរ​នោះ​មក​ពី​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រាប់​ហេតុផល​មួយ​ទៀត ។ ការ​ស្លាប់​នៃ​មនុស្ស​ជា​ទីស្រឡាញ់​អាច​កើត​ឡើង​ដោយ​មិន​បាន​រំពឹង​ទុក ។ វា​គឺជា​សាក្សី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​ធាតុពិត​នៃ​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់ និង​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដែល​បាន​ផ្ដល់​សេចក្ដី​សង្ឃឹម និងការ​លួងលោម​ចិត្ត​ដល់​យើង​នៅ​ពេល​បាត់បង់​មនុស្ស​ជាទីស្រឡាញ់ ។ ទីបន្ទាល់​នោះ​ត្រូវ​តែ​មាន​ភាព​ស្រស់ស្រាយ​ពេល​សេចក្ដី​ស្លាប់​កើត​ឡើង ។

ដូច្នេះ មាន​ហេតុផល​ជាច្រើន​ដែល​យើង​ត្រូវការ​ភាព​ជា​ដៃគូ​ថិតថេរ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​ចង់​បាន​វា ប៉ុន្តែ​យោងតាម​បទពិសោធន៍​គឺ​វា​ពុំ​ងាយ​ថែរក្សា​ទេ ។ យើង​ម្នាក់ៗ​គិត និយាយ ហើយ​ធ្វើ​រឿង​នានា​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ដែល​អាច​ប៉ះពាល់​ដល់​ព្រះវិញ្ញាណ ។ ព្រះអម្ចាស់​បាន​បង្រៀន​យើង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ក្លាយ​ជា​ដៃ​គូ​ថិតថេរ​របស់​យើង នៅ​ពេល​ដួងចិត្ត​យើង​ពេញ​ដោយ​សេចក្ដី​សប្បុរស និង​ពេលដែល « គុណធម៌​​បាន​​តុបតែង​គំនិត​​របស់​យើង​ដោយ​ឥត​ឈប់ឈរ ( សូមមើល គ. និង ស. ១២១:៤៥) ។

ចំពោះ​ជន​ដែល​កំពុង​ជួប​បញ្ហា​នឹង​បទដ្ឋាន​ដ៏​ខ្ពស់​ដើម្បី​សក្ដិសម​ទទួល​អំណោយទាន​នៃ​ភាព​ជា​ដៃ​គូ​របស់​ព្រះវិញ្ញាណ ខ្ញុំ​សូម​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​នេះ ។ បងប្អូន​ធ្លាប់​មាន​ពេល​ដែល​បងប្អូន​មាន​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​អាច​នឹង​កើត​ឡើង​សម្រាប់​អ្នក​នៅ​ថ្ងៃ​នេះ ។

អ្នក​អាច​ចាត់​ទុក​គ្រា​នៃ ការបំផុស​គំនិត​នេះ​ប្រៀប​ដូចជា​គ្រាប់​ពូជ​នៃ​សេចក្ដី​ជំនឿ​ដែល​អាលម៉ា​បាន​រៀបរាប់ ។ ( សូមមើល អាលម៉ា ៣២:២៨) ។ ចូរ​ដាំ​វា​ម្តង​មួយៗ ។ បងប្អូន​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ធ្វើ​តាម​ការ​បំផុស​ដែល​បងប្អូន​មាន ។ ការ​បំផុស​គំនិត​ដ៏មាន​តម្លៃ​បំផុត​នឹង​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ថា​ព្រះ​នឹង​ឲ្យ​អ្នកធ្វើ ។ ប្រសិន​បើ​វា គឺ​ជា​ការ​ត្រូវ​ថ្វាយដង្វាយ​មួយភាគ​ក្នុងដប់ ឬ​ទៅ​សួរ​សុខទុក្ខ​មិត្ត​ដែល​មានទុក្ខ​ព្រួយ អ្នក​គួរ​ធ្វើ​វា​ ។ ទោះ​វា​ជា​អ្វី​ក៏​ដោយ ចូរ​ធ្វើ​វា ។ នៅ​ពេល​បងប្អូន​បាន​បង្ហាញ ​ឆន្ទៈ​ដើម្បី​គោរព​តាម នោះ​ព្រះវិញ្ញាណ​នឹង​បញ្ជូន​ការ​បំផុស​គំនិត​បន្ថែម​ទៀត​ដល់​បងប្អូន​នូវ​អ្វី​ដែល​ព្រះ​សព្វព្រះទ័យ​ឲ្យ​បងប្អូន​ធ្វើ​សម្រាប់​ទ្រង់ ។

នៅ​ពេល​បងប្អូន​គោរព​តាម ការ​បំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​នឹង​ប្រែ​​កាន់​តែ​ញឹកញាប់ ហើយ​កាន់តែ​ខិត​ជិត​នឹង​ភាព​ជាដៃ​គូ​ដ៏​ខ្ជាប់​ខ្ជួន ។ អំណាច​ក្នុង​ការ​រើស​ផ្លូវ​ត្រូវ​របស់​បងប្អូន​នឹង​កើន​ឡើង ។

បងប្អូន​នឹង​ដឹង​នៅ​ពេល​ដែល​ការ​បំផុស​គំនិត​ទាំងនេះដើម្បី​ធ្វើ​កិច្ចការ​សម្រាប់​ទ្រង់ ​​បាន​មក​ពី​ព្រះវិញ្ញាណ​ជាជាង​មក​ពី​បំណង​ប្រាថ្នា​ផ្ទាល់​ខ្លួន ។ នៅ​ពេល​ការ​បំផុស​គំនិត​នោះ​ដូច​នឹង​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ និង​ពួកសាវក និង​ពួក​ព្យាការី​របស់​ទ្រង់​បាន​លើក​ឡើង នោះ​អ្នក​អាច​ជ្រើស​គោរពតាម​ដោយ​ជឿជាក់ ។ រួច​ព្រះអម្ចាស់​នឹង​បញ្ជូន​ព្រះវិញ្ញាណ​របស់​ទ្រង់​ឲ្យ​មក​សណ្ឋិត​លើ​បងប្អូន ។

ឧទាហរណ៍ ប្រសិន​បើ​បងប្អូន​ទទួល​បាន​ការបំផុស​គំនិត​ខាង​វិញ្ញាណ​មួយ​ឲ្យ​គោរព​ថ្ងៃ​ឈប់​សម្រាក ជាពិសេស​ពេល​វា​ហាក់​ដូចជា​មាន​ការ​លំបាក នោះ​ព្រះនឹង​បញ្ជូន​ព្រះវិញ្ញាណ​របស់​ទ្រង់​មក​ជួយ ។

ជំនួយ​នោះ​បាន​កើត​មាន​ចំពោះ​ឪពុក​ខ្ញុំ​កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ កាល​គាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អូស្ត្រាលី ។ នៅ​ថ្ងៃ​អាទិត្យ​គាត់​មាន​តែ​ម្នាក់​ឯង ហើយ​ចង់​ទទួល​ទាន​សាក្រាម៉ង់ ។ គាត់​គ្មាន​ព័ត៌មាន​ពី​ការ​ប្រជុំ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ឡើយ ។ ដូច្នេះ​គាត់​ក៏​ចាប់ផ្ដើម​ដើរ ។ គាត់បាន​អធិស្ឋាន​ពេល​ដល់​ផ្លូវ​ប្រសព្វ​នីមួយៗ​ដើម្បី​ដឹង​ថា​តើ​គួរ​បត់​តាម​ផ្លូវ​មួយ​ណា ។ បន្ទាប់​ពី​ការដើរ និង​ការ​បត់​តាម​ផ្លូវ​នានា​អស់​រយៈពេល​មួយ​ម៉ោង គាត់បាន​ឈប់​អធិស្ឋាន​ម្ដងទៀត ។ គាត់​បាន​បំផុស​ឲ្យ​បត់​ទៅ​ផ្លូវ​ជាក់​លាក់​មួយ ។ រំពេច​នោះ​គាត់​បាន​ចាប់ផ្ដើម​ឮ​ការ​ច្រៀង​ចម្រៀង​ចេញ​ពី​ជាន់​ផ្ទាល់​ដី​នៃ​អគារ​ផ្ទះ​ជួល​មួយ​នៅ​ក្បែរ​នោះ ។ គាត់​បាន​មើល​ទៅ​ខាង​ក្នុង​តាម​បង្អួច ហើយ​ឃើញ​មនុស្ស​ពីរ​បី​នាក់​អង្គុយ​នៅ​ក្បែរ​តុ​មួយ​ដែល​មាន​គ្រប​ក្រណាត់​ពណ៌-ស និង​ថាស​សាក្រាម៉ង់ ។

ឥឡូវ​នេះ វា​ប្រហែល​ជា​មិន​សំខាន់​សម្រាប់​បងប្អូន​ទេ ប៉ុន្តែ​វា​ជា​អ្វី​មួយ​អស្ចារ្យ​សម្រាប់​គាត់ ។ គាត់​បាន​ស្គាល់​ពី​ការ​សន្យា​នៃ​ការ​អធិស្ឋាន​សាក្រាម៉ង់​បាន​បំពេញ ។ « ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​ដែល​បាន​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​ពួកគេ​ជា​ដរាប » (គ. និង ស. ២០:៧៧) ។

នោះ​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​ពី​គ្រា​មួយ​​​ដែល​គាត់បាន​អធិស្ឋាន រួច​បាន​ធ្វើ​តាម​អ្វី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​ប្រាប់​គាត់​ថា​ព្រះ​សព្វព្រះទ័យ​ឲ្យ​គាត់​ធ្វើ​ប៉ុណ្ណោះ ។ គាត់​បាន​បន្ត​ធ្វើ​វា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដូចដែល​បងប្អូន និង​ខ្ញុំ​នឹង​ធ្វើ​ដែរ ។ គាត់​ពុំ​ដែល​និយាយ​ពី​ជីវភាព​ខាង​វិញ្ញាណ​របស់​គាត់​ឡើយ ។ គាត់​គ្រាន់តែ​បន្ត​ធ្វើ​កិច្ចការ​តិចតួច​សម្រាប់​ព្រះអម្ចាស់ ដែល​គាត់​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ធ្វើ ។

នៅ​ពេល​ណា​ដែល​ក្រុម​មួយ​ចំនួន​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​សុំ​គាត់​ឲ្យ​និយាយ​ពី​រឿង​នោះ គាត់​ក៏​និយាយ ។ មិន​ថា​មាន​មនុស្ស ១០ នាក់ ឬ​៥០ នាក់ ឬ​គាត់​នឿយ​ហត់​ប៉ុណ្ណា​នោះ​ទេ ។ គាត់​បាន​ថ្លែង​ទីបន្ទាល់​ពី​ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ ព្រមទាំង​ពី​ពួក​ព្យាការី​នៅ​ពេល​ណា​ព្រះវិញ្ញាណ​ជំរុញ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ ។

ការហៅ​ដ៏​ខ្ពស់​បំផុត​របស់​គាត់​ក្នុង​សាសនាចក្រ​គឺ​ទីប្រឹក្សា​ជាន់​ខ្ពស់​ស្តេក​បូនណេវៀល យូថាហ៍ ដែល​គាត់​បាន​បោច​ស្មៅ​នៅ​កសិដ្ឋាន​របស់​ស្តេក ហើយ​គាត់​បាន​បង្រៀន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ។ ច្រើន​ឆ្នាំ​កន្លង​មក​ទៀត ពេល​គាត់​ត្រូវការ​វា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​គង់​នៅ​ទីនោះ​ធ្វើ​ជាដៃ​គូ​របស់​គាត់ ។

ខ្ញុំ​បាន​ឈរ​នៅក្បែរ​ឪពុក​របស់​ខ្ញុំ​ក្នុង​បន្ទប់​នៃ​មន្ទីរ​ពេទ្យ​មួយ ។ ម្ដាយ​ខ្ញុំ ដែល​ជា​ភរិយា​របស់​គាត់​មាន​អាយុ ៤១ ឆ្នាំ​កំពុង​សម្រាក​នៅ​លើ​គ្រែ ។ យើង​បាន​នៅ​មើល​គាត់​អស់​ជាច្រើន​ម៉ោង ។ យើង​បាន​ចាប់ផ្ដើម​ឃើញ​ភាព​ឈឺចាប់​បាន​រសាយ​ចេញ​ពី​ទឹក​មុខ​របស់​គាត់ ។ ម្រាម​ដៃ​គាត់​ដែល​បាន​ក្ដាប់​យ៉ាង​ណែន​បាន​រលា​ចេញ ។ ដៃ​គាត់​ទាំង​សងខាង​ក៏​ឈប់​ប្រឹង​ដែរ ។

ការ​ឈឺចាប់​នៃ​ជំងឺ​មហារីក​ជាច្រើន​ឆ្នាំ​ត្រូវ​បាន​បញ្ចប់ ។ ខ្ញុំ​បាន​ឃើញ​ទឹក​មុខ​​គាត់​ពេញ​ដោយ​ភាព​សុខ​សាន្ត ។ គាត់​បាន​ដក​ដង្ហើម​ញាប់ រួច​ក៏​ដង្ហក់ ហើយ​បាន​ដាច់​ខ្យល់​ទៅ ។ យើង​បាន​ឈរ​នៅ​ទី​នោះ​ចាំ​មើល​ក្រែង​គាត់​ដក​ដង្ហើម​វិញ ។

នៅ​ទីបំផុត ឪពុក​ខ្ញុំ​បាន​ពោល​តិចៗ​ថា « ម៉ាក់​កូន​បាន​ស្លាប់​ហើយ » ។

គាត់​មិន​បាន​សម្រក់​ទឹក​ភ្នែក​ទេ ។ នោះ​ដោយ​សារ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្ហាញ​គាត់​យ៉ាង​ច្បាស់​ពី​ម្ដាយ​របស់​ខ្ញុំ ថា​គាត់​មក​ពី​ណា ថា​គាត់​បាន​ក្លាយ​ជា​អ្វី ហើយ​ថា​គាត់​នឹង​ទៅ​ទីណា ។ ព្រះវិញ្ញាណ​បាន​ថ្លែង​ទីបន្ទាល់​ដល់​គាត់​ជា​ច្រើន​ដង​អំពី​ព្រះវរបិតា​ជា​ទីស្រឡាញ់ ពី​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​ផ្ដាច់​អំណាច​នៃ​សេចក្ដី​ស្លាប់ និង​ពី​ធាតុពិត​នៃ​ការផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​គាត់​បាន​ចែកចាយ​នឹង​ភរិយា​គាត់ ព្រមទាំង​គ្រួសារ ។

ព្រះវិញ្ញាណ​បាន​អះអាង​ចំពោះ​គាត់​ជា​យូរ​មក​ហើយ​ថា សេចក្ដី​ល្អ និង សេចក្ដី​ជំនឿ​របស់​ម្ដាយ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​គាត់​សក្ដិសម​ត្រឡប់​ទៅ​កាន់​ផ្ទះ​សួគ៌ា​វិញ ជា​កន្លែង​ដែល​គាត់​នឹង​ចងចាំ​ថា​ជា​បុត្រ​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​សន្យា និង​បាន​ស្វាគមន៍​នូវ​ការត្រឡប់​មក​ផ្ទះ​វិញ​ដោយ​កិត្តិយស ។

ចំពោះ​ឪពុក​ខ្ញុំ រឿង​នោះ​គឺ​លើស​ពី​សេចក្ដី​សង្ឃឹម​ទៅ​ទៀត ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បញ្ជាក់​រឿង​នេះ​យ៉ាង​ច្បាស់​ដល់​គាត់ ។

ឥឡូវ​នេះ មាន​មនុស្ស​ខ្លះ​អាច​និយាយ​ថា ពាក្យ​របស់​គាត់ និង​រូបភាព​នៅ​ក្នុង​គំនិត​របស់​គាត់​ចំពោះ​ផ្ទះ​សួគ៌ា​គ្រាន់តែ​ជា​មនោសញ្ចេតនា​ដ៏​ផ្អែម​ល្ហែម​មួយ ជា​ការ​វិនិច្ឆ័យ​ដ៏​ងងឹតងងុល​មួយ​របស់​ស្វាមី​ម្នាក់​ពេល​គាត់​បាត់​បង់​ភរិយា​ប៉ុណ្ណោះ ។ ប៉ុន្តែ​គាត់​បាន​ស្គាល់​សេចក្ដី​ពិត​ដ៏​អស់កល្ប​ថា ជា​វិធី​តែមួយ​គត់​ដែល​បងប្អូន​អាច​ដឹង​ពី​រឿង​នេះ ។

គាត់​គឺ​ជា​អ្នក​វិទ្យាសាស្ត្រ​ម្នាក់​ដែល​ស្វែងរក​សេចក្ដីពិត​អំពី​ពិភពលោក​ពេញ​មួយ​ជីវិត​របស់​គាត់ ។ គាត់​បាន​ប្រើ​ឧបករណ៍​វិទ្យាសាស្ត្រ​ល្មម​គ្រប់គ្រាន់​ដើម្បី ទទួល​បាន​កិត្តិយស​ពី​សំណាក់​មិត្តភក្ដិ​របស់​គាត់​នៅ​ជុំវិញ​ពិភពលោក ។ អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​ក្នុង​គីមី​វិទ្យា ភាគច្រើន​ចេញ​មក​ពី​ការ​ឃើញ​នៅ​ក្នុង​គំនិត​របស់​គាត់​ពី​ការ​បំលាស់​ទី​នៃ​ម៉ូលេគុល រួច​បញ្ជាក់​ទស្សនៈ​របស់​គាត់​ដោយ​ដក​ពិសោធន៍​នៅ​ក្នុង​មន្ទីរ​ពិសោធន៍ ។

ប៉ុន្តែ​គាត់​ធ្លាប់​ដើរ​តាម​ផ្លូវ​ខុស​គ្នា​មួយ​ដើម្បី​ស្វែងរក​សេចក្ដី​ពិត​ដែល​សំខាន់​បំផុត​ចំពោះ​គាត់ និង​ចំពោះ​យើង​ម្នាក់ៗ ។ មាន​តែ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ​ដែល​យើង​អាច​មើល​ឃើញ​មនុស្ស​ដទៃ និង​ព្រឹត្តិការណ៍​នានា​ដូចជា​ព្រះ​ដែរ ។

អំណោយទាន​នោះ​បាន​បន្ត​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​បន្ទាប់​ពី​ភរិយា​របស់​គាត់​បាន​ចែក​ឋាន ។ យើង​បាន​ប្រមូល​របស់​របរ​ម្ដាយ​ខ្ញុំ​យក​ទៅ​ផ្ទះ​វិញ ។ ឪពុក​ខ្ញុំ​បាន​ឈប់​ដើម្បី​ថ្លែង​អំណរគុណ​ដល់​គ្រូពេទ្យ និង​វេជ្ជបណ្ឌិត​គ្រប់​រូប​ដែល​យើង​បាន​ជួប​តាម​ផ្លូវ​ដើរ​ចេញ​ទៅ​រក​ឡាន ។ ខ្ញុំ​ចាំ​ថា ខ្ញុំ​មាន​អារម្មណ៍​ពុំ​ល្អ​សោះ ដែលថា​យើង​គួរ​តែ​ចេញ​ទៅ​ដោយ​ក្តី​សោកសៅ​របស់​យើង​ចុះ​គឺ​ល្មម​ហើយ ។

ឥឡូវ​នេះ​ទើប​ខ្ញុំ​ដឹង​ថា គាត់​បាន​ឃើញ​រឿង​នានា​ដែល​មាន​តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឲ្យ​គាត់​មើល​ឃើញ ។ គាត់​បាន​ឃើញ​មនុស្ស​ទាំងនោះ​ថា​ជា​ពួក​ទេវតា​ដែល​ព្រះ​បញ្ជូន​មក​ឲ្យ​មើល​ថែ​ភរិយា​ជា​ទីស្រឡាញ់​របស់​គាត់ ។ ពួក​គេ​ប្រហែល​ជា​មើល​ឃើញ​ខ្លួន​ឯង​ថា​ជា​អ្នក​ជំនាញ​ផ្នែក​ថែទាំ​សុខភាព ប៉ុន្តែ​ឪពុក​ខ្ញុំ​បាន​អរគុណ​ចំពោះ​ការបម្រើ​របស់​ពួកគេ​ជំនួស​ឲ្យ​ព្រះអង្គ​សង្គ្រោះ ។

ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បន្ត​នៅ​ជាមួយ​គាត់ កាល​យើង​បាន​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ ។ យើង​បាន​និយាយ​គ្នា​មួយ​សន្ទុះ​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ។ ឪពុក​ខ្ញុំ​បាន​សុំ​ចូល​ទៅ​បន្ទប់​គាត់​ដែល​នៅ​ក្បែរ​នោះ ។

ពីរ​បី​នាទី​ក្រោយ​មក គាត់​បាន​ដើរ​ត្រឡប់​មក​បន្ទប់​ទទួល​ភ្ញៀវ​វិញ ។ គាត់​មាន​ស្នាម​ញញឹម​ដ៏​រីករាយ ។ គាត់​បាន​ដើរ​សំដៅ​មក​យើង ហើយ​ពោល​តិចៗ​ថា « ប៉ា​បារម្ភ​ថា មីលឌ្រេដ​ទៅ​ដល់​ពិភព​វិញ្ញាណ​តែ​ម្នាក់​ឯង ។ ប៉ា​បាន​គិត​ថា​គាត់​អាច​មាន​អារម្មណ៍​ថា​វង្វេង » ។

រួច​គាត់​បាន​ពោល​ដោយ​រីករាយ​ថា « ប៉ា​ទើប​តែ​បាន​អធិស្ឋាន ។ ប៉ា​ដឹង​ថា មីល​ឌ្រេដ​មិន​កើត​អីទេ ។ លោក​យាយ​បាន​ជួប​គាត់​នៅ​ទីនោះ​ហើយ » ។

ខ្ញុំ​ចងចាំ​ពី​ស្នាម​ញញឹម​កាល​គាត់​ពោល​ពាក្យ​នោះ ដោយ​ស្រមៃ​ឃើញ​លោក​យាយ​ខ្ញុំ​បាន​រត់​យ៉ាង​រួស​រាន់​កាត់​ហ្វូង​មនុស្ស​ដែល​ទៅ​ចាំ​ជួប ហើយ​ឱប​កូន​ប្រសា​ស្រី​គាត់ ពេល​នាង​មក​ដល់ ។

ឥឡូវ​នេះ ហេតុផល​មួយ​ដែល​ឪពុក​ខ្ញុំ​បាន​ទូល​សូម ហើយ​បាន​ទទួល​ការ​លួងលោម​ចិត្ត​នោះ​គឺ​ដោយសារ​គាត់​តែង​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​តាំង​ពី​ក្មេង​មក​ម៉្លេះ ។ គាត់​ធ្លាប់​ទទួល​បាន​ចម្លើយ​ដែល​ប៉ះ​ដល់​ដួងចិត្ត​គាត់​ដើម្បី​ផ្ដល់​ជា​ការ​លួងលោម​ចិត្ត និង​ការ​ដឹកនាំ ។ លើស​ពីការ​មាន​ទម្លាប់​អធិស្ឋាន គាត់​បាន​ស្គាល់​បទគម្ពីរ និង​សម្ដី​របស់​ពួក​ព្យាការី​នៅ​រស់ ។ ដូច្នេះ គាត់​បាន​ស្គាល់​ពី​ការខ្សឹបប្រាប់​ស្រដៀង​គ្នា​​នេះ​នៃ​ព្រះវិញ្ញាណ ដែល​​អ្នក​អាច​មាន​អារម្មណ៍​ថ្ងៃ​នេះ ។

ភាព​ជាដៃ​គូ​នៃ​ព្រះវិញ្ញាណ​មាន​លើស​ពី​ការ​ដែល​គាត់​បាន​ទទួល​ការ​លួងលោមចិត្ត ហើយ​បាន​ការដឹកនាំ​ទៅ​ទៀត ។ វា​បាន​ផ្លាស់​ប្ដូរ​គាត់ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេល​យើង​ទទួល​យក​ការសន្យា​នៃ​ការ​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​យើង​ជា​ដរាប​នោះ ព្រះអង្គ​សង្គ្រោះ​អាច​ប្រទាន​ឲ្យ​យើង​នូវការ​ធ្វើ​ឲ្យ​ស្អាត​សម្រាប់​ជីវិត​អស់​កល្ប ជា​អំណោយទាន​ដ៏​មហិមា​បំផុត​នៃ​ព្រះ ( សូមមើល គ. និង ស. ១៤:៧) ។

បងប្អូន​ចងចាំ​ពី​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ ៖ « ឥឡូវ​នេះ នេះ​គឺ​ជា​បញ្ញត្តិ​ថា៖ ចូរ​ប្រែ​ចិត្ត​ចុះ​ឱ​អ្នក​រាល់​គ្នា​នៅ​ចុង​ផែន​ដី​អើយ ហើយ​ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង​ចុះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែក​ចេញ​បរិសុទ្ធ ដោយ​ការ​ទទួល​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​ដោយ​គ្មាន​ទោស​នៅ​ចំពោះ​យើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » (  នីហ្វៃទី ៣ ២៧:២០  ) ។

ព្រះបញ្ញត្តិ​ទាំងនោះ​មក​ជាមួយ​នឹង​ការ​សន្យា​នេះ​ពី​ព្រះអម្ចាស់ ៖

« ហើយ​ឥឡូវ​នេះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ដាក់​ទី​ទុក​ចិត្ត​របស់​អ្នក​ទៅ​នឹង​ព្រះ​វិញ្ញាណ​នោះ ដែល​នាំ​ឲ្យ​ធ្វើ​ល្អ—មែន​ហើយ គឺ​ឲ្យ​ធ្វើ​ដោយ​យុត្តិធម៌ ឲ្យ​ដើរ​ដោយ​ទាប​រាបសា ឲ្យ​វិនិច្ឆ័យ​ដោយ​សុចរិត ហើយ​នេះ​គឺ​ជា​ព្រះ​វិញ្ញាណ​របស់​យើង ។

« ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​នឹង​រំលែក​ដល់​អ្នក នូវ​ព្រះ​វិញ្ញាណ​របស់​យើង ដែល​នឹង​បំភ្លឺ​គំនិត​របស់​អ្នក​ដែល​នឹង បំពេញ​ព្រលឹង​របស់​អ្នក​ដោយ​សេចក្ដី​អំណរ » (គ. និង ស. ១១:១២–១៣) ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ដល់​បងប្អូន​ថា ព្រះ​ជា​ព្រះ​វរបិតា​មាន​ព្រះជន្ម​រស់ ថា​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ថា​ប្រធាន ថូម៉ាស អេស ម៉នសុន កាន់​រាល់​កូនសោ​នៃ​បព្វជិតភាព ហើយ​ថា​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ ហើយ​គាំទ្រ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​សមាជិក​ដ៏​រាបសា​នៃ​សាសនាចក្រ​នេះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​បន្ថែម​ទៀត​ទៅ​កាន់​អ្នក​ថា បុរស​ដ៏​អស្ចារ្យ​ទាំង​នេះ​​ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​មក​កាន់​ពួកយើង ថា​ជា​សាក្សី​របស់ព្រះអម្ចាស់​​ព្រះយេស៊ូវគ្រីស្ទ ថា​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ត្រូវបាន​ហៅ​ពី​ព្រះ ។​ ខ្ញុំ​ដឹង​ថា ព្រះវិញ្ញាណ​បាន​ដឹកនាំ​ប្រធាន​ម៉នសុន​ឲ្យ​ហៅ​ពួកលោក ។ ហើយ​នៅពេល​អ្នក​បាន​ស្តាប់​ពួកលោក និង ទីបន្ទាល់​របស់​ពួក​លោក នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បញ្ជាក់​មក​កាន់​អ្នក​ថា ​នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​ថ្លែង​មក​កាន់​អ្នក​ឥឡូវ​នេះ ។ ពួក​លោក​ត្រូវបាន​ហៅ​ដោយ​ព្រះ ។ ខ្ញុំ​គាំទ្រ​ពួក​លោក ហើយ​ស្រឡាញ់​ពួក​លោក ហើយ​ដឹង​ថា​ព្រះអម្ចាស់​ស្រឡាញ់​ពួក​លោក ហើយ​នឹង​គាំទ្រ​ពួក​លោក​នៅក្នុង​ការបម្រើ​របស់​ខ្លួន ។ ហើយ​​ខ្ញុំសូម​​ថ្លែង​ទីបន្ទាល់​នេះ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះអម្ចាស់​គឺ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ក្បួន​ខ្នាត​ភាគ ២ ៖ ការ​គ្រប់​គ្រង​សាសនាចក្រ​ ( ឆ្នាំ ២០១០ ) ចំណុច ២០.៣.១០ ។

  2. សូម​មើល ចច ឃ្យូ. ខាណុន នៅក្នុង « Minutes of a Conference » Millennial Star, ថ្ងៃ​ទី ២ ខែ ឧសភា ឆ្នាំ១៨៦៣ ទំព័រ ២៧៥–៧៦ ។