ហេតុអ្វីជាសាសនាចក្រនេះ
វាមានតម្លៃដើម្បីឈប់មួយភ្លែតពិចារណាពីហេតុផលដែលព្រះយេស៊ូវគ្រីស្ទ ជ្រើសរើសប្រើព្រះវិហារមួយ ជាសាសនាចក្ររបស់ទ្រង់ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ និងព្រះវរបិតាទ្រង់ ។
នៅក្នុងជីវិតរបស់ខ្ញុំ សន្និសីទទូទៅរបស់សាសនាចក្របានក្លាយជាព្រឹត្តិការណ៍ខាងវិញ្ញាណដ៏រីករាយ ហើយសាសនាចក្រផ្ទាល់បានក្លាយជាកន្លែងមួយដែលនាំឲ្យស្គាល់ព្រះអម្ចាស់ ។ ខ្ញុំបានដឹងថា មានជនដែលគិតថាខ្លួនឯងជាអ្នកជឿសាសនា ក៏ប៉ុន្តែបានបដិសេធមិនចូលរួមក្នុងព្រះវិហារ ឬមិនត្រូវការស្ថាប័នមួយបែបនេះទេ ។ ចំពោះពួកគេ ការអនុវត្តខាងសាសនាគឺជារឿងផ្ទាល់ខ្លួនសុទ្ធសាធ ។ ប៉ុន្តែសាសនាចក្រគឺជាការបង្កបង្កើតរបស់ទ្រង់ដែលជីវភាពខាងវិញ្ញាណរបស់យើងផ្ដោតទៅលើ—ព្រះយេស៊ូវគ្រីស្ទ ។ វាមានតម្លៃដើម្បីឈប់មួយភ្លែតពិចារណាពីហេតុផលដែលទ្រង់ជ្រើសប្រើព្រះវិហារមួយ ជាសាសនាចក្ររបស់ទ្រង់គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ និងព្រះវរបិតាទ្រង់ « ដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។១
ដោយផ្ដើមជាមួយអ័ដាម ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានប្រកាស ហើយពិធីបរិសុទ្ធដ៏សំខាន់នៃសេចក្ដីសង្គ្រោះ ដូចជាបុណ្យជ្រមុជទឹក ត្រូវបានធ្វើឡើងតាមលំដាប់បព្វជិតភាពក្នុងគ្រួសារ ។២ កាលដែលសង្គមកាន់តែមានភាពស្មុគស្មាញលើសពីការគ្រាន់តែជាក្រុមគ្រួសារ ព្រះក៏បានហៅព្យាការី អ្នកនាំសារ និងគ្រូបង្រៀនផ្សេងទៀត ។ នាជំនាន់ម៉ូសេ យើងបានអានរចនាសម្ព័ន្ធជាផ្លូវការមួយដោយមានពួកអែលឌើរ ពួកសង្ឃ និងពួកចៅក្រម ។ ក្នុងប្រវត្តិសាស្ត្រព្រះគម្ពីរមរមន អាលម៉ាបានស្ថាបនាព្រះវិហារមួយដោយមានពួកសង្ឃ និង ពួកគ្រូ ។
បន្ទាប់មកក្នុងពេលដ៏ត្រឹមត្រូវ ព្រះយេស៊ូវបានរៀបចំកិច្ចការរបស់ទ្រង់តាមរបៀបមួយ ដែលដំណឹងល្អអាចបានស្ថាបនាដំណាលគ្នាក្នុងប្រជាជាតិជាច្រើន និងប្រជាជនផ្សេងៗគ្នា ។ អង្គការនោះគឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនេះដែលបានបង្កើតឡើងដោយមាន « ពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯងជាថ្មជ្រុងយ៉ាងឯក » ។៣ វាបានរួមបញ្ចូលនូវអ្នកដឹកនាំបន្ថែមទៀតដូចជា ពួកចិតសិបនាក់ ពួកអែលឌើរ ពួកប៊ីស្សព ពួកសង្ឃ ពួកគ្រូ និងពួកឌីកុន ។ ស្រដៀងគ្នានេះដែរ ព្រះយេស៊ូវបានស្ថាបនាសសនាចក្រនៅអឌ្ឈគោលខាងលិចបន្ទាប់ពីទ្រង់មានព្រះជន្មឡើងវិញ ។
ក្រោយពីការក្បត់សាសនា និងការបែកបាក់នៃសាសនាចក្រដែលទ្រង់បានរៀបចំឡើងកាលទ្រង់គង់នៅលើផែនដី នោះព្រះអម្ចាស់បានស្ថាបនាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទឡើងវិញម្ដងទៀតតាមរយៈព្យាការីយ៉ូសែប ស្ម៊ីធ ។ គោលបំណងពីបុរាណនៅតែបន្ត ៖ គឺការប្រកាសដំណឹងល្អនៃព្រះសិក្ខាបទនៃព្រះយេស៊ូវគ្រីស្ទ ហើយចាត់ចែងពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ—គឺមានន័យថា ដើម្បីនាំមនុស្សមករកព្រះគ្រីស្ទ ។៤ ហើយឥឡូវនេះ តាមរយៈការប្រើសាសនាចក្រដែលបានស្ដារឡើងវិញនេះជាឧបករណ៍ នោះការសន្យានៃសេចក្ដីប្រោសលោះអាចទទួលយកបាន សូម្បីតែវិញ្ញាណនៃមរណជនដែលមិនបានស្គាល់ពីព្រះគុណរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរមែងស្លាប់ផងដែរ ។
តើសាសនាចក្ររបស់ទ្រង់សម្រេចព្រះរាជបំណងរបស់ព្រះអម្ចាស់ដោយរបៀបណា ? វាពិតជាសំខាន់ណាស់ដើម្បីទទួលស្គាល់ថា ព្រះរាជបំណងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះគឺការរីកចម្រើនរបស់យើង ។ ព្រះបំណងទ្រង់គឺឲ្យយើងបន្ត « បានព្រះគុណថែមលើព្រះគុណជាបន្តបន្ទាប់មករហូតដល់ [ យើងទទួលបាន ] នូវភាពពោរពេញ »៥ នៃរាល់អ្វីៗដែលទ្រង់អាចប្រទានឲ្យ ។ ការណ៍នោះតម្រូវឲ្យមានលើសពីការគ្រាន់តែមានចិត្តល្អ ឬអារម្មណ៍ស្លូតបូតទៅទៀត ។ វាតម្រូវឲ្យមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត បុណ្យជ្រមុជទឹកដោយទឹក និងដោយព្រះវិញ្ញាណ និងការខ្ជាប់ដរាបដល់ចុងបំផុតដោយសេចក្ដីជំនឿ ។៦ មនុស្សម្នាក់មិនអាចសម្រេចរឿងនេះបានពេញលេញតែម្នាក់ឯងបានឡើយ ដូច្នេះហេតុផលដ៏ចម្បងមួយដែលព្រះអម្ចាស់មានព្រះវិហារគឺដើម្បីបង្កើតសហគមន៍នៃពួកបរិសុទ្ធមួយឡើង ដែលនឹងជួយគ្នាទៅវិញទៅមកនៅក្នុង « ផ្លូវតូច ហើយចង្អៀតនោះដែលនាំទៅឯជីវិតដ៏នៅអស់កល្បជានិច្ច » ។៧
« ហើយ [ ព្រះគ្រីស្ទ ] បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន
« … សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង
« ទាល់តែយើងរាល់គ្នាបានរួបរួមខាងឯសេចក្ដីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះដូចគ្នាទាំងអស់ គឺបានដល់ពេញជាមនុស្ស ហើយដល់ខ្នាតកម្ពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ »៨
ព្រះយេស៊ូវគ្រីស្ទគឺជា « មេផ្ដើម ហើយមេសម្រេចនូវសេចក្ដីជំនឿ [ របស់យើង » ។៩ ការរួបរួមខ្លួនយើងទៅនឹងរូបកាយនៃព្រះគ្រីស្ទ—ដែលជាសាសនាចក្រ—វាគឺជាផ្នែកដ៏សំខាន់មួយនៃការលើកដាក់ព្រះនាមរបស់ទ្រង់លើខ្លួនយើង ។១០ យើងត្រូវបានប្រាប់ថា សាសនាចក្រកាលពីបុរាណ « បានជួបជុំគ្នាជាញឹកញាប់ ដើម្បីតមអាហារ ហើយអធិស្ឋាន ហើយពិគ្រោះគ្នាទៅវិញទៅមកអំពីសុខុមាលភាព ដល់ព្រលឹងពួកគេ »១១ « ហើយស្ដាប់ព្រះបន្ទូលនៃព្រះអម្ចាស់ » ។១២ ដូច្នេះវាមាននៅក្នុងសាសនាចក្រសព្វថ្ងៃនេះ ។ ដោយចូលរួមដោយសេចក្ដីជំនឿ យើងបង្រៀន ហើយស្អាងគ្នាហើយខិតខំឲ្យបានដល់រង្វាស់ពេញលេញនៃភាពជាសិស្ស ជា « ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ » ។ យើងព្យាយាមជួយគ្នាទៅវិញទៅមកដើម្បី « បានស្គាល់ព្រះរាជបុត្រនៃព្រះ »១៣ រហូតដល់ថ្ងៃនោះ ពេល « គេនឹងលែងបង្រៀនអ្នកជិតខាង … ថា ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេនឹងស្គាល់យើងគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ » ។១៤
នៅក្នុងសាសនាចក្រយើងមិនគ្រាន់តែរៀនពីគោលលទ្ធិមកពីព្រះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ដកពិសោធន៍ការអនុវត្តវាផងដែរ ។ ក្នុងនាមជារូបកាយនៃព្រះគ្រីស្ទ សមាជិកសាសនាចក្របម្រើគ្នាទៅវិញទៅមកនៅក្នុងជីវិតប្រចាំថ្ងៃ ។ យើងទាំងអស់គ្នាមិនល្អឥតខ្ចោះនោះទេ ។ យើងអាចធ្វើឲ្យគេអាក់អន់ចិត្ត ហើយក៏មានការអាក់អន់ចិត្តដែរ ។ ជារឿយៗ យើងសាកល្បងគ្នាដោយទម្លាប់ប្លែកៗរបស់យើង ។ ក្នុងរូបកាយនៃព្រះគ្រីស្ទ យើងត្រូវធ្វើច្រើនឲ្យហួសពីការគិត និង ពាក្យលើកតម្កើង ហើយឲ្យមានបទពិសោធន៍ « ផ្ទាល់ខ្លួន »ដ៏ពិតមួយ ពេលយើងរៀន « រស់នៅជាមួយគ្នាដោយនូវសេចក្ដីស្រឡាញ់ » ។១៥
សាសនានេះពុំមែនខ្វល់ខ្វាយតែខ្លួនឯងនោះទេ ផ្ទុយទៅវិញយើងទាំងអស់គ្នាត្រូវបានហៅឲ្យបម្រើ ។ យើងគឺជាភ្នែក ដៃ ក្បាល ជើង និងអវៈយវៈផ្សេងទៀតនៃរូបកាយរបស់គ្រីស្ទ ហើយសូម្បីតែ « អវយវៈ … ដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជាជាងវិញ » ។១៦ យើងត្រូវការការហៅទាំងនេះ ហើយយើងត្រូវការបម្រើ ។
មានបុរសម្នាក់នៅក្នុងវួដរបស់ខ្ញុំធំដឹងក្ដីឡើងដោយគ្មានការគាំទ្រពីឪពុកម្ដាយ ហើយរារាំងមិនឲ្យទៅសកម្មភាពក្នុងសាសនាចក្ររបស់គាត់ ។ គាត់បានប្រាប់រឿងនេះនៅក្នុងការប្រជុំសាក្រាម៉ង់មួយ ៖ « ឪពុកខ្ញុំមិនយល់ថាហេតុអ្វីក៏មនុស្សគ្រប់គ្នាចង់ទៅព្រះវិហារកាលដែលពួកគេអាចទៅលេងជិះស្គីបាននោះ ប៉ុន្តែខ្ញុំពិតជាចង់ទៅព្រះវិហារខ្លាំងណាស់ ។ ក្នុងសាសនាចក្រនេះ យើងទាំងអស់គ្នាមានដំណើរដូចគ្នា ហើយខ្ញុំត្រូវបានបំផុសគំនិតនៅក្នុងដំណើរនោះដោយយុវវ័យរឹងមាំ កុមារបរិសុទ្ធ និងអ្វីដែលខ្ញុំបានឃើញ ហើយរៀនពីពួកមជ្ឈិមវ័យផ្សេងទៀត ។ ខ្ញុំត្រូវបានពង្រឹងដោយទំនាក់ទំនងនោះ ហើយមានចិត្តរីករាយអំណរចំពោះការរស់នៅតាមដំណឹងល្អ » ។
វួដ និងសាខានៃសាសនាចក្រមានការជួបជុំនៃការសម្រាក និងការរំឭកចាំរាល់សប្ដាហ៍ ជាពេលវេលា និងទីកន្លែងមួយដើម្បីទុកពិភពលោកមួយអន្លើរ—គឺជាថ្ងៃឈប់សម្រាក ។ វាគឺជាថ្ងៃដើម្បី មាន « ចិត្តរីករាយក្នុងព្រះយេហូវ៉ា »១៧ ដើម្បីដកពិសោធន៍ការព្យាបាលខាងវិញ្ញាណ ដែលកើតមានជាមួយនឹងពិធីសាក្រាម៉ង់ ហើយទទួលការសន្យាជាថ្មីពីព្រះវិញ្ញាណរបស់ទ្រង់ដើម្បីបានគង់នៅនឹងយើង ។១៨
ពរជ័យដ៏អស្ចារ្យបំផុតមួយនៃការធ្វើជាផ្នែកមួយនៃរូបកាយព្រះគ្រីស្ទ គឺជាការស្ដីបន្ទោសចំពោះអំពើបាប និងកំហុស ទោះបីវាហាក់ដូចជាពុំមែនជាពរជ័យនៅគ្រាមួយក្ដី ។ យើងពូកែដោះសា ហើយធ្វើឲ្យឃើញថាកំហុសរបស់យើងត្រូវ ហើយពេលខ្លះយើងគ្រាន់តែមិនបានដឹងពីកន្លែងដែលយើងគួរធ្វើឲ្យប្រសើរឡើង ឬក៏របៀបដែលធ្វើវាប៉ុណ្ណោះ ។ ប្រសិនបើគ្មានជនដែលអាចស្ដីបន្ទោសយើង « ដោយការតឹងរឹង កាលណាបានបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ » ទេ១៩ យើងអាចខ្វះភាពក្លាហានដើម្បីផ្លាស់ប្ដូរ ហើយដើរតាមលោកចៅហ្វាយកាន់តែល្អឥតខ្ចោះ ។ ការប្រែចិត្តគឺជារឿងបុគ្គលម្នាក់ៗ ប៉ុន្តែការរាប់អានចំពោះរឿងនេះពេលខ្លះ ជាផ្លូវដ៏ឈឺចាប់ គឺមាននៅក្នុងសាសនាចក្រ ។២០
នៅក្នុងការពិភាក្សាពីសាសនាចក្រជារូបកាយនៃព្រះគ្រីស្ទ យើងត្រូវគិតពីរឿងពីរយ៉ាងជានិច្ច ។ ទីមួយ យើងមិនបានព្យាយាមរកការប្រែចិត្តជឿទៅលើសាសនាចក្រទេ ប៉ុន្តែទៅលើព្រះគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ជាការប្រែចិត្តជឿមួយដែលសាសនាចក្របានជួយសម្របសម្រួល ។២១ ព្រះគម្ពីរមរមនបានបង្ហាញពីបញ្ហានេះយ៉ាងច្បាស់ ពេលចែងថា មនុស្សទាំងអស់ « បាន ប្រែចិត្តជឿដល់ព្រះអម្ចាស់ ហើយ ចូលរួមនៅក្នុងសាសនាចក្រនៃព្រះគ្រីស្ទ » ។២២ ទីពីរ យើងត្រូវចងចាំថា ដើមឡើយ សាសនាចក្រគឺជាគ្រួសារ ហើយសូម្បីតែនៅសព្វថ្ងៃនេះជាស្ថាប័នផ្សេងគ្នាក្ដី គ្រួសារ និង សាសនាចក្របម្រើ ហើយពង្រឹងគ្នាទៅវិញទៅមក ។ ស្ថាប័នទាំងពីរមិនអាចជំនួសគ្នាបានទេ ហើយប្រាកដណាស់ទោះជាស្ថិតក្នុងស្ថានភាពដ៏ល្អបំផុតខ្លួនក្ដី ក៏សាសនាចក្រមិនអាចជំនួសឲ្យឪពុកម្ដាយបានឡើយ ។ គោលបំណងនៃការបង្រៀនដំណឹងល្អ និងពិធីបរិសុទ្ធនៃបព្វជិតភាពដែលសាសនាចក្រមានគឺដើម្បីឲ្យក្រុមគ្រួសារអាចមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ជីវិតអស់កល្ប ។
មាននូវហេតុផលចម្បងទីពីរដែលព្រះអង្គសង្គ្រោះធ្វើការតាមរយៈព្រះវិហារ ជាសាសនាចក្ររបស់ទ្រង់ គឺដើម្បីសម្រេចរឿងដ៏ចាំបាច់ដែលមិនអាចសម្រេចបានដោយបុគ្គលម្នាក់ៗ ឬក្រុមតូចៗ ។ ឧទាហរណ៍ដ៏ច្បាស់មួយគឺទាក់ទងនឹងភាពក្រីក្រ ។ វាពិតណាស់ថា ក្នុងនាមជាបុគ្គល និងជាក្រុមគ្រួសារ យើងមើលថែតម្រូវការរបស់អ្នកដទៃ ដោយ « ចែករំលែកគ្នាទៅវិញទៅមកទាំងខាងសាច់ឈាម និងខាងវិញ្ញាណស្របតាមសេចក្ដីខ្វះខាត និងសេចក្ដីត្រូវការរបស់គេ » ។២៣ ប៉ុន្តែដោយរួបរួមគ្នាក្នុងសាសនាចក្រ សមត្ថភាពដើម្បីមើលថែជនក្រីក្រ ហើយអ្នកខ្វះខាត ត្រូវបានបែងចែក ដើម្បីបំពេញតាមការត្រូវការដ៏ធំ ហើយភាពខ្លួនទីពឹងខ្លួនដែលសង្ឃឹមចង់បានត្រូវបានកើតឡើងពិតចំពោះមនុស្ស ។២៤ ជាងនេះទៀត សាសនាចក្រ សមាគមសង្គមសង្គ្រោះ និងកូរ៉ុមបព្វជិតភាពរបស់ខ្លួន មានសមត្ថភាពផ្ដល់ជំនួយដល់មនុស្សយ៉ាងច្រើននៅទីកន្លែងជាច្រើនដែលរងទុក្ខដោយគ្រោះធម្មជាតិ សង្គ្រាម និងការបៀតបៀន ។
ប្រសិនបើគ្មានសមត្ថភាពនៃសាសនាចក្ររបស់ទ្រង់ទេ បេសកកម្មរបស់ព្រះអង្គសង្គ្រោះដើម្បីនាំយកដំណឹងល្អទៅជុំវិញពិភពលោកមិនអាចសម្រេចបានឡើយ ។២៥ វានឹងគ្មានកូនសោជាសាវក រចនាសម្ព័ន្ធ មធ្យោបាយហិរញ្ញវត្ថុ និងពលិកម្ម ព្រមទាំងការលះបង់ពីសំណាក់អ្នកផ្សាយសាសនារាប់រយពាន់នាក់ដែលចាំបាច់ត្រូវអនុវត្តកិច្ចការនេះឡើយ ។ សូមចាំថា « ដំណឹងល្អនៃនគរនេះ [ ត្រូវ ] ប្រកាសដល់ពិភពលោកទាំងមូល ដើម្បីជាសាក្សីដល់គ្រប់ជាតិសាសន៍ ហើយបន្ទាប់មកចុងបញ្ចប់នឹងមកដល់ » ។២៦
សាសនាចក្រអាចសង់ ហើយដំណើរការព្រះវិហារបរិសុទ្ធ ដែលជាដំណាក់របស់ព្រះអម្ចាស់ដែលពិធីបរិសុទ្ធ និង សេចក្ដីសញ្ញាសំខាន់ៗត្រូវបានធ្វើឡើង ។ យ៉ូសែប ស៊្មីធបានថ្លែងគោលបំណងរបស់ព្រះនៅក្នុងការប្រមូលរាស្ត្ររបស់ទ្រង់នៅគ្រប់ជំនាន់គឺ « ដើម្បីសង់ដំណាក់មួយថ្វាយព្រះអម្ចាស់ជាទីដែលទ្រង់ [ អាច ] បើកសម្ដែងដល់រាស្ត្រទ្រង់នូវពិធីបរិសុទ្ធនៃដំណាក់របស់ទ្រង់ និងសិរីល្អនៃនគររបស់ទ្រង់ ហើយបង្រៀនពួកគេពីរបៀបនៃសេចក្ដីសង្គ្រោះ ដ្បិតមានពិធីបរិសុទ្ធ និង គោលការណ៍ជាក់លាក់ដែលត្រូវធ្វើឡើងនៅក្នុងកន្លែងមួយ ឬដំណាក់ដែលបានសង់ឡើងក្នុងគោលបំណងនោះ ពេលវាត្រូវបានបង្រៀន ហើយបានអនុវត្ត » ។២៧
ប្រសិនបើមនុស្សម្នាក់ជឿថា ផ្លូវទាំងអស់ដឹកនាំទៅស្ថានសួគ៌ ឬថាគ្មានតម្រូវការជាក់លាក់ចំពោះសេចក្ដីសង្គ្រោះ នោះគាត់នឹងមិនឃើញពីសេចក្ដីត្រូវការសម្រាប់ការប្រកាសដំណឹងល្អ ឬសម្រាប់ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាក្នុងការប្រោសលោះមនុស្សនៅរស់ ឬអ្នកស្លាប់នោះទេ ។ ប៉ុន្តែយើងពុំមែននិយាយតែរឿងនៃអមតៈភាពប៉ុណ្ណោះទេ តែក៏និយាយពីជីវិតអស់កល្បផងដែរ ហើយដោយសាររឿងនោះហើយទើបផ្លូវនៃដំណឹងល្អ និងសេចក្ដីសញ្ញានៃដំណឹងល្អចាំបាច់ ។ ហើយព្រះអង្គសង្គ្រោះត្រូវការព្រះវិហារមួយ ដើម្បីធ្វើឲ្យកិច្ចការទាំងនោះកើតមានដល់កូនចៅទាំងអស់របស់ព្រះ—ទាំងអ្នកនៅរស់ និងអ្នកស្លាប់ ។
ហេតុផលចុងក្រោយដែលខ្ញុំនឹងលើកឡើង ទាក់ទិននឹងព្រះអម្ចាស់បានស្ថាបនាសាសនាចក្ររបស់ទ្រង់គឺជារឿងដ៏វិសេសវិសាល—គឺសរុបសេចក្ដីទៅ សាសនាចក្រគឺជានគរព្រះនៅលើផែនដី ។
កាលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានស្ថាបនាឡើងនៅទសវត្សរ៍ ១៨៣០ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់ព្យាការីយ៉ូសែប ស្ម៊ីធថា « ចូរលើកចិត្តឡើង ហើយអរសប្បាយចុះ ដ្បិតដល់អ្នកនោះនគរ ឬម្យ៉ាងទៀត កូនសោទាំងឡាយនៃសាសនាចក្រត្រូវបានប្រទានឲ្យហើយ » ។២៨ នៅក្នុងសិទ្ធិអំណាចនៃកូនសោទាំងនេះ អ្នកកាន់តំណែងបព្វជិតភាពរបស់សាសនាចក្រ រក្សាភាពបរិសុទ្ធនៃគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ និងសេចក្ដីសុចរិតនៃពិធីបរិសុទ្ធនៃការសង្គ្រោះរបស់ទ្រង់ ។២៩ ពួកគាត់ជួយរៀបចំអ្នកទាំងឡាយដែលចង់ទទួលពិធីទាំងនោះវិនិច្ឆ័យទៅលើគុណសម្បត្តិ និងភាពសក្ដិសមនៃអ្នកទាំងឡាយដែលដាក់ស្នើ រួចហើយត្រូវធ្វើពិធីទាំងនោះ ។
ដោយមានកូនសោនៃនគរ ពួកអ្នកបម្រើរបស់ព្រះអម្ចាស់អាចស្គាល់ទាំងសេចក្ដីពិត និងភាពក្លែងក្លាយ ហើយថ្លែងដោយសិទ្ធិអំណាចជាថ្មីម្ដងទៀតថា « ព្រះអម្ចាស់មានបន្ទូលដូច្នេះ » ។ គួរឲ្យសោកស្ដាយ មានមនុស្សខ្លះបានតូចចិត្តនឹងសាសនាចក្រដោយសារពួកគេចង់កំណត់សេចក្ដីពិតផ្ទាល់ខ្លួន ប៉ុន្តែភាពពិតជាក់ស្តែងនោះ គឺជាពរជ័យមួយដ៏លើសលប់ដើម្បីទទួលបាន « ការចេះដឹងអំពីការណ៍ទាំងឡាយដែល [មាន] នៅពេលនេះ និងការណ៍ទាំងឡាយដែលមានមកហើយ ហើយនឹងការណ៍ទាំងឡាយដែលនឹងមានខាងមុខ »៣០ ដរាបណាព្រះអម្ចាស់នឹងបើកសម្ដែងវា ។ សាសនាចក្រការពារ និង ផ្សព្វផ្សាយវិវរណៈរបស់ព្រះ—គឺកាណុងនៃព្រះគម្ពីរ ។
ពេលដានីយ៉ែលបកស្រាយសុបិនរបស់ស្ដេចនេប៊ូក្នេសា ដោយបានធ្វើឲ្យស្ដេចអង្គនោះជ្រាប « ពីការដែលត្រូវកើតមកនៅថ្ងៃក្រោយ »៣១ គាត់បានប្រកាសថា « ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរ [ ផ្សេង ] ទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច » ។៣២ សាសនាចក្រនេះដែលជានគរនៅថ្ងៃចុងក្រោយ ដែលបានព្យាករទុកនោះពុំបានបង្កើតឡើងដោយមនុស្សទេ ប៉ុន្តែបានតាំងឡើងដោយព្រះនៃស្ថានសួគ៌ ហើយនឹងរមៀលចេញទៅដូចជាថ្ម « ដែលដាប់ផ្ដាច់ចេញពីភ្នំឥតដៃណាធ្វើ » ដើម្បីមានពាសពេញផែនដី ។៣៣
ជោគវាសនារបស់សាសនាចក្រនេះគឺដើម្បីស្ថាបនាក្រុងស៊ីយ៉ូនក្នុងការត្រៀមខ្លួនទទួលការយាងត្រឡប់មកវិញ និងការគ្រងរាជ្យមួយពាន់ឆ្នាំរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពីមុនថ្ងៃនោះមកដល់ វានឹងគ្មាននគរមួយដែលស្ថិតនៅក្នុងទិដ្ឋភាពណាមួយខាងនយោបាយឡើយ—ដូចដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា « នគរខ្ញុំមិនមែនត្រូវខាងលោកីយ៍ នេះ ទេ » ។៣៤ ផ្ទុយទៅវិញ វាគឺជាឃ្លាំងនៃសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី ជាទីចាត់ចែងសេចក្ដីសញ្ញាបរិសុទ្ធរបស់ទ្រង់ ជាអ្នកមើលថែព្រះវិហារបរិសុទ្ធរបស់ទ្រង់ ជាអ្នកការពារ ហើយប្រកាសសេចក្ដីពិតរបស់ទ្រង់ ជាកន្លែងប្រមូលផ្ដុំអ៊ីស្រាអែលដែលខ្ចាត់ព្រាត់ ហើយ « ជាទីការពារ និងជាទីជម្រកពីព្យុះសង្ឃរា និងពីសេចក្ដីក្រោធដែលឥតលាយក្នុងកាលបានចាក់មកលើផែនដីទាំងមូល » ។៣៥
ខ្ញុំសូមបញ្ចប់ជាមួយការអង្វរ និងការអធិស្ឋានរបស់ព្យាការី ៖
« ចូរទូលដល់ព្រះអម្ចាស់ ប្រយោជន៍ឲ្យនគររបស់ទ្រង់អាចបានចេញទៅលើផែនដី ប្រយោជន៍ឲ្យបណ្ដាជននៅលើទីនោះអាចបានទទួលនគររបស់ទ្រង់ផង ហើយចូរប្រុងប្រៀបជាស្រេច រង់ចាំឲ្យថ្ងៃនោះមកដល់ក្នុងកាលកូនមនុស្សនឹងចុះមកពីស្ថានសួគ៌បំពាក់ដោយសិរីល្អរបស់ទ្រង់ក្នុងភាពភ្លឺថ្លាដើម្បីទៅជួបនគរព្រះដែលតាំងនៅលើផែនដី ។
« ហេតុដូច្នោះហើយ សូមឲ្យនគរព្រះបានចេញទៅប្រយោជន៍ឲ្យនគរស្ថានសួគ៌អាចបានមកដល់ ប្រយោជន៍ឲ្យព្រះអង្គ ឱព្រះអង្គអើយ អាចបានសិរីល្អនៅលើស្ថានសួគ៌ ព្រមទាំងនៅលើផែនដីផង ប្រយោជន៍ឲ្យពួកខ្មាំងសត្រូវរបស់ទ្រង់អាចបានចាញ់ ដ្បិតកិត្តិយស ព្រះចេស្ដា និងសិរីល្អជារបស់ផងទ្រង់ដ៏អស់កល្បជានិច្ច និងរៀងដរាបតទៅ » ។៣៦
នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។