រដូវក្ដៅនៅជាមួយនឹងអ៊ំស្រីកុលាប
នៅពេលបងប្អូនដើរនៅលើផ្លូវដ៏ភ្លឺស្រឡះនៃភាពជាសិស្សរបស់បងប្អូនផ្ទាល់ ខ្ញុំអធិស្ឋានសូមឲ្យក្ដីជំនឿនឹងការពារបងប្អូនគ្រប់ជំហាននៅតាមផ្លូវ ។
បងប្អូនស្រី និងមិត្តជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំរីករាយដើម្បីនៅជាមួយអ្នកនាថ្ងៃនេះ ហើយខ្ញុំមានអំណរគុណដើម្បីនៅក្នុងវត្តមានព្យាការីជាទីស្រឡាញ់របស់យើង ប្រធាន ថូម៉ាស អេស ម៉នសុន ។ ប្រធាន ពួកយើងស្រឡាញ់លោក ។ យើងសោកស្ដាយដែលបានបាត់បង់មិត្តដ៏មានតម្លៃបីរូបរបស់យើង ជាសាវកដ៏ពិតរបស់ព្រះអម្ចាស់ ។ យើងនឹកប្រធានផាកកឺ អែលឌើរ ភែរី និងអែលឌើរ ស្កត យើងស្រឡាញ់ពួកលោក ។ យើងអធិស្ឋានសម្រាប់ក្រុមគ្រួសារ និងមិត្តរបស់ពួកគាត់ ។
ខ្ញុំតែងទន្ទឹងចាំសម័យប្រជុំសន្និសីទនេះ--តន្ត្រីដ៏ពិរោះ និងការទូន្មានល្អៗមកពីបងប្អូនស្រីដ៏បំផុតគំនិតរបស់យើង បាននាំមកនូវព្រះវិញ្ញាណដ៏បរិបូរ ។ ខ្ញុំក្លាយជាមនុស្សល្អប្រសើរម្នាក់ បន្ទាប់ពីបាននៅក្នុងចំណោមបងប្អូន ។
កាលខ្ញុំពិចារណាពីអ្វីដែលខ្ញុំគួរថ្លែងទៅបងប្អូននាថ្ងៃនេះ គំនិតខ្ញុំបានគិតដល់របៀបដែលព្រះអង្គសង្គ្រោះបានបង្រៀន ។ វាគួរឲ្យចាប់អារម្មណ៍ណាស់ ថាទ្រង់អាចបង្រៀនសេចក្ដីពិតដ៏វិសេសបំផុតដោយប្រើរឿងសាមញ្ញៗ ។ រឿងប្រៀបធៀបរបស់ទ្រង់ បានអញ្ជើញពួកសិស្សរបស់ទ្រង់ឲ្យទទួលយកសេចក្ដីពិតដាក់នៅក្នុងគំនិត និងដួងចិត្តរបស់ពួកគេ ហើយបានភ្ជាប់គោលការណ៍ដ៏អស់កល្បទៅនឹងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។1 ប្រធាន ម៉នសុនជាទីស្រឡាញ់របស់យើង ក៏ពូកែបង្រៀនដោយប្រើបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ ។2
ថ្ងៃនេះ ខ្ញុំនឹងផ្ដល់សារលិខិតរបស់ខ្ញុំដោយការបង្ហាញអំពីគំនិត និងអារម្មណ៍របស់ខ្ញុំនៅក្នុងទម្រង់ជារឿងមួយ ។ ខ្ញុំសូមអញ្ជើញអ្នកឲ្យស្ដាប់ដោយព្រះវិញ្ញាណ ។ ព្រះវិញ្ញាណបរិសុទ្ធ នឹងជួយអ្នករកឃើញសារលិខិត សម្រាប់អ្នក នៅក្នុងរឿងប្រៀបធៀបនេះ ។
អ៊ំស្រីកុលាប
ដំណើររឿងនោះគឺអំពីក្មេងស្រីម្នាក់ ឈ្នោះ អេវ៉ា ។ មានរឿងសំខាន់ពីរដែលអ្នកគួរដឹងអំពី អេវ៉ា ។ ទីមួយគឺថាក្នុងរឿងនេះ នាងមានអាយុ ១១ ឆ្នាំ ។ ហើយរឿងទីពីរ គឺថា នាង មិន ចង់ទៅរស់នៅជាមួយនឹងអ៊ំស្រីកុលាបទេ ។ សូម្បីតែបន្តិច ។ ក៏គ្មានដែរ ។
ប៉ុន្តែម្ដាយរបស់អេវ៉ា នឹងត្រូវវះកាត់ ហើយត្រូវការពេលច្រើនទើបអាចជាសះស្បើយឡើងវិញ ។ ដូច្នេះ ឪពុកម្ដាយរបស់អេវ៉ា នឹងបញ្ជូននាងទៅនៅជាមួយនឹងអ៊ំស្រីកុលាបពេញមួយរដូវក្ដៅ ។
នៅក្នុងគំនិតរបស់អេវ៉ាគឺមានមូលហេតុរាប់ពាន់ថាគំនិតនេះ គឺមិនល្អទេ ។ ចំពោះមូលហេតុមួយ គឺមានន័យថា នាងនឹងនៅឆ្ងាយពីម្ដាយ ។ វាក៏មានន័យថា ត្រូវចាកចេញពីគ្រួសារ និងមិត្តភក្ដិនាង ។ ហើយក្រៅពីនោះ នាងមិនស្គាល់អ៊ំស្រីកុលាបទេ ។ នាងសុខស្រួលនឹងនៅកន្លែងដែលនាងធ្លាប់នៅ អរគុណច្រើនណាស់ ។
ប៉ុន្តែទោះជាមានការប្រកែក ឬមិនយល់ស្របយ៉ាងណាក៏ដោយ ក៏មិនអាចផ្លាស់ប្ដូរការសម្រេចចិត្តនោះបានដែរ ។ ដូច្នេះ អេវ៉ា បានរៀបចំឥវ៉ាន់ដាក់វ៉ាលី ហើយធ្វើដំណើរយ៉ាងយូរជាមួយនឹងឪពុកនាង ទៅផ្ទះអ៊ំស្រី កុលាប ។
អេវ៉ាមិនចូលចិត្តសោះ ចាប់តាំងពីគ្រាដែលនាងឈានជើងចូលទៅក្នុងផ្ទះនោះ ។
អ្វីៗគ្រប់យ៉ាងគឺចាស់គំរិល ! គ្រប់កន្លែងគឺមានដាក់សៀវភៅចាស់ៗ ដបទឹកមានពណ៌ចម្លែកៗ និងធុងផ្លាស្ទិកមានពេញទៅដោយអង្កាំ បូ និង ឡេវជាច្រើន ។
អ៊ំស្រីកុលាប រស់នៅតែម្នាក់ឯង គាត់ពុំដែលរៀបការទេ ។ អ្នកក្នុងផ្ទះម្នាក់ទៀត គឺជាឆ្មាពណ៌ប្រផេះ ដែលចូលចិត្តដេកលើកន្លែងខ្ពស់ៗតាមបន្ទប់ ហើយ សំឡឹងមើលមកអ្វីៗខាងក្រោមដូចជាសត្វខ្លាស្រេកឃ្លានមួយក្បាល ។
សូម្បីតែផ្ទះក៏ស្ងាត់ជ្រងំដែរ ។ វាស្ថិតនៅតាមជនបទ ដែលផ្ទះនៅឆ្ងាយៗពីគ្នា ។ ក្នុងចម្ងាយកន្លះម៉ែលគឺគ្មានក្មេងវ័យស្របាលអេវ៉ាឡើយ ។ ការណ៍នោះក៏ធ្វើឲ្យអេវ៉ាមានអារម្មណ៍ឯកោដែរ ។
ដំបូងឡើយ នាងពុំខ្វល់នឹងអ៊ំស្រី កុលាបទេ ។ នាងគិតតែពីម្ដាយរបស់នាង ។ ពេលខ្លះ នាងពុំគេងលក់ទេ ដោយអធិស្ឋានអស់ពីចិត្តសូមឲ្យម្ដាយរបស់នាងបានជាសះស្បើយ ។ ហើយទោះជាវាពុំបានកើតឡើងភ្លាមៗក្ដី តែអេវ៉ាបានចាប់ផ្ដើមមានអារម្មណ៍ថា ព្រះកំពុងមើលថែម្ដាយរបស់នាង ។
ទីបំផុតបានឮថា ការវះកាត់នោះបានជោគជ័យ ហើយឥឡូវនេះអ្វីដែលអេវ៉ាត្រូវធ្វើ គឺស៊ូទ្រាំនៅរហូតដល់ផុតរដូវក្ដៅ ។ ប៉ុន្តែ អូ៎ ! នាងស្អប់ការស៊ូទ្រាំណាស់ !
ឥឡូវដោយនាងបានធូរស្បើយលែងបារម្ភពីម្ដាយ អេវ៉ាបានចាប់ផ្ដើមកត់សម្គាល់អំពីអ៊ំស្រីកុលាបច្រើនជាងមុន ។ គាត់មានមាឌធំ--ហើយក៏មាន ៖ សំឡេងធំ ស្នាមញញឹមធំ អត្តចរិកទូលាយផងដែរ ។ គាត់មានការពិបាកក្នុងការទៅណាមកណាខ្លាំងណាស់ ប៉ុន្តែគាត់តែងច្រៀង ហើយសើចនៅពេលគាត់ធ្វើការ សំឡេងសើចរបស់គាត់ គឺឮពេញផ្ទះ ។ រៀងរាល់យប់ គាត់អង្គុយនៅលើកៅអីវែង ហើយបានទាញគម្ពីរមកអានឮៗ ។ ហើយនៅពេលគាត់អាន ពេលខ្លះគាត់បាននិយាយថា « អូ៎ គាត់មិនគួរធ្វើដូច្នេះសោះ ! » ឬ « ម៉េចក៏មិនឲ្យខ្ញុំទៅទីនោះ ! » ឬ « តើនោះពុំមែនជារឿងអស្ចារ្យ ដែលអ្នកបានឮទេឬអី ! » ហើយរៀងរាល់ល្ងាច នៅពេលពួកគេទាំងពីរបានលុតជង្គង់នៅជិតគ្រែរបស់អេវ៉ា អ៊ំស្រីកុលាបបានពោលពាក្យអធិស្ឋានដ៏មានន័យបំផុត ដោយថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌របស់គាត់ចំពោះសត្វចាប និងដើមឈើ ព្រះអាទិត្យលិច និងហ្វូងតារា ព្រមទាំង « ភាពអស្ចារ្យនៃជីវិត » ។ ចំពោះអេវ៉ា ស្ដាប់មើលទៅដូចជា អ៊ំកុលាប បានស្គាល់ព្រះ ដូចមិត្តភក្ដិដូច្នោះដែរ ។
យូរៗទៅ អេវ៉ាបានរកឃើញរឿងដ៏ភ្ញាក់ផ្អើល ៖ អ៊ំស្រីកុលាប គឺជាមនុស្សសប្បាយរីករាយបំផុត តាមដែលនាងធ្លាប់ដឹង !
ចុះតើវាអាចកើតឡើងដោយរបៀបណា ?
តើគាត់រីករាយអំពីអ្វីខ្លះ ?
គាត់ពុំដែលរៀបការ គាត់គ្មានកូន គាត់គ្មានអ្នកនៅជាមួយ លើកលែងតែឆ្មាដ៏គួរឲ្យខ្លាចមួយក្បាលនោះ ហើយគាត់ពិបាកក្នុងការធ្វើរឿងសាមញ្ញៗ ដូចជា ចងខ្សែស្បែកជើង និងដើរឡើងកាំជណ្ដើរ ។
នៅពេលគាត់ទៅទីក្រុង នោះគាត់ពាក់មួកធំចម្លែក ហើយមានពណ៌ឆើតៗ ។ ប៉ុន្តែមនុស្សទូទៅមិនសើចគាត់ទេ ។ ផ្ទុយទៅវិញ ពួកគេបានមកចោមរោមចាំនិយាយនឹងគាត់ ។ អ៊ំកុលា ធ្លាប់ធ្វើជាគ្រូបង្រៀននៅសាលា ហើយវាជារឿងធម្មតាទេដែលសិស្សគាត់កាលពីមុន--ឥឡូវធំឡើងមានកូនចៅរៀងៗខ្លួន--មកនិយាយលេងនឹងគាត់នោះ ។ ពួកគេបានអរគុណគាត់ចំពោះការធ្វើជាឥទ្ធិពលល្អនៅក្នុងជីវិតរបស់ពួកគេ ។ ពួកគេបានសើចជាញឹកញាប់ ។ ពេលខ្លះ ពួកគេបានយំផងដែរ ។
នៅពេលរដូវក្ដៅចេះតែកន្លងទៅ អេវ៉ា បានចំណាយពេលច្រើនឡើងៗជាមួយអ៊ំស្រីកុលាប ។ ពួកគេបានដើរយ៉ាងឆ្ងាយ ហើយអេវ៉ា រៀនអំពីភាពខុសគ្នារវាងចាបពូក និងចាបចៀបកប្បាស ។ នាងបានបេះផ្លែប៊ែរីព្រៃ ហើយបានធ្វើជាដំណាប់ផ្លែក្រូច ។ នាងបានរៀនអំពីលោកយាយលួតរបស់នាង ដែលបានចាកចោលស្រុកកំណើតរបស់គាត់ ធ្វើដំណើរឆ្លងកាត់សមុទ្រ ហើយដើរកាត់វាលទំនាបដើម្បីចូលរួមនឹងពួកបរិសុទ្ធ ។
មិនយូរប៉ុន្មាន អេវ៉ាបានរកឃើញរឿងភ្ញាក់ផ្អើលមួយទៀត ៖ អ៊ំស្រីកុលាបពុំមែនគ្រានតែជាមនុស្សដ៏រីករាយបំផុតម្នាក់ដែលនាងស្គាល់ទេប៉ុន្តែអេវ៉ាខ្លួនឯងក៏រីករាយផងដែរពេលនៅជិតគាត់ ។
រដូវក្ដៅបានកន្លងផុតទៅយ៉ាងរហ័ស ។ អេវ៉ាបានភ្លេចខ្លួនរហូតដល់អ៊ំស្រីកុលាបប្រាប់ថា មិនយូរប៉ុន្មានទេ នាងនឹងត្រឡប់ទៅផ្ទះវិញហើយ ។ ទោះជាអេវ៉ាបានទន្ទឹងចាំឲ្យគ្រានោះឆាប់មកដល់តាំងពីពេលនាងមកដល់ក្ដី តែឥឡូវនាងមានអារម្មណ៍មិនប្រាកដទេ ។ នាងបានដឹងថានាងនឹងនឹកផ្ទះចាស់ចម្លែកនេះ សត្វឆ្មា និងអ៊ំស្រីកុលាបជាទីស្រឡាញ់របស់នាងមិនខានទេ ។
នៅថ្ងៃមុនពេលឪពុករបស់នាងមកទទួល អេវ៉ា បានសួរសំណួរដែលនាងបានងឿងឆ្ងល់អស់ជាច្រើនសប្ដាហ៍មកនោះ ៖ « អ៊ំកុលាប ហេតុអ្វីក៏អ៊ំរីករាយម្ល៉េះ ?
អ៊ំស្រីកុលាប បានមើលមុខនាងចំ ហើយនាំនាងទៅមើលផ្ទាំងគំនូរមួយ ដែលព្យួរនៅបន្ទប់ខាងមុខ ។ វាគឺជាអំណោយមកពីមិត្តសំឡាញ់ដ៏មានទេពកោសល្យម្នាក់ ។
គាត់បានសួរថា « តើក្មួយមើលឃើញអ្វីនៅទីនោះ ? »
អេវ៉ា បានធ្លាប់ឃើញគំនូរនេះពីមុន ប៉ុន្តែនាងពុំដែលយកចិត្តទុកដាក់មើលទេ ។ ក្មេងស្រីម្នាក់ក្នុងសំលៀកបំពាក់ត្រួសត្រាយផ្លូវ លោតលេងតាមផ្លូវពណ៌ខៀវស្រឡះ ។ ស្មៅ និងដើមឈើមានពណ៌បៃតងខ្ចី ។ អេវ៉ាបាននិយាយថា « វាជាគំនូរអំពីក្មេងស្រីម្នាក់ ។ ដូចជានាងកំពុងតែលោតលេង » ។
អ៊ំកុលាប បានតបថា « ចា៎ស នោះគឺជាក្មេងស្រី ត្រួសត្រាយផ្លូវ ដែលលោតលេងដ៏រីករាយ » ។ « អ៊ំស្រមៃថា មានថ្ងៃដ៏ខ្មៅងងឹតគួរឲ្យ ហើយភ័យខ្លាចជាច្រើនសម្រាប់ពួកអ្នកត្រួសត្រាយផ្លូវ ។ ជីវិតរបស់ពួកគេមានការលំបាកណាស់--យើងនឹកមិនដល់ទេ ។ ប៉ុន្តែក្នុងគំនូរនេះ អ្វីៗគ្រប់យ៉ាងគឺភ្លឺថ្លាប្រកបដោយក្ដីសង្ឃឹម ។ ក្មេងស្រីនេះមានដំណើរលោតលេង ហើយនាងដើរឆ្ពោះទៅមុខជានិច្ច » ។
អេវ៉ានៅស្ងៀម ដូច្នេះអ៊ំស្រីកុលាប បានបន្ដទៀតថា ៖ « មានរឿងមិនល្អបានកើតឡើងក្នុងជីវិតល្មមគ្រប់គ្រាន់ហើយ ដូច្នេះមនុស្សអាចនឹងមានភាពទុទិដ្ឋិនិយម និងអស់សង្ឃឹម ។ ប៉ុន្តែអ៊ំស្គាល់មនុស្សដែលគិតផ្ដោតទៅលើភាពអស្ចារ្យ និងអព្ភូតហេតុនៃជីវិត ទោះជាមានរឿងជាច្រើនមិនសមតាមបំណងក្ដី ។ មនុស្សទាំងនេះ គឺជាមនុស្សរីករាយបំផុតដែលអ៊ំស្គាល់ » ។
អេវ៉ាបាននិយាយថា « ប៉ុន្តែ អ៊ំមិនអាចប្ដូរពីភាពសោកសៅទៅភាពរីករាយបានភ្លាមៗដោយគ្រាន់តែកាច់កុងតាក់មួយនោះទេ » ។
អ៊ំកុលាបបានញញឹមតិចៗ « ទេ ប្រហែលជាមិនបានទេ ប៉ុន្តែព្រះពុំបានរៀបចំយើងឡើងមកឲ្យសោកសៅនោះទេ » ។ ទ្រង់បង្កើតយើងមកឲ្យមានក្ដីអំណរ !3 ដូច្នេះប្រសិនបើយើងទុកចិត្តលើទ្រង់ ទ្រង់នឹងជួយយើងឲ្យស្គាល់រឿងល្អៗនៅក្នុងជីវិតដែលភ្លឺថ្លា ហើយពេញដោយក្ដីសង្ឃឹម ។ ហើយប្រាកដណាស់ ពិភពលោកនឹងកាន់តែស្រស់ថ្លា ។ ទេ វាមិនកើតឡើងភ្លាមៗទេ ប៉ុន្តែតាមពិតទៅ តើមានរឿងល្អៗប៉ុន្មានទៅ ? ចំពោះអ៊ំ រឿងល្អៗបំផុត ត្រូវការមានភាពអត់ធ្មត់ និងការធ្វើការ ដូចជាការដុតនំប៉័ង ឬធ្វើដំណាប់ទឹកក្រូចដោយខ្លួនយើងអញ្ចឹង ។
អេវ៉ា បានគិតមួយភ្លែត ហើយបាននិយាយថា « ប្រហែលជាវាពុំងាយស្រួលទេ សម្រាប់មនុស្សដែលគ្មានអ្វីៗល្អឥតខ្ចោះនៅក្នុងជីវិតរបស់ពួកគេនោះ » ។
« អេវ៉ាក្មួយសំឡាញ់ តើក្មួយពិតជាគិតថា ជីវិតអ៊ំល្អឥតខ្ចោះឬ ? » អ៊ំកុលាប បានអង្គុយជាមួយអេវ៉ាលើកៅអីវែង ។ « វាមានគ្រាមួយដែលអ៊ំបាក់ទឹកចិត្តយ៉ាងខ្លាំង ហើយអ៊ំមិនចង់បន្ដទៅមុខទេ » ។
« អ៊ំហ្នឹង ? » អេវ៉ាបានសួរ ។
អ៊ំស្រីកុលាប បានងក់ក្បាល ។ « មានរឿងជាច្រើនដែលអ៊ំប៉ងចង់បានក្នុងជីវិត » ។ នៅពេលគាត់និយាយ សំឡេងរបស់គាត់មានភាពសោកសៅ ដែលអេវ៉ាពុំធ្លាប់ឮពីមុនមកទេ ។ « មានអ្វីៗជាច្រើនពុំកើតឡើងទេ ។ វាគឺជារឿងខកចិត្តមួយហើយមួយទៀត ។ ថ្ងៃមួយ អ៊ំបានដឹងថា វានឹងពុំបានដូចជាអ្វីដែលអ៊ំសង្ឃឹមនោះទេ ។ នោះជាថ្ងៃដ៏អស់សង្ឃឹមមួយ ។ អ៊ំហៀបនឹងចុះចាញ់ ហើយក្លាយជាអ្វីក៏ក្លាយទៅ » ។
« ដូច្នោះតើអ៊ំត្រូវធ្វើយ៉ាងណា ? »
« គ្មានអ្វីទេពេលនោះ ។ អ៊ំមានតែកំហឹង ។ អ៊ំជាមនុស្សដែលគ្មាននរណាម្នាក់ចង់នៅជិតទេ » ។ បន្ទាប់មកគាត់សើចបន្ដិច តែវាពុំមែនជាការសើចសើចឮៗខ្ទរផ្ទះដែលគាត់ធ្លាប់សើចនោះទេ ។ «‹ វាមិនយុត្តិធម៌ទេ › គឺជាចម្រៀងដែលអ៊ំច្រៀងម្ដងហើយម្ដងទៀតនៅក្នុងខួរក្បាល ។ ប៉ុន្តែនៅទីបំផុត អ៊ំបានរកឃើញអ្វីមួយ ដែលបានផ្លាស់ជីវិតអ៊ំទាំងស្រុង » ។
« តើវាជាអ្វីទៅ ? »
អ៊ំស្រីកុលាបបានញញឹម រួចពោលថា « ក្ដីជំនឿ » ។ « អ៊ំបានរកឃើញសេចក្ដីជំនឿ ។ ហើយសេចក្ដីជំនឿនាំទៅរកសេចក្ដីសង្ឃឹម ។ ហើយក្ដីជំនឿ និងក្ដីសង្ឃឹមបានផ្ដល់ទំនុកចិត្តដល់អ៊ំ ថាថ្ងៃមួយ អ្វីៗនឹងបានយល់ ហើយដោយសារតែព្រះអង្គសង្គ្រោះ នោះរាល់ការខុសទាំងឡាយ នឹងត្រូវបានធ្វើឲ្យទៅជាត្រូវវិញ ។ បន្ទាប់ពីនោះមក អ៊ំបានមើលឃើញផ្លូវនៅចំពោះមុខថា វាពុំសូវនឿយហត់ និងអាប់អួរដូចអ៊ំធ្លាប់គិតឡើយ ។ អ៊ំបានចាប់ផ្ដើមសម្គាល់ឃើញពណ៌ខៀវខ្ចី បៃតងស្រងាត់ និងពណ៌ក្រហមច្បាស់ ហើយអ៊ំបានសម្រេចចិត្តថា អ៊ំមានជម្រើសមួយ--អ៊ំគិត ហើយអូសជើងឲ្យដើរនៅតាមផ្លូវដ៏អាប់អួរ នៃភាពអាណិតខ្លួនឯង ឬអ៊ំអាចមានជំនឿបន្ដិច ពាក់សំលៀកបំពាក់ពណ៌ស្រស់ៗ ពាក់ស្បែកជើងរាំរបស់អ៊ំ ហើយលោតលេងនៅតាមផ្លូវនៃជីវិត ដោយដើរបណ្ដើរច្រៀងបណ្ដើរ » ។ ឥឡូវ សំឡេងគាត់បានសើចសប្បាយដូចជាក្មេងស្រីនៅក្នុងគំនូរដែរ ។
អ៊ំស្រីកុលាប បានឈោងទៅចុងតុ ហើយទាញគម្ពីរដ៏ទក់របស់គាត់មកដាក់លើភ្លៅ ។ « អ៊ំមិនគិតថា អ៊ំអស់សង្ឃឹមរហូតដល់កើតរោគចិត្តនោះទេ--អ៊ំមិនប្រាកដថា ក្មួយអាចប្រាប់ខ្លួនឯងកុំឲ្យធ្វើរឿងនោះបានដែរឬអត់នោះទេ ។ ប៉ុន្តែអ៊ំបានប្រាប់ខ្លួនឯងឲ្យធ្លាក់ចូលក្នុងភាពរងទុក្ខ ! មែនហើយ អ៊ំមានថ្ងៃសោកសៅខ្លះ ប៉ុន្តែរាល់ការសោកសៅ និងការព្រួយបារម្ភរបស់អ៊ំ ពុំអាចផ្លាស់ប្ដូរអ្វីបានទេ--វារឹតតែធ្វើឲ្យរឿងទាំងឡាយកាន់តែអាក្រក់ទៅ ។ ក្ដីជំនឿទៅលើព្រះអង្គសង្គ្រោះ បានបង្រៀនអ៊ំថា ទោះជាពីមុនមានរឿងអ្វីកើតឡើងក្ដី តែរឿងរបស់អ៊ំនឹងបញ្ចប់ដោយភាពរីករាយ » ។
« តើអ៊ំដឹងដូច្នោះដោយរបៀបណា ? » អេវ៉ាបានសួរ ។
អ៊ំស្រីកុលាប បានបើកគម្ពីរប៊ីបរបស់គាត់ រួចពោលថា « វាប្រាប់នៅត្រង់នេះថា ៖
«‹ ព្រះ… ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ ។
«› ព្រះ ទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ ›» ។4
អ៊ំស្រីកុលាបបានមើលមុខអេវ៉ា ។ ស្នាមញញឹមរបស់គាត់មានយ៉ាងធំ ពេលគាត់ខ្សឹប ដោយសំឡេងញ័រតិចៗថា « តើនោះពុំមែនជារឿងដ៏ស្រស់ស្អាតបំផុត ដែលក្មួយធ្លាប់ឮទេឬអី ? »
អេវ៉ាគិតថា វាស្ដាប់ទៅពិតជាអស្ចារ្យណាស់ ។
អ៊ំស្រីកុលាប បានបើកទៅពីរបីទំព័រទៀត ហើយចង្អុលទៅខគម្ពីរមួយឲ្យអេវ៉ាអាន ៖ « សេចក្ដីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្ដីនោះឯងដែលព្រះបានរៀបចំទុក សម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់ » ។5
អ៊ំស្រីកុលាបបាននិយាយថា « ជាមួយនឹងអនាគតដ៏រុងរឿងដូច្នោះ ហេតុអ្វីក៏យើងលុងខ្លួនទៅក្នុងរឿងអតីតកាល ឬបច្ចុប្បន្នកាលដែលពុំបានដូចជាអ្វីដែលយើងបានដាក់ផែនការទៅវិញ ? »
អេវ៉ាបានជ្រួញចិញ្ចើម ។ នាងបាននិយាយថា « ចាំបន្ដិចសិន » ។ « តើអ៊ំកំពុងនិយាយថា ការរីករាយមានន័យថា គ្រាន់តែជាការរង់ចាំសុភមង្គលនៅពេលអនាគតឬ ? តើរាល់សុភមង្គលរបស់យើងស្ថិតនៅក្នុងភាពអស់កល្បជានិច្ចឬ ? តើវាមិនអាចមានខ្លះនៅពេលនេះទេឬ ?
« អូ៎ ពិតណាស់ ក្មួយ ! » អ៊ំស្រីកុលាប បានថ្លែង ។ « ក្មួយសំឡាញ់ ពេលឥឡូវនេះ គឺជា ផ្នែក នៃភាពអស់កល្បជានិច្ច ។ វាពុំចាប់ផ្ដើមបន្ទាប់ពីយើងស្លាប់ទៅនោះទេ ! សេចក្ដីជំនឿ និងក្ដីសង្ឃឹម នឹងបើកភ្នែករបស់យើងមើលទៅសុភមង្គល ដែលមាននៅចំពោះមុខអ្នក ។
« អ៊ំចេះកំណាព្យមួយដែលពោលថា ‹ និរន្ដរភាព--គឺតាក់តែងឡើងពីពេលឥឡូវនេះ › ។6 អ៊ំពុំចង់ឲ្យនិរន្ដរភាពរបស់អ៊ំ ត្រូវតាក់តែងឡើងដោយភាពខ្មៅងងឹត និងភាពភ័យខ្លាច ‹ នាពេលឥឡូវនេះ › ទេ ។ ហើយអ៊ំមិនចង់រស់នៅក្នុងរូងដ៏ងងឹតក្នុងការសង្កៀតធ្មេញ បិទភ្នែក ហើយស៊ូទ្រាំរហូតដល់ចុងបំផុតដ៏ជូរចត់ពោរពេញដោយភាពអាក់អន់ចិត្តនោះទេ ។ ជំនឿ បានផ្ដល់សេចក្ដីសង្ឃឹម ដែលអ៊ំត្រូវការដើម្បីរស់នៅដោយក្ដីអំណរនាពេលឥឡូវនេះ ! »
« ដូច្នោះតើអ៊ំត្រូវធ្វើយ៉ាងណា ? » អេវ៉ាបានសួរ ។
« អ៊ំបានអនុវត្តសេចក្ដីជំនឿទៅលើការសន្យារបស់ព្រះ ដោយបំពេញជីវិតរបស់អ៊ំ ជាមួយនឹងរឿងដែលមានន័យទាំងឡាយ ។ អ៊ំបានទៅសាលារៀន ។ អ៊ំទទួលបានការអប់រំ ។ វាបានដឹកនាំអ៊ំឲ្យមានអាជីពមួយ ដែលអ៊ំស្រឡាញ់ » ។
អេវ៉ា បានគិតអំពីរឿងនេះមួយសន្ទុះ ហើយនិយាយថា « ប៉ុន្តែការជាប់រវល់មិនមែនជាអ្វីដែលធ្វើឲ្យអ៊ំរីករាយទេ ។ មានមនុស្សរវល់ជាច្រើនដែលគ្មានភាពរីករាយ » ។
« ហេតុអ្វីក្មួយឆ្លាតម្ល៉េះ នៅតូចសោះ ? » អ៊ំស្រីកុលាបសួរ ។ « ក្មួយនិយាយត្រូវណាស់ ។ ហើយភាគច្រើនមនុស្សដែលរវល់ ហើយគ្មានភាពភាពរីករាយទាំងនោះ បានភ្លេចនូវរឿងមួយ ដែលសំខាន់បំផុតនៅក្នុងពិភពលោកនេះ--ជារឿង ដែលព្រះយេស៊ូវបានមានបន្ទូលថា ជាបេះដូងនៃដំណឹងល្អរបស់ទ្រង់ » ។
« ហើយនោះជាអ្វីទៅ ? » អេវ៉ាបានសួរ ។
អ៊ំកុលាប បាននិយាយថា « វាជាក្ដីស្រឡាញ់-- សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។ « ក្មួយឃើញទេ អ្វីៗទាំងអស់ក្នុងដំណឹងល្អ—អ្វីៗទាំងអស់ គប្បី ហើយ ត្រូវតែ និង គួរតែ —នាំទៅរកសេចក្ដីស្រឡាញ់ ។ នៅពេលយើងស្រឡាញ់ព្រះ យើងចង់បម្រើទ្រង់ ។ យើងចង់ដូចជាទ្រង់។ នៅពេលយើងស្រឡាញ់អ្នកជិតខាងយើង យើងឈប់គិតច្រើនអំពីបញ្ហាផ្ទាល់ខ្លួនយើង ហើយជួយអ្នកដទៃដោះស្រាយបញ្ហារបស់ពួកគេវិញ » ។7
« ហើយតើនោះជាអ្វីដែលធ្វើឲ្យយើងរីករាយមែនទេ ? » អេវ៉ាបានសួរ ។
អ៊ំស្រីកុលាបបានងក់ក្បាល ហើយញញឹម ទាំងទឹកភ្នែក ។ « ចា៎ស ក្មួយសំឡាញ់ ។ នោះហើយ គឺជាអ្វីដែលធ្វើឲ្យយើងរីករាយ » ។
មិនដូចពីមុនឡើយ ។
នៅថ្ងៃស្អែកឡើង អេវ៉ាបានឱបអ៊ំស្រីកុលាបរបស់នាង ហើយបានអរគុណចំពោះអ្វីៗគ្រប់យ៉ាងដែលគាត់បានធ្វើ ។ នាងបានត្រឡប់មកផ្ទះជួបគ្រួសារ មិត្ត ផ្ទះ និងអ្នកជិតខាងរបស់នាងវិញ ។
ប៉ុន្តែនាងពុំដូចជាមុនទៀតឡើយ ។
នៅពេលអេវ៉ាធំឡើង នាងបានគិតអំពីពាក្យសម្ដីរបស់អ៊ំស្រីកុលាបជាញឹកញាប់ ។ ទីបំផុត អេវ៉ាបានរៀបការ មានកូន ហើយរស់នៅក្នុងជីវិតដ៏ស្រស់ស្អាតយូរអង្វែងមួយ ។
ហើយថ្ងៃមួយ នៅពេលនាងឈរនៅក្នុងផ្ទះរបស់នាង សរសើរដល់គំនូរក្មេងស្រីដែលស្លៀកសំលៀកបំពាក់ត្រួសត្រាយផ្លូវ លោតលេងនៅលើផ្លូវពណ៌ខៀវស្រឡះ នោះនាងបានដឹងថា នាងបានឈានចូលដល់វ័យដូចជាអ៊ំស្រីកុលាបអំឡុងគ្រារដូវក្ដៅដ៏អស្ចារ្យនោះ ។
នៅពេលនាងបានដឹងរឿងនេះ នាងមានអារម្មណ៍នូវការអធិស្ឋានដ៏ពិសេសមួយពេញក្នុងដួងចិត្តរបស់នាង ។ ហើយអេវ៉ា បានមានអំណរគុណជាខ្លាំងចំពោះជីវិតរបស់នាង ចំពោះគ្រួសារនាង ចំពោះដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ និងចំពោះរដូវក្ដៅក្នុងពេលកន្លងទៅនោះ ដែលអ៊ំស្រីកុលាប8 បានបង្រៀននាងអំពី ក្ដីជំនឿ ក្ដីសង្ឃឹម និងក្ដីស្រឡាញ់ ។9
ពរជ័យ
បងប្អូនស្រី មិត្តជាទីស្រឡាញ់ ក្នុងព្រះគ្រីស្ទជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំសង្ឃឹម និងអធិស្ឋានសូមឲ្យអ្វីមួយនៅក្នុងរឿងនេះ បានចាក់ក្នុងបេះដូងរបស់បងប្អូន ហើយបំផុសដល់ព្រលឹងរបស់បងប្អូន ។ ខ្ញុំដឹងថា ព្រះមានព្រះជន្មរស់ ហើយថាទ្រង់ស្រឡាញ់បងប្អូនម្នាក់ៗ ។
នៅពេលបងប្អូនដើរនៅលើផ្លូវដ៏ភ្លឺស្រឡះនៃភាពជាសិស្សរបស់បងប្អូនផ្ទាល់ ខ្ញុំអធិស្ឋានសូមឲ្យក្ដីជំនឿនឹងការពារបងប្អូនគ្រប់ជំហាននៅតាមផ្លូវ ហើយសូមឲ្យក្ដីសង្ឃឹមនឹងបើកភ្នែករបស់បងប្អូនឲ្យមើលឃើញសិរីល្អដែលព្រះវរបិតាសួគ៌ បានមានសម្រាប់អ្នក ហើយសូមឲ្យសេចក្ដីស្រឡាញ់ចំពោះព្រះ និងកូនចៅរបស់ទ្រង់គ្រប់រូប នឹងមានពេញក្នុងបេះដូងបងប្អូន ។ ក្នុងនាមជាសាវកមួយរូបរបស់ព្រះអម្ចាស់ ខ្ញុំបន្សល់ទុកការណ៍នេះជាទីបន្ទាល់ និងជាពរជ័យរបស់ខ្ញុំ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។