អ្នកមិនធ្វើកិច្ចការនេះតែម្នាក់ឯងឡើយ
នៅពេលអ្នកផ្លាស់ពីរការបម្រើបព្វជិតភាពមួយទៅការបម្រើមួយទៀត អ្នកនឹងឃើញព្រះអម្ចាស់គង់នៅក្នុងកិច្ចការជាមួយនឹងអ្នក ។
បងប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំអើយ យើងមានអំណរគុណដែលព្រះអម្ចាស់បានហៅអែលឌើរ រ៉ូណល អេ រ៉ាសបាន អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន និងអែលឌើរ ដេល ជី រិនឡាន់ ជាសាវករបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ ដួងចិត្ត ការអធិស្ឋាន និងសេចក្ដីជំនឿរបស់យើងគាំទ្រដល់ពួកគាត់ ។
យើងដឹងពីសមត្ថភាពដ៏អស្ចារ្យរបស់ពួកគាត់ ។ ប៉ុន្តែពួកគាត់នឹងត្រូវការការលើកទឹកចិត្តនៅក្នុងការហៅរបស់ពួកគាត់ ដូចយើងទាំងអស់គ្នាដែរ ថាព្រះអម្ចាស់គង់នៅជាមួយពួកគាត់ក្នុងកិច្ចការរបស់ទ្រង់ ។ ឌីកុនថ្មីត្រូវការភាពជឿជាក់នោះ ដូចគ្នានឹងសង្ឃជាន់ខ្ពស់ដែលមានបទពិសោធន៍ដែលទើបទទួលការហៅថ្មីដែរ ។
ភាពជឿជាក់នោះកើនឡើងពេលអ្នកបានឃើញថា ទ្រង់បានហៅអ្នកតាមរយៈពួកអ្នកបម្រើរបស់ទ្រង់ ។ ការលើកទឹកចិត្តរបស់ខ្ញុំគឺដើម្បីជួយអ្នកឲ្យដឹងថា ពេលអ្នកធ្វើផ្នែករបស់ខ្លួន នោះព្រះអម្ចាស់បន្ថែមព្រះចេស្ដារបស់ទ្រង់ដល់ការខិតខំរបស់អ្នក ។
រាល់ការហៅដែលយើងទទួលនៅក្នុងនគររបស់ព្រះអម្ចាស់តម្រូវឲ្យមានលើសពីការវិនិច្ឆ័យ និងអំណាចផ្ទាល់ខ្លួនរបស់យើងទៅទៀត ។ ការហៅទាំងនោះតម្រូវឲ្យមានជំនួយពីព្រះអម្ចាស់ដែលទ្រង់នឹងធ្វើដូច្នោះ ។ សូម្បីតែឌីកុនថ្មីនោះនឹងរៀនថា ការណ៍នោះពិត ហើយគាត់នឹងបន្តរៀននៅពេលខាងមុខទៀត ។
ចៅប្រុសខ្ញុំម្នាក់បាននៅទីនេះក្នុងសម័យប្រជុំបព្វជិតភាពលើកទីមួយរបស់គាត់នារាត្រីនេះ ។ គាត់ត្រូវបានតែងតាំងជាឌីកុនកាលពីប្រាំមួយថ្ងៃមុន ។ គាត់ប្រហែលជារំពឹងថាការបំពេញកាតព្វកិច្ចបព្វជិតភាពដំបូងរបស់គាត់គឺការចែកសាក្រាម៉ង់នៅថ្ងៃអាទិត្យក្រោយ ។ ខ្ញុំសូមអធិស្ឋានថា គាត់នឹងឃើញពីអត្ថន័យពិតនៃគ្រានោះ ។
គាត់ប្រហែលជាគិតថាកិច្ចការរបស់គាត់សម្រាប់ព្រះអម្ចាស់គឺ ការចែកថាសសាក្រាម៉ង់ដល់មនុស្សដែលអង្គុយនៅក្នុងការប្រជុំសាក្រាម៉ង់ ។ ប៉ុន្តែព្រះរាជបំណងរបស់ព្រះអម្ចាស់គឺមិនគ្រាន់តែឲ្យមនុស្សទទួលទាននំប៉័ង និងទឹកប៉ុណ្ណោះទេ ។ វាគឺដើម្បីឲ្យពួកគេរក្សាសេចក្ដីសញ្ញាមួយដែលនឹងជួយពួកគេឲ្យដើរលើផ្លូវទៅកាន់ជីវិតអស់កល្ប ។ ហើយដើម្បីឲ្យការណ៍នោះកើតឡើង ព្រះអម្ចាស់ត្រូវប្រទានបទពិសោធន៍ខាងវិញ្ញាណមួយដល់បុគ្គលដែលឌីកុននោះបានហុចថាសទៅ ។
ខ្ញុំធ្លាប់ឃើញរឿងនោះកើតឡើងម្ដងនៅមជ្ឈមណ្ឌលថែទាំចាស់ជរាមួយកាលដែលឌីកុនម្នាក់បានឱនហុចថាសសាក្រាម៉ង់ទៅឲ្យស្ត្រីចំណាស់ម្នាក់ ។ គាត់សម្លឹងមើលនំប៉័ងនោះហាក់ដូចជាវាមានតម្លៃខ្លាំងណាស់ ។ ខ្ញុំពុំដែលភ្លេចស្នាមញញឹមរបស់គាត់ឡើយ កាលគាត់ទទួលវា រួចយកដៃគាត់មកប៉ះក្បាលឌីកុននោះ ដោយពោលពាក្យខ្លាំងៗថា « អរគុណណាស់ ! » ។
ឌីកុននោះគឺគ្រាន់តែធ្វើកាតព្វកិច្ចនៃបព្វជិតភាពខ្លួនប៉ុណ្ណោះ ។ ប៉ុន្តែបន្ទាប់មកព្រះអម្ចាស់បានបង្កើនការខិតខំរបស់ឌីកុននោះ ។ វាសបញ្ជាក់ថា បងស្រី នោះបានចងចាំពីព្រះអង្គសង្គ្រោះ កាលនាងសម្ដែងអំណរគុណដោយស្មោះចំពោះការបម្រើរបស់ឌីកុនម្នាក់ ។ កាលក្មេងប្រុសនោះបានបម្រើសាក្រាម៉ង់ដល់គាត់ គាត់បានទទួលការអះអាងជាថ្មីថាគាត់នឹងមានព្រះវិញ្ញាណគង់នៅជាមួយនឹងគាត់ ។ នៅថ្ងៃនោះគាត់មិនបាននៅតែឯងនៅក្នុងមណ្ឌលថែទាំនោះឡើយ ។ រីឯឌីកុននោះក៏មិនធ្វើការបម្រើដ៏ថ្លៃថ្នូររបស់គាត់តែម្នាក់ឯងដែរ ។
ប្រហែលជាក្មេងប្រុសម្នាក់ដែលមានតំណែងជាគ្រូក្នុងបព្វជិតភាពអើរ៉ុនមិនដឹងថា គាត់គឺជាដៃគូនឹងព្រះអម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់ឡើយ នៅពេលគាត់ទៅបង្រៀនគ្រួសារមួយនោះ ។ ខ្ញុំនៅតែចាំពីទីបន្ទាល់ដ៏សាមញ្ញរបស់ដៃគូបង្រៀនតាមផ្ទះវ័យក្មេងម្នាក់ដែលបានមកផ្ទះរបស់យើង ។ ព្រះវិញ្ញាណបានបញ្ជាក់ពាក្យសម្ដីរបស់គាត់មកកាន់ខ្ញុំ និងគ្រួសារខ្ញុំ ។ គាត់ប្រហែលជាមិនចាំពីថ្ងៃនោះទេ ប៉ុន្តែខ្ញុំនៅចាំ ។
ព្រះអម្ចាស់នឹងពង្រីកការខិតខំរបស់យុវជនម្នាក់ម្ដងទៀតពេលគាត់ត្រូវបានហៅឲ្យក្លាយជាសង្ឃ ។ ឧទាហរណ៍ បុណ្យជ្រមុជទឹកដំបូងដែលគាត់ធ្វើប្រហែលជាគាត់មិនដឹងដោយគាត់នៅក្មេង ។ គាត់ប្រហែលជាព្រួយបារម្ភថាគាត់នឹងនិយាយពាក្យត្រូវ ហើយធ្វើពិធីបរិសុទ្ធនោះបានត្រឹមត្រូវដែរឬអត់ ។
ប៉ុន្តែព្រះអម្ចាស់ ជាអង្គដែលគាត់បម្រើ នឹងពង្រីកការហៅបម្រើរបស់គាត់ ។ បុគ្គលដែលជ្រមុជទឹកឲ្យបានជ្រើសរើសដើរតាមផ្លូវទៅរកជីវិតដ៏អស់កល្ប ។ ព្រះអម្ចាស់នឹងធ្វើផ្នែកដ៏ធំរបស់ទ្រង់ ។ ទ្រង់បានធ្វើកិច្ចការនេះសម្រាប់ខ្ញុំ ពេលក្មេងប្រុសម្នាក់ដែលបានជ្រមុជទឹកឲ្យបានពោលខ្សឹបដាក់ត្រចៀកខ្ញុំទាំងទឹកភ្នែកថា « ខ្ញុំបានស្អាតហើយ ។ ខ្ញុំស្អាតហើយ » ។
នៅពេលបងប្អូនផ្លាស់ពីការបម្រើនៃបព្វជិតភាពមួយទៅបព្វជិតភាពមួយទៀត អ្នកនឹងឃើញព្រះអម្ចាស់ធ្វើកិច្ចការនោះជាមួយនឹងអ្នក ។ ខ្ញុំបានរៀនពីរឿងនេះកាលជួបនឹងប្រធានកូរ៉ុមអែលឌើរម្នាក់នៅក្នុងសន្និសីទស្ដេកមួយច្រើនឆ្នាំមកហើយ ។ នៅក្នុងសន្និសីទនោះមានឈ្មោះ ៤០ នាក់ត្រូវបានប្រកាសដើម្បីទទួលបព្វជិតភាពមិលគីស្សាដែក ។
ប្រធានស្តេកបានងាកមករកខ្ញុំ ហើយខ្សឹបថា « បុរសទាំងនោះគឺសុទ្ធតែជាពួកអែលឌើរបម្រុងដែលអសកម្មកាលពីមុន » ។ ដោយភ្ញាក់ផ្អើល ខ្ញុំបានសួរប្រធានស្តេកថាតើកម្មវិធីអ្វីទៅដែលគាត់បានធ្វើដើម្បីជួយសង្គ្រោះបុរសទាំងនេះ ។
គាត់បានចង្អុលទៅយុវជនម្នាក់អង្គុយនៅជួរក្រោយនៃ សាលប្រជុំ ។ គាត់បានពោលថា « គឺគាត់ហ្នឹងហើយ ។ បុរសទាំងនេះភាគច្រើនបាននាំឲ្យត្រឡប់មកវិញដោយសារប្រធានកូរ៉ុមអែលឌើរម្នាក់នោះ »។ គាត់អង្គុយសណ្ដូកជើងគងលើគ្នានៅជួរក្រោយដោយស្លៀកសំលៀកបំពាក់ធម្មតា ។
ខ្ញុំបានសុំឲ្យប្រធានស្តេកណែនាំខ្ញុំឲ្យស្គាល់គាត់បន្ទាប់ពីការប្រជុំនោះ ។ ពេលយើងជួបគ្នា ខ្ញុំបានប្រាប់យុវជននោះថាខ្ញុំមានការភ្ញាក់ផ្អើលចំពោះអ្វីដែលគាត់បានធ្វើ ហើយបានសួរគាត់ពីរបៀបដែលគាត់បានធ្វើវា ។ គាត់បានញាក់ស្មា ។ គាត់ពិតជាមិនបានគិតថាគាត់សមនឹងទទួលគុណសម្បត្តិណាមួយនោះទេ ។
រួចគាត់បានពោលតិចៗថា « ខ្ញុំស្គាល់បុរសអសកម្មនៅក្នុងទីក្រុងនេះទាំងអស់ ។ ពួកគេភាគច្រើនមានឡានដឹកទំនិញ ។ ខ្ញុំក៏មានដែរ ។ ខ្ញុំយកឡានខ្ញុំទៅលាងនៅកន្លែងដែលពួកគេយកឡានពួកគេទៅលាង ។ យូរៗទៅ ពួកគេបានក្លាយជាមិត្តនឹងខ្ញុំ ។
« រួចខ្ញុំរង់ចាំរហូតដល់មានអ្វីមួយកើតឡើងនៅក្នុងជីវិតរបស់ពួកគេ ។ ជីវិតគឺដូច្នេះហើយ ។ ពួកគេបានប្រាប់ខ្ញុំពីបញ្ហានោះ ។ ខ្ញុំបានស្ដាប់ ហើយមិនព្យាយាមចាប់កំហុសទេ ។ រួចពេលពួកគេពោលថា ‹ នៅក្នុងជីវិតខ្ញុំមានអ្វីមួយដែលខុសឆ្គង ។ វាគួរតែ មាន អ្វីមួយដែលប្រសើរជាងនេះ ›ខ្ញុំប្រាប់ពួកគេពីអ្វីដែលពួកគេខ្វះ និងកន្លែងដែលពួកគេអាចរកវាបាន ។ ពេលខ្លះពួកគេជឿខ្ញុំ ហើយពេលពួកគេជឿខ្ញុំ ខ្ញុំបាននាំពួកគេទៅជាមួយខ្ញុំ » ។
អ្នកអាចឃើញពីមូលហេតុដែលគាត់ជាសាមញ្ញ ។ នេះដោយសារតែគាត់បានដឹងថាគាត់បានធ្វើផ្នែកដ៏តូចរបស់គាត់ ហើយព្រះអម្ចាស់បានធ្វើផ្នែកដែលនៅសល់ផ្សេងទៀត ។ គឺជាព្រះអម្ចាស់ទេតើដែលបានប៉ះដួងចិត្តនៃបុរសទាំងនោះនៅក្នុងបញ្ហារបស់ពួកគេ ។ គឺជាព្រះអម្ចាស់ទេដែលបានប្រទានអារម្មណ៍ដល់ពួកគេថា ត្រូវមានអ្វីមួយដែលប្រសើរសម្រាប់ពួកគេ និងក្ដីសង្ឃឹមដែលពួកគេអាចរកបាន ។
យុវជននោះ—ដូចជាអ្នកដែរ—ដែលជាអ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ គ្រាន់តែជឿថា ប្រសិនបើគាត់បានធ្វើផ្នែកដ៏តូចរបស់គាត់ នោះព្រះអម្ចាស់នឹងជួយបុរសទាំងនោះនៅតាមផ្លូវទៅផ្ទះវិញ និតទៅរកសុភមង្គលដែលមានតែទ្រង់ប៉ុណ្ណោះទើបអាចប្រទានឲ្យបាន ។ បុរសនេះក៏បានដឹងដែរ ព្រះអម្ចាស់បានហៅគាត់ធ្វើជាប្រធានកូរ៉ុមអែលឌើរដោយសារគាត់នឹងធ្វើផ្នែករបស់គាត់ ។
នៅពេលខ្លះនៅក្នុងការបម្រើរបស់ អ្នក អ្នកគ្មានជោគជ័យដែលអស្ចារ្យឃើញនឹងភ្នែកដូចជាប្រធានកូរ៉ុមអែលឌើរវ័យក្មេងនោះទេ ។ ពេលនោះគឺជាពេលដែលអ្នកនឹងត្រូវជឿជាក់ថា ព្រះអម្ចាស់បានហៅអ្នកតាមរយៈពួកបម្រើដែលមានសិទ្ធិអំណាចរបស់ទ្រង់ ដោយដឹងថាអ្នកនឹងធ្វើផ្នែករបស់អ្នកនៅក្នុងកិច្ចការនោះ ។ ការមានសេចក្ដីជំនឿលើការហៅមកពីពួកអ្នកបម្រើរបស់ព្រះអម្ចាស់នៅក្នុងការបម្រើជាអ្នកផ្សាយសាសនាគឺសំខាន់ណាស់ចំពោះជីតាទួតរបស់ខ្ញុំ ហិនរី អាវរិង ។
គាត់បានជ្រមុជទឹកនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ១៨៥៥ នៅក្នុងសេន លូវីស មិសសួរី ។ បន្ទាប់មកមិនយូរប៉ុន្មានលោក អេរ៉ាស្ដាស់ ស្នូ បានតែងតាំងគាត់ក្នុងតំណែងជាសង្ឃ ។ ប្រធានស្តេកសេនលូអីស ឈ្មោះ ចន អេជ ហាត បានហៅគាត់ឲ្យបម្រើបេសកកម្មមួយដល់ប្រជាជនឆេរូគី នៅថ្ងៃទី ៦ ខែតុលា ។១ គាត់បានតែងតាំងជាអែលឌើរនៅថ្ងៃទី ១១ ខែតុលា ។ គាត់បានជិះសេះឆ្ពោះទៅកាន់បេសកកម្មឈែរ៉ូគីនៅថ្ងៃទី២៤ ខែតុលា ។ គាត់មានអាយុ ២០ ឆ្នាំ ហើយជាអ្នកប្រែចិត្តជឿទើបបានប្រាំពីរខែប៉ុណ្ណោះ ។
ប្រសិនបើមានអ្នកកាន់បព្វជិតភាពណាម្នាក់ដែលមានអារម្មណ៍ថាខ្វះគុណសម្បត្តិ ឬមិនបានត្រៀមខ្លួននោះគឺហិនរី អាវរិង ។ ហេតុផលតែមួយគត់ដែលធ្វើឲ្យគាត់មានភាពក្លាហានចេញទៅធ្វើកិច្ចការនោះគឺគាត់បានដឹងនៅក្នុងដួងចិត្តគាត់ថាព្រះបានហៅគាត់តាមរយៈពួកអ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ទ្រង់ ។ វាគឺជាប្រភពនៃភាពក្លាហានរបស់គាត់ ។ ការណ៍នោះត្រូវតែជាប្រភពនៃភាពក្លាហានរបស់យើងដើម្បីស៊ូទ្រាំ មិនថាការហៅនៅក្នុងបព្វជិតភាពរបស់យើងជាអ្វីនោះទេ ។
បន្ទាប់ពីអែលឌើរ អាវរិងបានបម្រើអស់រយៈពេលបីឆ្នាំទាំងលំបាក ហើយក្រោយពី មរណភាពរបស់ប្រធានបេសកកម្ម ហិនរី អាវរិងត្រូវតែងតាំងហើយគាំទ្រជាប្រធានបេសកកម្មនៅក្នុង ការប្រជុំមួយដែលធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៨៥៨ ។ គាត់មានការភ្ញាក់ផ្អើលជាខ្លាំងដូចជាឌីកុនថ្មីម្នាក់ដែរ ។ គាត់បានសរសេរថា « ខ្ញុំមិនរំពឹងទុកថាត្រូវបានហៅឲ្យធ្វើមុខតំណែងដែលមានការទទួលខុសត្រូវខ្ពស់បែបនោះឡើយ ប៉ុន្តែប្រសិនបើវាជាឆន្ទៈនៃពួកបងប្អូនប្រុសខ្ញុំទទួលយកដោយរីករាយ ព្រមទាំងអារម្មណ៍នៃ ភាពទន់ខ្សោយដ៏ធំ និងការខ្វះបទពិសោធន៍របស់ខ្ញុំផងដែរ » ។២
នៅពេលនេះប្រធានអាវរិងបានធ្វើដំណើរទៅប្រទេសឆេរូគី ប្រទេសក្រិក និងប្រទេសឆកតៅនៅឆ្នាំ១៨៥៩ ។ តាមរយៈការខិតខំ របស់គាត់ ព្រះអម្ចាស់« បានបន្ថែម »នូវអ្វីដែលហិនរីបានកត់ត្រាទុកគឺជា « ចំនួនដល់សាសនាចក្រ » ។ គាត់បានរៀបចំសាខាពីរ ប៉ុន្តែបានសម្គាល់ឃើញថា « មានសមាជិកតិចតួចណាស់រស់នៅតាមបុព្វហេតុនោះ » ។៣
មួយឆ្នាំក្រោយមក ហិនរីបានជួបនឹងការលំបាកដោយអ្នកដឹកនាំខាងនយោបាយនៅក្នុងចំណោមមនុស្សដែលគាត់បម្រើមិនអនុញ្ញាតឲ្យពួកអ្នកផ្សាយសាសនានៃពួកបរិសុទ្ធថ្ងៃចុងក្រោយធ្វើកិច្ចការរបស់ខ្លួនទៀតឡើយ ។ ពេលគាត់សញ្ជឹងគិតពីអ្វីដែលគាត់គួរធ្វើ គាត់បាននឹកចាំពីពាក្យណែនាំមកពីប្រធានបេសកកម្មរបស់គាត់ដែលបានគូសបញ្ជាក់ថា គាត់គួរបន្តបំពេញបេសកកម្មរបស់គាត់រហូតដល់ឆ្នាំ ១៨៥៩ ។៤
ក្នុងខែតុលា ហិនរីបានសរសេរសំបុត្រទៅព្រិកហាំ យ៉ង់សូមការដឹកនាំ ប៉ុន្តែគាត់មិនបានទទួលការឆ្លើយតបនឹងសំណួររបស់គាត់ឡើយ ។ ហិនរីបានកត់ត្រាថា « ដោយមិនបានឮអ្វីពីគណៈប្រធាននៃសាសនាចក្រ ខ្ញុំបានអំពាវនាវទៅព្រះអម្ចាស់ក្នុងការអធិស្ឋាន ដោយទូលសូមទ្រង់ឲ្យបើកបង្ហាញដល់ខ្ញុំពីព្រះទ័យរបស់ទ្រង់ថាតើខ្ញុំគួរបន្តនៅទៀត ឬត្រឡប់ទៅស៊ីយ៉ូនវិញ ។
លោកបានបន្តថា ៖ « សុបិនបន្ទាប់មកបានប្រទានឲ្យខ្ញុំជាចម្លើយចំពោះការអធិស្ឋានរបស់ខ្ញុំ ។ ខ្ញុំបានសុបិនឃើញថាខ្ញុំបានមកដល់ទីក្រុងសលត៍ លេក ហើយទៅការិយាល័យរបស់ប្រធានព្រិកហាំ យ៉ង់ភ្លាម ហើយបានឃើញលោកនៅទីនោះ ។ ខ្ញុំបានពោលទៅកាន់លោក ៖ ‹ [ ប្រធាន ]យ៉ង់ ខ្ញុំបានចេញពីបេសកកម្មរបស់ខ្ញុំ ដោយចិត្តឯង ប៉ុន្តែប្រសិនបើការធ្វើនេះជារឿងខុសឆ្គង ខ្ញុំយល់ព្រមត្រឡប់ទៅវិញ ហើយបញ្ចប់បេសកកម្មរបស់ខ្ញុំ › ។ [ នៅក្នុងសុបិននោះ ព្យាការី ]បានតបថា ៖ ‹ អ្នកបាននៅទីនោះយូរល្មមគ្រប់គ្រាន់ហើយ វាមិនអីទេ › » ។
ហិនរីបានសរសេរនៅក្នុងកំណត់ហេតុរបស់គាត់ថា « ការមានសុបិនពីមុនរឿងនេះត្រូវបំពេញខ្ញុំមានជំនឿជឿថា រឿងនេះនឹងកើតឡើង ដូច្នេះហើយក៏រៀបចំខ្លួនធ្វើវា » ។
គាត់បានមកដល់ទីក្រុងសលត៍ លេក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៨៦០ ភាគច្រើនធ្វើដំណើរដោយថ្មើរជើង ។ ពីរថ្ងៃក្រោយមក គាត់បានដើរចូលទៅការិយាល័យរបស់ប្រធានព្រិកហាំ យ៉ង់ ។៥
ហិនរីបានរៀបរាប់ពីបទពសោធន៍ក្នុងពាក្យទាំងនេះ ៖ « ខ្ញុំបានហៅប្រធានយ៉ង់ ហើយគាត់បានទទួលខ្ញុំយ៉ាងរាក់ទាក់ ។ ខ្ញុំប្រាប់គាត់ថា ‹ [ ប្រធានយ៉ង់ ]ខ្ញុំបានមកដោយគ្មានការចាត់តាំង ប្រសិនបើខ្ញុំធ្វើខុស ខ្ញុំព្រមត្រឡប់ទៅបញ្ចប់បេសកកម្មខ្ញុំវិញ › ។ ព្រិកហាំ យ៉ង់ បានឆ្លើយ៖ ‹ មិនអីទេ យើងកំពុងតាមរកអ្នក › » ។
ហិនរីបានរៀបរាប់ពីអំណររបស់គាត់ថា « សុបិនខ្ញុំបានពិតជាកើតឡើងមែន » ។៦
អំណររបស់គាត់កើតចេញពីការបញ្ជាក់ថា ព្រះអម្ចាស់បានធ្វើការងារជាមួយគាត់ ហើយមើលថែគាត់ ។ គាត់ដែលគាត់បានរៀនគឺពិតចំពោះយើងគ្រប់គ្នា—ថាពួកអ្នកបម្រើរបស់ព្រះអម្ចាស់ត្រូវបានបំផុសគំនិតឲ្យដឹងពីព្រះទ័យរបស់ព្រះអម្ចាស់ ។ ហើយហិនរី អាវរិងបានបញ្ជាក់នូវអ្វីដែលខ្ញុំដឹងផងដែរថា ព្យាការីជាប្រធាននៃបព្វជិតភាព ត្រូវបានព្រះបំផុសគំនិតឲ្យមើលថែ ហើយថែរក្សាពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ព្រមទាំងហៅពួកគេ ។
មិនថាការហៅរបស់អ្នកក្នុងបព្វជិតភាបជាអ្វីនោះទេ នៅពេលណាមួយអ្នកនឹងមានអារម្មណ៍ថាព្រះវរបិតាសួគ៌ខ្វល់ខ្វាយពីអ្នក ។ អ្នកអធិស្ឋានដើម្បីដឹងពីព្រះទ័យរបស់ទ្រង់ ហើយដោយមានបំណងស្មោះត្រង់ដើម្បីធ្វើ អ្វីក៏ដោយ ដែលទ្រង់សុំឲ្យអ្នកធ្វើ នោះអ្នកនឹងទទួលបានចម្លើយ ។
ព្រះវរបិតាសួគ៌នឹងអនុញ្ញាតនឹង ធ្វើឲ្យអ្នកមានអារម្មណ៍ថា ទ្រង់ស្គាល់អ្នក ថាទ្រង់អរគុណចំពោះការបម្រើរបស់អ្នក ហើយថាអ្នកនឹងប្រែជាសក្តិសមនៃការស្វាគមន៍ពីព្រះអម្ចាស់ដែលអ្នកចង់ស្ដាប់ឮបំផុត ៖ « ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ អញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះ » ។៧
ខ្ញុំសូមអធិស្ឋានថា អ្នកកាន់បព្វជិតភាពគ្រប់រូបនឹងឈោងដៃទៅជួយសង្គ្រោះរាល់ព្រលឹងដែលគាត់មានទំនួលខុសត្រូវដោយសេចក្ដីជំនឿ ។ ព្រះនឹងបន្ថែមព្រះចេស្ដារបស់ទ្រង់ដល់កិច្ចខិតខំរបស់អ្នកបម្រើទ្រង់ ។ ដួងចិត្តមនុស្សនឹងត្រូវបានប៉ះឲ្យធ្វើការជ្រើសរើសដែលនឹងនាំពួកគេដើរលើផ្លូវនៃដំណឹងល្អឆ្ពោះទៅរកសុភមង្គល ហើយឃ្លាតឆ្ងាយពីភាពសោកសៅ ។
ខ្ញុំក៏សូមអធិស្ឋានផងដែរថា អ្នកកាន់បព្វជិតភាពគ្រប់រូបនឹងទទួលអារម្មណ៍ពីក្ដីស្រឡាញ់ និងការមើលថែពីព្រះវរបិតាសួគ៌ ពីព្រះអង្គសង្គ្រោះ និងពីព្យាការីនៃព្រះនៅក្នុងការហៅរបស់គាត់នៅក្នុងបព្វជិតភាព ។
ខ្ញុំសូមថ្លែងជាសាក្សីពិសេសរបស់ខ្ញុំចំពោះអ្នកថា យើងស្ថិតនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់បានហៅអ្នក និងខ្ញុំឲ្យធ្វើការបម្រើទ្រង់ដោយស្គាល់ពីសមត្ថភាព និងជំនួយដែលយើងត្រូវការ ។ ទ្រង់នឹងប្រទានពរដល់ការខិតខំរបស់យើងហួសពីការរំពឹងរបស់យើង នៅពេលយើងធ្វើឲ្យអស់ពីលទ្ធភាពនៅក្នុងការបម្រើរបស់ទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្យាការីរបស់ព្រះដែលជាប្រធាននៃបព្វជិតភាពទាំងអស់នៅលើផែនដីនេះគឺបានបំផុសគំនិតមកពីព្រះ ។
ខ្ញុំមានអំណរគុណចំពោះគំរូនៃពួកអ្នកកាន់បព្វជិតភាពដ៏ស្មោះត្រង់នៅគ្រប់ទិសទី ។ ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះមានអំណរគុណដែលអ្នកបានធ្វើផ្នែករបស់ខ្លួន ។ ទ្រង់ស្គាល់អ្នក ទ្រង់មើលថែអ្នក ហើយទ្រង់ស្រឡាញ់អ្នក ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។