នុ៎ះន៏ម្តាយអ្នក !
គ្មានសេចក្ដីស្រឡាញ់ណានៅក្នុងជីវិតរមែងស្លាប់នេះ ជិតស្មើនឹងក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះយេស៊ូវគ្រីស្ទ ជាងក្ដីស្រឡាញ់ដែលពុំគិតពីខ្លួនឯង ដែលម្ដាយដ៏លះបង់មួយរូបមានចំពោះកូនរបស់ខ្លួនឡើយ ។
ខ្ញុំសូមចូលរួមជាមួយអ្នកទាំងអស់គ្នាដើម្បីស្វាគមន៍ដល់អែលឌើរ រ៉ូណល អេ រ៉ាសបាន អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន និង អែលឌើរ ឌេល ជី រេនឡាន់ និង ភរិយារបស់ពួកលោកចំពោះកិច្ចការដ៏ផ្អែមល្ហែមដែលពួកលោកអាចស្រមៃគិតដល់នេះ ។
លោកអេសាយបានសរសេរពីការព្យាករនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះថា « ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើង » ។១ ការនិមិត្តដ៏អស្ចារ្យមួយនៅថ្ងៃចុងក្រោយនេះ បានគូសបញ្ជាក់ថា « [ ព្រះយេស៊ូវ ] យាងមកកាន់ពិភពលោក … ដើម្បីផ្ទុកអំពើបាបទាំងឡាយនៃពិភពលោក » ។២ ទាំងគម្ពីរពីបុរាណ និងសម័យទំនើបបានថ្លែងថា « ទ្រង់បានប្រោសលោះគេ កាលពីចាស់បុរាណ ទ្រង់បានលើកគេបីទៅជាដរាប » ។៣ ទំនុកតម្កើងជាទីចូលចិត្តមួយ អង្វរដល់យើង « ចូរស្ដាប់សំឡេងព្រះសង្គ្រោះដ៏អស្ចារ្យរបស់អ្នក ! »៤
លើក, បី, ទ្រ, សង្គ្រោះ ។ ពាក្យទាំងនេះ គឺជាពាក្យដ៏មានអានុភាពដែលពិពណ៌នាអំពីព្រះមែស៊ី ។ វាជួយ ហើយផ្ដល់នូវក្ដីសង្ឃឹមដើម្បីធ្វើការផ្លាស់ប្ដូរដោយសុវត្ថិភាពពីកន្លែងដែលយើងនៅទៅកន្លែងដែលយើងត្រូវនៅ--ប៉ុន្តែមិនអាចទៅដល់ ដោយគ្មានជំនួយនោះឡើយ ។ ពាក្យទាំងនេះក៏អធិប្បាយពីបន្ទុក និងការពុះពារ ការនឿយហត់ -- ជាពាក្យសមរម្យបំផុតនៅក្នុងការពិពណ៌នាអំពីបេសកកម្មនៃអង្គដ៏មានតម្លៃមហិមា ដែលលើកយើងឡើង ពេលយើងធ្លាក់ចុះ បីទ្រយើងឡើងពេលយើងអស់កម្លាំង សង្គ្រោះយើងឲ្យទៅដល់ផ្ទះដោយសុវត្ថិភាពដែលហួសពីសមត្ថភាពរបស់យើង ។ ទ្រង់បានមានបន្ទូលថា « ព្រះវរបិតាយើងទ្រង់បានចាត់ឲ្យយើងមកដើម្បីឲ្យយើងអាចត្រូវបានលើកឡើងលើឈើឆ្កាង … ដូចជាយើងត្រូវបានលើកឡើង … នោះមនុស្សលោកក៏នឹងត្រូវបានលើកឡើង … មក … រកយើង » ។៥
ប៉ុន្តែតើអ្នកអាចស្ដាប់យល់នូវពាក្យទាំងនេះដោយទិដ្ឋភាពផ្សេង អំពីការខិតខំរបស់មនុស្ស ដែលយើងប្រើពាក្យ លើក និង បីទ្រ ហើយ លើកស្ទួយធ្វើការ និង សង្គ្រោះ? នៅពេលព្រះយេស៊ូវ បានមានបន្ទូលទៅកាន់ យ៉ូហាន ក្នុងពេលធ្វើដង្វាយធួន ក៏ដូចជាទ្រង់មានបន្ទូលមកកាន់យើងទាំងអស់គ្នាផងដែរថា « នុ៎ះន៏ ម្តាយអ្នក ! »៦
ថ្ងៃនេះ ខ្ញុំសូមប្រកាសពីលើវេទិកានេះអំពីអ្វីដែលធ្លាប់បានថ្លែងនៅទីនេះកាលពីមុន ៖ ថាគ្មានសេចក្ដីស្រឡាញ់ណានៅក្នុងជីវិតរមែងស្លាប់នេះ ជិតស្មើនឹងក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះយេស៊ូវគ្រីស្ទ ជាងក្ដីស្រឡាញ់ដែលពុំគិតពីខ្លួនឯង ដែលម្ដាយដ៏លះបង់មួយរូបមានចំពោះកូនរបស់ខ្លួនឡើយ ។ នៅពេលអេសាយថ្លែងអំពីព្រះអង្គសង្គ្រោះដោយចង់ពិពណ៌នាអំពីក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា នោះលោកបានប្រើរូបភាពនៃការលះបង់របស់ម្ដាយម្នាក់ ។ លោកបានសួរថា « ចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះឬ ? » លោកបានថ្លែងបញ្ជាក់ថា គំនិតនេះមិនទំនងសោះ ប៉ុន្តែវារឹតតែមិនទំនងទៅទៀតពេលគិតថា ព្រះគ្រីស្ទនឹងបំភ្លេចយើងរហូតនោះ ។៧
ក្ដីស្រឡាញ់ដ៏មុតមាំបែបនេះ « តែងតែអត់ធ្មត់ ហើយក៏សប្បុរស … មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន … ប៉ុន្ដែ … ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់ » ។៨ អ្វីដែលជាការលើកទឹកចិត្តបំផុតនោះ គឺថាភក្ដីភាពដូច្នោះ « ពុំដែលរលត់ឡើយ » ។៩ ព្រះយេហូវ៉ាមានបន្ទូលថា « ពីព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែសេចក្តីសប្បុរសរបស់យើងនឹងមិនដែលឃ្លាតបាត់ពីឯងឡើយ » ។១០ ម្ដាយរបស់យើងក៏ថ្លែងដូច្នោះដែរ ។
អ្នកឃើញហើយថា ពួកគាត់ពុំគ្រាន់តែស៊ូទ្រាំដើម្បីយើងប៉ុណ្ណោះទេ ប៉ុន្តែបានបន្ដ នៅជាមួយយើងទៀត ។ វាពុំគ្រាន់តែជាការពរពោះប៉ុណ្ណោះទេ ប៉ុន្តែវាជាការបីទ្រពេញមួយជីវិត ដែលធ្វើឲ្យការធ្វើជាម្ដាយមានជោគជ័យដ៏អស្ចារ្យ ។ ប្រាកដណាស់ មានករណីឈឺចាប់ដែលពុំបានរាប់បញ្ចូល ប៉ុន្តែម្ដាយភាគច្រើនដឹងពីធម្មជាតិ ដោយសភាវគតិថា នេះគឺជាទំនុកចិត្តដ៏ពិសិដ្ឋមួយមកពីព្រះដ៏ខ្ពស់បំផុត ។ ទំហំនៃការយល់ដឹងនេះ ជាពិសេសចំពោះម្ដាយវ័យក្មេងអាចមានអារម្មណ៍ភ័យខ្លាចណាស់ ។
ថ្មីៗនេះ មានម្ដាយវ័យក្មេងដ៏អស្ចារ្យម្នាក់បានសរសេរមកខ្ញុំ ៖ « តើមនុស្សម្នាក់អាចស្រឡាញ់កូនខ្លួនយ៉ាងខ្លាំង រហូតដល់សុខចិត្តលះបង់រាល់ចំណែកនៃសេរីភាពរបស់ខ្លួនបានយ៉ាងដូចម្ដេចទៅ ? តើក្ដីស្រឡាញ់ក្នុងជីវិតរមែងស្លាប់មានកម្លាំងខ្លាំងក្លារហូតធ្វើឲ្យអ្នកស្ម័គ្រចិត្តទទួលយកទំនួលខុសត្រូវ ភាពទន់ខ្សោយ ការបារម្ភនិងការឈឺចាប់ ហើយនៅតែបង្ហាញសេចក្ដីស្រឡាញ់ទោះជាជួបនឹងរឿងអវិជ្ជមានដដែលៗបានយ៉ាងដូចម្ដេចទៅ ? តើសេចក្ដីស្រឡាញ់ក្នុងជីវិតរមែងស្លាប់បែបណាទៅ ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាជីវិតរបស់អ្នក នឹងលែងជារបស់អ្នកតទៅទៀតពេលអ្នកមានកូននោះ ? ក្ដីស្រឡាញ់របស់ម្ដាយ មាន មកពីស្ថានសួគ៌ ។ គ្មានការពន្យល់អ្វីផ្សេងទៀតអំពីវាទេ ។ អ្វីដែលម្ដាយគ្រប់រូបធ្វើ គឺជាធាតុសំខាន់នៃកិច្ចការរបស់ព្រះគ្រីស្ទ ។ ដោយដឹងថាវាគួរតែគ្រប់គ្រាន់ដើម្បីប្រាប់យើងអំពីឥទ្ធិពលនៃក្ដីស្រឡាញ់ ដែលពេលខ្លះវាពុំអាចថ្លែងបាន ហើយលើសលប់ កើតឡើងម្ដងហើយម្ដងទៀត រហូតដល់កូនគ្រប់រូបនៅលើផែនដី មានសុវត្ថិភាព ហើយទទួលបានសេចក្ដីសង្គ្រោះ ដែលយើងក៏អាច[ រួម ]នឹងព្រះគ្រីស្ទពោលឡើងផងដែរថា ‹ [ ព្រះបិតាអើយ ! ] ទូលបង្គំបានបង្ហើយការ ដែលទ្រង់បានប្រគល់មកឲ្យធ្វើហើយ › ១១ » ។
ដោយបានចាំអំពីសំបុត្រដ៏សមសួននោះ ខ្ញុំចង់ចែកចាយបទពិសោធន៍ចំនួនបី ដែលឆ្លុះបញ្ចាំងអំពីឥទ្ធិពលដ៏អស្ចារ្យរបស់ម្ដាយ ដែលខ្ញុំបានឃើញនៅក្នុងការបម្រើរបស់ខ្ញុំកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ ៖
ដំណើររឿងដំបូងរបស់ខ្ញុំ គឺជាការព្រមានមួយ ដែលរំឭកយើងថា ពុំមែនគ្រប់ការខិតខំរបស់ម្ដាយត្រូវបានសម្រេចនោះទេ យ៉ាងហោចណាស់ពុំភ្លាមៗឡើយ ។ ការរំឭកនោះកើតចេញមកពីការសន្ទនារបស់ខ្ញុំនឹងមិត្តសម្លាញ់ម្នាក់មានវ័យជាង ៥០ ឆ្នាំ ដែលបានចេញពីសាសនាចក្រនេះ ទាំងគាត់បានដឹងក្នុងចិត្ត ថាវាគឺជាការពិត ។ មិនថាខ្ញុំព្យាយាមលួងលោមគាត់ប៉ុណ្ណាទេ ខ្ញុំពុំអាចមើលឃើញមានក្ដីសុខសាន្ដដល់គាត់សោះ ។ ទីបំផុត គាត់បានតបខ្ញុំថា ។ គាត់និយាយថា « ជែហ្វ ទោះជាមានការឈឺចាប់ប៉ុណ្ណាចំពោះខ្ញុំដើម្បីឈរនៅចំពោះព្រះក្ដី តែខ្ញុំពុំអាចមិនគិតពីការឈរចំពោះមុខម្ដាយរបស់ខ្ញុំបានទេ ។ ដំណឹងល្អ និងកូនៗ គឺជាអ្វីៗគ្រប់យ៉ាងរបស់គាត់ ។ ខ្ញុំដឹងថា ខ្ញុំបានធ្វើឲ្យគាត់ខូចចិត្ត ហើយវាក៏ធ្វើឲ្យខ្ញុំខូចចិត្តដែរ » ។
ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា បន្ទាប់ពីគាត់បានទទួលរមណភាពទៅ ម្ដាយរបស់គាត់បានទទួលមិត្តខ្ញុំដោយដៃពីរ ពេញដោយក្ដីស្រឡាញ់ ដែលនោះជាអ្វីដែលឪពុកម្ដាយនឹងធ្វើ ។ ប៉ុន្តែផ្នែកនៃរឿងនេះដែលគួរប្រុងប្រយ័ត្នគឺថា កូនៗ អាច ធ្វើឲ្យដួងចិត្តម្ដាយខ្ទេចខ្ទាំ ។ នៅទីនេះផងដែរ យើងមើលឃើញការប្រៀបធៀបមួយទៀតជាមួយនឹងព្រះ ។ ខ្ញុំពុំចាំបាច់រំឭកយើងថា ព្រះយេស៊ូវបានសុគតដោយដួងចិត្តសង្រេង ជាអង្គដែលមានទុក្ខព្រួយលំបាក តប់ប្រមល់មកពីការរែកបន្ទុកអំពើបាបទាំងឡាយនៃពិភពលោកនោះទេ ។ ដូច្នេះនៅក្នុងគ្រានៃការល្បួងណាក៏ដោយ សូមឲ្យយើង « មើលម្ដាយ [ របស់យើង ] » ក៏ដូចជាព្រះអង្គសង្គ្រោះរបស់យើង ហើយ កុំឲ្យពួកគាត់សោកសៅចំពោះអំពើបាបយើងឡើយ ។
ទីពីរ ខ្ញុំបាននិយាយនឹងយុវជនម្នាក់ដែលចូលក្នុងបេសកកម្មដោយសក្ដិសម ប៉ុន្តែដោយជម្រើសផ្ទាល់ខ្លួន គាត់បានត្រឡប់ទៅផ្ទះវិញមុនកំណត់ដោយសារតែស្រឡាញ់ភេទដូចគ្នា និងការរងទុក្ខខ្លះៗដែលគាត់មានចំពោះស្ថានភាពនោះ ។ គាត់នៅតែមានភាពសក្ដិសម ប៉ុន្តែគាត់សង្ស័យចំពោះជំនឿរបស់គាត់ បន្ទុកខាងសតិអារម្មណ៍របស់គាត់មានកាន់តែខ្លាំងឡើងៗ ហើយការឈឺចាប់ខាងវិញ្ញាណរបស់គាត់ មានកាន់តែធ្ងន់ធ្ងរ ។ សតិអារម្មណ៍របស់គាត់បានប្រែទៅជាឈឺចាប់ ច្របូកច្របល់ ខឹង ហើយអស់សង្ឃឹម ។
ប្រធានបេសកកម្មប្រធានស្ដេក និងប៊ីស្សពរបស់គាត់ បានចំណាយពេលរាប់ម៉ោងស្រាវជ្រាវ យំ ហើយប្រសិទ្ធពរដល់គាត់ នៅពេលពួកគេព្យាយាមជួយគាត់ ប៉ុន្តែដំបៅភាគច្រើនរបស់គាត់ មានលក្ខណៈផ្ទាល់ខ្លួនខ្លាំងពេករហូតធ្វើឲ្យគាត់ត្រូវលាក់វាទុកក្នុងខ្លួន ។ ឪពុកជាទីស្រឡាញ់ក្នុងរឿងនេះ បានជួយស្រោចស្រង់កូនរូបនេះដោយអស់ពីដួងចិត្តរបស់គាត់ ប៉ុន្តែដោយស្ថានភាពដ៏មមាញឹកនៃការងាររបស់គាត់ ជាញឹកញាប់ក្មេងប្រុសម្នាក់នេះ និងម្ដាយរបស់គាត់ គឺជាអ្នកដែលត្រូវពុះពារនឹងបញ្ហាខាងវិញ្ញាណដែលកើតមានដ៏យូរអង្វែងនោះ ។ ពួកគេបានស្វែងរកការព្យាបាលរួមគ្នា ទាំងយប់ទាំងថ្ងៃ ដែលដំបូងឡើយជាសប្ដាហ៍ បន្ទាប់មកជាខែ ហើយក្លាយទៅជាឆ្នាំ ។ អំឡុងពេលដ៏ជូរចត់នោះ ( ភាគច្រើនគាត់តូចចិត្ត ប៉ុន្តែពេលខ្លះម្ដាយក៏តូចចិត្តដែរ ) ហើយការភ័យខ្លាចមិនចេះចប់ ( ភាគច្រើនជារបស់ម្ដាយ ប៉ុន្តែពេលខ្លះក៏ជារបស់គាត់ ) ម្ដាយនោះបានថ្លែងទីបន្ទាល់ម្តងទៀត--គាត់បានថ្លែងទីបន្ទាល់ទៅកូនរបស់ខ្លួនអំពីព្រះចេស្ដារបស់ព្រះ សាសនាចក្ររបស់ទ្រង់ ជាពិសេសអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះកូនរូបនេះ--ហើយនេះជាគំរូដ៏ល្អមួយទៀត ជារបៀបទទួលបន្ទុកដ៏ស្រស់ស្អាតដែលម្ដាយមានចំពោះកូន ។ ក្នុងពេលដំណាលគ្នានោះ គាត់បានថ្លែងទីបន្ទាល់អំពីក្ដីស្រឡាញ់មិនល្អៀង និងជាអមតផ្ទាល់ខ្លួនចំពោះកូនផងដែរ ។ ដើម្បីនាំផ្នែកសំខាន់ដ៏ចាំបាច់ទាំងពីរនោះមករួមគ្នាក្នុងជីវិតរបស់គាត់--ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងគ្រួសារគាត់--គាត់បានចាក់ស្រោចព្រលឹងរបស់គាត់នៅក្នុងការអធិស្ឋានពុំចេះចប់ពុំចេះហើយ ។ គាត់បានតមអាហារ ហើយយំ ហើយគាត់បានយំ និងបានតមអាហារ បន្ទាប់មកគាត់ស្ដាប់ហើយស្ដាប់ទៀត នៅពេលកូនប្រុសរូបនេះប្រាប់គាត់ដដែលៗថាដួងចិត្តរបស់គាត់ត្រូវខ្ទេចខ្ទាំនោះ ។ ដូច្នេះម្តាយនោះបានគាំទ្រគាត់--ម្ដងទៀត--តែពេលនេះវាពុំមែនមានរយៈពេលប្រាំបួនខែឡើយ ។ គ្រានេះ គាត់បានគិតថាការជួយកូនឲ្យឆ្លងផុតការសាកល្បងខាងវិញ្ញាណដ៏ធ្ងន់ធ្ងរនេះត្រូវចំណាយពេលដ៏យូរ ។
ប៉ុន្តែដោយព្រះគុណនៃព្រះ ការតស៊ូផ្ទាល់ខ្លួនរបស់គាត់ និងជំនួយពីអ្នកដឹកនាំសាសនាចក្រ មិត្តភក្ដិ សមាជិកគ្រួសារ និងអ្នកជំនាញ ម្ដាយដ៏ទទូចអង្វររូបនេះ បានមើលឃើញកូនរបស់ខ្លួនត្រឡប់មកផ្ទះដែលជាដែនដីសន្យាវិញ ។ ប៉ុន្តែគួរឲ្យសោកស្ដាយ យើងទទួលស្គាល់ថា ពរជ័យដូច្នេះពុំអាច ឬយ៉ាងហោចណាស់ ពុំកើតមានចំពោះឪពុកម្ដាយគ្រប់រូប ដែលឈឺចាប់យ៉ាងធំក្រៃលែងចំពោះស្ថានភាពរបស់កូនៗពួកគេ ប៉ុន្តែករណីនេះមាននូវសេចក្តីសង្ឃឹមមួយ ។ ហើយខ្ញុំត្រូវតែនិយាយថា ស្ថានភាពខាងផ្លូវភេទរបស់កូនប្រុសរូបនេះ ពុំមែនជាការផ្លាស់ប្ដូរដោយអព្ភូតហេតុទេ--គ្មាននរណារំពឹងថានឹងកើតឡើងទេ ។ ប៉ុន្តែបន្ដិចម្ដងៗ ដួងចិត្តរបស់គាត់បានផ្លាស់ប្ដូរ ។
គាត់ចាប់ផ្ដើមត្រឡប់មកព្រះវិហារវិញ ។ គាត់បានជ្រើសរើសទទួលទានសាក្រាម៉ង់ដោយស្ម័គ្រចិត្ត និងដោយសក្ដិសម ។ គាត់ទទួលបានបណ្ណចូលព្រះវិហារបរិសុទ្ធវិញ ហើយទទួលការហៅឲ្យបម្រើជាគ្រូបង្រៀនថ្នាក់សិក្ខាសាលាពេលព្រឹក ដែលគាត់មានជោគជ័យយ៉ាងល្អ ។ ហើយឥឡូវ បន្ទាប់ពី រយៈពេលប្រាំឆ្នាំ គាត់បានចូលទៅក្នុងបេសកកម្មវិញដើម្បីបញ្ចប់ការបម្រើដល់ព្រះអម្ចាស់របស់គាត់ តាមសំណើរផ្ទាល់ខ្លួនរបស់គាត់ ដោយមានជំនួយខ្លាំងពីសាសនាចក្រ ។ ខ្ញុំបានស្រក់ទឹកភ្នែកចំពោះភាពក្លាហាន សេចក្ដីសុចរិត និងការតាំងចិត្តរបស់ក្មេងប្រុសរូបនេះ និង គ្រួសាររបស់ខ្លួនដើម្បីខិតខំដោះស្រាយបញ្ហា ហើយជួយគាត់ឲ្យរក្សាជំនឿរបស់ខ្លួន ។ គាត់បានដឹងថា គាត់ជំពាក់គុណច្រើនបំផុត ប៉ុន្តែគាត់បានដឹងថា គាត់បានជំពាក់គុណដល់តួអង្គនៃព្រះមែស៊ីពីរអង្គនៅក្នុងជីវិតរបស់គាត់ ដែលតួអង្គទាំងពីរនោះបានគាំទ្រគាត់ ហើយលើកទ្រគាត់ឡើង គាំទ្រគាត់ ហើយសង្គ្រោះគាត់--គឺព្រះអង្គសង្គ្រោះព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ និងម្ដាយដ៏បរិសុទ្ធរបស់គាត់ដែលមានការតាំងចិត្តដើម្បីជួយប្រោសលោះគាត់ ។
រឿងចុងក្រោយ រឿងនេះកើតឡើងនៅឯការឧទ្ទិសឆ្លងឡើងវិញនៃព្រះវិហារបរិសុទ្ធទីក្រុងម៉ិកស៊ិកប្រទេស ម៉ិកស៊ិក កាលពីបីសប្ដាហ៍មុន ។ ប្រធាន ហិនរី ប៊ី អាវរិង និងខ្ញុំបានមើលឃើញមិត្តសំឡាញ់ឈ្មោះ លីស្សា ធូតថល ភីភើរ ឈរនៅក្នុងកម្មវិធីឧទ្ទិសឆ្លងដ៏បំផុសគំនិតនោះ ។ ប៉ុន្តែគាត់បានឈរទាំងលំបាក ដោយសារគាត់ប្រើដៃម្ខាងលើកពរកូនស្រីពិការជាទីស្រឡាញ់របស់នាង ឈ្មោះ ដូរ៉ា ឯដៃម្ខាងទៀត កាន់ដៃស្ដាំរបស់ដូរ៉ាដែលកម្រើកមិនបានដើម្បីឲ្យកូនស្រីដ៏មានតម្លៃអស់កល្បរបស់ព្រះរូបនេះ អាចក្រវីកន្សែងដៃ ហើយទេវតានៃស្ថានសួគ៌ពោលក្នុងចិត្តនាងថា « ហូសាណា ហូសាណា ហូសាណា ថ្វាយព្រះ និងកូនចៀម » ។១២
ចំពោះម្ដាយគ្រប់ទីកន្លែងរាប់តាំងពីអតីតកាលរហូតដល់ បច្ចុប្បន្ននេះ ឬនៅអនាគតកាល ខ្ញុំសូមនិយាយថា « សូមអរគុណអ្នកម្តាយទាំងអស់គ្នា ។ អរគុណចំពោះការផ្ដល់កំណើត ចំពោះការតម្រែតម្រង់ផ្លូវកូនៗ ចំពោះការបង្កើតចរិកលក្ខណៈ និងចំពោះការបង្ហាញនូវសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ព្រះគ្រីស្ទ » ។ ចំពោះម្ដាយអេវ៉ា សារ៉ា រេបេកា និង រ៉ាជែល ចំពោះម៉ារានៃស្រុកណាសារ៉ែត និងចំពោះមាតានៅស្ថានសួគ៌ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកសម្រាប់តួនាទីដ៏សំខាន់របស់អ្នកក្នុងការបំពេញគោលបំណងដ៏អស់កល្បជានិច្ច ។ ចំពោះម្ដាយគ្រប់រូប នៅគ្រប់ស្ថានភាពទាំងអស់ រួមទាំងអ្នកដែលកំពុងមានបញ្ហាផងដែរ—ហើយចំពោះអ្នកទំាងអស់គ្នា—ខ្ញុំសូមនិយាយថា « ចូរមានភាពសុខសាន្ដចុះ ។ សូមជឿទៅលើព្រះ និងខ្លួនឯង ។ អ្នកបានធ្វើល្អជាងអ្នកគិតទៅទៀត ។ ពិតណាស់ អ្នកគឺជាអ្នកសង្គ្រោះនៅលើភ្នំស៊ីយ៉ូន១៣ ហើយក៏ដូចជាលោកចៅហ្វាយដែលអ្នកដើរតាម សេចក្ដីស្រឡាញ់របស់អ្នក ‹ ពុំដែលរលត់ឡើយ ›១៤ » ។ ខ្ញុំពុំអាចបង្ហាញនូវការគោរពដល់អ្នកផ្សេងឲ្យខ្ពស់ជាងអ្នកបានទេ ។ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕