អំណរនៃការរស់នៅក្នុងជីវិតមួយដែលផ្តោតលើព្រះគ្រីស្ទ
ជីវិតយើងត្រូវតែផ្ដោតដោយឥតល្អៀងលើព្រះគ្រីស្ទ បើយើងចង់ស្វែងរកអំណរ និងក្ដីសុខសាន្តដ៏ពិតក្នុងជីវិតនេះ ។
ពិភពលោកដែលយើងរស់នៅ កំពុងតែដាក់សម្ពាធយ៉ាងខ្លាំងទៅលើមនុស្សល្អៗនៅគ្រប់ទីកន្លែង ដើម្បីធ្វើឲ្យពួកគេបន្ទាប ឬថែមទាំងបោះបង់ចោលបទដ្ឋាននៃការរស់នៅសុចរិតរបស់ពួកគេតែម្ដង ។ ទោះជាយ៉ាងណា ថ្វីបើមានការអាក្រក់ និងការល្បួងនៅព័ទ្ធជុំវិញយើងរាល់ថ្ងៃក្ដី ក៏យើងអាច ហើយនឹងរកឃើញអំណរពិតនៅថ្ងៃនេះ ពេលរស់នៅក្នុងជីវិតមួយដែលផ្តោតទៅលើព្រះគ្រីស្ទ ។
ការផ្ដោតជីវិតយើងលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នឹងនាំមកនូវស្ថេរភាព និងសុភមង្គលដល់ជីវិតយើង ដូចដែលគំរូខាងក្រោមនេះនឹងបង្ហាញ ។
អែលឌើរ ថៃអ៊ីឈី អាអូបា នៃពួកចិតសិបនាក់ ដែលរស់នៅក្នុងភូមិតូចមួយដែលមានភ្នំ នៅភូមិ ស៊ីកូគូ ប្រទេស ជប៉ុន ត្រូវបានស្នើឲ្យបង្រៀនថ្នាក់មួយនៅសន្និសីទយុវវ័យ ។ « ចូរអ្នករាល់គ្នាឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ » ត្រូវបានជ្រើសរើសជាប្រធានបទនៃសន្និសីទនោះ ។ បន្ទាប់ពីការពិចារណាពីប្រធានបទ និងអ្វីដែលត្រូវបង្រៀន អែលឌើរ អាអូបា បានសម្រេចចិត្តប្រើប្រាស់វិជ្ជាជីវៈរបស់លោកជាឧបករណ៍នៃការបង្រៀន ។ ការងាររបស់លោកគឺជាជាងស្មូន ។
អែលឌើរ អាអូបា បានរៀបរាប់ថា ថ្នាក់យុវវ័យរបស់លោកពិតជាចាប់អារម្មណ៍ជាខ្លាំង ពេលពួកគេបានឃើញពីរបៀបដែលលោកអាចបំប្លែងរូបរាងនៃដីឥដ្ឋក្នុងដៃលោកឲ្យទៅជាចានសំប៉ែត ចានចង្កឹះ និងពែង ។ បន្ទាប់ពីការបង្ហាញរបស់លោក លោកបានសួរពួកគេថាបើមាននរណាម្នាក់ចង់សាកធ្វើវា ។ ពួកគេទាំងអស់គ្នាបានលើកដៃឡើង ។
អែលឌើរ អាអូបា បានឲ្យយុវវ័យមួយចំនួនមកខាងមុខដើម្បីសាកមើលចំណាប់អារម្មណ៍ថ្មីរបស់ពួកគេ ។ បន្ទាប់ពីបានមើលលោក ពួកគេស្មានថាការណ៍គឺសាមញ្ញណាស់ ។ ទោះយ៉ាងណា គ្មាននរណាម្នាក់ជោគជ័យក្នុងការព្យាយាមរបស់ពួកគេដើម្បីធ្វើសូម្បីតែចានចង្កឹះមួយ ។ ពួកគេបានថ្លែង ៖ « ខ្ញុំមិនអាចធ្វើវាបានទេ ! » « ហេតុអ្វីវាពិបាកម៉្លេះ ? » « វាពិបាកណាស់ » ។ ពួកគេបានថ្លែងដូច្នោះ ពេលដែលដីឥដ្ឋខ្ចាយពេញបន្ទប់ ។
លោកបានសួរពួកយុវវ័យអំពីមូលហេតុដែលពួកគេមានភាពលំបាកដូចនោះក្នុងការសូនចានឆ្នាំង ។ ពួកគេបានឆ្លើយតបដោយចម្លើយផ្សេងៗ ៖ « ខ្ញុំគ្មានបទពិសោធន៍ទេ » « ខ្ញុំមិនដែលបានរៀនធ្វើវាទេ » ឬ « ខ្ញុំគ្មានទេពកោសល្យទេ » ។ ផ្អែកលើលទ្ធផល អ្វីដែលពួកគេបាននិយាយគឺពិត ទោះយ៉ាងណា មូលហេតុដែលសំខាន់បំផុតសម្រាប់ការបរាជ័យរបស់ពួកគេ គឺដោយសារដីឥដ្ឋនោះមិនបាននៅចំកណ្ដាលកង់វិល ។ ពួកយុវវ័យបានគិតថា ពួកគេបានដាក់ដីឥដ្ឋនៅចំកណ្ដាល តែតាមនេត្រាទស្សន៍ជំនាញ វាមិនស្ថិតនៅចំកណ្ដាលនោះទេ ។ បន្ទាប់មក លោកបានប្រាប់ពួកគេថា « តោះ យើងសាកល្បងម្ដងទៀត » ។
ពេលនេះ អែលឌើរ អាអូបា បានដាក់ដីឥដ្ឋនៅចំកណ្ដាលនៃកង់វិលតែម្ដង ហើយបានចាប់ផ្ដើមបង្វិលកង់ ដោយធ្វើជារន្ធមួយនៅចំកណ្ដាលដីឥដ្ឋ ។ យុវវ័យមួយចំនួនបានសាកល្បងម្ដងទៀត ។ ពេលនេះ គ្រប់គ្នាចាប់ផ្ដើមទះដៃពេលពួកគេបាននិយាយ ៖ « អូ វាមិនញ័រទេ » « ខ្ញុំអាចធ្វើវាបាន » ឬ « ខ្ញុំបានធ្វើវាហើយ ! » ។ ពិតណាស់ រូបរាងវាមិនឥតខ្ចោះនោះទេ តែលទ្ធផលពិតជាខុសពីការសាកល្បងលើកដំបូងទាំងស្រុង ។ មូលហេតុសម្រាប់ជោគជ័យរបស់ពួកគេ គឺដោយសារដីឥដ្ឋនៅចំកណ្ដាលកង់វិលឥតល្អៀងតែម្ដង ។
ពិភពលោកដែលយើងរស់នៅ គឺស្រដៀងគ្នានឹងអន្ទោងស្មូនអញ្ចឹងដែរ ហើយល្បឿននៃអន្ទោងនោះគឺកំពុងតែលឿនឡើងៗ ។ ដូចជាដីឥដ្ឋដែលនៅលើអន្ទោងនោះដែរ យើងត្រូវតែផ្ដោតនៅចំកណ្ដាល ។ ចំណុចដ៏សំខាន់របស់យើង គឺចំណុចកណ្ដាលនៃជីវិតយើង ដែលត្រូវតែជាព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ការរស់នៅក្នុងជីវិតមួយដែលផ្ដោតលើព្រះគ្រីស្ទ មានន័យថា យើងរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ហើយបន្ទាប់មកយើងធ្វើតាមគំរូទ្រង់ ហើយគោរពព្រះបញ្ញត្តិរបស់ទ្រង់ដោយឥតល្អៀង ។
ព្យាការីពីបុរាណ អេសាយ បានថ្លែងថា « តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយទ្រង់ជាជាងស្នូន យើងខ្ញុំជាស្នាដៃនៃព្រះហស្ដទ្រង់ទាំងអស់គ្នា » ។1
បើជីវិតយើងផ្ដោតលើព្រះយេស៊ូវគ្រីស្ទ នោះទ្រង់អាចសូនយើងដោយជោគជ័យ ទៅជាមនុស្សដែលត្រូវប្រែក្លាយ ដើម្បីត្រឡប់ទៅវត្តមានទ្រង់ និងព្រះវរបិតាសួគ៌ ក្នុងនគរសេឡេស្ទាលវិញ ។ អំណរដែលយើងដកពិសោធន៍ក្នុងជីវិតនេះ នឹងសមាមាត្រដោយផ្ទាល់ទៅនឹងរបៀបដែលយើងផ្ដោតទៅលើការបង្រៀន គំរូ និងការពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ បានល្អប៉ុណ្ណា ។
បងប្អូនប្រុសស្រី ខ្ញុំបានកើតមកក្នុងគ្រួសារដែលជាពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើនជំនាន់ ដូច្នេះពរជ័យ និងអំណរនៃការមានដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ជាមូលដ្ឋាននៃវប្បធម៌គ្រួសារយើង គឺត្រូវបានចាក់ត្បាញទៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ ទាល់តែដល់ពេលបេសកកម្មពេញម៉ោងរបស់ខ្ញុំ ជាយុវជនម្នាក់ ទើបខ្ញុំបានស្គាល់ពីឥទ្ធិពលវិជ្ជមានដ៏អស្ចារ្យ ដែលភាពពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទមានចំពោះពួកអ្នកដែលមិនធ្លាប់ភ្លក់បទពិសោធន៍នៃពរជ័យទាំងនោះពីមុនមកក្នុងជីវិតពួកគេ ។ ខគម្ពីរនេះនៅក្នុងម៉ាថាយ ឆ្លុះបញ្ចាំងពីដំណើរការដែលមនុស្សដែលប្រែចិត្តជឿចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដកពិសោធន៍ ៖ « នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចម្ការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុករួចចេញទៅលក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចម្ការនោះ » ។2
សូមឲ្យខ្ញុំចែកចាយជាមួយអ្នកនូវគំរូមួយ ចេញពីព្រះគម្ពីរមរមន ដែលបង្ហាញពីអ្វីដែលអ្នកប្រែចិត្តជឿម្នាក់ស្ម័គ្រចិត្តនឹងបង់ ដើម្បីទទួលបានអំណរដែលទាក់ទងនឹងការរកឃើញទ្រព្យសម្បត្តិ ដែលមានបន្ទូលដោយព្រះយេស៊ូវ ក្នុងរឿងប្រៀបធៀបអំពីទ្រព្យសម្បត្តិដែលលាក់ទុកក្នុងវាល ។
ចាំទេ ក្នុងគម្ពីរ អាលម៉ា ជំពូក ២០ អាំម៉ូន និងឡាម៉ូណៃ បានកំពុងធ្វើដំណើរទៅទីក្រុងមីឌដូណៃ ក្នុងគោលបំណង ស្វែងរក ហើយរំដោះប្អូនប្រុសរបស់អាំម៉ូន គឺអើរ៉ុន ចេញពីគុក ។ អំឡុងពេលនៃការធ្វើដំណើរ ពួកលោកបានជួបនឹងបិតារបស់ឡាម៉ូណៃ ដែលជាស្ដេចសាសន៍លេមិនសោយរាជ្យលើអស់ទាំងដែនដី ។
ស្ដេចអង្គនេះមានសេចក្ដីក្រោធជាខ្លាំង ដែលឡាម៉ូណៃ ជាបុត្រាទ្រង់បានធ្វើដំណើរជាមួយអាំម៉ូន ជាអ្នកផ្សព្វផ្សាយសាសន៍នីហ្វៃ ដែលទ្រង់ចាត់ទុកថាជាសត្រូវ ។ ទ្រង់មានព្រះទ័យថា បុត្រាទ្រង់គួរតែបានចូលរួមនឹងពិធីជប់លៀងដ៏ធំមួយ ដែលទ្រង់បានរៀបចំសម្រាប់បុត្រាទាំងឡាយរបស់ទ្រង់ និងប្រជារាស្ត្រទ្រង់ ។ ស្ដេចសាសន៍លេមិនបានក្រោធជាខ្លាំង ដែលទ្រង់បានបញ្ជាបុត្រាទ្រង់ ឡាម៉ូណៃ ឲ្យសម្លាប់អាំម៉ូននឹងដាវទ្រង់ ។ ពេលឡាម៉ូណៃបានបដិសេធ ទ្រង់បានដកដាវទ្រង់ដើម្បីធ្វើគតបុត្រាទ្រង់ដែលមិនគោរព ប៉ុន្តែ អាំម៉ូនបានជួយអង្វរឲ្យទុកជីវិតឡាម៉ូណៃ ។ ទីបំផុត លោកបានយកឈ្នះលើស្ដេច ហើយអាចនឹងសម្លាប់ទ្រង់បាន ។
នេះជាអ្វីដែលស្ដេចបានមានបន្ទូលទៅកាន់អាំម៉ូន បន្ទាប់ពីឃើញថាទ្រង់ស្ថិតក្នុងស្ថានភាពស្លាប់រស់បែបនេះ ៖ « បើសិនជាអ្នកលើកលែងជីវិតឲ្យយើង នោះយើងនឹងអនុញ្ញាតឲ្យអ្នកនូវអ្វីដែលអ្នកសូម សូម្បីតែពាក់កណ្ដាលនគររបស់យើងក៏បាន » ។3
ដូច្នេះ ស្ដេចបានស្ម័គ្រព្រះទ័យបង់ថ្លៃពាក់កណ្ដាលនគរ ដើម្បីឲ្យរួចជីវិតទ្រង់ ។ ស្ដេចប្រាកដជាភ្ញាក់ផ្អើលណាស់ ពេលដែលអាំម៉ូនគ្រាន់តែបានស្នើសុំឲ្យទ្រង់ដោះលែងប្អូនប្រុសលោក អើរ៉ុន និងមិត្តភក្ដិលោកចេញពីគុក ហើយឲ្យបុត្រារបស់ទ្រង់ ឡាម៉ូណៃ នៅតែទទួលបាននគរទ្រង់ ។
ក្រោយមក ដោយសារជំនួបរបស់លោក ទើបអើរ៉ុន ជាប្អូនប្រុសអាំម៉ូន ត្រូវបានដោះលែងពីគុកនៅមីឌដូណៃ ។ បន្ទាប់ពីដោះលែង លោកត្រូវបានបំផុសឲ្យធ្វើដំណើរទៅកន្លែងដែលស្ដេចសាសន៍ឡាម៉ូណៃគ្រងរាជ្យនៅលើដែនដី ។ អើរ៉ុនត្រូវបានណែនាំដល់ស្ដេច ហើយបានមានឯកសិទ្ធិបង្រៀនទ្រង់ពីគោលការណ៍នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ រួមទាំងផែនការនៃសេចក្ដីប្រោសលោះ ។ ការបង្រៀនរបស់អើរ៉ុន បានបំផុសស្ដេចអង្គនេះយ៉ាងជ្រាលជ្រៅ ។
ការឆ្លើយតបរបស់ទ្រង់ទៅកាន់ការបង្រៀនរបស់អើរ៉ុន មានក្នុង ខ ១៥ នៃអាលម៉ា ជំពូក ២២ ៖ « ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីអើរ៉ុនបានអធិប្បាយប្រាប់ការណ៍ទាំងនេះដល់ទ្រង់ហើយ នោះស្ដេចមានបន្ទូលថា ៖ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យយើងអាចបានជីវិតដ៏នៅអស់កល្បជានិច្ច ដែលអ្នកបាននិយាយមកនោះ ? មែនហើយ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យយើងអាចបានកើតពីព្រះ ដោយដកយកវិញ្ញាណអាក្រក់នេះចេញពីទ្រូងយើង ហើយទទួលយកព្រះវិញ្ញាណរបស់ទ្រង់វិញ ដើម្បីឲ្យយើងអាចបានពោរពេញទៅដោយសេចក្ដីអំណរ ដើម្បីកុំឲ្យយើងត្រូវបោះបង់ចោលនៅថ្ងៃចុងក្រោយបង្អស់នោះ ? មើលចុះទ្រង់មានបន្ទូលថា ៖ យើងនឹងបោះបង់ចោលនូវអ្វីៗទាំងអស់ដែលយើងមាន មែនហើយ យើងនឹងទម្លាក់នគរយើង ដើម្បីឲ្យយើងអាចបានទទួលសេចក្ដីអំណរដ៏ធំនេះ » ។
អស្ចារ្យណាស់ ផ្ទុយពីការបោះបង់នគរទ្រង់ពាក់កណ្ដាលដើម្បីបានរួចជីវិត ឥឡូវនេះស្ដេចសាសន៍លេមិនស្ម័គ្រព្រះទ័យបោះបង់នគរទាំងមូលរបស់ទ្រង់ ដើម្បីទ្រង់អាចទទួលបានអំណរ ដែលបានមកពីការយល់ ការទទួល និងការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
នេនស៊ី ភរិយាខ្ញុំ ក៏ជាអ្នកប្រែចិត្តជឿម្នាក់ចំពោះសាសនាចក្រដែរ ។ នាងបានប្រាប់ខ្ញុំជាច្រើនដងអស់ច្រើនឆ្នាំមកនេះ ពីអំណរដែលនាងមាននៅក្នុងជីវិតនាង តាំងពីបានរកឃើញ ទទួល ហើយរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ អ្វីដែលមកតាមក្រោយនោះ គឺការឆ្លុះបញ្ចាំងមួយពីស៊ីស្ទើរ ម៉េណេស ពីបទពិសោធន៍របស់នាង ៖
« ពេលនៅជាយុវមជ្ឈិមវ័យ ក្នុងអាយុជាងម្ភៃឆ្នាំ វាជាពេលមួយក្នុងជីវិតខ្ញុំ ដែលខ្ញុំបានដឹងថា ខ្ញុំត្រូវការផ្លាស់ប្ដូរអ្វីមួយ ដើម្បីក្លាយជាមនុស្សដែលរីករាយជាងមុន ។ ខ្ញុំបានមានអារម្មណ៍ថា ខ្ញុំបណ្ដោយខ្លួនទៅតាមយថាកម្ម គ្មានគោលបំណង និងទិសដៅពិតប្រាកដ ហើយខ្ញុំពុំបានដឹងថាត្រូវទៅរកវានៅកន្លែងណាទេ ។ ខ្ញុំតែងតែបានដឹងថា ព្រះវរបិតាពិតជាមានមែន ហើយពេលខ្លះ ក្នុងជីវិត ខ្ញុំបានអធិស្ឋាន ដោយទទួលអារម្មណ៍ថាទ្រង់បានស្ដាប់ ។
« កាលដែលខ្ញុំបានចាប់ផ្ដើមការស្វែងរករបស់ខ្ញុំ ខ្ញុំបានទៅព្រះវិហារមួយចំនួនខុសៗគ្នា តែតែងតែត្រឡប់ទៅមានអារម្មណ៍ដដែល ហើយបាក់ទឹកចិត្តវិញ ។ ខ្ញុំមានអារម្មណ៍ថាមានពរជ័យណាស់ ដោយសារការអធិស្ឋានរបស់ខ្ញុំសុំការដឹកនាំ និងគោលបំណងក្នុងជីវិត នៅទីបំផុតត្រូវបានឆ្លើយតប ហើយភាពពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបាននាំចូលមកក្នុងជីវិតខ្ញុំ ។ ជាលើកទីមួយ ដែលខ្ញុំបានមានអារម្មណ៍ដូចជាខ្ញុំមានគោលបំណងមួយ ហើយផែនការនៃសុភមង្គលបាននាំមកនូវអំណរដ៏ពិតចូលមកក្នុងជីវិតខ្ញុំ » ។
បទពិសោធន៍មួយទៀតចេញពីព្រះគម្ពីរមរមន បង្ហាញយ៉ាងច្បាស់ពីរបៀបដែលការរស់នៅក្នុងជីវិតមួយដែលផ្ដោតលើព្រះគ្រីស្ទ អាចបំពេញដល់យើងនូវសុភមង្គលដ៏មហិមា សូម្បីតែពេលយើងត្រូវបានហ៊ុមព័ទ្ធដោយការលំបាកក្រៃលែងក្ដី ។
បន្ទាប់ពីព្យាការីលីហៃ និងគ្រួសារលោកបានចាកចេញពីក្រុងយេរូសាឡិម នៅឆ្នាំ ៦០០ មុន គ. ស. ពួកគេបានដើរត្រាច់ចរប្រហែលប្រាំបីឆ្នាំក្នុងទីវាលរហោស្ថាន រហូតទាល់បានមកដល់ដែនដីមួយនៅទីបំផុត ដែលពួកគេបានហៅថា ដែនដីបរិបូរ ដែលនៅជិតឆ្នេរសមុទ្រ ។ នីហ្វៃពិពណ៌នាពីជីវិតវេទនារបស់ពួកគេ ក្នុងទីវាលរហោស្ថាន ដោយរបៀបនេះ ៖ « យើងរងទុក្ខសេចក្ដីវេទនា និងសេចក្ដីលំបាកមកជាច្រើន ... គឺច្រើនណាស់រហូតដល់យើងពុំអាចសរសេរឲ្យអស់ទេ » ។4
ខណៈរស់នៅក្នុងដែនដីបរិបូរ ព្រះអម្ចាស់បានប្រទានការទទួលខុសត្រូវដល់នីហ្វៃ ឲ្យសង់សំពៅដែលនឹងដឹកពួកគេឆ្លងកាត់សមុទ្រទៅដែនដីសន្យា ។ បន្ទាប់ពីពួកគេបានមកដល់ដែនដីសន្យា ការទាស់ទែងដ៏ធំបានមានជាបន្តបន្ទាប់ រវាងប្រជាជានដែលផ្តោតជីវិតគេលើព្រះគ្រីស្ទ និងអ្នកឥតជំនឿ ដែលដើរតាមគំរូរបស់លេមិន និងលេមយួល ។ នៅទីបំផុត គ្រោះភ័យនៃអំពើឃោរឃៅរវាងក្រុមទាំងពីរ បានក្លាយជាធំក្រៃលែង ដែលនីហ្វៃ និងពួកអ្នកដែលដើរតាមកាបង្រៀនរបស់ព្រះអម្ចាស់ បានបំបែកខ្លួន ហើយបានគេចចូលទីវាលរហោស្ថានដើម្បីមានសុវត្ថិភាព ។ នៅពេលនោះ គឺអស់រយៈពេល ៣០ ឆ្នាំ បន្ទាប់ពីលីហៃ និងគ្រួសារលោកបានចាកចេញពីក្រុងយេរូសាឡិម នីហ្វៃធ្វើនូវសេចក្ដីថ្លែងការណ៍ដែលបានកត់ត្រាទុកយ៉ាងល្អ និងគួរឲ្យភ្ញាក់ផ្អើល ជាពិសេសបន្ទាប់ពីការកត់ត្រាក្នុងព្រះគម្ពីរនូវការឈឺចាប់ និងទុក្ខវេទនាជាច្រើនដែលពួកគេបានជួបប្រទះអស់ពេលជាយូរមក ។ នេះជាពាក្យពេចន៍របស់លោក ៖ « ហើយហេតុការណ៍បានកើតឡើងថា ពួកយើង [ ពិតជាបានរស់នៅ ] តាមរបៀបនៃសុភមង្គល » ។5 ថ្វីបើមានការលំបាកទាំងឡាយក៏ដោយ ពួកគេអាចរស់នៅតាមរបៀបនៃសុភមង្គល ដោយសារពួកគេបានផ្តោតលើព្រះគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
បងប្អូនប្រុសស្រី ដូចជាដីឥដ្ឋដែលនៅលើអន្ទោងស្មូនដូច្នោះដែរ ជីវិតរបស់យើងត្រូវតែផ្ដោតនៅកណ្ដាលឥតល្អៀង លើព្រះគ្រីស្ទ បើយើងចង់ស្វែងរកអំណរ និងក្ដីសុខសាន្តដ៏ពិតក្នុងជីវិតនេះនោះ ។ គំរូនៃស្ដេចសាសន៍លេមិន ភរិយាខ្ញុំ នេនស៊ី និងប្រជាជននីហ្វៃ ទាំងអស់នេះគាំទ្រដល់គោលការណ៍ដ៏ពិតនេះ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ខ្ញុំដល់អ្នកនៅថ្ងៃនេះថា យើងក៏អាចស្វែករកក្ដីសុខសាន្តនោះ សុភមង្គលនោះ អំណរដ៏ពិតនោះបានដែរ បើយើងជ្រើសរើសរស់នៅក្នុងជីវិតដែលផ្ដោតលើព្រះគ្រីស្ទ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។