ចូរជ្រើសយកពន្លឺ
យើងត្រូវជ្រើសរើសស្តាប់តាមការទូន្មានរបស់ព្យាការី ទទួលស្គាល់ ហើយអនុវត្តតាមការបំផុសគំនិតខាងវិញ្ញាណ គោរពប្រតិបត្តិតាមព្រះបញ្ញត្តិព្រះ ហើយស្វែងរកវិវរណៈផ្ទាល់ខ្លួន ។
ថ្មីៗនេះ ភរិយាខ្ញុំ និង ខ្ញុំ បានសម្រេចចិត្តថា ពួកយើងគួរតែដកពិសោធន៍ឲ្យកាន់តែពេញលេញពីសម្រស់នៃតំបន់នៅក្បែរផ្ទះរបស់យើងក្នុងរដ្ឋ ម៉ុនតាណាភាគពាយព្យ ។ ពួកខ្ញុំបានប្ដេជ្ញាចិត្តជិះកង់ទៅតាមផ្លូវលំ ហៃអាវាថា ជាផ្លូវដែលបានប្តូរពីផ្លូវរថភ្លើងដែលរត់កាត់ភ្នំរ៉កគីដ៏ស្រស់ត្រកាល នៅលើព្រំដែននៃរដ្ឋ ម៉ុនតាណា និង អៃដាហូ ។ ពួកខ្ញុំបានគិតទុកជាមុនថាវាជាថ្ងៃដ៏សប្បាយជាមួយមិត្តភក្តិ ដោយរីករាយនឹងសម្រស់ធម្មជាតិនៅតំបន់នោះ ។
ពួកខ្ញុំបានដឹងថាការជិះកង់លើចម្ងាយផ្លូវ ២៤ គីឡូម៉ែត្រ ដ៏អស្ចារ្យនោះនឹងមានការជិះលើស្ពានរថភ្លើងដែលលាតសន្ធឹងលើជ្រោះដ៏ជ្រៅ និង ជិះតាមផ្លូវរូងកាត់ភ្នំដ៏វែង ។ ដូច្នេះពួកខ្ញុំបានរៀបចំខ្លួនដោយមានពិលចងភ្ជាប់នឹងមួកសុវត្ថិភាព និង កង់របស់ពួកខ្ញុំដែរ ។
អស់អ្នកដែលធ្លាប់ជិះតាមផ្លូវនោះពីមុន បានប្រាប់ពួកខ្ញុំថាផ្លូវរូងភ្នំនោះងងឹត ហើយពួកខ្ញុំត្រូវតែរកពិលដែលភ្លឺខ្លាំងបំផុត ។ នៅពេលពួកខ្ញុំជួបជុំគ្នានៅមុខថ្មដ៏ធំនៅច្រកចូលផ្លូវរូងភ្នំ ថាហ្វ អ្នកត្រួតពិនិត្យបានពន្យល់ពីកន្លែងមួយចំនួនដែលគ្រោះថ្នាក់នៅតាមដងផ្លូវ រួមមានរណ្តៅដ៏ជ្រៅនៅតាមមាត់ជ្រោះ ផ្ទាំងដីរដិបរដុប ព្រមទាំងភាពងងឹតដ៏ខ្លាំង ។ ដោយពុំចាំយូរ ពួកខ្ញុំបានជិះកង់ចូលទៅក្នុងផ្លូវរូងភ្នំនោះ ។ ក្រោយពីពួកខ្ញុំជិះកង់បានតែពីរបីនាទីប៉ុណ្ណោះ ភាពងងឹតដែលដឹងជាមុននោះបានហ៊ុំព័ទ្ធពួកខ្ញុំ ។ ពិលដែលខ្ញុំបានយកទៅនោះគ្មានពន្លឺគ្រប់គ្រាន់ឡើយ ហើយភាពងងឹតបានគ្រប់ដណ្តប់លើពន្លឺពិលនោះ ។ ភ្លាមនោះ ខ្ញុំបានចាប់ផ្តើមមានអារម្មណ៍ភិតភ័យ ច្របូកច្របល់ និង វង្វេងស្មារតី ។
ខ្ញុំខ្មាស់អៀននឹងបង្ហាញពីការព្រួយបារម្ភរបស់ខ្ញុំចំពោះមិត្តភក្តិ និង គ្រួសារខ្ញុំ ។ ទោះបីខ្ញុំជាអ្នកជិះកង់ស្ទាត់ជំនាញក្តី ឥឡូវនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំពុំធ្លាប់ជិះកង់ទាល់តែសោះ ។ ខ្ញុំមានការលំបាកដើម្បីជិះបន្តទៅមុខទៀត នៅពេលខ្ញុំកាន់តែច្របូកច្របល់ ។ ទីបំផុត បន្ទាប់ពីខ្ញុំបានបង្ហាញពីភាពមិនសុខស្រួលរបស់ខ្ញុំដល់មនុស្សនៅជុំវិញខ្ញុំ នោះខ្ញុំអាចជិះកាន់តែកៀកនឹងមិត្តម្នាក់ដែលមានពន្លឺពិលភ្លឺជាងខ្ញុំ ។ តាមពិតទៅ គ្រប់គ្នានៅក្នុងក្រុមបានចាប់ផ្តើមជិះក្បែរគាត់ជុំជិត ។ តាមរយៈការជិះកង់ក្បែរគាត់ និង ពឹងលើពន្លឺពិលរបស់គាត់ ព្រមទាំងពន្លឺពិលរួមគ្នារបស់ក្រុមយើងមួយរយៈមក នោះយើងបានជិះកាន់តែជ្រៅចូលទៅក្នុងភាពងងឹតនៃផ្លូវរូងភ្នំនោះ ។
អស់ពេលជាច្រើនម៉ោងក្រោយមក ខ្ញុំបានឃើញពន្លឺប្រឹមៗមួយ ។ ភ្លាមនេះ ខ្ញុំបានចាប់ផ្តើមទទួលអារម្មណ៍បញ្ជាក់ថាគ្រប់យ៉ាងនឹងមិនអីទេ ។ ខ្ញុំបានខំបន្តធាក់កង់ទៅមុខទៀត ដោយពឹងលើពន្លឺពិលរបស់មិត្តខ្ញុំ និង ពន្លឺប្រឹមៗដែលភ្លឺខ្លាំងឡើងៗនោះ ។ ខ្ញុំមានទំនុកចិត្តឡើងវិញបណ្តើរៗ នៅពេលពន្លឺនោះបានភ្លឺកាន់តែច្បាស់ និង ខ្លាំងឡើង ។ អស់ចម្ងាយយ៉ាងវែងពីមុនដល់ចុងមាត់ច្រកនៃផ្លូវរូងភ្នំ ខ្ញុំពុំត្រូវការជំនួយពីមិត្តរបស់ខ្ញុំទៀតឡើយ ។ ការព្រួយបារម្ភទាំងប៉ុន្មានបានរលាយសូន្យឈឹង នៅពេលយើងបានធាក់កង់យ៉ាងលឿនឆ្ពោះទៅរកពន្លឺនោះ ។ ខ្ញុំបានទទួលអារម្មណ៍ស្ងប់ និង ការធានា តាំងតែពីមុនពួកខ្ញុំបានជិះកង់ចូលផ្លូវរូងភ្នំនាពេលព្រឹកដ៏កក់ក្តៅ និង ស្រស់ត្រកាលនោះម្ល៉េះ ។
យើងរស់នៅក្នុងពិភពលោកមួយដែលយើងនឹងដកពិសោធន៍ឧបសគ្គនានាជាមួយនឹងក្តីជំនឿរបស់យើង ។ យើងអាចទទួលអារម្មណ៍នៃទំនុកចិត្តថា យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់នឹងឧបសគ្គទាំងនេះ—តែក្រោយមកយើងឃើញថាការត្រៀមខ្លួនរបស់យើងពុំបានគ្រប់គ្រាន់ឡើយ ។ ហើយដូចដែលមិត្តរបស់ខ្ញុំបានប្រាប់ខ្ញុំជាមុនអំពីភាពងងឹត នោះយើងក៏ត្រូវបានព្រមានអំពីវានៅបច្ចុប្បន្ននេះផងដែរ ។ សំឡេងនៃពួកសាវកជំរុញយើងឲ្យត្រៀមខ្លួនជាមួយនឹងពន្លឺដ៏មានអំណាចនៃកម្លាំងខាងវិញ្ញាណ ។
ដូចគ្នានេះផងដែរ យើងអាចមានអារម្មណ៍ខ្មាស់អៀន ពុំសុខស្រួល ឬ ច្របូកច្របល់ខាងវិញ្ញាណ នៅពេលយើងប្រឈមមុខនឹងឧបសគ្គមួយដែលមានដល់ក្តីជំនឿរបស់យើង ។ ជាទូទៅភាពខ្លាំងក្លា និង រយៈពេលនៃអារម្មណ៍ទាំងនេះនឹងផ្អែកទៅលើប្រតិកម្មរបស់យើងចំពោះវា ។ ប្រសិនបើយើងពុំធ្វើអ្វីសោះ នោះការសង្ស័យ អំនួត ហើយទីបំផុតការក្បត់សាសនាអាចឆក់ទាញយកយើងចេញពីពន្លឺនេះ ។
ខ្ញុំបានរៀនមេរៀនសំខាន់មួយចំនួន មកពីបទពិសោធន៍របស់ខ្ញុំនៅក្នុងផ្លូវរូងភ្នំនោះ ។ ខ្ញុំនឹងចែកចាយវាតែពីរបីប៉ុណ្ណោះ ។
ទីមួយ មិនថាភាពងងឹតនៃមន្ទិលសង្ស័យក្រាស់ប៉ុណ្ណានោះទេ យើងត្រូវជ្រើសយករយៈពេល និង កម្រិតណាដែលយើងអនុញ្ញាតឲ្យវាជះឥទ្ធិពលលើយើង ។ យើងត្រូវតែចាំពីសេចក្តីស្រឡាញ់ដ៏ខ្លាំងរបស់ព្រះវរបិតាសួគ៌របស់យើង និង ព្រះរាជបុត្រាទ្រង់មានចំពោះយើង ។ ពួកទ្រង់នឹងពុំបោះបង់យើង ហើយក៏ពុំឲ្យយើងចាញ់ឡើយ ប្រសិនបើយើងស្វែងរកជំនួយពីព្រះអង្គ ។ សូមចាំពីបទពិសោធន៍របស់ពេត្រុសនៅលើរលកនៃសមុទ្រកាលីឡេ ។ នៅពេលពេត្រុសឃើញពីភាពងងឹតដ៏ត្រជាក់នៅព័ទ្ធជុំវិញខ្លួន នោះលោកបានទទួលស្គាល់ពីការខ្វល់ចិត្តរបស់លោកភ្លាម ហើយបានជ្រើសយកការអំពាវនាវរកជំនួយនៅពេលនោះតែម្តង ។ លោកពុំសង្ស័យពីព្រះចេស្តារបស់ព្រះសង្គ្រោះដើម្បីសង្គ្រោះលោកឡើយ លោកស្រែកយ៉ាងសាមញ្ញថា « ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង » ។១
នៅក្នុងជីវិតរបស់យើង ព្រះសង្គ្រោះបានលាតព្រះពាហុទ្រង់តាមរយៈជំនួយមកពី មិត្តភក្តិ ថ្នាក់ដឹកនាំដ៏ជាទីទុកចិត្ត ឬ ឪពុកម្តាយដែលពេញដោយក្តីស្រឡាញ់ ។ អំឡុងពេលដែលយើងពុះពារនៅក្នុងភាពងងឹត នោះវាពុំខុសឆ្គងឡើយដើម្បីពឹងផ្អែកបណ្តោះអាសន្ន លើពន្លឺនៃអស់អ្នកដែលស្រឡាញ់យើង ហើយយល់យ៉ាងច្បាស់ពីចំណាប់អារម្មណ៍នៃដួងចិត្តរបស់យើងនោះ ។
នៅពេលយើងពិចារណាដោយចេះគិតគូរថា ហេតុអ្វីយើងស្តាប់តាមអស់អ្នកដែលគ្មានអត្តសញ្ញាណ ជាអ្នកដែលចំអកដល់យើងពីអគារដ៏ធំ ហើយទូលាយនោះនៅក្នុងជំនាន់របស់យើង ហើយបែរជាព្រងើយកន្តើយនឹងការអង្វរកនៃអស់អ្នកដែលស្រឡាញ់យើងយ៉ាងស្មោះទៅវិញ ? វត្តមាននៃពួកអ្នកប្រឆាំងទាំងនេះគឺមានបំណងហែកហួរជាជាងលើកតម្កើង ព្រមទាំងចំអកឡកឡឺយជាជាងលើកស្ទួយ ។ ពាក្យចំអករបស់ពួកគេ អាចស៊ីរូងទៅក្នុងជីវិតយើង ជាញយៗវាចូលយ៉ាងលឿនដោយប្រុងប្រយ័ត្ន ហើយ តែមួយរយៈខ្លីប៉ុណ្ណោះ តាមរយៈគ្រឿងអេឡិចត្រូនិច ព្រមទាំងមានចេតនាបំផ្លាញសេចក្តីជំនឿរបស់យើងផងដែរ ។ តើវាមានភាពឆ្លាតវៃទេ ដើម្បីដាក់សុខុមាលភាពដ៏អស់កល្បជានិច្ចរបស់យើងនៅក្នុងកណ្តាប់ដៃនៃជនចម្លែកនោះ ? តើវាមានភាពឆ្លាតវៃទេ ដើម្បីទាមទារយកការយល់ដឹងពីអស់អ្នកដែលគ្មានពន្លឺផ្តល់ឲ្យយើង ឬ ពីអស់អ្នកដែលលាក់បាំងគម្រោងការផ្ទាល់ខ្លួនជាមួយយើងនោះ ? អ្នកកេងប្រយោជន៍ទាំងនេះ បើត្រូវបានបង្ហាញដល់យើងដោយស្មោះត្រង់ នោះយើងនឹងពុំផ្តល់ឱកាសដល់វាឡើយ តែដោយសារវាកែងប្រវ័ញ្ចពីប្រព័ន្ធផ្សព្វផ្សាយសង្គម បានលាក់បំបាំងពីការត្រួតពិនិត្យ ទើបពួកវាទទួលបានភាពជឿជាក់ដែលវាមិនសមនឹងទទួលបានឡើយ ។
ជម្រើសរបស់យើងដើម្បីស្តាប់តាមអស់អ្នកដែលចំអកចំពោះកិច្ចការពិសិដ្ឋៗ នឹងធ្វើឲ្យយើងឃ្លាតឆ្ងាយពីសេចក្តីសង្គ្រោះ និង ពន្លឺដែលប្រទានដល់ជីវិតពីព្រះអង្គសង្គ្រោះ ។ យ៉ូហានបានកត់ត្រា ៖ « ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេម្តងទៀតថា ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ » ។២ សូមចាំថាអស់អ្នកដែលស្រឡាញ់យើងពិតប្រាកដ អាចជួយយើងឲ្យស្ថាបនាសេចក្តីជំនឿរបស់យើងបាន ។
គឺដូចជាខ្ញុំមានការខ្មាស់អៀននៅក្នុងផ្លូវរូងភ្នំ នោះយើងអាចមានអារម្មណ៍ខ្មាស់អៀនដើម្បីសុំជំនួយនៅពេលយើងមានមន្ទិលសង្ស័យ ។ ប្រហែលយើងគឺជាបុគ្គលម្នាក់ដែលមនុស្សផ្សេងទៀតរំពឹងសុំកម្លាំង ប៉ុន្តែឥឡូវយើងបែរជាត្រូវការជំនួយវិញ ។ នៅពេលយើងដឹងថា ពន្លឺ និង ការលួងលោមដែលព្រះអង្គសង្គ្រោះអាចប្រទានដល់យើង មានតម្លៃខ្លាំងជាងអំនួត នោះថ្នាក់ដឹកនាំដ៏បំផុសគំនិត ឪពុកម្ដាយ និង មិត្តភក្ដិដ៏ជាទីទុកចិត្តអាចជួយយើងបាន ។ ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយយើង ទទួលបានការបញ្ជាក់ខាងវិញ្ញាណ ដែលនឹងពង្រឹងយើងទប់ទល់នឹងឧបសគ្គនានានៃសេចក្តីជំនឿ ។
ទីពីរ យើងត្រូវទុកចិត្តលើព្រះអម្ចាស់ ដើម្បីបង្កើនកម្លាំងខាងវិញ្ញាណនៅក្នុងខ្លួនរបស់យើង ។ យើងពុំអាចពឹងផ្អែកលើពន្លឺពីមនុស្សដទៃរហូតនោះទេ ។ ខ្ញុំបានដឹងថា ភាពងងឹតនៅក្នុងផ្លូវរូងភ្នំនឹងពុំងងឹតយូរឡើយ ប្រសិនបើខ្ញុំបន្តធាក់កង់ក្បែរមិត្តខ្ញុំ និង ក្នុងដែនសុវត្ថិភាពនៃក្រុមខ្ញុំនោះ ។ ប៉ុន្តែក្តីរំពឹងរបស់ខ្ញុំគឺថា ខ្ញុំអាចជិះកង់ទៅមុខបានដោយខ្លួនឯង នៅពេលខ្ញុំបានឃើញពន្លឺនោះ ។ ព្រះអម្ចាស់បង្រៀនយើងថា « ចូរចូលមកជិតយើង នោះយើងនឹងចូលទៅជិតអ្នក ចូរព្យាយាមស្វែងរកយើង នោះអ្នករាល់គ្នានឹងបានជួបយើង ចូរសូម នោះអ្នករាល់គ្នានឹងបានទទួល ចូរគោះនោះតែងនឹងបានបើកឲ្យអ្នក » ។៣ យើងត្រូវតែអនុវត្ត ដោយរំពឹងថាព្រះអម្ចាស់នឹងបំពេញការសន្យារបស់ទ្រង់ ដើម្បីលើកយើងឡើងចេញពីភាពងងឹតនោះ ប្រសិនបើយើងចូលទៅជិតទ្រង់ ។ ប៉ុន្តែ មារសត្រូវនឹងព្យាយាមបញ្ចុះបញ្ចូលយើងថា យើងពុំទទួលអារម្មណ៍នៃព្រះចេស្តានៃព្រះវិញ្ញាណឡើយ ហើយថាវាកាន់តែងាយស្រួលបើយើងបញ្ឈប់ការព្យាយាមនោះ ។
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ទូន្មានយើងថា « ចូរសង្ស័យមន្ទិលអ្នក ពីមុនសង្ស័យសេចក្ដីជំនឿអ្នក » ។៤ ថ្មីៗនេះ នៅក្នុងវួដកំណើតរបស់ខ្ញុំ យុវជនម្នាក់បាននិយាយថា « មានរឿងជាច្រើនដែលខ្ញុំបានទទួលអារម្មណ៍ តែខ្ញុំពុំអាចពន្យល់បានតាមរបៀបណាមួយផ្សេងឡើយ លើកលែងតែតាមរបៀបរបស់ព្រះប៉ុណ្ណោះ » ។ នេះគឺជាភាពថ្លៃថ្នូរខាងវិញ្ញាណ ។
នៅពេលជួបនូវចម្ងល់ ឬ ការល្បួងឲ្យមានមន្ទិលសង្ស័យ នោះយើងគួរតែចងចាំពីពរជ័យខាងវិញ្ញាណ និង អារម្មណ៍ដែលបានជ្រាបចូលក្នុងដួងចិត្ត និង ជីវិតរបស់យើងកាលពីអតីតកាល ហើយដាក់សេចក្តីជំនឿរបស់យើងលើព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។ ទំនុកតម្កើងដែលខ្ញុំស្គាល់បានរំឭកខ្ញុំពីការទូន្មាននេះ ៖ « យើងមិនសង្ស័យព្រះគុណព្រះអម្ចាស់ [ ដ្បិត ] យើងពិសោធន៍ទ្រង់កាលពីមុនមក » ។៥ ការព្រងើយកន្ត្រើយ និង មិនផ្តល់តម្លៃដល់បទពិសោធន៍ខាងវិញ្ញាណពីអតីតកាលនឹងធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះ ។
ការស្វែងរកពន្លឺរបស់យើងនឹងត្រូវបានពង្រីកឡើង តាមរយៈឆន្ទៈរបស់យើងដើម្បីទទួលស្គាល់វា នៅពេលវារះឡើងនៅក្នុងជីវិតរបស់យើង ។ ព្រះគម្ពីរសម័យទំនើបបានផ្តល់អត្ថន័យពីពន្លឺ ហើយផ្តល់ការសន្យាមួយដល់អស់អ្នកដែលទទួលយកពន្លឺនោះ ៖ « អ្វីដែលមកពីព្រះជាពន្លឺ ហើយអ្នកណាដែលទទួលពន្លឺ ហើយនៅជាប់ក្នុងព្រះ នោះទទួលពន្លឺថែមទៀត ហើយពន្លឺនោះភ្លឺកាន់តែខ្លាំងឡើងៗ រហូតដល់ថ្ងៃបានល្អឥតខ្ចោះ » ។៦ គឺដូចនៅពេលយើងបន្តធាក់កង់ឆ្ពោះទៅកាន់ពន្លឺនោះ ដរាបណាយើងខំព្យាយាម ដរាបនោះពន្លឺនៃព្រះចេស្តារបស់ទ្រង់នឹងកាន់តែមានច្រើនឡើងនៅក្នុងជីវិតរបស់យើង ។ ដូចជាពន្លឺនៅចុងមាត់ច្រកនៃផ្លូវរូងភ្នំនោះដែរ ព្រះចេស្តារបស់ទ្រង់នឹងនាំមកយើងនូវ ទំនុកចិត្ត ការប្តេជ្ញាចិត្ត ការលួងលោម ព្រមទាំង—ការណ៍ដ៏សំខាន់បំផុតនោះ—គឺអំណាចដើម្បីដឹងថាទ្រង់មានព្រះជន្មរស់ ។
ទីបី គ្មានភាពងងឹតដ៏ក្រាស់ ពេញពេញដោយគ្រោះថ្នាក់ ឬ លំបាកខ្លាំងដែលពន្លឺពុំអាចយកឈ្នះលើវាបានឡើយ ។ អែលឌើរ នែល អិល អាន់ឌើរសិន បានបង្រៀនក្នុងពេលថ្មីៗនេះ ៖ « ដោយសារតែអំពើអាក្រក់កើនឡើងនៅក្នុងពិភពលោកនេះ នោះមានអំណាចខាងវិញ្ញាណមួយដែលអាចប៉ះប៉ូវបានសម្រាប់ពួកសុចរិត ។ ដោយសារពិភពលោកនេះបានរអិលចេញពីចំណតខាងវិញ្ញាណរបស់ខ្លួន នោះព្រះអម្ចាស់រៀបចំផ្លូវដល់អស់អ្នកដែលស្វែងរកទ្រង់ ដោយប្រទានដល់ពួកគេនូវការធានាអះអាង ការបញ្ជាក់ និង ទំនុកចិត្តកាន់តែខ្លាំងឡើងនៅក្នុងការដឹកនាំខាងវិញ្ញាណដែលពួកគេកំពុងធ្វើដំណើរនោះ ។ អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធក្លាយជាពន្លឺកាន់តែភ្លឺឡើងនៅពេលសុរិយាអស្ដង្គត » ។៧
បងប្អូនប្រុសស្រី យើងពុំត្រូវបានទុកចោលឲ្យនៅឯកោឡើយ ដើម្បីទទួលឥទ្ធិពលពីគ្រប់អស់ទាំងការយល់ដឹង និង ការផ្លាស់ប្តូរនៅក្នុងឥរិយាបថនៃពិភពលោកនេះ ប៉ុន្តែយើងមានអំណាចដើម្បីជ្រើសយកការជឿជាជាងសង្ស័យ ។ ដើម្បីទទួលបាននូវការសន្យាដែលអាចប៉ះប៉ូវបាននេះ យើងត្រូវជ្រើសរើសស្តាប់តាមការទូន្មានរបស់ព្យាការី ទទួលស្គាល់ ហើយអនុវត្តតាមការបំផុសគំនិតខាងវិញ្ញាណ គោរពប្រតិបត្តិតាមព្រះបញ្ញត្តិព្រះ ហើយស្វែងរកវិវរណៈផ្ទាល់ខ្លួន ។ យើងត្រូវតែជ្រើសរើស ។ សូមឲ្យយើងជ្រើសរើសយកពន្លឺនៃព្រះអង្គសង្គ្រោះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។