ឆ្នាំ ២០១០-២០១៩
កាន់​ផ្លូវ​ឲ្យ​ខ្ជាប់
តុលា 2015


10:43

កាន់​ផ្លូវ​ឲ្យ​ខ្ជាប់

សូម​រើស​ព្រះ​មុន​គេ​បង្អស់ ដោយ​មិន​គិត​ពី​ការសាល្បង​ដែល​បងប្អូន​ជួប ។ សូម​ស្រឡាញ់​ព្រះ ។ សូម​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ហើយ​ថ្វាយ​ខ្លួន​ដល់​ទ្រង់​នៅ​គ្រប់​រឿង​ទាំងអស់ ។

នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ ២០១១ ខ្ញុំ​បាន​ឈរ​នៅ​កន្លែង​មួយ​ក្នុង​ស្ថានីយ​រថភ្លើង​ស៊ីណាហ្គាវ៉ា តូក្យូ​ដើម្បី​ទៅ​លេង​បេសកកម្ម កូបេ ជប៉ុន ។ នៅ​ប្រហែល​ជា​ម៉ោង ២:៤៦ រសៀល មាន​ការ​រញ្ជួយ​ដី​មួយ​កម្រិត ៩.០ រ៉ិចទ័រ​បាន​កើតឡើង ។ ដោយសារ​ការ​រញ្ជួយ​ដ៏​ខ្លាំងនោះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈរ​មិន​ហ្នឹង​ឡើយ ហើយ​ខ្ញុំ​បាន​កាន់​ដៃ​ជណ្ដើរ​យ៉ាង​ណែន ។ អំពូល​ភ្លើង​នៅ​ក្បែរ​ពិដាន​បាន​ចាប់ផ្ដើម​ធ្លាក់​មក​លើ​ដី ។ ទីក្រុង​តូក្យូ​ទាំង​មូល​ស្ថិត​ក្នុង​ភាព​ភ័យ​ស្លន់​ស្លោ ។

សំណាង​ល្អ ខ្ញុំ​មិន​រង​របួស ហើយ​បួន​ម៉ោង​ក្រោយ​មក ខ្ញុំ​បាន​ធូរ​ចិត្ត​ដោយ​ដឹង​ថា​គ្រួសារ​ខ្ញុំ​ទាំងមូល​មាន​សុវត្ថិភាព ។

នៅ​តាម​កញ្ចក់​ទូរទស្សន៍​បាន​ចាក់​បញ្ចាំង​វីដេអូ​ពី​ចរន្ត​ទឹក​ហូរ​មួយ​ដែល​គួរ​ឲ្យ​តក់ស្លុត ហើយ​រន្ធត់​បំផុត ។ ព្យុះ​ស៊ូណាមិ​ដ៏ធំ​មួយ​បោកបក់​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​តំបន់​បេសកកម្ម​សេនដៃ—ដោយ​ហូរ​នាំ​យក​អ្វីៗ​ដែល​នៅ​មុខ​វា ដូចជា ៖​ឡាន ផ្ទះសម្បែង រោងចក្រ និង ទីវាល ។ ខ្ញុំ​បាន​ស្រឡាំងកាំង​ដោយ​ឃើញ​ទិដ្ឋភាព​នៃ​សោកនាកម្ម​នោះ ហើយ​ខ្ញុំ​បាន​ទួញយំ ។ ខ្ញុំ​បាន​អធិស្ឋាន​យ៉ាង​មុតមាំ​សូម​ឲ្យ​ការពារ និង​ជំនួយ​របស់​ព្រះវរបិតា​សួគ៌​យើង កើត​មាន​ចំពោះ​ប្រជាជន​ទាំងអស់​រស់នៅ​ក្នុង​ភូមិភាគ​នេះ​ដែល​ខ្ញុំ​ស្រឡាញ់​ជាទីបំផុត ។

ក្រោយមក គេ​បាន​បញ្ជាក់​ថា អ្នក​ផ្សាយសាសនា និង​សមាជិក​សាសនា​គ្រប់​រូប​មាន​សុវត្ថិភាព ។ ទោះ​ជា​យ៉ាង​ក្ដី មាន​សមាជិក​ជាច្រើន​បាន​រង​គ្រោះ​ដោយ​បាត់​បង់​សមាជិក​គ្រួសារ ផ្ទះ​សម្បែង និង ទ្រព្យសម្បត្តិ​របស់​ពួកគេ ។ មាន​មនុស្ស​ជិត ២០,០០០​នាក់​បាន​បាត់​បង់​ជីវិត សមាគមន៍​នានា​ត្រូវ​បាន​បំផ្លាញ ហើយ​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​ដោយសារ​គ្រោះ​ថ្នាក់​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ។

គ្រោះ​មហន្តរាយ​ដូចគ្នា​នេះ​កំពុង​បំផ្លិច​បំផ្លាញ​ផ្នែក​ជាច្រើន​នៃ​ពិភពលោក​នៅ​សព្វថ្ងៃ​នេះ ដោយ​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ជាច្រើន ។ យើង​ត្រូវ​បាន​ព្រមាន​ថា គ្រោះ​មហន្តរាយ សង្គ្រាម និង ការ​លំបាក់​រាប់​ពុំ​អស់​នឹង​កើត​ឡើង​នៅ​ក្នុង​ពិភពលោក ។

នៅ​ពេល​ការ​សាកល្បង​ដូច​នេះ​កើត​មាន​ចំពោះ​យើង​ភ្លាមៗ យើង​អាច​នឹង​សួរ​ថា « ហេតុអ្វី​រឿង​ទាំងនេះ​កើត​ឡើង​ចំពោះ ខ្ញុំ ? »ឬ « ហេតុអ្វី​ខ្ញុំ​ត្រូវ​រងទុក្ខ ? »

ក្រោយ​ពី​ខ្ញុំ​បាន​ប្រែចិត្ត​ជឿ​ចំពោះ​ដំណឹងល្អ​ជា​យូរ​មក ខ្ញុំ​គ្មាន​ចម្លើយ​ច្បាស់​លាស់​មួយ​ចំពោះ​សំណួរ​ដែលថា « ហេតុអ្វី​ខ្ញុំ​មាន​ការ​សាកល្បង ? » ឡើយ ។ ខ្ញុំ​បាន​យល់​ពី​ផ្នែក​មួយ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដែល​ថា​យើង​នឹង​ត្រូវ​បាន​សាកល្បង ។ ប៉ុន្តែ ធាតុពិត នៅ​ពេល​គិត​ពី​សំណួរ​នេះ ខ្ញុំ​គ្មាន​ជំនឿ​ដ៏​មាន​ឥទ្ធិពល​ល្មម​គ្រប់​គ្រាន់​ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ​ឡើយ ។ ប៉ុន្តែ​នៅ​ក្នុង​ជីវិត​ខ្ញុំ នៅ​ពេល​វេលា​មួយ​បាន​មក​ដល់​ខ្ញុំ​ក៏​បាន​ជួប​នឹង​ការសាក​ល្បង​ដ៏​ធំ​ផង​ដែរ ។

នៅពេល​ខ្ញុំ​មាន​អាយុ ៣០ ឆ្នាំ ខ្ញុំ​បាន​ទៅ​លេង​បេសកកម្ម​ណាហ្គូយ៉ា​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​ខ្ញុំ ។ បន្ទាប់​ពី​ការ​ប្រជុំ ប្រធាន​បេសកកម្ម​បាន​រៀបចំ​ឲ្យ​ថ្នាក់​ដឹកនាំ​ឲ្យ​ដឹក​ខ្ញុំ​ទៅ​កាន់​អាកាសយាន្តដ្ឋាន ។ ប៉ុន្តែ នៅ​ពេល​យើង​ទៅ​ដល់​ផ្លូវ​ប្រសព្វ​នៃ​ជើង​ភ្នំ​ដ៏​វែង ស្រាប់​តែ​មាន​ឡាន​ដឹក​ទំនិញ​ធំ​មួយ​បាន​បើក​ចុះ​មក​ពី​ក្រោយ​យើង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ វា​បាន​បុក​ឡាន​ដែល​នៅ​ពី​ក្រោយ​យើង ហើយ​ធ្វើ​ឲ្យ​ឡាន​នោះ​ខ្ទាត​ទៅ​មុខ​ជាង ២០​ម៉ែត្រ ។ ផ្នែក​ដ៏​អាក្រក់​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​ជា​វា​គ្មាន​អ្នក​បើក​បរ​ទេ ។ ផ្នែក​ខាង​ក្រោយ​ឡាន​របស់​យើង​ត្រូវ​បាន​បុក​ឡើង​រួញ​ពាក់​កណ្ដាល ។ ជា​សំណាងល្អ ទាំង​ពួក​អែលឌើរ និង​ខ្ញុំ​បាន​រួច​ជីវិត ។

ប៉ុន្តែ លុះ​ស្អែក​ឡើង ខ្ញុំ​បាន​ចាប់ផ្ដើម​ឈឺ-ក និង​ស្មា ហើយ​វា​បាន​ធ្វើ​ឲ្យ​មាន​ការឈឺ​ក្បាល​យ៉ាង​ខ្លាំង ។ តាំង​ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​ដេក​អត់​លក់​ទេ ហើយ​ខ្ញុំ​ត្រូវ​បាន​បង្ខំ​ចិត្ត​ឲ្យ​រស់នៅ​ជាមួយ​ការ​ឈឺចាប់​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​ជា​រៀង​រាល់ថ្ងៃ ។ ខ្ញុំ​បាន​អធិស្ឋាន​ទៅ​រក​ព្រះ​ឲ្យ​ព្យាបាល​ការ​ឈឺ​ចាប់​របស់​ខ្ញុំ ប៉ុន្តែ​រោគ​សញ្ញា​នេះ​បាន​បន្ត​មាន​ប្រមាណ​ជា​១០ ឆ្នាំ ។

នៅ​ពេល​នេះ អារម្មណ៍​នៃ​ការ​សង្ស័យ​ក៏​បាន​ចាប់ផ្ដើម​ជ្រាប​ចូល​គំនិត​របស់​ខ្ញុំ ហើយ​បាន​សួរ​ថា « ហេតុអ្វី​ខ្ញុំ​ត្រូវ​រងទុក្ខ​នឹង​ការ​ឈឺចាប់​បែប​នេះ ? » ប៉ុន្តែ ទោះ​ជា​ប្រភេទ​នៃ​ការព្យាបាល​ដែល​ខ្ញុំ​បាន​ស្វែងរក​មិន​បាន​ប្រទាន​ឲ្យ​ក្ដី ក៏​ខ្ញុំ​បាន​ខិតខំ ​ស្មោះត្រង់​នៅ​ក្នុង​ការ​គោរព​ព្រះបញ្ញត្តិ​របស់​ព្រះ​ដែរ ។ ខ្ញុំ​បាន​បន្ត​អធិស្ឋាន​ថា ឲ្យ​ខ្ញុំ​អាច​ឆ្លើយ​នឹង​សំណួរ​ដែល​ខ្ញុំ​មាន​អំពី​ការសាកល្បង​របស់​ខ្ញុំ ។

មាន​ពេល​មួយ​ខ្ញុំ​បាន​រក​ឃើញ​ថា​ខ្លួន​ឯង​មាន​បញ្ហា​នឹង​រឿង​ផ្ទាល់​ខ្លួន​មួយ​ចំនួន​បន្ថែម​ទៀត ហើយ​ខ្ញុំ​បាន​ព្រួយ​បារម្ភ​ដោយសារ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ដោះ​ស្រាយ​ការ​សាកល្បង​ថ្មី​នេះ​ដោយ​របៀប​ណា​ឡើយ ។ ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​ចម្លើយ​មួយ ។ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទទួល​ចម្លើយ​ភ្លាមៗ​ទេ ។ ដូច្នេះ​ខ្ញុំ​បាន​ទៅ​ពិភាក្សា​នឹង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ម្នាក់​ដែល​ទុកចិត្ត ។

នៅ​ពេល​យើង​កំពុង​និយាយ​គ្នា គាត់​បាន​ពោល​ដោយ​សំឡេង​នៃ​សេចក្ដី ស្រឡាញ់​ថា « បងប្រុស អ័រយ៉ាហ្គី តើ​គោលបំណង​របស់​បង​នៅ​លើ​ផែនដី​នេះ​គឺពុំ​មែន​ដើម្បី​ជួប​នឹង​ការ​សាកល្បង​នេះ​ទេ​ឬ​អី ? តើ​វា​មិនមែន​ជា​ការទទួល​យក​រាល់​ការសាកល្បង​ក្នុង​ជីវិត​នេះ​សម្រាប់​អ្វី​ក៏​ដោយ ហើយ​ទុក​អ្វី​ដែល​នៅ​សេស​សល់​ឲ្យ​ព្រះអម្ចាស់​នោះ​ទេ​ឬ​អី ? តើ​បង​មិន​គិត​ថា​បញ្ហា​នេះ​នឹង​ត្រូវបាន​ដោះស្រាយ​នៅ​ពេល​យើង​ត្រូវ​បាន​រស់​ឡើង​វិញ​ទេ​ឬ​អី ?

នៅ​ពេល​ខ្ញុំ​ស្ដាប់ឮ​ពាក្យ​ទាំង​នេះ ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​យ៉ាង​ខ្លាំង ។ ខ្ញុំ​ធ្លាប់​ស្ដាប់​ឮ​គោលលទ្ធិ​នេះ​ជាច្រើន​លើក​ច្រើន​គ្រា ប៉ុន្តែ​ភ្នែក​នៃ​ការ​យល់​ដឹង​របស់​ខ្ញុំ​មិន​បាន​បើក​ទៅ​រក​វិសាលភាព​ដែល​វា​មាន​នៅ​ពេល​នេះ​ឡើយ ។ ខ្ញុំ​បាន​យល់​ថា​នេះ​គឺជា​ចម្លើយ​ដែល​ខ្ញុំ​បាន​ខំ​ស្វែងរក​ពី​ព្រះអម្ចាស់​នៅ​ក្នុង​ការ​អធិស្ឋាន​របស់​ខ្ញុំ ។ ខ្ញុំ​បាន​យល់​យ៉ាង​ច្បាស់​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌​យើង ហើយ​យល់​ជា​ថ្មី​ពី​គោលការណ៍​ដ៏​សំខាន់​នេះ​។

នៅ​ក្នុង​គម្ពីរ​អ័ប្រាហាំ ព្រះអម្ចាស់​ជា​ព្រះ​បាន​ប្រកាស​ថា« យើង​នឹង​សាក​ល្បង​ពួកគេ​មើល បើ​សិន​ជា​ពួកគេ នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួកគេ នឹង​បញ្ជា​ដល់​ពួកគេ » ។

គោលការណ៍​នេះ​គឺ​ព្រះ​ដែល​បាន​បង្កើត​ស្ថានសួគ៌ និង​ផែនដី​នេះ​ហើយ​ដែល​ជ្រាប​ពី​ការ​រៀបចំ​ដ៏​ធំ​នៃ​ផែនដី​នេះ ហើយ​ទ្រង់​មាន​អំណាច​គ្រប់គ្រង​លើ​របស់​គ្រប់​សារពើ​ទាំង​នៅ​ស្ថានសួគ៌ និង ផែនដី ហើយ​ដើម្បី​សម្រេច​បាន​នូវ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​នេះ ទ្រង់​ប្រទាន​បទពិសោធន៍​ខុសៗ​គ្នា​ជាច្រើន—រួមមាន​ការ​សាកល្បង​មួយ​ចំនួន—កាល​យើង​នៅ​លើ​ផែនដី​នេះ ។

ហើយ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​យ៉ូសែប ស្ម៊ីធ​ដូចតទៅ ៖

« បុត្រ​យើង​អើយ ចូរ​អ្នក​ដឹង​ថា គ្រប់​ការណ៍​ទាំងនេះ​នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅ​ជា​ការ​ល្អ​ដល់​អ្នក​ទៅ​វិញ ។ …

« ហេតុដូច្នេះហើយ កូន​កាន់​ផ្លូវ​ឲ្យ​ខ្ជាប់ … ដ្បិតព្រះ​នឹង​គង់​នៅ​ជាមួយ​អ្នក​ជារៀង​ដរាប​តទៅ » ។

ការ​សាកល្បង​នៅ​លើ​ផែនដី​នេះ—​រួម​ទាំង​ជំងឺ និង​សេចក្ដី​ស្លាប់​ដែរ—វា​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ហើយ​ជា​បទពិសោធន៍​ដែល​ចៀស​មិន​ផុត ។ យើង​ចាំបាច់​ត្រូវ « កាន់​ផ្លូវ​ឲ្យ​ខ្ជាប់ » ហើយ​ទទួល​យក​ការ​សាកល្បង​[ របស់​យើង ]​ដោយ​សេចក្ដី​ជំនឿ ។

ប៉ុន្តែ គោលបំណង​នៃ​ជីវិត​របស់​យើង​ពុំ​មែន​គ្រាន់​តែ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​តែ​ម្យ៉ាង​នោះ​ទេ ។ ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​បុត្រា​ដ៏​ជាទី​ស្រលាញ់​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ដើម្បី​យើង​អាច​យក​ឈ្នះ​លើ​ការ​សាកល្បង​ដែល​យើង​ជួប​ប្រទះ​នៅ​លើ​ផែនដី​នេះ ម្យ៉ាង​វិញ​ទៀត​ទ្រង់​បាន​ធ្វើ​ឲ្យ​ភាពទន់ខ្សោយ​របស់​យើង​ក្លាយ​ទៅ​ជា​ខ្លាំង ទ្រង់​បាន​ធួន​ជំនួស​អំពើបាប និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង ហើយ​ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​អាច​ទទួល​បាន​ជីវិត​អមតភាព និង​ជីវិត​អស់​កល្ប​ជានិច្ច ។

ប្រធាន ហិនរី ប៊ី អាវរិង បាន​ថ្លែង៖ « ការសាកល្បង​ដែល​ព្រះ​ពេញ​ដោយ​ស្រឡាញ់​បាន​ដាក់​នៅ​ពីមុខ​យើង គឺ​ពុំ​មែន​ដើម្បី​មើល​ថា​យើង​អាច​អត់ធ្មត់​នឹង​ការលំបាក​នោះ​ទេ ។ វា​គឺ​ដើម្បី​មើល​ថា តើ​យើង​អាច​អត់ធ្មត់​បាន​ល្អ​ដែរ​ឬ​អត់ ។ យើង​បាន​ជាប់​ការសាកល្បង​តាមរយៈ​ការ​បង្ហាញ​ថា យើង​បាន​ចងចាំ​ទ្រង់ និង​បទបញ្ញត្តិ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង » ។

« កាន់​ផ្លូវ​ឲ្យ​ខ្ជាប់ » គឺជា​ការ​ជ្រើស​រើស​ដ៏​សំខាន់​មួយ​នៅ​ក្នុង​គ្រា​នៃ​ការ​សាកល្បង ។ ចូរ​បង្វែរ​ដួង​ចិត្ត​របស់​អ្នក​ទៅ​រក​ព្រះ ជាពិសេស​ពេល​អ្នក​ជួប​ប្រទះ​នឹង​ការ​សាកល្បង ។ ចូរ​គោរព​ព្រះបញ្ញត្តិ​របស់​ព្រះ​ដោយ​រាបសា ។ ចូរ​បង្ហាញ​សេចក្ដី​ជំនឿ​ដើម្បី​ផ្សះផ្សារ​ការ​ប៉ងប្រាថ្នា​របស់​អ្នក​ជាមួយ​នឹង​ព្រះទ័យ​របស់​ព្រះ ។

ឥឡូវ​នេះ​ចូរ​យើង​គិត​ពី​ការ​ប៉ះទង្គិច​ចុងក្រោយ​នៅ​ទីក្រុង​ណាហ្គូយ៉ា ។ ខ្ញុំ​អាច​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​នោះ ។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ ដោយ​សារ​តែ​ព្រះគុណ​របស់​ព្រះអម្ចាស់ ខ្ញុំ​បាន​រួច​ជីវិត​ដោយ​អព្ភូតហេតុ​ដ៏​ធំ ។ ហើយ​ខ្ញុំ​ដឹង​ថា​ការ​រងទុក្ខ​របស់​ខ្ញុំ គឺ​ចាំបាច់​ការ​រៀនសូត្រ និង​ការ​រីកចម្រើន​របស់​ខ្ញុំ ។ ព្រះ​វរបិតា​សួគ៌​បង្ហាត់​បង្រៀន​ខ្ញុំ​ឲ្យ​រក្សា​ភាព​មិន​អត់ធ្មត់​របស់​ខ្ញុំ អភិវឌ្ឍ​ការ​យល់​ចិត្ត ហើយ​លួង​លោម​ជន​ដែល​កំពុង​រងទុក្ខ ។ នៅពេល​ខ្ញុំ​ដឹង​ពី រឿង​នេះ ដួងចិត្ត​ខ្ញុំ​ពោរពេញ​ដោយ​អារម្មណ៍​នៃ​អំណរគុណ​ដល់​ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ​សម្រាប់​ការ​សាកល្បង​នេះ ។

សូម​រើស​ព្រះ​មុន​គេ​បង្អស់ ដោយ​មិន​គិត​ពី​ការសាល្បង​ដែល​បងប្អូន​ជួប ។ សូម​ស្រឡាញ់​ព្រះ ។ សូម​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ហើយ​ថ្វាយ​ខ្លួន​ដល់​ទ្រង់​នៅ​គ្រប់​រឿង​ទាំងអស់ ។ មរ៉ូណៃ​ធ្វើ​ការ​សន្យា​ដូច​តទៅ​នេះ​ដល់​ជន​ដូចនេះ ៖ « ហើយ​បើសិន​ជា​អ្នក​រាល់គ្នា​នឹង​លះបង់​ចោល​នូវ​អស់​ទាំង​អស់​អំពើ​ដ៏​ឥត​បរិសុទ្ធ ហើយ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក នោះ​ព្រះគុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក​ហើយ ដោយសារ​ព្រះ​គុណ​នៃ​ព្រះ នោះ​អ្នក​រាល់គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​ស្មោះ​ថា ព្រះ​ជា​ព្រះវរបិតា និង បុត្រា​ដ៏​ជាទី​ស្រលាញ់​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​ថា​ការ​សន្យា​របស់​ព្រះ​ទៅ​កាន់​ជន​ដែល « កាន់​ផ្លូវ​ឲ្យ​ខ្ជាប់​[ របស់​ពួកគេ ] » ហើយ​ស្រឡាញ់​ទ្រង់​នឹង​ត្រូវ​បាន​បំពេញ​ទោះ​ជា​ស្ថិត​នៅ​កណ្ដាល​នៃ​ការ​សាកល្បងក្ដី នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។