ចងចាំដល់អង្គដែលយើងទុកចិត្ត
សេចក្តីសង្ឃឹមរបស់យើងដើម្បីរស់នៅម្តងទៀតជាមួយព្រះវរបិតា គឺពឹងផ្អែកលើដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
កាលខ្ញុំអាយុប្រាំបួនឆ្នាំ យាយខាងម្តាយខ្ញុំដែលមានសក់ស កម្ពស់ ( មួយម៉ែត្រកន្លះ ) បានមកលេងខ្ញុំពីរបីសប្តាហ៍នៅផ្ទះរបស់ពួកខ្ញុំ ។ នារសៀលមួយអំឡុងពេលគាត់ស្នាក់នៅទីនោះ បងប្រុសពីរនាក់របស់ខ្ញុំ និង ខ្ញុំបានសម្រេចចិត្តជីករណ្ដៅនៅលើវាលមួយនៅផ្លូវម្ខាងទៀតពីផ្ទះខ្ញុំ ។ ខ្ញុំពុំដឹងថា ហេតុអ្វីពួកខ្ញុំធ្វើដូច្នោះឡើយ តែភាគច្រើនក្មេងប្រុសៗជីករណ្តៅ ។ យើងបានប្រឡាក់ខ្លួនតិចតួច ប៉ុន្តែពុំមានអ្វីដែលធ្វើឲ្យយើងមានបញ្ហាធ្ងន់ធ្ងរនោះទេ ។ ក្មេងប្រុសផ្សេងទៀតដែលជាអ្នកភូមិផងរបងជិតយើង បានឃើញពីក្តីរំភើបក្នុងការជីករណ្តៅនោះ ហើយបានចាប់ផ្តើមជួយជីកពួកខ្ញុំ ។ ក្រោយមកពួកខ្ញុំទាំងអស់គ្នាប្រឡាក់ខ្លួនខ្លាំងជាងមុន ។ ដីនោះរឹងណាស់ ដូច្នេះពួកខ្ញុំបានទាញទុយោទឹកស្រោចសួនផ្កាមក ហើយបើកទឹកបន្តិចដាក់ក្នុងបាតរណ្តៅនោះ ដើម្បីបន្ទន់ដី ។ យើងបានប្រឡាក់ភក់ខ្លះៗនៅពេលយើងជីក ហើយរណ្តៅនោះវាកាន់តែជ្រៅទៅៗ ។
មានម្នាក់ក្នុងក្រុមរបស់ពួកខ្ញុំបានសម្រេចចិត្តថា យើងគួរតែធ្វើរណ្តៅរបស់យើងឲ្យក្លាយជាអាងហែលទឹកដូច្នេះពួកខ្ញុំបានដាក់ទឹកពេញរណ្តៅនោះ ។ ដោយសារខ្ញុំក្មេងជាងគេ ហើយចង់ឲ្យគេទទួលស្គាល់ខ្លួន នោះខ្ញុំត្រូវបានបញ្ចុះបញ្ចូលឲ្យលោតចូលក្នុងរណ្តៅនោះ ហើយសាកល្បងវា ។ ឥឡូវនេះខ្ញុំប្រឡាក់ពេញខ្លួនតែម្តង ។ ខ្ញុំពុំបានចាប់ផ្តើម ដោយមានគម្រោងឲ្យប្រឡាក់ភក់ពេញខ្លួនឡើយ ប៉ុន្តែនោះជាលទ្ធផលដែលខ្ញុំបានទទួល ។
នៅពេលអាកាសធាតុចាប់ផ្តើមត្រជាក់ ខ្ញុំបានឆ្លងផ្លូវដោយមានបំណងដើរចូលទៅក្នុងផ្ទះ ។ យាយរបស់ខ្ញុំបានជួបខ្ញុំនៅទ្វារមុខផ្ទះ ហើយពុំអនុញ្ញាតឲ្យខ្ញុំចូលក្នុងផ្ទះឡើយ ។ គាត់បានប្រាប់ខ្ញុំថាប្រសិនបើគាត់ឲ្យខ្ញុំចូល នោះខ្ញុំនឹងធ្វើឲ្យផ្ទះដែលគាត់ទើបតែសម្អាតនោះប្រឡាក់ហើយ ។ ដូច្នេះខ្ញុំបានធ្វើនូវអ្វីដែលក្មេងអាយុប្រាំឆ្នាំនឹងធ្វើក្នុងស្ថានភាពនោះ ដោយរត់ទៅតាមទ្វារក្រោយដើម្បីចូលផ្ទះ ប៉ុន្តែគាត់បានទៅដល់ទីនោះមុនលឿនជាងខ្ញុំគិតទៅទៀត ។ ខ្ញុំខឹងនឹងគាត់ ខ្ញុំបានទន្ទ្រាំជើង ហើយទាមទារចូលទៅក្នុងផ្ទះ ប៉ុន្តែទ្វារនៅតែបិទ ។
ខ្ញុំទទឹកខ្លួនជោគ ប្រឡាក់ភក់ រងារ ហើយដោយការគិតតាមបែបកុមារភាពរបស់ខ្លួន នោះខ្ញុំបានគិតថាខ្ញុំនឹងស្លាប់នៅរានហាលក្រោយផ្ទះនោះហើយ ។ ទីបំផុត ខ្ញុំបានសួរគាត់ថាតើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីបានចូលទៅក្នុងផ្ទះ ។ ពីមុនខ្ញុំបានដឹងវានោះ ខ្ញុំបានឃើញថាខ្ញុំកំពុងឈរនៅរានហាលខាងក្រោយផ្ទះ ខណៈដែលយាយរបស់ខ្ញុំបានបាញ់ទឹកពីទុយោដាក់ខ្ញុំ ។ បន្ទាប់ពីយូរក្រែលមក យាយរបស់ខ្ញុំបានប្រកាសថាខ្ញុំស្អាតហើយ ព្រមទាំងបានឲ្យខ្ញុំចូលទៅក្នុងផ្ទះ ។ ខ្ញុំមានភាពកក់ក្តៅពេលនៅក្នុងផ្ទះ ហើយខ្ញុំអាចស្លៀកពាក់ខោអាវស្ងួតវិញ ។
ជាមួយនឹងការប្រៀបប្រដូចពីជីវិតពិតបែបនេះ សូមពិចារណាពីព្រះបន្ទូលដូចតទៅនេះរបស់ព្រះយេស៊ូវគ្រីស្ទ ៖ « ហើយគ្មានអ្វីដែលពុំស្អាតណាអាចចូលទៅក្នុងនគររបស់ទ្រង់បានឡើយ ដូច្នេះគ្មានអ្នកណាអាចចូលទៅក្នុងទីម្រាករបស់ទ្រង់បានទេ លើកលែងតែអ្នកនោះ បានលាងសម្លៀកបំពាក់របស់ខ្លួន ដោយនូវលោហិតរបស់យើង ពីព្រោះមកពីសេចក្តីជំនឿរបស់គេ និង ការប្រែចិត្តពីគ្រប់ទាំងអំពើបាបរបស់គេ និង ការស្មោះត្រង់របស់គេរហូតដល់ទីបំផុត » ។១
ការឈរនៅខាងក្រៅផ្ទះរបស់ខ្ញុំ ហើយត្រូវយាយរបស់ខ្ញុំបាញ់ទឹកលាងជម្រះខ្លួនឲ្យនោះ ពុំមែនជាទីរីករាយ និង សុខស្រួលឡើយ ។ ការដែលត្រូវបានបដិសេធនូវឱកាសដើម្បីត្រឡប់ ហើយទៅនៅជាមួយព្រះវរបិតារបស់យើងនៅឋានសួគ៌ ដោយសារតែយើងបានជ្រើសយកការបន្តនៅកខ្វក់ ឬ ប្រឡាក់ដោយភក់នៃរណ្តៅអំពើបាបនឹងក្លាយជាសោកនាដកម្មដ៏អស់កល្ប ។ យើងពុំគួរបោកបញ្ឆោតខ្លួនឯង អំពីអ្វីដែលតម្រូវឲ្យមានដើម្បីត្រឡប់ និង បន្តរស់នៅក្នុងវត្តមានរបស់ព្រះវរបិតារបស់យើងក្នុងឋានសួគ៌ឡើយ ។ យើងត្រូវតែស្អាតស្អំ ។
ពីមុនយើងមកកាន់ផែនដីនេះ យើងបានចូលរួមក្នុងការប្រជុំក្រុមប្រឹក្សាដ៏ធំមួយក្នុងនាមជាបុត្រាបុត្រីខាងវិញ្ញាណ ។២ យើងម្នាក់ៗបានយកចិត្តទុកដាក់ស្តាប់ ហើយគ្មាននរណាម្នាក់ងងុយដេកឡើយ ។ នៅក្នុងក្រុមប្រឹក្សានោះ ព្រះវរបិតារបស់យើងដែលគង់ឋានសួគ៌បានបង្ហាញផែនការមួយដល់យើង ។ ដោយសារផែនការនោះបានរក្សាសិទ្ធិជ្រើសរើសរបស់យើង ហើយតម្រូវថាយើងត្រូវរៀនពីបទពិសោធន៍របស់យើងផ្ទាល់ ពុំមែនមកពីបទពិសោធន៍ទ្រង់ទេ នោះទ្រង់បានដឹងថាយើងនឹងប្រព្រឹត្តិអំពើបាប ។ ទ្រង់ក៏បានដឹងថាអំពើបាប នឹងធ្វើឲ្យយើងប្រែជាមិនស្អាតស្អំ ហើយពុំអាចត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញឡើយ ដោយសារកន្លែងដែលទ្រង់គង់នៅនោះពិតជាស្អាតជាងផ្ទះដែលយាយរបស់ខ្ញុំបានសម្អាតទៅទៀត ។
ដោយសារព្រះវរបិតារបស់យើងដែលគង់នៅឋានសួគ៌សព្វព្រះទ័យនឹងយើង ហើយមានគោលបំណងរបស់ទ្រង់ « ដើម្បីនាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់ [ យើង ] »៣ នោះផែនការរបស់ទ្រង់រួមមានតួនាទីរបស់ព្រះអង្គសង្គ្រោះ គឺជាអង្គដែលអាចជួយយើងឲ្យបានស្អាតស្អំ ទោះបីជាយើងកខ្វក់យ៉ាងណាក្តី ។ នៅពេលព្រះវរបិតារបស់យើងដែលគង់នៅឋានសួគ៌ បានប្រកាសត្រូវការព្រះអង្គសង្គ្រោះម្នាក់ នោះខ្ញុំជឿថាយើងទាំងអស់គ្នាបានបែរ ហើយមើលទៅព្រះយេស៊ូវគ្រីស្ទ ដែលជាកូនច្បងនៃវិញ្ញាណ ជាអង្គដែលបានរីកចម្រើនស្ទើរតែក្លាយដូចជាព្រះវរបិតា ។៤ ខ្ញុំជឿថាយើងទាំងអស់គ្នាបានដឹងថា អង្គនោះគឺត្រូវតែជាទ្រង់ ហើយគ្មាននរណាម្នាក់ទៀតក្នុងចំណោមពួកយើងអាចធ្វើការណ៍នេះបានឡើយ ប៉ុន្តែមានតែទ្រង់ទេដែលអាចធ្វើ ហើយទ្រង់នឹងធ្វើ ។
នៅក្នុងច្បារគែតសេម៉ានី និង នៅលើឈើឆ្កាងនៃភ្នំកាល់កូថា ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខទាំងព្រះកាយ និង វិញ្ញាណ បានញាប់ញ័រដោយសារតែការឈឺចាប់ ព្រះលោហិតបានហូរចេញពីគ្រប់រន្ធញើស ទូលអង្វរជាមួយព្រះវរបិតាទ្រង់ ឲ្យយកពែងល្វីងចេញពីទ្រង់៥ ប៉ុន្តែទ្រង់នៅតែសោយវា ។៦ ហេតុអ្វីទ្រង់បានធ្វើការណ៍នោះ ? នៅក្នុងបន្ទូលរបស់ទ្រង់ ទ្រង់មានព្រះទ័យថ្វាយសិរីល្អដល់ព្រះវរបិតាទ្រង់ ហើយសម្រេច « ការរៀបចំរបស់ទ្រង់ចំពោះកូនចៅមនុស្ស » ។៧ ទ្រង់មានព្រះទ័យគោរពសេចក្តីសញ្ញារបស់ទ្រង់ ហើយអាចធ្វើឲ្យយើងត្រឡប់ទៅផ្ទះយើងវិញ ។ តើទ្រង់បានស្នើឲ្យយើងធ្វើអ្វីខ្លះដើម្បីតបស្នងវិញនោះ ? ទ្រង់បានទូលអង្វរយ៉ាងសាមញ្ញជាមួយយើង ឲ្យសារភាពអំពើបាបរបស់យើង ហើយប្រែចិត្តដូច្នេះយើងនឹងពុំរងទុក្ខដូចជាទ្រង់រងទុក្ខឡើយ ។៨ ទ្រង់អញ្ជើញយើងឲ្យប្រែជាស្អាតស្អំ ដូច្នេះយើងនឹងពុំទុកឲ្យនៅខាងក្រៅដំណាក់សួគ៌របស់ព្រះវរបិតាយើងឡើយ ។
ទោះបីជាការចៀសវាងពីអំពើបាបគឺជាគំរូដែលចង់បាននៅក្នុងជីវិតនេះក្តី ក៏អំពើបាបដែលយើង បានប្រព្រឹត្ត ឬ យើងបានធ្លាក់កប់យ៉ាងជ្រៅ ចូលក្នុងរណ្តៅនៃអំពើបាបជម្រៅណាក្តីក៏វាពុំមានបញ្ហាឡើយ ដរាបណាប្រសិទ្ធិភាពនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានគេខ្វល់ខ្វាយនោះ ។ វាមិនជាការអ្វីឡើយប្រសិនបើយើង មានភាពអៀនខ្មាស់ ឬ អាម៉ាស់ដោយសារអំពើបាបរបស់ខ្លួន ដូចដែលព្យាការីនីហ្វៃបាននិយាយថា « ដែលរំខានយើងដោយងាយ » ។៩ វាមិនជាការអ្វីឡើយប្រសិនបើមានគ្រាណាមួយនោះ យើង បានប្តូរអំណាចមរតករបស់បងច្បងសម្រាប់អហារមួយចំអែតនោះ ។១០
អ្វីដែលសំខាន់នោះគឺថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះ បានរងទុក្ខ « ការឈឺចាប់ និង ទុក្ខវេទនា និង ការល្បួងគ្រប់បែបយ៉ាង » ដូច្នេះ « ទ្រង់អាចដឹងស្របតាមសាច់ឈាមថាតើត្រូវជួយរាស្ត្ររបស់ទ្រង់បែបណា » ។១១ អ្វីដែលសំខាន់នោះគឺថាទ្រង់មានព្រះឆន្ទៈដើម្បីយាងចុះមក១២ លើផែនដីនេះ ហើយយាងចុះក្រោម « គ្រប់ទាំងអស់ »១៣ ហើយរងទុក្ខ « ខ្លាំងជាងមនុស្សណាៗទាំងអស់ » ដែលធ្លាប់រងទុក្ខ ។១៤ អ្វីដែលសំខាន់នោះគឺថាព្រះកំពុងទូលអង្វរពីបណ្តឹងក្តីរបស់យើងចំពោះព្រះវរបិតាទ្រង់ ដោយមានបន្ទូល ៖ ព្រះវរបិតាអើយ សូមទតមើលការរងទុក្ខទាំងឡាយ និង ការសុគតរបស់អ្នកដែលពុំបានធ្វើបាបឡើយ ជាអ្នកដែលព្រះអង្គសព្វព្រះហឬទ័យចុះ … ហេតុដូច្នោះហើយ ឱព្រះវរបិតាអើយ អ្នកផងទាំងនេះជាបងប្អូនរបស់ទូលបង្គំ ដែលជឿដល់ព្រះនាមរបស់ទូលបង្គំ ដើម្បីឲ្យពួកគេអាចមករកទូលបង្គំ ហើយមានជីវិតដ៏នៅអស់កល្បជានិច្ច » ។១៥ នោះជាអ្វីដែលពិតជាសំខាន់ណាស់ ហើយជាអ្វីដែលគួរតែប្រទានដល់យើងទាំងអស់គ្នា ឲ្យរំឭកសេចក្តីសង្ឃឹម និង ការប្តេជ្ញាចិត្តដើម្បីព្យាយាមម្តងទៀត ដោយសារទ្រង់ពុំដែលភ្លេចយើងឡើយ ។១៦
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះនឹងពុំងាកចេញពីយើងឡើយ នៅពេលយើងបន្ទាបខ្លួនស្វែងរកទ្រង់ដើម្បីប្រែចិត្ត នោះទ្រង់នឹង ពុំចាត់ទុកយើងថាជាមនុស្សចោលម្សៀតឡើយ ទ្រង់នឹង ពុំមានបន្ទូលថា « អូ៎ ពុំគួរជារូបអ្នកទៀតឡើយ » ទ្រង់នឹង ពុំបដិសេធយើង ដោយសារតែការពុំយល់ថាវាពិបាកខ្លាំងប៉ុណ្ណាដើម្បីចៀសវាងពីអំពើបាបឡើយ ។ ទ្រង់យល់ពីវាយ៉ាងច្បាស់ក្រឡែត រួមទាំងអារម្មណ៍ទុក្ខព្រួយ ភាពអាម៉ាស់ និង ការលំបាកដែលវាជាលទ្ធផលដែលចៀសពុំរួចនៃអំពើបាប ។
ការប្រែចិត្តគឺពិត ហើយវាពិតជាសក្តិសិទ្ធិមែន ។ វាពុំមែនជាបទពិសោធន៍ប្រឌិត ឬ ជាផលិតផល « នៃគំនិតដ៏ឆ្កួតវង្វេងមួយ » ឡើយ ។១៧ វាមានអំណាចដើម្បីសម្រាលបន្ទុក ហើយផ្តល់សេចក្តីសង្ឃឹមជំនួសវិញ ។ វាអាចនាំទៅរកការផ្លាស់ប្តូរដ៏ធំនៃដួងចិត្តដែលនាំឲ្យគ្មាន « បំណងប្រព្រឹត្តិអំពើទុច្ចរិតទៀតឡើយ ប៉ុន្តែចង់ប្រព្រឹត្តិអំពើល្អជានិច្ចវិញ ។១៨ ភាពចាំបាច់នៃការប្រែចិត្តនោះពុំងាយស្រួលឡើយ ។ កិច្ចការដ៏សំខាន់នៃភាពអស់កល្បជានិច្ចនោះក៏ពុំងាយស្រួលផងដែរ ។ ប៉ុន្តែលទ្ធផលនោះគឺវាសក្តិសមនឹងការខំប្រឹងនោះ ។ ដូចប្រធាន ប៊យ ខេ ផាកកឺ បានថ្លែងទីបន្ទាល់នៅក្នុងសុន្ទរកថាចុងក្រោយរបស់លោកទៅដល់ពួកចិតសិបនាក់ក្នុងសាសនាចក្រ ៖ « គំនិតនោះគឺថា ៖ ដង្វាយធួនពុំបន្សល់ស្លាកស្នាម ពុំបន្សល់តម្រុយអ្វីឡើយ ។ អ្វីដែលវាប៉ះបូវនោះបានធ្វើរួចហើយ ។ … ដង្វាយធួនពុំបន្សល់តម្រុយ ពុំបន្សល់ស្លាកស្នាមអ្វីឡើយ ។ វាជាសះស្បើយហើយ ហើយអ្វីដែលវាព្យាបាលហើយនោះបន្តសះស្បើយរហូត » ។១៩
ដូចគ្នានេះផងដែរ សេចក្តីសង្ឃឹមរបស់យើងដើម្បីរស់នៅម្តងទៀតជាមួយព្រះវរបិតា គឺពឹងផ្អែកលើដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ផ្អែកលើឆន្ទៈនៃព្រះមួយអង្គដែលគ្មានអំពើបាបសោះ បានលើកដាក់លើទ្រង់ ទោះជាការពិតថាសេចក្តីយុត្តិធម៌ពុំបានទាមទារពីទ្រង់ក្តី ក៏ទម្ងន់ទាំងស្រុងនៃការរំលងរបស់មនុស្សលោក រួមមានទាំងអំពើបាប ដែលបុត្រាបុត្រីមួយចំនួនរបស់ព្រះបានជ្រើសយក នូវការរងទុក្ខដែលពុំចាំបាច់ដោយផ្ទាល់ខ្លួនរបស់ពួកគេ ។
ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នោះយើងមានចំណែកក្នុងអំណាចដ៏ធំចំពោះដង្វាយធួនរបស់ព្រះអង្គសង្គ្រោះជាងមនុស្សផ្សេងៗទៀតទាំងអស់ ដោយសារយើងដឹងថា ប្រសិនបើធ្វើសេចក្តីសញ្ញា បន្តប្រែចិត្ត ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះទ្រង់នឹងឲ្យយើងគ្រងមរតកជាមួយទ្រង់២០ ហើយដូចជាទ្រង់ដែរ យើងនឹងទទួលគ្រប់អ្វីៗទាំងអស់ដែលព្រះវរបិតាមាន ។២១ នោះគឺជាគោលលទ្ធិដ៏សំខាន់ ហើយថែមទាំងពិតទៀតផង ។ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទធ្វើ ឲ្យការអញ្ជើញរបស់ព្រះអង្គសង្គ្រោះដែលថា « ដូច្នេះចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចជាព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ទ្រង់គ្រប់លក្ខណ៍ដែរ »២២ អាចធ្វើទៅបានយ៉ាងឥតខ្ចោះ ជាជាងលំបាកនឹងឈោងដល់ ។
ព្រះគម្ពីរបង្រៀនថា បុគ្គលគ្រប់រូបត្រូវ « បានជំនុំជម្រះស្របតាមសេចក្តីជំនុំជម្រះដ៏បរិសុទ្ធនៃព្រះ » ។២៣ នៅថ្ងៃនោះនឹងគ្មានឱកាសលាក់មុខពីក្រុមដ៏ធំ ឬ ចង្អុលទៅអ្នកដទៃ ជាការដោះសារចំពោះភាពមិនស្អាតស្អំរបស់យើងឡើយ ។ គួរឲ្យមានអំណរគុណណាស់ ព្រះគម្ពីរក៏បង្រៀនថាព្រះយេស៊ូវគ្រីស្ទ ទ្រង់គឺជាអង្គដែលរងទុក្ខចំពោះអំពើបាបរបស់យើង ជាអង្គគាំទ្ររបស់យើងជាមួយព្រះវរបិតា ជាអង្គដែលហៅយើងថាជាមិត្តទ្រង់ ជាអង្គដែលស្រឡាញ់យើងដល់ទីបំផុត ហើយទីបំផុតទ្រង់នឹងក្លាយជាចៅក្រមរបស់យើង ។ ពរជ័យមួយដែលយើងមើលរំលងអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទនោះគឺថា « ព្រះវរបិតា … បានប្រគល់គ្រប់ការជំនុំជម្រះដល់ព្រះរាជបុត្រាវិញ » ។២៤
បងប្អូនប្រុសស្រី ប្រសិនបើបងប្អូនមានអារម្មណ៍បាក់ទឹកចិត្ត ឬ មានចម្ងល់ថាតើអ្នកអាចចេញពីរណ្តៅខាងវិញ្ញាណដែលអ្នកបានជីកនោះបានឬទេ សូមចាំពីអ្នកដែលឈរ « នៅចន្លោះ [ ពួកយើង ] និង សេចក្តីយុត្តិធម៌ » ដែលជាអង្គដែល « ពោរពេញទៅដោយចិត្តប្រោសប្រណីដល់កូនចៅមនុស្ស » ហើយជាអង្គដែលទទួលមកលើអង្គទ្រង់នូវអំពើទុច្ចរិត និង អំពើរំលងរបស់យើង ហើយ « បានបំពេញការទាមទារទាំងឡាយនៃសេចក្តីយុត្តិធម៌ » ។២៥ ម្យ៉ាងទៀត ដូចជានីហ្វៃបានធ្វើនៅពេលលោកមានចម្ងល់ នោះសូមគ្រាន់តែចាំពី « អង្គដែល [ អ្នក ] ទុកចិត្ត »២៦ គឺព្រះយេស៊ូវគ្រីស្ទ ហើយបន្ទាប់មកប្រែចិត្ត ហើយដកពិសោធន៍ម្ដងទៀតនូវ « ការភ្លឺថ្លានៃសេចក្តីសង្ឃឹមដ៏ឥតខ្ចោះ » ។២៧ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។