ជំហានបន្ទាប់របស់អ្នក
ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ព្រះយេស៊ូវគ្រីស្ទ អញ្ជើញអ្នកឲ្យធ្វើជំហានបន្ទាប់របស់អ្នកដើរឆ្ពោះទៅរកទ្រង់ ។ ដូច្នេះសូមកុំចាំ។ បោះជំហានឥឡូវនេះ ។
ដួងចិត្តរបស់ខ្ញុំបានពោរពេញក្នុងអំឡុងការប្រជុំថ្មីៗមួយជាមួយនឹងពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សំណួរត្រូវបានសួរថា « តើនរណាប្រាថ្នាចង់រស់នៅជាមួយព្រះវរបិតាសួគ៌ម្ដងទៀត ? » គ្រប់គ្នាបានលើកដៃ ។ សំណួរបន្ទាប់គឺ « តើនរណាខ្លះមានជំនឿចិត្តថាខ្លួននឹងបានទទួលជោគជ័យ ? » គួរឲ្យសោកស្ដាយ ហើយគួរឲ្យភ្ញាក់ផ្អើល គឺគ្មាននរណាលើកដៃសោះ ។
នៅពេលយើងមើលឃើញចន្លោះរវាងខ្លួនយើងឥឡូវនេះ និងការប្រាថ្នាចង់ប្រែក្លាយរបស់យើង នោះយើងភាគច្រើនត្រូវបានល្បួងឲ្យជ្រើសរើសបាត់បង់សេចក្ដីជំនឿ និងសេចក្ដីសង្ឃឹម ។១
ដោយសារតែ « គ្មានអ្វីដែលមិនស្អាតអាចអាស្រ័យនៅជាមួយនឹងព្រះបានឡើយ »២ ដើម្បីរស់នៅជាមួយទ្រង់ម្ដងទៀត នោះយើងត្រូវជ្រះស្អាតពីអំពើបាប៣ ហើយញែកជាបរិសុទ្ធ ។៤ ប្រសិនបើយើងត្រូវធ្វើការណ៍នេះ តែឯង នោះគ្មានយើងណាម្នាក់អាចធ្វើវាបានឡើយ ។ ប៉ុន្តែយើងពុំនៅម្នាក់ឯងទេ ។ តាមពិត យើង ពុំដែល នៅម្នាក់ឯងឡើយ ។
យើងមានជំនួយពីស្ថានសួគ៌ ដោយសារព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។៥ ព្រះអង្គសង្គ្រោះបានមានបន្ទូលថា «បើសិនជាអ្នករាល់គ្នាមានសេចក្តីជំនឿជឿដល់យើង នោះអ្នករាល់គ្នានឹងមានអំណាច ប្រយោជន៍នឹងធ្វើនូវអ្វីៗដែលជាការចាំបាច់ដល់យើង » ។៦ នៅពេលសេចក្ដីជំនឿត្រូវបានអនុវត្ត នោះវាកើនឡើង ។
ចូរពិចារណាជាមួយគ្នានូវគោលការណ៍ចំនួនបី ដែលនឹងជួយយើងក្នុងការធ្វើដំណើរត្រឡប់ទៅព្រះវរបិតាសួគ៌យើងវិញ ។
ប្រែក្លាយដូចជាកូនក្មេងម្នាក់
ចៅប្រុសពៅរបស់យើងបង្ហាញគោលការណ៍ទីមួយ ។ បន្ទាប់ពីចេះលូន រួចមកក៏ចេះឈរ គាត់ត្រៀមខ្លួនសាកល្បងដើរ ។ អំឡុងពីរបីជំហានដំបូង គាត់ដួល យំ ហើយមើលមកយើងដោយនិយាយថា « ខ្ញុំនឹង--មិន--ព្យាយាមដើរទៀតឡើយ ! ខ្ញុំចង់វារវិញ » ។
នៅពេលគាត់ជំពប់ដួល ឪពុកម្ដាយជាទីស្រឡាញ់របស់គាត់គ្មានអារម្មណ៍ថា គាត់អស់សង្ឃឹម ឬថាគាត់នឹងឈប់ដើរឡើយ ។ ផ្ទុយទៅវិញ ពួកគេបានហុចដៃរួចហៅគាត់ ពេលគាត់បានមើលទៅចំពួកគេ នោះគាត់អាចសាកល្បងដើរទៅមុខម្ដងទៀតទៅរកការឱបដោយក្ដីស្រឡាញ់ ។
ឪពុកម្ដាយជាទីស្រឡាញ់ តែងតែត្រៀមខ្លួនហុចដៃស្វាគមន៍ដល់ជំហានតូចៗបំផុតរបស់យើងដែលដើរលើផ្លូវត្រូវ ។ ពួកគាត់ដឹងថា ឆន្ទៈរបស់យើងដើម្បីសាកល្បងម្ដងហើយម្ដងទៀត នឹងនាំទៅរកការរីកចម្រើន និងជោគជ័យ ។
ព្រះអង្គសង្គ្រោះបានបង្រៀនថា ដើម្បីគ្រងនគរព្រះទុកជាមរតក នោះយើងត្រូវតែប្រែក្លាយដូចជាកូនក្មេងតូចៗ ។៧ ដូច្នេះ តាមការនិយាយខាងវិញ្ញាណ គោលការណ៍ទីមួយគឺថា យើងចាំបាច់ត្រូវធ្វើអ្វីដែលយើងបានធ្វើដូចជាកូនក្មេង ។៨
ដោយមានការរាបសា និងឆន្ទៈដូចជាកូនក្មេងតូចៗ ដើម្បីផ្ដោតទៅលើព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើង នោះយើងត្រូវបោះជំហានទៅរកទ្រង់ ដោយពុំអស់សង្ឃឹមឡើយ ទោះជាយើងដួលក្ដី ។ ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងមានអំណរចំពោះការបោះជំហានដោយស្មោះត្រង់នីមួយៗ ហើយប្រសិនបើយើងដួល នោះទ្រង់ពេញព្រះទ័យចំពោះការខិតខំក្រោកឡើង ហើយព្យាយមម្ដងទៀតរបស់យើង ។
ធ្វើដោយសេចក្ដីជំនឿ
គោលការណ៍ទីពីរ ត្រូវបានបង្ហាញដោយពួកបរិសុទ្ធស្មោះត្រង់ពីរនាក់ ដែលម្នាក់ៗមានប្រាថ្នាដ៏ជ្រាលជ្រៅក្នុងការស្វែងរកដៃគូដ៏អស់កល្បជានិច្ច ។ អ្នកទាំងពីរបានបោះជំហានពេញដោយសេចក្ដីជំនឿ និងការអធិស្ឋាន ។
យូរី ជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ជនជាតិរុស្សី បានលះបង់ ហើយសន្សំប្រាក់ដើម្បីធ្វើដំណើរយ៉ាងឆ្ងាយទៅព្រះវិហារបរិសុទ្ធ ។ នៅលើរថភ្លើង គាត់បានឃើញស្ត្រីដ៏ស្រស់ស្អាតម្នាក់ដែលមានទឹកមុខស្រស់ថ្លា ហើយមានអារម្មណ៍ថា គាត់គួរចែកចាយដំណឹងល្អដល់នាង ។ ដោយពុំដឹងថាត្រូវធ្វើអ្វី ផ្សេងទៀត នោះគាត់បានចាប់ផ្ដើមអានព្រះគម្ពីរមរមនរបស់គាត់ ដោយសង្ឃឹមថានាងនឹងមើលឃើញ ។
យូរី ពុំដឹងថាស្រ្ដីនោះ ឈ្មោះម៉ារីយ៉ា ជាពួកបរិសុទ្ធថ្ងៃចុងក្រោយទេ ។ ដោយពុំដឹងថាយូរីជាសមាជិកដែរនោះ ហើយដោយបានធ្វើតាមការបំផុសគំនិតដើម្បីចែកចាយដំណឹងល្អនឹងគាត់ នោះម៉ារីយ៉ា បានចាប់ផ្ដើមអានគម្ពីរមរមនដូចគ្នា ដោយសង្ឃឹមថា គាត់នឹងឃើញ ។
នៅពេលពួកគេងើបមុខឡើងដំណាលគ្នា យូរី និង ម៉ារីយ៉ា បានភ្ញាក់ផ្អើលដោយឃើញព្រះគម្ពីរមរមននៅក្នុងដៃទាំងសងខាង-- រួចហើយ ក៏ស្រឡាញ់គ្នា ពួកគេបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ សព្វថ្ងៃនេះ យូរី និង ម៉ារីយ៉ា គូតេប៉ៅនៅវ៉ូរ៉ូណេស្ស ប្រទេសរុស្សី ជាដៃគូដ៏អស់កល្បជានិច្ច ដែលបានបរិច្ចាគយ៉ាងខ្លាំងដល់ការលូតលាស់របស់សាសនាចក្រនៅប្រទេសរុស្សី ។
ការគូសបញ្ជាក់នៅទីនេះ គឺពុំគ្រាន់តែទៅលើការមានឆន្ទៈរបស់គូស្វាមីភរិយានេះដើម្បីអនុវត្តសេចក្ដីជំនឿប៉ុណ្ណោះទេ ។ វាគឺអំពីគោលការណ៍ទីពីរផងដែរ-- ព្រះអម្ចាស់ផ្គូផ្គងសមឆន្ទៈរបស់យើងទៅនឹងការអនុវត្តសេចក្ដីជំនឿរបស់យើង ។ ឆន្ទៈរបស់យើងដើម្បីបោះជំហានគឺពុំគ្រាន់តែបានបំពេញប៉ុណ្ណោះទេ--ប៉ុន្តែវាលើសលប់--តាមរយៈពរជ័យដែលបានសន្យារបស់ទ្រង់ ។
ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើង ចង់ ប្រទានពរដល់យើង ។ ក្រៅពីនោះ ទ្រង់បានសុំតែមួយភាគដប់នៃអ្វីដែលទ្រង់បានប្រទានដល់យើងប៉ុណ្ណោះ រួច បានសន្យាថាបង្អួចស្ថានសួគ៌ នឹងបើកឡើង !៩
នៅពេលណាយើងមានឆន្ទៈអនុវត្តសេចក្ដីជំនឿទៅលើព្រះគ្រីស្ទ ហើយដើរមួយជំហានទៀតជាពិសេសជំហានដែលតម្រូវឲ្យមានការផ្លាស់ប្ដូរ ឬប្រែចិត្ត ដែលវាពុំស្រណុកចិត្ត នោះយើងត្រូវបានប្រទានកម្លាំងឲ្យ ។១០
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់នឹងដឹកនាំយើងទៅ—ហើយ ឆ្លងកាត់ —ជំហានបន្ទាប់របស់យើង ។ ទ្រង់នឹងផ្គូផ្គងកិច្ចខិតខំរបស់យើងឲ្យសមនឹងព្រះចេស្ដាទ្រង់ ប្រសិនបើយើងមានឆន្ទៈបន្ដព្យាយាម បន្ដប្រែចិត្ត ហើយឆ្ពោះទៅមុខដោយសេចក្ដីជំនឿទៅលើព្រះវរបិតាសួគ៌របស់យើង និងព្រះយេស៊ូវគ្រីស្ទ ។
អំណោយទានខាងវិញ្ញាណដែលបានសន្យា ពុំគ្រាន់តែមានសម្រាប់អ្នកទាំងឡាយដែលស្រលាញ់ព្រះ ហើយរក្សារាល់បទបញ្ញតិ្តរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នកទាំងឡាយដែល « ព្យាយាមធ្វើដូច្នោះ » ដោយអំណរគុណផងដែរ ។១១ កម្លាំងត្រូវបានប្រទានឲ្យដល់អ្នកដែលបន្ដស្វែងរក ។
សញ្ញាសំខាន់ប្រចាំសប្ដាហ៍ចំនួនពីរ ដែលគូសចំណាំការធ្វើដំណើររបស់យើងទៅកាន់ព្រះវរបិតាសួគ៌ គឺជាសេចក្ដីសញ្ញាជានិរន្ដរ៍នៃពិធីបរិសុទ្ធសាក្រាម៉ង់ និងការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនកាលពីសន្និសីទទូទៅលើកមុនថា ថ្ងៃឈប់សម្រាកគឺជាអំណោយរបស់ព្រះអម្ចាស់ចំពោះយើង ។ ការរក្សាថ្ងៃឈប់សម្រាកប្រចាំសប្ដាហ៍ដោយការលះបង់របស់យើង គឺជាសញ្ញារបស់យើងចំពោះព្រះអម្ចាស់ថា យើងស្រឡាញ់ទ្រង់ ។១២
រាល់ថ្ងៃឈប់សម្រាកយើងបានធ្វើជាសាក្សីថាយើងមាន ឆន្ទៈ—ជាការយល់ព្រមលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃទ្រង់ ចងចាំទ្រង់ជានិច្ច ហើយរក្សាបទបញ្ញតិ្ដរបស់ទ្រង់ »។១៣ ជាការតបស្នងចំពោះការប្រែចិត្ត និងការតាំងចិត្តរបស់យើង នោះព្រះអម្ចាស់រំឭកការផ្ដាច់បាបដែលបានសន្យា ហើយជួយយើង «អាចនឹងបានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹង[ យើង ]ជាដរាប » ។១៤ ឥទ្ធិពលព្រះវិញ្ញាណបរិសុទ្ធ រីកចម្រើន ពង្រឹង បង្រៀន និងដឹកនាំយើង ។
នៅក្នុងការចងចាំទ្រង់ ប្រសិនបើយើងបង្វែរដួងចិត្តយើងទៅព្រះអង្គសង្គ្រោះតាមរយៈសញ្ញាសំខាន់ទាំងពីរនេះ នោះការខិតខំរបស់យើង គឺសមនឹងផ្គូផ្គងដោយពរជ័យដែលបានសន្យារបស់ទ្រង់ម្ដងទៀត ។ យើងត្រូវបានសន្យាថា ពេលរក្សាថ្ងៃឈប់សម្រាកដោយការលះបង់ នោះភាពពោរពេញនៃផែនដីនឹងជារបស់ផងយើង ។១៥
ផ្លូវត្រឡប់ទៅព្រះវរបិតាសួគ៌របស់យើងងដឹកនាំទៅរកដំណាក់ព្រះអម្ចាស់ ជាកន្លែងដែលយើងត្រូវបានប្រទានពរដើម្បីទទយលពិធីបរិសុទ្ធនៃការសង្គ្រោះសម្រាប់ខ្លួនយើង និងមរណជនជាទីស្រឡាញ់របស់យើង ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ បានបង្រៀនថា ពិធីបរិសុទ្ធ និង សេចក្ដីសញ្ញាទាំងឡាយ បានក្លាយជាលិខិតតាំងរបស់យើងសម្រាប់ការចូលក្នុងវត្តមានរបស់ព្រះ ។១៦ ខ្ញុំអធិស្ឋានថា យើងនឹងតែងតែមានភាពសក្ដិសម និងប្រើបណ្ណព្រះវិហារបរិសុទ្ធរបស់យើងដើម្បីបម្រើជាទៀងទាត់ ។
យកឈ្នះលើមនុស្សខាងសាច់ឈាម
គោលការណ៍ទីបីគឺដូចនេះ ៖ យើងត្រូវតតាំងនឹងទំនោរពីធម្មជាតិរបស់មនុស្សដើម្បីពន្យារពេល ឬចុះចាញ់ ។១៧
នៅពេលយើងរីកចម្រើននៅលើផ្លូវសេចក្ដីសញ្ញា នោះយើងនឹងធ្វើកំហុសជាច្រើន ខ្លះច្រើនដង ។ គ្នាយើងមួយចំនួនមានការលំបាកនឹងឥរិយាបទ ឬការញៀន ដែលយើងមានអារម្មណ៍ថា ពុំអាចយកឈ្នះ ។ ប៉ុន្តែសេចក្ដីជំនឿទៅលើព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ គឺជា គោលការណ៍នៃសកម្មភាព និង អំណាច ។១៨ ប្រសិនបើយើងមានឆន្ទៈដើម្បីអនុវត្ត នោះយើងនឹងទទួលកម្លាំងដើម្បីប្រែចិត្ត ហើយផ្លាស់ប្ដូរ ។
យើងបរាជ័យប្រសិនបើយើងពុំព្រមដើរមួយជំហានទៀតទៅមុខដោយសេចក្ដជំនឿ ។ យើងនឹងមិន ហើយពុំអាចបរាជ័យឡើយ ប្រសិនបើយើងចូលនឹមរបស់ព្រះអង្គសង្គ្រោះដោយស្មោះត្រង់--ជាអង្គពុំដែលបរាជ័យ ហើយនឹងពុំទុកឲ្យយើងបរាជ័យឡើយ ។
ពរជ័យដែលបានសន្យា
ខ្ញុំសន្យាថា គ្រប់ជំហានដែលពេញដោយសេចក្ដីជំនឿ នឹងត្រូវបានទទួលជំនួយពីស្ថានសួគ៌ ។ ការដឹកនាំកើតមាន នៅពេលយើងអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ពឹងផ្អែកលើព្រះអង្គសង្គ្រោះរបស់យើង ហើយដើរតាមទ្រង់ ព្រមទាំងស្ដាប់តាមព្រះវិញ្ញាណបរិសុទ្ធ ។ កម្លាំងនឹងកើតមានដោយសារតែពលិកម្មធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។១៩ ការព្យាបាល និងការអភ័យទោសនឹងកើតមានដោយសារព្រះគុណព្រះ ។២០ ប្រាជ្ញា និងការអត់ធ្មត់នឹងកើតមានមកពីការទុកចិត្តទៅលើពេលវេលារបស់ព្រះអម្ចាស់សម្រាប់យើង ។ ការការពារនឹងកើតមានដោយការធ្វើតាមព្យាការីនៅរស់របស់ព្រះ ប្រធាន ថូម៉ាស អេស ម៉នសុន ។
អ្នកត្រូវបានបង្កើតមក « ដើម្បី [ អ្នក ] អាចមានអំណរ »២១ ជាអំណរដែលអ្នកនឹងមាន ពេលអ្នកសក្ដិសមនឹងត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់អ្នក ហើយបោះជំហានទៅក្នុងព្រះហស្តឱបការសោបរបស់ពួកទ្រង់ ។
ខ្ញុំសូមថ្លែងជាសាក្សីអំពីសេចក្ដីពិតទាំងនេះ ។ ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ព្រះយេស៊ូវគ្រីស្ទ មានព្រះជន្មរស់ ។ ទ្រង់ស្គាល់អ្នក ។ ទ្រង់ស្រឡាញ់អ្នក ។ ទ្រង់អញ្ជើញអ្នកដោយក្ដីស្រឡាញ់ដើម្បីបោះជំហានបន្ទាប់របស់អ្នកដើរទៅរកទ្រង់ ។ ដូច្នេះសូមកុំចាំ។ បោះជំហានឥឡូវនេះ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។