ព្រះគង់នៅឯចង្កូតនាវា
ព្រះបញ្ញត្តិ និងសេចក្ដីសញ្ញាទាំងឡាយ ជាសេចក្ដីពិត និងគោលលទ្ធិដែលមិនអាចកាត់ថ្លៃបាន ដែលរកបាននៅក្នុងនាវាចាស់ស៊ីយ៉ូន ជាកន្លែងដែលព្រះគង់នៅឯចង្កូតនាវានោះ ។
កាលពីសន្និសីទទូទៅខែ តុលា ឆ្នាំមុន ខ្ញុំបានអញ្ជើញអ្នកស្ដាប់ឲ្យធ្វើតាមដំបូន្មានរបស់ ព្រិកហាំ យ៉ង់ ឲ្យនៅនឹងនាវាចាស់ស៊ីយ៉ូន ដែលជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយតោងឲ្យជាប់ដោយដៃទាំងពីរ ។1 តាំងពីនោះមក ខ្ញុំរីករាយដោយដឹងថា គ្រួសារខ្ញុំ និងអ្នកផ្សេងទៀតមួយចំនួនបានស្ដាប់ ហើយបានសួរសំណួរនេះដល់ខ្ញុំថា « តើមានអ្វីនៅក្នុងនាវាចាស់ស៊ីយ៉ូននោះដែលយើងគួរតោងជាប់បាន ? » ខ្ញុំបានរំឭកពួកគេអំពីអ្វីដែលប្រធាន ព្រិកហាំ យ៉ង់ បានមានប្រសាសន៍ ៖ « យើងនៅលើនាវាចាស់ស៊ីយ៉ូន ។ … [ ព្រះ ] គង់នៅឯចង្កូតនាវានោះ ហើយនឹងនៅតែគង់ទីនោះ ។ ... ទ្រង់បញ្ជា ណែនាំ ហើយដឹកនាំ ។ បើមនុស្សនឹងមានទំនុកចិត្តទាំងស្រុងទៅលើព្រះរបស់ពួកគេ មិនដែលលះបង់ចោលសេចក្ដីសញ្ញា ឬព្រះរបស់ខ្លួន នោះទ្រង់នឹងណែនាំយើង ហើយដឹកនាំយើងយ៉ាងត្រឹមត្រូវ » ។2
ច្បាស់ណាស់ ព្រះវរបិតាសួគ៌របស់យើង និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបានរៀបចំនាវាចាស់ស៊ីយ៉ូននោះ ជាមួយនឹងសេចក្ដីពិតដ៏នៅអស់កល្បដ៏ច្បាស់លាស់ ហើយសាមញ្ញ ដែលនឹងជួយយើងឲ្យស្ថិតនៅលើគន្លងនោះ ឆ្លងកាត់សមុទ្របញ្ហានៃជីវិតរមែងស្លាប់ ។ នេះជាសេចក្ដីពិតមួយចំនួន ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តែងតែត្រូវបានដឹកនាំដោយព្យាការី និងពួកសាវកដែលកំពុងរស់នៅ ។ ទោះបីពួកលោកមានជីវិតរមែងស្លាប់ ហើយមិនឥតខ្ចោះក្ដី ក៏ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ត្រូវបានបំផុសឲ្យជួយយើងចៀសវាងពីឧបសគ្គទាំងឡាយ ដែលជាការគំរាមកំហែងដល់ជីវិតខាងវិញ្ញាណ ហើយជួយយើងឆ្លងកាត់ជីវិតរមែងស្លាប់ដោយសុវត្ថិភាព ទៅកាន់ទិសដៅសួគ៌ាចុងក្រោយ ហើយខ្ពស់បំផុតរបស់យើង ។
អំឡុងពេលជិត ៤០ ឆ្នាំ របស់ខ្ញុំនៅក្នុងចំណោមពួកអ្នកមានសិទ្ធិអំណាចទូទៅ ខ្ញុំបានក្លាយជាសាក្សី មួយរូប ពេលដែលការបំផុសដ៏ស្ងាត់ស្ងៀម និងវិវរណៈដ៏ជ្រាលជ្រៅបានជំរុញឲ្យធ្វើសកម្មភាពដោយពួកព្យាការី និងពួកសាវក ពួកអ្នកមានសិទ្ធិអំណាចទូទៅផ្សេងៗទៀត ព្រមទាំងថ្នាក់ដឹកនាំអង្គការជំនួយនានាផងដែរ ។ ខណៈដែលមិនឥតខ្ចោះ ឬមិនត្រូវរហូត នោះបុរស និងស្ត្រីដ៏ល្អទាំងនេះ បានឧទ្ទិសយ៉ាងឥតខ្ចោះដល់ការដឹកនាំកិច្ចការរបស់ព្រះអម្ចាស់ឲ្យឆ្ពោះទៅមុខ ដូចដែលទ្រង់បានដឹកនាំ ។
ហើយអ្នកអាចជឿជាក់យ៉ាងប្រាកដអំពីការពិតនេះ ៖ ព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈពួកព្យាការី និងពួកសាវកដែលកំពុងរស់នៅ ។ នេះជារបៀបដែលទ្រង់តែងតែបានធ្វើកិច្ចការទ្រង់ ។ ពិតណាស់ ព្រះអង្គសង្គ្រោះបានបង្រៀនថា « ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឲ្យទៅ នោះឈ្នោះថាទទួលខ្ញុំ » ។3 យើងមិនអាចបំបែកព្រះគ្រីស្ទចេញពីអ្នកបម្រើរបស់ទ្រង់បានឡើយ ។ បើគ្មានពួកសាវកពីដំបូងរបស់ទ្រង់ទេ យើងប្រាកដជាគ្មានដំណើររឿងដែលជាសាក្សីផ្ទាល់ភ្នែកជាច្រើនអំពីការបង្រៀន ការងារបម្រើ ការរងទុក្ខរបស់ទ្រង់ក្នុងសួនគែតសេម៉ានី និងការសុគតលើឈើឆ្កាងរបស់ទ្រង់ឡើយ ។ បើគ្មានសក្ខីភាពរបស់ពួកលោកទេ នោះយើងប្រាកដជាគ្មានទីបន្ទាល់មកពីពួកសាវកអំពីផ្នូរទទេ និងដំណើររស់ឡើងវិញឡើយ ។
ទ្រង់បានបញ្ជាពួកសាវកដំបូងទាំងនោះ ៖
« ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ៖
« បង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង » ។4
កាតព្វកិច្ចនេះត្រូវបានធ្វើឡើងជាថ្មីនៅជំនាន់របស់យើង ពេលដែលព្រះអម្ចាស់បានហៅ យ៉ូសែប ស៊្មីធ ឲ្យស្ដារសាសនាចក្រឡើងវិញ ដោយមានពួកសាវកដែលត្រូវបានតែងតាំង ដើម្បីប្រកាសដំណឹងល្អទ្រង់ម្ដងទៀត ពីមុនទ្រង់នឹងយាងមក ។
វាតែងតែជាការលំបាកមួយសម្រាប់ពិភពលោកក្នុងការទទួលយកពួកព្យាការី និងពួកសាវកដែលកំពុងរស់នៅ តែវាចាំបាច់ខ្លាំងណាស់ដើម្បីធ្វើដូច្នោះ ដើម្បីយល់បានពេញលេញពីដង្វាយធួន និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ហើយទទួលភាពពេញលេញនៃពរជ័យបព្វជិតភាព ដែលត្រូវបានប្រទានដល់ពួកអ្នកដែលទ្រង់បានហៅ ។
មនុស្សច្រើនណាស់ដែលគិតថា ថ្នាក់ដឹកនាំសាសនាចក្រ និងសមាជិកគួរតែមានភាពឥតខ្ចោះ ឬស្ទើរតែឥតខ្ចោះ ។ ពួកគេភ្លេចថា ព្រះគុណរបស់ព្រះអម្ចាស់គឺគ្រប់គ្រាន់ដើម្បីសម្រេចបានកិច្ចការទ្រង់តាមរយៈមនុស្សរមែងស្លាប់ទាំងឡាយ ។ ថ្នាក់ដឹកនាំរបស់យើងមានបំណងល្អបំផុត តែពេលខ្លះយើងក៏ធ្វើកំហុសដែរ ។ រឿងនេះមិនប្លែកទេ ចំពោះទំនាក់ទំនងសាសនាចក្រ ដ្បិតរឿងដូចគ្នានេះកើតឡើងក្នុងទំនាក់ទំនងមិត្តភក្ដិ អ្នកជិតខាង និងអ្នករួមការងារ ព្រមទាំងរវាងស្វាមីភរិយា និងគ្រួសារដែរ ។
ការរកមើលភាពខ្សោយរបស់មនុស្សដទៃគឺងាយស្រួលណាស់ ។ ទោះយ៉ាងណា យើងធ្វើកំហុសដ៏ធ្ងន់ធ្ងរ ដោយការកត់ចំណាំតែធម្មជាតិជាមនុស្សរបស់គ្នាទៅវិញទៅមក ហើយមើលរំលងព្រះហស្ដព្រះដែលធ្វើកិច្ចការតាមរយៈអស់អ្នកដែលទ្រង់បានហៅនោះ ។
ការផ្ដោតទៅលើរបៀបដែលព្រះអម្ចាស់បំផុសដល់ថ្នាក់ដឹកនាំជម្រើសរបស់ទ្រង់ និងរបៀបដែលទ្រង់បំផុសពួកបរិសុទ្ធឲ្យធ្វើការណ៍ដ៏អស្ចារ្យទាំងឡាយ ថ្វីបើពួកគេមានធម្មជាតិជាមនុស្សក៏ដោយនោះ គឺជារបៀបមួយដែលយើងតោងជាប់នឹងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយនៅតែមានសុវត្ថិភាពលើនាវាចាស់ស៊ីយ៉ូននោះ ។
សេចក្ដីពិតទីពីរគឺគោលលទ្ធិនៃផែនការនៃសេចក្ដីសង្គ្រោះ ។ តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ព្រះបានប្រទានព្រះគម្ពីរមរមន គោលលទ្ធិ និងសេចក្ដីសញ្ញា និងការបង្រៀនបន្ថែមទៀតជាច្រើនដល់សាសនាចក្រ ។ ការណ៍ទាំងនេះរួមមាននូវចំណេះដឹងមួយអំពីផែនការនៃសេចក្ដីសង្គ្រោះ ដែលជាផែនទីមួយថាតើយើងមកពីកន្លែងណា គោលបំណងរបស់យើងនៅលើផែនដីជាអ្វី និងទីកន្លែងដែលយើងនឹងទៅពេលយើងស្លាប់ ។ ផែនការនេះក៏ផ្ដល់ដល់យើងនូវទស្សនៈដ៏ពិសេសអស់កល្បមួយថា យើងជាបុត្រាបុត្រីវិញ្ញាណរបស់ព្រះ ។ ដោយយល់ដឹងថា នរណាជាព្រះវរបិតាសួគ៌របស់យើង និងទំនាក់ទំនងរបស់យើងជាមួយទ្រង់ និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងទទួលយកព្រះបញ្ញត្តិរបស់ទ្រង់ ហើយធ្វើសេចក្ដីសញ្ញាជាមួយទ្រង់ ដែលនឹងដឹកនាំយើងត្រឡប់ទៅវត្តមានដ៏អស់កល្បរបស់ទ្រង់វិញ ។
គ្រប់ពេលដែលខ្ញុំបីទារកទើបនឹងកើត ខ្ញុំឆ្ងល់ ៖ « តើកូនជានរណា កូនតូចអើយ ? តើកូននឹងក្លាយជានរណា តាមរយៈដង្វាយធួនរបស់ព្រះគ្រីស្ទ ? »
យើងសួរសំណួរឆ្លុះបញ្ចាំងស្រដៀងគ្នានេះ ពេលមនុស្សម្នាក់ដែលយើងស្រឡាញ់ស្លាប់ ៖ « តើពួកគេនៅទីណា ? តើពួកគេកំពុងមើល ហើយដកធិសោធន៍អ្វីខ្លះ ? តើជីវិតនៅតែបន្តទៀតទេ ? តើអ្វីទៅជាលក្ខណៈនៃទំនាក់ទំនងដ៏ជាទីស្រឡាញ់បំផុតនៅក្នុងពិភពដ៏អស្ចារ្យនៃវិញ្ញាណអ្នកស្លាប់ទាំងឡាយនោះ ? »
នៅក្នុងពិភពនោះ គ្រួសារយើងមានចៅស្រីពីរនាក់ សារ៉ា និង អីមិលី និងចៅប្រុសម្នាក់ គឺ ណាថាន ។ ជាមួយនឹងការស្លាប់របស់ចៅម្នាក់ៗ ក្រុមគ្រួសារយើងបានតោងជាប់ទៅនឹងសេចក្ដីពិតនៃដំណឹងល្អដោយដៃទាំងពីររបស់យើង ។ សំណួររបស់យើងត្រូវបានឆ្លើយតប ជាមួយនឹងការលួងលោម និងការបញ្ជាក់អះអាង តាមរយៈដង្វាយធួននៃព្រះអង្គសង្គ្រោះ ។ ថ្វីបើយើងនឹកចៅៗរបស់យើង តែយើងដឹងថា ពួកគេនៅរស់ ហើយយើងដឹងថា យើងនឹងជួបពួកគេម្ដងទៀត ។ យើងមានអំណរគុណខ្លាំងណាស់ចំពោះការយល់ដឹងខាងវិញ្ញាណនេះ ក្នុងគ្រាវឹកវរផ្ទាល់ខ្លួន និងនៃគ្រួសារនេះ ។
សេចក្ដីពិតដ៏សំខាន់មួយទៀតនៅក្នុងសាសនាចក្រ គឺថា ព្រះវរបិតាសួគ៌បានបង្កើតអ័ដាម និងអេវ៉ា សម្រាប់គោលបំណងដ៏ខ្ពង់ខ្ពស់មួយ ។ វាជាទំនួលខុសត្រូវរបស់ពួកគាត់—ហើយបន្តមកទៀត ជាទំនួលខុសត្រូវរបស់ពូជពង្សរបស់ពួកគាត់—ដែលត្រូវបង្កើតរូបកាយរមែងស្លាប់សម្រាប់កូនវិញ្ញាណរបស់ព្រះ ដើម្បីពួកគេអាចដកពិសោធន៍ជីវិតរមែងស្លាប់ ។ ដោយដំណើរការនេះ ព្រះវរបិតាសួគ៌បញ្ជូនកូនវិញ្ញាណរបស់ទ្រង់ឲ្យមកផែនដី ដើម្បីរៀន ហើយលូតលាស់ តាមរយៈបទពិសោធន៍នៃជីវិតផែនដី ។ ដោយសារទ្រង់ស្រឡាញ់បុត្រាបុត្រីទ្រង់ ព្រះបញ្ជូនសារទូតសួគ៌ា និងពួកសាវក ដើម្បីបង្រៀនពួកគេអំពីតួនាទីដ៏សំខាន់របស់ព្រះយេស៊ូវគ្រីស្ទ ក្នុងព្រះនាមជាព្រះអង្គសង្គ្រោះ ។
អស់ជាច្រើនសតវត្សរ៍ ព្យាការីបានបំពេញកាតព្វកិច្ចរបស់ពួកលោក ពេលពួកលោកបានព្រមានមនុស្សពីគ្រោះថ្នាក់ទាំងឡាយមុនវាកើតឡើង ។ ពួកសាវករបស់ព្រះអម្ចាស់ មានកាតព្វកិច្ចដើម្បីមើលថែ ព្រមាន ហើយឈោងជួយដល់អស់អ្នកដែលកំពុងស្វែងរកចម្លើយចំពោះសំណួរជីវិត ។
ម្ភៃឆ្នាំកន្លងមកហើយ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចេញ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ នៅក្នុងឯកសារដ៏បំផុសគំនិតនោះ យើងបញ្ចប់ជាមួយនឹងកថាខណ្ឌខាងក្រោមនេះ ៖ « យើងសូមព្រមានថា បុគ្គលណាដែលបំពានលើសេចក្ដីសញ្ញានៃព្រហ្មចារីភាព ដោយបានធ្វើបាបភរិយា ឬកូនចៅ ឬមិនបានបំពេញការទទួលខុសត្រូវក្នុងគ្រួសារ គង់តែថ្ងៃណាមួយនឹងទទួលខុសត្រូវនៅចំពោះព្រះ ។ លើសពីនេះទៅទៀត យើងសូមព្រមានថា ការបែកបាក់នៅក្នុងគ្រួសារនឹងនាំមកនូវមហន្តរាយដល់បុគ្គលនោះ សហគមន៍ និងជាតិសាសន៍ ដូចដែលបានទាយទុកជាមុន ដោយពួកព្យាការីសម័យបុរាណ និងពួកព្យាការីសម័យទំនើប » ។5
ក្នុងនាមជាពួកសាវក យើងសូមអះអាងបញ្ជាក់ពីការព្រមានដ៏ឱឡារិកនេះជាថ្មីម្ដងទៀតនៅថ្ងៃនេះ ។ សូមចងចាំងថា ព្រះបញ្ញត្តិ និងសេចក្ដីសញ្ញាទាំងឡាយ គឺជាសេចក្ដីពិត និងគោលលទ្ធិដែលមិនអាចកាត់ថ្លៃបាន ដែលមាននៅក្នុងនាវាចាស់ស៊ីយ៉ូននេះ ជាកន្លែងដែលព្រះគង់នៅឯចង្កូត ។
គោលលទ្ធិដ៏សំខាន់មួយទៀត ដែលយើងគប្បីប្រកាន់ខ្ជាប់ គឺត្រូវប្រតិបត្តិថ្ងៃឈប់សម្រាក ។ ការណ៍នេះជួយយើងឲ្យបន្តមិនប្រឡាក់ដោយលោកិយ ផ្ដល់ដល់យើងនូវការសម្រាកខាងរាងកាយ ហើយផ្ដល់ដល់យើងម្នាក់ៗនូវភាពស្រស់បស់ខាងវិញ្ញាណ ក្នុងការថ្វាយបង្គំព្រះវរបិតា និងព្រះរាជបុត្រា រៀងរាល់ថ្ងៃអាទិត្យ ។6 ពេលយើងរីករាយក្នុងថ្ងៃឈប់សម្រាក នោះវាជាសញ្ញាមួយនៃសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ ។7
ជាផ្នែកនៃការប្រឹងប្រែងរបស់យើង ដើម្បីធ្វើឲ្យថ្ងៃឈប់សម្រាកជាទីរីករាយចិត្ត យើងបានស្នើដល់ថ្នាក់ដឹកនាំក្នុងតំបន់ និងសមាជិកសាសនាចក្រ ឲ្យចងចាំថា ការប្រជុំសាក្រាម៉ង់គឺជារបស់ព្រះអម្ចាស់ ហើយគប្បីផ្អែកយ៉ាងមាំមួនលើការបង្រៀនរបស់ទ្រង់ ។ ការធ្វើពិធីបរិសុទ្ធនៃសាក្រាម៉ង់ គឺជាពេលដែលយើងធ្វើសេចក្ដីសញ្ញារបស់យើងជាថ្មី ហើយបញ្ជាក់ជាថ្មីនូវសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអង្គសង្គ្រោះ ហើយចងចាំការលះបង់ និងដង្វាយធួនរបស់ទ្រង់ ។
ស្មារតីនៃការថ្វាយបង្គំដដែលនេះ គប្បីជ្រាបចូលក្នុងការតមអាហារ និងការប្រជុំថ្លែងសក្ខីភាពរបស់យើងរៀងរាល់ខែ ។ ការប្រជុំសាក្រាម៉ង់នេះ គឺសម្រាប់សមាជិកដើម្បីបង្ហាញការដឹងគុណ សេចក្ដីស្រឡាញ់ និងការពេញចិត្តដល់ព្រះវរបិតាសួគ៌របស់យើង ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញ ព្រមទាំងដើម្បីថ្លែងទីបន្ទាល់ផ្ទាល់ខ្លួនអំពីរឿងទាំងនេះ ។ ការប្រជុំតមអាហារ និងថ្លែងសក្ខីភាព ជាពេលមួយដើម្បីចែកចាយគំនិតដ៏បំផុសខ្លីៗ ហើយថ្លែងសក្ខីភាពដ៏រឹងមាំ ។ វាមិនមែនជាពេលដើម្បីផ្ដល់សុន្ទរកថាមួយនោះទេ ។
ក្មេងតូចៗគួរអនុវត្តចែកចាយសក្ខីភាពរបស់ពួកគេនៅក្នុងថ្នាក់កុមារ និងជាមួយឪពុកម្ដាយខ្លួននៅក្នុងរាត្រីជួបជុំក្រុមគ្រួសារ រហូតទាល់តែពួកគេយល់ពីអត្ថន័យដ៏សំខាន់នៃសក្ខីភាពមួយ ។
ការសង្កត់ធ្ងន់ថ្មីៗនេះ អំពីការធ្វើឲ្យថ្ងៃឈប់សម្រាកជាទីរីករាយចិត្ត គឺជាលទ្ធផលដោយផ្ទាល់នៃការបំផុសពីព្រះអម្ចាស់ តាមរយៈថ្នាក់ដឹកនាំសាសនាចក្រ ។ សមាជិកក្រុមប្រឹក្សាវួដ គប្បីជួយគណៈប៊ីស្សព បីបួនសប្ដាហ៍ជាមុន ដោយពិនិត្យមើលតន្ត្រី និងប្រធានបទទាំងឡាយដែលត្រូវបានផ្ដល់សម្រាប់ការប្រជុំសាក្រាម៉ង់នីមួយៗ ។
យើងទាំងអស់គ្នាមានពរជ័យ ពេលដែលថ្ងៃឈប់សម្រាកត្រូវបានបំពេញដោយសេចក្ដីស្រឡាញ់សម្រាប់ព្រះអម្ចាស់នៅគេហដ្ឋាន និងនៅព្រះវិហារ ។ ពេលកូនចៅរបស់យើងត្រូវបានបង្រៀនតាមរបៀបរបស់ព្រះអម្ចាស់ នោះពួកគេរៀនទទួលអារម្មណ៍ និងឆ្លើយតបដល់ព្រះវិញ្ញាណរបស់ទ្រង់ ។ យើងទាំងអស់គ្នានឹងមានបំណង ចូលរួមនៅរៀងរាល់ថ្ងៃអាទិត្យ ដើម្បីទទួលទានសាក្រាម៉ង់ កាលណាយើងទទួលអារម្មណ៍ពីព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ ហើយអ្នកទាំងអស់ ទាំងក្មេងទាំងចាស់ ដែលកំពុងរែកបន្ទុកធ្ងន់នឹងមានអារម្មណ៍ថាបានលើកឡើងខាងវិញ្ញាណ និងទទួលការលួងលោម ដែលមកពីការឧទ្ទិសថ្ងៃឈប់សម្រាកសម្រាប់ជាការសញ្ជឹងគិតអំពីព្រះវរបិតាសួគ៌ និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
យើងមានអំណរគុណណាស់ ដែលព្រះគ្រីស្ទតែងតែគង់នៅជិត រង់ចាំ និងស្ម័គ្រព្រះទ័យជួយយើង ពេលយើងអធិស្ឋានសុំជំនួយ ហើយមានឆន្ទៈដើម្បីប្រែចិត្ត ហើយមករកទ្រង់ ។
ឥឡូវនេះ ពេលយើងពិចារណាសេចក្ដីពិតតែមួយចំនួន ដែលមាននៅក្នុងនាវាចាស់ស៊ីយ៉ូន ចូរយើងបន្តនៅលើនោះ ហើយចាំថា តាមនិយមន័យ នាវាគឺជាយាន្តជំនិះមួយ ហើយគោលបំណងរបស់យាន្តជំនិះគឺដើម្បីនាំយើងទៅកាន់គោលដៅមួយ ។
គោលដៅនៃនាវារបស់យើង គឺពរជ័យពេញលេញនៃដំណឹងល្អ នគរស្ថានសួគ៌ សិរីល្អសេឡេស្ទាល និងវត្តមានរបស់ព្រះ !
ផែនការរបស់ព្រះត្រូវបានបង្កើតឡើង ។ ទ្រង់គង់នៅឯចង្កូតនាវា ហើយនាវាដ៏អស្ចារ្យ និងប្រកបដោយអំណាចរបស់ទ្រង់រសាត់ឆ្ពោះទៅសេចក្ដីសង្គ្រោះ និងភាពលើកតម្កើង ។ សូមចាំថា យើងមិនអាចទៅដល់ទីនោះដោយការលោតចេញពីនាវានោះ ហើយព្យាយាមហែលទៅទីនោះដោយខ្លួនយើងបានឡើយ ។
ភាពលើកតម្កើងជាគោលដៅនៃដំណើរជីវិតរមែងស្លាប់នេះ ហើយគ្មាននរណាម្នាក់ទៅដល់ទីនោះដោយគ្មានមធ្យោបាយនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដង្វាយធួនរបស់ទ្រង់ ពិធីបរិសុទ្ធ និងគោលការណ៍ណែនាំដែលមាននៅក្នុងសាសនាចក្រឡើយ ។
នេះជាសាសនាចក្រដែលយើងរៀនពីកិច្ចការរបស់ព្រះ ហើយទទួលព្រះគុណនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលសង្គ្រោះយើង ។ វាគឺនៅក្នុងសាសនាចក្រនេះហើយ ដែលយើងស្ថាបនាការប្ដេជ្ញាចិត្ត និងសេចក្ដីសញ្ញាទាំងឡាយនៃក្រុមគ្រួសារអស់កល្ប ដែលក្លាយជាលិខិតឆ្លងដែនរបស់យើងទៅកាន់ភាពលើកតម្កើង ។ វាគឺសាសនាចក្រនេះហើយ ដែលទទួលបានអំណាចបព្វជិតភាពដើម្បីរុញយើងទៅមុខ ឆ្លងកាត់ ផ្ទៃទឹកនៃជីវិតរមែងស្លាប់ដែលមិនអាចទាយទុកជាមុនបាននេះ ។
ចូរយើងមានអំណរគុណចំពោះនាវាចាស់ស៊ីយ៉ូនដ៏ស្រស់ស្អាត ដ្បិតបើគ្មានវាទេ យើងប្រាកដជាត្រូវបានបោះចោលឲ្យរសាត់តាមខ្យល់ ឯកោ ហើយគ្មានអំណាច ត្រូវផាត់ទៅទាំងគ្មានចង្កូត ឬចង្វារ វិលកួចទៅតាមចរន្តទឹកដ៏ខ្លាំងនៃខ្យល់ និងរលករបស់មារសត្រូវជាមិនខាន ។
បងប្អូនប្រុសស្រី ចូរតោងឲ្យជាប់ ហើយជិះ នៅលើនាវាដ៏រុងរឿងនេះ គឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយយើងនឹងទៅដល់គោលដៅដ៏អស់កល្បរបស់យើង ។ នេះជាទីបន្ទាល់ និងការអធិស្ឋានរបស់ខ្ញុំសម្រាប់យើងទាំងអស់គ្នា នៅក្នុងព្រះនាមនៃទ្រង់ ដែលដឹកនាំនាវាចាស់ស៊ីយ៉ូននេះ ជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។