ថាពួកគេនឹងចងចាំទ្រង់ជានិច្ច
ខ្ញុំចូលចិត្តសិក្សា និង ពិចារណាអំពីជីវិតរបស់ទ្រង់ ដែលបានប្រទានអ្វីៗគ្រប់យ៉ាងដល់ខ្ញុំ និងយើងទាំងអស់គ្នា ។
ខ្ញុំស្រឡាញ់ចម្រៀងកុមារដែល ថ្លែងថា ៖
សូមប្រាប់ខ្ញុំពីរឿងព្រះយេស៊ូវ ខ្ញុំចូលចិត្តស្តាប់,
រឿងទ្រង់ខ្ញុំនឹងសុំទ្រង់ប្រាប់ បើទ្រង់គង់នៅទីនេះ។
ទេសភាពតាមដងផ្លូវ, រឿងនៅសមុទ្រ,
សូមប្រាប់ដល់ខ្ញុំ ពីរឿងព្រះយេស៊ូវ ។១
ខ្ញុំជឿថាការចាប់ផ្តើមទំនៀមទម្លាប់ប្រាប់ពីរឿងរបស់ព្រះយេស៊ូវដល់កូនៗ និង គ្រួសាររបស់យើងគឺជារបៀបដ៏ពិសេសមួយដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធនៅក្នុងគេហដ្ឋានរបស់យើង ។
ការណ៍នេះគឺពិតជានាំមកនូវអារម្មណ៍ពិសេសចូលក្នុងគេហដ្ឋានរបស់យើង ហើយផ្ដល់ដល់គ្រួសារយើងនូវគំរូមកពីព្រះអង្គសង្គ្រោះផ្ទាល់ ។
ខ្ញុំចូលចិត្តសិក្សា និង ពិចារណាអំពីជីវិតរបស់ទ្រង់ ដែលបានប្រទានអ្វីៗគ្រប់យ៉ាងដល់ខ្ញុំ និងយើងទាំងអស់គ្នា ។
ខ្ញុំចូលចិត្តអានវគ្គបទគម្ពីរនានាអំពីព្រះជន្មដែលគ្មានអំពើបាបរបស់ទ្រង់ ហើយបន្ទាប់ពីអានខគម្ពីរទាំងនោះ ដែលប្រាប់ពីប្រព្រឹត្តិការណ៍នានាដែលទ្រង់បានដកពិសោធន៍ នោះខ្ញុំបានបិទភ្នែករបស់ខ្ញុំ ហើយព្យាយាមស្រមៃមើលពីគ្រាពិសិដ្ឋៗទាំងនេះ ដែលបង្រៀនខ្ញុំ ហើយពង្រឹងវិញ្ញាណរបស់ខ្ញុំ ។
គ្រាទាំងនោះមានដូចជា ៖
-
នៅពេលទ្រង់ស្តោះដាក់នៅដី ហើយយកទឹកព្រះឱស្ឋទ្រង់ធ្វើជាភក់ ទៅលាបភ្នែកនៃមនុស្សខ្វាក់នោះ « ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ » ហើយបុរសនោះបានធ្វើតាម « ហើយបានលាងភ្នែកគាត់ចេញ ហើយបានមើលឃើញ » ។២
-
នៅពេលទ្រង់បានព្យាបាលស្ត្រីដែលមានជំងឺធ្លាក់ឈាម ដែលបានចាប់ពាល់ជាយព្រះពស្ត្រទ្រង់ ដោយជឿថាគ្រាន់តែពាល់ទ្រង់នោះគាត់នឹងបានជាសះស្បើយ ។៣
-
នៅពេលទ្រង់បានបង្ហាញព្រះកាយទ្រង់ដល់ពួកសិស្សរបស់ទ្រង់ ដោយយាងលើទឹកសមុទ្រ ។៤
-
នៅពេលទ្រង់បានយាងទៅជាមួយពួកសិស្សរបស់ទ្រង់នៅលើផ្លូវទៅអេម៉ោស ហើយបានបើកព្រះគម្ពីរឲ្យពួកគេយល់ដឹង ។៥
-
នៅពេលទ្រង់បានបង្ហាញព្រះកាយទ្រង់ដល់ប្រជាជននៅក្នុងទ្វីបអាមេរិក ហើយបានប្រាប់ពួកគេឲ្យមកកាន់ទ្រង់ ហើយលូកដៃរបស់ពួកគេទៅឯចំហៀងទ្រង់ ហើយស្ទាបស្នាមដែកគោលនៅព្រះហស្ត និង ព្រះបាទាទ្រង់ ដូច្នេះពួកគេអាចដឹងថាទ្រង់គឺជា « ព្រះនៃសាសន៍អ៊ីស្រាអែល និង ជាព្រះនៃផែនដីទាំងមូល ហើយត្រូវគេធ្វើគុតជំនួសអំពើបាបទាំងឡាយនៃ មនុស្សលោក » ។៦
ខ្ញុំរីករាយដោយដឹងថាមានឪពុកម្តាយ ដែលប្រាប់រឿងព្រះយេស៊ូវដល់កូនៗរបស់ខ្លួន ។ ខ្ញុំកត់សម្គាល់ពីការណ៍នេះ នៅពេលខ្ញុំមើលក្មេងៗនៅក្នុងសាសនាចក្រ នៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា និង ឱកាសផ្សេងៗទៀត ។
ខ្ញុំមានអំណរគុណដល់ឪពុកម្តាយរបស់ខ្ញុំ ដែលបានបង្រៀនខ្ញុំអំពីព្រះគ្រីស្ទ ។ ខ្ញុំបន្តឃើញពីរបៀបដែលគំរូរបស់ព្រះអង្គសង្គ្រោះជួយភរិយាជាទីស្រឡាញ់របស់ខ្ញុំ និង ខ្ញុំ នៅពេលយើងបង្រៀនកូនៗរបស់យើង ។
ដួងចិត្តរបស់ខ្ញុំពេញដោយក្តីអំណរ នៅពេលខ្ញុំឃើញកូនៗរបស់ខ្ញុំប្រាប់ពីរឿងព្រះគ្រីស្ទដល់ចៅៗរបស់ខ្ញុំ ។ វារំឭកខ្ញុំពីខគម្ពីរមួយដែលខ្ញុំពេញចិត្ត ដែលមាននៅក្នុង ។ យ៉ូហានទី ៣ ជំពូក ១ ខទី ៤ ដែលអានថា « គ្មានសេចក្តីណាដែលនាំឲ្យខ្ញុំអរសប្បាយ លើសជាងសេចក្តីនេះទេ គឺដែលឮនិយាយថាពួកកូនខ្ញុំកំពុងតែប្រព្រឹត្តិតាមសេចក្តីពិត » ។ ហើយហេតុអ្វីក៏ពុំមែនជាចៅៗរបស់យើងផងដែរហ្ន៎ ?
ខ្ញុំមានអំណរគុណចំពោះថ្នាក់ដឹកនាំរបស់យើង ដែលបង្រៀនយើងយ៉ាងជាប់លាប់អំពីព្រះគ្រីស្ទ អំពីការគោរពថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ និង អំពីការទទួលទានសាក្រាម៉ង់រាល់សប្តាហ៍ដោយគោរពដល់ព្រះអង្គសង្គ្រោះ ។
ថ្ងៃឈប់សម្រាក និង ពិធីសាក្រាម៉ង់ប្រែកាន់តែរីករាយកាន់តែខ្លាំងនៅពេលយើងសិក្សារឿងព្រះគ្រីស្ទ ។ នៅពេលធ្វើដូច្នោះ នោះយើងបង្កើតទំនៀមទម្លាប់នានាដែលស្ថាបនាសេចក្តីជំនឿ និង ទីបន្ទាល់របស់យើង ព្រមទាំងការពារក្រុមគ្រួសារយើងផងដែរ ។
ពីរបីសប្តាហ៍មុន អំឡុងពេលកំពុងសិក្សាម្តងទៀតពីសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន ដែលបានផ្តល់ឲ្យកាលពីសន្និសីទទូទៅមុន ហើយអំឡុងពេលកំពុងសញ្ជឹងគិតពីថ្ងៃឈប់សម្រាក នោះខ្ញុំទទួលអារម្មណ៍នៃអំណរគុណយ៉ាងខ្លាំងសម្រាប់ពរជ័យ និង ឯកសិទ្ធិនៃការអាចទទួលទានសាក្រាម៉ង់ ។ ចំពោះខ្ញុំ ការណ៍នោះគឺជាឱកាសមួយដ៏សែនឱឡារិក ពិសិដ្ឋ និង ខាងវិញ្ញាណ ។ ខ្ញុំរីករាយយ៉ាងខ្លាំងជាមួយនឹងការប្រជុំសាក្រាម៉ង់ ។
អំឡុងពេលសញ្ជឹងគិត នោះខ្ញុំបានសិក្សាយ៉ាងយកចិត្តទុកដាក់នូវការប្រសិទ្ធិពរនំបុ័ង និង ទឹក ។ ខ្ញុំបានអាន ហើយស្មិងស្មាតយ៉ាងខ្លាំងពីការអធិស្ឋាន និង ពិធីបរិសុទ្ធនៃសាក្រាម៉ង់ ។ នោះខ្ញុំបានចាប់ផ្តើមគិតក្នុងគំនិតខ្ញុំ និង ដួងចិត្តរបស់ខ្ញុំ ដែលទាក់ទងនឹងពិធីសាក្រាម៉ង់ ។
នៅក្នុងស្មារតីនៃការស្មិងស្មាតនោះ ខ្ញុំបានគិតពីថ្ងៃដំបូងនៃការបរិភោគនំបុ័ងឥតដំបែ នៅពេលទ្រង់ឆ្លើយតបសំណួរពួកសិស្សរបស់ទ្រង់អំពីកន្លែងដើម្បីរៀបចំបុណ្យរំលង ទ្រង់បានឆ្លើយប្រាប់ពួកគេដោយមានបន្ទូលថា « ចូលទៅក្នុងទីក្រុង ដល់ម្នាក់ណាមួយនោះ ហើយប្រាប់ថា លោកគ្រូមានប្រសាសន៍ថា កំណត់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយ និងពួកសិស្សខ្ញុំនៅផ្ទះអ្នក » ។៧
ខ្ញុំព្យាយាមស្រមៃគិតនៅក្នុងគំនិតខ្ញុំ ពីពួកសិស្សដែលទិញអាហារ និង រៀបចំតុអាហារដោយយកចិត្តទុកដាក់ដើម្បីបរិភោគជាមួយទ្រង់នៅថ្ងៃដ៏ពិសេសនោះ ៖ តុអាហារសម្រាប់មនុស្ស ១៣ នាក់ គឺទ្រង់ និង សិស្សទ្រង់ដប់ពីរនាក់ទៀតដែលទ្រង់ស្រឡាញ់ ។
ខ្ញុំបានយំនៅពេលខ្ញុំស្រមៃគិតថាព្រះគ្រីស្ទបរិភោគជាមួយពួកគេ ហើយបានប្រកាសថា « ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា មានម្នាក់នឹងបញ្ជូនខ្ញុំ » ។៨
ខ្ញុំបានគិតពីសិស្សដ៏ស្រងូតស្រងាត់ដែលបានសួរទ្រង់ថា « ព្រះអម្ចាស់អើយ តើទូលបង្គំឬអី ? »៩
ហើយនៅពេលយូដាសបានសួរទ្រង់នូវសំណួរមួយចំនួន នោះទ្រង់បានតបដោយស្ងប់ស្ងាត់ថា « ត្រូវដូចអ្នកនិយាយហើយ » ។១០
ខ្ញុំអាចស្រមៃឃើញពីព្រះហស្តទាំងទ្វេ ដែលបានព្យាបាល លួងលោម ស្អាងគ្នាឡើង និង ប្រទានពរដល់បំណែកនំបុ័ង នៅពេលព្រះយេស៊ូវបានមានបន្ទូលថា « ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ » ។១១
រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយបន្ទូលថា « ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ » ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មីដែលបានច្រួចចេញសម្រាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្ដាច់បាប » ។១២
នៅក្នុងគំនិតរបស់ខ្ញុំ ខ្ញុំបានក្រឡេកមើលពួកសិស្ស ម្នាក់ម្តងៗ ហើយបានឃើញកង្វល់ក្នុងកែវភ្នែករបស់ពួកគេចំពោះលោកគ្រូ ដែលពួកគេស្រឡាញ់ជាខ្លាំង ។ តើវានឹងទៅជាយ៉ាងដូចម្តេចដែរ ប្រសិនបើខ្ញុំកំពុងអង្គុយនៅទីនោះជាមួយពួកលោក ដោយមើលអ្វីគ្រប់យ៉ាងនោះ ។ ខ្ញុំមានអារម្មណ៍ថាឈឺចាប់ក្នុងដួងចិត្តខ្ញុំយ៉ាងខ្លាំង ពោរពេញដោយសេចក្តីឈឺចាប់ និង ទុក្ខព្រួយសម្រាប់អ្វីដែលទ្រង់ហៀបនឹងដកបទពិសោន៍សម្រាប់ខ្ញុំ ។
ព្រលឹងរបស់ខ្ញុំបានពោរពេញដោយបំណងប្រាថ្នាដ៏ខ្លាំងដើម្បីធ្វើខ្លួនជាមនុស្សកាន់តែប្រសើរជាងមុន ។ នៅក្នុងការប្រែចិត្ត និង ការសោកស្តាយ ខ្ញុំបានបួងសួងដោយស្មោះ ដើម្បីអាចយ៉ាងហោចណាស់ជូត និង ចៀសផុតពីការកំពប់ព្រះលោហិតពីរបីតំណក់របស់ទ្រង់ដែលបានច្រូចនៅក្នុងច្បារគែតសេម៉ានី ។
ក្រោយមកខ្ញុំបានពិចារណាអំពីសាក្រាម៉ង់ដែលយើងទទួលទានរាល់សប្តាហ៍នៅក្នុងការចងចាំពីទ្រង់ ។ អំឡុងពេលធ្វើដូច្នោះ ខ្ញុំបានសញ្ជឹងគិតពីពាក្យពេចន៍និមួយៗនៃពាក្យប្រសិទ្ធិពរនំបុ័ង និង ទឹក ។ ខ្ញុំបានគិត អំពីពាក្យទាំងនេះយ៉ាងខ្លាំង « ហើយចងចាំទ្រង់ជានិច្ច » នៅក្នុងការប្រសិទ្ធិពរនំបុ័ង និង « ថាពួកគេនឹងចងចាំទ្រង់ជានិច្ច » នៅក្នុងការប្រសិទ្ធិពរទឹក ។១៣
ខ្ញុំបានស្មិងស្មាតគិតពីអត្ថន័យនៃឃ្លាចងចាំទ្រង់ជានិច្ច ។
សម្រាប់ខ្ញុំ វាមានន័យថា ៖
-
ចងចាំពីជីវិតមុនឆាកជីវិតនេះរបស់ទ្រង់ នៅពេលភពដ៏ស្រស់ស្អាតនេះត្រូវបានបង្កើតដោយទ្រង់ ។១៤
-
ចងចាំពីការប្រសូតដ៏រាបទាបរបស់ទ្រង់នៅក្នុងស្នូក នៅបេថ្លេហិម ស្រុកយូដា ។១៥
-
ចងចាំពីកាលទ្រង់ទើបតែព្រះជន្មបាន១២ព្រះវស្សា នោះទ្រង់បានបង្រៀន និង ប្រកាសដល់ពួកអាចារ្យនៅក្នុងព្រះវិហារបរិសុទ្ធ ។១៦
-
ចងចាំនៅពេលទ្រង់បានយាងទៅតែអង្គឯងទៅក្នុងទីវាល ដើម្បីរៀបចំអង្គទ្រង់សម្រាប់ការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ។១៧
-
ចងចាំនៅពេលទ្រង់បានប្រែរូបនៅចំពោះមុខពួកសិស្សរបស់ទ្រង់ ។១៨
-
ចងចាំនៅពេលទ្រង់បានតាំងពិធីសាក្រាម៉ង់ឡើងនៅអាហារយប់ថ្ងៃចុងក្រោយជាមួយពួកគេ ។១៩
-
ចងចាំពីនៅពេលទ្រង់បានយាងទៅច្បារគែតសេម៉ានី ហើយបានរងទុក្ខយ៉ាងខ្លាំងចំពោះអំពើបាប ការឈឺចាប់ ការខកចិត្ត ព្រមទាំង ជំងឺនានារបស់យើង ដែលទ្រង់បានបង្ហូរព្រះលោហិតគ្រប់ទាំងរន្ធញើស ។២០
-
ចងចាំនៅពេល បន្ទាប់ពីការរងទុក្ខ និង ការឈឺចាប់ដ៏ខ្លាំងក្លានោះ គឺនៅច្បារគែតសេម៉ានី នោះទ្រង់ត្រូវបានបញ្ជូនទៅជាមួយនឹងការថើប ដោយសិស្សម្នាក់ដែលទ្រង់ហៅថាជាមិត្ត ។២១
-
ចងចាំកាលទ្រង់ត្រូវបានយកទៅមុខលោកពីឡាត់ និង ស្តេច ហេរ៉ូឌសម្រាប់ការកាត់ទោស ។២២
-
ចងចាំនៅពេលទ្រង់ត្រូវបានគេបន្ទាបបន្ធោក ផ្ចាញ់ផ្ចាល់ ស្តោះទឹកមាត់ដាក់ វាយធ្វើបាប និង ធ្វើទុក្ខទោសដោយខ្សែតីដែលធ្វើឲ្យព្រះកាយទ្រង់ដាច់រហែក ។២៣
-
ចងចាំនៅពេលភួងបន្លាត្រូវបានបំពាក់លើព្រះសិរសាទ្រង់យ៉ាងឃោរឃៅ ។២៤
-
ចងចាំថាទ្រង់បានលីឈើឆ្កាងផ្ទាល់របស់ទ្រង់ទៅភ្នំគាល់កូថា ហើយថាទ្រង់ត្រូវបានដំដែកគោជាប់នឹងឈើឆ្កាងនៅទីនោះ ដោយរងការឈឺចាប់ទាំងព្រះកាយ និង វិញ្ញាណ ។២៥
-
ចងចាំនៅលើឈើឆ្កាង ពេញដោយព្រះទ័យសប្បុរស នោះទ្រង់បានទតមើលទៅអស់អ្នកដែលឆ្កាងទ្រង់ ហើយងើយព្រះភក្ត្រទ្រង់ទៅលើមេឃដោយទូលអង្វរថា « ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ » ។២៦
-
ចងចាំនៅពេលទ្រង់ដឹងថាទ្រង់បានបំពេញបេសកកម្មនៃការសង្គ្រោះមនុស្សលោកទាំងអស់របស់ទ្រង់ នោះទ្រង់បានប្រគល់វិញ្ញាណរបស់ទ្រង់ថ្វាយទៅក្នុងព្រះហស្តរបស់ព្រះវរបិតាទ្រង់ ដែលជាព្រះវរបិតាយើងផងដែរ ។២៧
-
ចងចាំពីការរស់ឡើងវិញរបស់ទ្រង់ ដែលនាំមកនូវការរស់ឡើងវិញរបស់យើងផ្ទាល់ និង លទ្ធភាពដើម្បីរស់នៅក្បែរទ្រង់សម្រាប់ពេលដ៏នៅអស់កល្បជានិច្ច អាស្រ័យលើជម្រើសរបស់យើង ។២៨
ហើយលើសពីនោះទៀត ការស្មិងស្មាតលើពាក្យអធិស្ឋានសាក្រាម៉ង់ និង ពាក្យអធិស្ឋានដ៏ពិសេស និង មានអត្ថន័យនោះ រំឭកខ្ញុំថាតើវាអស្ចារ្យប៉ុណ្ណាទៅដើម្បីទទួលបានការសន្យា អំឡុងពេលប្រសិទ្ធិពរសាក្រាម៉ង់ ដែលថានៅពេលយើងចងចាំទ្រង់ជានិច្ច នោះយើងនឹងមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹងយើងជានិច្ច ។២៩
ខ្ញុំជឿថា ព្រះអម្ចាស់មានពេលកំណត់ផ្ទាល់របស់ទ្រង់ ថានៅពេលណាដែលទ្រង់នឹងប្រទានវិវរណៈដល់ពួកយើង ។ ខ្ញុំបានជឿការណ៍នេះយ៉ាងច្បាស់អំឡុងពេលសិក្សា សាស្ដា ៣:១, ៦ ដែលអានថា ៖
« មានពេលសម្រាប់គ្រប់ទាំងអស់ គឺមានពេលសម្រាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ ៖ …
« មានពេលសម្រាប់ស្វែងរក ហើយពេលសម្រាប់បាត់បង់ទៅ មានពេលសម្រាប់រក្សាទុក ហើយពេលសម្រាប់បោះបង់ចោល » ។
ពិធីសាក្រាម៉ង់ក៏ជាពេលមួយសម្រាប់ព្រះវរបិតាសួគ៌បង្រៀនយើងអំពីដង្វាយធួនរបស់ព្រះរាជបុត្រាសំណព្វទ្រង់—គឺព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ—ហើយជាពេលសម្រាប់យើងទទួលវិវរណៈអំពីដង្វាយធួនផងដែរ ។ វាជាពេល « គោះ នោះតែងនឹងបើកឲ្យអ្នក »៣០ ដើម្បីស្នើសុំ និង ទទួលចំណេះដឹងនេះ ។ វាជាពេលសម្រាប់យើងទូលសុំដល់ទ្រង់ដោយគារវភាព សម្រាប់ចំណេះដឹងនេះ ។ ហើយប្រសិនបើយើងធ្វើដូច្នេះ នោះខ្ញុំគ្មានមន្ទិលសង្ស័យឡើយថា យើងនឹងទទួលបានចំណេះដឹងនេះ ដែលនឹងប្រទានពរដល់ជីវិតរបស់យើងហួសពីការវាស់វែងបាន ។
ខ្ញុំស្រឡាញ់ថ្ងៃឈប់សម្រាក ពិធីសាក្រាម៉ង់ និង អត្ថន័យរបស់វា ។ ខ្ញុំស្រឡាញ់ព្រះអង្គសង្គ្រោះដោយអស់ពីព្រលឹងខ្ញុំ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។