ឆ្នាំ ២០១០-២០១៩
នៅទីនេះ​ដើម្បីបម្រើ​ដោយ​បុព្វហេតុ​សុចរិត
តុលា 2015


11:26

នៅទីនេះ​ដើម្បីបម្រើ​ដោយ​បុព្វហេតុ​សុចរិត

សូម​ឲ្យ​យើង​ជ្រើសរើស​បម្រើ​ដោយ​បុព្វហេតុ​ដ៏​សុចរិត ជា​អ្នក​តំណាង​ឲ្យ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង ។

ខ្ញុំ​មានអំណរគុណ​ដែល​យើង​អាច​ជួបជុំគ្នា​ជា​ស្ត្រី​ស្មោះត្រង់ ដូចជា​លីសា--ជា​បងស្រី​​នៅក្នុង​វីដេអូ-- ដែល​មានចិត្ត​បរិសុទ្ធ ដែលស្រឡាញ់ព្រះអម្ចាស់ ហើយ​បម្រើ​ទ្រង់ ទោះជា​​ខ្លួនស្ថិត​នៅក្នុង​ឧបសគ្គ​ក្ដី ។ រឿង​របស់លីសា រំឭក​យើង​ថា យើង​ត្រូវ​តែ​ស្រឡាញ់​ ហើយ​មើល​ឃើញ​ភាព​ស្រស់​ស្អាត​​នៃ​ព្រលឹង​រវាង​គ្នា​នឹង​គ្នា ។ ព្រះអង្គសង្គ្រោះ​បង្រៀន​ថា « ចូរចាំ​ចុះ​ថា តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » ។1 មិន​ថា​យើង​មានអាយុ ៨ ឆ្នាំ ឬ​ ១០៨ ឆ្នាំ​នោះ​ទេ យើង​ម្នាក់ៗ​មាន « តម្លៃ​នៅក្នុង​ព្រះនេត្រ​នៃ [ទ្រង់] »2 ទ្រង់​ស្រឡាញ់​យើង ។ យើង​គឺ​ជា​បុត្រី​របស់​ព្រះ ។ យើង​គឺ​ជា​ស៊ីស្ទើរ​នៅក្នុងស៊ីយ៉ូន ។ យើង​មាន​និស្ស័យ​នៃ​ព្រះ ហើយ​យើង​ម្នាក់ៗ​មាន​កិច្ចការ​រុង​រឿង​មួយ​ដែល​ត្រូវធ្វើ ។

នៅ​ក្នុង​រដូវ​ក្ដៅ ខ្ញុំ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ម្ដាយ​វ័យ​ក្មេង​ដ៏​ឯកោ​ម្នាក់​ដែល​មាន​កូន​ស្រីជា​ច្រើននាក់ ។ នាង​បាន​ចែកចាយ​អារម្មណ៍នាង​នឹង​ខ្ញុំ​ថា យុវនារី​របស់​យើង​ត្រូវការ​បុព្វហេតុ​មួយ ជា​អ្វី​ដែល​ជួយ​ពួកគេ​មាន​អារម្មណ៍​ថា​មាន​តម្លៃ ។ នាង​បាន​ដឹង​ថា យើង​អាច​រក​ឃើញ​តម្លៃ​ជា​បុគ្គល និង​អស់កល្ប​ជានិច្ច​របស់​យើង ដោយ​ការ​ធ្វើ​តាម​គោលបំណង​ដ៏​ទេវភាព​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ។ នាយប់នេះ ក្រុមចម្រៀង​បាន​ច្រៀង ​ទំនុកដ៏​ពិរោះ និង​អស្ចារ្យ ដែល​បង្រៀន​យើង​អំពីគោលបំណងរបស់​យើង ។ តាម​រយៈ​ការ​សាកល្បង​ និង​ឧបសគ្គ ទោះជា​ក្នុង​ភាព​ភ័យខ្លាច និង​នៅ​កណ្ដាល​ភាព​អស់​សង្ឃឹម​ក្ដី យើង​មាន​ដួងចិត្ត​អង់អាច ។ យើង​បាន​តាំង​ចិត្ត​ធ្វើ​ចំណែក​របស់​យើង ។ យើង​នៅ​ទីនេះ​ដើម្បី​បម្រើ​បុព្វហេតុ​សុចរិត ។3 បងប្អូន​ស្រី​ទាំងឡាយ យើង​មាន​តម្លៃ​ទាំងអស់​នៅ​ក្នុង​បុព្វហេតុ​នេះ ។ យើង​ទាំងអស់គ្នា​គឺ​ត្រូវការជា​​ចាំបាច់ ។

បុព្វហេតុ​សុចរិត​ដែល​យើង​បម្រើ​ គឺជា​បុព្វហេតុ​នៃ​ព្រះគ្រីស្ទ ។ វា​គឺជា​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។4 ព្រះអម្ចាស់​បានបង្រៀន​ថា « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង សិរីល្អ​របស់​យើង—គឺ​ដើម្បី​នំា​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ។5 យើង​គឺ​ជា​បុព្វហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រង​ទុក្ខ បង្ហូរ​ព្រះ​លោហិត​ពី​គ្រប់​រន្ធ​ញើស ហើយ​បាន​ប្រទាន​ព្រះជន្ម​ទ្រង់​ដោយ​ក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ ។ បុព្វហេតុ​របស់​ទ្រង់​គឺ​ជា​ដំណឹងល្អ « ជា​ដំណឹង​ដ៏​រីករាយ … ថា​ទ្រង់​បាន​យាង​មក​ក្នុង​ពិភពលោក គឺ​ព្រះយេស៊ូវ ដើម្បី​ត្រូវ​គេ​ឆ្កាង​ជំនួស​ពិភពលោក ហើយ​ដើម្បី​ផ្ទុក​​អំពើ​បាប​ទាំងឡាយ​នៃ​ពិភពលោក ហើយ​ដើម្បី​ញែក​ពិភពលោក​ចេញ​ជា​បរិសុទ្ធ ហើយ​ដើម្បី​ជំរះ​ពិភពលោក​ឲ្យ​ស្អាត​ចេញ​ពី​អំពើ​ដ៏​ឥត​សុចរិត​ទាំង​អស់ តាមរយៈ​ព្រះអង្គ​ មនុស្ស​ទាំងអស់​នឹង​បាន​សង្គ្រោះ » ។ 6 ព្រះអង្គ​សង្គ្រោះ​យើង « បាន​គូស​ដាន និង​ដឹកនាំ​ផ្លូវ » ។7 ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ដើរ​តាម​គំរូ​របស់​ទ្រង់ ស្រឡាញ់​ព្រះ ហើយ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សន្ដាន​ចិត្ត​ល្អ និង​ក្ដី​មេត្តា​ករុណា នោះ​យើង​អាច​ឈរ​នៅ​ក្នុង​បរិសុទ្ធភាព «ចំពោះ​ព្រះភ័ក្រ​​​ទ្រង់​នៅ​ថ្ងៃ​ចុង​ក្រោយ​ដោយ​គ្មាន​ទោស​កំហុស » ។8 យើង​ជ្រើស​បម្រើ​ព្រះអម្ចាស់​នៅក្នុង​បុព្វហេតុ​សុចរិត​របស់​ទ្រង់ ដើម្បី​យើង​អាច​ក្លាយ​ទៅ​ជា​តែមួយ​ជា​មួយ​នឹង​ព្រះវរបិតា និង​ព្រះរាជបុត្រា ។9

ព្យាការី មរមន បាន​ថ្លែង​ដោយ​មុតមាំ​ថា « ដ្បិត​យើង​មាន​ការណ៍​មួយ​សម្រាប់​ធ្វើ នៅ​ពេល​យើង​នៅ​ក្នុង​រោងឧបោសថ​ឥដ្ឋ​នេះ ដើម្បី​ឲ្យ​យើង​អាច​ឈ្នះ​លើ​ខ្មាំង​សត្រូវ នៃ​អស់​ទាំង​សេចក្ដីសុចរិត​ ឯ​ព្រលឹង​របស់​យើង​នឹង​សម្រាក​នៅ​ក្នុង​នគរ​ព្រះ » ។10 អ្នកដឹកនាំ​សាសនាចក្រ​ជំនាន់​មុន និង​អ្នក​ត្រួសត្រាយ​ផ្លូវ​ពី​អតីតកាល បាន​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​ភាព​ក្លាហាន ហើយ​បាន​តាំង​ចិត្ត​ដោយ​ស្មោះត្រង់​ដើម្បី​ស្ថាបនា​ដំណឹងល្អ​ដែលបាន​ស្ដារ​ឡើង​វិញ ហើយ​បាន​សង់​ព្រះវិហារ​បរិសុទ្ធ​ជា​ទី​ដែល​ពិធី​បរិសុទ្ធ​នៃ​ភាព​លើក​តម្កើង អាច​ត្រូវ​បាន​ធ្វើ​ឡើង ។ ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​បច្ចុប្បន្ន មាន​ន័យ​ថា​ជា​អ្នក និង​ខ្ញុំ ​ក៏​កំពុង​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​ជំនឿ​ផងដែរ « ដើម្បី​ធ្វើ​ការងារ​នៅ​ក្នុង​ចម្កា​ទំពាំង​បាយ​ជូរ​របស់ [ព្រះអម្ចាស់] សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង​នៃ​មនុស្ស​លោក » ។11 ហើយ​ដូចជា​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀន​ថា « អនាគត​នឹង​សំខាន់​ប៉ុណ្ណា នៅ​ពេល​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​បន្ដ​កិច្ចការ​ដ៏​រុងរឿង​របស់​ទ្រង់ … តាមរយៈ​[ការ​បម្រើ​] ពុំ​គិត​ពី​ខ្លួន​ឯង​របស់​អ្នកទាំងឡាយ​ដែល​ដួងចិត្ត​​ពេញ​ទៅ​ដោយ​ក្ដីស្រឡាញ់​ចំពោះ​ព្រះអង្គ​ប្រោសលោះ​នៃ​ពិភពលោក​នោះ » ។12 យើង​ចូលរួម​នឹង​បងប្អូន​ស្រី​ស្មោះត្រង់​កាលពី​អតីតកាល បច្ចុប្បន្នកាល ​និង​ជំនាន់​កំពុង​ពេញ​វ័យ នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ !

ពី​មុន​​យើង​បាន​កើត​មក យើង​បាន​ទទួល​យក​ផែនការ​របស់​​ព្រះវរបិតា​សួគ៌​យើង « ដែល​នាំ​ឲ្យយើង​ ​អាច​ទទួល​រូបកាយ ហើយ​នឹង​ទទួល​បទពិសោធន៍​នៅលើ​ផែនដី ដើម្បី​រីកចម្រើន​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ ហើយ​នៅ​ទីបញ្ចប់​នឹង​ដឹង​ពី​គោល​បំណង​ដ៏​ទេវភាព​ [របស់​យើង] ដោយ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ទុក​ជា​មរតក » ។13 ​អែលឌើរ ចន អេ វិតសូ បាន​ពន្យល់​អំពី​សេចក្ដី​សញ្ញា​កាល​ពី​ជីវិត​មុន​ជីវិត​នេះ​ថា ៖ « យើង​បាន​យល់​ព្រម នៅ​ពេលនោះ និង​នៅ​ទីនោះ ដើម្បី​ធ្វើ​ជា​អ្នក​សង្គ្រោះ​ពុំ​មែន​សម្រាប់​តែ​ខ្លួន​ឯង​ទេ ប៉ុន្ដែ …ជា​អ្នក​សង្គ្រោះ​សម្រាប់​គ្រួសារ​មនុស្ស​លោកទាំងមូល ។ យើង​បាន​ធ្វើ​ជា​ដៃគូ​នឹង​ព្រះអម្ចាស់ ។ នៅ​ពេល​នោះ ការ​រៀបចំ​ផែនការបាន​ក្លាយ​ជា​ផែនការ​សម្រាប់​កិច្ចការ​របស់​ព្រះបិតា​ និង​កិច្ចការ​របស់​ព្រះអង្គសង្គ្រោះ ព្រមទាំងកិច្ចការ​របស់​យើង​ផងដែរ ។ អ្នក​ទន់ទាប ហើយ​រាបសារ​បំផុត គឺ​ជា​ដៃគូ​នឹង​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ក្នុង​ការ​សម្រេច​គោលបំណង​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ដ៏​អស់កល្ប​ជានិច្ច » ។14

នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ យើង​បាន​ចុះ​សេចក្ដី​សញ្ញា​ម្ដង​ទៀត​​ដើម្បី​បម្រើ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។ តាមរយៈ​ការ​ចូលរួម​នៅ​ក្នុង​ពិធីបរិសុទ្ធ​បព្វជិតភាព​ដ៏​ពិសិដ្ឋ នោះ​យើង​បាន​សន្យា​ថា យើង​នឹង​​ចាប់​ផ្ដើម​ធ្វើ​ការ​បម្រើ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង ។15 យើង​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​ស្វែងរក​ការ​បំផុស​គំនិត​របស់​ទ្រង់​ដើម្បី​ដឹកនាំ​កិច្ច​ខិតខំ​របស់​យើង ។ សេចក្ដី​សុចរិត បាន​សាយ​ភាយ​ទៅ​កាន់​ពិភពលោក នៅពេល​យើង​យល់​នូវ​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ​ រួចយើង​ធ្វើ​វា ។

ខ្ញុំ​ស្គាល់​កុមារ​អង្គការ​បឋមសិក្សា​ម្នាក់ ​ដែល​បាន​និយាយ​ទៅ​កាន់​មិត្ត​ម្នាក់​ដែល​ឈរ​នៅ​ចំណត​ឡាន​ក្រុង​ « ហ្ហេ៎ !​ ឯង​គួរ​ទៅ​ព្រះវិហារ​ ហើយ​រៀនអំពី​ព្រះយេស៊ូវ​ជាមួយ​ខ្ញុំ​ ! »

ខ្ញុំ​បាន​ឃើញ​យុវនារី​ថ្នាក់​យុវនារី រួម​ដៃគ្នា​ ហើយ​បាន​ធ្វើ​ការ​តាំងចិត្ត​មួយ​ដើម្បី​បម្រើ​គ្នា​ទៅ​វិញ​ទៅមក ហើយ​រៀប​ផែនការ​មួយ​សមរម្យ​ដើម្បី​ជួយ​ដល់​យុវនារី​ម្នាក់​ដែល​កំពុង​ពុះពារ​នឹងការ​ញៀន ។

ខ្ញុំ​បាន​ឃើញ​ម្ដាយ​វ័យ​ក្មេងបាន​លះបង់​ពេលវេលា ទេពកោសល្យ និង​កម្លាំង​​របស់ពួកគេ​ទាំងអស់ ដើម្បី​បង្រៀន ហើយ​ធ្វើជា​គំរូ​ពី​គោលការណ៍​ដំណឹងល្អ​ដើម្បី​ឲ្យ​កូនៗ​របស់​ពួកគេ បាន​ដូចជា​ពួក​កម្លោះ​ហេលេមិន ដែល​អាច​ឈរ​ដោយ​ក្លាហាន និង​ដោយ​ស្មោះត្រង់​ឆ្លងកាត់​ឧបសគ្គ ការល្បួង និង​មារសត្រូវ ។​

ប៉ុន្តែ​អ្វី​ដែល​រាបសាបំផុត​ចំពោះ​ខ្ញុំ គឺ​ពេល​​ស្ដាប់ឮ​​នារី​មជ្ឈិមវ័យ​នៅ​លីវ​ម្នាក់​ប្រកាស​ដោយ​ទីបន្ទាល់​ដ៏​បរិសុទ្ធ​យ៉ាង​មុតមាំ​ថា កិច្ចការ​សំខាន់​បំផុត​ដែល​យើង​អាច​ធ្វើ គឺ​ត្រៀម​ខ្លួន​រៀបការ និង​មាន​គ្រួសារ ។ ទោះ​ជា​នេះ​ពុំ​មែនជា​បទពិសោធន៍​របស់នាង តែ​នាង​បាន​ដឹង​ថា គ្រួសារ​គឺ​ជា​បេះដូង​នៃ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។ « ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាព​នេះ ផ្តល់​លទ្ធភាព​ដល់​ទំនាក់​ទំនង​ក្រុម​គ្រួសារ ចេះតែ​បន្ត​មាន​រហូត​ហួស​ពី​សេចក្តី​ស្លាប់ » ។16 យើង​គោរព​ផែនការ​របស់​ព្រះបិតា ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ ពេល​យើង​ពង្រឹង ហើយលើក​កម្ពស់​​ទំនាក់​ទំនង​ទាំងនោះ​នៅក្នុង​សេចក្ដីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍​ ។ យើង​ជ្រើស​រស់នៅ​ក្នុង​ជីវិត​បរិសុទ្ធ​ ហើយ​ប្រកប​ដោយ​គុណធម៌ ដើម្បី​ពេល​ណា​ឱកាស​មក​ដល់ យើង​បាន​ត្រៀមខ្លួនធ្វើ​​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​នោះ នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ហើយ​រក្សា​វា​ជា​រៀងរហូត ។

យើង​ទាំងអស់​គ្នា​ដក​ពិសោធន៍​ពី​ពេលវេលា និង​រដូវ​ទាំងឡាយ​​នៅក្នុងជីវិត​យើង ។ ប៉ុន្ដែ​ទោះជា​យើង​នៅ​សាលារៀន ធ្វើ​ការ​​នៅក្នុង​សហគមន៍ ឬ​ជាពិសេស​នៅក្នុង​គេហដ្ឋាន​ក្ដី យើង​គឺ​ជា​ភ្នាក់​ងារ​របស់​ព្រះអម្ចាស់ យើង​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ ។

នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ គ្មាន​កន្លែង​សម្រាប់​ការ​ប្រៀបធៀប ការរិះគន់ ឬ​ការ​ដាក់​ទោស​គ្នា​ទេ ។ វា​ពុំ​អាស្រ័យ​ទៅ​លើ​វ័យ បទពិសោធន៍ ឬ​ប្រជាប្រិយភាព​ទេ ។ កិច្ចការ​ពិសិដ្ឋ​នេះ គឺ​អំពី​ការ​អភិវឌ្ឍ​ដួង​ចិត្ត​ប្រេះស្រាំ វិញ្ញាណ​សង្រេង និង​ឆន្ទៈ​ប្រើ​អំណោយទាន​ពី​ព្រះ​របស់​យើង និង​ទេពកោសល្យ​ដ៏​វិសេស​ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​តាម​របៀប​របស់​ទ្រង់ ។ វា​គឺជា​ភាពរាបសា​ដើម្បី​លុតជង្គង់​ចុះ រួច​ថ្លែង​ថា « ឱ ព្រះវរបិតា​អើយ … កុំ​តាម​ចិត្ត ​[ ខ្ញុំ​ម្ចាស់ ] ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ។17

នៅ​ក្នុង​កម្លាំង​នៃ​ព្រះអម្ចាស់ យើង « អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន » ។18 យើង​បន្ដ​ស្វែងរក​ការ​ដឹកនាំ​របស់​ទ្រង់​នៅ​ក្នុង​ការ​អធិស្ឋាន នៅក្នុង​ព្រះគម្ពីរ និង​នៅក្នុង​ការ​ខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ស្ត្រីម្នាក់ បាន​ជួប​នឹង​កិច្ចការ​ដ៏​លើស​លប់​មួយ បាន​សរសេរ​ថា « ពេល​ខ្លះ ខ្ញុំ​ឆ្ងល់​ថា តើ​ស្ត្រីៗ​នៅ​ក្នុង​ប្រវត្តិ​សាសនាចក្រ​ជំនាន់​មុន ដូចជា​យើង មិន​ដាក់​ក្បាល​ទៅ​លើ​ខ្នើយ​ពេល​យប់​ ហើយ​អធិស្ឋាន​ថា ‹ តើ​ថ្ងៃ​ស្អែក​នឹង​ទៅ​ជា​យ៉ាងណា តើ​ទ្រង់​នឹង​ជួយ ​[ ខ្ញុំ​ម្ចាស់ ] ​ឆ្លង​កាត់​វា​ឬទេ ? ›» បន្ទាប់​មក​គាត់​បាន​សរសេរ​ថា « មាន​ពរជ័យ​មួយ គឺ ​[ ថា ] យើង​មាន​គ្នា​ទៅវិញ​ទៅមក ហើយ​យើង​ស្ថិត​នៅក្នុង​ការណ៍នេះ​ជាមួយ​គ្នា ! »19 មិន​ថា​ស្ថានភាព​របស់យើង​យ៉ាងណា មិនថា​យើង​នៅ​ត្រង់​ណា​លើ​ផ្លូវ​ឆ្ពោះ​ទៅ​សេចក្ដី​សង្គ្រោះនោះ​ទេ យើង​រួម​គ្នា​ជា​ធ្លុង​មួយ​នៅក្នុង​ការ​តាំងចិត្ត​របស់​យើង​ចំពោះ​ព្រះអង្គសង្គ្រោះ ។ យើង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​បម្រើ​របស់​ទ្រង់ ។

អេឡា ហូស្គីន​បានបញ្ចប់​កម្មវិធី​​ការ​អភិវឌ្ឍ​ខ្លួន​

ថ្មីៗ​នេះ អ្នកអាច​នឹង​បាន​អាន​អំពី​បងស្រី អេឡា ហូស្គីន ដែល​មាន​វ័យ ១០០ ឆ្នាំ ត្រូវ​បាន​ហៅ​ឲ្យ​ជួយ​យុវនារី​នៅ​ក្នុង​វួដ​របស់​គាត់​ធ្វើ​កម្មវិធី​អភិវឌ្ឍ​ខ្លួន ។20 ប្រហែល​ជា​ពីរ​ឆ្នាំ​ក្រោយមក នៅ​វ័យ ១០២ ឆ្នាំ បងស្រី ហូស្គីន បាន​ទទួល​រង្វាន់​នៃ​ការ​ទទួលស្គាល់​ភាព​ជា​ស្ត្រី​របស់​យុវនារី ។ យុវនារី គណៈប្រធាន​យុវនារី និង​សមាគម​សង្គ្រោះ​ស្ដេក និង​វួដ ព្រមទាំង​សមាជិកគ្រួសារ​ បាន​ជួបជុំ​គ្នា​ដើម្បី​អបអរ​ដល់​​ជោគជ័យ​របស់​គាត់ ។ ព្រំដែន​នៃ​វ័យ អង្គការ និង​ស្ថានភាព​រៀបការ បាន​រលាយ​បាត់​អស់​នៅក្នុង​ការ​បម្រើ​ដោយ​ស្មោះត្រង់ ។ ក្រុម​យុវនារី បាន​សម្ដែង​ការ​ដឹងគុណ​ដល់​បងស្រី ហូស្គីន ចំពោះ​ការ​បង្រៀន​ និងគំរូ​សុចរិត​របស់​គាត់ ។ ពួកគេ​ចង់​ក្លាយ​ដូចជា​គាត់ ។ បន្ទាប់ពី​នោះ ខ្ញុំ​បាន​សួរ​បង​ស្រី ហូស្គីន​ថា « តើ​បង​ធ្វើ​វា​យ៉ាង​ដូចម្ដេច ? »

គាត់​បាន​តប​ភ្លាម​ថា « ខ្ញុំ​បាន​ប្រែ​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ » ។

ចេញ​មកពី​ស្ត្រី​ដ៏​ទន់ភ្លន់​រូប​នេះ ដែល​មានពេញ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ​គាត់​មាន​ពន្លឺ​ដ៏​បរិសុទ្ធ នោះ​ខ្ញុំ​ត្រូវ​បាន​រំឭក​ថា ដើម្បី​​បំភ្លឺ​ជាមួយ​នឹង​សម្រស់​នៃ​ភាព​បរិសុទ្ធ ដើម្បីឈរ​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះ ហើយ​ប្រទានពរ​ដល់​អ្នក​ដទៃ នោះ​យើង​ត្រូវ​តែ​ស្អាត​ស្អំ ។ បរិសុទ្ធ​ភាព គឺ​អាច​មាន តាមរយៈ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ នៅពេល​យើង​បដិសេធ​​អំពើ​ដ៏​ឥត​បរិសុទ្ធ ហើយ​ជ្រើសរើស​ស្រឡាញ់​ព្រះ​ដោយអស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង ។21 សាវក​ប៉ុល​បានបង្រៀនថា « ​ឲ្យ​រត់​ពី​សេចក្តី​ស្រើបស្រាល​របស់​ក្មេងៗ​ចេញ … ៖ … ហើយ​ដេញ​តាម​សេចក្តី​សុចរិត សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្រី ជា​មួយ​នឹង​អ្នក​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ព្រះអម្ចាស់ អំពី​ចិត្ត​ដ៏​បរិសុទ្ធ​វិញ ។22 គ្មាន​យើង​ណា​ម្នាក់​ដែល​ល្អ​គ្រប់លក្ខណ៍​នោះ​ទេ ។ យើង​ទាំងអស់គ្នា​​ធ្លាប់​ធ្វើ​ខុស ។​ ប៉ុន្តែ​យើង​ប្រែចិត្ត​ដើម្បី​យើងអាច​បាន​ល្អ​ប្រសើរ ហើយ « រក្សា​ព្រះនាម [ព្រះគ្រីស្ទ] ឆ្លាក់ទុក​ជានិច្ច​នៅ​ក្នុង​ដួងចិត្ត [របស់​យើង] » ។23 នៅពេល​យើង​បម្រើ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ ដោយ​អស់​ពី​ដួងចិត្ត នោះ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ ហើយ​ជួយ​​អ្នកដទៃ​ឲ្យ​មើល​ឃើញ​ថា​​​ស្ថានសួគ៌​ជា​យ៉ាងណា ។

សូម​ឲ្យ​យើង​ជ្រើសរើស​បម្រើ​ដោយ​បុព្វហេតុ​ដ៏​សុចរិត ជា​អ្នក​តំណាង​ឲ្យ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង ។ ចូរ​យើ​ងឈរ​រួម​គ្នា ហើយ « ច្រៀង​ចម្រៀង​ក្នុង​ចិត្ត [របស់​យើង] រួចឆ្ពោះ​ទៅ​មុខ រស់នៅ​តាម​ដំណឹងល្អ ស្រឡាញ់​ព្រះអម្ចាស់ ​ហើយ​ស្ថាបនា​នគរ​ [ទ្រង់] » ។24 ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ក្នុង​កិច្ចការ​ដ៏​រុងរឿង​នេះ យើង​អាច​ស្គាល់​ក្ដី​ស្រឡាញ់​ដ៏បរិសុទ្ធ​នៃ​ព្រះ ។ យើង​អាច​ទទួល​បាន​ក្ដី​អំណរ​ពិត ហើយ​ទទួល​បាន​សិរីល្អ​នៃ​ភាព​អស់កល្បជានិច្ច​​ទាំងអស់ ។​ នៅ​ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។