មានរបៀបរៀបរយជាអ្នកស្រុកប្រ៊ីស្តូល ៖ ភាពសក្ដិសមដើម្បីចូលព្រះវិហារបរិសុទ្ធ—ទាំងក្នុងគ្រាល្អៗ និងគ្រាអាក្រក់ៗ
ការប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ដំណឹងល្អដ៏ពិសិដ្ឋ នឹងធ្វើឲ្យយើងមានភាពសក្ដិសមដើម្បីចូលព្រះវិហារបរិសុទ្ធ អាចឲ្យយើងស្វែងរកសុភមង្គលក្នុងជីវិតនេះ ហើយនាំយើងត្រឡប់ទៅគេហដ្ឋានសួគ៌ារបស់យើងវិញ ។
ព្យាការី លីហៃ បានប្រកាសថា « បើសិនជាគ្មានសេចក្ដីសុចរិតទេ នោះក៏គ្មានសុភមង្គលដែរ » ។១
មារសត្រូវបានជោគជ័យក្នុងការបណ្ដុះអភូតកថាដ៏អស្ចារ្យមួយក្នុងគំនិតមនុស្សជាច្រើន ។ វា និងបេសកជនរបស់វាប្រកាសថា ជម្រើសដ៏ពិតដែលយើងមាន គឺរវាងសុភមង្គល និងក្ដីរីករាយ នាពេលឥឡូវនេះ ក្នុងជីវិតនេះ និងសុភមង្គលក្នុង ជីវិតខាងមុខ ( ដែលមារសត្រូវប្រកាសថា មិនអាចមានទេ ) ។ អភូតកថានេះគឺជាជម្រើសខុសឆ្គង ប៉ុន្តែវាទាក់ទាញចិត្តខ្លាំងណាស់ ។២
គោលបំណងដ៏ថ្លៃថ្នូរខ្ពង់ខ្ពស់បំផុតនៃផែនការសុភមង្គលរបស់ព្រះ គឺដើម្បីឲ្យពួកសិស្ស និងគ្រួសារក្នុងសេចក្ដីសញ្ញាដ៏សុចរិតបានរួបរួមក្នុងក្ដីស្រឡាញ់ ការស្រុះស្រួល និងក្ដីសុខសាន្ត ក្នុងជីវិតនេះ៣ ហើយទទួលបានសិរីរុងរឿងសេឡេស្ទាលក្នុងភាពអស់កល្បជានិច្ចជាមួយព្រះជាព្រះវរបិតា ព្រះអង្គបង្កបង្កើតរបស់យើង និងព្រះរាជបុត្រាសំណព្វទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ព្រះអង្គសង្គ្រោះរបស់យើង ។៤
កាលខ្ញុំជាអ្នកផ្សព្វផ្សាយវ័យក្មេងម្នាក់ ដែលត្រូវបានចាត់ឲ្យបម្រើនៅបេសកកម្មអង់គ្លេស តំបន់ដំបូងរបស់ខ្ញុំគឺមណ្ឌលប្រ៊ីស្តូល នៅពេលនោះ ។ អ្នកដឹកនាំសាសនាចក្រក្នុងតំបន់ម្នាក់បានសង្កត់ធ្ងន់ថា ពួកអ្នកផ្សព្វផ្សាយដែលបម្រើក្នុងតំបន់នោះត្រូវតែ « មានរបៀបរៀបរយជាអ្នកស្រុកប្រ៊ីស្តូល » ។
មុនដំបូងខ្ញុំមិនយល់ថាគាត់មានន័យយ៉ាងណាទេ ។ មិនយូរប៉ុន្មាន ខ្ញុំបានរៀនពីប្រវត្តិសាស្ត្រ និងអត្ថន័យនៃឃ្លា « មានរបៀបរៀបរយជាអ្នកស្រុកប្រ៊ីស្តូល » ។ នៅគ្រាមួយ ប្រ៊ីស្តូលជាកំពុងផែដែលរវល់បំផុតទីពីរនៅចក្រភពអង់គ្លេស ។ វាមានកម្រិតកម្ពស់ទឹក ១៣ ម៉ែត្រ ជាកម្រិតទឹកខ្ពស់បំផុតទីពីរក្នុងពិភពលោក ។ ពេលទឹកនាច ជាពេលដែលទឹកស្រក កប៉ាល់ចាស់ៗនឹងកឿងនឹងបាតសមុទ្រ ហើយផ្អៀងទៅចំហៀង ហើយបើកប៉ាល់ទាំងនោះមិនបានសង់ឡើងល្អទេ វានឹងខូចខាតតែម្ដង ។ ជាងនោះទៀត អ្វីគ្រប់យ៉ាងដែលមិនបានរក្សាទុក ឬចងដោយប្រុងប្រយ័ត្ននឹងត្រូវបោះបោកក្នុងស្ថានភាពវឹកវរ ហើយត្រូវបំផ្លាញ ឬខូចបង់ ។៥ បន្ទាប់ពីខ្ញុំបានយល់ពីអត្ថន័យឃ្លានោះហើយ វាច្បាស់ណាស់ថា អ្នកដឹកនាំនេះកំពុងប្រាប់យើងថា ក្នុងនាមជាអ្នកផ្សព្វផ្សាយ យើងត្រូវតែសុចរិត ធ្វើតាមច្បាប់ និងត្រៀមជាស្រេចសម្រាប់ស្ថានភាពលំបាកៗ ។
ការអញ្ជើញដដែលនេះគឺអាចអនុវត្តបានចំពោះយើងគ្រប់គ្នា ។ ខ្ញុំនឹងពិពណ៌នាការ « មានរបៀបរៀបរយជាអ្នកស្រុកប្រ៊ីស្តូល » ថាជាភាពសក្ដិសមដើម្បីចូលព្រះវិហារបរិសុទ្ធ —ទាំងក្នុងគ្រាល្អៗ និងគ្រាអាក្រក់ៗ ។
ទោះជាដំណើរជោរនាចនៃទឹកក្នុងចរន្តប្រ៊ីស្តូលអាចព្យាករបាន ហើយអាចត្រៀមបាន នោះជាញឹកញាប់ ព្យុះសង្ឃរា និងការល្បួងនៃជីវិតនេះគឺមិនអាចព្យាករទុកមុនបានឡើយ ។ ប៉ុន្តែ យើងដឹងថា វានឹងកើតឡើង ! ដើម្បីយកឈ្នះឧបសគ្គ និងការល្បួងទាំងឡាយ ដែលយើងម្នាក់ៗប្រឈមដោយចៀសមិនរួច នោះវានឹងតម្រូវឲ្យមានការរៀបចំយ៉ាងសុចរិត និងការប្រើប្រាស់ការការពារដ៏ទេវភាពដែលត្រូវបានប្រទានដល់យើង ។ យើងត្រូវតែប្ដេជ្ញាចិត្តដើម្បីមានភាពសក្ដិសមដើម្បីចូលព្រះវិហារបរិសុទ្ធ មិនថាមានអ្វីកើតឡើងចំពោះយើងឡើយ ។ បើយើងប្រុងប្រៀបទុកជាស្រេច នោះយើងនឹងមិនត្រូវខ្លាចឡើយ ។៦
សុភមង្គលក្នុងជីវិតនេះ និងសុភមង្គលក្នុងជីវិតខាងមុខ គឺប្រទាក់គ្នាដោយសេចក្ដីសុចរិត ។ សូម្បីក្នុងអំឡុងពេលរវាងក្ដីស្លាប់ និងដំណើររស់ឡើងវិញ « វិញ្ញាណរបស់ ពួកសុចរិត នឹងបានទទួលស្ថានភាពនៃសុភមង្គល ដែលជាស្ថានបរមសុខ ដែលជាស្ថានភាពឈប់សម្រាក ស្ថានភាពសុខសាន្ត » ។៧
នៅពេលដំបូងនៃការបម្រើលើផែនដីរបស់ព្រះអង្គសង្គ្រោះនៅអ៊ីស្រាអែល និងក្រោយមកក្នុងចំណោមពួកសាសន៍នីហ្វៃ ព្រះអង្គសង្គ្រោះបានមានបន្ទូលអំពីកត្តានៃសុភមង្គល ទាំងក្នុងជីវិតនេះ និងភាពអស់កល្បជានិច្ច ។ ទ្រង់បានសង្កត់ពីពិធីបរិសុទ្ធទាំងឡាយ តែទ្រង់ក៏បានសង្កត់ធ្ងន់លើអាកប្បកិរិយាខាងសីលធម៌ផងដែរ ។ ឧទាហរណ៍ ពួកសិស្សនឹងមានពរ បើពួកគេស្រេកឃ្លានសេចក្ដីសុចរិត មានមេត្តាករុណា មានចិត្តបរិសុទ្ធ ជាអ្នកផ្សះផ្សារគេ និងធ្វើតាមគោលការណ៍សីលធម៌ជាមូលដ្ឋានផ្សេងទៀត ។ ច្បាស់ណាស់ ជាគ្រឹះនៃសារលិខិតខាងគោលលទ្ធិ ព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង បានសង្កត់ធ្ងន់ទាំងលើឥរិយាបថសុចរិត និងការប្រព្រឹត្តក្នុងការរស់នៅប្រចាំថ្ងៃ ។ ការបង្រៀនរបស់ទ្រង់ មិនត្រឹមតែជំនួស និងលើសលុបទៅលើក្រឹត្យវិន័យទាំងឡាយនៃច្បាប់ម៉ូសេនោះទេ៨ តែថែមទាំងជាការជំទាស់មួយនៃទស្សនៈខុសឆ្គងរបស់មនុស្សទៀតផង ។
អស់ពេលជាច្រើនសតវត្សរ៍ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានបំផុសឲ្យមានជំនឿ និងបានបង្កើតបទដ្ឋាននៃក្រមសីលធម៌ថាអ្វីដែលសុចរិត គួរឲ្យប្រាថ្នាចង់បាន និងមានសីលធម៌ ហើយទទួលបានសុភមង្គល បរមសុខ និងក្ដីអំណរ ។ ទោះយ៉ាងណា គោលការណ៍ និងសីលធម៌ជាមូលដ្ឋាន ដែលព្រះអង្គសង្គ្រោះបានបង្រៀន គឺស្ថិតនៅក្រោមការវាយប្រហារយ៉ាងធ្ងន់ធ្ងរក្នុងពិភពលោកសព្វថ្ងៃនេះ ។ គ្រឹស្តសាសនាគឺស្ថិតនៅក្រោមការវាយប្រហារ ។ មនុស្សជាច្រើនជឿថា អ្វីដែលជាសីលធម៌នោះត្រូវបានផ្លាស់ប្ដូរហើយ ។៩
យើងរស់នៅក្នុងជំនាន់ដ៏លំបាក ។ មានទំនោរដែលកើនឡើងមួយ ក្នុងការ « រាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ » ។១០ ពិភពលោកមួយដែលសង្កត់ទៅលើការពង្រីកអំណាចមនុស្សឡើង និងការមិនជឿសាសនា គឺជាបុព្វហេតុនៃកង្វល់ដ៏ធំ ។ អ្នកនិពន្ធដ៏ល្បីម្នាក់ បានថ្លែងដូចនេះ ៖ « ជាអកុសល ខ្ញុំឃើញមានភស្ដុតាងតិចតួចដែលថា មនុស្សពិតជាកាន់តែរីករាយក្នុងគ្រាដែលយើងរស់នៅ ឬថា កូនចៅពួកគេបានប្រសើរជាង ឬថា បុព្វហេតុនៃយុត្តិធម៌សង្គមត្រូវបានប្រព្រឹត្តយ៉ាងត្រឹមត្រូវ ឬថា អាត្រានៃអាពាហ៍ពិពាហ៍ចុះអន់ថយ និងគ្រួសារតូចៗ ... ផ្ដល់នូវអ្វីៗនោះ គឺមានតែភាពឯកោកាន់តែខ្លាំង ចំពោះមនុស្សភាគច្រើន និងខ្វះការរីកចម្រើន » ។១១
ក្នុងនាមជាសិស្សរបស់ព្រះអង្គសង្គ្រោះ យើងត្រូវបានរំពឹងឲ្យដាក់ផែនការ និងប្រុងប្រៀប ។ ក្នុងផែនការនៃសុភមង្គល សិទ្ធិជ្រើសរើសខាងសីលធម៌គឺជាគោលការណ៍នៃការរៀបចំយ៉ាងសំខាន់ ហើយជម្រើសរបស់យើងគឺសំខាន់ ។១២ ព្រះអង្គសង្គ្រោះបានសង្កត់ធ្ងន់ពីការណ៍នេះ ពេញទាំងការបម្រើរបស់ទ្រង់ រួមទាំងរឿងប្រៀបធៀបរបស់ទ្រង់អំពីស្ត្រីព្រហ្មចារីយ៍ឆោតល្ងង់ និងមានគំនិត ។១៣ ក្នុងរឿងទាំងនេះ ព្រះអម្ចាស់បានបញ្ជាឲ្យមានការប្រុងប្រៀប និងសកម្មភាព ហើយបន្ទោសដល់ការពន្យារពេល និងការខ្ជិលច្រអូស ។
ខ្ញុំដឹងថា ថ្វីបើមានសុភមង្គលដ៏លើសលុបក្នុងផែនការដ៏ទេវភាពរបស់ព្រះក្ដី ក៏ពេលខ្លះវាអាចមានអារម្មណ៍ថានៅឆ្ងាយ ហើយមិនទាក់ទងនឹងស្ថានភាពបច្ចុប្បន្នរបស់យើងដែរ ។ វាអាចមានអារម្មណ៍ថា ឆ្ងាយហួសពីការឈោងដល់របស់របស់យើង ក្នុងនាមជាសិស្សដែលជួបការលំបាក ។ ចេញពីទស្សនៈដែលមានកម្រិតរបស់យើង ការល្បួង និងការរំខានដែលមានថ្មីៗអាចមានភាពទាក់ទាញណាស់ ។ ហើយមួយវិញទៀត វាអាចមានអារម្មណ៍ថារង្វាន់សម្រាប់ការតទល់នឹងការល្បួងគឺនៅឆ្ងាយ ហើយមិនអាចយកបានទេ ។ តែការយល់ដឹងដ៏ពិតមួយអំពីផែនការរបស់ព្រះវរបិតាបង្ហាញថា រង្វាន់នៃក្ដីសុចរិតគឺមានក្នុងពេលឥឡូវនេះ ។ ទុច្ចរិតភាព ដូចជាការប្រព្រឹត្តអសីលធម៌ គឺមិនដែលជាផ្នែកនៃចម្លើយនោះទេ ។ អាលម៉ាបានមានប្រសាសន៍អំពីវាយ៉ាងច្បាស់ ទៅកាន់កូរីអានតុន ជាកូនប្រុសរបស់លោក ៖ « មើលចុះ ឪពុកប្រាប់កូនថា សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើង » ។១៤
គោលលទ្ធិរបស់យើងត្រូវបានថ្លែងយ៉ាងច្បាស់ដោយអាមូលេក ក្នុង អាលម៉ា ៣៤:៣២ ៖ « ដ្បិតមើលចុះ ជីវិតនេះគឺជាពេលវេលាសម្រាប់ឲ្យមនុស្សប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ មែនហើយ មើលចុះ ពេលវេលានៃជីវិតនេះ គឺជាពេលវេលាសម្រាប់ឲ្យមនុស្សប្រព្រឹត្តការងារទាំងឡាយរបស់ខ្លួន » ។
បើអញ្ចឹង តើយើងប្រុងប្រៀបយ៉ាងដូចម្ដេចទៅ ក្នុងគ្រាដ៏លំបាកបែបនេះ ? បន្ថែមលើការមានភាពសក្ដិសមដើម្បីចូលព្រះវិហារបរិសុទ្ធ មានគោលការណ៍ជាច្រើន ដែលរួមចំណែកដល់សុចរិតភាព ។ ខ្ញុំនឹងសង្កត់ធ្ងន់លើគោលការណ៍បី ។
ទីមួយ ៖ ការគ្រប់គ្រងខ្លួនឯង និងការប្រព្រឹត្តដោយសុចរិត
ខ្ញុំជឿថា ពេលខ្លះព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ដែលប្រកបដោយក្ដីស្រឡាញ់ ទ្រង់ទតមើលមកយើងជាមួយនឹងអារម្មណ៍សប្បាយដែលយើងមាន ពេលយើងមើលទៅកូនតូចៗរបស់យើងផ្ទាល់ កាលពួកគេរៀន ហើយលូតលាស់ ។ យើងគ្រប់គ្នាជំពប់ ហើយដួល តែយើងក៏បានបង្កើនបទពិសោធន៍ ។
ខ្ញុំបានពេញចិត្តនឹងសុន្ទរកថាសន្និសីទ ដែលប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានថ្លែងក្នុងឆ្នាំ ២០១០១៥ អំពីការពិសោធន៏ស្ករម៉ាសមេលឡូ ដែលបានធ្វើឡើងនៅសកលវិទ្យាល័យស្ទែនហ្វដ ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ។ អ្នកនឹងចាំថា ក្មេងៗអាយុ ៤ ឆ្នាំ បានទទួលស្ករម៉ាសមេលឡូមួយ ។ បើពួកគេអាចចាំ ១៥ ឬ ២០ នាទី ដោយមិនញ៉ាំវា នោះពួកគេនឹងទទួលបានស្ករម៉ាសមេលឡូដល់ទៅពីរ ។ មានវីដេអូនានាត្រូវបានផលិតឡើង បង្ហាញពីការរមួលពត់ពេនដែលក្មេងៗជាច្រើនបានចៀសវាងពីការញ៉ាំស្ករម៉ាសមេលឡូនោះ ។ ខ្លះមិនបានជោគជ័យទេ ។១៦
កាលពីឆ្នាំមុន សាស្ត្រាចារ្យដែលបានធ្វើការពិសោធន៍ដំបូងនោះ គឺ ដុកទ័រ វ៉លធ័រ មីសឆែល បានសរសេរសៀវភៅមួយ ដែលលោកបានមានប្រសាសន៍ថា ផ្នែកមួយនៃមូលហេតុដែលនាំឲ្យធ្វើការសិក្សានោះ គឺកង្វល់របស់លោកអំពីការគ្រប់គ្រងខ្លួនឯង និងការញៀនបារីផ្ទាល់ខ្លួនរបស់លោក ។ លោកមានកង្វល់ជាពិសេស បន្ទាប់ពីរបាយការណ៍របស់វេជ្ជបណ្ឌិតវះកាត់សហរដ្ឋនៅឆ្នាំ ១៩៦៤ បានសន្និដ្ឋានថា ការជក់បារីនាំឲ្យមានមហារីកសួត ។១៧ ការសិក្សាជាច្រើនឆ្នាំ មិត្តរួមការងារជំនាញម្នាក់របស់លោក បានរាយការណ៍ថា « ការគ្រប់គ្រងខ្លួនឯងគឺដូចជាសាច់ដុំ ៖ កាន់តែប្រើ កាន់តែរឹងមាំ ។ ការចៀសវាងពីអ្វីដែលល្បួងបានម្ដង នឹងជួយអ្នកអភិវឌ្ឍសមត្ថភាពដើម្បីទប់ទល់នឹងការល្បួងផ្សេងៗទៀតនាពេលអនាគត » ។១៨
គោលការណ៍មួយនៃការរីកចម្រើដ៏អស់កល្បគឺថា ការអនុវត្តការគ្រប់គ្រង់ខ្លួនឯង និងការរស់នៅដោយសុចរិត ពង្រឹងសមត្ថភាពយើងដើម្បីទប់ទល់នឹងការល្បួង ។ នេះជាការពិត ទាំងរឿងខាងវិញ្ញាណ និងខាងសាច់ឈាម ។
ពួកអ្នកផ្សព្វផ្សាយរបស់យើងជាគំរូដ៏អស្ចារ្យ ។ ពួកគេអភិវឌ្ឍលក្ខណៈដូចព្រះគ្រីស្ទ ហើយសង្កត់ធ្ងន់លើការគោរពប្រតិបត្តិ និងជីវភាពខាងវិញ្ញាណ ។ ពួកគេត្រូវបានរំពឹងឲ្យប្រកាន់ខ្ជាប់នូវកាលវិភាគតឹងរ៉ឹងមួយ ហើយចំណាយពេលរបស់ពួកគេក្នុងការបម្រើដល់អ្នកដទៃ ។ ពួកគេមានការតុបតែងខាងក្រៅយ៉ាងអភិរក្ស និងរមទម្យបំផុត ជាជាងលក្ខណៈនៃការស្លៀកពាក់ដែលធម្មតា ឬមិនរមទម្យដែលមានជាការទូទៅខ្លាំងណាស់នៅសព្វថ្ងៃនេះ ។ ការប្រព្រឹត្ត និងការតុបតែងខាងក្រៅរបស់ពួកគេនាំទៅរកសារដំណឹងដ៏មានសីលធម៌ និងហ្មត់ចត់ ។១៩
យើងមានអ្នកផ្សព្វផ្សាយវ័យក្មេងប្រហែល ២៣០០០០ នាក់ កំពុងបម្រើ ឬបានត្រឡប់ពីការបម្រើក្នុងអំឡុងប្រាំឆ្នាំចុងក្រោយនេះ ។ ពួកគេបានអភិវឌ្ឍកម្លាំងខាងវិញ្ញាណ និងវិន័យផ្ទាល់ខ្លួនគួរឲ្យកត់សម្គាល់ ដែលត្រូវតែបន្ដអនុវត្ត បើមិនដូច្នោះទេគុណសម្បត្តិទាំងនេះនឹងទ្រុឌទ្រោមទៅដូចជាសាច់ដុំដែលមិនបានប្រើដែរ ។ យើងទាំងអស់គ្នាត្រូវអភិវឌ្ឍ ហើយបង្ហាញពីការប្រព្រឹត្ត និងការតុបតែងខាងក្រៅដែលប្រកាសថា យើងជាអ្នកដើរតាមដ៏ពិតរបស់ព្រះគ្រីស្ទ ។ ពួកអ្នកដែលបោះបង់ចោលការប្រព្រឹត្តសុចរិត ឬការតុបតែងខាងក្រៅដែលត្រឹមត្រូវរមទម្យ នោះបង្វែរខ្លួនឯងទៅរករចនាបទជីវិតដែលមិននាំមកនូវក្ដីអំណរ ឬសុភមង្គលឡើយ ។
ដំណឹងល្អដែលស្ដារឡើងវិញផ្ដល់ដល់យើងនូវប្លង់នៃផែនការនៃសុភមង្គល និងការលើកទឹកចិត្តឲ្យយល់ ហើយអនុវត្តការគ្រប់គ្រងខ្លួនឯង ព្រមទាំងចៀសវាងពីការល្បួង ។ វាក៏បង្រៀនយើងផងដែរអំពីរបៀបប្រែចិត្ត ពេលការបំពាននានាបានកើតឡើង ។
ទីពីរ ៖ ការតម្កើងថ្ងៃឈប់សម្រាកនឹងបង្កើនសុចរិតភាព និងជាការការពារមួយសម្រាប់គ្រួសារ
សាសនាចក្រគ្រីស្ទានពីជំនាន់មុន បានផ្លាស់ប្ដូរការប្រតិបត្តិថ្ងៃឈប់សម្រាកពីថ្ងៃសៅរ៍ មកថ្ងៃអាទិត្យ ដើម្បីរំឭកពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់ ។ គោលបំណងដ៏ពិសិដ្ឋសំខាន់ផ្សេងៗទៀតនៃថ្ងៃឈប់សម្រាក គឺនៅដដែលមិនផ្លាស់ប្ដូរឡើយ ។ សម្រាប់ពួកយូដា និងគ្រីស្ទាន ថ្ងៃឈប់សម្រាកជានិមិត្តរូបនៃកិច្ចការដ៏មហិមារបស់ព្រះ ។២០
ភរិយាខ្ញុំ និងខ្ញុំ និងមិត្តរួមការងារខ្ញុំពីរនាក់ ព្រមទាំងភរិយារបស់ពួកលោក បានចូលរួមក្នុងថ្ងៃឈប់សម្រាករបស់ពួកសាសនាយូដា (ថ្ងៃឈប់សម្រាក) នាពេលថ្មីៗនេះ តាមការអញ្ជើញរបស់មិត្តជាទីស្រឡាញ់ម្នាក់ រ៉ូប៊ឺត អាប្រាមស៍ និង ឌេនេ ជាភរិយាលោក នៅផ្ទះរបស់ពួកគាត់នៅនូវ យ៉ក ។២១ វាបានផ្ដើមឡើងនៅដើមដំបូងនៃថ្ងៃឈប់សម្រាករបស់សាសនាយូដា នៅល្ងាចថ្ងៃសុក្រមួយ ។ ការផ្ដោតនោះគឺការតម្កើងព្រះជាអង្គបង្កបង្កើត ។ វាបានចាប់ផ្ដើមដោយការប្រសិទ្ធពរគ្រួសារ និងច្រៀងទំនុកតម្កើងថ្ងៃឈប់សម្រាកមួយ ។២២ យើងបានចូលរួមក្នុងពិធីលាងដៃ ប្រសិទ្ធិពរនំប៉័ង ការអធិស្ឋាន អាហារបែបសាសន៍យូដា ការសូត្របទគម្ពីរ និងការច្រៀងចម្រៀងថ្ងៃឈប់សម្រាកក្នុងអារម្មណ៍សាទរមួយ ។ យើងបានស្ដាប់ដល់ពាក្យពេចន៍ហេព្រើរ ដោយមានការបកប្រែជាភាសាអង់គ្លេស ។ បទគម្ពីរដែលចាក់ចំដួងចិត្តខ្លាំងបំផុតដែលបានអានចេញពីគម្ពីរសញ្ញាចាស់ ដែលយើងក៏ស្រឡាញ់ខ្លាំងណាស់ដែរនោះ គឺចេញពីគម្ពីរអេសាយ ដែលប្រកាសថាថ្ងៃឈប់សម្រាកជាទីរីករាយចិត្ត២៣ និងចេញពីគម្ពីរអេសេគាល ដែលថា ថ្ងៃឈប់សម្រាក « ជាទីសម្គាល់ដល់យើង ហើយនិងឯងរាល់គ្នា ដើម្បីឲ្យឯងបានដឹងថា យើងនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា » ។២៤
ចំណាប់អារម្មណ៍ដ៏លើសលប់ពីល្ងាចដ៏ប្រពៃនេះ គឺអំពីក្ដីស្រឡាញ់ ការឧទ្ទិស និងទំនួលខុសត្រូវនៃគ្រួសារចំពោះព្រះ ។ ពេលខ្ញុំបានគិតអំពីព្រឹត្តិការណ៍នេះ ខ្ញុំសញ្ជឹងគិតពីការបៀតបៀនដ៏លំបាកក្រៃលែងដែលពួកសាសន៍យូដាបានទទួលអស់ជាច្រើនសតវត្សរ៍ ។ ច្បាស់ណាស់ថា ការតម្កើងថ្ងៃឈប់សម្រាកគឺជា « សេចក្ដីសញ្ញានៅអស់កល្បជានិច្ច » ដែលការពារ និងផ្ដល់ពរដល់ប្រជាជនយូដា ក្នុងការបំពេញបទគម្ពីរ ។២៥ វាក៏បានរួមចំណែកដល់ជីវិត និងសុភមង្គលគ្រួសារដ៏អស្ចារ្យផងដែរ ដែលឃើញយ៉ាងជាក់ស្ដែងក្នុងជីវិតរបស់ប្រជាជនយូដាជាច្រើន ។២៦
សម្រាប់សមាជិកនៃសាសនាចក្រនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ការតម្កើងថ្ងៃឈប់សម្រាក ជាទម្រង់មួយនៃភាពសុចរិតដែលនឹងផ្ដល់ពរ ហើយពង្រឹងគ្រួសារ ភ្ជាប់យើងទៅនឹងព្រះអង្គបង្កបង្កើត ហើយបង្កើនសុភមង្គល ។ ថ្ងៃឈប់សម្រាកអាចជួយញែកយើងចេញពីអ្វីដែលឥតបានការ មិនសមរម្យ ឬអសីលធម៌ ។ វាជួយយើងឲ្យរស់នៅក្នុងលោកិយ ប៉ុន្តែមិនមែនជា កម្មសិទ្ធិលោកិយ ។
ក្នុងប្រាំមួយខែចុងក្រោយនេះ ការផ្លាស់ប្ដូរដ៏ធំបំផុតមួយបានកើតឡើងក្នុងសាសនាចក្រ ។ ការផ្លាស់ប្ដូរនេះជាការឆ្លើយតបដល់សមាជិកចំពោះការសង្កត់ធ្ងន់ជាថ្មីលើថ្ងៃឈប់សម្រាកដោយគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងចំពោះការអញ្ជើញរបស់ប្រធាន រ័សុល អិម ណិលសុន ដែលឲ្យធ្វើថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត ។២៧ សមាជិកជាច្រើនយល់ថា ការរក្សាថ្ងៃឈប់សម្រាកជាបរិសុទ្ធដ៏ពិត នោះគឺជាជម្រកការពារពីព្យុះនៃជីវិតនេះ ។ វាក៏ជាទីសម្គាល់មួយនៃការឧទ្ទិសរបស់យើងចំពោះព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ និងនៃការយល់ដឹងដែលកើនឡើងមួយនៃភាពពិសិដ្ឋរបស់ការប្រជុំសាក្រាម៉ង់ ។ យើងនៅតែមានផ្លូវវែងឆ្ងាយទៀត តែយើងមានការចាប់ផ្ដើមដ៏ល្អប្រពៃមួយ ។ ខ្ញុំសូមអញ្ជើញយើងទាំងអស់គ្នាឲ្យបន្តឱបក្រសោបដំបូន្មាននេះ ហើយធ្វើឲ្យការថ្វាយបង្គំថ្ងៃឈប់សម្រាករបស់យើងបានប្រសើរឡើង ។
ទីបី ៖ ការការពារដ៏ទេវភាពត្រូវបានប្រទានឲ្យ ពេលយើងសុចរិត
ដោយជាផ្នែកនៃផែនការដ៏ទេវភាពនៃព្រះ យើងត្រូវបានប្រទានពរជាមួយនឹងអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ ។ អំណោយនេះ « ជាសិទ្ធិដើម្បីមានភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ពេលណាដែលមនុស្សម្នាក់មានភាពសក្ដិសម » ។២៨ សមាជិកនៃក្រុមព្រះអង្គនេះបម្រើជាភ្នាក់ងារសម្អាត បើយើងដាក់ដំណឹងល្អជាទីមួយក្នុងជីវិតយើង ។ ទ្រង់ក៏ជាសំឡេងនៃការព្រមានទាស់នឹងអារក្ស និងជាសំឡេងនៃការការពារទាស់នឹងគ្រោះថ្នាក់ផងដែរ ។ ពេលយើងធ្វើនាវាចរណ៍លើសមុទ្រជីវិត នោះការធ្វើតាមការបំផុសនៃព្រះវិញ្ញាណបរិសុទ្ធគឺចាំបាច់ណាស់ ។ ព្រះវិញ្ញាណនឹងជួយយើងឲ្យចៀសវាងពីការល្បួង និងគ្រោះថ្នាក់នានា ហើយលួងលោម ព្រមទាំងដឹកនាំយើងឆ្លងកាត់ឧបសគ្គទាំងឡាយ ។ « តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ » ។២៩
ការប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ដំណឹងល្អដ៏ពិសិដ្ឋនឹងធ្វើឲ្យយើងមានភាពសក្ដិសមដើម្បីចូលព្រះវិហារបរិសុទ្ធ អាចឲ្យយើងស្វែងរកសុភមង្គលក្នុងជីវិតនេះ ហើយនាំយើងត្រឡប់ទៅគេហដ្ឋានសួគ៌ារបស់យើងវិញ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ជីវិតមិនងាយស្រួលទេ ហើយវាក៏មិនត្រូវមានភាពងាយស្រួលដែរ ។ វាជាពេលមួយនៃការសាកល្បង និងការពិសោធន៍ ។ ដូចជាកប៉ាល់ចាស់ៗនៅកំពង់ផែប៊្រីស្តូលដែរ មានគ្រាទាំងឡាយដែលទឹកជោរឡើង ហើយអ្វីៗក្នុងលោកនេះហាក់បីដូចជាធ្វើឲ្យយើងចេះតែរសាត់ទៅបាត់ ។ យើងអាចនឹងកឿងនឹងបាតសមុទ្រ ហើយសូម្បីតែផ្អៀងទៅចំហៀងផង ។ ក្នុងចំណោមការសាកល្បងដូចនោះ ខ្ញុំសន្យានឹងអ្នកថា ការរស់នៅ និងការរក្សាជីវិតដែលសក្ដិសមដើម្បីចូលព្រះវិហារបរិសុទ្ធ នឹងទ្រទ្រង់អ្វីៗទាំងអស់ដែលពិតជាសំខាន់ ។ ពរជ័យដ៏ផ្អែមល្អែមនៃក្ដីសុខសាន្ត សុភមង្គល និងក្ដីអំណរ រួមជាមួយនឹងពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច និងសិរីល្អសេឡេស្ទាលជាមួយព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទនឹងត្រូវបានបំពេញ ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។