រក្សាបទបញ្ញត្តិ
ទ្រង់ដែលបង្កើតយើងមក ហើយដែលស្រឡាញ់យើងដ៏ឥតខ្ចោះ បានញាណដឹងថា យើងចាំបាច់ត្រូវរស់នៅក្នុងជីវិតរបស់យើងយ៉ាងណា ដើម្បីទទួលបានសុភមង្គលដ៏ធំបំផុតនោះ ។
បងប្អូនប្រុសជាទីស្រឡាញ់ វាល្អខ្លាំងណាស់ដែលបានជួបបងប្អូនម្ដងទៀត ។ យើងត្រូវបានបំផុសគំនិតនារសៀលនេះដោយពាក្យសម្ដីដែលយើងបានស្ដាប់ឮ ។ ខ្ញុំក៏អធិស្ឋានសូមឲ្យខ្ញុំនឹងត្រូវបានដឹកនាំនៅក្នុងអ្វីដែលខ្ញុំថ្លែងផងដែរ ។
សារលិខិតរបស់ខ្ញុំដល់បងប្អូននាយប់នេះ គឺត្រង់ៗ ។ វាគឺដូចនេះ ៖ រក្សាបទបញ្ញត្តិ ។
បទបញ្ញត្តិរបស់ព្រះ ពុំបានប្រទានមកដើម្បីធ្វើឲ្យយើងស្មុគស្មាញ ឬក្លាយជាឧបសគ្គចំពោះសុភមង្គលរបស់យើងនោះទេ ។ ផ្ទុយទៅវិញ វាគឺជាការពិត ។ ទ្រង់ដែលបង្កើតយើងមក ហើយដែលស្រឡាញ់យើងដ៏ឥតខ្ចោះ បានញាណដឹងថាយើងចាំបាច់ត្រូវរស់នៅក្នុងជីវិតរបស់យើងយ៉ាងណា ដើម្បីទទួលបានសុភមង្គលដ៏ធំបំផុតនោះ ។ ទ្រង់បានប្រទានដល់យើងនូវការដឹកនាំ ប្រសិនបើយើងធ្វើតាម នោះទ្រង់នឹងដឹកនាំយើងដោយសុវត្ថិភាពឆ្លងកាត់ដំណើរជីវិតរមែងស្លាប់ដ៏គ្រោះថ្នាក់នេះ ។ យើងចងចាំទំនុកបទនៃទំនុកតម្កើងមួយ ៖ « រក្សាបទបញ្ញត្តិ ! នាំឲ្យមានសុវត្ថិភាព និង ក្ដីសុខសាន្ត » ។១
ព្រះវរបិតាសួគ៌យើងស្រឡាញ់យើងគ្រប់គ្រាន់ល្មមនឹងមានបន្ទូល ៖ កុំកុហកឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យផិតឲ្យសោះ ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង ជាដើម ។២ យើងស្គាល់បទបញ្ញត្តិ ។ ទ្រង់ញាណដឹងថា នៅពេលយើងរក្សាបទបញ្ញត្តិ នោះជីវិតយើងនឹងកាន់តែរីករាយ កាន់តែពេញលេញ ហើយមិនសូវស្មុគស្មាញ ។ យើងនឹងមានភាពងាយស្រួយក្នុងការទ្រាំទ្របញ្ហា និងឧបសគ្គរបស់យើង ហើយយើងនឹងទទួលបានពរជ័យដែលបានសន្យារបស់ទ្រង់ ។ ប៉ុន្តែខណៈដែលទ្រង់ប្រទានដល់យើងនូវក្រឹត្យវិន័យ និងបទបញ្ញត្តិ នោះទ្រង់ក៏អនុញ្ញាតឲ្យយើងជ្រើសរើសថាត្រូវទទួលយក ឬបដិសេធវាផងដែរ ។ ការសម្រេចចិត្តរបស់យើងទាក់ទងនឹងរឿងនេះនឹងកំណត់នូវជោគវាសនារបស់យើង ។
ខ្ញុំមានទំនុកចិត្តថា យើងម្នាក់ៗមានគោលដៅជីវិតចុងក្រោយដូចទ្រង់ ដើម្បីមានជីវិតជានិរន្ដរ៍នៅក្នុងវត្តមាននៃព្រះវរបិតាសួគ៌យើង និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ ហេតុដូច្នោះហើយ វាសំខាន់ណាស់សម្រាប់យើងដើម្បីធ្វើការជ្រើសរើសនៅក្នុងជីវិតរបស់យើង ដែលនឹងដឹកនាំយើងទៅរកគោលដៅនេះ ។ យ៉ាងណាក៏ដោយ យើងដឹងថា មារសត្រូវបានតាំងចិត្តនឹងធ្វើឲ្យយើងបរាជ័យ ។ វា និងពួកបរិវារវា គឺខិតខំឥតឈប់ឈរដើម្បីបំផ្លាញបំណងប្រាថ្នាសុចរិតរបស់យើង ។ វាតំណាងឲ្យការគំរាមដ៏ធ្ងន់ធ្ងរ ហើយខ្ជាប់ខ្ជួនមួយចំពោះសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចរបស់យើង លុះត្រាតែយើងត្រូវតាំងចិត្ត ហើយខិតខំឥតឈប់ឈរដើម្បីសម្រេចគោលដៅរបស់យើងផងដែរ ។ សាវកពេត្រុស បានព្រមានយើងថា « ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន » ។៣
ទោះជាគ្មានពេលណាក្នុងជីវិតយើង ដែលយើងត្រូវបានលើកលែងពីការល្បួងក្ដី ក៏យុវជនក្នុងវ័យមួយ អ្នកអាចនឹងមានភាពទន់ខ្សោយដែរ ។ ក្នុងវ័យជាយុវវ័យ ជាញឹកញាប់ជាវ័យដែលខ្វះទំនុកចិត្តលើខ្លួនឯង ឬមានអារម្មណ៍ថា គ្មានសមត្ថភាពគ្រប់គ្រាន់ ព្យាយាមដើម្បីមានប្រជាប្រិយភាពក្នុងចំណោមមិត្តភក្ដិ ហើយព្យាយាមឲ្យខ្លួនឯងត្រូវនឹងគេ ។ អ្នកអាចនឹងត្រូវបានល្បួងឲ្យបន្ទាបបទដ្ឋានរបស់អ្នក ហើយដើរតាមក្រុមមនុស្ស ដើម្បីឲ្យអ្នកត្រូវបានពួកគេទទួលយកធ្វើជាមិត្តភក្ដិ ។ សូមរឹងមាំឡើង ហើយប្រយ័ត្នចំពោះ អ្វីៗ ដែលនឹងលួចយកពរជ័យដ៏អស់កល្បជានិច្ចរបស់អ្នក ។ ការជ្រើសរើសដែលអ្នកធ្វើនៅទីនេះ និងឥឡូវនេះ គឺសំខាន់ជារៀងរហូត ។
យើងអាននៅក្នុង កូរិនថូសទី ១ ៖ « មាន … សំឡេងជាច្រើនប្រភេទនៅក្នុងពិភពលោកនេះ » ។៤ យើងត្រូវបានហ៊ុមព័ទ្ធដោយសំឡេងទាក់ទាញ សំឡេងបោកប្រាស់ សំឡេងបន្ដុះបង្អាប់ សំឡេងស្មុគស្មាញ និងសំឡេងបំភ័ន្ត ។ ខ្ញុំអាចបន្ថែមថា សំឡេងទាំងនោះ ឮៗ ណាស់ ។ ខ្ញុំសូមដាស់តឿនអ្នកឲ្យបន្ថយសំឡេង ហើយទទួលឥទ្ធិពលមកពីសំឡេងតូចរហៀងដែលនឹងដឹកនាំអ្នកទៅដោយសុវត្ថិភាពជំនួសវិញ ។ ចូរចងចាំថា មនុស្សម្នាក់ដែលមានសិទ្ធិអំណាចបានដាក់ដៃលើក្បាលអ្នកបន្ទាប់ពីអ្នកបានទទួលបុណ្យជ្រមុជទឹក បញ្ជាក់ដល់អ្នកថា ជាសមាជិកមួយរូបនៃសាសនាចក្រ ដោយនិយាយថា « ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ » ។៥ ដួងចិត្តរបស់អ្នកបានបើក សូម្បីតែព្រលឹងរបស់អ្នកក៏បានបើកចំពោះសំឡេងពិសេសនោះ ដែលថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែរ ។ ដូចដែលព្យាការីអេសាយ បានសន្យា « ត្រចៀកនឹងឮពាក្យ … , គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ » ។៦ សូមឲ្យយើងបានស្ដាប់ឮ ដើម្បីយើងអាចស្ដាប់ឮសំឡេងលួងលោម ដឹកនាំនេះ ដែលនឹងរក្សាយើងឲ្យមានសុវត្ថិភាព ។
ការមិនគោរពបទបញ្ញត្តិបើកច្រកផ្លូវឲ្យអ្វី ដែលយើងចាត់ទុកថាជាគ្រោះចង្រៃនៃជំនាន់របស់យើង ។ វារួមមានទាំងគ្រោះចង្រៃនៃការចុះចូល គ្រោះចង្រៃនៃរូបអាសគ្រាម គ្រោះចង្រៃនៃថ្នាំញៀន គ្រោះចង្រៃនៃភាពអសីលធម៌ និងគ្រោះចង្រៃនៃការពន្លូតកូន នេះគ្រាន់តែរៀបរាប់បន្ដិចបន្ដួចទេ ។ បទគម្ពីរប្រាប់យើងថា មារសត្រូវគឺជា « គ្រឹះនៃរឿងអស់ទាំងនេះ » ។៧ យើងដឹងថា វាគឺជា « បិតានៃអស់ទាំងការកុហក ដើម្បីបញ្ឆោត ហើយដើម្បីធ្វើឲ្យមនុស្សខ្វាក់ » ។៨
ខ្ញុំសូមអង្វរដល់អ្នកឲ្យចៀសវាងពីអ្វីដែលនឹងដកយកនូវសុភមង្គលរបស់អ្នកនៅក្នុងជីវិតរមែងស្លាប់នេះ និងជីវិតអស់កល្បជានិច្ចក្នុងពិភពខាងមុខ ។ ដោយការបញ្ឆោត និងការកុហករបស់វា មារសត្រូវនឹងនាំអ្នកឲ្យធ្លាក់ចុះជ្រៅទៅៗក្នុងការបំផ្លិចបំផ្លាញ ប្រសិនបើអ្នកអនុញ្ញាតឲ្យវាធ្វើដូច្នោះ ។ អ្នកនឹងធ្លាក់ចុះជ្រៅទៅៗ មុនពេលអ្នកបានដឹងថាអ្នកគ្មានផ្លូវដើម្បីបញ្ឈប់វាទេនោះ ។ អ្នកបានស្ដាប់ឮសារលិខិតអំពីមារសត្រូវហើយ ។ វាបានហៅដោយឆបោក ៖ គ្រាន់តែម្ដងនោះវាគ្មានជាអ្វីទេ មនុស្សគ្រប់គ្នាកំពុងធ្វើវាដែរ កុំចាស់កំរិលពេក ពេលវេលាបានផ្លាស់ប្ដូរហើយ វាមិនធ្វើឲ្យនរណាឈឺចាប់ទេ ជីវិតអ្នក គឺជារបស់អ្នកដើម្បីរស់នៅ ។ មារសត្រូវស្គាល់យើង ហើយវាដឹងថាយើងពិបាកបដិសេធនឹងការល្បួង ។ វាសំខាន់ណាស់ដែលយើងត្រូវអនុវត្តការប្រុងប្រយ័ត្នជានិច្ច ដើម្បីចៀសផុតពីការចុះចាញ់ក្នុងការកុហក និងការល្បួងទាំងឡាយនេះ ។
វានឹងតម្រូវឲ្យមានភាពក្លាហានយ៉ាងខ្លាំង នៅពេលយើងបន្ដស្មោះត្រង់ ហើយនៅពិតក្នុងកណ្ដាលសម្ពាធ និងឥទ្ធិពលដ៏បោកបញ្ឆោតខ្លាំងឡើងៗដែលហ៊ុមព័ទ្ធយើង ហើយបង្ខូចសេចក្ដីពិត បំផ្លាញសេចក្ដីល្អ និងជាទីពេញចិត្ត ហើយប៉ុនប៉ងដាក់ជំនួសដោយទស្សនវិជ្ជាដែលមនុស្សបង្កើតនៅក្នុងលោកនេះវិញ ។ ប្រសិនបើបទបញ្ញត្តិត្រូវបានសរសេរដោយមនុស្ស នោះការផ្លាស់ប្ដូរវាតាមចំណង់ ឬច្បាប់ ឬដោយមធ្យោបាយផ្សេងទៀត នឹងជាសិទ្ធិរបស់មនុស្សហើយ ។ យ៉ាងណាក៏ដោយ បទបញ្ញត្តិទាំងឡាយ ត្រូវបានប្រទានមកពីព្រះ ។ ដោយការប្រើសិទ្ធិជ្រើសរើសរបស់យើង នោះយើងអាចបដិសេធវាបាន ។ យ៉ាងណាក៏ដោយ យើងមិនអាច ផ្លាស់ប្ដូរ វាបានទេ ហើយយើងក៏មិនអាចផ្លាស់ប្ដូរផលវិបាក ដែលកើតមានមកដោយសារការមិនគោរព និងការល្មើសបទបញ្ញត្តិនោះដែរ ។
សូមឲ្យយើងដឹងថា សុភមង្គលដ៏មហិមាបំផុតរបស់យើងនៅក្នុងជីវិតនេះ នឹងកើតមាននៅពេលយើងធ្វើតាមបទបញ្ញត្តិរបស់ព្រះ ហើយគោរពតាមក្រឹត្យវិន័យរបស់ទ្រង់ ! ខ្ញុំស្រឡាញ់ពាក្យនៅក្នុង អេសាយ ជំពូក ៣២ ខទី ១៧ ៖ « ឯការនៃសេចក្តីសុចរិត នោះនឹងបានជាសន្តិសុខ ហើយផលនៃសេចក្តីសុចរិត នោះនឹងបានជាសេចក្តីស្រាកស្រាន្ត និងជាសេចក្តីទុកចិត្តជាដរាបទៅ » ។ សេចក្ដីស្រាកស្រាន្ដ និងសេចក្ដីទុកចិត្តដូច្នេះ អាចកើតមានតែតាមរយៈសេចក្ដីសុចរិតប៉ុណ្ណោះ ។
យើងមិនអាចអនុញ្ញាតឲ្យខ្លួនយើងរសាត់ឆ្ងាយសូម្បីតែបន្ដិចទៅទាក់ទងនឹងអំពើបាបបានទេ ។ យើងមិនអាចអនុញ្ញាតឲ្យខ្លួនយើងជឿថា យើងអាចចូលរួម « តែបន្ដិច » នៅក្នុងការមិនគោរពបទបញ្ញត្តិនៃព្រះបានទេ ដ្បិតអំពីបាបអាចចាប់យើងដោយដៃដែកដែលនឹងឈឺចាប់បំផុតពេលយើងព្យាយាមដោះខ្លួននោះ ។ ការញៀនដែលអាចកើតមានពីថ្នាំញៀន គ្រឿងស្រវឹង រូបអាសគ្រាម និងរឿងអសីលធម៌ គឺមានពិត ហើយស្ទើរតែពុំអាចកាត់ផ្ដាច់បាន ដោយគ្មានការពុះពារដ៏ខ្លាំង និងជំនួយដ៏ច្រើននោះ ។
ប្រសិនបើមានអ្នករាល់គ្នាណាម្នាក់ បានជំពប់ដួលក្នុងដំណើររបស់ខ្លួន ខ្ញុំអះអាងនឹងអ្នកថា អ្នកអាចត្រឡប់ថយក្រោយវិញបាន ។ ដំណើរការនោះត្រូវបានហៅថា ការប្រែចិត្ត ។ ថ្វីត្បិតតែផ្លូវនោះមានការលំបាក តែសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចរបស់អ្នក អាស្រ័យលើវា ។ តើអាចមានអ្វីដែលសក្ដិសមចំពោះអ្នកត្រូវធ្វើការខិតខំជាងនោះទៀត ? ខ្ញុំសូមអង្វរដល់អ្នកឲ្យតាំងចិត្តពេលនេះ និងឥឡូវនេះ ដើម្បីទទួលយកជំហានដែលចាំបាច់ដើម្បីប្រែចិត្តឲ្យពេញលេញ ។ កាលណាអ្នកធ្វើវាបានកាន់តែឆាប់ នោះអ្នកនឹងអាចទទួលបទពិសោធន៍នៃភាពសុខសាន្ដ ភាពស្ងប់សុខ និងការអះអាងដែលបានថ្លែងដោយអេសាយកាន់តែឆាប់ផងដែរ ។
មិនយូរប៉ុន្មានកន្លងទៅ ខ្ញុំបានស្ដាប់ឮទីបន្ទាល់របស់ស្ត្រីម្នាក់ និងស្វាមីរបស់នាង បានវង្វេងចេញពីផ្លូវសុវត្ថិភាព មិនគោរពបទបញ្ញត្តិ ហើយស្ទើរតែបំផ្លាញគ្រួសារពួកគេទាំស្រុង ។ នៅទីបំផុត នៅពេលពួកគេម្នាក់ៗអាចមើលឃើញពីឥទ្ធិពលនៃការញៀន ហើយទទួលស្គាល់នូវភាពពុំរីករាយក្នុងជីវិតរបស់ពួកគេ ក៏ដូចជាការធ្វើឲ្យមនុស្សជាទីស្រឡាញ់ពួកគេឈឺចាប់ខ្លាំង នោះពួកគេបានចាប់ផ្ដើមកែប្រែ ។ ដំណើរការនៃការប្រែចិត្តធ្វើឡើងយឺតៗ ហើយជួនកាលឈឺចាប់ ប៉ុន្ដែដោយមានជំនួយពីអ្នកដឹកនាំបព្វជិតភាព ព្រមជាមួយនឹងជំនួយមកពីក្រុមគ្រួសារ និងមិត្តភក្ដិស្មោះត្រង់ នោះពួកគេបានត្រឡប់មកវិញ ។
ខ្ញុំចែកចាយនឹងអ្នកនូវចំណែកមួយនៃទីបន្ទាល់របស់បងស្រីនេះ អំពីអំណាចព្យាបាលនៃការប្រែចិត្ត ៖ « តើមនុស្សម្នាក់អាចផ្លាស់ពីជាចៀមវង្វេងមួយក្បាល និងដែលស្ថិតក្នុង [អំពើបាប] មកទទួលភាពសុខសាន្ដ និងសុភមង្គល ដែលយើងទទួលអារម្មណ៍នាពេលនេះបានយ៉ាងដូចម្ដេច ? តើរឿងនោះកើតឡើងយ៉ាងដូចម្ដេច ? ចម្លើយ… គឺថា ដោយសារតែដំណឹងល្អដ៏ឥតខ្ចោះ ព្រះរាជបុត្រាដ៏ឥតខ្ចោះ និងពលិកម្មរបស់ទ្រង់ចំពោះខ្ញុំ ។ … ពីមុនមានភាពខ្មៅងងឹត តែឥឡូវមានពន្លឺ ។ ពីមុនមានភាពអស់សង្ឃឹម និងឈឺចាប់ តែឥឡូវមានអំណរ និងក្ដីសង្ឃឹម ។ យើងត្រូវបានប្រទានពរជានិរន្ដរ៍ដោយការកែប្រែនោះ ដែលអាចកើតមាន តែតាមរយៈការប្រែចិត្ត ដោយសារដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ » ។
ព្រះអង្គសង្គ្រោះរបស់យើង បានសុគតដើម្បីប្រទានឲ្យអ្នក និងខ្ញុំនូវអំណោយទានដ៏មានពរនោះ ។ ថ្វីត្បិតតែផ្លូវនោះពិបាកក្ដី តែការសន្យាមានពិត ។ ព្រះអម្ចាស់បានមានបន្ទូលទៅអ្នកទាំងឡាយដែលប្រែចិត្ត ៖
« ទោះបើអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់យ៉ាងណាក្តីក៏វាប្រែសដូចសំឡីវិញដែរ » ។៩
« យើងជាព្រះអម្ចាស់ មិនចាំពី [អំពើបាបទាំងនោះ] ទៀតទេ » ។១០
នៅក្នុងជីវិតយើង យើងនឹងចាំបាច់ត្រូវបីបាច់ទីបន្ទាល់ឲ្យរឹងមាំតាមរយៈការសិក្សាគម្ពីរ និងការអធិស្ឋាន និងការពិចារណាអំពីសេចក្ដីពិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលទីបន្ទាល់របស់យើងដុះរឹងមាំក្នុងដំណឹងល្អ ក្នុងព្រះអង្គសង្គ្រោះ និងក្នុងព្រះវរបិតាសួគ៌យើង នោះវានឹងមានឥទ្ធិពលលើគ្រប់អ្វីដែលយើងធ្វើ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា យើងទាំងអស់គ្នាគឺជាបុត្រាសំណព្វរបស់ព្រះវរបិតាសួគ៌របស់យើង ដែលបានបញ្ជូនមកកាន់ផែនដី ហើយជាពេលសម្រាប់គោលបំណងមួយ ហើយត្រូវបានប្រគល់ឲ្យនូវបព្វជិតភាពនៃព្រះ ដើម្បីយើងអាចបម្រើគ្នាទៅវិញទៅមក ហើយធ្វើកិច្ចការរបស់ព្រះអម្ចាស់នៅលើផែនដីនេះ ។ យើងត្រូវបានបញ្ជាឲ្យរស់នៅក្នុងជីវិតយើងនេះ ដើម្បីឲ្យយើងបន្ដមានភាពសក្ដិសមដើម្បីទទួលបានបព្វជិតភាពនោះ ។
បងប្អូនប្រុស សូមឲ្យយើងរក្សាបទបញ្ញត្តិទាំងឡាយ ! រង្វាន់ដែលទុកសម្រាប់យើងគឺមានភាពរុងរឿង ហើយអស្ចារ្យ ប្រសិនបើយើងគោរពបញ្ញត្តិ ។ សូមឲ្យការនេះជាពរជ័យរបស់យើង ខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង អាម៉ែន ៕