ចូរកុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ
នៅពេលយើងជ្រើសរើសជឿ អនុវត្តសេចក្ដីជំនឿដល់ការប្រែចិត្តហើយដើរតាមព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់យើង នោះយើងបើកភ្នែកខាងវិញ្ញាណរបស់យើងមើលឃើញរឿងអស្ចារ្យ ដែលយើងកម្រនឹងអាចស្រមៃឃើញ ។
បាប៊ីឡូន និង ដានីយ៉ែល
ពីរពាន់ប្រាំមួយរយឆ្នាំកន្លងទៅ បាប៊ីឡូន គឺជាជាតិសាសន៍ដ៏មានអានុភាពបំផុតនៅលើពិភពលោក ។ អ្នកប្រវត្តិវិទូបុរាណមួយរូប បានពិពណ៌នាអំពីជញ្ជាំងនៃទីក្រុងបាប៊ីឡូនដែលមានកម្ពស់ជាង ៩០ ម៉ែត្រ និងកម្រាស់ ២៥ ម៉ែត្រព័ទ្ធជុំវិញទីក្រុងនោះ ។ គាត់បានសរសេរថា « គ្មានទីក្រុងណាមានភាពរុងរឿងប្រៀបផ្ទឹមនឹង… វាបានទេ » ។១
ក្នុងជំនាន់នោះទីក្រុង បាប៊ីឡូន គឺជាមជ្ឈមណ្ឌលសំខាន់ក្នុងការរៀនសូត្រ ជាមជ្ឈមណ្ឌលច្បាប់ និងទស្សនៈវិជ្ជារបស់ពិភពលោក ។ កងទ័ពក្នុងទីក្រុងនេះ គ្មានអ្វីប្រៀបបានឡើយ ។ វាបានបំបែកអំណាចនៃប្រទេសអេស៊ីព្ទ ។ វាបានវាយលុក បំផ្លាញ និងលួចប្លន់ រដ្ឋធានី អាស្ស៊ីរី ទីក្រុងនីនីវេ ។ វាបានយកឈ្នះលើទីក្រុងយេរូសាឡិមដោយងាយ ហើយបាននាំយកក្មេងល្អៗ និងមានប្រាជ្ញាបំផុតនៃពួកអ៊ីស្រាអែលត្រឡប់ទៅទីក្រុងបាប៊ីឡូនដើម្បីបម្រើស្ដេចនេប៊ូក្នេសា ។
ឈ្លើយម្នាក់ក្នុងចំណោមពួកឈ្លើយទាំងនេះ គឺមានក្មេងប្រុសម្នាក់ឈ្មោះ ដានីយ៉ែល ។ អ្នកប្រាជ្ញជាច្រើនបានជឿថា ដានីយ៉ែល គឺមានអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំប៉ុណ្ណោះនាគ្រានោះ ។ ចូរគិតមើល អ្នកកាន់បព្វជិតភាពអើរ៉ុនវ័យក្មេងជាទីស្រឡាញ់របស់ខ្ញុំអើយ ៖ ដានីយ៉ែល គឺមានវ័យប្រហាក់ប្រហែលនឹងអ្នក នៅពេលគាត់ត្រូវបានគេយកទៅចូលក្នុងដំណាក់ហ្លួងដើម្បីអប់រំខាងភាសា ច្បាប់ សាសនា និងវិទ្យាសាស្ត្រខាងលោកិយនៃទីក្រុងបាប៊ីឡូន ។
តើអ្នកអាចនឹកស្រមៃថា អ្នកមានអារម្មណ៍យ៉ាងណា ពេលត្រូវបានបង្ខំឲ្យចេញពីផ្ទះរបស់ខ្លួន ដើរចម្ងាយ ៨០០ គ.ម ទៅប្រទេសក្រៅ ហើយនឹងត្រូវបានបង្រៀនដោយគោលលទ្ធិក្នុងសាសនារបស់មារសត្រូវអ្នកនោះ ?
ដានីយ៉ែល បានចិញ្ចឹមធំឡើងធ្វើជាអ្នកដើរតាមព្រះយេហូវ៉ា ។ គាត់ជឿ និងថ្វាយបង្គំព្រះនៃអ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ។ គាត់បានសិក្សាពាក្យសម្ដីរបស់ពួកព្យាការី ហើយគាត់បានស្គាល់ទំនាក់ទំនងរបស់ព្រះនឹងមនុស្ស ។
ប៉ុន្តែឥឡូវនេះ ទាំងនៅវ័យក្មេង គាត់ត្រូវបានដាក់ឃុំឲ្យធ្វើជាសិស្សនៅទីក្រុងបាប៊ីឡូន ។ គាត់ច្បាស់ជាមានសម្ពាធយ៉ាងខ្លាំងដើម្បីឲ្យលះបង់នូវជំនឿចាស់របស់គាត់ចោល ហើយទទួលយកជំនឿនៃទីក្រុងបាប៊ីឡូន ។ ប៉ុន្តែ គាត់នៅស្មោះត្រង់ចំពោះសេចក្ដីជំនឿរបស់គាត់--ទាំងពាក្យសម្ដី និងទង្វើ ។
អ្នករាល់គ្នាជាច្រើនអាចដឹងហើយថា វាមានអារម្មណ៍យ៉ាងណាដែលត្រូវឈរការពារសេចក្ដីពិតដែលពុំមានប្រជាប្រិយភាពនោះ ។ នៅក្នុងពាក្យតិទៀនលើអ៊ិនធើរណិតសព្វថ្ងៃ យើងនិយាយអំពីការត្រូវ « ដុតឆេះ » ដោយអ្នកទាំងឡាយដែលមិនយល់ស្របនឹងយើង ។ ប៉ុន្តែដានីយ៉ែលពុំគ្រាន់តែប្រថុយនឹងការរិះគន់ជាសាធារណៈនោះទេ ។ នៅក្នុងទីក្រុងបាប៊ីឡូន អ្នកទាំងឡាយដែលជំទាស់នឹងអ្នកមានសិទ្ធិអំណាចខាងសាសនាដែលយល់ពីអត្ថន័យរបស់វា--ទាំងន័យធៀប និងន័យត្រង់--នឹងត្រូវ « ដុតឆេះ » ។ ក៏ដូចជាមិត្តរបស់ដានីយ៉ែលឈ្មោះ សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ។២
ខ្ញុំមិនដឹងថាតើវាងាយស្រួលសម្រាប់ដានីយ៉ែលធ្វើជាអ្នកជឿនៅក្នុងស្ថានភាពនោះទេ ។ មនុស្សខ្លះត្រូវបានប្រទានពរឲ្យមានដួងចិត្តជឿ--ចំពោះពួកគេ សេចក្ដីជំនឿ ហាក់ដូចជាកើតមានជាអំណោយទានមួយពីស្ថានសួគ៌ ។ ប៉ុន្តែខ្ញុំស្រមៃថា ដានីយ៉ែល ក៏ដូចជាគ្នាយើងជាច្រើននាក់ដែលត្រូវខំដើម្បីមានទីបន្ទាល់របស់យើង ។ ខ្ញុំជឿថា ដានីយ៉ែល បានចំណាយពេលរាប់ម៉ោងលុតជង្គង់អធិស្ឋាន ដាក់ចម្ងល់ និងការភ័យខ្លាចរបស់គាត់នៅលើអាសនានៃសេចក្ដីជំនឿ ហើយរង់ចាំព្រះអម្ចាស់ប្រទានការយល់ដឹង និងប្រាជ្ញា ។
ហើយព្រះអម្ចាស់បានប្រទានពរដល់ដានីយ៉ែល ។ ទោះជាជំនឿរបស់គាត់ត្រូវបានសាកល្បង និងរិះគន់ក្ដី ក៏គាត់បន្ដនៅស្មោះត្រង់ចំពោះអ្វីដែលគាត់បានដឹងដោយបទពិសោធន៍ផ្ទាល់ខ្លួនគាត់ថាជារឿងត្រឹមត្រូវ ។
ដានីយ៉ែលបានជឿ ។ ដានីយ៉ែលពុំសង្ស័យឡើយ ។
រួចហើយមានយប់មួយនោះ ស្ដេចនេប៊ូក្នេសា បានយល់សុបិនមួយដែលធ្វើឲ្យទ្រង់ច្របូកប្របល់ ។ ទ្រង់បានប្រមូលអ្នកប្រាជ្ញ និងទីប្រឹក្សាទាំងអស់មក ហើយបានបញ្ជាឲ្យពិពណ៌នាអំពីសុបិនរបស់ទ្រង់ ហើយបកស្រាយន័យនៃសុបិននោះផងដែរ ។
ប្រាកដណាស់ ពួកគេមិនអាចបកស្រាយបានទេ ។ ពួកគេបានទូលថា « គ្មាននរណាម្នាក់អាចធ្វើតាមទ្រង់សុំបាននោះទេ » ។ ប៉ុន្តែការណ៍នេះកាន់តែធ្វើឲ្យស្ដេចនេប៊ូក្នេសាខ្ញាល់ ហើយទ្រង់បានបញ្ជាថា គ្រប់អ្នកប្រាជ្ញ គ្រូមន្ដអាគម គ្រូអង្គុយធម៌ និងទីប្រឹក្សាទាំងអស់ នឹងត្រូវកាត់ជាកំណាត់ៗ --រួមទាំងដានីយ៉ែល និងសិស្សវ័យក្មេងដទៃទៀតមកពីអ៊ីស្រាអែលផងដែរ ។
អ្នកដែលស្គាល់គម្ពីរដានីយ៉ែល បានដឹងពីអ្វីកើតឡើងបន្ទាប់ពីនោះ ។ ដានីយ៉ែល បានទូលសុំពេលច្រើនទៀតពីស្ដេចនេប៊ូក្នេសា ហើយគាត់ និងដៃគូស្មោះត្រង់របស់គាត់ បានងាកទៅរកប្រភពនៃជំនឿ និងកម្លាំងខាងសីលធម៌ របស់ពួកគេ ។ ពួកគេបានអធិស្ឋានទៅព្រះ ហើយបានទួលសូមជំនួយពីព្រះក្នុងគ្រាដ៏សំខាន់នេះនៅក្នុងជីវិតរបស់ពួកគេ ។ ហើយ « ដូច្នេះ សេចក្តីអាថ៌កំបាំងនោះ បានសម្តែងមកឲ្យដានីយ៉ែលឃើញក្នុង… ការនិមិត្តមួយ » ។៣
ដានីយ៉ែល ជាក្មេងប្រុសមកពីជាតិសាសន៍ក្រោមចំណុះ--ដែលត្រូវបានគេបំពាន និងបៀតបៀនចំពោះការជឿលើសាសនាចម្លែករបស់គាត់-- បានចេញទៅខាងមុខស្ដេច ហើយបានប្រាប់ពីសុបិន និងបកស្រាយសុបិនដល់ទ្រង់ ។
ជាលទ្ធផលផ្ទាល់ពីសេចក្ដីស្មោះត្រង់របស់គាត់ចំពោះព្រះនោះដានីយ៉ែល បានក្លាយទៅជាទីប្រឹក្សាដ៏ជាទីទុកចិត្តរបស់ស្ដេច ល្បីខាងប្រាជ្ញារបស់គាត់ក្នុងទីក្រុងបាប៊ីឡូនទាំងមូល ចាប់តាំងពីថ្ងៃនោះមក ។
ក្មេងប្រុសដែលជឿ ហើយបានរស់នៅតាមជំនឿរបស់ខ្លួន បានក្លាយទៅជាបុរសរបស់ព្រះ ។ ជាព្យាការី ។ ក្សត្រនៃសេចក្ដីសុចរិត ។៤
តើយើងដូចជាដានីយ៉ែលឬទេ ?
ចំពោះយើងទាំងអស់គ្នាដែលកាន់បព្វជិតភាពដ៏បរិសុទ្ធនៃព្រះ ខ្ញុំសូមសួរថា តើយើងដូចជាដានីយ៉ែលឬទេ ?
តើយើងបន្ដស្មោះត្រង់ចំពោះព្រះឬទេ ?
តើយើងអនុវត្តអ្វីដែលយើងផ្សាយ ឬតើយើងគ្រាន់តែជាគ្រីស្ទសាសនិកតែនៅថ្ងៃអាទិត្យទេឬ ?
តើសកម្មភាពប្រចាំថ្ងៃរបស់យើង ឆ្លុះបញ្ចាំងច្បាស់អំពីអ្វីដែលយើងប្រកាសថាជឿឬទេ ?
តើយើងជួយ « មនុស្សទ័លក្រ និងមនុស្សកំសត់ទុរគត៌ មនុស្សឈឺ និងមនុស្សមានទុក្ខវេទនា » ឬទេ ?៥
តើយើងគ្រាន់តែនិយាយ ឬតើយើងដើរតាមអ្វីដែលយើងនិយាយដោយក្លៀវក្លា ?
បងប្អូនប្រុសទាំងឡាយអើយ យើងត្រូវបានប្រទានឲ្យច្រើនណាស់ ។ យើងត្រូវបានបង្រៀនអំពីសេចក្ដីពិតដ៏ទេវភាពនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងត្រូវបានប្រទានឲ្យនូវសិទ្ធិអំណាចបព្វជិតភាពដើម្បីជួយបងប្អូនរបស់យើង ហើយស្ថាបនានគរព្រះនៅលើផែនដី ។ យើងរស់នៅក្នុងគ្រាមួយដែលមានការចាក់ស្រោចនៃអំណាចខាងវិញ្ញាណដ៏មហិមា ។ យើងមានសេចក្ដីពិតពេញលេញ ។ យើងមានកូនសោបព្វជិតភាពដើម្បីផ្សារភ្ជាប់នៅលើផែនដី និងនៅលើស្ថានសួគ៌ ។ បទគម្ពីរពិសិដ្ឋ និងការបង្រៀនរបស់ពួកព្យាការីនៅរស់ និងពួកសាវក គឺមានច្រើនមិនដូចពីមុនទេ ។
មិត្តជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរកុំធ្វេសប្រហែសចំពោះរឿងទាំងនេះឡើយ ។ វាមាននូវទំនួលខុសត្រូវ និងកាតព្វកិច្ចមកជាមួយនឹងពរជ័យ និងឯកសិទ្ធិទាំងនេះ ។ ចូរយើងបំពេញវាឡើង ។
ទីក្រុងបាប៊ីឡូនពីបុរាណត្រូវបានវិនាសហើយ ។ ភាពរុងរឿងរបស់វាបានរលត់បាត់ហើយ ។ ប៉ុន្តែភាពខាងលោកិយ និងសេចក្ដីទុច្ចរិតរបស់វាបន្ដនៅមាន ។ ឥឡូវជាទំនួលខុសត្រូវរបស់យើងដើម្បីរស់នៅជាអ្នកជឿក្នុងពិភពលោកឥតជំនឿ ។ ឧបសគ្គរបស់យើងគឺថា ត្រូវអនុវត្តគោលការណ៍នៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ហើយរស់នៅស្មោះត្រង់ចំពោះបទបញ្ញត្តិរបស់ព្រះប្រចាំថ្ងៃ ។ យើងនឹងត្រូវនៅស្ងប់ស្ងៀមក្រោម សម្ពាធពីមិត្តភក្ដិ ពុំចាំបាច់ត្រូវមានការសរសើរពីទំនោរប្រជាប្រិយភាព ឬព្យាការីក្លែងក្លាយទេ កុំខ្វល់នឹងការរិះគន់ពីពួកមនុស្សអាក្រក់ ទប់ទល់នឹងការល្បួងនៃមេអាក្រក់ ហើយយកឈ្នះលើភាពខ្ជិលច្រអូសផ្ទាល់ខ្លួនរបស់យើង ។
ចូរគិតអំពីវា ។ តើវានឹងងាយស្រួលប៉ុណ្ណាបើដានីយ៉ែលគ្រាន់តែធ្វើតាមរបៀបរបស់បាប៊ីឡូននោះ ? គាត់អាចនឹងទុកចោលនូវបទដ្ឋានតឹងរឹងដែលព្រះបានដាក់ឲ្យកូនចៅអ៊ីស្រាអែល ។ គាត់អាចនឹងទទួលទានអាហារដ៏បរិបូរដែលស្ដេចបានប្រទានឲ្យ ហើយរួមចំណែកក្នុងសម្ពាធខាងលោកិយនៃមនុស្សខាងសាច់ឈាម ។ គាត់នឹងបានចៀសផុតពីការរិះគន់ ។
គាត់នឹងមានប្រជាប្រិយភាព ។
គាត់នឹងចូលចុះនឹងគេ ។
ផ្លូវរបស់គាត់អាចនឹងមិនសូវស៊ាំញ៉ាំ ។
ប្រាកដណាស់ រហូតដល់ថ្ងៃដែលស្ដេចបានបង្គាប់ឲ្យបកស្រាយសុបិនរបស់ទ្រង់ ។ នោះដានីយែលបានយល់ឃើញថា គាត់ក៏ដូចជា « ពួកអ្នកប្រាជ្ញ » របស់បាប៊ីឡូនផ្សេងទៀត ដែលបានបាត់បង់ទំនាក់ទំនងរបស់ខ្លួនចំពោះប្រភពពិតនៃពន្លឺ និងប្រាជ្ញា ។
ដានីយ៉ែលបានជាប់ការសាកល្បងនោះហើយ ។ ប៉ុន្តែយើងនៅតែបន្ដមានការសាកល្បងនោះនៅឡើយ ។
ភាពក្លាហានដើម្បីជឿ
សាតាំង ជាមារសត្រូវរបស់យើង ចង់ឲ្យយើងបរាជ័យ ។ វាផ្សាយការកុហក ដែលជាផ្នែកនៃកិច្ចខិតខំរបស់វាដើម្បីបំផ្លាញជំនឿរបស់យើង ។ វាឲ្យយោបល់ដ៏ប៉ិនប្រសប់ថា អ្នកសង្ស័យ អ្នកចេះសួរ មនុស្សទុទិដ្ឋិនិយម គឺជាមនុស្សជឿនលឿន និងមានបញ្ញា ខណៈដែលអ្នកដទៃមានជំនឿទៅលើព្រះ និងអព្ភូតហេតុរបស់ទ្រង់ គឺជាមនុស្សខ្វះគតិ ខ្វាក់ ឬត្រូវគេលាងខួរក្បាលទៅវិញ ។ សាតាំងនឹងគាំទ្រថា វាឡូយណាស់ដើម្បីសង្ស័យអំពីអំណោយទានខាងវិញ្ញាណ និងការបង្រៀនរបស់ពួកព្យាការីពិត ។
ខ្ញុំចង់ជួយឲ្យមនុស្សគ្រប់គ្នាយល់អំពីកត្តាសាមញ្ញមួយនេះថា ៖ យើង ជឿ ទៅលើព្រះ ដោយសាររឿងទាំងឡាយដែលយើង ដឹង ដោយដួងចិត្ត គំនិតរបស់យើង ពុំមែនដោយសាររឿងដែលយើង មិនដឹងនោះទេ។ បទពិសោធន៍ខាងវិញ្ញាណរបស់យើង ពេលខ្លះវាពិសិដ្ឋខ្លាំងពេក ដើម្បីពន្យល់ជាពាក្យខាងលោកិយ ប៉ុន្តែពុំមែនមានន័យថា វាមិនពិតនោះទេ ។
ព្រះវរបិតាសួគ៌ បានរៀបចំកូនចៅរបស់ទ្រង់នូវអាហារខាងវិញ្ញាណ ផ្ដល់នូវអាហារដ៏មានឱជារសគ្រប់ប្រភេទ--ប៉ុន្ដែផ្ទុយទៅវិញ ពួកចេះសួរបានស្កប់ស្កល់នឹងខ្លួនគេនូវការមើលពីចម្ងាយ បន្ដទទួលយកដោយទុទិដ្ឋិនិយម សង្ស័យ និងមិនគោរព ជំនួសឲ្យការរីករាយនឹងអំណោយទានខាងវិញ្ញាណទាំងនោះ ។
ហេតុអ្វីក៏មានមនុស្សដើរក្នុងជីវិតស្កប់ស្កល់តែនឹងពន្លឺភ្លើងទៀននៃការយល់ដឹងផ្ទាល់ខ្លួនពួកគេ កាលដែលការឈោងទៅរកព្រះវរបិតាសួគ៌របស់យើង នោះពួកគេអាចទទួលបទពិសោធន៍ដូចជាពន្លឺព្រះអាទិត្យនៃចំណេះដឹងខាងវិញ្ញាណ ដែលពង្រីកគំនិតរបស់ពួកគេដោយប្រាជ្ញា និងបំពេញព្រលឹងរបស់ពួកគេដោយអំណរដូច្នេះទៅវិញ ?
តើអ្នក និងខ្ញុំបាននិយាយទៅមនុស្សអំពីជំនឿ និងការជឿនៅពេលណាដែរ តើជាញឹកញាប់យើងពុំស្ដាប់ឮទេឬអីថា « ខ្ញុំចង់ជឿដូចជាអ្នកដែរ » ?
នៅក្នុងការថ្លែងដូច្នេះ គឺជាការបោកបញ្ឆោតមួយទៀតរបស់សាតាំងគឺថា ៖ ជំនឿគឺមានសម្រាប់មនុស្សខ្លះ ប៉ុន្តែគ្មានសម្រាប់អ្នកខ្លះទៀតនោះទេ ។ គ្មានមន្ដអាគមដើម្បីធ្វើឲ្យជឿនោះទេ ។ ប៉ុន្តែ ការចង់ ជឿ គឺជា ជំហានដំបូងដ៏ចាំបាច់ ! ព្រះមិនរើសមុខអ្នកណាទេ ។៦ ទ្រង់គឺជាបិតារបស់អ្នក ។ ទ្រង់ចង់មានបន្ទូលមកអ្នក ។ ទោះជាយ៉ាងណាក៏ដោយ វាតម្រូវឲ្យមាននូវការយល់ដឹងខាងវិទ្យាសាស្ត្របន្ដិច—វាតម្រូវឲ្យមានការដកពិសោធន៍ទៅលើព្រះបន្ទូលនៃព្រះ—ហើយអនុវត្តសេចក្ដីជំនឿមួយភាគតូចមួយនោះ » ។៧ វាក៏ត្រូវមានភាពរាបសាបន្ដិចផងដែរ ។ ហើយវាតម្រូវឲ្យមានដួងចិត្តបើកចំហ និងការបើកគំនិត ។ វាតម្រូវឲ្យមាន ការស្វែងរក អត្ថន័យពេញលេញនៃព្រះបន្ទូល ។ ហើយប្រហែលជាអ្វីដែលលំបាកបំផុតនោះគឺ វាតម្រូវឲ្យមានការអត់ធ្មត់ និងការរង់ចាំព្រះអម្ចាស់ ។
ប្រសិនបើយើងពុំខិតខំជឿ នោះយើងក៏ដូចជាមនុស្សដែលដកអំពូលចេញ រួចហើយបន្ទោសអំពូលភ្លើងថាពុំផ្ដល់ពន្លឺអ្វីសោះ ។
ថ្មីៗនេះ ខ្ញុំភ្ញាក់ផ្អើល ហើយក៏សោកស្ដាយដែលស្ដាប់ឮថា អ្នកកាន់បព្វជិតភាពអើរ៉ុន ដែលហាក់ដូចជាមានអំនួតក្នុងការដកខ្លួនឆ្ងាយពីព្រះ ។ គាត់បាននិយាយថា « ប្រសិនបើព្រះបើកបង្ហាញព្រះអង្គទ្រង់ដល់ខ្ញុំ នោះខ្ញុំនឹងជឿ ។ ពេលនោះ ខ្ញុំនឹងរកឃើញសេចក្ដីពិតដោយផ្អែកទៅលើការយល់ដឹង និងបញ្ញាផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីបំភ្លឺផ្លូវនៅចំពោះមុខខ្ញុំ » ។
ខ្ញុំមិនដឹងពីដួងចិត្តរបស់យុវជនរូបនេះគិតយ៉ាងណាទេ ខ្ញុំពុំអាចជួយអ្វីបាន ក្រៅពីមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះគាត់ ។ វាងាយស្រួលណាស់ដើម្បីគាត់បដិសេធអំណោយទានដែលព្រះអម្ចាស់បានផ្ដល់ឲ្យគាត់ ។ យុវជនម្នាក់នេះ បានដកអំពូលភ្លើងចេញ ហើយហាក់ដូចជាស្កប់ស្កល់នៅក្នុងការមើលដោយឆ្លាតវៃរបស់ខ្លួន ដែលគ្មានពន្លឺនោះទៅវិញ ។
ជាអកុសល ការណ៍នេះវាហាក់ដូចជាឥរិយាបថដ៏មានប្រជាប្រិយភាពមួយនាបច្ចុប្បន្ននេះ ។ ប្រសិនបើយើងអាចដាក់បន្ទុកឲ្យព្រះបង្ហាញភស្ដុតាងដល់យើង នោះយើងគិតថា យើងអាចដកខ្លួនចេញពីការទទួលយកបទបញ្ញត្តិរបស់ព្រះដោយមុតមាំ និងដកខ្លួនពីទំនួលខុសត្រូវក្នុងទំនាក់ទំនាក់ទំនងរបស់យើងជាមួយព្រះវរបិតាសួគ៌ហើយ ។
បងប្អូនប្រុសអើយ ខ្ញុំសូមប្រាប់ឲ្យច្បាស់ថា ៖ វាពុំមែនជាការអស្ចារ្យ ឬគួរឲ្យចាប់អារម្មណ៍ទេក្នុងការចេះចោទសួរនោះ ។ ការចំអកគឺងាយស្រួលណាស់--មនុស្សគ្រប់គ្នាអាចធ្វើបាន ។ វាគឺជាជីវិតស្មោះត្រង់ដែលតម្រូវឲ្យមាននូវកម្លាំងខាងសីលធម៌ ការលះបង់ និងភាពក្លាហាន ។ អ្នកទាំងឡាយដែលតោងជាប់ទៅនឹងសេចក្ដីជំនឿ គឺមានចំណាប់អារម្មណ៍ច្រើនជាងអ្នកទាំងឡាយដែលចុះចាញ់ក្នុងការសង្ស័យ ពេលមានសំណួរអាថ៌កំបាំង ឬកង្វល់កើតឡើង ។
ប៉ុន្តែវាពុំគួរឲ្យភ្ញាក់ផ្អើលចំពោះយើងទេដែលថា សេចក្ដីជំនឿពុំត្រូវបានសង្គមឲ្យតម្លៃនោះ ។ ពិភពលោកនេះ មានប្រវត្តិយូរអង្វែងមកហើយអំពីការបដិសេធ ដែលពិភពលោកនេះពុំយល់ទាល់តែសោះ ។ ហើយវាមាននូវបញ្ហាជាក់លាក់ក្នុងការយល់នូវរឿងដែលវាមើលពុំឃើញ ។ ប៉ុន្តែដោយគ្រាន់តែយើងពុំអាចមើលឃើញអ្វីមួយដោយភ្នែកខាងរូបកាយរបស់យើង នោះពុំមែនមានន័យថា វាគ្មានវត្តមាននោះទេ ។ តាមពិត « មានរឿងជាច្រើននៅក្នុងស្ថានសួគ៌ និងផែនដី … ច្រើនជាងការសុបិន » នៅក្នុងសៀវភៅសរសេរកំណត់ត្រាខាងវិទ្យាសាស្ត្រ និងទស្សនៈវិជ្ជាខាងលោកិយរបស់យើងទៅទៀត ។៨ សកលលោក មានពេញទៅដោយរឿងដ៏អស្ចារ្យ និង ចម្លែកៗ—ដែលអាចយល់ដឹងបានតែតាមរយៈកែវភ្នែកនៃខាងវិញ្ញាណតែប៉ុណ្ណោះ ។
ពរជ័យនៃការសន្យា
នៅពេលយើងជ្រើសរើសជឿ អនុវត្តសេចក្ដីជំនឿចំពោះការប្រែចិត្ត ហើយដើរតាមព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ នោះយើងបើកភ្នែកខាងវិញ្ញាណរបស់យើងមើលឃើញរឿងអស្ចារ្យ ដែលយើងកម្រនឹងអាចស្រមៃឃើញ ។ ដូច្នេះការជឿ និងជំនឿរបស់យើង នឹងរីកចម្រើនខ្លាំងឡើង ហើយយើងនឹងមើលកាន់តែឃើញច្រើន ។៩
បងប្អូនប្រុសអើយ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទោះជានៅក្នុងគ្រាដ៏លំបាកបំផុតក្ដីក៏ព្រះអង្គសង្គ្រោះនឹងមានបន្ទូលទៅអ្នក ដូចដែលទ្រង់មានបន្ទូលទៅកាន់ឪពុកដែលខ្វល់មួយរូបនៅក្នុងកណ្ដាលហ្វូងមនុស្សនៅតាមផ្លូវក្នុងស្រុកកាលីឡេថា « ចូរកុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ។១០
យើងអាចជ្រើសរើសជឿ ។
ព្រោះនៅក្នុងការជឿ យើងអាចរកឃើញនូវពន្លឺ ។
យើងនឹងរកឃើញសេចក្ដីពិត ។១១
យើងនឹងរកឃើញភាពសុខសាន្ដ ។១២
ដោយសារជំនឿរបស់យើង នោះយើងនឹងពុំស្រេក ឬឃ្លានឡើយ ។១៣ អំណោយទាននៃព្រះគុណរបស់ព្រះ នឹងជួយយើងឲ្យនៅពិតត្រង់ចំពោះសេចក្ដីជំនឿរបស់យើង ហើយនឹងបំពេញព្រលឹងរបស់យើងដូចជា « រន្ធទឹកនៅក្នុងអ្នកនោះ ផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច » ។១៤ យើងនឹងទទួលបទពិសោធន៍អំណរពិត និងយូរអង្វែង ។១៥
ហេតុដូច្នោះហើយ មិត្តជាទីស្រឡាញ់របស់ខ្ញុំ បងប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ នៅក្នុងបព្វជិតភាពនៃព្រះ ៖
ចូរមានភាពក្លាហានដើម្បីជឿ ។
ចូរកុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ ។
ចូរឈរជាមួយដានីយ៉ែល ។
ខ្ញុំអធិស្ឋានសុំឲ្យយើងម្នាក់ៗ--ទាំងចាស់ និងក្មេង--បានបំពេញដោយកម្លាំង ភាពក្លាហាន និងបំណងប្រាថ្នាដើម្បីជឿឡើងវិញ ។ ក្នុងព្រះនាមនៃលោកចៅហ្វាយយើង ជាព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។