ឱព្រះអម្ចាស់អើយ សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺឡើងផង
យើងត្រូវតែមើលមនុស្សដទៃឲ្យដូចព្រះអង្គសង្គ្រោះទតមើលពួកគេដែរ ។
The Lion King ( ស្ដេចតោ ) គឺជាភាពយន្តគំនូរជីវចលប្រពៃណីមួយអំពីវាលស្មៅនៅអាហ្វ្រិក ។ ពេលស្ដេចតោស្លាប់ទៅខណៈដែលកំពុងជួយជីវិតបុត្រារបស់ខ្លួន បុត្រានោះត្រូវគេបង្ខំឲ្យនិរទេសចេញពីដែនដី ជាពេលដែលអ្នកគ្រប់គ្រងផ្ដាច់ការបំផ្លាញតុល្យភាពវាលស្មៅនោះ ។ បុត្រាស្ដេចតោនោះទាមទារនគរមកវិញ តាមរយៈជំនួយមកពីអ្នកណែនាំម្នាក់ ។ គាត់មានការយល់ដឹងអំពីភាពចាំបាច់នៃតុល្យភាពក្នុងវដ្ដដ៏អស្ចារ្យនៃជីវិតនៅលើវាលស្មៅនោះ ។ កាលកំពុងទាមទារនគរមកវិញ បុត្រាស្ដេចតោនោះបានធ្វើតាមការទូន្មានឲ្យ « មើលឲ្យបានវែងឆ្ងាយជាងអ្វីដែលអ្នកមើលឃើញ » ។
នៅពេលយើងរៀនដើម្បីក្លាយជាអ្នកគ្រងមរតកពីព្រះវរបិតា ដំណឹងល្អណែនាំយើងឲ្យមើលឲ្យបានវែងឆ្ងាយជាងអ្វីដែលយើងមើលឃើញ ។ ដើម្បីមើលឲ្យបានវែងឆ្ងាយជាងអ្វីដែលអ្នកមើលឃើញយើងត្រូវតែមើលមនុស្ស ដទៃឲ្យដូចព្រះអង្គសង្គ្រោះទតមើលពួកគេដែរ ។ ដំណឹងល្អអាចមានឥទ្ធិពលលើមនុស្សជាច្រើនក្នុងទម្រង់ខុសៗគ្នា ។ យើងមិនអាចយល់ពីជម្រើស និងសាវតាផ្លូវចិត្តរបស់មនុស្សលើលោកនេះ ក្នុងក្រុមជំនុំសាសនាចក្រ ឬសូម្បីតែក្នុងគ្រួសារបានអស់ទេ ព្រោះយើងកម្រនឹងឃើញទិដ្ឋភាពទាំងស្រុងនៃបុគ្គលទាំងនោះណាស់ ។ យើងត្រូវតែមើលឲ្យបានវែងឆ្ងាយជាងការសន្មតងាយៗ និងការវិនិច្ឆ័យភ្លាមៗ ហើយត្រូវពង្រីកបទពិសោធន៍ផ្ទាល់ខ្លួនដ៏តិចនេះ ។
ខ្ញុំបានបើកភ្នែកដើម្បី « មើលឲ្យបានវែងឆ្ងាយជាងអ្វីដែលខ្ញុំមើលឃើញ » កាលខ្ញុំបម្រើជាប្រធានបេសកកម្ម ។ អែលឌើរវ័យក្មេងម្នាក់បានមកជួបខ្ញុំទាំងភាពភ័យខ្លាច ។ ពេលយើងជួបសម្ភាស គាត់បានពោលដោយស្រពាប់ស្រពោនថា « ខ្ញុំចង់ទៅផ្ទះវិញ » ។ ខ្ញុំបានគិតថា « យើងអាចដោះស្រាយបញ្ហានេះបាន » ។ ខ្ញុំបានទូន្មានឲ្យគាត់ខិតខំធ្វើការ ហើយអធិស្ឋានទូលសួររឿងនេះមួយសប្ដាហ៍សិន ហើយចាំទូរសព្ទមកខ្ញុំវិញ ។ មួយសប្ដាហ៍ក្រោយមក គាត់បានទូរសព្ទមក ។ គាត់នៅតែចង់ទៅផ្ទះវិញ ។ ខ្ញុំបានទូន្មានឲ្យគាត់អធិស្ឋាន ខិតខំធ្វើការម្ដងទៀត ហើយទូរសព្ទមកខ្ញុំនៅសប្ដាហ៍ក្រោយ ។ នៅក្នុងការសម្ភាសក្រោយមកទៀត គ្មានអ្វីផ្លាស់ប្ដូរទេ ។ គាត់នៅតែចចេសចង់ទៅផ្ទះវិញ ។
ខ្ញុំមិនបានទុកឲ្យរឿងនោះកើតឡើងទេ ។ ខ្ញុំបានចាប់ផ្ដើមបង្រៀនគាត់អំពីលក្ខណៈដ៏ពិសិដ្ឋនៃការហៅបម្រើរបស់គាត់ ។ ខ្ញុំបានលើកទឹកចិត្តគាត់ឲ្យ « បំភ្លេច [ ខ្លួនឯង ] រួចទៅធ្វើការ ។ ប៉ុន្ដែទោះជាខ្ញុំផ្ដល់យោបល់យ៉ាងណាក៏ដោយ ក៏គាត់នៅតែមិនប្ដូរគំនិត ។ ទីបំផុតខ្ញុំគិតថា ប្រហែលជាខ្ញុំមើលមិនឃើញទិដ្ឋភាពទាំងស្រុងនោះទេ ។ ភ្លាមនោះខ្ញុំមានការបំផុសគំនិតមួយឲ្យសួរគាត់ថា « អែលឌើរ អ្វីជារឿងពិបាកសម្រាប់អែលឌើរ ? » ពាក្យពេចន៍គាត់បានចាក់ទម្លុះបេះដូងខ្ញុំថា « ប្រធាន ខ្ញុំមិនចេះអានអក្សរទេ » ។
ដំបូន្មានដ៏ឈ្លាសវៃដែលខ្ញុំគិតថាសំខាន់សម្រាប់គាត់នោះ មិនបំំពេញតាមតម្រូវការរបស់គាត់ឡើយ ។ អ្វីដែលគាត់ត្រូវការបំផុត គឺ ខ្ញុំត្រូវគិតឲ្យបានវែងឆ្ងាយជាងការវាយតម្លៃរហ័សពេក ហើយត្រូវអនុញ្ញាតឲ្យព្រះវិញ្ញាណជួយខ្ញុំយល់អំពីអ្វីដែលមានក្នុងគំនិតរបស់អែលឌើររូបនោះ ។ គាត់ត្រូវការឲ្យខ្ញុំគិតអំពីគាត់បានត្រឹមត្រូវ ហើយផ្ដល់ហេតុផលមួយឲ្យគាត់មានសង្ឃឹម ។ ផ្ទុយទៅវិញ ទង្វើរបស់ខ្ញុំប្រៀបដូចជាសម្ពាធដ៏ធំបំផ្លាញគាត់ទៅវិញ ។ អែលឌើរដ៏ក្លាហានរូបនេះបានរៀនអាន ហើយបានក្លាយជាសិស្សដ៏បរិសុទ្ធម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ។ គាត់ធ្វើឲ្យខ្ញុំយល់ដឹងអំពីបន្ទូលព្រះអម្ចាស់ថា « ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ » ( សាំយូអែល ទី១ ១៦:៧ ) ។
វាជាពរជ័យដ៏អស្ចារ្យដែលព្រះវិញ្ញាណនៃព្រះអម្ចាស់ពង្រីកការយល់ឃើញរបស់យើង ។ តើបងប្អូនចាំពីព្យាការីអេលីសេ ដែលបានក្រោកពីដេក ហើយឃើញទាហានស៊ីរីកំពុងឡោមព័ទ្ធក្រុងរបស់លោកទាំងមានពលសេះ និងរទេះចម្បាំងផងនោះឬទេ ? អ្នកបម្រើរបស់លោកមានការភិតភ័យ ហើយសួរអេលីសេថាត្រូវធ្វើដូចម្ដេចក្នុងហេតុការណ៍នេះ ។ អេលីសេបានប្រាប់គាត់កុំឲ្យបារម្ភដោយមានប្រសាសន៍គួរឲ្យចងចាំដូចនេះ ៖ « កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត » ( ពង្សាវតារក្សត្រ ទី២ ៦:១៦ ) ។ អ្នកបម្រើនោះមិនយល់អំពីសេចក្ដីដែលព្យាការីមានប្រសាសន៍ឡើយ ។ គាត់មិនអាចមើលឲ្យបានវែងឆ្ងាយជាងអ្វីដែលគាត់មើលឃើញនោះទេ ។ ប៉ុន្តែ អេលីសេបានឃើញពលទ័ពទេវតាត្រៀមខ្លួនធ្វើចម្បាំងដើម្បីប្រជាជនរបស់ព្យាការី ។ ដូច្នេះ អេលីសេបានអធិស្ឋានទៅព្រះអម្ចាស់ដើម្បីបើកភ្នែកយុវជនរូបនោះ « ហើយវាក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចំបាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ » (ពង្សាវតារក្សត្រ ទី២ ៦:១៧
ជាញឹកញាប់ យើងញែកខ្លួនយើងពីមនុស្សដទៃ តាមរយៈភាពខុសគ្នាដែលយើងមើលឃើញ ។ យើងមានអារម្មណួល្អនឹងមនុស្សជុំវិញយើងដែលគិត និយាយស្ដី ស្លៀកពាក់ ហើយប្រព្រឹត្តដូចយើង ប៉ុន្តែគ្មានអារម្មណ៍ល្អនឹងមនុស្សដែលមានស្ថានភាព ឬសាវតាខុសពីយើង ។ ជាក់ស្ដែង តើយើងទាំងអស់គ្នាមិនមកពីប្រទេសខុសគ្នា ហើយនិយាយភាសាផ្សេងគ្នាទេឬអី ? តើយើងមិនស្គាល់មនុស្សលើលោកនេះ ទោះជាមានដែនកំណត់ដ៏ធំក្នុងបទពិសោធន៍ជីវិតយើងទេឬអី ? មនុស្សខ្លះឃើញ ហើយនិយាយដោយប្រើភ្នែកខាងវិញ្ញាណ ដូចព្យាការីអេលីសេ ហើយខ្លះទៀតឃើញ ហើយឆ្លើយឆ្លងដោយការចេះដឹងខាងអក្សរ ដូចខ្ញុំបានមានបទពិសោធន៍នឹងអ្នកផ្សាយសាសនាដែលមិនចេះអក្សរ ។
យើងរស់នៅក្នុងពិភពលោកមួយដែលមនុស្សចូលចិត្តប្រៀបធៀប លាបពណ៌ និងរិះគន់ ។ ជំនួសឲ្យមើលឃើញតាមរយៈភ្នែកនៃប្រព័ន្ធផ្សព្វផ្សាយសង្គម យើងចាំបាច់ត្រូវស្វែងរកឥរិយាបថបរិសុទ្ធ ដែលយើងម្នាក់ៗត្រូវមាន ។ គុណសម្បត្តិ និងបំណងប្រាថ្នាបរិសុទ្ធទាំងនេះ មិនអាចបានចុះផ្សាយលើ Pinterest ឬលើ Instagram បានឡើយ ។
ដើម្បីទទួលយក ហើយស្រឡាញ់មនុស្សដទៃពុំមានន័យថា យើងត្រូវតែទទួលយកគំនិតរបស់ពួកគេនោះទេ ។ ប្រាកដណាស់ ក្ដីពិតទាមទារឲ្យមានភក្ដីភាពខ្ពស់បំផុត ប៉ុន្ដែវាមិនមែនជារនាំងរារាំងមិនឲ្យមានសណ្ដានចិត្តល្អនោះទេ ។ ក្ដីស្រឡាញ់ដ៏ពិតសម្រាប់មនុស្សដទៃ តម្រូវឲ្យមានការអនុវត្តឥតឈប់ឈរក្នុងការទទួលយកកិច្ចខិតខំរបស់មនុស្សដែលមានបទពិសោធន៍ក្នុងជីវិត និងដែនកំណត់ ដែលយើងមិនអាចយល់បាន ។ ការមើលឲ្យបានវែងឆ្ងាយជាងអ្វីដែលយើងមើលឃើញ តម្រូវឲ្យមានការផ្ដោតអារម្មណ៍ប្រកបដោយមនសិការទៅលើព្រះអង្គសង្គ្រោះ ។
នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៦ បូ រីឈី អាយុ ១៦ឆ្នាំ និងមិត្តគាត់ម្នាក់ អូស្ទីន បាននៅឯចម្ការគ្រួសារមួយក្នុងរដ្ឋ ខូឡូរ៉ាដូ ។ បូ និង អូស្ទីន បានឡើងជិះម៉ូតូកង់បួនរបស់ពួកគេ ដោយរំពឹងថានឹងមានដំណើរផ្សងព្រេងមួយនៅថ្ងៃនោះ ។ ពួកគេទៅមិនទាន់បានឆ្ងាយផង ស្រាប់តែជួបនឹងស្ថានភាពគ្រោះថ្នាក់មួយ ជាសោកនាដកម្មបានកើតឡើង ។ ម៉ូតូដែល បូ បានបើកបានក្រឡាប់មួយរំពេច ម៉ូតូដែកទម្ងន់ ១៨០ គីឡូក្រាម បានសង្កត់ជាប់លើ បូ ។ ពេល អូស្ទីន ដែលជាមិត្តរបស់ បូ រត់ទៅឯគាត់ គាត់បានឃើញ បូ ដកដង្ហើមចង្រិតទៅហើយ ។ គាត់បានព្យាយាមទាញម៉ូតូចេញពីមិត្តគាត់ ដោយអស់ពីថាមពល ។ វាមិនកម្រើកទាល់តែសោះ ។ គាត់បានអធិស្ឋានឲ្យ បូ រួចរត់ទៅរកជំនួយ ។ ទីបំផុត បុគ្គលិកសង្គ្រោះបន្ទាន់បានមកដល់ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក បូ បានបាត់បង់ជីវិតទៅ ។ គាត់បានបញ្ចប់ជីវិតរមែងស្លាប់នេះ ។
ឪពុកម្ដាយដ៏ខូចចិត្តរបស់គាត់បានមកដល់ ។ កាលពួកគាត់ឈរក្នុងមន្ទីរពេទ្យដ៏តូចនោះជាមួយមិត្តសម្លាញ់ និងគ្រួសាររបស់ បូ នោះមានប៉ូលីសម្នាក់បានដើរចូលក្នុងបន្ទប់ ហើយបានហុចទូរសព្ទដៃរបស់ បូ ទៅឲ្យម្ដាយគាត់ ។ កាលគាត់ទទួលយកទូរសព្ទនោះ មានសំឡេងរោទ៍មួយបន្លឺឡើង ។ គាត់បានបើកទូរសព្ទ ហើយបានឃើញសំឡេងរោទ៍រំឭកប្រចាំថ្ងៃរបស់ បូ ។ គាត់បានអានសារដែលកូនប្រុសវ័យជំទង់គួរឲ្យស្រឡាញ់ និងចូលចិត្តផ្សងព្រេងរបស់គាត់បានតម្លើងដើម្បីអានរាល់ថ្ងៃ ។ វាសរសេរថា « ចូរចាំថា ត្រូវដាក់ព្រះយេស៊ូវគ្រីស្ទជាស្នូលនៃជីវិតរបស់អ្នកនៅថ្ងៃនេះ » ។
ការផ្ដោតអារម្មណ៍របស់ បូ ទៅលើព្រះប្រោសលោះរបស់គាត់ ពុំកាត់បន្ថយភាពសោកសៅរបស់មនុស្សជាទីស្រឡាញ់គាត់ដែលបានបាត់បង់រូបគាត់ឡើយ ។ ប៉ុន្តែវាបានផ្ដល់ក្ដីសង្ឃឹម និងអត្ថន័យដ៏ជ្រាលជ្រៅដល់ជីវិតរបស់ បូ និងជម្រើសនៃជីវិតគាត់ ។ វាអនុញ្ញាតឲ្យគ្រួសារ និងមិត្តភក្ដិគាត់មើលឲ្យបានវែងឆ្ងាយជាងទុក្ខសោកនៃក្ដីស្លាប់ទាំងវ័យក្មេងរបស់គាត់នេះ ទៅរកភាពពិតពេញដោយអំណរនៃជីវិតបន្ទាប់ ។ នេះជាសេចក្ដីមេត្តាដ៏ទន់ភ្លន់សម្រាប់ឪពុកម្ដាយ បូ ដែលអាចមើលឃើញតាមរយៈភ្នែកកូនប្រុសគាត់ នូវអ្វីដែលកូនប្រុសគាត់បានឲ្យតម្លៃបំផុត ។
ក្នុងនាមជាសមាជិកសាសនាចក្រ យើងត្រូវបានប្រទានឲ្យនូវសំឡេងរោទ៍ខាងវិញ្ញាណផ្ទាល់ខ្លួន ដែលព្រមានយើងនៅពេលយើងមើលគ្រាន់តែតាមរយៈភ្នែកធម្មតាងាកឆ្ងាយពីសេចក្ដីសង្គ្រោះ ។ ពិធីសាក្រាម៉ង់គឺជាការរំឭកប្រចាំសប្ដាហ៍របស់យើងឲ្យផ្ដោតអារម្មណ៍ទៅលើព្រះយេស៊ូវគ្រីស្ទ ថាយើងអាចចងចាំទ្រង់ និងអាចមានព្រះវិញ្ញាណរបស់ទ្រង់គង់ជាមួយយើងជាដរាប ( សូមមើល គ. និង ស. ២០:៧៧ ) ។ ប៉ុន្តែពេលខ្លះយើងបដិសេធអារម្មណ៍ និងសំឡេងរោទ៍នៃការរំឭកទាំងនេះ ។ ពេលយើងមានព្រះយេស៊ូវគ្រីស្ទជាស្នូលនៃជីវិតយើង ទ្រង់នឹងធ្វើឲ្យភ្នែកយើងបើកឡើងឃើញភាពដែលអាចទៅរួចកាន់តែច្រើនជាងអ្វីដែលយើងអាចយល់បានទៅទៀត ។
ខ្ញុំបានទទួលសំបុត្រគួរឲ្យចាប់អារម្មណ៍នេះ ស្ដីពីបទពិសោធន៍សំឡេងរោទ៍ការពារមកពីបងស្រីដ៏ស្មោះត្រង់ម្នាក់ ។ គាត់បានប្រាប់ខ្ញុំថា ក្នុងការខិតខំជួយឲ្យស្វាមីគាត់យល់ពីអារម្មណ៍គាត់ គាត់បានចាប់ផ្ដើមធ្វើបញ្ជីមួយលើទូរសព្ទ នូវទង្វើដែលស្វាមីគាត់បានធ្វើ ឬពោលដែលធ្វើឲ្យគាត់ខឹង ។ គាត់នឹងជម្រះបញ្ជីចេញ បើពេលល្អមកដល់ ហើយគាត់នឹងបានប្រមូលផ្ដុំភស្ដុតាងសរសេរ ដើម្បីចែកចាយជាមួយស្វាមីគាត់ ជាអ្វីដែលនឹងធ្វើឲ្យស្វាមីគាត់ចង់ផ្លាស់ប្ដូរជាប្រាកដ ។ ប៉ុន្តែនៅថ្ងៃអាទិត្យមួយកាលកំពុងទទួលទានសាក្រាម៉ង់ ហើយផ្ដោតទៅលើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ គាត់បានទទួលស្គាល់ថា ការកត់ត្រាអារម្មណ៍អវិជ្ជមានគាត់មានអំពីស្វាមីគាត់ ពិតជាបណ្ដេញព្រះវិញ្ញាណចេញពីគាត់ ហើយនឹងមិនអាចផ្លាស់ប្ដូរស្វាមីគាត់បានឡើយ ។
សំឡេងរោទ៍ខាងវិញ្ញាណបានបន្លឺក្នុងចិត្តគាត់ ហើយថា « បំភ្លេចវាចោលទៅ បំភ្លេចវាចោលទាំងអស់ ។ ចូរលុបកំណត់ត្រានោះចោលទៅ ។ វាពុំអាចជួយអ្នកបានទេ » ។ ក្រោយមកគាត់សរសេរក្នុងសំបុត្រថា « ខ្ញុំបានចំណាយពេលមួយរយៈដើម្បីលុបបញ្ជីនោះចោល ។ ប៉ុន្តែពេលខ្ញុំបានលុបហើយ អារម្មណ៍អវិជ្ជមានទាំងនោះក៏បានរសាយអស់ទៅ ។ ដួងចិត្តខ្ញុំពេញដោយក្ដីស្រឡាញ់—ក្ដីស្រឡាញ់សម្រាប់ស្វាមីខ្ញុំ និងសម្រាប់ព្រះអម្ចាស់ » ។ ទស្សនរបស់គាត់បានផ្លាស់ប្ដូរដូច សុល បានផ្លាស់ប្ដូរទស្សននៅតាមផ្លូវទៅស្រុកដាម៉ាសដែរ ។ ស្រកាបានជ្រុះចេញពីភ្នែកគាត់ ។
ជាញឹកញាប់ ព្រះអង្គសង្គ្រោះរបស់យើងបានបើកភ្នែកងងឹតទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ ការបើកភ្នែកយើងមើលក្ដីពិតដ៏ទេវភាព ទាំងភាពជាក់ស្ដែង និងការប្រដូច រៀបចំយើងឲ្យបានជាសះស្បើយពីការមើលឃើញមិនបានឆ្ងាយក្នុងជីវិតរមែងស្លាប់នេះ ។ ពេលយើងយកចិត្តទុកដាក់លើ « សំឡេងរោទ៍ » ខាងវិញ្ញាណដែលផ្ដល់សញ្ញាឲ្យមានការកែប្រែទិសដៅ ឬឲ្យមានទស្សនវិស័យអស់កល្បកាន់តែធំ នោះយើងនឹងទទួលបានការសន្យាសាក្រាម៉ង់ដើម្បីមានព្រះវិញ្ញាណទ្រង់គង់ជាមួយយើងហើយ ។ ការណ៍នេះបានកើតឡើងដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ក្នុងព្រះវិហារបរិសុទ្ធ ខឺតឡង់ ជាពេលដែលក្ដីពិតដ៏សំខាន់ត្រូវបានបង្រៀនដោយព្រះយេស៊ូវគ្រីស្ទ ដែលបានសន្យាថា « ស្បៃ » នៃដែនកំណត់ជីវិតរមែងស្លាប់នឹង « ត្រូវបានបើកពីគំនិតរបស់ [ ពួកគាត់ ] ហើយភ្នែកនៃយោបល់របស់ [ ពួកគាត់ ] [ នឹង ] បើកឡើង » (គ. និង ស. ១១០:១
ខ្ញុំធ្វើជាសាក្សីថា តាមរយៈព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ យើងអាចមើលខាងវិញ្ញាណបានវែងឆ្ងាយជាងអ្វីដែលយើងមើលឃើញជាក់ស្ដែង ។ ពេលយើងចងចាំទ្រង់ ហើយមានព្រះវិញ្ញាណទ្រង់គង់ជាមួយយើង នោះភ្នែកនៃការយល់ដឹងនឹងបើកឡើង ។ បន្ទាប់មក ភាពជាក់ស្ដែងនៃទេវភាពក្នុងពួកយើងម្នាក់ៗនឹងដិតដាមក្នុងចិត្តយើងកាន់តែខ្លាំង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។