ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍—នៅទីបញ្ចប់
ប្រសិនបើយើងស៊ូទ្រាំ កន្លែងចម្រាញ់យើងនឹងត្រូវបានបញ្ជប់ ហើយបំពេញនៅក្នុងភាពអស់កល្បជានិច្ច ។
ព្រះគម្ពីរត្រូវបានសរសេរទុកដើម្បីប្រទានពរ និងលើកទឹកចិត្តយើង ហើយវាពិតជាដូច្នោះមែន ។ យើងអរគុណស្ថានសួគ៌ចំពោះគ្រប់ជំពូក និងគ្រប់ខ ដែលពួកយើងបានទទួល ។ ប៉ុន្តែតើបងប្អូនបានកត់សម្គាល់ទេថា ម្ដងម្កាលវគ្គបទគម្ពីរមួយនឹងលេចមករំឭកយើងថា យើងកំពុងធ្លាក់ចុះឬទេ ? ឧទាហរណ៍ ទេសនកថានៅលើភ្នំចាប់ផ្ដើមជាមួយនឹងការបង្រៀនដ៏ទន់ភ្លន់ និងរាបសា ប៉ុន្តែនៅខបន្ទាប់ទាំងឡាយ វាប្រាប់យើងថា—នៅក្នុងចំណោមរឿងដទៃទៀត—មិនគ្រាន់តែមិនត្រូវសម្លាប់នោះទេ ប៉ុន្តែថែមទាំងមិនត្រូវខឹងផងដែរ ។ យើងត្រូវបានប្រាប់ថា មិនគ្រាន់តែកុំប្រព្រឹត្តកំផិតប៉ុណ្ណោះទេ ប៉ុន្តែក៏មិនត្រូវមានគំនិតមិនបរិសុទ្ធផងដែរ ។ បើអ្នកណាសុំអាវនោះ យើងត្រូវឲ្យអាវខ្លីរបស់យើង ហើយឲ្យទាំងអាវវែងរបស់យើងផង ។ យើងត្រូវស្រឡាញ់ពួកខ្មាំងសត្រូវយើងត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្ដាសាយើងហើយត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់យើង ។
ប្រសិនបើ នោះគឺជាការសិក្សាព្រះគម្ពីររបស់អ្នកនាពេលព្រឹក ហើយបន្ទាប់ពីអានដល់ត្រង់នេះហើយអ្នកដឹងយ៉ាងច្បាស់ថា អ្នកនឹងមិនទទួលបានពិន្ទុល្អនៅក្នុងការរាយការណ៍អំពីដំណឹងល្អរបស់អ្នកទេ នោះអ្នកច្បាស់ណាស់ថា បទបញ្ញត្តិចុងក្រោយក៏អ្នកមិនអាចធ្វើបានដែរ ពោលគឺ « ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌… » ។ ជាមួយនឹងបទបញ្ញត្តិចុងក្រោយនោះ យើងនឹងចូលមុង ហើយគ្របភួយដេកតែម្ដង ។ គោលដៅសេឡេស្ទាលនោះ ហាក់ដូចជាហួសពីការឈោងចាប់របស់យើង ។ ប៉ុន្តែពិតណាស់ ព្រះអម្ចាស់នឹងពុំប្រទានបទបញ្ញត្តិមួយដល់យើងឡើយ បើទ្រង់ដឹងថាយើងពុំអាចរក្សាវាបាននោះ ។ ចាំមើល ភាពអល់អែកនេះនាំយើងទៅណា ។
នៅជុំវិញសាសនាចក្រ ខ្ញុំឮមនុស្សជាច្រើនពុះពារនឹងរឿងនេះថា « ខ្ញុំពុំល្អគ្រប់គ្រាន់នោះទេ » ។ « ខ្ញុំមិនឥតខ្ចោះខ្លាំងណាស់ » ។ « ខ្ញុំគ្មានភាពសក្ដិសមគ្រប់គ្រាន់ទេ » ។ ខ្ញុំឮរឿងនេះមកពីពួកយុវវ័យ ។ ខ្ញុំឮរឿងនេះមកពីអ្នកផ្សព្វផ្សាយសាសនា ។ ខ្ញុំឮពីអ្នកប្រែចិត្តជឿថ្មី ។ ខ្ញុំឮពីសមាជិកចាស់ ។ បងស្រីពួកបរិសុទ្ធថ្ងៃចុងក្រោយយល់ដឹងម្នាក់ ឈ្មោះ ដាឡា អ៊ីសាកសុន បានសង្កេតថា សាតាំងចេះរៀបចំធ្វើឲ្យសេចក្ដីសញ្ញា និងបទបញ្ញត្តិមើលទៅហាក់ដូចជាវាជាបណ្ដាសារ និងជាការផ្ដន្ទាទោសអញ្ចឹង ។ ចំពោះមនុស្សខ្លះ វាបានបង្វែរដំណឹងល្អដ៏ល្អ និងបំផុសគំនិតឲ្យទៅជាការស្អប់ខ្លួនឯង និងធ្វើឲ្យមានទុក្ខវេទនា ។
អ្វីដែលខ្ញុំនិយាយឥឡូវនេះ គឺពុំមែនបដិសេធ ឬបន្ទាបបន្ថោកបទបញ្ញតិ្តណាមួយដែលព្រះប្រទានដល់យើងនោះទេ ។ ខ្ញុំជឿទៅលើភាពឥតខ្ចោះរបស់ទ្រង់ ហើយខ្ញុំដឹងថាយើងគឺជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់ទ្រង់ដែលមានសក្ដានុពលពីព្រះដើម្បីប្រែក្លាយដូចជាទ្រង់ ។ ខ្ញុំក៏ដឹងផងដែរថា ក្នុងនាមជាកូនចៅរបស់ទ្រង់ នោះយើងពុំគួរបង្អន់ ឬនិយាយអាក្រក់ពីខ្លួនយើងនោះទេ ដែលវាហាក់ដូចជាការដាក់ទោសខ្លួនឯងនឹងធ្វើឲ្យយើងក្លាយជាមនុស្សដែលព្រះចង់ឲ្យយើងប្រែក្លាយអញ្ចឹង ។ ទេ ! ដោយការស្ម័គ្រចិត្តប្រែចិត្ត និងបំណងប្រាថ្នាដើម្បីចម្រើនក្នុងសេចក្ដីសុចរិតក្នុងដួងចិត្តយើងជានិច្ច នោះខ្ញុំសង្ឃឹមថាយើងអាចបន្ដកែលម្អខ្លួនតាមរបៀបមួយដែលពុំដាក់បញ្ចូលនូវអារម្មណ៍អវិជ្ជមាន អារម្មណ៍ធុញថប់ ឬកាត់បន្ថយការគោរពខ្លួនយើងនោះឡើយ ។ នោះ ពុំមែន ជាអ្វី ដែលព្រះអម្ចាស់ចង់ឲ្យកុមារថ្នាក់បឋមសិក្សា ឬនរណាម្នាក់ទៀតដែលច្រៀងបទ « ខ្ញុំព្យាយាមក្លាយដូចព្រះយេស៊ូវ » ដោយស្មោះត្រង់ធ្វើនោះទេ ។
បើនិយាយឲ្យច្បាស់ទៅ ខ្ញុំសូមរំឭកដល់យើងទាំងអស់គ្នាថា យើងរស់នៅក្នុងពិភពលោកដែលធ្លាក់ចុះមួយ ហើយក្នុងឥឡូវនេះយើងជាមនុស្សធ្លាក់ ។ យើងស្ថិតនៅក្នុងនគរ តេឡេស្ទាល ដែលប្រកបនឹងអក្សរ ត ពុំមែនអក្សរ ស ទេ ។ ដូចប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថានៅក្នុងជីវិតរមែងស្លាប់នេះ ភាពល្អឥតខ្ចោះគឺ « មិនទាន់សម្រេចបានទេ » ។
ដូច្នេះរូបខ្ញុំផ្ទាល់ជឿថា ព្រះយេស៊ូវមានព្រះរាជបំណងផ្ដល់ទេសនកថារបស់ទ្រង់អំពីប្រធានបទនេះ ស្ដីបន្ទោសចំពោះការធ្វើបាបខ្លួនយើងអំពីការធ្លាក់ចុះរបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះ ។ ទេ ខ្ញុំជឿថាទ្រង់មានព្រះរាជបំណងសរសើរចំពោះអង្គ ព្រះជាព្រះវរបិតា និងអ្វីដែលយើងអាចសម្រេចជាមួយទ្រង់នៅក្នុងភាពអស់កល្បជានិច្ច ។ ដោយភាពពុំល្អឥតខ្ចោះជាច្រើន របស់ខ្ញុំ ខ្ញុំមានអំណរគុណដែលដឹងថា យ៉ាងហោចណាស់ព្រះល្អឥតខ្ចោះ—ឧទាហរណ៍ យ៉ាងហោចណាស់ទ្រង់អាចស្រឡាញ់មារសត្រូវរបស់ទ្រង់ ដោយសារតែជាញឹកញាប់ « មនុស្សខាងសាច់ឈាម »ទាំងប្រុស និងស្រី ទាំងអ្នក និងខ្ញុំ ពេលខ្លះយើងគឺជាមារសត្រូវនោះ ។ ខ្ញុំមានអំណរគុណដែលយ៉ាងហោចណាស់ ព្រះអាចប្រទានពរដល់អស់អ្នកដែលធ្វើទុក្ខបៀតបៀនទ្រង់ ដោយសារយើង ទាំងអស់គ្នា ក៏បានធ្វើទុក្ខបៀតបៀនទ្រង់ពេលខ្លះដែរ ទោះចង់ឬមិនចង់ក្ដី ។ ខ្ញុំមានអំណរគុណដែលព្រះប្រកបដោយក្ដីមេត្តា ហើយជាអង្គសម្រុះសម្រួល ដោយសារខ្ញុំត្រូវការក្ដីមេត្តា ហើយពិភពលោកត្រូវការភាពសុខសាន្ដ ។ ប្រាកដណាស់ អ្វីដែលយើងនិយាយអំពីគុណធម៌របស់ព្រះវរបិតាទាំងអស់ នោះយើងក៏និយាយអំពីព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ផងដែរ ដែលបានរស់នៅ ហើយបានសុគតដើម្បីភាពឥតខ្ចោះដូចគ្នានោះ ។
ខ្ញុំចង់និយាយប្រាប់យ៉ាងលឿនថា ការផ្ដោតទៅលើជោគជ័យរបស់ព្រះវរបិតា និងព្រះរាជបុត្រា ជាជាងបរាជ័យរបស់យើងពុំបានផ្ដល់ជាការដោះសារចំពោះការពុំរស់នៅក្នុងភាពជាសិស្ស ឬការបន្ទាបបទដ្ឋានរបស់យើងសូម្បីតែបន្ដិចនោះឡើយ ។ ទេ តាំងពីដើមដំបូងមក ដំណឹងល្អមានឡើង « ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង…ទាល់តែយើងរាល់គ្នាបាន…ដល់ខ្នាតកម្ពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ » ។ យ៉ាងហោចណាស់ ខ្ញុំសូមផ្ដល់យោបល់ដោយសាមញ្ញថា គោលបំណងនៃបទគម្ពីរ ឬបទបញ្ញត្តិមួយ អាចជួយរំឭកយើងអំពី« ខ្នាតកម្ពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទដ៏រុងរឿង » ថាអស្ចារ្យជាយ៉ាងណា ដែលបំផុសគំនិតយើងឲ្យកាន់តែមានក្ដីស្រឡាញ់ និងការកោតសរសើរចំពោះទ្រង់ ហើយមានបំណងប្រាថ្នាកាន់តែខ្លាំងដើម្បីប្រែក្លាយដូចជាទ្រង់ ។
មរ៉ូណៃបានអង្វរថា « ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់… » ។ « ស្រឡាញ់ព្រះឲ្យអស់ពីសមត្ថភាព អស់ពីគំនិត និងអស់ពីកម្លាំងរបស់អ្នក… នោះដោយសារព្រះគុណនៃព្រះ នោះអ្នករាល់គ្នាអាចបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ» ។ ក្ដីសង្ឃឹមតែមួយគត់របស់យើងសម្រាប់ភាពល្អឥតខ្ចោះពិត គឺក្នុងការទទួលវាជាអំណោយទានមួយមកពី ស្ថានសួគ៌—យើងពុំអាច « រក » វាបានឡើយ ។ ហេតុដូច្នេះហើយ ព្រះគុណនៃព្រះគ្រីស្ទដែលបានប្រទានដល់ពួកយើង ពុំគ្រាន់តែសង្គ្រោះពីភាពសោកសៅ និងអំពើបាប និងសេចក្ដីស្លាប់ប៉ុណ្ណោះទេ ប៉ុន្ដែក៏សង្គ្រោះពីការរិះគន់ខ្លួនឯងជាប្រចាំផងដែរ ។
ខ្ញុំសូមប្រើរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះមួយ ដើម្បីនិយាយរឿងនេះតាមរបៀបផ្សេងគ្នាបន្ដិច ។ មានអ្នកបម្រើម្នាក់ជំពាក់បំណុលស្ដេចចំនួន ១០០០០ កោដិ ។ ពេលស្ដាប់ឮអ្នកបម្រើអង្វរសុំការអត់ធ្មត់ និងក្ដីមេត្តាករុណា « ចៅហ្វាយរបស់បាវនោះ មានព្រះទ័យក្តួលអាណិតក៏លែងវាឲ្យទៅ…ព្រមទាំងលែងទារបំណុលផង … » ។ ប៉ុន្ដែអ្នកបម្រើដដែលនោះពុំបានលែងទារបំណុលរបស់អ្នកបម្រើម្នាក់ទៀតដែលបានជំពាក់ប្រាក់គាត់ ១០០ កាក់ទេ ។ ពេលស្ដាប់ឮរឿងនេះ ស្ដេចបានសោកស្ដាយចំពោះអ្នកបម្រើដែលទ្រង់បានលែងនោះ « តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូនកនឯង ដូចជាអញបានអាណិតមេត្តាដល់ឯងដែរទេឬអី ? »
មានគំនិតផ្សេងៗមួយចំនួននៅក្នុងចំណោមអ្នកប្រាជ្ញអំពីតម្លៃប្រាក់ដែលបានថ្លែងនៅទីនេះ—ហើយដោយលុបចោលឯកសារយោងអំពីតម្លៃនៃរូបិយប័ណ្ណរបស់សហរដ្ឋ—ដើម្បីគិតលេខឲ្យងាយស្រួល ប្រសិនបើពុំអាចលែងទារបំណុល ១០០ កាក់ ឬស្មើនឹង ១០០ ដុល្លារក្នុងជំនាន់របស់យើងដែលជាចំនួនតូចបានទេ នោះបំណុលចំនួន ១០០០០ កោដិដែលមានតម្លៃប្រហែលជា ១០០០ លានដុល្លារ —ឬច្រើនជាងនោះ រឹតតែជាចំនួនដែលត្រូវតែទារហើយ ។
បើជាបំណុលផ្ទាល់ខ្លួនមួយ នោះគឺជាចំនួនខាងតារាសាស្ត្រមួយ—សរុបទៅវាហួសពីការយល់ដឹងរបស់យើង ។ ( គ្មាននរណាអាចទិញឥវ៉ាន់ជាមួយលុយដ៏ច្រើនបែបនោះទេ ! ) មែនហើយ គោលបំណងនៃរឿងប្រៀបប្រដូចនេះ វាគឺជារឿងដែលពុំអាចយល់បាន វាជារឿងហួសពីសមត្ថភាពរបស់យើងដើម្បីចាប់យក គ្មានពាក្យថ្លែង ព្រោះវាហួសពីសមត្ថភាពយើងដើម្បីបង់សង ។ នោះគឺដោយសាររឿងនេះពុំមែនជារឿងអំពីអ្នកបម្រើពីរនាក់ឈ្លោះគ្នាក្នុងព្រះគម្ពីរសញ្ញាថ្មីទេ ។ វាគឺជារឿងអំពីយើង ជាគ្រួសារមនុស្សដែលធ្លាក់ចុះ— ជាអ្នកជំពាក់បំណុលខាងជីវិតរមែងស្លាប់ ជាអ្នកប្រព្រឹត្តអំពើរំលង ហើយជាអ្នកជាប់ទោសទាំងអស់គ្នា ។ យើងម្នាក់ៗគឺជាអ្នកជំពាក់បំណុល ហើយតាមសេចក្ដីសម្រេច គឺថាយើងម្នាក់ៗត្រូវចាប់ដាក់គុក ។ ហើយយើងទាំងអស់គ្នានឹងស្ថិតនៅទីនោះ បើពុំមានព្រះគុណរបស់ស្ដេចយើងដែលដោះយើងឲ្យរួច ដោយសារទ្រង់ស្រឡាញ់យើង ហើយ « ទ្រង់មានចិត្តក្ដួល ដោយសេចក្ដីមេត្តាករុណាដល់យើង » ទេនោះ ។
ព្រះយេស៊ូវបានប្រើការវាស់វែងដ៏ពិបាកយល់នៅ ត្រង់នេះ ដោយសារដង្វាយធួនរបស់ទ្រង់ជាអំណោយដែលប្រទានឲ្យក្នុងតម្លៃដែលពុំអាចយល់បាន ។ ចំពោះខ្ញុំ រឿងនោះគឺជាផ្នែកខ្លះនៃអត្ថន័យបង្កប់ក្នុងការទទួលខុសត្រូវរបស់ព្រះយេស៊ូវដើម្បីល្អឥតខ្ចោះ ។ យើងនឹងមិនអាចបង្ហាញពីភាពល្អឥតខ្ចោះក្នុងតម្លៃ ១០០០ កោដិដែលព្រះបិតា និងព្រះរាជបុត្រាមាននោះទេ ប៉ុន្តែវា ពុំ ច្រើនពេកសម្រាប់ពួកទ្រង់ដើម្បីសុំឲ្យយើងកាន់តែដូចជាព្រះនៅក្នុងរឿងតូចតាច ដែលយើងនិយាយ និងធ្វើ ស្រឡាញ់ និងអភ័យទោស ប្រែចិត្ត ហើយកែលម្អ យ៉ាងហោចណាស់ ១០០ កាក់នៃភាពល្អឥតខ្ចោះ ដែលវាស្ថិតនៅក្នុងសមត្ថភាពដែលយើងអាចធ្វើបាន ។
បងប្អូនប្រុសស្រីទាំងឡាយអើយ យើងពុំមាននរណាធ្វើកិច្ចការល្អឥតខ្ចោះ នៅក្នុងដំណើរនៅលើផែនដី ដែលយើងកំពុងតស៊ូខណៈនៅក្នុងជីវិតរមែងស្លាប់នេះទេ មានតែព្រះគ្រីស្ទប៉ុណ្ណោះ ដូច្នេះចូរព្យាយាមកែលម្អជាប្រចាំ តែកុំគិតជ្រុលពេកទៅលើអ្វីដែលពួកអ្នកវិទ្យាសាស្ត្រខាងអាកប្បកិរិយាហៅថា « មនុស្សពុលសុក្រិតនិយម » ។ យើងគួរតែចៀសវាងពីការរំពឹងទុកឲ្យបានល្អឥតខ្ចោះពីខ្លួនយើង ពីអ្នកដទៃហួសប្រមាណ ហើយខ្ញុំអាចបន្ថែមថា ពីអ្នកទាំងឡាយដែលត្រូវបានហៅឲ្យបម្រើនៅក្នុងសាសនាចក្រ—ដែលសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយមានន័យថា មនុស្សគ្រប់រូប ដ្បិតយើងត្រូវបានហៅឲ្យបម្រើនៅកន្លែងផ្សេងៗគ្នា ។
ស្ដីអំពីរឿងនោះ លេអូ ធូលស្លុយ បានសរសេរដំណើររឿងអំពីសង្ឃម្នាក់ដែលត្រូវបានរិះគន់ដោយមនុស្សក្នុងក្រុមជំនុំរបស់លោក ចំពោះការមិនរស់នៅឲ្យល្អទាំងស្រុងតាមដែលលោកគួររស់នៅ ហើយអ្នករិះគន់បានសន្និដ្ឋានថា គោលការណ៍ដែលគ្រូគង្វាលខុសឆ្គងនោះបានបង្រៀន ច្បាស់ជាខុសឆ្គងផងដែរ ។
ជាការឆ្លើយតបនឹងការរិះគន់ សង្ឃនោះបាននិយាយថា « ចូរមើលពីជីវិតខ្ញុំនៅពេលនេះ ហើយប្រៀបធៀបវាទៅនឹងជីវិតខ្ញុំកាលពីមុន ។ អ្នកនឹងឃើញថា ខ្ញុំកំពុងព្យាយាមរស់នៅតាមសេចក្ដីពិតដែលខ្ញុំប្រកាស » ។ ការមិនអាចរស់នៅតាមគោលការណ៍ដ៏ខ្ពស់បំផុតដែលលោកបានបង្រៀន សង្ឃនោះបានសារភាពថា លោកបានបរាជ័យ ។ តែគាត់បានប្រាប់ថា ៖
« ចូរវាយប្រហារមកលើខ្ញុំចុះ [ បើអ្នកចង់ ] ព្រោះខ្ញុំធ្វើរឿងនេះដោយខ្លួនឯង ប៉ុន្តែចូរ [ កុំ ] វាយប្រហារ…លើផ្លូវដែលខ្ញុំដើរតាមនោះឡើយ ។… បើខ្ញុំស្គាល់ផ្លូវទៅផ្ទះ [ តែ ] ខ្ញុំដើរតាមផ្លូវនោះដោយទ្រេតទ្រោឌ តើផ្លូវដែលត្រូវនេះក្លាយជាមិនសូវត្រូវ ដោយសារខ្ញុំដើរទ្រេតទ្រោឌពីម្ខាងទៅម្ខាងឬ ?
« …ចូរកុំស្រែកហ៊ោថា ‹ មើលគាត់ហ្ន៎ !… គាត់កំពុង វារទៅក្នុងភក់ហើយ ! › ទេ ចូរកុំស្រែកហ៊ោ ប៉ុន្តែសូមផ្ដល់ជំនួយ [ ដល់មនុស្សណាដែលព្យាយាមដើរនៅលើផ្លូវត្រឡប់ទៅព្រះវិញ ] » ។
បងប្អូនប្រុសស្រីទាំងឡាយ ជាញឹកញាប់យើងគ្រប់គ្នាប្រាថ្នាចង់មានជីវិតដូចជាព្រះគ្រីស្ទជាង យើងទទួលបានជោគជ័យក្នុងការរស់នៅ ។ បើយើងសារភាពរឿងនោះដោយស្មោះត្រង់ ហើយព្យាយាមកែលម្អ យើងមិនមែនជាមនុស្សលាក់ពុតទេ យើងគឺជាមនុស្សលោក ។ ខ្ញុំសង្ឃឹមថាយើងនឹងបោះចោលនូវកំហុសល្ងង់ខ្លៅនៃជីវិតរមែងស្លាប់របស់យើង និងការធ្លាក់របស់បុរសស្ត្រីដែលនៅជុំវិញយើង ដែលធ្វើឲ្យយើងមើលសេចក្ដីពិតនៃដំណឹងល្អ ជាសេចក្តីពិតដ៏ពោរពេញនៃសាសនាចក្រ ក្ដីសង្ឃឹមសម្រាប់អនាគត ឬលទ្ធភាពនៃសេចក្ដីល្អរបស់យើងថា ជាការមិនល្អចោលចេញ ។ បើយើងស៊ូទ្រាំ កន្លែងចម្រាញ់យើងនឹងត្រូវបានបញ្ជប់ ហើយបំពេញនៅក្នុងភាពអស់កល្បជានិច្ច—ដែលនៅក្នុងព្រះគម្ពីរសញ្ញាថ្មីមានន័យថា ល្អឥតខ្ចោះ ។
ខ្ញុំថ្លែងទីបន្ទាល់ថា ជោគវាសនាដ៏ធំនោះ មានសម្រាប់ពួកយើងតាមរយៈដង្វាយធួនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់ផ្ទាល់បានបន្ដថា « ពីព្រះគុណថែមលើព្រះគុណ » រហូតដល់ទ្រង់បានទទួលនៅក្នុងជីវិតអមត ទ្រង់បានទទួលភាពពេញលេញនៃសិរីល្អសេឡេស្ទាលយ៉ាងល្អឥតខ្ចោះ ។ ខ្ញុំថ្លែងទីបន្ទាល់ថា នៅក្នុងម៉ោងនេះ និងគ្រប់ម៉ោង ទ្រង់កំពុងលាតព្រះហស្តដែលមានស្នាមដែកគោលមកកាន់យើង ដោយព្រះគុណដូចគ្នានោះ កាន់យើងយ៉ាងជាប់ ហើយលើកទឹកចិត្តយើង បដិសេធពុំលែងយើងឡើយ រហូតយើងទៅដល់ផ្ទះដោយសុវត្ថិភាពនៅក្នុងការឱបក្រសោបនៃបិតាមាតាសួគ៌ ។ សម្រាប់គ្រាដ៏ល្អឥតខ្ចោះដូច្នោះ ខ្ញុំបន្ដព្យាយាម ទោះជាមានអារម្មណ៍ឆ្គាំឆ្គងក៏ដោយ ។ ចំពោះអំណោយដ៏ឥតខ្ចោះដូច្នោះ ខ្ញុំបន្ដថ្លែងអំណរគុណ ទោះជាខ្ញុំពុំល្អគ្រប់គ្រាន់ក៏ដោយ ។ ខ្ញុំសូមធ្វើការនេះ នៅក្នុងព្រះនាមនៃអង្គដ៏ល្អឥតខ្ចោះនៃអង្គដែលពុំដែលឆ្គាំឆ្គង ឬពុំល្អគ្រប់គ្រាន់ ប៉ុន្តែជាអង្គដែលស្រឡាញ់យើងទាំងអស់គ្នារៀងៗខ្លួន គឺជាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។