នំបុ័ងដ៏រស់ដែលចុះពីស្ថានសួគ៌មក
បើយើងចង់រស់នៅក្នុងព្រះគ្រីស្ទ ហើយឲ្យទ្រង់រស់នៅក្នុងយើង នោះបរិសុទ្ធភាពគឺជាអ្វីដែលយើងស្វែងរក ។
នៅថ្ងៃបន្ទាប់ពីព្រះយេស៊ូវបានផ្ដល់អាហារដល់មនុស្ស ៥០០០ នាក់នៅកាលីឡេប្រកបដោយអព្ភូតហេតុដែលមាន « នំបុ័ងម្សៅឱក៥ និងត្រីតូច២ » ទ្រង់មានបន្ទូលទៅហ្វូងមនុស្សម្ដងទៀតនៅ កាពើណិម ។ ព្រះអង្គសង្គ្រោះបានត្រាស់យល់ថា មានមនុស្សជាច្រើនមិនចាប់អារម្មណ៍នឹងការបង្រៀនរបស់ទ្រង់នៅពេលពួកគេត្រូវបានផ្ដល់អាហារឲ្យម្ដងទៀត ។ ទ្រង់បានព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យស្គាល់តម្លៃកាន់តែខ្លាំងនៃ « អាហារដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា » ។ ព្រះយេស៊ូវបានប្រកាសថា ៖
« យើងជានំបុ័ងជីវិត ។
« ពួកអយ្យកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ានៅក្នុងទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ ។
« ឯនំប៉័ងដែលខ្ញុំនិយាយនេះ គឺជានំប៉័ងដែលចុះពី ស្ថានសួគ៌មក ដើម្បីឲ្យអ្នកណាដែលបរិភោគមិនត្រូវ ស្លាប់ឡើយ ។
« ខ្ញុំជានំបុ័ងដ៏រស់ដែលចុះពីស្ថានសួគ៌មក បើអ្នក ណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្ប ជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំដែលខ្ញុំនឹង ឲ្យជំនួសជីវិតមនុស្សលោក » ។
អត្ថន័យពិតរបស់ព្រះអង្គសង្គ្រោះត្រូវបានបាត់បង់ទាំងស្រុងពីអ្នកស្ដាប់របស់ទ្រង់ ដែលយល់សេចក្ដីថ្លែងរបស់ទ្រង់តែន័យត្រង់នោះ ។ ពួកគេបានងឿងឆ្ងល់ទាំងភ័យខ្លាចក្នុងគំនិតថា « តើថា ធ្វើដូចម្តេចឲ្យអ្នកនេះអាចនឹងឲ្យសាច់ខ្លួនមកយើងបរិភោគបាន ? » ព្រះយេស៊ូវបានសង្កត់ធ្ងន់បន្ថែមថា ៖
« ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នក រាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូន មនុស្សនោះ អ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ ។
« អ្នកណាដែលបរិភោគសាច់នឹងឈាមរបស់ខ្ញុំនោះ មានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នក នោះរស់ឡើងវិញនៅថ្ងៃចុងបំផុត ។
« ពីព្រោះសាច់ខ្ញុំជាអាហារពិត ហើយឈាមខ្ញុំក៏ជា គ្រឿងផឹកពិតប្រាកដ » ។
បន្ទាប់មកទ្រង់បង្ហាញអំពីអត្ថន័យដ៏ល្អនៃការប្រៀបធៀបរបស់ទ្រង់ ៖
« អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះនៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរ ។
« អ្នកណាដែលបរិភោគខ្ញុំអ្នក នោះនឹងរស់ដោយសារ ខ្ញុំដូចជាព្រះវរបិតាដ៏មានព្រះជន្មរស់ទ្រង់បានចាត់ឲ្យ ខ្ញុំមក ហើយខ្ញុំក៏រស់នៅដោយសារទ្រង់ដែរ » ។
អ្នកស្ដាប់របស់ទ្រង់នៅតែពុំអាចចាប់យកនូវអ្វីដែលព្រះយេស៊ូវបានមានបន្ទូល ហើយ « …ជាច្រើន ដែលឮសេចក្តីនោះ ក៏និយាយថា ពាក្យនេះពិបាកស្តាប់ណាស់ តើអ្នកណាយល់បាន ?… [ ហើយ ] តាំងពីនោះមកមានសិស្សទ្រង់ជាច្រើនដក ខ្លួនថយចេញមិនតាមទ្រង់ទៀតទេ » ។
ដើម្បីទទួលទានព្រះកាយ ហើយផឹកលោហិតរបស់ទ្រង់ គឺជារបៀបដ៏ខុសប្រក្រតីមួយក្នុងការបង្ហាញថាយើងត្រូវនាំព្រះអង្គសង្គ្រោះមកក្នុងជីវិតរបស់យើង—មកក្នុងខ្លួនយើង—ដើម្បីយើងអាចបានជាតែមួយ ។ តើរឿងនេះកើតឡើងយ៉ាងដូចម្ដេច ?
ទីមួយ យើងយល់ថា នៅក្នុងការពលិកម្មជាសាច់ឈាមរបស់ទ្រង់ ព្រះយេស៊ូវបានធ្វើឲ្យធួនចំពោះអំពើបាបរបស់យើង ហើយយកឈ្នះលើសេចក្ដីស្លាប់ទាំងខាងរូបកាយ និងខាងវិញ្ញាណ ។ បន្ទាប់មកយើងទទួលទានព្រះកាយ ហើយផឹកលោហិតរបស់ទ្រង់យ៉ាងច្បាស់ នៅពេលយើងទទួលមកពីទ្រង់នូវព្រះចេស្ដារ និងពរជ័យនៃដង្វាយធួនរបស់ទ្រង់ ។
គោលលទ្ធិនៃព្រះគ្រីស្ទបង្ហាញពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួលព្រះគុណដ៏ធួន ។ គឺត្រូវជឿ ហើយមានជំនឿទៅលើព្រះគ្រីស្ទ ប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ « ហើយបន្ទាប់មកគឺជាការផ្ដាច់បានទាំងឡាយរបស់អ្នកដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ » ។ នេះគឺជាច្រកទ្វារ ជាផ្លូវរបស់យើងទៅកាន់ព្រះគុណដ៏ធួនរបស់ព្រះអង្គសង្គ្រោះ និងទៅកាន់ផ្លូវតូច ហើយចង្អៀតដែលនាំទៅកាន់នគររបស់ទ្រង់ ។
« ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាខិតខំជឿនទៅមុខ [នៅលើផ្លូវ] ដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត មើលចុះ នោះព្រះវរបិតាទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ។
« នេះគឺជាគោលលទ្ធិនៃព្រះគ្រីស្ទ ហើយគឺជាគោលលទ្ធិតែមួយ ហើយពិតនៃព្រះវរបិតា និងព្រះរាជបុត្រា ហើយនឹងព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះពិតតែមួយដែលគ្មានចុងបំផុត » ។
និមិត្តសញ្ញានៃពិធីសាក្រាម៉ង់ក្នុងពេលទទួលទានអាហារយប់ចុងក្រោយរបស់ព្រះអម្ចាស់ គឺជារឿងដ៏អស្ចារ្យដើម្បីសញ្ជឹងគិត ។ នំប៉័ង និងទឹកតំណាងឲ្យព្រះកាយ និងលោហិតរបស់ទ្រង់ដែលជានំប៉័ងជីវិត និងជាទឹករស់ ដែលរំឭកយើងយ៉ាងទន់ភ្លន់អំពីតម្លៃដែលទ្រង់បានបង់ថ្លៃក្នុងការប្រោសលោះយើង ។ នៅពេលកាច់នំប៉័ង នោះយើងចងចាំអំពីការទម្លុះសាច់របស់ព្រះអង្គសង្គ្រោះ ។ អែលឌើរ ដាល្លិន អេក អូក បានអង្កេតថា « ដោយសារតែវាបានកាច់ហែក នោះចំណិតនំប៉័ងនីមួយៗគឺពិសេសណាស់ ដូចជាបុគ្គលម្នាក់ៗដែលទទួលទានវាក៏ពិសេសណាស់ដែរ ។ យើងទាំងអស់គ្នាមានអំពើបាបដើម្បីប្រែចិត្តផ្សេងៗគ្នា ។ យើងមានតម្រូវការផ្សេងៗគ្នាដើម្បីពង្រឹង តាមរយៈដង្វាយធួនរបស់ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ដែលយើងចងចាំនៅក្នុងពិធីបរិសុទ្ធនេះ » ។ នៅពេលយើងផឹកទឹក នោះយើងគិតអំពីព្រះលោហិតដែលទ្រង់បានបង្ហូរនៅ សួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង និងអំណាចនៃការញែកជាបរិសុទ្ធ ។ ដោយដឹងថា « គ្មានអ្វីដែលពុំស្អាតណាអាចចូលទៅក្នុងនគររបស់ទ្រង់បាន » នោះយើងដោះស្រាយធ្វើយ៉ាងណានៅក្នុងចំណោមនៃ « អ្នកនោះបានលាងសម្លៀកបំពាក់របស់ខ្លួន ដោយនូវលោហិត[ របស់ព្រះអង្គសង្គ្រោះ ] ពីព្រោះមកពីសេចក្តីជំនឿរបស់គេ និងការប្រែចិត្តពីគ្រប់ទាំងអំពើបាបរបស់គេ និងការស្មោះត្រង់របស់គេរហូតដល់ទីបំផុត » ។
ខ្ញុំនិយាយអំពីការទទួលព្រះគុណដង្វាយធួនរបស់ព្រះអង្គសង្គ្រោះដើម្បីដកអំពើបាបរបស់យើង និងស្នាមប្រឡាក់នៃអំពើបាបនៅក្នុងខ្លួនយើង ។ ប៉ុន្តែពាក្យប្រៀបធៀបអំពីការទទួលទានព្រះកាយរបស់ទ្រង់ ហើយផឹកលោហិតរបស់ទ្រង់មានអត្ថន័យបន្ថែម ហើយថាត្រូវដាក់គុណសម្បត្តិ និងចរិតលក្ខណៈរបស់ព្រះគ្រីស្ទក្នុងខ្លួនយើង ហើយការសម្រាតចោលភាពជាមនុស្សខាងសាច់ឈាមចេញ ហើយប្រែក្លាយជាពួកបរិសុទ្ធ « តាមរយៈដង្វាយធួននៃព្រះគ្រីស្ទជាព្រះអម្ចាស់ » ។ នៅពេលយើងទទួលទានសាក្រាម៉ង់ នំប៉័ង និងទឹករាល់សប្ដាហ៍ នោះយើងនឹងធ្វើបានល្អដើម្បីពិចារណាថាយើងត្រូវតែដាក់បញ្ចូលចរិតលក្ខណៈរបស់ទ្រង់ និងគំរូនៃជីវិតគ្មានបាបរបស់ទ្រង់មកក្នុងជីវិត និងតួអង្គរបស់យើងឲ្យពេញលេញទាំងស្រុង ។ ព្រះយេស៊ូវពុំអាចធ្វើដង្វាយធួនសម្រាប់អំពើបាបអ្នកដទៃបានទេ លុះត្រាតែទ្រង់ផ្ទាល់ពុំមានអំពើបាប ។ ដោយសារសេចក្ដីយុត្តិធម៌ពុំបានទាមទារពីទ្រង់ នោះទ្រង់អាចប្រគល់ព្រះអង្គទ្រង់ជំនួសយើង ដើម្បីធ្វើឲ្យសេចក្ដីយុត្តិធម៌បានស្កប់ស្កល់ បន្ទាប់មកប្រទាននូវក្ដីមេត្តាករុណា ។ នៅពេលយើងចងចាំ ហើយគោរពដល់ពលិកម្មធួនរបស់ទ្រង់ នោះយើងគួរតែសញ្ជឹងគិតអំពីជីវិតគ្មានបាបរបស់ទ្រង់ ។
រឿងនេះផ្ដល់ជាយោបល់អំពីតម្រូវការឲ្យព្យាយាមយ៉ាងខ្លាំងពីចំណែករបស់យើង ។ យើងមិនអាចសប្បាយក្នុងការបន្ដនៅដដែលនោះទេ ប៉ុន្តែយើងត្រូវតែឆ្ពោះទៅមុខដោយខ្ជាប់ខ្ជួន « ដល់ខ្នាតកម្ពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ » ។ ដូចជាបិតារបស់ស្ដេចឡាម៉ូណៃនៅក្នុងគម្ពីរមរមន យើងត្រូវតែមានឆន្ទៈបោះបង់ចោលអំពើបាបទាំងអស់របស់យើង ហើយផ្ដោតទៅលើអ្វីដែលព្រះរំពឹងទុកពីយើងជាបុគ្គលម្នាក់ៗ និងជារួម ។
មិនយូរប៉ុន្មានកន្លងទៅ មានមិត្តម្នាក់បានរៀបរាប់ប្រាប់ខ្ញុំពីបទពិសោធន៍មួយ ដែលគាត់មាន កាលបម្រើជាប្រធានបេសកកម្ម ។ គាត់បានទទួលការវះកាត់មួយ ដែលតម្រូវឲ្យមានការសម្រាកជាច្រើនសប្ដាហ៍មុននឹងត្រឡប់ទៅវិញ ។ អំឡុងពេលព្យាបាលរបស់គាត់ គាត់បានចំណាយពេលវេលាដើម្បីស្វែងយល់ពីព្រះគម្ពីរ ។ នារសៀលមួយនៅពេលគាត់ពិចារណាអំពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី ៣ ជំពូក ២៧ គាត់បានដេកលក់ ។ បន្ទាប់មកគាត់បានរៀបរាប់ថា ៖
« ខ្ញុំមានសុបិនមួយដែលខ្ញុំបានឃើញពីជីវិតរបស់ខ្ញុំយ៉ាងច្បាស់ ហើយធំទូលាយ ។ ខ្ញុំត្រូវបានបង្ហាញពីអំពើបាបរបស់ខ្ញុំ ការជ្រើសរើសមិនល្អ នឹងគ្រាទាំងឡាយ…ដែលខ្ញុំបានប្រព្រឹត្តនឹងមនុស្សដោយតក់ក្រហល់ ថែមទាំងការភ្លេចធ្វើអំពើល្អដែលខ្ញុំគួរតែបាននិយាយ ឬធ្វើ ។… ការយល់ដឹង [ មួយ ] … [ រំឭកឡើងវិញពី ] ជីវិតរបស់ខ្ញុំ គឺត្រូវបានបង្ហាញមកខ្ញុំតែពីរបីនាទីប៉ុណ្ណោះ ប៉ុន្តែវាហាក់ដូចជាមានយ៉ាងច្រើនទៀត ។ ខ្ញុំបានភ្ញាក់ឡើង ភ្ញាក់ខ្លួន ហើយ… បានលុតជង្គង់ចុះភ្លាមនៅជិតគ្រែ រួចចាប់ផ្ដើមអធិស្ឋាន អង្វរសូមការអភ័យទោស បង្ហាញអារម្មណ៍ពីដួងចិត្តខ្ញុំដូចជាខ្ញុំពុំធ្លាប់ធ្វើពីមុនមកអញ្ចឹង ។
« ពីមុនសុបិននោះ ខ្ញុំមិនដឹងថាខ្ញុំ [ មាន ] អ្វីយ៉ាងច្រើនត្រូវប្រែចិត្តដូច្នេះទេ ។ រំពេចនោះ កំហុស និងភាពទន់ខ្សោយរបស់ខ្ញុំ បានបង្ហាញយ៉ាងច្បាស់មកខ្ញុំពីគម្លាតរវាងខ្ញុំផ្ទាល់ និងភាពបរិសុទ្ធ និងសេចក្ដីល្អរបស់ព្រះ ដែល[ ហាក់ដូចជា ] មានចម្ងាយរាប់លានគីឡូម៉ែត្រ ។ នៅក្នុងការអធិស្ឋាននៅរសៀលនោះ ខ្ញុំបានបង្ហាញនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំចំពោះព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះដោយអស់ពីដួងចិត្តចំពោះអ្វីដែលពួកទ្រង់បានធ្វើសម្រាប់ខ្ញុំ និងសម្រាប់ទំនាក់ទំនងដែលខ្ញុំបានរក្សាទុកជាមួយនឹងភរិយា និងកូនៗខ្ញុំ ។ ខណៈពេលខ្ញុំលុតជង្គង់ ខ្ញុំក៏បានទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងព្រះគុណរបស់ព្រះយ៉ាងស្ដែង ទោះជាអារម្មណ៍ខ្ញុំពុំសក្ដិសមក្ដី ។…
« ខ្ញុំអាចនិយាយថា ខ្ញុំមិនជាមនុស្សដូចមុនទេ ចាប់តាំងពីថ្ងៃនោះមក ។… ដួងចិត្តរបស់ខ្ញុំបានផ្លាស់ប្ដូរ ។… ជាលទ្ធផល គឺថាខ្ញុំបានអភិវឌ្ឍចិត្តអាណិតអាសូរកាន់តែច្រើនចំពោះមនុស្សដទៃ ទាំងមានសមត្ថភាពដើម្បីស្រឡាញ់កាន់តែច្រើន ព្រមទាំងមានអារម្មណ៍ថាត្រូវផ្សាយដំណឹងល្អជាបន្ទាន់ ។… ខ្ញុំអាចភ្ជាប់ទៅនឹងសារលិខិតនៃសេចក្ដីជំនឿ សេចក្តីសង្ឃឹម និងអំណោយទាននៃការប្រែចិត្ត ដែលមាននៅក្នុងគម្ពីរមរមន [ ដែល ] ពុំធ្លាប់មានពីមុន » ។
វាសំខាន់ដើម្បីទទួលស្គាល់ថា វិវរណៈដ៏ច្បាស់អំពីអំពើបាប និងកំហុសឆ្គងនានាចំពោះបុរសល្អរូបនេះ ពុំបានធ្វើឲ្យគាត់បាក់ទឹកចិត្ត ឬនាំគាត់ទៅរកភាពអស់សង្ឃឹមនោះទេ ។ មែនហើយ គាត់មានអារម្មណ៍រន្ធត់ ហើយសោកស្ដាយ ។ គាត់មានអារម្មណ៍ថាចាំបាច់ត្រូវប្រែចិត្តយ៉ាងមោះមុត ។ គាត់រាបសារ ទាំងមានអារម្មណ៍ដឹងគុណ សន្ដិភាព និងក្ដីសង្ឃឹម —ជាក្ដីសង្ឃឹមពិត—ដោយសារព្រះយេស៊ូវគ្រីស្ទ « ជានំបុ័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក » ។
មិត្តរបស់ខ្ញុំនិយាយអំពីគម្លាតដែលគាត់មើលឃើញក្នុងសុបិនរបស់គាត់រវាងជីវិតគាត់ និងភាពបរិសុទ្ធរបស់ព្រះ ។ បរិសុទ្ធភាព គឺជាពាក្យត្រឹមត្រូវ ។ ដើម្បីទទួលទានព្រះកាយ ហើយផឹកលោហិតរបស់ព្រះគ្រីស្ទមានន័យថា តស៊ូទទួលយកបរិសុទ្ធភាព ។ ព្រះបានបង្គាប់ថា « ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតយើងជាបរិសុទ្ធ » ។
ហេណុក បានប្រឹក្សាដល់យើងថា « ចូរបង្រៀនកូនចៅអ្នក ថាមនុស្សទាំងអស់នៅគ្រប់ទិសទីត្រូវតែប្រែចិត្ត បើពុំនោះសោតទេ ពួកគេពុំអាចគ្រងនគរព្រះទុកជាមរតកបានឡើយ ដ្បិតគ្មានអ្វីដែលមិនស្អាតអាចអាស្រ័យនៅទីនោះ ឬនៅក្នុងវត្តមានរបស់ទ្រង់បានឡើយ ដ្បិតនៅក្នុងភាសាអ័ដាម មនុស្សនៃបរិសុទ្ធភាព គឺជាព្រះនាមរបស់ទ្រង់ ហើយព្រះនាមនៃព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ គឺកូនមនុស្សគឺព្រះយេស៊ូវគ្រីស្ទ ជាចៅក្រមសុចរិត ដែលនឹងយាងមកក្នុងពេលខ្ពង់ខ្ពស់បំផុត » ។ កាលពីក្មេង ខ្ញុំងឿងឆ្ងល់ថាហេតុអ្វីនៅក្នុងគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវត្រូវបានហៅថាជា ( សូម្បីតែទ្រង់ហៅព្រះអង្គទ្រង់ផ្ទាល់ ) ជាកូនមនុស្សញឹកញាប់ម្ល៉េះ កាលដែលទ្រង់ជារាជបុត្រាពិតរបស់ព្រះហើយនោះ ប៉ុន្តែសេចក្ដីថ្លែងរបស់ហេណុកបង្ហាញយ៉ាងច្បាស់ថា សេចក្ដីយោងទាំងនេះ គឺត្រូវបានទទួលស្គាល់អំពីភាពជាព្រះជា និងបរិសុទ្ធភាពរបស់ទ្រង់—ទ្រង់ជាព្រះរាជបុត្រានៃព្រះដ៏បរិសុទ្ធ គឺព្រះជាព្រះវរបិតា ។
បើយើងចង់រស់នៅក្នុងព្រះគ្រីស្ទ ហើយឲ្យទ្រង់គង់នៅក្នុងយើង នោះបរិសុទ្ធភាពគឺជាអ្វីដែលយើងស្វែងរកទាំងខាងរូបកាយ និងខាងវិញ្ញាណ ។ យើងស្វែងរកវានៅក្នុងព្រះវិហារបរិសុទ្ធ ដែលត្រូវបានឆ្លាក់ទុកថា « បរិសុទ្ធដល់ព្រះអម្ចាស់ » ។ យើងស្វែងរកវានៅក្នុងអាពាហ៍ពិពាហ៍ គ្រួសារ និងគេហដ្ឋានរបស់យើង ។ យើងស្វែងរកវាជារៀងរាល់សប្ដាហ៍ នៅពេលយើងរីករាយនឹងថ្ងៃបរិសុទ្ធរបស់ព្រះអម្ចាស់ ។ យើងស្វែងរកវាជាលម្អិតនៅក្នុងការរស់នៅប្រចាំថ្ងៃ ៖ ពាក្យសម្ដី ការស្លៀកពាក់ និងគំនិតរបស់យើង ។ ដូចប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែងថា « យើងគឺជាផលិតផលនៃអ្វីៗទាំងអស់ដែលយើងអាន ដែលយើងមើល ដែលយើងស្ដាប់ និងដែលយើងគិត » ។ យើងស្វែងរកបរិសុទ្ធភាព នៅពេលយើងទទួលយកឈើឆ្កាងរបស់យើងប្រចាំថ្ងៃ ។
ស្ទីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី បានសង្កេតឃើញថា ៖ « យើងទទួលស្គាល់ការសាកល្បង ការល្បួង និងទុក្ខលំបាកជាច្រើន ដែលអាចទាញយើងចេញពីមាគ៌ាដែលប្រកបដោយគុណធម៌ និងគួរឲ្យសរសើរចំពោះព្រះ ។ ប៉ុន្តែបទពិសោធន៍ក្នុងជីវិតរមែងស្លាប់ ផ្ដល់ឱកាសឲ្យយើងជ្រើសរើសយកសេចក្ដីបរិសុទ្ធ ។ ជាញឹកញាប់ វាគឺជាការលះបង់ដែលយើងធ្វើ ដើម្បីគោរពតាមសេចក្ដីសញ្ញាដែលញែក ហើយធ្វើឲ្យយើងបរិសុទ្ធ » ។ ហើយខ្ញុំនឹងបន្ថែមចំពោះ « ការលះបង់ដែលយើងធ្វើ » និងការបម្រើដែលយើងផ្ដល់ឲ្យផងដែរ ។
យើងដឹងថា « កាលណា [ យើង ] នៅក្នុងការបម្រើដល់មនុស្សទូទៅ នោះ [ យើង ] គ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់ [ យើង ] តែប៉ុណ្ណោះ » ។ ហើយព្រះអម្ចាស់រំឭកយើងថា ការបម្រើដូច្នោះ គឺសំខាន់ចំពោះជីវិត និងចរិតលក្ខណៈរបស់ទ្រង់ ៖ « ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបម្រើលោកទេគឺនឹងបម្រើគេវិញ ហើយនឹងឲ្យជីវិតខ្លួនទុកថ្លៃលោះមនុស្សជាច្រើនផង » ។ ប្រធាន ម៉ារ៉ុន ជី. រ៉មនី បានពន្យល់យ៉ាងឈ្លាសវៃថា ៖ « ការបម្រើគឺពុំមែនជាអ្វីដែលយើងស៊ូទ្រាំនៅលើផែនដីនេះឡើយ ដើម្បីឲ្យយើងអាចទទួលនូវឯកសិទ្ធិរស់នៅក្នុងនគរសេឡេស្ទាលឡើយ ។ ការបម្រើគឺជាធាតុសំខាន់ដែលត្រូវបានធ្វើឡើងនៅក្នុងនគរសេឡេស្ទាល » ។
សាការី បានព្យាករថា នៅថ្ងៃនៃការគ្រងរាជ្យព្រះអម្ចាស់នៅក្នុងសហសវត្សរ៍ សូម្បីតែកន្តឹងសេះក៏មានពាក់ការឆ្លាក់ពាក្យថា « បរិសុទ្ធដល់ព្រះអម្ចាស់ » ផងដែរ ។ នៅក្នុងស្មារតីនោះ ពួកបរិសុទ្ធត្រួសត្រាយផ្លូវនៅក្នុងជ្រលងភ្នំទាំងនេះ បានចាំទុកការរំឭក « បរិសុទ្ធដល់ព្រះអម្ចាស់ » នៅក្នុងរឿងសាមញ្ញៗរាល់ថ្ងៃ ក៏ដូចជាទាក់ទងនឹងការអនុវត្តខាងសាសនាដោយផ្ទាល់ផងដែរ ។ វាត្រូវបានឆ្លាក់នៅលើពែង និងចានសាក្រាម៉ង់ ហើយបោះពុម្ពនៅលើវិញ្ញាបនបត្រនៃការតែងតាំងពួកចិតសិបនាក់ និងនៅលើបដារបស់សមាគមសង្គ្រោះ ។ « បរិសុទ្ធដល់ព្រះអម្ចាស់ » ក៏បង្ហាញនៅលើបង្អួចនៃវិទ្យាស្ថាន Zion’s Cooperative Mercantile និង ហាងទំនិញ ZCMI ផងដែរ ។ វាមាននៅលើក្បាលញញួរ និងនៅលើស្គរផងដែរ ។ « បរិសុទ្ធដល់ព្រះអម្ចាស់ » ត្រូវបានឆ្លាក់នៅលើដៃទ្វារដែកនៅផ្ទះរបស់ប្រធាន ព្រិកហាំ យ៉ង់ ។ សេចក្ដីយោងទៅបរិសុទ្ធភាពទាំងនេះបើមាននៅក្នុងកន្លែងខុសប្រក្រតី ឬពុំបានរំពឹងទុក អាចនឹងមើលទៅដូចជាចម្លែក ប៉ុន្តែវាគ្រាន់តែបង្ហាញពីរបៀបដែលយើងចាំបាច់ត្រូវផ្ដោតទៅលើបរិសុទ្ធភាពនោះដោយខ្ជាប់ខ្ជួនទាំងស្រុង ។
ការទទួលទានព្រះកាយ ហើយផឹកលោហិតរបស់ទ្រង់ មានន័យថា បញ្ឈប់នូវអ្វីដែលពុំត្រូវនឹងចរិតលក្ខណៈដូចជាព្រះគ្រីស្ទក្នុងជីវិតយើងចោល ហើយយកអាកប្បកិរិយារបស់ទ្រង់ដាក់ក្នុងខ្លួនយើងវិញ ។ នេះគឺជាអត្ថន័យដ៏ធំអំពីការប្រែចិត្ត ៖ ពុំគ្រាន់តែងាកចេញពីអំពើបាបអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែ « ការបែរដួងចិត្ត និងឆន្ទៈទៅរកព្រះ » តទៅខាងមុខផងដែរ ។ ដូចបានកើតឡើងចំពោះមិត្តខ្ញុំនៅក្នុងសុបិនវិវរណៈរបស់គាត់ ព្រះនឹងបង្ហាញដល់យើងនូវគុណវិបត្តិ និងការបរាជ័យនានា ប៉ុន្តែទ្រង់ក៏នឹងជួយយើងបង្វែរភាពទន់ខ្សោយទៅជាខ្លាំងផងដែរ ។ បើយើងសួរដោយស្មោះថា « តើខ្ញុំនៅខ្វះអ្វីទៀត ? » ទ្រង់នឹងពុំទុកឲ្យយើងសង្ស័យឡើយ ប៉ុន្តែទ្រង់នឹងឆ្លើយតបជាប្រយោជន៍សម្រាប់សុភមង្គលរបស់យើងដោយក្ដីស្រឡាញ់ ។ ហើយទ្រង់ប្រទានក្ដីសង្ឃឹមដល់យើង ។
វាគឺជាការខិតខំដ៏លើសលប់មួយ ហើយវានឹងគួរឲ្យខ្លាចផងដែរ បើយើងខំដើម្បីបានបរិសុទ្ធភាពតែម្នាក់ឯងនោះ ។ សេចក្ដីពិតដ៏រុងរឿងគឺថាយើងពុំនៅឯកោទេ ។ យើងមានសេចក្ដីស្រឡាញ់របស់ព្រះ ព្រះគុណរបស់ព្រះគ្រីស្ទ និងការលួងលោម និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងការរាប់អាន និងការលើកទឹកចិត្តមកពីបងប្អួនពួកបរិសុទ្ធនៅក្នុងតួនៃព្រះគ្រីស្ទ ។ ចូរយើងកុំអរសប្បាយតែនឹងខ្លួនយើង ប៉ុន្តែក៏កុំឲ្យបាក់ទឹកចិត្តដែរ ។ ដូចជាទំនុកតម្កើងដ៏សាមញ្ញមួយបានជម្រុញយើងថា ៖
ខ្ញុំថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទថា « ជានំបុ័ងដ៏រស់ដែលចុះពីស្ថានសួគ៌មក » ហើយថា « អស់អ្នកណាដែលពិសាសាច់ [ របស់ទ្រង់ ] ហើយផឹកព្រះលោហិត [ របស់ទ្រង់ ] នឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » នៅក្នុង ព្រះនាម នៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។