សូមព្រះអង្គគង់ជាមួយនឹងអ្នកផង
ពេលយើងទទួលយកសារលិខិតទំាងឡាយដែលបានផ្តល់ឲ្យពីរថ្ងៃកន្លងទៅនេះដាក់ក្នុងដួងចិត្ត និង ជីវិតយើង នោះយើងនឹងទទួលពរ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ! យើងបានមកវគ្គបញ្ចប់នៃសន្និសីទទូទៅដ៏បំផុសគំនិតហើយ ។ រូបខ្ញុំផ្ទាល់បានពោរពេញ និង ការលើកដម្កើងខាងវិញ្ញាណ ហើយដឹងថាអ្នកក៏បានទទួលអារម្មណ៍ពិសេសខាងវិញ្ញាណពីសន្និសីទនេះដែរ ។
យើងសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រដល់អស់អ្នកដែលបានចូលរួម ទោះជាតាមរបៀបណាក៏ដោយ ។ សេចក្តីពិតនៃដំណឹងល្អត្រូវបានបង្រៀន និង បញ្ជាក់ម្តងទៀតយ៉ាងអស្ចារ្យ ។ ពេលយើងទទួលយកសារលិខិតទំាងឡាយដែលបានផ្តល់ឲ្យពីរថ្ងៃកន្លងទៅនេះដាក់ក្នុងដួងចិត្ត និង ជីវិតយើង នោះយើងនឹងទទួលពរ ។
ដូចធម្មតា សារលិខិតទាំងឡាយនៃសន្និសីទនេះនឹងមាននៅក្នុងច្បាប់ទស្សនាវដ្តី Ensign និង Liahona នៅខែបន្ទាប់ ។ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យអានសារលិខិតទាំងនោះម្តងទៀត ហើយពិចារណាពីសារលិខិតទាំងនោះដែលមានក្នុងទស្សនាវដ្តី ។ រូបខ្ញុំផ្ទាល់ខ្ញុំបានឃើញថា ខ្ញុំបានទទួលបន្ថែមទៀតពីការបង្រៀនដ៏បំផុសគំនិតទាំងនេះ នៅពេលដែលខ្ញុំសិក្សាសារលិខិតទាំងនោះឲ្យស៊ីជម្រៅ ។
យើងមានប្រព័ន្ធផ្សព្វផ្សាយដ៏ទូលំទូលាយពីសន្និសីទនេះ ដែលអាច ឆ្លងកាត់ ទ្វីប និង មហាសមុទ្រទាំងឡាយសម្រាប់មនុស្សគ្រប់ទីកន្លែង ។ ទោះបីយើងនៅឆ្ងាយពីអ្នករាល់គ្នា តែយើងមានអារម្មណ៍ថានៅជិតអ្នក ហើយយើងសូមផ្ញើក្តីស្រឡាញ់ និង អំណរគុណរបស់យើងចំពោះអ្នក ។
ចំពោះបងប្អូនប្រុសដែលត្រូវបានដោះលែងនៅក្នុងសន្និសីទនេះ ខ្ញុំសូមបង្ហាញនូវការថ្លែងអំណរគុណពីយើងទាំងអស់គ្នា ចំពោះការបម្រើដ៏ស្មោះត្រង់ជាច្រើនឆ្នាំមកហើយរបស់អ្នក ។ អ្នកបានប្រទានពររាប់មិនអស់ដល់មនុស្សជាច្រើន តាមរយៈការលះបង់របស់អ្នកចំពោះកិច្ចការនៃព្រះអម្ចាស់ ។
បងប្អូនប្រុសស្រី ថ្មីៗនេះខ្ញុំទើបតែបានប្រារព្ធធ្វើខួបកំណើតគម្រប់ 85 ឆ្នាំរបស់ខ្ញុំ ហើយខ្ញុំមានអំណរគុណសម្រាប់ឆ្នាំនិមួយៗដែលព្រះអម្ចាស់បានប្រទានដល់ខ្ញុំ ។ ពេលខ្ញុំគិតពីបទពិសោធន៍ទាំងឡាយនៃជីវិតខ្ញុំ នោះខ្ញុំអរគុណទ្រង់ចំពោះពរជ័យជាច្រើនសម្រាប់ខ្ញុំ ។ ដូចអ្វីដែលខ្ញុំបាននិយាយក្នុងសារលិខិតខ្ញុំកាលពីព្រឹកមិញនេះ នោះខ្ញុំទទួលអារម្មណ៍ថាព្រះហស្តទ្រង់ដឹកនាំកិច្ចការខ្ញុំ ពេលខ្ញុំព្យាយាមស្វែងរកដើម្បីបម្រើទ្រង់ និង អ្នកទាំងអស់គ្នា ។
ការិយាល័យនៃប្រធានសាសនាចក្រជាកន្លែងដែលត្រូវការជំនួយ ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះទីប្រឹក្សាដ៏ស្មោះត្រង់ទាំងពីររបស់ខ្ញុំ ដែលបម្រើក្បែរខ្ញុំ ហើយតែងតែមានឆន្ទៈ និងជាពិសេសនោះអាចជួយនៅក្នុងកិច្ចការដែលមកដល់គណៈប្រធានទីមួយ ។ ខ្ញុំសូមបង្ហាញការថ្លែងអំណរគុណខ្ញុំផងដែរ ចំពោះកំពូលបុរសដែលជាកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ពួកលោកបានធ្វើការដោយពុំនឿយហត់នៅក្នុងបុព្វហេតុនៃលោកចៅហ្វាយ ជាមួយនឹងសមាជិកនៃកូរ៉ុមនៃពួកចិតសិបនាក់ដែលផ្តល់ជំនួយដ៏បំផុសគំនិតដល់ពួកគេ ។
បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ ! ខ្ញុំសូមកោតសរសើរដល់អ្នកគ្រប់គ្នា គ្រប់ទីកន្លែងដែលអ្នករស់នៅជុំវិញពិភពលោក សម្រាប់អ្វីៗដែលអ្នកបានធ្វើនៅក្នុងវួដ និង សាខាអ្នក ក្នុងស្តេក និង មណ្ឌលអ្នក ។ នៅពេលដែលអ្នកមានឆន្ទៈបំពេញការហៅរបស់អ្នកពេល អ្នកត្រូវបានស្នើរសុំ នោះអ្នកកំពុងតែជួយកសាងនគរនៃព្រះនៅលើផែនដីហើយ ។
សូមឲ្យយើងមើលថែទាំគ្នាទៅវិញទៅមក ជួយគ្នាពេលមានអាសន្ន ។ ចូរកុំឲ្យយើងរិះគន់ និង វិនិច្ឆ័យគ្នាឡើយ តែសូមឲ្យយើងស្រុះស្រួលគ្នា ឲ្យស្របទៅនឹងគំរូនៃក្តីស្រឡាញ់ និង ក្តីសប្បុរសរបស់ព្រះអង្គសង្គ្រោះ ។ តាមរបៀបនេះ នោះសូមឲ្យយើងមានឆន្ទៈបម្រើគ្នាទៅវិញទៅមក ។ សូមឲ្យយើងអធិស្ឋានសម្រាប់ការបំផុសគំនិតដើម្បីដឹងពីសេចក្តីត្រូវការរបស់អ្នកដទៃដែលនៅជុំវិញយើង ហើយបន្ទាប់មកសូមឲ្យយើងចេញទៅ ហើយផ្តល់ជំនួយនោះ ។
សួមឲ្យយើងមានក្តីសង្ឃឹម ដើម្បីរស់នៅក្នុងជីវិតនេះចុះ ។ ទោះបីយើងរស់នៅក្នុងពេលដ៏វឹកវរក៏ដោយ ព្រះអម្ចាស់ស្រឡាញ់ ហើយគិតដល់យើង ។ ទ្រង់នៅខាងយើងជានិច្ច នៅពេលយើងធ្វើអ្វីដែលត្រូវ ។ ទ្រង់នឹងជួយយើងពេលយើងមានអាសន្ន ។ ទុក្ខវេទនានឹងមកក្នុងជីវិតយើង ដែលជាបញ្ហាដែលយើងមិនបានដឹងជាមុន និង អ្វីៗដែលយើងមិនចង់ជ្រើសរើសសោះ ។ គ្មាននរណាម្នាក់សុខស្រួលនោះទេ ។ គោលបំណងនៃជីវិតរមែងស្លាប់នេះ គឺដើម្បីរៀន ហើយរីកចម្រើនដើម្បីក្លាយដូចជាបិតាយើង គឺជាពេលលំបាកនេះហើយ ដែលជាពេលដែលយើងរៀនបានច្រើនបំផុតនោះ មេរៀនកាន់តែឈឺចាប់ យើងរៀនកាន់តែចេះ ។ ជីវិតយើងអាចមានក្តីអំណរបានផងដែរ នៅពេលយើងធ្វើតាមការបង្រៀននៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ព្រះអម្ចាស់ដាស់តឿនថា « ត្រូវសង្ឃឹមឡើង ត្បិតខ្ញុំបានឈ្នះលោកិយហើយ » ។ 1 ចំណេះដឹងមួយនេះនឹងផ្តល់សុភមង្គលដ៏អស្ចារ្យដល់យើង ។ ទ្រង់រស់ដើម្បីយើង ហើយក៏សុគតដើម្បីយើងដែរ ។ ទ្រង់បានបង់ថ្លៃសម្រាប់អំពើបាបយើង ។ សូមឲ្យយើងធ្វើតាមគំរូទ្រង់ ។ សូមឲ្យយើងបង្ហាញអំណរគុណថ្វាយទ្រង់ ដោយទទួលពលិកម្មរបស់ទ្រង់ ហើយរស់នៅក្នុងជីវិតដែលសមឲ្យយើងត្រឡប់ទៅរស់ជាមួយនឹងទ្រង់វិញនៅថ្ងៃណាមួយ ។
ដូចអ្វីដែលខ្ញុំបាននិយាយនៅក្នុងសន្និសីទមុនៗ នោះខ្ញុំសូមថ្លែងអំណរគុណដល់អ្នកចំពោះការអធិស្ឋានជំនួសខ្ញុំ ។ ខ្ញុំត្រូវការការអធិស្ឋានទាំងនោះ ។ ខ្ញុំទទួលអារម្មណ៍ពីការអធិស្ឋានទាំងនោះ ។ ក្នុងនាមយើងជាពួកអ្នកមានសិទ្ធិអំណាចទូទៅ នឹងចងចាំអ្នកទាំងអស់គ្នាផងដែរ ហើយអធិស្ឋានឲ្យពរជ័យដ៏ជម្រើសបំផុតរបស់ព្រះបិតាសួគ៌យើងមានដល់ពួកអ្នក ។
ឥឡូវនេះ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ យើងនឹងផ្អាករយៈពេលប្រាំមួយខែ ។ សូមឲ្យព្រះអង្គគង់ជាមួយនឹងអ្នកផងរហូតដល់យើងនឹងជួបគ្នាពេលនោះម្តងទៀត ។ នៅក្នុងព្រះនាមនៃព្រះសង្គ្រោះ និង ព្រះប្រោសលោះ គឺព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ អាម៉ែន ។