ឆ្នាំ ២០១០-២០១៩
«ចូរមក​រក​យើង ឱ​អ្នក​រាល់គ្នា​ជា​វង្ស​អ៊ីស្រាអែល​អើយ»
តុលា 2012


10:32

« ចូរមក​រក​យើង ឱ​អ្នក​រាល់គ្នា​ជា​វង្ស​អ៊ីស្រាអែល​អើយ »

នៅពេល​​យើង​មក​ឯ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើ​ឲ្យ​ចិត្ត​យើង​បរិសុទ្ធ នោះ​យើង​ទាំងអស់​គ្នា នឹង​ក្លាយ​ជា​ឧបករណ៍​ក្នុង​ការបំពេញ​ការសន្យា​ដ៏​អស្ចារ្យនៃ​ព្រះគម្ពីរ​មរមន ។

ខ្ញុំ​បាន​ស្ម័គ្រចិត្ត​បម្រើ​ក្នុង​ជួរ​កងទ័ព​ទាហានជើង​ទឹក​របស់​សហរដ្ឋ អំឡុង​សង្គ្រាម​វៀតណាម ។ មិនយូរ​ប៉ុន្មាន បន្ទាប់​ពី​មកដល់ ខ្វនទីកូ រដ្ឋ វីជីញ៉ា សម្រាប់​ការហ្វឹកហ្វឺន​មូលដ្ឋាន នោះ​ខ្ញុំ​បាន​ឃើញ​ថា ខ្លួន​ខ្ញុំ​កំពុង​ឈរ​ដោយ​ប្រុង​ស្មារតី នៅពី​មុខ​គ្រែ​ក្នុង​បន្ទាយ ជាមួយ​​ទ័ព​ទាហានជើង​ទឹកដែល​ទើប​នឹង​ចូល 54 នាក់​ទៀត ។ ខ្ញុំ​បាន​ជួប​គ្រូបង្វឹក​របស់​ខ្ញុំ ដែល​ជា​ទាហាន​ជើងចាស់​ម្នាក់ ពេល​ដែលលោក​ធាក់បើក​ទ្វារ​ចូលមក​បន្ទាយ ទាំង​ស្រែក​ពាក្យ​អាសគ្រាម​ផង ។

បន្ទាប់ពីការណែនាំ​ខ្លួន​ដ៏​រន្ធត់​នេះ គាត់​បាន​ចាប់ផ្ដើម​ពី​ចុង​ម្ខាង​នៃ​បន្ទាយ ហើយ​សួរ​ទាហាន​ថ្មី​ម្នាក់ៗ​ប្រទល់មុខ ។ ដោយ​គ្មាន​ការលើកលែង​នោះ គ្រូបង្វឹក​ព្យាយាម​​រកឃើញ​អ្វី​មួយ​ពី​ទាហាន​ថ្មី​ម្នាក់ៗ ដើម្បី​ចំអក​ឲ្យ ជាមួយ​នឹង​ភាសា​គ្រោតគ្រាត​ខ្លាំងៗ ។ គាត់​បាន​ដើរ​តាម​ជួរ ដោយ​ឲ្យ​​ទាហានជើង​ទឹក​ម្នាក់ៗ​ ស្រែក​ឆ្លើយ​ទៅ​វិញ ដូច​ដែល​បាន​បញ្ជា​ថា ៖ « បាទ ! » ឬ « ទេ​ ! លោក​ពលបាលត្រី » ។ ខ្ញុំមិន​អាច​ឃើញ​ច្បាស់​ថា គាត់​កំពុង​ធ្វើ​អ្វី​ទេ ព្រោះ​យើង​ត្រូវបាន​បញ្ជា​ឲ្យ​ឈរ​ដោយ​ប្រុង​ស្មារតី ដោយ​ភ្នែក​សំឡឹង​ត្រង់​ទៅ​មុខ ។ ពេល​ដល់​វេន​ខ្ញុំ ខ្ញុំ​អាច​ប្រាប់​បាន​ថា គាត់​បាន​កញ្ឆក់​កាបូប​ស្ពាយ​របស់​ខ្ញុំ ហើយ​ចាក់​ឥវ៉ាន់​ចេញ ទៅ​លើ​ពូក​នៅពី​ក្រោយ​ខ្ញុំ ។ គាត់​បាន​មើល​របស់​របរ​ខ្ញុំ បន្ទាប់​មក​ដើរ​ត្រឡប់​មក​ខាង​មុខ​ខ្ញុំ​វិញ ។ ខ្ញុំ​បានរៀបចំ​ខ្លួន​សម្រាប់​ការវាយប្រហារ​របស់​គាត់ ។ គាត់​មាន​សៀវភៅ​មរមន​របស់​ខ្ញុំ​ក្នុង​ដៃ​គាត់ ។ ខ្ញុំ​គិត​ថា គាត់​នឹង​ស្រែក​ឲ្យ​ខ្ញុំ តែ​គាត់​បាន​ខិត​មក​ជិត​ខ្ញុំ ហើយ​ខ្សឹប​ថា « តើ​អ្នក​ជា​ពួក​មរមន​ឬ ? »

ដូច​ដែល​បាន​បញ្ជា នោះ​ខ្ញុំ​បាន​ស្រែក​ថា « បាទ ! លោក​ពលបាល​ត្រី » ។

ជា​ថ្មី​ម្ដងទៀត ខ្ញុំ​គិត​​ថា​មាន​អ្វី​ដែល​អាក្រក់​ជាង​មុន​កើតឡើង ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ឈប់មួយសន្ទុះ ហើយ​លើក​ដៃ​គាត់​ដែល​កាន់​ព្រះគម្ពីរ​មរមន​ខ្ញុំ ហើយ​បាន​និយាយ​ដោយ​សំឡេងតិចៗ​ថា « តើ​អ្នក​ជឿ​លើ​ព្រះគម្ពីរ​នេះ​ទេ ? »

ម្ដងទៀត ខ្ញុំ​ស្រែក​ថា « បាទ ! លោក​ពលបាល​ត្រី » ។

មក​ដល់​ត្រឹមនេះ ខ្ញុំ​ប្រាកដ​ណាស់​ថា គាត់​នឹង​ស្រែក​បង្អាប់​ដល់​ពួកមរមន និង ព្រះគម្ពីរ​មរមន តែ​គាត់​គ្រាន់តែ​ឈរ​នៅ​ទី​នោះ ដោយ​ស្ងាត់ស្ងៀម ។ មួយ​ស្របក់​ក្រោយមក គាត់​បាន​ដើរ​ត្រឡប់​ទៅ​គ្រែ​ខ្ញុំ​វិញ ហើយ​បាន​ដាក់​ព្រះគម្ពីរ​មរមន​ខ្ញុំ​ចុះ​ដោយ​ប្រុងប្រយ័ត្ន ។ បន្ទាប់មក គាត់​ដើរ​ចេញពីខ្ញុំ​ទៅ ហើយ​បន្តចំអក និង​ បង្អាប់ ដោយ​ភាសា​អាសគ្រាម​ទៅ​ទាហាន​ថ្មីៗដែលនៅ​ផ្សេងទៀត​ទាំងអស់ ។

ជា​ញឹកញាប់ ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​ពលបាល​ត្រី​​ទាហានជើង​ទឹក​ដ៏​កាច​នោះ បាន​លើកលែង​ឲ្យ​ខ្ញុំ នៅថ្ងៃ​នោះ ។ តែ​ខ្ញុំ​មាន​អំណរគុណ ដែល​ខ្ញុំ​អាច​និយាយ​បាន​ដោយ​គ្មាន​ស្ទាក់ស្ទើរ​ថា « បាទ ! ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » និងថា « បាទ ! ខ្ញុំ​ដឹង​ថា​ព្រះគម្ពីរ​មរមន​ពិត » ។ ទីបន្ទាល់​នេះ ជា​អំណោយ​ដ៏​មាន​តម្លៃ ដែល​បាន​ប្រទាន​ដល់​ខ្ញុំ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​មាន​ជំនួយ​ពី​អ្នក​ផ្សព្វផ្សាយ​ពីរ​នាក់ និង អ្នកប្រឹក្សា​កូរ៉ុម​សង្ឃ​ម្នាក់ ។

ពេល​ខ្ញុំ​អាយុ 14 ឆ្នាំ អ្នក​ផ្សព្វផ្សាយ​ពីរ​នាក់ គឺ Lee Pearson និង Boyd Camphuysen បាន​បង្រៀន​គ្រួសារ​ខ្ញុំ ពី​ដំណឹងល្អ​ដែល​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ខ្ញុំ​បាន​ជ្រមុជទឹក ។ ពីរឆ្នាំ​ក្រោយ​មក អ្នក​ប្រឹក្សា​កូរ៉ុម​សង្ឃ​របស់​ខ្ញុំ គឺ Richard Boren បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​បាន​ទទួល​ការអញ្ជើញ​នោះ ហើយ​ខ្ញុំ​បាន​អាន​យ៉ាងហោច​ណាស់ 10 ទំព័រ រាល់​យប់រហូត​ដល់​ចប់ ។

ក្នុង​ទំព័រ​ចំណងជើង ខ្ញុំ​អាន​ថា វា​ត្រូវបាន « សរសេរ​ដល់​ពួក​លេមិន ដែល​ជា​សំណល់​នៃ​វង្ស​អ៊ីស្រាអែល និង ​ដល់​សាសន៍​យូដា និង​ សាសន៍​ដទៃ​ផង » ។ ក្នុងបុព្វកថា​ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ បាន​ប្រាប់​ថា ពួកលេមិន « ជា​ពួក​ដូនតា​ដ៏​សំខាន់​របស់​ពួក​ឥណ្ឌា​សាសន៍​អាមេរិក​ដើម » ។ ពេល​ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន វា​ហាក់​ដូច​ជា​អំពី​ដូនតា​ឥណ្ឌា​សាសន៍​អាមេរិក​ដើម​របស់​ខ្ញុំ​អញ្ចឹង ។ វា​ប្រាប់​ពី​រឿង​របស់​ប្រជាជន​មួយ ដែល​ក្រោយមក​ត្រូវបាន​ហៅថា « សាសន៍​លេមិន » ដែល​បាន​ផ្លាស់​ពី​ក្រុង​យេរូសាឡិម​ទៅ « ដែនដី​សន្យា » ( នីហ្វៃទី 1 2:20 ) ប្រហែល 600 ឆ្នាំ ម. គ. ស ។ វា​ជា​ដំណើរ​រឿង​នៃ​ទំនាក់ទំនង​របស់​ព្រះ​​ជាមួយ​នឹង​មនុស្ស​ជំនាន់​ដើម ដែល​បាន​តាំងលំនៅ​លើ​ទ្វីប​អាមេរិក ។ វា​រួមមាន​ដំណើរ​រឿង​នៃ​ការបម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ ក្នុង​ចំណោម​ពួកគេ ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ។ វគ្គ​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ​មរមន បាន​ប្រាបជា​ច្រើន​ដង​ថា​ ពួកគេ​បាន​ខ្ចាត់ព្រាត់​ពាសពេញ​ទ្វីប​អាមេរិក និង កោះ​ទាំងឡាយ​នៃ​សមុទ្រជិតៗ​នោះ ( សូមមើល អាលម៉ា 63:9–10 ) ។ ព្យាការី​របស់​ពួកគេ បាន​ទាយ​ទុក​ជាមុន​ថា នៅទីបំផុត មាន​បណ្ដាជន​សាសន៍​ដទៃ​ជាច្រើន នឹង​មក​កាន់​ដែនដី​សន្យា​នេះ ហើយ​សេចក្ដី​ក្រោធ​នៃ​ព្រះ នឹង​ធ្លាក់​លើ​សាសន៍​លេមិន ហើយ​ពួកគេ​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ ត្រូវ​វាយ និង ​ស្ទើរ​តែ​ត្រូវ​បំផ្លាញ ( សូមមើល នីហ្វៃទី 1 13:10–14 ) ។

លោកតា​ទួត​របស់​ខ្ញុំ គឺ​លោកតា អេកូ ហក ជា​ជនជាតិ ផនី ឥណ្ឌា ដែល​ឥឡូវ​នេះ​ហៅ​ថា នេប្រាស្កា បានកើត​ក្នុង​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ 1800 ។ ពេល​គាត់​​អាយុ 19 ឆ្នាំ ប្រជាជន ផនី ត្រូវបង្ខំ​ឲ្យ​បោះបង់​ចោល​ដែនដី​កំណើត​ដែល​មាន​ទំហំ 9.3 លាន ហិចតា របស់​គេ ដើម្បី​ទុក​កន្លែង​​សម្រាប់​ពួក​អ្នក​តាំងលំនៅថ្មី​ ។ ក្នុង​ឆ្នាំ 1874 ប្រជាជន ផនី បាន​ដើរ​រាប់រយ​គីឡូ ទៅ​ទិស​ខាង​ត្បូង ទៅកាន់​កន្លែង​រក្សា​ទុកដ៏តូច​មួយ ដែល​នៅក្នុង​ដែនដី អូក្លាហូម៉ា ឥណ្ឌា ។ ចំនួន​ប្រជាជន ផនី បាន​ថយចុះ​ពី​ជាង 12,000 នាក់ ទៅ តិចជាង 700 នាក់ ពេល​ពួកគេ​មក​ដល់​ អូក្លាហូម៉ា ។ ជនជាតិ ផនី ក៏​ដូច​ជា​កុលសម្ព័ន្ធ​ផ្សេងទៀត​ដែរ បាន​ខ្ចាត់ខ្ចាយ បាន​វាយ និង ស្ទើរ​តែ​ត្រូវបំផ្លាញ ។

ព្រះគម្ពីរ​មរមន​មាន​សារដំណឹង​ពិសេស​មួយ សម្រាប់​កូនចៅ​សាសន៍​លេមិន​ ដែល​ជា​សំណល់​នៃ​វង្ស​អ៊ីស្រាអែល ។ នីហ្វៃ​បាន​បង្ហាញ​សារដំណឹង​នេះ ពេល​បកស្រាយ​ការនិមិត្ត​របស់​ឪពុក​លោក ពី​ថ្ងៃ​ចុង​ក្រោយ​ថា ៖ « ហើយ​នៅ​ថ្ងៃ​នោះ សំណល់​នៃ​ពូជ​យើង​នឹង​បាន​ដឹង​ថា ពួកគេ​ជា​វង្ស​អ៊ីស្រាអែល ហើយ​ថា​ពួកគេ​ជា​រាស្រ្ត​ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះអម្ចាស់ ហើយ​ខណៈ​នោះ ពួកគេ​នឹង​បាន​ដឹង ហើយ​នឹង​បាន​ការចេះដឹង​អំពី​ពួក​អយ្យកោរបស់​ពួកគេ​​ ហើយ​នឹង​បាន​ការចេះដឹង​អំពីដំណឹងល្អ​នៃ​ព្រះ​ដ៏​ប្រោសលោះ​របស់​ពួកគេ ជា​ដំណឹងល្អ​ដែល​ទ្រង់​បាន​ផ្សាយ​ដល់​ពួក​អយ្យកោ​គេ​ដែរ ហេតុ​ដូច្នោះ​​ហើយ ពួកគេ​នឹង​បាន​ការចេះដឹង​អំពី​ព្រះ​ដ៏​ប្រោសលោះ​របស់​ពួកគេ និង គ្រប់​ន័យ​ទាំងឡាយ​នៃ​គោលលទ្ធិ​របស់​ទ្រង់ ដើម្បីឲ្យ​​ពួកគេ​អាច​ដឹង​ថា ត្រូវតែ​មក​រកទ្រង់ ទើប​នឹង​បាន​សង្គ្រោះ » ( នីហ្វៃទី 1 15:14 ) ។

ព្រះគម្ពីរ​មរមន​ជា​គម្ពីរ​ដ៏​ពិសិដ្ឋ ។ វា​មាន​នូវ​ភាពពោរពេញ​នៃ​ដំណឹងល្អដ៏​អស់កល្ប​ជានិច្ច ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​សរសេរ​ថា « ព្រះគម្ពីរ​មរមន គឺជា​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំងអស់​នៅលើ​ផែនដីនេះ​ ហើយ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ហើយ​បុគ្គល​ម្នាក់ៗ​អាច​ចូល​ទៅជិត​ព្រះបាន ដោយសារ​ការធ្វើ​តាម​សិក្ខាបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ ជាជាង​គម្ពីរ​ដទៃ​ទាំងអស់ » ( ការ​បង្រៀន​របស់​ប្រធាន​សាសនា​ចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ 2007 ] ទំព័រ 64 ) ។ ហេតុដូច្នេះ​ហើយ វា​មាន​សារដំណឹង​មួយ​សម្រាប់​មនុស្ស​ទាំងអស់​ក្នុង​ពិភពលោក ។

ក្នុង​នាម​ជា​ក្មេង​ប្រុស​អាយុ 17 ឆ្នាំ ម្នាក់ ដែល​អាន​ព្រះគម្ពីរ​មរមន​ជាលើក​ដំបូង ខ្ញុំ​ផ្ដោត​លើ​ការសន្យា​របស់​មរ៉ូណៃ ៖ « ហើយ​កាលណា​អ្នក​រាល់​គ្នា​បាន​ទទួល​នូវ​ការណ៍​ទាំងនេះ នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់គ្នា ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះនាម​​នៃ​ព្រះគ្រីស្ទ បើសិន​ជា​ការណ៍​ទាំងនេះ​មិន​ពិត ហើយ​បើសិន​ជា​អ្នក​រាល់គ្នា សូម​សួរ​ដោយ​ចិត្ត​ស្មោះស គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្ដី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( មរ៉ូណៃ 10:4 ) ។

ពេល​ខ្ញុំលុតជង្គង់​អធិស្ឋាន ខ្ញុំ​ទទួល​សាក្សី​ខាង​វិញ្ញាណ​ដ៏​មាន​ព្រះចេស្ដា​ថា ព្រះគម្ពីរ​មរមន​ពិត ។ សាក្សី​នោះ​បាន​ជួយ​ខ្ញុំ​ ឲ្យធ្វើ​ការសម្រេចចិត្ត​អស់​ពេញ​មួយ​ជីវិត ។

ខ្ញុំ​សូម​ដាស់តឿន​មនុស្ស​ទាំងអស់ ឲ្យ​អាន​ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ ។

ជាពិសេស ខ្ញុំ​សុំ​ដល់​សំណល់​នៃ​វង្ស​អ៊ីស្រាអែល ជា​កូនចៅ​នៃ​ប្រជាជន​ក្នុង​ព្រះគម្ពីរ​មរមន ទោះ​នៅ​កន្លែង​ណា​ក៏​ដោយ សូម​អានព្រះគម្ពីរមរមន និង អានវាឡើងវិញ​ ។ សូម​រៀន​ពី​ការសន្យា​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មរមន ។ សូម​ធ្វើ​តាម​ការបង្រៀន និង គំរូ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ធ្វើ និង រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ព្រះអម្ចាស់ ។ សូម​ស្វែងរក និង ធ្វើ​តាម​ការដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ខ្ញុំ​សូម​បញ្ចប់​ជាមួយ​នឹង​ពាក្យសម្ដី​ដែល​និយាយ​ដោយ អាម៉ាលេកៃ ជា​ព្យាការី​មួយ​ទៀត​ក្នុង​ព្រះគម្ពីរ​មរមន​ថា ៖ « ហើយ​ឥឡូវនេះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​មករក​ព្រះគ្រីស្ទ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ទទួលទាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ និង ព្រះចេស្ដា​នៃ​សេចក្ដី​ប្រោសលោះ​របស់​ទ្រង់​ចុះ ។ មែនហើយ ចូរ​មក​រកទ្រង់ ហើយ​ចូរ​ថ្វាយ​ព្រលឹង​អ្នក​ទាំងមូល ជា​ដង្វាយថ្វាយ​​ដល់​ទ្រង់ ហើយ​ចូរ​បន្ត​ការតម​អាហារ និង ការអធិស្ឋាន ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ហើយ​ប្រាកដ​ដូច​ជា​ព្រះអម្ចាស់ ទ្រង់​មាន​ព្រះជន្ម​រស់​នៅ នោះ​អ្នក​រាល់គ្នា​នឹង​បាន​សង្គ្រោះ » ( អោមណៃ 1:26 ) ។

នៅពេល​​យើង​មក​ឯ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើ​ឲ្យ​ចិត្ត​យើង​បរិសុទ្ធ នោះ​យើង​ទាំងអស់​គ្នា នឹង​ក្លាយ​ជា​ឧបករណ៍​ក្នុង​ការបំពេញ​ការសន្យា​ដ៏​អស្ចារ្យ នៃ​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ការណ៍​នេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។​