ប្រយ័ត្នប្រយែងខ្លួន
ឲ្យនៅលើផ្លូវបព្វជិតភាព ដោយពង្រឹងដល់ការប្រែចិត្តជឿ និង ការពង្រឹងគ្រួសាររបស់អ្នក ។ ។ … សូមចៀសពីសោកនាដកម្ម ដោយធ្វើតាមស្លាកសញ្ញា « ប្រយ័ត្នប្រយែង » ខាងវិញ្ញាណដែលដាក់តាមផ្លូវរបស់យើងដោយព្រះ និង ព្យាការី ។
កាលពីខ្ញុំជាយុវជនម្នាក់ គ្រួសាររបស់យើងធ្លាប់ជិះកាត់ភ្នំថ្មនៃសហរដ្ឋអាមេរិចដើម្បីទៅលេងតាយាយ ។ ផ្លូវនោះចាប់ផ្ដើមដោយ មានដើមឈើអមសងខាងនៅលើផ្ទៃរាបស្មើ និង ឡើងចំណោទដែលមានដើមឈើដុះស៊ុបទ្រុប ហើយទីបំផុតក៏ទៅដល់ព្រៃដើមអាស្ពែន និង វាលស្មៅលើកំពូលភ្នំ ជាកន្លែងដែលយើងអាចមើលឃើញទីដ៏សែនឆ្ងាយ ។
ប៉ុន្ដែផ្លូវដ៏ស្រស់ស្អាតនេះ មិនមានសុវត្ថិភាពទេ ។ ផ្លូវខ្ពស់ជាច្រើន បានសង់នៅលើចំណោទចង្កេះភ្នំ ។ ដើម្បីការពារអ្នកដំណើរ អ្នកសង់ផ្លូវបានដាក់រនាំងការពារ និង ដាក់ស្លាកសញ្ញាថា « សូមប្រយ័ត្នថ្មធ្លាក់ » ។ យើងឃើញហេតុផលជាច្រើនសម្រាប់ការព្រមានទាំងនេះ ។ នៅពីខាងក្រោយផ្លូវនោះ មានថ្ម និង ផ្ទាំងថ្មធំនៅរាយប៉ាយនៅបាតជ្រលងដ៏ជ្រៅ ។ ម្តងម្កាល យើងអាចឃើញឡានបុកខ្ទេចនៅឯបាតជ្រោះ ជាគំរូដ៏សោកសៅចំពោះអ្នកបើកបរដែលមិនបានប្រុងប្រយ័ត្ន ។
សម្បថ និង សេចក្ដីសញ្ញានៃបព្វជិតភាព
បងប្អូនប្រុស អ្នកគ្រប់គ្នាបានចូល ឬ នឹងបានចូលឆាប់ៗនេះទៅក្នុងសម្បថ និង សេចក្ដីសញ្ញានៃបព្វជិតភាពមីលគីស្សាដែក ។1 នៅក្នុងសេចក្ដីសញ្ញានោះ មានដំណើរដ៏រុងរឿងមួយដែលចាប់ផ្ដើមដោយការទទួលទាំងបព្វជិតភាពថ្នាក់ទាប និង ថ្នាក់ខ្ពស់ វាបន្ដតាមរយៈការពង្រីកការហៅរបស់យើង និង បន្ដឡើងទៅរកពរជ័យដ៏មហិមាបំផុតរបស់ព្រះ រហូតដល់យើងទទួលបាន « គ្រប់អ្វីៗទាំងអស់ដែលព្រះវរបិតាយើងមាន » ។2
អង្គដ៏ឈ្លាសវៃជាអ្នកសង់ ផ្លូវសេឡេស្ទាលនោះ បានសាងស្លាកព្រមានសម្រាប់ដំណើររបស់យើង ។ សម្បថ និង សេចក្ដីសញ្ញានៃបព្វជិតភាព មានការព្រមានអំពីការស្វែងរកព្រលឹងនេះថា ៖ « ហើយឥឡូវនេះ យើងប្រទានបញ្ញត្តិមួយដល់អ្នកដើម្បីឲ្យប្រយ័ត្នប្រយែងខ្លួន » ។3
ហេតុអ្វីព្រះបញ្ជាឲ្យយើងប្រយ័ត្នប្រយែង ? ទ្រង់ដឹងថា សាតាំងគឺជាអ្នកណាមួយពិត4 ដែលចង់ទាញព្រលឹងយើងចុះទៅក្នុងជង្ហុកនៃសេចក្ដីវេទនា ។5 ព្រះក៏ជ្រាបផងដែរថា ការដកខ្លួនចេញពីក្រុមអ្នកកាន់បព្វជិតភាព គឺជា « មនុស្សខាងសាច់ឈាម »6 « ឆាប់រវើរវាយ »7 ។ ដូច្នេះ ព្យាការីទាំងឡាយអញ្ជើញយើងឲ្យ « ដោះមនុស្សចាស់ចេញ »8 ហើយ « ប្រដាប់កាយដោយព្រះគ្រីស្ទ »9 តាមរយៈសេចក្ដីជំនឿ ការប្រែចិត្ត ពិធីបរិសុទ្ធសង្គ្រោះ និង ការរស់នៅតាមដំណឹងល្អរាល់ថ្ងៃ ។
ចៀសវាងសោកនាដកម្ម
ពេលដើរលើផ្លូវបព្វជិតភាព យុវជន ឬ បុរសទាំងឡាយអាចត្រូវបានទាញចុះ បើគាត់មិនបានប្រុងប្រយ័ត្នទេនោះ ។ តើអ្នកមានភាំងស្មារតី ឬ ខូចចិត្តដោយការធ្លាក់ដែលមិនបានរំពឹងទុករបស់យុវជនដ៏ឆ្លាតម្នាក់ ដែលជាអ្នកផ្សព្វផ្សាយសាសនាដែលទើបត្រឡប់មកពីបេសកកម្មថ្មី ជាអ្នកដឹកនាំបព្វជិតភាពដ៏គួរគោរព ឬ ជាសមាជិកគ្រួសារជាទីស្រឡាញ់ដែរទេ ?
រឿងរបស់ដាវីឌក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាគំរូដ៏អន្ដរាយមួយនៃការខ្ជះខ្ជាយអំណាចបព្វជិតភាព ។ ទោះបីជា គាត់បានវាយឈ្នះកូលីយ៉ាត កាលពីគាត់នៅក្មេង ហើយបានរស់នៅដោយសុចរិតរាប់ទសវត្សរ៍10 ក៏សេ្ដចដាវីឌ ជាព្យាការីនេះ នៅតែត្រូវឈឺចាប់ខាងវិញ្ញាណ ។ ក្នុងពេលដ៏សំខាន់នោះ ពេលទ្រង់ឈរពីលើដំបូលរបស់ទ្រង់មក ទ្រង់បានឃើញនាងបាតសេបាដ៏ស្រស់មុជទឹក គ្មានអ្នកយាមដ៏មានសីលធម៌ណាឈរក្បែរស្រែកប្រាប់ថា « ប្រយ័ត្នប្រយែង ដាវីឌ មនុស្សឆ្កួតអើយ ! » បរាជ័យរបស់ទ្រង់ក្នុងការប្រយ័ត្នប្រយែងអង្គទ្រង់11 និង ការមិនធ្វើតាមការបំផុសនៃព្រះវិញ្ញាណ12 បាននាំទ្រង់ទៅរកការបាត់បង់គ្រួសារដ៏អស់កល្បរបស់ ។13
បងប្អូនប្រុស សូម្បីតែដាវីឌដ៏អស្ចារ្យអាចធ្លាក់ពីផ្លូវទៅការតម្កើងឡើង ចុះតើយើងអាចចៀសវាងពីជោគវាសនាដូចគាត់ដោយរបៀបណា ?
គោលការណ៍ការពារពីរ នៃការប្រែចិត្តជឿផ្ទាល់ខ្លួនដ៏ខ្លាំង និង ចំណងគ្រួសារដ៏រឹងមាំ ជួយយើងឲ្យនៅលើផ្លូវស្ថានសួគ៌បាន ។
ដោយដឹងរឿងនេះ សាតាំងទម្លាក់ផ្ទាំងថ្មកាត់ផ្លូវបព្វជិតភាពរបស់យើង ដើម្បីបំបាក់ការប្រែចិត្តជឿ និង គ្រួសាររបស់យើង ។ សំណាងល្អ ព្រះយេស៊ូវគ្រីស្ទ និង ព្យាការីរបស់ទ្រង់បានដាក់ស្លាកសញ្ញា « ប្រយ័ត្នប្រយែង » តាមផ្លូវនេះ ។ ពួកគាត់បានព្រមានយើងឥតដាច់ ពីអំនួតនៃការបំផ្លាញការប្រែចិត្តជឿ14 និង អំពើបាបនៃឧបាយកលបំផ្លាញគ្រួសារដូចជា កំហឹង ការលោភលន់ និង ចំណង់ ។
ជាយូរមកហើយ ម៉ូសេបានទូន្មានថា « នោះចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា » ។15 នៅក្នុងពិភពលោកដ៏មមាញឹក និង សម្បូរ ដោយការកំសាន្ដនេះ បុរសទាំងឡាយនៅតែឆាប់ « ភ្លេចព្រះអម្ចាស់ ... ធ្វើអំពើទុច្ចរិត ហើយត្រូវបានដឹកនាំដោយអ្នកអាក្រក់ » ។16
ពង្រឹងការប្រែចិត្តជឿ និង ពង្រឹងដល់គ្រួសារ
ដើម្បីឲ្យមានសុវត្ថិភាពលើផ្លូវបព្វជិតភាពក្នុងចំណោមការរអិលថ្មនៃការល្បួង ខ្ញុំសូមរំឭកយើងពីគោលការណ៍គ្រឹះប្រាំមួយ ដែលធ្វើឲ្យការប្រែចិត្តជឿរឹងមាំ និង ពង្រឹងដល់គ្រួសារ ។
ទីមួយ ការអធិស្ឋានតែងតែបើកទ្វារសម្រាប់ជំនួយពីស្ថានសួគ៌ដើម្បី « យកឈ្នះលើអារក្សសាតាំង » ។17 រាល់ពេលដែលព្រះយេស៊ូវដាស់តឿនអ្នកកាន់បព្វជិតភាពឲ្យ « ប្រយ័ត្នប្រយែង ត្បិតសាតាំងចង់រែង [ អ្នក ] » ទ្រង់តែងតែបង្គាប់ថា ការអធិស្ឋាន ជាទង្វើប្រឆាំងនឹងការល្បួង ។18 ប្រធាន ថូម៉ាស អេស. ម៉នសុន បានបង្រៀនថា ៖ « ប្រសិនបើពួកយើងណាមួយ ក្រនឹងស្ដាប់តាមការទូន្មានឲ្យអធិស្ឋានជានិច្ច នោះវាគ្មានពេលណាល្អដើម្បីចាប់ផ្ដើម ជាងពេលឥឡូវនេះឡើយ ។ ... មនុស្សម្នាក់មិនអាចឈរបានខ្ពស់ជាង ពេលគាត់លុតជង្គង់ចុះនោះទេ » ។19
ទីពីរ ការសិក្សាព្រះគម្ពីរពីបុរាណ និង សម័យនេះផ្សារភ្ជាប់យើងទៅនឹងព្រះ ។ ព្រះអម្ចាស់ព្រមានសមាជិកសាសនាចក្រទាំងអស់ឲ្យ « ប្រុងប្រយ័ត្នពីរបៀប [ ពួកព្យាការី ] កាន់របស់ទាំងនេះចុះ ក្រែងលោពួកគេរាប់ថាជាការឥតការ ហើយត្រូវបាននាំមកក្រោមការដាក់ទោសដោយហេតុនោះហើយជំពប់ ហើយដួល » ។20 ដើម្បីចៀសវាងពីការដាក់ទោសដ៏កំសត់នេះ យើងគួរតែអានព្រះគម្ពីរ ក៏ដូចជាទស្សនាវដ្ដីសាសនាចក្រ និង វិបសាយដែលជួយយើងឲ្យ « រៀនដើរលើផ្លូវដ៏ជិត និង ផ្ទាល់តាមព្យាការីដ៏ជម្រើស [ របស់ព្រះអម្ចាស់ ] »21 ដោយឧស្សាហ៍ព្យាយាម ។
ទីបី ការចូលរួមក្នុងពិធីការបរិសុទ្ធដោយស័ក្ដិសម រៀបចំយើងឲ្យទទួលយក « ព្រះវិញ្ញាណបរិសុទ្ធ ទុកជាអ្នកណែនាំរបស់ខ្លួន [ យើង ] » ។22 នៅពេលដែលព្រះអង្គសង្គ្រោះព្រមាន « ចូរប្រយ័ត្ន ក្រែងលោអ្នករាល់គ្នាត្រូវគេបញ្ឆោត » នោះទ្រង់សន្យាថា យើងនឹងមិនចាញ់បោកគេទេ បើសិនជាយើង « ព្យាយាមស្វែងរក ... អំណោយទាននានាដែលវិសេសបំផុត » នៃព្រះវិញ្ញាណនោះ ។23 ការទទួលសាក្រាម៉ង់ដោយសក្តិសមរាល់សប្ដាហ៍ ធ្វើឲ្យសមាជិកទាំងឡាយសមនឹង « បានព្រះវិញ្ញាណរបស់ទ្រង់ គង់នៅជាមួយនឹងពួកគេជាដរាប » ។24 ការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធ យើងអាច « ទទួលនូវភាពពេញលេញនៃព្រះវិញ្ញាណបរិសុទ្ធ » ។25
ទីបួន ការបង្ហាញសេចក្ដីស្រឡាញ់ដ៏ពិត គឺជាចំណុចស្នូលនៃការប្រែចិត្តជឿផ្ទាល់ខ្លួន និង ចំណងគ្រួសារ ។ ស្ដេចបេនយ៉ាមីនបានណែនាំថា « សូមប្រយ័ត្នប្រយែង ក្រែងមានការទាស់ទែងគ្នាកើតឡើងនៅក្នុងចំណោមអ្នក » ។26 សូមកុំភ្លេចថា សាតាំងគឺជា « បិតានៃការទាស់ទែងគ្នា »27 ហើយចង់ឲ្យសមាជិកគ្រួសារទាំងអស់ « ឈ្លោះប្រកែកគ្នា » ។28 បងប្អូនប្រុស ប្រសិនបើយើងប្រើហិង្សាខាងអារម្មណ៍ ពាក្យសម្ដី ឬ រាងកាយចំពោះសមាជិកគ្រួសារយើងណាម្នាក់ ឬ សម្លុតនរណាម្នាក់ នោះយើងបាត់បង់នូវអំណាចបព្វជិតភាពហើយ ។29 សូមជ្រើសយកការគ្រប់គ្រងលើកំហឹង ។ សមាជិកគ្រួសារទាំងអស់ គួរស្ដាប់ពរជ័យពីមាត់របស់យើង មិនមែនបណ្ដាសានោះទេ ។ យើងត្រូវជះឥទ្ធិពលដល់អ្នកដទៃ តែតាមរយៈការលួងលោម ការអត់ធ្មត់ ការទន់ភ្លន់ ការស្លូតបូត ការស្រឡាញ់ស្មោះត្រង់ ចិត្តល្អ និង សប្បុរស ប៉ុណ្ណោះ ។30
ទីប្រាំ ការគោរពតាមច្បាប់ដង្វាយមួយភាគដប់ គឺជាធាតុមួយដ៏សំខាន់នៃសេចក្ដីជំនឿ និង សាមគ្គីក្នុងគ្រួសារ ។ ពីព្រោះសាតាំងប្រើការលោភ និង ការចង់បាននូវទ្រព្យសម្បត្តិ ដើម្បីកៀរទម្លាក់គ្រួសារទាំងឡាយចេញពីផ្លូវសេឡេស្ទាល នោះព្រះយេស៊ូវបានទូន្មានថា « ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្ដីលោភ » ។31 សេចក្ដីលោភ ត្រូវបន្ថយនៅពេលយើងគ្រោងចំណូលរបស់យើង បង់ដង្វាយមួយភាគដប់ដោយស្មោះត្រង់ និង ដង្វាយតមអាហារដោយសប្បុរស គ្រប់គ្រងចំណាយដែលត្រូវការ ចៀសវាងបំណុលដែលឥតប្រយោជន៍ សន្សំសម្រាប់តម្រូវការនាពេលអនាគត ហើយក្លាយជាអ្នកពឹងផ្អែកលើខ្លួនឯងផ្នែកសាច់ឈាម ។ ការសន្យារបស់ព្រះសម្រាប់យើងគឺ « ចូរស្វែងរកនគរ និង សេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង » ។32
ទីប្រាំមួយ ការរស់នៅតាមច្បាប់ព្រហ្មចារីយភាពយ៉ាងពេញលេញ នាំឲ្យមានទំនុកចិត្តក្នុងការឈរ « នៅចំពោះវត្តមាននៃព្រះ » ដោយមានព្រះវិញ្ញាណបរិសុទ្ធជា « គូកនយើងជានិច្ច » ។33 សាតាំងកំពុងឈ្លានពានគុណធម៌ និង អាពាហ៍ពិពាហ៍ដោយអំពើអាសគ្រាមដ៏ច្រើនលើសលុប ។ នៅពេលព្រះអម្ចាស់ព្រមានអ្នកកំផិតឲ្យ « ចូរប្រុងប្រយ័ត្ន ហើយបែ្រចិត្តយ៉ាងឆាប់រហ័សចុះ » ទ្រង់មានន័យមិនត្រឹមតែពីការកំផិតខាងរាងកាយទេ គឺថែមទាំងការមានគំនិតមានសម្រើបដែលកើតមុនទង្វើនោះ » ។34 ព្យាការី និង សាវកទាំងឡាយបច្ចុប្បន្ន បាននិយាយជាញឹកញាប់ និង ច្បាស់លាស់ពីភាពចង្រៃនៃរូបអាសអាភាស ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនថា ៖ « [ រូបអាសអាភាស ] គឺដូចជាព្យុះដ៏ខ្លាំងមួយ ដែលបំផ្លាញបុគ្គល និង គ្រួសារ ហើយធ្វើឲ្យខូចអ្វីដែលធ្លាប់តែត្រឹមត្រូវ និង ល្អយ៉ាងខ្លាំង ... ។ ពេលវេលាបានមកដល់សម្រាប់យើងទាំងអស់ម្នាក់ៗ ដែលពាក់ព័ន្ធយ៉ាងខ្លាំងនឹងការទាញខ្លួនគាត់ចេញពីភក់ » ។35 ប្រសិនបើអ្នកត្រូវបានល្បួងឲ្យរំលងច្បាប់ព្រហ្មចារីយភាពតាមគ្រប់ទម្រង់ សូមធ្វើតាមគំរូរបស់យ៉ូសែបនៅអេហ្ស៊ីប ដែលបាន « រត់ចេញទៅក្រៅទៅ » ។36
គោលការណ៍គ្រឹះទាំងប្រាំមួយនេះ ជួយអ្នកកាន់បព្វជិតភាពឲ្យបន្ដនៅលើផ្លូវស្ថានសួគ៌ ដោយសុវត្ថិភាពរវាងរនាំងខាងវិញ្ញាណនៃការប្រែចិត្តផ្ទាល់ខ្លួន និង ទំនាក់ទំនងគ្រួសារ ។ យុវជនទាំងឡាយ ដោយការគោរពតាមគោលការណ៍ទាំងនេះ វាជួយរៀបចំអ្នកសម្រាប់សេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធ ការបម្រើបេសកកម្មពេញម៉ោង និង អាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ។ ស្វាមី និង ឪពុកទាំងឡាយ ដោយរស់នៅតាមគោលការណ៍ទាំងនេះ វាជួយអ្នកឲ្យស័ក្ដិសមនឹងគ្រប់គ្រងផ្ទះដោយសេចក្ដីសុចរិត ធ្វើជាអ្នកដឹកនាំខាងវិញ្ញាណលើគ្រួសាររបស់អ្នក ព្រមជាមួយនឹងភរិយាអ្នក ដែលជាដៃគូស្មើភាពគ្នា ។37 ផ្លូវបព្វជិតភាព គឺជាដំណើរមួយដែលពោរពេញដោយក្ដីអំណរ ។
ការនៅលើផ្លូវបព្វជិតភាព
ដោយត្រឡប់ទៅបទពិសោធន៍របស់ខ្ញុំកាលជាយុវជនម្នាក់ ខ្ញុំចាំពីការឆ្លងកាត់ភ្នំថ្មមួយ ។ ក្រោយពីជិះហួសស្លាកសញ្ញាមួយថា « សូមប្រយ័ត្នថ្មធ្លាក់ » ឪពុករបស់ខ្ញុំបានឃើញគ្រួស និង ថ្មតូចៗនៅលើចិញ្ចើមផ្លូវពីមុខយើង ។ គាត់បន្ថយល្បឿនឡានយ៉ាងលឿនហៀបនឹងឈប់ នោះមានផ្ទាំងថ្មប៉ុនបាល់បោះបានធ្លាក់នៅក្បែរយើង ។ លោកប៉ារង់ចាំឲ្យថ្មរអិលនោះឈប់ មុនពេលធ្វើដំណើរតទៀត ។ ការយកចិត្តទុកដាក់ដ៏ខ្ជាប់ និង សកម្មភាពភ្លាមៗរបស់ឪពុកខ្ញុំ បានធានាគ្រួសាររបស់យើងឲ្យទៅដល់គោលដៅចុងក្រោយរបស់យើងដោយសុវត្ថិភាព ។
បងប្អូនប្រុស សាតាំងព្យាយាម « បំផ្លាញព្រលឹងទាំងឡាយនៃមនុស្សលោក » ។38 ប្រសិនបើព្រលឹងរបស់អ្នករសាត់ដល់គែមជ្រោះខាងវិញ្ញាណមួយ សូមឈប់ឥឡូវនេះ មុនពេលអ្នកធ្លាក់ចុះ ហើយត្រឡប់ឡើងមកផ្លូវវិញ ។39 ប្រសិនបើអ្នកមានអារម្មណ៍ថា ព្រលឹងរបស់អ្នកខូចខាតនៅបាតជ្រោះជ្រៅ មិនមែនលើផ្លូវបព្វជិតភាពដ៏ខ្ពស់ ដោយសារតែអ្នកធ្វេសប្រហែសមិនមើលស្លាកសញ្ញា « ប្រុងប្រយ័ត្ន » ហើយបានធ្វើបាប ខ្ញុំសូមថ្លែងទីបន្ទាល់ថា តាមរយៈការប្រែចិត្តដោយស្មោះ និង អំណាចពលិកម្មដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ អ្នកអាចបានលើកឡើង និង ស្ដារទៅលើផ្លូវស្ថានសួគ៌របស់ព្រះឡើងវិញ ។40
ព្រះយេស៊ូវបានបង្រៀនថា « ចូរអ្នករាល់គ្នាប្រយ័ត្ននឹង ... សេចក្ដីកំពុត » ។41 ប្រសិនបើអ្នកមិនស្អាតស្អំដើម្បីប្រើបព្វជិតភាពទេ សូមជួបនឹងប៊ីស្សពរបស់អ្នក ដែលអាចជួយអ្នកឲ្យប្រែចិត្តបាន ។ សូមមានការជឿជាក់ថា ទោះបីជាព្រះអង្គសង្គ្រោះអះអាង « ចូរប្រយ័ត្ន ... ហើយចូរបែរចេញពីអំពើបាប »42 ទ្រង់ក៏បានសន្យាថា « យើងជាព្រះអម្ចាស់ក្តី ក៏អត់ទោសដល់អ្នកដែរ ចូរទៅចុះ ហើយកុំធ្វើបាបទៀតឡើយ » ។43
ខ្ញុំសូមអញ្ជើញយុវជន និង បុរសទាំងឡាយឲ្យនៅលើផ្លូវបព្វជិតភាព ដោយពង្រឹងដល់ការប្រែចិត្តជឿ និង ការពង្រឹងគ្រួសាររបស់អ្នក ។ ការអធិស្ឋាន ព្រះគម្ពីរ និង ពិធីបរិសុទ្ធ ពង្រឹងដល់ការប្រែចិត្តជឿ ។ សេចក្ដីស្រឡាញ់ ដង្វាយមួយភាគដប់ និង ព្រហ្មចារីយភាព ពង្រឹងដល់គ្រួសារ ។ សូមចៀសពីសោកនាដកម្ម ដោយធ្វើតាមស្លាកសញ្ញា « ប្រយ័ត្នប្រយែង » ខាងវិញ្ញាណដែលដាក់តាមផ្លូវរបស់យើងដោយព្រះ និង ព្យាការី ។ ចូរខំធ្វើតាមគំរូដ៏ឥតខ្ចោះរបស់ព្រះយេស៊ូវគ្រីស្ទ ដែល « បានរងទុក្ខសេចក្ដីល្បួងទាំងឡាយ ប៉ុន្ដែមិនបានរវីរវល់ដល់សេចក្ដីទាំងនោះឡើយ » ។44
ខ្ញុំសន្យាថា ប្រសិនបើមនុស្សរក្សាសេចក្ដីសញ្ញាបព្វជិតភាពដើម្បី « ប្រយ័ត្នប្រយែងខ្លួន »45 យើង និង គ្រួសាររបស់យើង អាចធានាបាននូវការទៅដល់គោលដៅតម្កើងឡើងរបស់យើងនៅនគរសេឡេស្ទាលដោយសុវត្ថិភាព និង ដោយក្ដីអំណរ ។ ខ្ញុំសូមធ្វើទីបន្ទាល់ដូច្នេះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។